Hesperian Health Guides
វ៉ាក់សាំងអាចបង្ការជំងឺ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > វ៉ាក់សាំងអាចបង្ការជំងឺអ
វ៉ាក់សាំងអាចបង្ការជំងឺជាច្រើនដែលអាចនឹងធ្វើឲ្យមនុស្សមានជំងឺ ឬថែមទាំងស្លាប់ទៀតផង។ វ៉ាក់សាំងពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយដែលជាផ្នែកមួយក្នុងការប្រយុទ្ធបណ្តេញមេរោគនិងជំងឺផ្សេងៗ ដើម្បីឲ្យរាងកាយទទួលបានសុខភាពល្អឡើងវិញ។ ប្រសិនបើប្រព័ន្ធភាពស៊ាំមានលក្ខណៈរួចរាល់ និងរឹងមាំ នោះវាឆាប់ស្គាល់ពីការគំរាមកំហែងនានាដល់សុខភាព ហើយដឹងពីរបៀបប្រយុទ្ធជាមួយវាជាស្រេច។ វ៉ាក់សាំងមិនធ្វើឱ្យអ្នកមានជំងឺទេ។
តើវ៉ាក់សាំងធ្វើការដោយរបៀបណា? វ៉ាក់សាំងត្រូវបានផលិតឡើងដោយមេរោគស្រាលឬអសកម្ម ហើយវត្តមានរបស់វា បង្ហាញពីរបៀបបញ្ឈប់មេរោគស្រដៀងគ្នានាពេលអនាគត មុនពេលមេរោគធ្វើឲ្យមនុស្សមានជំងឺ។ វិធីដែលរាងកាយបង្កើតប្រព័ន្ធការពារនេះ គឺតាមរយៈការបង្កើតអង្គបដិបក្ខជាក់លាក់ដើម្បីប្រយុទ្ធនឹងជំងឺប្រកបដោយជោគជ័យ។ អង្គបដិបក្ខទាំងនេះ ការពារអ្នកនិងអ្នកដទៃដែលរស់នៅជុំវិញអ្នក ពីមេរោគដែលបង្កជំងឺ។
ទារកកើតមកជាមួយនឹងអង្គបដិបក្ខមួយចំនួនដែលពួកគេត្រូវការ ដែលវាមកដោយផ្ទាល់ពីម្តាយរបស់ពួកគេ។ នៅពេលម្តាយបំបៅដោះកូន វាពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារកថែមទៀត។ វ៉ាក់សាំង ស្ថាបនាប្រព័ន្ធភាពស៊ាំរបស់ទារកនៅពេលដែលពួកគេធំឡើងៗ។ ដូចដែលអាហារជីជាតិល្អ ជួយឱ្យរាងកាយរបស់ទារកលូតលាស់ដែរ វ៉ាក់សាំងជួយឲ្យប្រព័ន្ធភាពស៊ាំលូតលាស់ដូចគ្នា។
វ៉ាក់សាំងមានប្រសិទ្ធភាព។ ជំងឺមួយចំនួនដែលធ្លាប់តែសម្លាប់មនុស្ស ឬធ្វើឲ្យពិការ ដូចជាជំងឺអុតតូចជាដើម គឺត្រូវបានលុបបំបាត់ទាំងស្រុង ហើយយើងមិនត្រូវការវ៉ាក់សាំងសម្រាប់វាទៀតឡើយ។
ជំងឺផ្សេងៗទៀតដែលវ៉ាក់សាំងចង់បង្រ្កាប ឥឡូវមិនសូវឃើញមានទៀតទេ។ ការផ្តល់វ៉ាក់សាំងដល់ទារកនិងកុមារគ្រប់រូប និងមនុស្សពេញវ័យផងដែរតាមចាំបាច់ អាចទប់ស្កាត់មិនឲ្យជំងឺជាច្រើន ឆ្លងរាលដាល ឬវិលត្រឡប់មកវិញ។
វ៉ាក់សាំង ការពារបុគ្គលដែលបានទទួលវា ហើយវាការពារអ្នកដទៃថែមទៀត នៅពេលដែលមានមនុស្សគ្រប់ចំនួន បានទទួលវ៉ាក់សាំង។ ប្រសិនបើជំងឺមួយ មិនអាចរកឃើញមនុស្សថ្មីដែលមិនបានទទួលវ៉ាក់សាំងទេ នោះវាក៏មិនអាចឆ្លងរាលដាលបានទេ។ យូរៗទៅ នៅពេលមានមនុស្សកាន់តែច្រើន ទទួលបានវ៉ាក់សាំង នោះករណីជំងឺក៏មានកាន់តែតិចដែរ។
រៀនអំពីវ៉ាក់សាំង និងហេតុអ្វីទើបយើងត្រូវការវា
វ៉ាក់សាំងបង្ការកុមារពីជំងឺគ្រោះថ្នាក់ជាច្រើន ដូចជាក្អកមាន់ តេតាណូស រលាកសួត កញ្ជ្រឹល រលាកថ្លើមប្រភេទបេ របេង និងជំងឺរាកដែលបង្កដោយវីរុស rotavirus ។ វ៉ាក់សាំង HPV អាចបង្ការមហារីកមួយចំនួន។ ប្រសិនបើកូនរបស់អ្នក បានទទួលវ៉ាក់សាំង ពួកគេនឹងត្រូវបានការពារពីជំងឺធ្ងន់ធ្ងរ។
ជាធម្មតា វ៉ាក់សាំងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ទារកនិងកុមារ ហើយប្រទេសនីមួយៗមានកាលវិភាគផ្ទាល់ខ្លួន ដែលប្រាប់អំពីពេលវេលាដែលត្រូវផ្តល់ឲ្យ។ បុគ្គលិកសុខាភិបាលបានកំណត់ពេលវេលាជួបជាមួយទារកនិងកុមារ ដើម្បីឱ្យប្រាកដថាពួកគេកំពុងលូតលាស់បានល្អ និងដើម្បីផ្តល់វ៉ាក់សាំងចាំបាច់ផ្សេងៗដើម្បីរក្សាសុខភាពដ៏ល្អ។
វ៉ាក់សាំងជាច្រើនត្រូវបានផ្តល់ឲ្យច្រើនដង ដើម្បីជួយដល់រាងកាយរបស់យើងឲ្យពង្រឹងកម្លាំងប្រឆាំងនឹងជំងឺមួយចំនួន។ បន្ទាប់ពីមនុស្សម្នាក់ទទួលបានវ៉ាក់សាំងសំខាន់ៗ ឬវ៉ាក់សាំងដូចគ្នាជាបន្តបន្ទាប់(ជាស៊េរី), ឧទាហរណ៍ ចាក់ ៣ដងក្នុងរយៈពេល ៦ខែ, ពួកគេក៏នៅតែអាចត្រូវការវ៉ាក់សាំងរំឭកមួយឬច្រើនដងនៅពេលក្រោយទៀត។ នៅពេលដែលប្រសិទ្ធភាពនៃវ៉ាក់សាំង ថយចុះ នោះការចាក់វ៉ាក់សាំងរំឭក គឺជាការរំឭកដល់រាងកាយអំពីរបៀបប្រយុទ្ធប្រឆាំងនឹងជំងឺ។
ចុះបើកូនរបស់ខ្ញុំឈឺនៅចំថ្ងៃណាត់ទទួលវ៉ាក់សាំង? | វ៉ាក់សាំងអាចត្រូវបានផ្តល់ឲ្យនរណាម្នាក់ដែលមានជំងឺផ្តាសាយ ឬជំងឺស្រាល។ ប្រសិនបើកុមារមានបញ្ហាសុខភាពធ្ងន់ធ្ងរ បុគ្គលិកសុខាភិបាលនឹងប្រាប់ក្រុមគ្រួសារថាតើគួរពន្យារពេលផ្តល់វ៉ាក់សាំងដែរឬទេ។ នៅពេលដែលអ្នកដទៃនៅក្នុងគ្រួសារនិងសហគមន៍ បានទទួលវ៉ាក់សាំងគ្រប់គ្នា នោះវានឹងជួយបង្ការជំងឺចំពោះអ្នកដែលមិនអាចទទួលវ៉ាក់សាំងបាន។ | ||
តើវ៉ាក់សាំងមានសុវត្ថិភាពដែរឬទេ? | វ៉ាក់សាំងមានសុវត្ថិភាព។ វាមិនធ្វើឲ្យមានជំងឺទេ។ វ៉ាក់សាំងខ្លះអាចបណ្តាលឲ្យរមាស់ ឬគ្រុនក្តៅបន្តិចបន្តួច ប៉ុន្តែវានឹងបាត់ទៅវិញយ៉ាងឆាប់រហ័ស។ ប្រសិនបើអ្នកឮពាក្យចចាមអារ៉ាមដែលថាវ៉ាក់សាំងមិនមានសុវត្ថិភាពទេ ចូរនិយាយជាមួយបុគ្គលិកសុខាភិបាលដែលអ្នកជឿជាក់ ដើម្បីដឹងពីព័ត៌មានដែលអាចទុកចិត្តបាន។ | ||
តើវ៉ាក់សាំងគឺសម្រាប់តែកុមារមែនឬទេ? | កុមារទាំងអស់ត្រូវការវ៉ាក់សាំង ប៉ុន្តែតម្រូវការវ៉ាក់សាំងមិនបញ្ចប់បន្ទាប់ពីកុមារភាពនោះទេ។ ចំពោះជំងឺខ្លះ កុមារធំនិងមនុស្សពេញវ័យនឹងត្រូវការថ្នាំចាក់បន្ថែម ដែលហៅថា "វ៉ាក់សាំងរំឭក" ដើម្បីរក្សាសមត្ថភាពការពារ។ នេះដោយសារតែយូរៗទៅ ប្រសិទ្ធភាពនៃវ៉ាក់សាំងមួយចំនួន ថមថយចុះ។ ស្ត្រីមានផ្ទៃពោះក៏ត្រូវបានផ្តល់វ៉ាក់សាំងដើម្បីការពារសុខភាពរបស់ម្តាយនិងទារកផងដែរ។ មនុស្សវ័យចំណាស់ ឬអ្នកដែលមានជំងឺធ្ងន់ធ្ងរ អាចនឹងទទួលបានអត្ថប្រយោជន៍ពីវ៉ាក់សាំងដើម្បីការពារពីជំងឺដូចជា គ្រុនផ្តាសាយដែលរាងកាយរបស់ពួកគាត់ទប់ទល់មិនបានល្អ។
| ||
ចំនួននិងប្រភេទនៃវ៉ាក់សាំង បានប្រែប្រួល ធៀបនឹងកូនដំបូងរបស់ខ្ញុំ។ ហេតុអ្វីបានជាដូច្នេះ? | ចំពោះជំងឺមួយចំនួន អាចមានក្រុមហ៊ុនឱសថជាច្រើនដែលផលិតវ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព។ វ៉ាក់សាំងទាំងនេះអាចនឹងមានកាលវិភាគផ្សេងគ្នា។ ដូច្នេះប្រសិនបើប្រទេសពីរ ប្រើម៉ាកវ៉ាក់សាំងខុសគ្នា ឬប្រទេសតែមួយផ្លាស់ប្តូរពីវ៉ាក់សាំងមួយ ទៅវ៉ាក់សាំងមួយទៀត នោះកាលវិភាគនៃការផ្តល់វ៉ាក់សាំង ក៏អាចនឹងផ្លាស់ប្តូរផងដែរ។ ការផ្លាស់ប្តូរផ្សេងទៀតកើតឡើងនៅពេលដែលវ៉ាក់សាំងថ្មីត្រូវបានផលិតឡើង ឬលែងត្រូវការវ៉ាក់សាំងចាស់។ | ||