Hesperian Health Guides
ការរៀបចំ និងទុកដាក់អាហារ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ទឹក និងអនាម័យ ៖ គន្លឹះក្នុងការថែរក្សាសុខភាពអ > ការរៀបចំ និងទុកដាក់អាហារ
ជំងឺផ្សេងៗអាចត្រូវចម្លងរាលដាលដោយមេរោគនិងដង្កូវដែលចូលក្នុងរាងកាយរបស់យើងតាមរយៈអាហារដែលយើងបរិភោគ។ ដើម្បីចៀសវាងការឈឺដោយសារអាហារ៖
- លាងសម្អាតដៃមុននឹងប៉ះឬចម្អិនអាហារ។
- ចម្អិនផលិតផលសាច់ឲ្យឆ្អិនល្អមុននឹងបរិភោគ។ លាងសម្អាត ផ្ទៃនៃកន្លែងចម្អិនអាហារ ក្រោយពេលរៀបចំសាច់រួច ដើម្បីកុំឲ្យមេរោគដែលស្ថិតនៅក្នុងសាច់ អាហារសមុទ្រ និងស៊ុតដែលនៅឆៅ ឆ្លងរាលដាលទៅលើអាហារដែលចម្អិនរួច ឬលើអាហារដែលអ្នកបរិភោគឆៅ។
- លាងសម្អាតឬបកសំបកផ្លែឈើនិងបន្លែ ឬចម្អិនវាឲ្យល្អមុននឹងបរិភោគ។ ធ្វើបែបនេះជួយសម្លាប់មេរោគដែលនៅក្នុងដីដែលដាំដុះ និងមេរោគផ្សេងៗទៀតដែលឆ្លងមកលើវាក្នុងអំឡុងពេលដឹកជញ្ជូន។
- បរិភោគអាហារភ្លាមៗ ឬគ្របអាហារដែលចម្អិនរួច ដើម្បីការពារពីសត្វរុយនិងភាពកខ្វក់ផ្សេងៗ រហូតដល់ពេលបរិភោគ។
- កំដៅអាហារដែលទិញពីផ្សារឡើងវិញ ឬអាហារដែលបានទុកយូរ រហូតទាល់តែក្តៅ។ ធ្វើបែបនេះនឹងសម្លាប់មេរោគផ្សេងៗមុននឹងបរិភោគ។
- ទុកដាក់អាហារឲ្យមានសុវត្ថិភាពពីសត្វស្អិតនិងកណ្តុរដែលអាចចម្លងមេរោគ។
- សម្អាតទីធ្លាធ្វើម្ហូបអាហារ។ លាងចានឆ្នាំង ជ្រុញ និងស្លាបព្រា វែក រាល់ពេលបរិភោគរួច ហើយទុកឲ្យស្ងួតល្អ។
- ចាក់សំណល់អាហារឲ្យសត្វស៊ី ឬចាក់វាចូលក្នុងរណ្តៅជីកំប៉ុសមួយដើម្បីកុំឲ្យសត្វល្អិតចូលក្នុងផ្ទះ។
- រក្សាអាហារឲ្យត្រជាក់ដើម្បីកុំឲ្យវាឆាប់ផ្អូម។
ធ្វើផើងត្រជាក់មួយដោយប្រើផើងដីឥដ្ឋចំនួនពីរដែលមានទំហំខុសគ្នា។ ដាក់ផើងតូចនៅក្នុងផើងធំ រួចចាក់បំពេញចន្លោះរវាងផើងទាំងពីរដោយខ្សាច់។ រក្សាសំណើមដល់ខ្សាច់ ដោយចាក់ទឹកមួយថ្ងៃពីរដង។ ដាក់អាហារដែលអ្នកចង់រក្សាឲ្យត្រជាក់ នៅក្នុងផើងតូច រួចបិទគម្របផើង។
បង្ការកុំឲ្យរុយរោមអាហារ
រុយធ្វើឲ្យមេរោគឆ្លងរាលដាល បណ្តាលឲ្យមានជំងឺ ដោយវាទំលើលាមកមនុស្សនិងសត្វ រួចហើរមកទំលើអាហារដែលយើងបរិភោគ។ ចូរគ្របអាហារឲ្យបានត្រឹមត្រូវ និងធ្វើអន្ទាក់សត្វរុយដើម្បីកុំឲ្យវាចម្លងរាលដាលមេរោគ។
របៀបធ្វើអន្ទាក់សត្វរុយ
- ១. បិតក្រដាសជារាងសាជីមូលចំហរមួយ បន្ទាប់មកដាក់ក្រដាសរាងសាជីនេះទៅក្នុងក្រឡឬដបមួយ។
- ២. បិតនៅជុំវិញមាត់ដបដើម្បីកុំឲ្យមានចន្លោះរវាងសាជីនិងដប។
- ៣. ចងព្យួរដបដោយខ្សែមួយសរសៃ ឬចងវាផ្អឹបជាប់នឹងដំបងឈើមួយដែលចាក់ជាប់ដី។
- ៤. ដាក់ផ្លែឈើ ត្រី ឬនុយផ្សេងទៀតនៅពីក្រោមអន្ទាក់នេះ។ សត្វរុយនឹងទំលើអាហារ រួចហើរចូលទៅក្នុងសាជី បន្ទាប់មកទៅក្នុងដប។
- ៥. ដើម្បីសម្អាតអន្ទាក់នេះ ចូរត្រឡប់មាត់ដបឡើងលើ យកសាជីចេញ ចាក់ទឹកចូលដើម្បីឲ្យរុយងាប់ បន្ទាប់មកចាក់កប់រុយនោះចោល។