Hesperian Health Guides
បុគ្គលិកសុខាភិបាល: គន្លឹះក្នុងការផ្តល់វ៉ាក់សាំង
បុគ្គលិកសុខាភិបាលគឺជាធាតុផ្សំដ៏សំខាន់បំផុតនៅក្នុងយុទ្ធនាការជួយឲ្យកុមារនិងមនុស្សពេញវ័យទទួលបានវ៉ាក់សាំងដែលពួកគេត្រូវការ ដើម្បីឱ្យមនុស្សគ្រប់គ្នាមានសុខភាពល្អ។ បើទោះជាអ្នកមិនមែនជាបុគ្គលិកសុខាភិបាលដែលផ្តល់វ៉ាក់សាំងក៏ដោយ ក៏អ្នកដទៃស្តាប់ដំបូន្មានរបស់អ្នកដែរ។ ក្នុងនាមជាសមាជិកម្នាក់របស់សហគមន៍ ប្រជាជនប្រហែលជាទុកចិត្តលើអ្នក ជាងមន្ត្រីក្រៅសហគមន៍ដែលមកពីកម្មវិធីផ្តល់ថ្នាំបង្ការរបស់រដ្ឋ។
ប្រសិនបើអ្នកធ្វើការនៅមណ្ឌលសុខភាពឬគ្លីនិក:
- សូមមានភាពរួសរាយនិងស្វាគមន៍ដល់ឳពុកម្តាយទាំងឡាយ។ ឲ្យពួកគាត់ដឹងថាសំណួររបស់គាត់ គឺជាសំណួរល្អ ហើយកុំឲ្យពួកគាត់មានអារម្មណ៍មិនល្អចំពោះការសួរនោះ។
- ដោយសារការចាក់ថ្នាំអាចធ្វើឱ្យឈឺចាប់ សូមព្យាយាមធ្វើឱ្យកុមារមិនសូវឈឺ។ អ្នកអាចបង្វែរចំណាប់អារម្មណ៍របស់កុមារ ភ្លាមៗបន្ទាប់ពីការចាក់ ដោយប្រើវត្ថុផ្សេងៗដែលមានពណ៌ភ្លឺៗ ឬធ្វើឱ្យមានសំឡេង។
- នៅក្នុងហ្វូងមនុស្ស ឬជាមួយគ្រួសារនីមួយៗ សូមពន្យល់ពីការផ្តល់វ៉ាក់សាំងនីមួយៗ និងមូលហេតុដែលត្រូវការវា មុននឹងផ្តល់វ៉ាក់សាំង។ រៀបរាប់ថាតើវាជារឿងធម្មតាទេដែលវ៉ាក់សាំងនឹងធ្វើឱ្យមានគ្រុនក្តៅបន្តិចបន្តួច ឬឈឺចាប់នៅដៃ ដើម្បីកុំឲ្យឪពុកម្តាយព្រួយបារម្ភ។ ពន្យល់ពីអ្វីដែលត្រូវធ្វើប្រសិនបើឪពុកម្ដាយកត់សំគាល់ឃើញសញ្ញាគ្រោះថ្នាក់ណាមួយ ដូចជាប្រតិកម្មអាឡែស៊ីជាដើម។
- ប្រសិនបើអស់វ៉ាក់សាំងដែលចាំបាច់ សូមពិនិត្យមើលថាតើវាអាចរកបាននៅគ្លីនិកផ្សេងទៀតដែរឬទេ ឬណាត់ក្រុមគ្រួសារនៅថ្ងៃណាដែលពួកគាត់អាចត្រឡប់មកវិញបាន។ អ្នកអាចសរសេរការរំឭកនៅលើប័ណ្ណគ្លីនិក ឬប័ណ្ណទទួលថ្នាំបង្ការ។
- ជួយក្រុមគ្រួសារក្នុងការរក្សាទុកកំណត់ត្រាទទួលវ៉ាក់សាំង ក្នុងសៀវភៅសុខភាពរបស់កុមារ ឬតាមវិធីផ្សេងៗ។ បែបនេះលើកទឹកចិត្តឱ្យប្រជាជនរៀបចំនិងសម្រេចចិត្តចំពោះសុខភាពកូនរបស់ខ្លួន។
គ្លីនិកសុខភាពជាច្រើន មិនទទួលបានធនធានទាំងឡាយដែលពួកគាត់ត្រូវការនោះទេ។ ប្រសិនបើបញ្ហានេះ ធ្វើឱ្យប្រជាជនមានបទពិសោធន៍មិនល្អនៅក្នុងគ្លីនិក នោះពួកគេប្រហែលជាមិនត្រឡប់មកទទួលវ៉ាក់សាំងវិញនោះទេ។ ប៉ុន្តែទោះបីជាមានបុគ្គលិកឬការផ្គត់ផ្គង់តិចក៏ដោយ គួររកវិធីធ្វើឲ្យប្រជាជនមានអារម្មណ៍ល្អក្នុងពេលមកលើកនេះ។
នៅក្នុងសហគមន៍ សូមលើកទឹកចិត្តឲ្យក្រុមគ្រួសារទទួលវ៉ាក់សាំង៖
- ផ្តល់ព័ត៌មានឲ្យដល់ទាំងម្តាយនិងឪពុក។ ទោះបីជាម្ដាយតែងតែនាំកូនទៅមណ្ឌលសុខភាពក៏ដោយ នៅពេលដែលឪពុកក៏បានយល់ពីសារសំខាន់នៃវ៉ាក់សាំង នោះកុមារកាន់តែងាយនឹងទទួលបានវ៉ាក់សាំងដែរ។ អាចនឹងមានប្រយោជន៍ផងដែរ ក្នុងការនិយាយជាមួយជីដូនជីតាឬសមាជិកគ្រួសារផ្សេងៗទៀត។
- ប្រសិនបើគ្រួសារមួយកំពុងគេចវេសពីការទទួលវ៉ាក់សាំង ចូរស្វែងរកមូលហេតុរបស់គាត់។ ប្រហែលជាបញ្ហាទាក់ទងនឹងការធ្វើដំណើរ ខ្វះប្រាក់ ឬអ្វីផ្សេងទៀតដែលអ្នកអាចជួយដោះស្រាយបាន។ សូមអះអាងប្រាប់ពួកគេអំពីសុវត្ថិភាពនិងគុណតម្លៃរបស់វ៉ាក់សាំង។
- បណ្តុះបណ្តាលឆ្មបឬអ្នកដទៃទៀតដែលជួយស្ត្រីមានផ្ទៃពោះនិងម្តាយថ្មីៗ ដើម្បីឱ្យពួកគេអាចឆ្លើយសំណួរអំពីថ្នាំបង្ការ និងជួយឲ្យប្រជាជនទទួលបាន។
- រួមបញ្ចូលកុមារក្នុងការផ្សព្វផ្សាយអំពីវ៉ាក់សាំង។ ប្រសិនបើកុមាររៀនអំពីវ៉ាក់សាំងនៅសាលារៀន នោះពួកគេអាចនិយាយជាមួយឪពុកម្តាយរបស់ខ្លួនអំពីការផ្តល់វ៉ាក់សាំងឲ្យបងប្អូន សមាជិកគ្រួសារ និងអ្នកជិតខាង។
- ធ្វើកិច្ចការណាដែលមានប្រសិទ្ធភាពនៅក្នុងសហគមន៍របស់អ្នក។ ការជជែកជាមួយប្រជាជននៅតាមផ្ទះរបស់ពួកគាត់ អាចនឹងមានប្រសិទ្ធភាព។ ឬមួយអ្នកអាចនឹងស្វែងយល់ថា ឪពុកម្ដាយចូលចិត្តទៅមណ្ឌលសុខភាព។ ការជជែកជាមួយគ្រូបង្រៀន និងអ្នកដឹកនាំសហគមន៍នានា អាចនឹងលើកទឹកចិត្តមនុស្សឱ្យទទួលវ៉ាក់សាំង។
រូបអ្នកស្គាល់សហគមន៍របស់អ្នកច្បាស់ជាងគេ។ នៅពេលធ្វើការរៀបចំដើម្បីធានាថាកុមារគ្រប់រូបទទួលបានវ៉ាក់សាំងរបស់ខ្លួន ចូរពិនិត្យមើលថាតើនរណាដែលអ្នកកំពុងធ្វើការជាមួយ និងថាតើអ្វីទៅដែលជំរុញទឹកចិត្តគាត់, អ្វីខ្លះជាការព្រួយបារម្ភរបស់គាត់, តើនរណាដែលធ្វើការសម្រេចចិត្តនៅក្នុងគ្រួសារ, និងថាតើគួររួមបញ្ចូលអ្នកដឹកនាំសហគមន៍តាមរបៀបណា។ ម្យ៉ាងទៀត គួរស្វែងយល់ថាតើវាពិបាកដែរឬទេសម្រាប់ប្រជាជនក្នុងការទទួលដំបូន្មានសុខភាពនិងសេវាសុខភាព ហើយអ្វីទៅដែលជួយធ្វើឱ្យវាកាន់តែងាយស្រួល។
សាលារៀនអាចបង្រៀនមនុស្សវ័យក្មេងអំពីសារសំខាន់នៃវ៉ាក់សាំង និងពីដំណើរការរបស់វាជាលក្ខណៈវិទ្យាសាស្រ្ត។ កម្មវិធីផ្តល់ថ្នាំបង្ការក៏អាចរួមបញ្ចូលកុមារផងដែរ ដោយការផ្តល់វ៉ាក់សាំងនៅសាលារៀន។ |
ការចូលរួមជាសាធារណៈ ៖ ការផ្តល់វ៉ាក់សាំងដើម្បីសមភាព
ការផ្តល់ថ្នាំបង្ការ អាចលុបបំបាត់ ឬកាត់បន្ថយការឆ្លងរាលដាលនៃជំងឺជាច្រើនដែលពីមុនបានបណ្តាលឱ្យស្លាប់ឬមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ប៉ុន្តែភាគច្រើន វាកើតឡើងតែនៅប្រទេសដែលការផ្តល់ថ្នាំបង្ការ គឺធ្វើឡើងដោយឥតគិតប្រាក់ ឬមិនសូវថ្លៃ ហើយប្រព័ន្ធសុខាភិបាលនោះអាចផ្តល់ជូនប្រជាជនបាន។ បុគ្គលិកសុខាភិបាល គ្រូបង្រៀន និងអ្នកដឹកនាំសហគមន៍ដទៃទៀត គួរបញ្ចេញមតិយោបល់ដើម្បីធានាថា វ៉ាក់សាំងតែងតែមានសុវត្ថិភាព, ផ្តល់ជូនដោយមិនគិតថ្លៃ, និងអាចរកបានសម្រាប់អ្នកដែលត្រូវការវា ទាំងក្មេងនិងចាស់។ ប្រជាពលរដ្ឋគួរផ្តល់យោបល់ឲ្យរដ្ឋាភិបាលរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាទឹកមិនស្អាត កង្វះអនាម័យ និងកង្វះវ៉ាក់សាំង - ដែលបញ្ហាទាំងនេះបណ្តាលឲ្យមានសុខភាពមិនល្អ។