Hesperian Health Guides
ជំងឺទឹកនោមផ្អែម ៖ ថ្នាំពេទ្យ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺទឹកនោមផ្អែម > ថ្នាំលេបសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី២
មាតិកា
Metformin
Metformin គឺជាថ្នាំទឹកនោមផ្អែមដែលជួយឲ្យអាំងស៊ុយលីនរបស់រាងកាយ មានដំណើរការល្អ និងបន្ថយការផលិតជាតិស្ករនៅក្នុងថ្លើម។ វាមានដំណើរការល្អចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមិនអាចគ្រប់គ្រងជំងឺរបស់គាត់បានគ្រប់គ្រាន់តាមរយៈការផ្លាស់ប្តូររបៀបបរិភោគនិងសកម្មភាពរាងកាយ, ប៉ុន្តែវាមិនមែនសម្រាប់ប្រើជាមួយអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ទេ។ វាមិនសូវមានតម្លៃថ្លៃដូចថ្នាំទឹកនោមផ្អែមដទៃទៀត, មិនបណ្តាលឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះទាបពេក, និងមិនធ្វើឲ្យឡើងទម្ងន់ទេ។ ជួនកាល Metformin ត្រូវបានផ្តល់រួមជាមួយនឹងថ្នាំទឹកនោមផ្អែមដទៃទៀត (ដូចជា sulfonylureas ឬអាំងស៊ុយលីន) ។
រាក ចង្អោរ រមួលពោះ ភើ និងមានក្លិនដែកនៅក្នុងមាត់។ ការលេបថ្នាំ metformin ជាមួយអាហារនឹងជួយបង្ការផលរំខានទាំងនេះ។ ជាទូទៅផលរំខានទាំងនេះមានកម្រិតស្រាល ហើយបាត់ទៅវិញ ១ឬ២សប្តាហ៍បន្ទាប់ពីចាប់ផ្តើមប្រើថ្នាំ ឬបង្កើនដូស។ បើផលរំខាននៅតែបន្ត ចូរព្យាយាមបន្ថយដូស ឬប្រើថ្នាំផ្សេង។
អ្នកដែលខ្សោះជាតិទឹក ឬមានការបង្ករោគធ្ងន់ធ្ងរ គួរឈប់លេបថ្នាំ metformin រហូតទាល់តែមានស្ថានភាពប្រសើរ។
- អ្នកដែលមានបញ្ហាក្រលៀន គួរធ្វើតេស្ត៍ឈាមដើម្បីពិនិត្យមើលមុខងាររបស់ក្រលៀនមុននឹងចាប់ផ្តើមប្រើថ្នាំ metformin ។
- អ្នកដែលមានជំងឺក្រលៀនកម្រិតស្រាល គួរប្រើថ្នាំ metformin ក្នុងកម្រិតដូសទាប (មិនលើសពី ១០០០ mg ក្នុងមួយថ្ងៃ) ។
- អ្នកដែលមានជំងឺក្រលៀនធ្ងន់ធ្ងរ មិនគួរប្រើថ្នាំ metformin ទេ។
អ្នកដែលមានជំងឺបេះដូងធ្ងន់ធ្ងរ ជំងឺថ្លើម ឬអ្នកដែលផឹកស្រាបៀរច្រើនជាងមួយកំប៉ុងស្ទើររាល់ថ្ងៃ មិនគួរប្រើថ្នាំ metforminទេ។
អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមានការវះកាត់ឬកាំរស្មីអិចដែលប្រើថ្នាំជ្រលក់ គួរត្រូវបានណែនាំឲ្យបញ្ឈប់ប្រើថ្នាំ metformin មួយថ្ងៃមុន និងពីរថ្ងៃក្រោយ។ គេធ្វើបែបនេះដើម្បីបង្ការស្ថានភាពមួយដែលកម្រប៉ុន្តែគ្រោះថ្នាក់ ហៅថាការលើសជាតិអាស៊ីតឡាក់តាត។
ចំពោះអ្នកប្រើថ្នាំទឹកនោមផ្អែម, ការធ្វើតេស្ត៍ឈាមដើម្បីវាស់ជាតិស្ករ អាចបង្ហាញថាតើថ្នាំ ឬដូសថ្នាំ មានប្រសិទ្ធភាពកម្រិតណា។ ជាទូទៅគេចាប់ផ្តើមដំបូងដោយប្រើកម្រិតដូសទាប បន្ទាប់មកបង្កើនបន្តិចម្តង។ ហេតុដូច្នេះហើយ នៅពេលចាប់ផ្តើមប្រើថ្នាំទឹកនោមផ្អែមថ្មី គេធ្វើតេស្ត៍ច្រើនជាធម្មតាដើម្បីកំណត់ថាតើកម្រិតដូសណាដែលមានប្រសិទ្ធភាពបំផុត។
ថ្នាំ Metformin មានជាទម្រង់គ្រាប់ ៥០០, ៨៥០, ឬ ១០០០ mg, ហើយគួរបរិភោគជាមួយអាហារ។ ១០០០ mg, ហើយគួរបរិភោគជា
សម្រាប់មនុស្សពេញវ័យ ជាទូទៅគេចាប់ផ្តើមដោយប្រើគ្រាប់ ៥០០ mg មួយថ្ងៃម្តង ជាមួយអាហារពេលល្ងាច។ប្រសិនបើកម្រិតជាតិស្ករក្នុងឈាមនៅតែខ្ពស់ គេអាចបង្កើនដូសវានៅសប្តាហ៍បន្ទាប់ ដោយប្រើក្រាមខ្ពស់ ឬដោយប្រើច្រើនជាងមួយដងក្នុងមួយថ្ងៃ។
ឧទាហរណ៍៖
ប្រើគ្រាប់ ៨៥០ mg,កន្លះគ្រាប់រៀងរាល់យប់
សប្តាហ៍ទី២៖ ប្រើគ្រាប់ ៨៥០ mg រៀងរាល់ថ្ងៃ, ដោយប្រើគ្រាប់ ៨៥០ mg ចំនួនកន្លះគ្រាប់ជាមួយអាហារពេលព្រឹក, និងកន្លះគ្រាប់នៃ ៨៥០ mg ទៀតជាមួយអាហារពេលល្ងាច ឬ
ដើម្បីប្រើគ្រាប់ ១០០០ mg រៀងរាល់ថ្ងៃ ចូរប្រើចំនួន ៥០០ mg ជាមួយអាហារពេលព្រឹក និង ៥០០ mg ទៀតជាមួយអាហារពេលល្ងាច រៀងរាល់ថ្ងៃ។
សម្រាប់មនុស្សពេញវ័យភាគច្រើន ថ្នាំ metformin មានប្រសិទ្ធភាពល្អនៅពេលដែលគេប្រើសរុបចំនួន ១០០០ ទៅ ២០០០ mg រៀងរាល់ថ្ងៃ, ដោយប្រើពាក់កណ្តាលជាមួយអាហារពេលព្រឹក និងពាក់កណ្តាលទៀតជាមួយអាហារពេលល្ងាច។
ក៏អាចមានការប្រើថ្នាំ metformin ៣ដងក្នុងមួយថ្ងៃផងដែរ (ជាមួយអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច) ។
ឧទាហរណ៍៖
ថ្នាំផ្សេងទៀតដែលអាចនឹងមានប្រសិទ្ធភាព
Sulfonylureas និង អាំងស៊ុយលីន គឺជាថ្នាំដែលជួនកាលគេប្រើជំនួស ឬប្រើជាមួយនឹងថ្នាំ metformin ។
Sulfonylureas
Sulfonylureas គឺជាពពួកថ្នាំសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ វាជួយឲ្យលំពែងផលិតអាំងស៊ុយលីនបន្ថែម និងជួយឲ្យរាងកាយប្រើប្រាស់អាំងស៊ុយលីនបានប្រសើរឡើង។ ថ្នាំsulfonylureas ដែលមានសកម្មភាពខ្លី បន្ថយជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស ប៉ុន្តែតម្រូវឲ្យលេប ២ដងរៀងរាល់ថ្ងៃ។ ពពួកថ្នាំ sulfonylureas ដែលមានសកម្មភាពយូរ ដំណើរការយឺតៗប៉ុន្តែស្ថិតនៅក្នុងរាងកាយយូរជាង ដូច្នេះជាទូទៅគេប្រើវាតែមួយដងក្នុងមួយថ្ងៃ លើកលែងតែត្រូវការដូសខ្ពស់។
ថ្នាំ Sulfonylureas អាចត្រូវបានប្រើដាច់តែឯង ឬផ្សំជាមួយថ្នាំទឹកនោមផ្អែមផ្សេងទៀត (metformin ឬអាំងស៊ុយលីន) ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យកាន់តែប្រសើរ។ វាអាចនឹងមិនសូវមានប្រសិទ្ធភាពប្រសិនបើគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី២យូរមកហើយ។
ថ្នាំ Sulfonylureas អាចត្រូវបានប្រើដាច់តែឯង ឬផ្សំជាមួយថ្នាំទឹកនោមផ្អែមផ្សេងទៀត (metformin ឬអាំងស៊ុយលីន) ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យកាន់តែប្រសើរ។ វាអាចនឹងមិនសូវមានប្រសិទ្ធភាពប្រសិនបើគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី២យូរមកហើយ។
ថ្នាំ Sulfonylureas អាចធ្វើឲ្យជាតិស្ករធ្លាក់ហួសកម្រិតយ៉ាងឆាប់រហ័សពេក (មើល ជាតិស្ករក្នុងឈាមចុះទាប ) ជាពិសេសប្រសិនបើមិនបរិភោគអាហារក្រោយពេលលេបថ្នាំនេះ ឬមានសកម្មភាពជាងធម្មតា។ គ្រោះថ្នាក់នេះកាន់តែងាយនឹងកើតឡើងចំពោះពពួកថ្នាំ sulfonylureas ដែលមានសកម្មភាពយូរ ដូចជា glibenclamide (glyburide) និង chlorpropamide ព្រោះវាស្ថិតនៅក្នុងរាងកាយយូរ។
- ការមានចំណង់អាហារ និងឡើងទម្ងន់ ក៏អាចជាផលរំខានផងដែរ។ ការបរិភោគល្អនិងបញ្ចេញសកម្មភាពគ្រប់គ្រាន់ អាចជួយបង្ការបញ្ហានេះ។
- ការផឹកស្រានៅពេលប្រើពពួកថ្នាំ sulfonylureas,ជាពិសេសថ្នាំ chlorpropamide, ជួនកាលអាចធ្វើឲ្យក្អួត។
- ចំពោះមនុស្សខ្លះ ថ្នាំ sulfonylureas បង្កឲ្យមានកន្ទួលលើស្បែក ឬស្បែកឆាប់ក្តៅពេលត្រូវថ្ងៃ។
អ្នកដែលមានជំងឺក្រលៀនឬថ្លើម, ឬអ្នកដែលផឹកស្រាបៀរច្រើនជាងមួយកំប៉ុងស្ទើររាល់ថ្ងៃ, គួរប្រើថ្នាំ sulfonylureas ដោយប្រុងប្រយ័ត្ន។
ចំពោះមនុស្សចំណាស់ (លើស ៦៥ឆ្នាំ) ឬអ្នកដែលមានជំងឺក្រលៀន, ដើម្បីសុវត្ថិភាពគួរប្រើ sulfonylureas ដែលមានសកម្មភាពខ្លី ដូចជា glipizide ជាដើម, ហើយចាប់ផ្តើមដោយប្រើដូសទាបបំផុត ដើម្បីបង្ការកុំឲ្យជាតិស្ករក្នុងឈាមចុះទាបពេក។
ថ្នាំSulfonylureas មិនអាចប្រើជាមួយអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ឬអ្នកដែលមានអាល់ឡែស៊ីនឹងថ្នាំស៊ុលហ្វាទេ។
លើកលែងតែថ្នាំ glibenclamide (glyburide) , ស្ត្រីមានផ្ទៃពោះគួរចៀសវាងប្រើថ្នាំ sulfonylureas លុះត្រាតែមិនអាចរកថ្នាំទឹកនោមផ្អែមផ្សេងទៀតប៉ុណ្ណោះ។
ជាទូទៅគេមិនផ្តល់ថ្នាំ sulfonylureas ឲ្យកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២នោះទេ។
សញ្ញានៃការលេបថ្នាំលើសកម្រិត
សញ្ញាគ្រោះថ្នាក់នៃជាតិស្ករក្នុងឈាមចុះទាប មានដូចជាពិបាកដើរ មានអារម្មណ៍ខ្សោយ ពិបាកមើលឃើញច្បាស់ វង្វេង បាត់ស្មារតី ឬប្រកាច់។ បើគាត់នៅមានស្មារតី ចូរឲ្យគាត់ហូបរបស់ផ្អែមជាបន្ទាន់ រួចឲ្យអាហារមួយពេលពេញជាបន្ទាប់។ បើគាត់សន្លប់ ចូរដាក់ ស្ករឬទឹកឃ្មុំមួយចឹបពីក្រោមអណ្តាតរបស់គាត់ រួចបន្តផ្តល់ម្តងបន្តិចៗរហូតគាត់ដឹងខ្លួន អាចហូបដោយខ្លួនឯងបាន។
ការប្រតិកម្មជាមួយថ្នាំដទៃទៀត
ថ្នាំដទៃទៀតអាចនឹងមិនសូវមានប្រសិទ្ធភាពនៅពេលគាត់ប្រើថ្នាំ sulfonylureas។ ហើយប្រសិនបើនរណាម្នាក់កំពុងប្រើថ្នាំអាំងស៊ុយលីន នោះថ្នាំ sulfonylureas មួយចំនួនអាចនឹងលែងមានប្រយោជន៍សម្រាប់គាត់។ ចូរនិយាយប្រាប់បុគ្គលិកសុខាភិបាលអំពីថ្នាំគ្រប់យ៉ាងដែលអ្នកប្រើ។
ចំពោះនរណាក៏ដោយដែលប្រើថ្នាំទឹកនោមផ្អែម ការធ្វើតេស្ត៍ឈាមមួយតំណក់ ដើម្បីវាស់ជាតិស្ករក្នុងឈាម អាចបង្ហាញថាតើថ្នាំ ឬដូសនៃថ្នាំ មានប្រសិទ្ធភាពកម្រិតណា។ ជាទូទៅគេចាប់ផ្តើមដោយប្រើដូសទាប បន្ទាប់មកបង្កើនម្តងបន្តិច។ ដូច្នេះនឹងត្រូវធ្វើតេស្ត៍ច្រើនជាងធម្មតានៅពេលចាប់ផ្តើមប្រើថ្នាំថ្មី ដើម្បីរកមើលថាតើដូសមួយណាដែលមានប្រសិទ្ធភាពជាងគេ។
ថ្នាំ Sulfonylureas ត្រូវបានប្រើសម្រាប់មនុស្សពេញវ័យដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២។
- លេបថ្នាំ sulfonylureas ៣០នាទីមុនពេលហូបអាហារ ។ ជាការសំខាន់គឺត្រូវតែហូបអាហារបន្ទាប់ពីលេបថ្នាំនេះ ព្រោះបើមិនហូបទេ ជាតិស្ករក្នុងឈាមអាច ធ្លាក់ចុះយ៉ាងគ្រោះថ្នាក់។
- បើអ្នកបរិភោគល្អ និងលេបថ្នាំជាធម្មតា ប៉ុន្តែជាតិស្ករក្នុងឈាមនៅតែខ្ពស់ ចូរជជែកជាមួយបុគ្គលិកសុខាភិបាលរបស់អ្នក។ អ្នកអាចនឹងត្រូវប្តូរដូសថ្នាំ ឬប្រើថ្នាំផ្សេង។
- ជាទូទៅថ្នាំ Sulfonylureas ត្រូវបានចាប់ផ្តើមដោយប្រើដូសទាបបំផុត ហើយលេបមួយថ្ងៃម្តងមុនអាហារពេលព្រឹក។ ដូសត្រូវបានបង្កើនយឺតៗក្នុងរយៈពេលច្រើនសប្តាហ៍ បើជាតិស្ករក្នុងឈាមនៅតែខ្ពស់។
ថ្នាំ sulfonylurea គ្រប់មុខសម្រាប់មនុស្សពេញវ័យ មានដូសផ្សេងៗគ្នា។ មនុស្សម្នាក់ចាប់ផ្តើមដោយប្រើដូសទាបមួយ ហើយត្រូវធ្វើតេស្ត៍នៅប៉ុន្មានថ្ងៃបន្ទាប់ដើម្បីមើលថាតើកម្រិតជាតិស្ករក្នុងឈាម បានធ្លាក់ចុះគ្រប់គ្រាន់ហើយឬនៅ។ ប្រសិនបើគាត់ត្រូវប្រើដូសខ្លាំងជាងនេះ នោះគេនឹងបង្កើនដូសរបស់គាត់បន្តិច។
មួយសប្តាហ៍បន្ទាប់ទៀត គាត់ត្រូវធ្វើតេស្ត៍ឡើងវិញ ហើយដូសរបស់គាត់ត្រូវកែសម្រួលឡើងវិញបើចាំបាច់។ ការប្រើដូស sulfonylurea ខ្ពស់ពេក គឺមានគ្រោះថ្នាក់ ដូច្នេះទើបនៅពេលកែប្រែដូសម្តងៗ គេប្តូរតែចំនួនបន្តិចបន្តួចប៉ុណ្ណោះ។
GLIBENCLAMIDE (GLYBURIDE)
Glibenclamide គឺជាពពួកថ្នាំ sulfonylurea ដែលមានសកម្មភាពយូរ ហើយជាទូទៅវាមានជាទម្រង់គ្រាប់ ១,២៥ mg, ២,៥ mg, និង ៥ mg ។
ជាធម្មតាដូសចាប់ផ្តើមគឺនៅចន្លោះ ១,២៥ និង ៥ mg, មួយថ្ងៃម្តង មុនអាហារពេលព្រឹក។បើចាំបាច់ គេអាចបង្កើនដូសបាន។ មនុស្សភាគច្រើនអាចទទួលកម្រិតដូសចន្លោះ ២,៥ mg និង ១០ mg រៀងរាល់ថ្ងៃបាន។ ប្រសិនបើប្រើ ១០ mg ឬលើសរៀងរាល់ថ្ងៃ ជាញឹកញាប់គេច្រើនតែចែកវាជាពីរលើក រួចលេប២ដងក្នុងមួយថ្ងៃ, មួយលើកមុនអាហារពេលព្រឹក និងមួយលើកទៀតមុនអាហារពេលល្ងាច។
ឧទាហរណ៍៖
ដើម្បីលេបចំនួន ១៥ mg, ចូរលេបគ្រាប់ ២,៥ mg ចំនួន ៣គ្រាប់ជាមួយអាហារពេលព្រឹក និងគ្រាប់ ២,៥ mg ចំនួន ៣គ្រាប់ទៀតមុនអាហារពេលល្ងាច។ មិនត្រូវលេបច្រើនជាង ២០ mg ក្នុងមួយថ្ងៃឡើយ។
GLIMEPIRIDE
Glimepiride គឺជាពពួកថ្នាំ sulfonylurea ដែលមានសកម្មភាពយូរ ហើយជាទូទៅមានក្នុងទម្រង់ជាថ្នាំគ្រាប់ ១ mg, ២ mg, និង ៤ mg។
ជាធម្មតាដូសចាប់ផ្តើមដំបូងគឺចន្លោះ ១ mg និង ២ mg, មួយថ្ងៃម្តង មុនអាហារពេលព្រឹក។បើចាំបាច់ គេអាចបង្កើនដូសបាន។ មនុស្សភាគច្រើនអាចទទួលកម្រិតដូសចន្លោះ ១ mg និង ៤ mg រៀងរាល់ថ្ងៃ មួយថ្ងៃម្តង។ មិនត្រូវលេបច្រើនជាង ៨ mg ក្នុងមួយថ្ងៃឡើយ។
GLIPIZIDE
Glipizide គឺជាពពួកថ្នាំ sulfonylurea ដែលមានសកម្មភាពខ្លី ហើយជាទូទៅមានក្នុងទម្រង់ជាថ្នាំគ្រាប់ ៥ mg, និង ១០ mg ។
ជាធម្មតាដូសចាប់ផ្តើមដំបូងគឺ ២,៥ mg, មួយថ្ងៃម្តង មុនអាហារពេលព្រឹក។ ដើម្បីចាប់ផ្តើមប្រើចំនួន ២,៥ mg រៀងរាលថ្ងៃ ចូរលេបគ្រាប់ ៥ mg ចំនួនកន្លះគ្រាប់។បើចាំបាច់ គេអាចបង្កើនដូសបាន។ មនុស្សភាគច្រើនអាចទទួលកម្រិតដូសចន្លោះ ២,៥ mg និង ២០ mg រៀងរាល់ថ្ងៃ។ បើលេបចំនួន ១០ mg ឬលើស រៀងរាល់ថ្ងៃ, ជាញឹកញាប់គេច្រើនតែចែកវាជាពីរចំណែក រួចលេប២ដងក្នុងមួយថ្ងៃ, មួយលើកមុនអាហារពេលព្រឹក និងមួយលើកទៀតមុនអាហារពេលល្ងាច។
ឧទាហរណ៍៖
ដើម្បីលេបចំនួន ១០ mg រៀងរាល់ថ្ងៃ៖ លេបគ្រាប់ ៥ mg មួយគ្រាប់មុនអាហារពេលព្រឹក និងគ្រាប់ ៥ mg មួយគ្រាប់ទៀតមុនអាហារពេលល្ងាច។
មិនត្រូវលេបច្រើនជាង ២០ mg ក្នុងមួយថ្ងៃឡើយ។
GLICLAZIDE និង GLICLAZIDE MR
Gliclazide មានជា ២ទម្រង់។
ថ្នាំ gliclazide ធម្មតា មានជាថ្នាំគ្រាប់ ៨០ mg ។
ជាធម្មតាដូសចាប់ផ្តើមដំបូងគឺចន្លោះ ៤០ mg និង ៨០ mg, មួយថ្ងៃម្តង មុនអាហារពេលព្រឹក។ ដើម្បីចាប់ផ្តើមចំនួន ៤០ mg រៀងរាល់ថ្ងៃ ចូរប្រើគ្រាប់ ៨០ mg ចំនួនកន្លះគ្រាប់។បើចាំបាច់ គេអាចបង្កើនដូសបាន។ មនុស្សភាគច្រើនអាចទទួលដូសចន្លោះ ៤០ mg និង ២៤០ mg រៀងរាល់ថ្ងៃបាន។ ប្រសិនបើប្រើចំនួន ១៦០ mg ឬលើស ក្នុងមួយថ្ងៃ, គេច្រើនតែបែងចែកវាជាពីរចំណែក រួចលេបពីរដងក្នុងមួយថ្ងៃ, ម្តងមុនអាហារពេលព្រឹក និងម្តងទៀតមុនអាហារពេលល្ងាច។
ឧទាហរណ៍៖
ដើម្បីលេបចំនួន ១៦០ mg រៀងរាល់ថ្ងៃ៖ លេបគ្រាប់ ៨០ mg មួយគ្រាប់មុនអាហារពេលព្រឹក និងមួយគ្រាប់ទៀតមុនអាហារពេលល្ងាច។
មិនត្រូវប្រើច្រើនជាង ៣២០ mg ក្នុងមួយថ្ងៃឡើយ។
Gliclazide MR (modified release) មានទម្រង់ជាថ្នាំគ្រាប់ ៣០ mg ហើយមានកម្រិតដូសខុសគ្នាពី gliclazide ធម្មតា។ ជាទូទៅគេចាប់ផ្តើមដោយប្រើថ្នាំ gliclazide MR ៣០ mg រៀងរាល់ថ្ងៃ។
បើចាំបាច់ គេអាចបង្កើនដូសបាន។ មនុស្សភាគច្រើនអាចទទួលដូសចន្លោះ ៣០ mg និង ១២០ mg រៀងរាល់ថ្ងៃ, មួយថ្ងៃម្តង មុនអាហារពេលព្រឹក។ បើប្រើថ្នាំ gliclazide MR, ចូរកុំប្រើច្រើនជាង ១២០ mg ក្នុងមួយថ្ងៃ។
CHLORPROPAMIDE
Chlorpropamide គឺជាពពួកថ្នាំ sulfonylurea ដែលមានសកម្មភាពយូរ ហើយជាទូទៅមានជាទម្រង់គ្រាប់ ១០០ mg និង ២៥០ mg ។
ជាធម្មតាដូសចាប់ផ្តើមដំបូងគឺនៅចន្លោះ ១០០ mg និង ២៥០ mg, មួយថ្ងៃម្តង មុនអាហារពេលព្រឹក។បើចាំបាច់ គេអាចបង្កើនដូសបាន។ មនុស្សភាគច្រើនអាចទទួលកម្រិតដូសចន្លោះ ១០០ mg និង ៥០០ mg រៀងរាលថ្ងៃបាន, មួយថ្ងៃម្តង មុនអាហារពេលព្រឹក។
មិនត្រូវប្រើលើស ៧៥០ mg ក្នុងមួយថ្ងៃឡើយ។
TOLAZAMIDE
Tolazamide គឺជាពពួកថ្នាំ sulfonylurea ដែលមានសកម្មភាពខ្លី ហើយជាទូទៅមានជាទម្រង់ គ្រាប់ ១០០ mg, ២៥០ mg, និង ៥០០ mg ។
ជាធម្មតាដូសចាប់ផ្តើមដំបូងគឺនៅចន្លោះ ១០០ mg និង ២៥០ mg, មួយថ្ងៃម្តង មុនអាហារពេលព្រឹក។បើចាំបាច់ គេអាចបង្កើនដូសបាន។ មនុស្សភាគច្រើនអាចទទួលកម្រិតដូសចន្លោះ ១០០ mg និង ១០០០ mg រៀងរាលថ្ងៃបាន, មួយថ្ងៃម្តង។ ប្រសិនបើចំនួន ៥០០ mg ឬច្រើនជាងនេះរៀងរាល់ថ្ងៃ គេច្រើនតែបែងចែកជាពីរចំណែក រួចលេប២ដងក្នុងមួយថ្ងៃ, ម្តងមុនអាហារពេលព្រឹក និងម្តងទៀតមុនអាហារពេលល្ងាច។
ឧទាហរណ៍៖
ដើម្បីលេបចំនួន ៥០០ mg រៀងរាល់ថ្ងៃ៖ លេបគ្រាប់ ២៥០ mg ចំនួន ២គ្រាប់មុនអាហារពេលព្រឹក និងគ្រាប់ ២៥០ mg ចំនួន២គ្រាប់ទៀតមុនអាហារពេលល្ងាច។ដើម្បីលេបចំនួន ១០០០ mg រៀងរាល់ថ្ងៃ៖ លេបគ្រាប់ ៥០០ mg ចំនួន១គ្រាប់មុនអាហារពេលព្រឹក និងគ្រាប់ ៥០០ mg ចំនួន១គ្រាប់ទៀតមុនអាហារពេលល្ងាច។
មិនត្រូវប្រើលើស ១០០០ mg ក្នុងមួយថ្ងៃឡើយ។
TOLBUTAMIDE
Tolbutamide គឺជាពពួកថ្នាំ sulfonylurea ដែលមានសកម្មភាពខ្លី ហើយជាទូទៅមានជាទម្រង់ គ្រាប់ ៥០០ mg ។
ជាធម្មតាដូសចាប់ផ្តើមដំបូងគឺនៅចន្លោះ ១០០០ mg និង ២០០០ mg។ គេច្រើនតែបែងចែកជាពីរចំណែក រួចលេប២ដងក្នុងមួយថ្ងៃ, ម្តងមុនអាហារពេលព្រឹក និងម្តងទៀតមុនអាហារពេលល្ងាច។ឧទាហរណ៍៖
ដើម្បីលេបចំនួន ១០០០ mg រៀងរាល់ថ្ងៃ៖ លេបគ្រាប់ ៥០០ mg ចំនួន១គ្រាប់មុនអាហារពេលព្រឹក និងគ្រាប់ ៥០០ mg ចំនួន១គ្រាប់ទៀតមុនអាហារពេលល្ងាច។ដើម្បីលេបចំនួន ២០០០ mg រៀងរាល់ថ្ងៃ៖ លេបគ្រាប់ ៥០០ mg ចំនួន២គ្រាប់មុនអាហារពេលព្រឹក និងគ្រាប់ ៥០០ mg ចំនួន២គ្រាប់ទៀតមុនអាហារពេលល្ងាច។
បើចាំបាច់ គេអាចបង្កើនដូសបាន។
មិនត្រូវប្រើលើស ៣០០០ mg ក្នុងមួយថ្ងៃឡើយ។