Hesperian Health Guides

ជំងឺទឹកនោមផ្អែម

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

តើជំងឺទឹកនោមផ្អែមគឺជាអ្វី?

នៅពេលរាងកាយរំលាយអាហារ វាផ្តល់ជាតិស្ករទៅក្នុងឈាមរបស់យើង។ ជាតិស្ករនេះត្រូវបានហៅថាគ្លុយកូស ហើយរាងកាយរបស់យើងប្រើប្រាស់វាដើម្បីទាញយកនូវថាមពលដែលយើងត្រូវការ។ អាហារផ្អែមក្លាយទៅជាគ្លុយកូស ប៉ុន្តែអាហារដទៃទៀតក៏ក្លាយទៅជាគ្លុយកូសផងដែរ ជាពិសេសអាហារជាតិម្សៅ ដូចជាបាយ ដំឡូង នំបុ័ង ឬអាហារផ្សេងទៀតដែលធ្វើពីស្រូវសាឡី។

ជំងឺទឹកនោមផ្អែម មានន័យថាជាការមានជាតិស្ករច្រើនពេកនៅក្នុងឈាម។ នៅពេលមានជំងឺទឹកនោមផ្អែម ជាតិស្ករកកើតកាន់តែច្រើនឡើងនៅក្នុងឈាម រួចបង្កការប៉ះពាល់ដល់រាងកាយ។

NWTND Diab Page 1-1.png បៀមនំបុ័ងសមួយដុំនៅក្នុងមាត់។ តើអ្នកអាចដឹងថាវាមានរសជាតិផ្អែមយ៉ាងណាទេ?

ប្រភេទនៃជំងឺទឹកនោមផ្អែមដែលឃើញកើតមានញឹកញាប់បំផុតនោះគឺ ជំងឺទឹកនោមផ្អែមប្រភេទទី២។ ជំងឺទឹកនោមផ្អែមប្រភេទទី២ បង្កឡើងជាចម្បងដោយកង្វះសកម្មភាពរាងកាយ, ការបរិភោគអាហារមិនល្អ ជាពិសេសអាហារកញ្ចប់ដែលផលិតពីម៉ាស៊ីន, និងការកើនឡើងនៃកម្រិតស្ត្រេស ព្រមទាំងវិសមភាពនៅក្នុងជីវិតរស់នៅ។ ទឹកនោមផ្អែមគឺជាជំងឺ “រ៉ាំរ៉ៃ” មានន័យថាវាអាចមានស្ថានភាពប្រសើរ ឬកាន់តែធ្ងន់ធ្ងរ ប៉ុន្តែវានឹងមិនជាសះស្បើយឡើយ។

ដើម្បីរស់នៅឲ្យបានប្រសើរជាមួយនឹងជំងឺទឹកនោមផ្អែម កត្តាសំខាន់គឺត្រូវចេះគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នក។ ជំងឺទឹកនោមផ្អែមមានគ្រោះថ្នាក់ណាស់ ព្រោះកម្រិតជាតិស្ករខ្ពស់អាចបណ្តាលឲ្យមានបញ្ហាផ្សេងៗ ដូចជាងងឹតភ្នែក បាត់បង់អវយវៈ បាត់បង់សមត្ថភាពរួមភេទ ដាច់សរសៃឈាមខួរក្បាល ឬស្លាប់ទៀតផង។ នៅពេលរក្សាកម្រិតជាតិស្ករឲ្យនៅទាប យើងអាចចៀសវាងបញ្ហាទាំងនេះយ៉ាងច្រើន ហើយអ្នកអាចប្រកបរបរនិងរស់នៅដោយសុខភាព។ នេះហៅថា “ការគ្រប់គ្រង” ជំងឺទឹកនោមផ្អែម។

តើអ្នកអាចមានសុខភាពធម្មតាក្នុងពេលមានជំងឺទឹកនោមផ្អែមដែរឬទេ?

ថ្នាំពេទ្យនិងការថែទាំវេជ្ជសាស្ត្រ មិនអាចព្យាបាលឲ្យជាសះស្បើយពីជំងឺទឹកនោមផ្អែមឡើយ។ ប៉ុន្តែយើងអាចមានសុខភាពល្អធម្មតាបានក្នុងពេលមានជំងឺទឹកនោមផ្អែម ប្រសិនបើយើងស្វែងយល់ពីជំងឺនេះ ព្រមទាំងថែទាំសុខភាពតាមរយៈការគ្រប់គ្រងជំងឺដោយខ្លួនឯង។ អ្វីដែលសំខាន់បំផុតនោះគឺការបរិភោគអាហារសុខភាព ធ្វើលំហាត់ប្រាណ រក្សាអនាម័យធ្មេញនិងអញ្ចាញ ថែទាំជើង រកវិធីកាត់បន្ថយស្ត្រេស និងសម្រាកឲ្យបានគ្រប់គ្រាន់។ ក្នុងករណីខ្លះ ថ្នាំពេទ្យគឺជាការចាំបាច់ផងដែរ។

បុគ្គលិកសុខាភិបាលក៏មានផ្តល់ការព្យាបាលជំងឺទឹកនោមផ្អែមតាមរយៈការប្រមូលផ្តុំពួកគេមកជួបជុំគ្នាក្នុង ក្រុមជួយគាំទ្រ ផងដែរ ដើម្បីស្វែងយល់ពីជំងឺ និងថែទាំសុខភាពដោយខ្លួនឯង។
មនុស្សមួយក្រុមកំពុងជជែកគ្នា។
កាលពីខ្ញុំប្រាប់ក្រុមគ្រួសារថាខ្ញុំត្រូវការអាហារសុខភាព ពេលនោះគឺពិបាកណាស់។ ប៉ុន្តែឥឡូវនេះ ពួកគេមើលឃើញថាខ្ញុំមានអារម្មណ៍ល្អប្រសើរ ព្រមទាំងយល់ឃើញថាការកែប្រែអ្វីដែលយើងបរិភោគ វានឹងជួយដល់សុខភាពរបស់ពួកគេផងដែរ។

សញ្ញានៃជំងឺទឹកនោមផ្អែម

ជារឿយៗ សញ្ញាដំបូងៗនៃជំងឺទឹកនោមផ្អែម គឺពិបាកនឹងសម្គាល់ណាស់។ ជួនកាល វាមិនបង្ហាញសញ្ញាអ្វីទាំងអស់។ មនុស្សជាច្រើនមានជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួនទៀតផង។

សញ្ញាដែលអាចបណ្តាលមកពីជំងឺទឹកនោមផ្អែម
  • ស្រេកទឹក
  • នោមញឹកញាប់
  • ស្រវ៉ាំងភ្នែក
  • គ្មានកម្លាំង ឬឆាប់ហត់
  • របួសមិនងាយជា
  • ស្ពឹកជើង
  • មេរោគផ្សិត candidaកើតឡើងដដែលៗចំពោះស្ត្រី


សញ្ញាទាំងនេះកើតឡើងជាញឹកញាប់នៅក្នុងបញ្ហាសុខភាពជាច្រើន ដូច្នេះអ្នកមិនអាចសន្និដ្ឋានថាមនុស្សម្នាក់មានជំងឺទឹកនោមផ្អែមដោយផ្អែកលើតែសញ្ញាទាំងនេះបាននោះទេ។ ត្រូវ ធ្វើតេស្ត៍ឈាម ដើម្បីឲ្យដឹងច្បាស់។

កុមារកំពុងតែឈោងតោងស្ត្រីឈឺម្នាក់។
សញ្ញាគ្រោះថ្នាក់

នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក វាអាចបណ្តាលឲ្យ៖

  • ស្រេកទឹកជាខ្លាំង
  • ខ្សោយនិងងងុយដេកជាខ្លាំង ឬវង្វេង
  • ឃ្លាន
  • ស្រកទម្ងន់ បើទោះជាគាត់បរិភោគគ្រប់គ្រាន់ក៏ដោយ


អ្នកដែលមានសញ្ញាទាំងនេះ គួរតែធ្វើតេស្ត៍និងទទួលការព្យាបាលយ៉ាងឆាប់រហ័ស។ គាត់អាចនឹងស្លាប់ដោយសារកម្រិតជាតិស្ករខ្ពស់ពេក ប្រសិនបើមិនព្យាបាលទេ។ សូមអានអំពី ជាតិស្ករក្នុងឈាមឡើងខ្ពស់ទំព័រ

បញ្ហានានាបង្កឡើងដោយជំងឺទឹកនោមផ្អែមដែលមិនត្រូវបានគ្រប់គ្រង

ប្រសិនបើមិនព្យាបាលជំងឺទឹកនោមផ្អែមរាប់ខែ ឬរាប់ឆ្នាំ នោះកម្រិតជាតិស្ករខ្ពស់អាចបំផ្លាញដល់សរីរាង្គ សរសៃប្រសាទ និងសរសៃឈាម។ បែបនេះបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរនៅក្នុងរាងកាយដែលអាចបង្កគ្រោះថ្នាក់ជាអចិន្ត្រៃយ៍ ឬស្លាប់ទៀតផង។

a woman.
ដាច់សរសៃឈាមខួរក្បាល (ខ្វិន)
ងងឹតភ្នែក
ជំងឺអញ្ចាញធ្មេញ បាក់ធ្មេញ
គាំងបេះដូង
វិបត្តិក្រលៀន
បាត់បង់ចំណង់ផ្លូវភេទ, ការរួមភេទឈឺចាប់
ចំពោះបុរស៖ លិង្គមិនឡើងរឹង
ចំពោះស្ត្រី៖ មេរោគផ្សិត candida នៅទ្វារមាស
ការបង្ករោគលើស្បែកដែលមិនសះស្បើយ, ដំបៅ
ភាពស្ពឹក ឬឈឺចាប់ (ជំងឺប្រព័ន្ធសរសៃប្រសាទ)

ជាតិស្ករច្រើននៅក្នុងឈាម អាចបណ្តាលឲ្យខូចសរសៃប្រសាទ។ មនុស្សជាច្រើនដែលមានកម្រិតជាតិស្ករខ្ពស់ ចាប់ផ្តើមមានអារម្មណ៍ឈឺចាប់នៅក្នុងជើង ឬស្ពឹកជើង។ វាក៏បង្កបញ្ហាពាក់ព័ន្ធនឹងចរន្តឈាមរត់ផងដែរ ដែលអាចធ្វើឲ្យដំបៅលើស្បែក សះយឺតយ៉ាវ។ ពួកគេអាចនឹងអស់កម្លាំងយ៉ាងឆាប់រហ័ស។ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចបំផ្លាញដល់ភ្នែកនិងក្រលៀន ធ្វើឲ្យវាដំណើរការមិនល្អ ឬឈប់ដំណើរការតែម្តង។

បញ្ហាទាំងអស់នេះអាចនឹងកាន់តែអាក្រក់ដោយសារ៖

ការមានជំងឺលើសឈាម ធ្វើឲ្យបេះដូងរបស់អ្នកកាន់តែប្រឹងធ្វើការ និងប្រឹងរុញច្រានឈាម, បង្កការបំផ្លាញដល់សរីរាង្គផ្សេង, និងបណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាម កើនឡើងហួសកម្រិត។ ការជក់បារីបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់ និងធ្វើឲ្យកាន់តែងាយមានការដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង (ជំងឺបេះដូង, កំពុងផលិត) ។ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ជាការសំខាន់ត្រូវឈប់ជក់បារី និងបន្ថយសម្ពាធឈាម។

ប៉ុន្តែជំងឺទឹកនោមផ្អែមមិនមែនត្រូវតែបណ្តាលឲ្យកើតមានបញ្ហាទាំងនេះនោះទេ។ តាមរយៈការបរិភោគអាហារល្អ ធ្វើលំហាត់ប្រាណគ្រប់គ្រាន់ និងកាត់បន្ថយស្ត្រេស, អ្នកអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។ ការបង្ករោគក្នុងមាត់និងជើង អាចនឹងត្រូវបង្ការបានតាមរយៈការរៀនវិធីពីរបីយ៉ាងក្នុងការ ថែទាំជើង ធ្មេញ និងអញ្ចាញរបស់អ្នក

ប្រភេទនៃជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមមាន ៣ប្រភេទ៖

ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាទូទៅកើតឡើងលើមនុស្សវ័យក្មេង ហើយកើតឡើងឆាប់រហ័សខ្លាំងណាស់។ មូលហេតុនៃប្រភេទទី១នេះ មិនត្រូវបានគេដឹងឡើយ។ វាមិនសូវកើតឡើងញឹកញាប់ដូច ប្រភេទទី២ នោះទេ។

ប្រសិនបើកុមារ ឬមនុស្សវ័យក្មេង ស្រេកទឹកជាញឹកញាប់ ខ្សោយ ឬស្រកទម្ងន់ទោះបីបរិភោគយ៉ាងល្អក៏ដោយចូរធ្វើតេស្ត៍ជាបន្ទាន់។ ប្រសិនបើគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី១ គាត់ត្រូវការការព្យាបាលឆាប់រហ័ស។

ជំងឺទឹកនោមផ្អែមប្រភេទទី១ មានន័យថាគាត់មិនអាចបំឡែងជាតិស្ករបានល្អទេ។ ដើម្បីរស់រាន គាត់ត្រូវការចាក់ថ្នាំម្យ៉ាងហៅថា អាំងស៊ុយលីន រៀងរាល់ថ្ងៃ ពេញមួយជីវិត។ គាត់ត្រូវការអាំងស៊ុយលីន និងឧបករណ៍របស់វា ព្រមទាំងការអប់រំគាំទ្រដើម្បីប្រើប្រាស់វាយ៉ាងត្រឹមត្រូវ។
បុរសម្នាក់ចាក់អាំងស៊ុយលីនលើពោះដោយខ្លួនឯង។
ពោះជាកន្លែងដែលគេច្រើនតែចាក់អាំងស៊ុយលីន។

ជំងឺទឹកនោមផ្អែមប្រភេទទី២ ជាទូទៅចាប់ផ្តើមក្នុងពេលពេញវ័យ ហើយវាកើតឡើងយឺតៗ ប៉ុន្តែវាក៏អាចកើតលើមនុស្សវ័យក្មេងផងដែរ។ អ្នកជំងឺទឹកនោមផ្អែមភាគច្រើន គឺជាប្រភេទទី២ ហើយជំពូកនេះភាគច្រើនពន្យល់អំពីប្រភេទទី២នេះ។

អ្នកដែលបរិភោគអាហារកែច្នៃ ជាតិស្ករ និងអាហារជាតិម្សៅច្រើន ហើយមិនសូវបញ្ចេញសកម្មភាពរាងកាយទេ គឺកាន់តែងាយកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ដូចគ្នាដែរចំពោះមនុស្សដែលមានក្បាលពោះធំ, អ្នកដែលមានសមាជិកគ្រួសារមានជំងឺទឹកនោមផ្អែម, ឬអ្នកដែលមានភាពអត់ឃ្លានយូរអង្វែង។
ស្ត្រីពីរនាក់កំពុងអានអក្សរលើស្លាកមួយ។
ព្រួយបារម្ភពី ជំងឺទឹកនោមផ្អែម មែនទេ?
សូមចូលរួមក្នុងកម្មវិធីអប់រំរបស់បុគ្គលិកសុខាភិបាល
នៅយប់នេះ។
គ្លីនិកសហគមន៍

ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២ ចាប់ផ្តើមពីការបរិភោគល្អ, បង្កើនសកម្មភាពរាងកាយ, និងកាត់បន្ថយស្ត្រេស។ អ្នកដែលមានប្រភេទទី២ ក៏អាចទទួលប្រយោជន៍ពី ថ្នាំពេទ្យឱសថរុក្ខជាតិ ផងដែរ។

ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះគឺជាជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលកើតឡើងលើស្ត្រីមានផ្ទៃពោះមួយចំនួន។ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះនឹងមានជាតិស្ករក្នុងឈាមខ្ពស់ ហើយទារកនៅក្នុងស្បូនក៏ដូច្នេះដែរ។ បន្ទាប់ពីសម្រាល កម្រិតជាតិស្ករក្នុងឈាមរបស់គាត់ អាចនឹងត្រឡប់មកធម្មតាវិញ ឬអាចនឹងវិវឌ្ឍន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២តែម្តង។

ម្តាយដែលមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះអាចនឹងមានផ្ទៃពោះលំបាក ហើយកូនរបស់ពួកគេទំនងជាលូតលាស់ធំខ្លាំងនៅក្នុងស្បូន ដែលធ្វើឲ្យពិបាកសម្រាល។ ស្ត្រីដែលមានជំងឺទឹកនោមផ្អែម គួរសម្រាលកូននៅមន្ទីរពេទ្យ ព្រោះគាត់អាចនឹងត្រូវសម្រាលដោយវះកាត់។ ទារកដែលកើតមក អាចនឹងមានជាតិស្ករក្នុងឈាមទាបឬខ្ពស់ ឬមានបញ្ហាដង្ហើម។

ភាគច្រើននៃជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះគឺត្រូវបានគ្រប់គ្រងដោយការបរិភោគល្អ និងជួនកាលដោយការប្រើថ្នាំពេទ្យ ឬឱសថរុក្ខជាតិ។

ស្ត្រីភាគច្រើនដែលមានជំងឺទឹកនោមផ្អែម អាចសម្រាលកូនដែលមានសុខភាពល្អធម្មតា។ .
NWTND Diab Page 5-2.png



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២០ មីនា ២០២៤