Hesperian Health Guides
នរណាខ្លះត្រូវការវ៉ាក់សាំង និងត្រូវការពេលណា?
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > វ៉ាក់សាំងអាចបង្ការជំងឺ > នរណាខ្លះត្រូវការវ៉ាក់សាំង និងត្រូវការពេលណា?
នៅប្រទេសនានា និងជួនកាលស្រុកនីមួយៗនៅក្នុងប្រទេសនោះ មានកាលវិភាគផ្តល់ថ្នាំបង្ការខុសៗគ្នា៖
- វ៉ាក់សាំងមួយចំនួនត្រូវបានផ្តល់ឲ្យមនុស្សស្ទើរតែគ្រប់គ្នា ពោលគឺទារក កុមារ និងមនុស្សពេញវ័យ។ កុមារធំឬមនុស្សពេញវ័យដែលខកខានទទួលវ៉ាក់សាំងដែលផ្តល់ឱ្យក្នុងពេលជាទារក នៅតែអាចទទួលវានៅពេលក្រោយ។
- វ៉ាក់សាំងខ្លះមានប្រយោជន៍តែនៅក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ហើយត្រូវបានផ្តល់ឱ្យតែចំពោះមនុស្សដែលរស់នៅ ឬទៅធ្វើទស្សនកិច្ចនៅទីនោះប៉ុណ្ណោះ។
- វ៉ាក់សាំងខ្លះមិនមានភាពចាំបាច់សម្រាប់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែត្រូវបានណែនាំឲ្យប្រើចំពោះក្រុមមួយចំនួន ដូចជាស្ត្រីមានផ្ទៃពោះ បុគ្គលិកសុខាភិបាល ឬមនុស្សវ័យចំណាស់។
- នៅពេលដែលវាជាជំងឺថ្មីនៅក្នុងតំបន់មួយ ជាធម្មតាអ្នករាល់គ្នានឹងត្រូវការទទួលវ៉ាក់សាំង។
មាតិកា
វ៉ាក់សាំងដែលផ្តល់ជាប្រចាំ ការពារទារកនិងកុមារ
បុគ្គលិកសុខាភិបាលផ្តល់ការពិនិត្យដល់ទារកជាច្រើនដងក្នុងអំឡុងឆ្នាំដំបូងនៃជីវិត។ នេះក៏ជាពេលដែលពួកគេផ្តល់វ៉ាក់សាំងស្ទើរតែគ្រប់មុខផងដែរ។ វ៉ាក់សាំងមួយណា និងត្រូវផ្តល់នៅពេលណា គឺអាស្រ័យលើគោលការណ៍របស់កម្មវិធីផ្តល់ថ្នាំបង្ការនៅក្នុងប្រទេសរបស់អ្នក។
ដើម្បីរក្សាទារកនិងកុមារឲ្យមានសុខភាពល្អ វ៉ាក់សាំងមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែស្ថានភាពរស់នៅដែលបង្ការជំងឺផ្សេងៗ ក៏សំខាន់ដូចគ្នា។ ទឹកស្អាត អនាម័យល្អ ការបំបៅដោយទឹកដោះម្តាយយ៉ាងហោចណាស់រយៈពេល ៦ខែដំបូងនៃជីវិត និងអាហរូបត្ថម្ភល្អ នឹងបង្ការជំងឺបានយ៉ាងច្រើន។ (សូមមើលជំពូក ទឹក និងអាហារល្អធ្វើឲ្យមានសុខភាពល្អ។
វ៉ាក់សាំង និងវ៉ាក់សាំងរំឭក ត្រូវបានផ្តល់ឲ្យមនុស្សពេញវ័យ នៅពេលដែលពួកគេត្រូវការវ៉ាក់សាំងមួយដូសទៀតបន្ទាប់ពីកុមារភាព ដើម្បីឲ្យការការពារមានរយៈពេលយូរ ឬដោយសារតែពួកគេមិនបានទទួលវ៉ាក់សាំងគ្រប់ចំនួននៅពេលជាកុមារ។
កម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅក្នុងប្រទេសនីមួយៗ បានផ្តល់ការណែនាំអំពីកាលវិភាគសម្រាប់ផ្តល់វ៉ាក់សាំងដល់ទារកនិងកុមារ។ កាលវិភាគនោះបង្ហាញថាតើវ៉ាក់សាំងណាដែលត្រូវផ្តល់រួមគ្នា និងនៅអាយុប៉ុន្មាន។ នៅពេលវ៉ាក់សាំង ២មុខមិនអាចផ្តល់រួមគ្នាទេ ជាញឹកញាប់គឺដោយសារតែវាមិនមានប្រសិទ្ធភាពល្អនៅពេលបញ្ចូលទៅក្នុងរាងកាយក្នុងពេលតែមួយ។
វ៉ាក់សាំង និងមេរោគ HIV
ជាទូទៅ ទារកនិងមនុស្សពេញវ័យដែលមានផ្ទុកមេរោគអេដស៍ ត្រូវការវ៉ាក់សាំងដូចគ្នានឹងមនុស្សដទៃដែរ។ ក្នុងករណីខ្លះ កុមារឬមនុស្សពេញវ័យដែលមានផ្ទុកមេរោគអេដស៍ អាចនឹងត្រូវការដូសបន្ថែម ដូចជាវ៉ាក់សាំងជំងឺកញ្ជ្រឹល ជាដើម។
ចំពោះវ៉ាក់សាំងមួយចំនួនតូច (BCG, MMR, OPV), ត្រូវប្រាកដថាសុខភាពមានស្ថេរភាព និងបានចាប់ផ្តើមការព្យាបាលមេរោគអេដស៍ មុននឹងចាប់ផ្តើមផ្តល់វ៉ាក់សាំង។ ការព្យាបាលមេរោគអេដស៍ ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយ កាន់តែរឹងមាំ ហើយបែបនេះធ្វើឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពកាន់តែប្រសើរ។
ចំពោះវ៉ាក់សាំង BCG វាមានសុវត្ថិភាពក្នុងការផ្តល់ឲ្យនៅពេលកើត ទោះបីជាម្តាយមានផ្ទុកមេរោគអេដស៍ក៏ដោយ។ ទោះជាយ៉ាងនេះក្តី បើកុមារជាកុមារធំ និងផ្ទុកមេរោគអេដស៍ នោះសូមព្យាបាលមេរោគអេដស៍ជាមុនសិន។
វ៉ាក់សាំង និងផ្ទៃពោះស្ត្រី
វ៉ាក់សាំងការពារសុខភាពរបស់ម្តាយនិងទារកដែលកំពុងលូតលាស់។ ម្យ៉ាងទៀត ស្ត្រីមានផ្ទៃពោះ បញ្ជូនអង្គបដិបក្ខពីវ៉ាក់សាំងទាំងឡាយ ទៅឲ្យកូនដែលមិនទាន់កើត ហើយវាជួយការពារទារកនៅក្រោយពេលកើត។ ទារកទើបនឹងកើត គឺមានភាពក្មេងពេកក្នុងការទទួលវ៉ាក់សាំងមួយចំនួនក្នុងអំឡុងសប្តាហ៍ឬខែដំបូងៗនៃជីវិត។
ចូរចែករំលែកព័ត៌មាននេះជាមួយឪពុកម្តាយរបស់ក្មេងស្រីនានា និងស្ត្រីដែលមានផ្ទៃពោះ៖
- ការផ្តល់វ៉ាក់សាំង មិនប៉ះពាល់ដល់លទ្ធភាពរបស់ស្ត្រីក្នុងការមានផ្ទៃពោះនោះទេ។
- វ៉ាក់សាំងភាគច្រើនមានសុវត្ថិភាពក្នុងអំឡុងពេលមានផ្ទៃពោះ។
- នៅពេលក្មេងស្រីទទួលបានវ៉ាក់សាំងទាំងអស់របស់ខ្លួនក្នុងវ័យកុមារ នោះគាត់នឹងត្រូវការវ៉ាក់សាំងតិចតួច ក្នុងអំឡុងពេលមានផ្ទៃពោះ។ វ៉ាក់សាំងបង្ការជំងឺស្អូច គឺជាឧទាហរណ៍ដ៏ល្អមួយដែលបញ្ជាក់ថាវ៉ាក់សាំងមានប្រយោជន៍ក្នុងការផ្តល់ឲ្យកុមារីមុនពេលមានផ្ទៃពោះ ដោយសារតែជំងឺស្អូចលើស្ត្រីមានផ្ទៃពោះ មានគ្រោះថ្នាក់ខ្លាំងដល់ទារក។
- មនុស្សគ្រប់គ្នាត្រូវការវ៉ាក់សាំងរំឭកបង្ការជំងឺតេតាណូស ជាច្រើនដង ក្នុងរយៈពេលច្រើនឆ្នាំ ដែលអាចជាវ៉ាក់សាំងដាច់តែឯង ឬជាផ្នែកមួយនៃវ៉ាក់សាំងរួមបញ្ចូលគ្នា។ ប្រសិនបើស្ត្រីម្នាក់មិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺតេតាណូសនាពេលថ្មីៗទេ នោះគាត់នឹងត្រូវការវ៉ាក់សាំងនេះក្នុងអំឡុងពេលមានផ្ទៃពោះ។ វ៉ាក់សាំងនេះការពារទារកទើបកើត ពីមេរោគតេតាណូសដ៏គ្រោះថ្នាក់ ដែលអាចកើតឡើងពីការប្រើប្រាស់ឧបករណ៍មិនស្ទេរីលក្នុងអំឡុងពេលសម្រាលកូន។
- នៅក្នុងប្រទេសរបស់អ្នក បុគ្គលិកសុខាភិបាលអាចនឹងផ្តល់អនុសាសន៍វ៉ាក់សាំងផ្សេងក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជាវ៉ាក់សាំងបង្ការក្អកមាន់ ឬវ៉ាក់សាំងបង្ការគ្រុនផ្តាសាយជាដើម។
វ៉ាក់សាំងខ្លះត្រូវបានជៀសវាងក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជាវ៉ាក់សាំង BCG ឬវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល។ នៅពេលផ្តល់វ៉ាក់សាំង សូមសួរស្ត្រីជាមុនសិន ថាតើគាត់មានផ្ទៃពោះដែរឬទេ។
កត់ត្រាទុក
សូមរក្សាទុកប័ណ្ណផ្តល់ថ្នាំបង្ការ ឬឯកសារដែលបង្ហាញឈ្មោះនិងកាលបរិច្ឆេទនៃការផ្តល់ថ្នាំបង្ការ។ ជារឿយៗកុមារត្រូវការប័ណ្ណទាំងនេះដើម្បីចុះឈ្មោះចូលរៀន ហើយមនុស្សពេញវ័យត្រូវការវាសម្រាប់ការងារ ធ្វើដំណើរ និងដើម្បីបង្ហាញដល់បុគ្គលិកសុខាភិបាលនូវវ៉ាក់សាំងដែលពួកគេបានទទួល និងអ្វីផ្សេងៗទៀតដែលពួកគេត្រូវការ។ ប្រសិនបើពួកគេមិនមានប័ណ្ណទាំងនេះនៅគ្លីនីករបស់អ្នកទេ សូមកត់ត្រាទុកខ្លួនឯង ហើយឲ្យអ្នកដែលផ្តល់វ៉ាក់សាំង បំពេញព័ត៌មាននិងចុះហត្ថលេខា។