Hesperian Health Guides

ការគ្រប់គ្រងវ៉ាក់សាំង

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

រក្សាទុកវ៉ាក់សាំងនៅសីតុណ្ហាភាពត្រឹមត្រូវ (រក្សាភាពត្រជាក់នៅបានស្ថិតស្ថេរ)

ជាការសំខាន់ខ្លាំងណាស់ដែលត្រូវរក្សាវ៉ាក់សាំងក្នុងសីតុណ្ហភាពត្រឹមត្រូវ។ ប្រសិនបើវ៉ាក់សាំងមិនត្រជាក់ វាអាចនឹងខូច ហើយគ្មានប្រសិទ្ធភាពទៀតទេ។ ហើយវ៉ាក់សាំងខ្លះត្រូវតែនៅត្រជាក់ ប៉ុន្តែមិនអាចបង្កកបានទេ បើមិនដូច្នេះទេ វាគ្មានប្រសិទ្ធភាពដែរ។ វ៉ាក់សាំងចាំបាច់ត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវចេញពីរោងចក្រ។ នៅពេលណាមួយ រាប់ពីពេលចេញពីរាងចក្រទៅកន្លែងរក្សាទុក បើវ៉ាក់សាំងមានកម្តៅខ្លាំង ឬកកក្នុងពេលមិនគួរកក នោះវានឹងក្លាយជាគ្មានប្រយោជន៍។

ទូរទឹកកកដែលមានបិតស្លាកថា "ដាក់តែវ៉ាក់សាំងប៉ុណ្ណោះ" នៅលើទ្វារ, និងសញ្ញាមួយ "បំរាម ៖ កុំដកឌុយភ្លើង ជាទូររក្សាវ៉ាក់សាំង" នៅខាងលើព្រីភ្លើង

វ៉ាក់សាំងដែលអាចបង្កកបាន៖
វ៉ាក់សាំង MR
វ៉ាក់សាំង MMR
វ៉ាក់សាំង BCG
វ៉ាក់សាំង OPV (oral poliovirus) ប្រភេទបន្តក់
វ៉ាក់សាំងជំងឺគ្រុនលឿង
វ៉ាក់សាំងជំងឺរលាកខួរក្បាល ជេអ៊ី


វ៉ាក់សាំងដែលត្រូវដាក់ឲ្យត្រជាក់ខ្លាំង ប៉ុន្តែមិនត្រូវបង្កក៖
វ៉ាក់សាំងជំងឺអាសន្នរោគ
វ៉ាក់សាំង Pentavalent
វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេ (Hep B)
វ៉ាក់សាំងជំងឺរលាកសួត-រលាកស្រោមខួរក្បាលដោយហ៊ីប (ទឹក)
វ៉ាក់សាំង HPV (human papillomavirus)
វ៉ាក់សាំង IPV (inactivated poliovirus)
វ៉ាក់សាំងគ្រុនផ្តាសាយ
វ៉ាក់សាំង Pneumococcal
វ៉ាក់សាំង Rotavirus (ទឹក និងបង្កកស្ងួត)
វ៉ាក់សាំងជំងឺតេតាណូស (DT, Td)

ម៉ាស៊ីនត្រជាក់ត្រូវបានប្រើប្រាស់ក្នុងការដឹកជញ្ជូននិងរក្សាទុកវ៉ាក់សាំង ក៏ដូចជាទឹកលាយដែលត្រូវបានប្រើដើម្បីពង្រាវវា។ សូមស្វែងយល់ថាតើវ៉ាក់សាំងណាត្រូវរក្សាទុកនៅក្រោមសីតុណ្ហភាពណា ហើយធ្នើរណាត្រូវបានប្រើសម្រាប់ដាក់វ៉ាក់សាំងណា។ ជាទូទៅ វ៉ាក់សាំងត្រូវបានរក្សាទុកនៅសីតុណ្ហភាពក្រោម ៨អង្សាសេ និងលើកម្រិតបង្កកបន្តិច (២អង្សាសេ)។ សូមមើលបញ្ជីវ៉ាក់សាំងលើប្រអប់ ថាតើវ៉ាក់សាំងណាដែលមិនត្រូវឲ្យឡើងកំដៅពេក និងណាខ្លះដែលត្រូវបង្កក។

វ៉ាក់សាំងខ្លះអាចនឹងខូចក្រោមពន្លឺខ្លាំង ដូចជាវ៉ាក់សាំង BCG និង MMR ។ ដើម្បីការពារវាពីពន្លឺថ្ងៃ និងពន្លឺខាងក្នុងខ្លាំង ចូររក្សាវានៅក្នុងដបកញ្ចក់ខ្មៅរបស់វា និងក្នុងកញ្ចប់ក្រៅរបស់វា។

នៅពេលវ៉ាក់សាំងមួយត្រូវបានរៀបចំរួចរាល់ ដោយបានពង្រាវជាមួយនឹងទឹកលាយរួចហើយ នោះក៏ត្រូវរក្សាវាឱ្យត្រជាក់ផងដែរ។ អ្នកដែលបានទទួលការហ្វឹកហាត់ផ្នែកថែរក្សាវ៉ាក់សាំង ប្រាកដជាដឹងថាតើវ៉ាក់សាំងនៅមានប្រសិទ្ធភាពប៉ុន្មានម៉ោង បន្ទាប់ពីលាយរួច និងថាត្រូវបោះចោលដែរឬទេនៅពេលចប់ម៉ោងការងារ។

NWTND vacc Page 17-1.png

រៀនពីរបៀបរក្សាទុក លាយ និងផ្តល់វ៉ាក់សាំង

មនុស្សគ្រប់គ្នាអាចលើកកម្ពស់ការផ្តល់វ៉ាក់សាំង ហើយបុគ្គលិកសុខាភិបាលជាច្រើនបានរៀនពីវិធីផ្តល់វ៉ាក់សាំងផងដែរ។ ប្រសិនបើអ្នកកំពុងផ្តល់វ៉ាក់សាំង ឬទុកដាក់វ៉ាក់សាំង ការបណ្តុះបណ្តាលរបស់អ្នកនឹងរួមបញ្ចូល៖

  • របៀបរៀបចំ(លាយ)វ៉ាក់សាំង
  • របៀបកំណត់កម្រិតដូសត្រឹមត្រូវសម្រាប់ក្រុមអាយុផ្សេងៗគ្នា
  • កន្លែងណាដែលត្រូវរកមើលកាលបរិច្ឆេទផុតកំណត់ និងរបៀបចោលវ៉ាក់សាំងដែលផុតកំណត់
  • របៀបជ្រើសរើសទំហំម្ជុលត្រឹមត្រូវ មុំសម្រាប់ចាក់ និងកន្លែងត្រូវចាក់ទៅលើរាងកាយ ចំពោះវ៉ាក់សាំងនីមួយៗ
ប្រអប់ដែលមានស្លាក "វត្ថុមុតស្រួច" និងរូបដៃដាក់សឺរ៉ាំងទៅក្នុងនោះ


ដើម្បីសុខភាពរបស់អ្នក និងសុខភាពរបស់មនុស្សដែលអ្នកកំពុងជួយ សូមលាងសម្អាតដៃរបស់អ្នក មុនពេលផ្តល់វ៉ាក់សាំងឲ្យមនុស្សម្នាក់ៗ។ ប្រើម្ជុលតែមួយលើកប៉ុណ្ណោះ ហើយបន្ទាប់មកបោះចោលវាដោយសុវត្ថិភាព។

ទទួលខុសត្រូវចំពោះសំណល់វ៉ាក់សាំង

ជាញឹកញាប់ គេភ្លេចនូវជំហានចុងក្រោយនៃយុទ្ធនាផ្តល់ថ្នាំបង្ការ៖ គឺបោះចោលសំណល់ឲ្យបានត្រឹមត្រូវ។ សមា្ភរប្លាស្ទិក ម្ជុល និងសម្ភារជីវៈ ដែលនៅសល់ចោល នឹងបង្កើតជាបញ្ហាសុខភាពដល់មនុស្សនិងបរិស្ថាន ជាពិសេស បើវាត្រូវបានដុតឬកប់ដោយគ្មានសុវត្ថិភាព ឬទុកចោលនៅកន្លែងដែលកុមារអាចយកបាន។ កម្មវិធីផ្តល់ថ្នាំបង្ការ អាចធ្វើផែនការបោះចោលសំណល់ប្រកបដោយដោយសុវត្ថិភាព តាមរយៈការ ៖

NWTND vacc Page 17-3.png
  • ប្រើប្រាប់យានយន្តដដែលដែលបានដឹកជញ្ជូនបរិក្ខា មកដឹកកាកសំណល់ទៅកែច្នៃ ឬទៅបោះចោលដោយសុវត្ថិភាព។
  • បង្កើតមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់កែច្នៃកាកសំណល់ ដោយមានរណ្តៅកប់ជាច្រើន។
  • ជួយដល់គ្លីនិកក្នុងសហគមន៍ឲ្យបង្កើតប្រព័ន្ធសាមញ្ញសម្រាប់ចោលកាកសំណល់ថែទាំសុខភាព រួមទាំងការញែកកាកសំណល់ និងរណ្តៅកប់សុវត្ថិភាព។ (សូមមើលសៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន ]ជំពូកទី១៩: កាកសំណល់ពីការថែទាំសុខភាព)។