Hesperian Health Guides

បង្គន់សម្រាប់សុខភាព (អនាម័យ)

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

ភាពស្អាតនៅក្នុងសហគមន៍ គឺមានសារៈសំខាន់ដូចគ្នានឹងភាពស្អាតសម្រាប់បុគ្គល និងក្រុមគ្រួសារ ដែរ។ អនាម័យមានន័យថា ភាពស្អាតជាសាធារណៈ ពោលគឺការប្រើប្រាស់បង្គន់ស្អាតនិងមានសុវត្ថិភាព, រក្សាប្រភពទឹកឲ្យស្អាត, និងការចោលសំរាមដោយសុវត្ថិភាព (សូមមើលជំពូក សំរាម កាកសំណល់វេជ្ជសាស្រ្ត និងការបំពុល - កំពុងផលិត)។ អនាម័យមិនល្អ បង្កឲ្យមានជំងឺនិងការស្លាប់ជាច្រើនដែលមិនចាំបាច់ទាល់តែសោះ។

 បុរសនិងស្ត្រីក្នុងវ័យផ្សេងៗ ខ្លះមានកូន ម្នាក់កាន់ឈើច្រត់ កំពុងពិភាក្សាគ្នាជាក្រុម

រាល់កិច្ចប្រឹងប្រែងទាំងឡាយរបស់សហគមន៍ដើម្បីកែលម្អអនាម័យ ត្រូវតែជួយប្រជាជនឲ្យជម្នះឧបសគ្គដែលពួកគេជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។ ភាពក្រីក្រ និងកង្វះលទ្ធភាពទទួលបានទឹកគ្រប់គ្រាន់ ជាញឹកញាប់ធ្វើឲ្យមនុស្សមានការលំបាកក្នុងការកែលម្អអនាម័យ។

ក្រុមអ្នកជំនាញអាចនឹងផ្តល់នូវដំណោះស្រាយបច្ចេកទេស ដូចជាបង្គន់ចុចទឹក ឬប្រព័ន្ធលូបង្ហូរទឹកដ៏ស្មុគស្មាញ។ ដំណោះស្រាយបច្ចេកទេសទាំងនេះអាចមានប្រសិទ្ធភាពនៅកន្លែងខ្លះ ប៉ុន្តែមិនមានន័យថា វានឹងដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់អ្នកទេ ឬថាប្រជាជននឹងប្រើវានោះទេ។ បុគ្គលិកសុខាភិបាលដែលដឹងនិងស្ដាប់ពីសេចក្ដីត្រូវការរបស់ប្រជាជន នឹងមានព័ត៌មានដ៏សំខាន់ដែលអ្នកជំនាញមិនមាន។ អ្នកជំនាញនិងសមាជិកសហគមន៍ គួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានានា។

ចូរបញ្ចូលស្ត្រីទៅក្នុងការពិភាក្សាអំពីតម្រូវការរបស់សហគមន៍ និងដំណោះស្រាយផ្សេងៗដែលអាចធ្វើបាន។ ស្ត្រីតែងតែយកចិត្តទុកដាក់ចំពោះកុមារនិងផ្ទះសម្បែង ដូច្នេះពួកគេអាចសម្គាល់ឃើញបញ្ហាអនាម័យនិងទឹកដែលបុរសមើលមិនឃើញ។ នៅពេលដែលមនុស្សគ្រប់គ្នាចូលរួមនៅក្នុងការសម្រេចចិត្ត ហើយធ្វើការជាមួយគ្នាដើម្បីកែលម្អអនាម័យ នោះពួកគេនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា។

ប្រើប្រាស់បង្គន់ដើម្បីគ្រប់គ្រងកាកសំណល់របស់មនុស្ស

ពេលដែលកាកសំណល់មនុស្ស (លាមក) មិនត្រូវបានគ្រប់គ្រងយ៉ាងល្អ, វានឹងបំពុលទឹក អាហារ និងដី ដោយមេរោគ ហើយនាំឲ្យមានជំងឺរាក និងបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗទៀត។ ការប្រើប្រាស់បង្គន់ រារាំងមេរោគមិនឲ្យចូលទៅក្នុងបរិស្ថាន និងការពារសុខភាពរបស់សហគមន៍ទាំងមូល។

 ស្ត្រីម្នាក់លាងសម្អាតដៃជាមួយទឹកបង្ហូរ នៅក្បែររោងបង្គន់មួយ

សុខភាពមិនមែនជាមូលហេតុតែមួយគត់ដែលត្រូវសាងសង់និងប្រើប្រាស់បង្គន់នោះទេ។ ប្រជាជនក៏ត្រូវការផងដែរនូវ៖

  • ភាពឯកជន ៖ បង្គន់អាចមានលក្ខណៈសាមញ្ញត្រឹមតែរណ្តៅជ្រៅនៅក្នុងដីប៉ុណ្ណោះ។ ប៉ុន្តែតម្រូវការនៃភាពឯកជន គឺជាចំណុចសំខាន់ដែលត្រូវសង់បង្គន់ដោយមានរោងដ៏ល្អមួយដែលមានទ្វារ ឬក្រណាត់បិទបាំង។ រោងបង្គន់អាចត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងស្រុក ឬក៏អាចធ្វើពីបេតុង។
  • សុវត្ថិភាព ៖ ដើម្បីឲ្យបង្គន់មួយមានសុវត្ថិភាព ត្រូវសាងសង់វាឲ្យបានល្អ និងនៅទីកន្លែងមានដែលសុវត្ថិភាព។ គ្មាននរណាម្នាក់ប្រើប្រាស់បង្គន់នោះទេ ប្រសិនបើពួកគេព្រួយបារម្ភពីការដួលរលំ។ ហើយបើបង្គន់ស្ថិតនៅឆ្ងាយពីផ្ទះ ឬនៅទីដាច់ស្រយាល នោះស្ត្រីប្រហែលជាគ្មានអារម្មណ៍សុវត្ថិភាពក្នុងពេលប្រើវានោះទេ។
  • ភាពងាយស្រួល ៖ មនុស្សទំនងជាប្រើបង្គន់ដែលមានភាពងាយស្រួលក្នុងការអង្គុយ ឬអង្គុយច្រហោង ព្រមទាំងមានរោងធំល្មមដែលអាចឈរបាន។ ពួកគេក៏ទំនងជាប្រើបង្គន់ដែលស្ថិតនៅជិតផ្ទះ ហើយមានរោងបាំងខ្យល់ ភ្លៀង ឬព្រិល។
  • ភាពស្អាត ៖ បើបង្គន់មានភាពកខ្វក់ និងមានក្លិនមិនល្អ នោះគ្មាននរណាចង់ប្រើវាទេ។ ម្យ៉ាងទៀតបង្គន់ក៏ត្រូវតែស្អាត ដើម្បីបងា្ករការឆ្លងរាលដាលនៃមេរោគដែរ។ ការផ្លាស់វេនគ្នាសម្អាតបង្គន់ នឹងជួយធ្វើឲ្យប្រាកដថា បង្គន់ត្រូវបានប្រើប្រាស់និងថែរក្សាយ៉ាងត្រឹមត្រូវ។
  • ការគោរព ៖ បង្គន់ដែលត្រូវបានថែរក្សាយ៉ាងល្អ នាំមកនូវភាពថ្លៃថ្នូរ និងការគោរពដល់ម្ចាស់របស់វា។ នេះអាចជាអ្វីដែលជំរុញឲ្យប្រជាជនចំណាយលុយនិងកម្លាំងដើម្បីសាងសង់បង្គន់។

តើសង់បង្គន់នៅទីណា

នៅពេលសម្រេចចិត្តរកកន្លែងសាងសង់បង្គន់ ត្រូវប្រាកដថា វានឹងមិនបំពុលប្រភពទឹកណាមួយឡើយ ដូចជាទន្លេ អណ្តូង ឬទឹកចេញក្រោមដី។ បង្គន់គួរមានចម្ងាយយ៉ាងតិច ២០ម៉ែត្រពីប្រភពទឹកទាំងអស់។

ម្យ៉ាងទៀត ត្រូវប្រាកដថាបង្គន់នឹងមិនបំពុលទឹកក្រោមដីទេ។ ទឹកក្រោមដីហូរនៅជម្រៅខុសៗគ្នានៅក្រោមដី នៅកន្លែងផ្សេងៗគ្នា។ ហានិភ័យនៃការបំពុលទឹកក្រោមដី គឺអាស្រ័យលើប្រភេទដី, បរិមាណទឹកភ្លៀង ឬសំណើមនៅក្នុងតំបន់, និងជម្រៅនៃទឹកក្រោមដី។ ចងចាំថា កម្ពស់ទឹកមានកម្រិតខ្ពស់នៅរដូវវស្សា ជាងនៅរដូវប្រាំង។ ប៉ុន្តែក្បួនទូទៅមួយចំនួនមានដូចជា ៖

  • បាតនៃរណ្តៅ គួរមានកម្ពស់យ៉ាងតិច ២,៥ម៉ែត្រពីលើកម្ពស់ទឹកក្រោមដី។
  • បើអ្នកជីករណ្តៅមួយសម្រាប់សង់បង្គន់ ហើយដីមានសភាពសើមខ្លាំង, ឬបើចេញទឹកក្នុងរណ្ដៅ, នេះគឺជាកន្លែងមិនល្អក្នុងការសង់បង្គន់ទេ។ មេរោគពីកាកសំណល់មនុស្ស នឹងបំពុលទឹកក្រោមដី។
  • កុំសាងសង់បង្គន់ដែលប្រើរណ្តៅ នៅលើដីដែលមានទឹកជន់លិច។
  • នៅពេលដែលមានហានិភ័យនៃការបំពុលទឹកក្រោមដីពីបង្គន់ប្រើរណ្ដៅ សូមពិចារណាសាងសង់បង្គន់លើដីវិញ។ បើគ្មានជម្រើសទេ ហើយត្រូវតែសង់បង្គន់នៅកន្លែងដែលមានការប្រឈមនឹងការបំពុលទឹកក្រោមដី នោះចូរសង់បង្គន់ឲ្យស្ថិតនៅទាបជាងអណ្តូងទឹកដែលនៅក្បែរនោះ ដើម្បីឲ្យមេរោគហូរចេញឆ្ងាយពីអណ្តូង។


បង្ហាញពីជម្រៅនៃអណ្តូងដែលជ្រៅអាចទៅដល់ទឹកក្រោមដី, ធៀបនឹងបង្គន់ដែលមានជម្រៅរាក់ឆ្ងាយពីទឹកក្រោមដី
ទឹកក្រោមដីគឺជាទឹកដែលជ្រាបចូលទៅក្នុងដី ហើយហូរក្រោមដី។ នៅពេលសាងសង់បង្គន់ ត្រូវប្រាកដថារណ្តៅរបស់វាមិនជ្រៅពេកដែលវានឹងបំពុលទឹកក្រោមដីនោះទេ។

ប្រភេទនៃបង្គន់

បង្គន់មានច្រើនប្រភេទ ហើយគ្មានប្រភេទណាមួយដែលត្រឹមត្រូវសម្រាប់គ្រប់សហគមន៍ឬគ្រួសារទាំងអស់នោះទេ។ នៅពេលសម្រេចចិត្តសង់បង្គន់ប្រភេទណាមួយ ចូរគិតអំពីតម្រូវការរបស់អ្នកប្រើ និងពីទីធ្លាដែលអ្នកអាចសង់បាន។ ម្យ៉ាងទៀត គួរគិតផងដែរថាតើអ្នកនិងគ្រួសាររបស់អ្នកនឹងប្រើប្រាស់បង្គន់ជីកំប៉ុស ព្រមទាំងថែរក្សាវាដែរឬទេ។ បើមិនទេ នោះបង្គន់ប្រើរណ្តៅអាចជាជម្រើសល្អបំផុតសម្រាប់អ្នក។

គ្មានបង្គន់ណាមួយដែលល្អឥតខ្ចោះនោះទេ។ ប្រភេទមួយណាក៏មានគុណវិបត្តិរបស់វាដែរ។ ប៉ុន្តែបង្គន់ ៣ប្រភេទដែលរៀបរាប់នៅក្នុងជំពូកនេះ គឺល្អក្នុងការរក្សាភាពស្អាត និងសុខភាពដល់សហគមន៍ ព្រមទាំងមានផលប៉ះពាល់តិចតួចបំផុតដល់បរិស្ថាននិងប្រជាជន។ បង្គន់ទាំង ៣ប្រភេទ មិនប្រើទឹកទេ។

បង្គន់ចុចទឹកភាគច្រើន គ្រាន់តែផ្លាស់ទីនៃបញ្ហា (លាមក និងមេរោគ) ពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតប៉ុណ្ណោះ, វាបំពុលទឹកយ៉ាងច្រើន (សូមមើលខាងក្រោម), ហើយវាមិនបានធ្វើឲ្យកាកសំណល់មនុស្សមានសុវត្ថិភាពនោះទេ។ ដើម្បីប្រើប្រាស់ទឹកសម្រាប់សម្អាតបន្ទាប់ពីបន្ទោរបង់លាមក មានបង្គន់សុវត្ថិភាពមួយចំនួនដែលអ្នកអាចសាងសង់បានដោយមិនចាំបាច់បំពុលដល់បរិស្ថាន, ឧទាហរណ៍ បង្គន់ចាក់ទឹក។ ដើម្បីរៀនពីរបៀបធ្វើបង្គន់នេះ សូមមើលជំពូកទី៧ នៃ សៀវភៅណែនាំសហគមន៍ស្តីពីសុខភាពបរិស្ថាន ។ (A Community Guide to Environmental Health)។

សណ្ឋាគារបង្ហូរទឹកលូនៅជាប់នឹងស្ទឹងក្នុងភូមិ ដែលមនុស្សនិងសត្វកំពុងបោកគក់ និងដងទឹកយកទៅប្រើប្រាស់

បង្គន់ចុចទឹក និងប្រព័ន្ធលូទឹក

បង្គន់ចុចទឹក ប្រើប្រាស់ទឹកដើម្បីនាំយកកាកសំណល់ទៅឆ្ងាយ តាមបំពង់ដែលហៅថាប្រព័ន្ធលូ។ វាលើកកម្ពស់សុខភាព ជាពិសេសនៅ តំបន់ទីប្រជុំជនដែលមានមនុស្សច្រើន ហើយជារឿយៗជាប្រភេទបង្គន់ដែលមនុស្សចង់បាន។

ប៉ុន្តែបង្គន់ចុចទឹកមានបញ្ហាជាច្រើនដែលប្រហែលមិនមែនជាជម្រើសច្បាស់លាស់នោះទេ។ ទឹកស្អុយត្រូវតែបានកែច្នៃដើម្បីរម្ងាប់មេរោគចេញពីទឹក មុនពេលវាត្រឡប់ចូលក្នុងផ្លូវទឹក ឬសម្រាប់ការប្រើឡើងវិញ។ វិធីនេះត្រូវចំណាយច្រើនខ្លាំងណាស់ ដូច្នេះជាញឹកញាប់ទឹកសំណល់ត្រូវបានចាក់ចោលទៅក្នុងទន្ល បឹង ឬសមុទ្រ ដោយមិនបានកែច្នៃត្រឹមត្រូវនោះទេ។ វាធ្វើឲ្យមេរោគពីលូទឹក រាលដាលចូលទៅក្នុងប្រព័ន្ធទឹករបស់យើង ឬអ្នកជិតខាងរបស់យើង។

សារធាតុគីមីជាច្រើនដែលត្រូវបានប្រើដើម្បីកែច្នៃទឹកលូ ធ្វើឲ្យពុលដល់ប្រភពទឹកផឹក និងដីដែលមនុស្សជាច្រើនរស់នៅនិងធ្វើកសិកម្មលើនោះ។ បង្គន់ចុចទឹក ក៏ខ្ជះខ្ជាយទឹកសាបផងដែរ ដែលជាសេចក្តីត្រូវការសម្រាប់ផឹក និងការធ្វើកសិកម្ម។ ខណៈពេលដែលមនុស្សជាច្រើនខ្វះទឹកគ្រប់គ្រាន់សម្រាប់ផឹក វាជារឿងមិនត្រឹមត្រូវទេដែលយើងចុចបញ្ចេញទឹកយ៉ាងច្រើនចូលទៅក្នុងបំពង់បង្ហូរទឹក។

បង្គន់រណ្តៅបិទជិត

NWTND was Page 10-1.png

បង្គន់រណ្ដៅបិទជិត មានកម្រាលបង្គន់មួយដែលមានប្រហោងក្នុងនោះ និងគម្របមួយដើម្បីបិទរន្ធនៅពេលមិនប្រើ។ កម្រាលនេះអាចត្រូវបានធ្វើពីឈើ បេតុង ឬកំណាត់ឈើគ្របដោយដី។ កម្រាលបេតុង ការពារមិនឲ្យទឹកចូល និងកាត់បន្ថយបញ្ហាសុខភាព ពីព្រោះវាមានភាពងាយស្រួលក្នុងការសម្អាត។ បង្គន់រណ្តៅបិទជិត គួរតែមានជញ្ជាំងទប់ ឬ ធ្នឹមបេតុង ដើម្បីបង្ការកុំឲ្យកម្រាលបង្គន់ឬរណ្តៅរលំឬបាក់ស្រុត។

ការបន្ថែមបំពង់រន្ធខ្យល់ដើម្បីកាត់បន្ថយក្លិននិងរុយ (ហៅថា "បង្គន់ដែលមានខ្យល់ចេញចូល") គឺជាការកែលម្អមួយដែលធ្វើឲ្យបង្គន់រណ្ដៅកាន់តែមានភាពរីករាយក្នុងការប្រើប្រាស់។

បង្គន់រណ្ដៅបិទជិតមួយដែលមានជម្រៅ ២ម៉ែត្រ នឹងអាចប្រើប្រាស់បានប្រហែល ៥ឆ្នាំ សម្រាប់ក្រុមគ្រួសារដែលមានមនុស្ស ៥នាក់។

បញ្ហារបស់បង្គន់ប្រើរណ្តៅ គឺថានៅពេលរណ្តៅពេញ នោះគេមិនអាចប្រើបង្គន់បានទៀតទេ។ ទោះជាយ៉ាងនេះក៏ដោយ អ្នកអាចទាញយកអត្ថប្រយោជន៍ពីកាកសំណល់ដែលពេញរណ្តៅ (មិនមានជញ្ជាំងទប់) ដោយលើករោងបង្គន់ទៅដាក់នៅកន្លែងផ្សេង រួចដាំដើមឈើនៅលើរណ្តៅចាស់។ ឬម្យ៉ាងទៀត ជាមួយនឹងការថែទាំប្រចាំថ្ងៃ អ្នកអាចសង់បង្គន់ជីកំប៉ុស ដើម្បីបង្វែរកាកសំណល់នៅក្នុងបង្គន់រណ្ដៅដែលមានជញ្ជាំងទប់ ឲ្យទៅជាជីកំប៉ុសដ៏មានប្រយោជន៍។ បង្គន់ជីកំប៉ុស អាចមានលក្ខណៈសាមញ្ញជាខ្លាំង។

ដើម្បីសង់បង្គន់រណ្តៅបិទជិត

 បុរស២នាក់រៀបដុំថ្មដើម្បីពង្រឹងរណ្តៅឲ្យមាំ
 បុរស២នាក់សង់ធ្នឹមមាត់រណ្តៅ
  1. ១. ជ្រើសរើសទីតាំងមួយដែលងាយស្រួលសម្រាប់មនុស្សដើរទៅរក និងមិនប្រឈមនឹងការបំពុលប្រភពទឹក។
  2. ២. ជីករណ្តៅដែលមានមុខកាត់តិចជាង ១ម៉ែត្រ និងជម្រៅយ៉ាងតិច ២ម៉ែត្រ។ ប្រសិនបើដីមានខ្សាច់ច្រើន អ្នកអាចរៀបជញ្ជាំងទប់ដោយប្រើធុងទទេរតម្រៀបលើគ្នា ឬឥដ្ឋស៊ីម៉ង់ត៍ ដើម្បីកុំឲ្យរណ្តៅបាក់ស្រុត។
  3. ៣. តម្រៀបកំណាត់ឈើ ដុំថ្ម ដុំឥដ្ឋ ធ្នឹមបេតុង ឬវត្ថុធាតុផ្សេងទៀត នៅពីលើមាត់រណ្តៅដើម្បីទប់កម្រាលបង្គន់ និងបង្ការកុំឲ្យជញ្ជាំងរណ្តៅបាក់ស្រុត។
  4. ៤. ធ្វើកម្រាលបង្គន់ និងរោងបង្គន់ សម្រាប់ដាក់ពីលើរណ្តៅ។ កម្រាលបង្គន់អាចត្រូវបានធ្វើពីបេតុង ឬវត្ថុធាតុក្នុងតំបន់ ដូចជាក្រណាត់ឈើ ឬល្បាយនៃឫស្សីនិងភក់។ ប្រសិនបើអ្នកធ្វើកម្រាលបង្គន់ពីកំណាត់ឈើ ចូរប្រើឈើដែលមិនឆាប់ពុកផុយ។

របៀបធ្វើកម្រាលបង្គន់ និងធ្នឹមមាត់រណ្តៅដោយប្រើបេតុង

កម្រាលបង្គន់និងធ្នឹមមាត់រណ្តៅដែលធ្វើពីបេតុងបានយ៉ាងល្អ នឹងបង្ការមិនឲ្យបង្គន់រណ្តៅបាក់ស្រុត។ កម្រាលបេតុងក៏ធ្វើឲ្យងាយស្រួលក្នុងការសម្អាតផងដែរ។

ស៊ីម៉ង់ត៍មួយបាវទម្ងន់ ២៥គីឡូ គឺគ្រប់គ្រាន់ដើម្បីធ្វើកម្រាលបង្គន់ ១ និងធ្នឹមរណ្តៅ ២។ វាងាយស្រួលបំផុតប្រសិនបើធ្វើវាទាំង២ក្នុងពេលជាមួយគ្នា។ អ្នកក៏ត្រូវការសរសៃលួស ឥដ្ឋ និងក្តារ ផងដែរ ដើម្បីរៀបពុម្ព, ព្រមទាំងឈើមួយដុំកាត់ជារាងរន្ធសោរ ដើម្បីធ្វើជាពុម្ពនៃរន្ធបង្គន់។ កម្រាលបង្គន់និងធ្នឹមរណ្តៅដែលបង្ហាញនៅទីនេះ មានរាងជាការ៉េ ប៉ុន្តែអ្នកក៏អាចធ្វើជារាងមូលបានដែរ។


១. ក្រាលផ្ទាំងប្លាស្ទិក ឬបាវស៊ីម៉ង់ត៍ចាស់នៅលើដីរាបស្មើ។ នៅពីលើផ្ទាំងប្លាស្ទិកនេះ ចូរតម្រៀបពុម្ពមួយដោយប្រើដុំឥដ្ឋ ឬក្តារ។
កម្រាលបង្គន់ ធ្នឹមរណ្តៅ
 ពុម្ពនៃកម្រាលបង្គន់
 ពុម្ពនៃធ្នឹមរណ្តៅ
ធ្វើកម្រាលបង្គន់ដែលមានបណ្តោយប្រហែល ១២០ស.ម ទទឹង ៩០ស.ម និងកម្ពស់ ៦ស.ម។ ដាក់ពុម្ព “រន្ធសោរ” ឬឥដ្ឋពីរបីដុំនៅកណ្តាល ដើម្បីបង្កើតជារន្ធបង្គន់។ ធ្វើធ្នឹមរណ្តៅដែលមានបណ្តោយ ១៣០ស.ម និងទទឹង ១ម៉ែត្រ នៅផ្នែកខាងក្រៅ, និងមួយទៀតបណ្តោយ ១ម៉ែត្រ និងទទឹង ៧០ស.ម នៅផ្នែកខាងក្នុង។
២. លាយបេតុងដោយប្រើស៊ីម៉ង់ត៍ ១ភាគ ក្រួស ២ភាគ ដីខ្សាច់ ៣ភាគ និងទឹក។ ចាក់បេតុងចូលក្នុងពុម្ពរហូតបានកម្ពស់ពាក់កណ្តាល។


 បុរសម្នាក់ចាក់បេតុងទៅក្នុងពុម្ពកម្រាលបង្គន់
 ចាក់បេតុងទៅក្នុងពុម្ពធ្នឹមមាត់រណ្តៅ
៣. ដាក់សរសៃលួសកម្រាស់ ៣មីលីម៉ែត្រ ពីលើបេតុងសើម។
 សញ្ញាព្រួញបង្ហាញពីទីតាំងសរសៃលួសសម្រាប់ដៃកាន់នៅក្នុងបេតុងកម្រាលបង្គន់
ធ្វើដៃកាន់ពីសរសៃលួសដែលមានកម្រាស់ ៨ ទៅ ១០មីលីម៉ែត្រ រួចដាក់វាទៅក្នុងបេតុង នៅកាច់ជ្រុង។
សម្រាប់កម្រាលបង្គន់៖ ប្រើលួស ៤ ទៅ ៦សរសៃនៅក្នុងទិសនីមួយៗ។
 សញ្ញាព្រួញបង្ហាញពីទីតាំងនៃសរសៃលួសនៅក្នុងបេតុងធ្នឹមរណ្តៅ
សម្រាប់ធ្នឹមរណ្តៅ៖ ដាក់សរសៃលួសនៅគ្រប់ផ្នែកនៃធ្នឹម។
៤. ចាក់បេតុងដែលនៅសល់ រួចបៀកវាឲ្យស្មើដោយប្រើឈើមួយបន្ទះ។
 បន្ថែមបេតុង រួចបៀកឲ្យស្មើ សម្រាប់កម្រាលបង្គន់
 បន្ថែមបេតុង រួចបៀកឲ្យស្មើសម្រាប់ធ្នឹមរណ្តៅ
៥. យកពុម្ពរាងរន្ធសោរ ចេញពីកម្រាលបង្គន់នៅពេលដែលបេតុងចាប់ផ្តើមរឹង (ប្រហែល ៣ម៉ោងក្រោយ)។ ប្រសិនបើអ្នកប្រើពុម្ពឥដ្ឋ ចូរយកឥដ្ឋចេញ រួចធ្វើជារន្ធមួយរាងដូចរន្ធសោរ។
៦. គ្របដណ្តប់បេតុងដោយប្រើបាវស៊ីម៉ងត៍សើម, ក្រណាត់សើម, ឬថង់ប្លាស្ទិក។ ចាក់ទឹកឲ្យសើមជាច្រើនដងក្នុងមួយថ្ងៃ រយៈពេល ៧ថ្ងៃ។ ការចាក់ទឹកឲ្យសើម ធ្វើឲ្យបេតុងស្ងួតយឺតៗ និងកាន់តែរឹងមាំ។
 បុរសនិងស្ត្រីលើកធ្នឹមរណ្តៅដែលបានស្ងួតរឹង
៧. នៅពេលដែលបេតុងបានក្លាយជារឹងយ៉ាងពេញលេញ ចូរលើកធ្នឹមទៅដាក់នៅកន្លែងសង់បង្គន់។ ពង្រាបដី, ដាក់ធ្នឹមចុះ រួចជីករណ្ដៅនៅខាងក្នុងវា។ យកដីរៀបជុំវិញធ្នឹមខាងក្រៅ ដើម្បីឲ្យវាស្ថិតនៅជាប់នឹងកន្លែង។ បន្ទាប់មក ដាក់កម្រាលបង្គន់ពីលើរណ្តៅ។
៨. ធ្វើគម្របគ្របរន្ធនោះដោយប្រើបេតុងឬឈើ។ វាអាចមានដៃលើក ឬអាចធ្វើសម្រាប់យកជើងលើក ដើម្បីជៀសវាងការប្រឡាក់មេរោគនៅលើដៃ។
 ស្ត្រី៣នាក់លើករោងបង្គន់ទៅកាន់រណ្តៅថ្មី

បង្គន់ជីកំប៉ុស

បង្គន់ជីកំប៉ុសរក្សាទុកកាកសំណល់របស់មនុស្ស រហូតទាល់តែរលួយ រួចក្លាយជាជីកំប៉ុស។ ជីនេះនឹងឡើងកម្តៅ ហើយយូរៗទៅវានឹងសម្លាប់មេរោគដ៏គ្រោះថ្នាក់ រួមទាំងពងព្រូនផងដែរដែលពិបាកសម្លាប់បំផុត។ នៅពេលស្តាប់ដំបូង បង្គន់ជីកំប៉ុសហាក់ដូចជាគំនិតដ៏ចម្លែកមួយ ប៉ុន្តែនៅពេលប្រើប្រាស់ត្រឹមត្រូវ វាគឺជាមធ្យោបាយដ៏មានសុវត្ថិភាពជាខ្លាំងក្នុងការគ្រប់គ្រងកាកសំណល់មនុស្ស និងកែលម្អគុណភាពដីក្នុងពេលជាមួយគ្នា។

ជីករណ្តៅមួយដែលមានជម្រៅ ១ម៉ែត្រ និងមុខកាត់តិចជាង ១ម៉ែត្រ។ តម្រៀបជញ្ជាំងទប់រណ្តៅ រួចសង់កម្រាលបង្គន់ដូចប្រភេទបង្គន់ដទៃទៀតដែរ។ ប៉ុន្តែធ្វើរោងបង្គន់ដែលអាចចល័តបាន។

ដើម្បីប្រើប្រាស់ និងថែរក្សាបង្គន់ជីកំប៉ុស

  • មុននឹងប្រើ ចូរដាក់ស្លឹកឈើស្ងួតឬចំបើងទៅក្នុងរណ្ដៅ។ វានឹងជួយឲ្យលាមកឆាប់រលួយ។
  • បន្ទាប់ពីប្រើរួចម្តងៗ ត្រូវដាក់ដីលាយជាមួយផេះមួយក្តាប់ ឬស្លឹកឈើស្ងួត។ វាជួយកាត់បន្ថយក្លិន និងជួយឲ្យកាកសំណល់រលួយ។
  • មិនត្រូវដាក់ថង់ប្លាស្ទិក កំប៉ុង ឬសំរាមផ្សេងទៀតនៅក្នុងបង្គន់ទេ។
  • បោស និងលាងសម្អាតកម្រាលបង្គន់ជាញឹកញាប់។ ត្រូវប្រុងប្រយ័ត្នកុំឲ្យទឹកឬផលិតផលសម្អាត ហូរចូលទៅក្នុងរណ្តៅច្រើនពេក។
  • នៅពេលដែលរណ្តៅជិតពេញ ចូរយករោងបង្គន់ កម្រាលបង្គន់ និងធ្នឹមរណ្តៅចេញ។ (វានឹងត្រូវការពេល ១ឆ្នាំសម្រាប់គ្រួសារ ៥នាក់ ដើម្បីបំពេញបង្គន់ជីកំប៉ុសដែលមានជម្រៅ ១ម៉ែត្រ)។
  • លុបរណ្តៅដោយចាក់ដីលាយជាមួយកំទេចកំទីរុក្ខជាតិកម្រាស់ ១៥ស.ម។ បន្ទាប់ពីរយៈពេលប៉ុន្មានសប្តាហ៍ កាកសំណល់នឹងរលួយ។
  • ដាក់ដីនិងកំទេចកំទីរុក្ខជាតិ ទឹក រួចដាំដើមឈើមួយដើម។ ដើមឈើហូបផ្លែលូតលាស់បានល្អ ហើយទទួលបានផ្លែឈើច្រើនយ៉ាងដែលអាចបរិភោគបានប្រកបដោយសុវត្ថិភាព។


 ស្ត្រីម្នាក់កំពុងដាំកូនឈើនៅក្បែរបង្គន់រណ្ដៅ និងដើមឈើហូបផ្លែបីដើមធំ

  • ម្យ៉ាងវិញទៀត ជីកំប៉ុសអាចត្រូវបានជីកយកចេញក្រៅ រួចប្រើជាជីសម្រាប់ដើមឈើឬដំណាំផ្សេងៗទៀត ប៉ុន្តែគឺនៅពេលដែលវារលួយទាំងស្រុងតែប៉ុណ្ណោះ។ ដូច្នេះសូមឲ្យវារលួយអស់រយៈពេលយ៉ាងហោចណាស់មួយឆ្នាំ ហើយប្រើវាតែប្រសិនបើក្លាយទៅជាដីកំទេចៗនិងគ្មានក្លិនប៉ុណ្ណោះ។
  • លើករោងបង្គន់ កម្រាលបង្គន់ និងធ្នឹមរណ្តៅ ទៅកន្លែងផ្សេងទៀត រួចជីករណ្តៅថ្មី ហើយធ្វើដូចមុនឡើងវិញ។


បង្គន់ជីកំប៉ុសសម្រាប់ទីកន្លែងដែលមានដីតិចតួច

បង្គន់នេះមានសារប្រយោជន៍ចំពោះទីកន្លែងដែលប្រជាជនរស់នៅជិតៗគ្នា និងមិនមានទីធ្លាខាងក្រៅបន្ថែមសម្រាប់បង្គន់ប្រើរណ្តៅ។ វាក៏អាចត្រូវបានសង់ឡើងនៅក្នុងផ្ទះផងដែរ ហើយមិនមានក្លិនខ្លាំងទេ ប្រសិនបើថែរក្សានិងសម្អាតវាយ៉ាងទៀងទាត់។

ចំពោះបង្គន់នេះ អ្នកត្រូវញែកទឹកនោមចេញ ដើម្បីឲ្យលាមកអាចស្ងួតបាន ហើយក្លាយទៅជាជីធម្មជាតិកាន់តែឆាប់រហ័ស។ ការញែកទឹកនោមចេញ ក៏ជួយកាត់បន្ថយក្លិនផងដែរ។

  1. ១. ធ្វើឡាំងឈើមួយដែលធំល្មមអាចដាក់ធុងទឹកចំណុះ ២០លីត្រចូលក្នុងនោះបាន។ ផ្ទៃខាងលើត្រូវការមានប្រហោងដែលជាកន្លែងអង្គុយ ហើយផ្នែកចំហៀងនៃឡាំងនេះអាចបើកបិទបានដើម្បីយកធុងទឹកចេញក្រៅ។n
  2. NWTND was Page 14-1.png

  3. ២. ដាក់ភាជន៍បង្គន់ដើម្បីបង្វែរទឹកនោម។ អ្នកប្រហែលជាអាចរកទិញបាន ប៉ុន្តែអាចធ្វើវាបានដោយកាត់ផ្នែកខាងក្រោមនិងចំហៀងនៃថូប្លាស្ទិក រួចភ្ជាប់វាទៅនឹងផ្នែកខាងមុខនៃរន្ធបង្គន់។
  4. ៣. ភ្ជាប់ចុងម្ខាងនៃបំពង់ទៅនឹងភាជន៍បង្គន់ (ឬចំពួយនៃថូប្លាស្ទិក) ដែលបង្វែរទឹកនោម។ ភ្ជាប់ចុងម្ខាងទៀតនៃបំពង់ទៅនឹងថូត្រងទឹកនោម។
  5. ៤. ដាក់ធុងទឹកចំណុះ ២០លីត្រនៅពីក្រោមភាជន៍បង្គន់ដើម្បីត្រងលាមក។
  6. ៥. គម្របនឹងឃាំងមិនឲ្យរុយចូល ព្រមទាំងកាត់បន្ថយក្លិនផងដែរ។
 បង្គន់ឡាំងឈើ
 ធុងទឹកពីក្រោមភាជន៍បង្គន់ និងថូត្រងទឹកនោម

ដើម្បីប្រើប្រាស់ និងថែទាំបង្គន់នេះ

វាជាការសំខាន់ដែលអ្នកប្រើគ្រប់គ្នា បានរៀនពីរបៀបប្រើវាឲ្យបានត្រឹមត្រូវ។

  • មុនពេលប្រើ ត្រូវក្រាលស្លឹកឈើស្ងួតឬចំបើងនៅដាក់ក្នុងធុង។ ធ្វើបែបនេះជួយរក្សាធុងស្អាត។
  • ដាក់ដីបន្តិចលាយជាមួយផេះ ឬស្លឹកឈើស្ងួត ទៅដាក់ធុងបន្ទាប់ពីប្រើប្រាស់បង្គន់រួចម្តងៗ។ វាកាត់បន្ថយក្លិន និងជួយរំលាយលាមក។ មិនត្រូវដាក់កាកសំណល់ ដូចជាប្លាស្ទិក ឬកំប៉ុងនៅក្នុងបង្គន់ឡើយ។ ដាក់វត្ថុរាវ រួមទាំងទឹកនោម នៅក្រៅធុង។ ប្រសិនបើលាមកនៅក្នុងធុង សើម ត្រូវបន្ថែមដីឬផេះ។
  • ទឹកនោមនឹងហូរតាមបំពង់ចូលទៅក្នុងធុងមួយ។ ទឹកនោមអាចត្រូវបានលាយជាមួយទឹក ហើយប្រើជាជី។ សម្រាប់ការធ្វើជី ត្រូវប្រើទឹក ៣ភាគ និងទឹកនោម ១ភាគ រួចស្រោចរុក្ខជាតិអាចដល់ ៣ដងក្នុងមួយសប្តាហ៍។
 បុរសម្នាក់ចាក់លាមកចូលក្នុងធុងធំមួយ
  • នៅពេលលាមកពេញធុង (ប្រហែល ២សប្តាហ៍សម្រាប់ក្រុមគ្រួសារ ៥នាក់) ចូរចាក់វាទៅក្នុងធុងធំមួយដែលមានគម្របបិទជិត។ នេះជាកន្លែងសម្រាប់រក្សាទុកកាកសំណល់។ នៅពេលពេញធុងធំនេះ ត្រូវរក្សាវាទុករយៈពេល ១ឆ្នាំ (ក្នុងកន្លែងត្រូវពន្លឺថ្ងៃ បើអាច) រហូតកាកសំណល់ក្លាយទៅជាជីកំប៉ុស។ បន្ទាប់ពី ១ឆ្នាំ ជីកំប៉ុសអាចប្រើនៅស្រែចម្ការ សួនច្បារ ឬដំណាំ។ ផ្ទះនីមួយៗប្រហែលជាត្រូវការធុងធំជាច្រើនសម្រាប់រក្សាទុកកាកសំណល់ទាំងអស់បាន។
  • បន្ទាប់ពីចាក់លាមកចេញពីធុងរួច ត្រូវលាងសម្អាតវាដោយប្រើទឹកលាយជាមួយក្លរដើម្បីសម្លាប់មេរោគ។
  • នៅពេលមិនប្រើបង្គន់ ត្រូវបិទគំរបឡាំង។ វាជួយកាត់បន្ថយក្លិន។

បង្គន់ជីកំប៉ុសបែបនេះ ត្រូវការការថែទាំជាចាំបាច់។ ប៉ុន្តែនៅពេលប្រើប្រាស់ត្រឹមត្រូវ វាគឺជាមធ្យោបាយដ៏អស្ចារ្យសម្រាប់សហគមន៍ដែលគ្មានទីធ្លាច្រើនសម្រាប់គ្រប់គ្រងលាមក ហើយថែមទាំងបង្កើតជាផលិតផលដ៏មានតម្លៃទៀតផង។

បង្គន់ជីកំប៉ុសសម្រាប់តំបន់ទីក្រុង

មនុស្សយ៉ាងច្រើននៅក្នុងតំបន់ដ៏តូចមួយ មានន័យថានឹងមានកាកសំណល់របស់មនុស្សយ៉ាងច្រើន ហើយជាញឹកញាប់នឹងមានជំងឺជាច្រើនដែលបណ្តាលមកពីមេរោគក្នុងលាមកមនុស្ស។

 កុមារអង្គុយលើបង្គន់

អង្គការមួយនៅក្នុងប្រទេសហៃទី ដែលមានឈ្មោះថា ការរស់នៅជាមួយជីសរីរាង្គប្រកបដោយនិរន្តភាព (SOIL) ធ្វើការងារនៅក្នុងសហគមន៍នៃទីក្រុងដើម្បីផ្លាស់ប្តូរពីកាកសំណល់ទៅជាធនធាន។ អង្គការ SOIL បានបង្កើតកម្មវិធីមួយដែល (មានតម្លៃទាប) ជួលបង្គន់ជីកំប៉ុសទៅឲ្យគ្រួសារ ហើយប្រមូលលាមកពីផ្ទះនីមួយៗរៀងរាល់សប្ដាហ៍។ លាមកត្រូវបានដឹកជញ្ជូនទៅកាន់កន្លែងដែលប្រែក្លាយវាទៅជាជីកំប៉ុសដ៏មានតម្លៃ ដែលក្រោយមកត្រូវបានលក់ ឬប្រើដើម្បីដាំដុះ។

ការងារជាច្រើនរបស់អង្គការ SOIL គឺអប់រំប្រជាជនអំពីសុវត្ថិភាពនៃបង្គន់ជីកំប៉ុស។ វិធីដ៏ល្អបំផុតមួយដែលពួកគេធ្វើ គឺបង្ហាញពីផលិតផលចុងក្រោយរបស់បង្គន់។ នៅពេលដែលប្រជាជនបានមើលឃើញដោយខ្លួនឯងថា អ្វីដែលធ្លាប់ជាកាកសំណល់របស់មនុស្ស ឥឡូវនេះក្លាយទៅជាជីធម្មជាតិដែលសំបូរសារធាតុចិញ្ចឹម នោះពួកគេក៏មានការរំភើបក្នុងការផ្លាស់ប្តូរអ្វីមួយដែលធ្វើឲ្យពួកគេឈឺ ទៅជាធនធានដែលជួយពួកគេនិងបរិស្ថានទៅវិញ។

បង្គន់គួរតែផ្តល់ប្រយោជន៍ដល់មនុស្សគ្រប់គ្នានៅក្នុងសហគមន៍

ចូរជជែកជាមួយមនុស្សគ្រប់គ្នាដែលនឹងប្រើបង្គន់ ដើម្បីស្វែងយល់ថាតើអាចធ្វើអ្វីដែលឲ្យពួកគេងាយស្រួលប្រើ។ រូបភាពនេះបង្ហាញអំពីវិធីកែច្នៃបង្គន់សម្រាប់អ្នកប្រើរទេះរុញ។

ស្ត្រីលើរទេះរុញនៅក្នុងរោងបង្គន់ដែលត្រូវបានកែច្នៃសម្រាប់គាត់
រោងបង្គន់ធំល្មមអាចឲ្យរទេះបរចូលបាន
កន្តឹងឬអ្វីមួយដែលអាចបញ្ចេញសំឡេង នៅពេលត្រូវការជំនួយ
ទម្រទ្រាប់ខ្នងដើម្បីជួយទប់ពេលអង្គុយ
បង្កាន់ដៃដើម្បីជួយសម្រួលក្នុងការរំកិលចុះពីរទេះរុញមកបង្គន់
កន្លែងអង្គុយក្នុងបង្គន់ និងរទេះរុញ មានកម្ពស់ប្រហែលគ្នា
ទ្វារធំទូលាយដែលបើកចំហរចេញក្រៅ ដើម្បីងាយចេញចូល
ដៃទ្វារជាមួយនឹងខ្សែទាញ
ផ្លូវទៅបង្គន់មានផ្ទៃរាប និងងាយទៅនិងមកពីផ្ទះ
សូមចងចាំថា មនុស្សដែលមានភាពពិការ មានអារម្មណ៍ត្រូវការភាពឯកជនដូចគ្នានឹងអ្នកដទៃដែរ ហើយគួរទទួលបានភាពឯកជនដែលគាត់ត្រូវការ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ៣០ មករា ២០១៨