Hesperian Health Guides

ភាពអាសន្នក្នុងជំងឺទឹកនោមផ្អែម

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

ភាពអាសន្នដែលអាចកើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែម មានពីរប្រភេទ។ ភាពអាសន្នពីជាតិស្ករក្នុងឈាមចុះទាប កើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែមដែលលេបថ្នាំ ឬប្រើអាំងស៊ុយលីនដើម្បីគ្រប់គ្រងវា។ ភាពអាសន្ននេះអាចកើតឡើងឬមួយដោយសារការប្រើថ្នាំឬអាំងស៊ុយលីនលើសកម្រិត ឬមួយដោយសារការហូបអាហារតិចជាងធម្មតា។ ភាពអាសន្នពីជាតិស្ករក្នុងឈាមចុះទាប អាចកើតឡើងភ្លាមៗដោយគ្មានសញ្ញាព្រមាន ប៉ុន្តែការចាត់វិធានការឆាប់រហ័សអាចជួយឲ្យអ្នកជំងឺធូរស្រាលឡើងវិញបាន។

ភាពអាសន្នពីជាតិស្ករក្នុងឈាមឡើងខ្ពស់ ជាទូទៅកើតឡើងបន្ទាប់ពីមានសញ្ញាព្រមានមួយចំនួន បើទោះជាជននោះមិនដឹងថាគាត់មានជំងឺទឹកនោមផ្អែមក៏ដោយ។

ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម គួរពាក់ខ្សែដៃវេជ្ជសាស្ត្រ ឬដាក់កាតមួយតាមខ្លួនដែលសរសេថា៖ “ខ្ញុំមានជំងឺទឹកនោមផ្អែម” ។ សរសេរឈ្មោះថ្នាំពេទ្យដែលអ្នកលេប នៅលើកាតនោះផងដែរ។ អ្នកដទៃនឹងអាចជួយអ្នកបាន បើអ្នកមិនអាចជួយខ្លួនឯង។ បង្រៀនសមាជិកគ្រួសារនិងអ្នកដទៃពីសញ្ញាគ្រោះថ្នាក់ទាំងឡាយ និងពីរបៀបដោះស្រាយបញ្ហា។

បើមាននរណាម្នាក់កំពុងមានបញ្ហាដោយសារជំងឺទឹកនោមផ្អែម ប៉ុន្តែអ្នកមិនប្រាកដថាវាបណ្តាលមកពីជាតិស្ករក្នុងឈាមចុះទាបឬក៏ឡើងខ្ពស់ នោះគួរចាត់ទុកថាជាតិស្ករក្នុងឈាមចុះទាប (ផ្តល់ជាតិស្ករបន្តិច) ក្នុងពេលធ្វើដំណើរទៅរកជំនួយវេជ្ជសាស្ត្រ។

ជាតិស្ករក្នុងឈាមចុះទាប

ស្ថានភាពនេះអាចកើតឡើងតែចំពោះអ្នកជំងឺទឹកនោមផ្អែមដែលប្រើថ្នាំពេទ្យប៉ុណ្ណោះ។ ជាតិស្ករអាចធ្លាក់ចុះហួសកម្រិត ប្រសិនបើគាត់ប្រើអាំងស៊ុយលីន ឬថ្នាំទឹកនោមផ្អែមច្រើនពេក, មិនហូបអាហារគ្រប់គ្រាន់, បញ្ចេញសកម្មភាពរាងកាយច្រើនពេកក្នុងពេលតែមួយ, រង់ចាំយូរពេកនៅចន្លោះអាហារពេលនីមួយ, ឬផឹកស្រា។ បើនរណាម្នាក់ធ្លាប់មានបញ្ហាជាតិស្ករចុះទាប គាត់គួររិះរកមធ្យោបាយល្អក្នុងការគ្រប់គ្រងថ្នាំពេទ្យរបស់គាត់។ ការហូបកាន់តែញឹកញាប់ ឬហូបអាហារសុខភាពបន្ថែម អាចជួយបង្ការភាពអាសន្នទាំងនេះ។

អ្នកដែលមានជាតិស្ករក្នុងឈាមចុះទាប មុនដំបូងអាចនឹងមានអារម្មណ៍ជ្រួលច្រាល់ បែកញើស ឬញ័រ, បន្ទាប់មកក៏ក្លាយជាមិនអាចគ្រប់គ្រងបានភ្លាមៗ វង្វេង ឬរញ៉ាំរញ៉ូវ។ នៅពេលមានសញ្ញាដំបូងៗ គាត់ត្រូវតែហូបអ្វីមួយភ្លាម។ បើមិនដូច្នោះទេ ស្ថានភាពគាត់នឹងកាន់តែអាក្រក់។ សង្កេតមើលសញ្ញាគ្រោះថ្នាក់ទាំងនេះ ៖

សញ្ញាគ្រោះថ្នាក់
  • ពិបាកដើរ
  • អារម្មណ៍ទន់ខ្សោយ
  • ពិបាកមើលអ្វីឲ្យច្បាស់
  • វង្វេង ឬកាយវិការចម្លែក (អ្នកអាចនឹងច្រឡំថាគាត់ស្រវឹង)
  • បាត់ស្មារតី
  • ប្រកាច់
ការព្យាបាល

ប្រសិនបើគាត់នៅមានស្មារតី ចូរផ្តល់ជាតិស្ករដល់គាត់យ៉ាងឆាប់រហ័ស ៖ ទឹកផ្លែឈើ ស្ករគ្រាប់ ឬទឹកមួយកែវដែលលាយស្ករប៉ុន្មានស្លាបព្រា សុទ្ធតែមានប្រសិទ្ធភាព។ គាត់គួរតែហូបអាហារមួយពេលពេញបន្ទាប់ពីនោះផងដែរ។ បើអ្នកអាចវាស់ជាតិស្ករក្នុងឈាមដោយឧបករណ៍វាស់ជាតិស្ករបាន នោះអ្នកនឹងអាចដឹងថាតើការព្យាបាលនេះមានប្រសិទ្ធភាពឬទេ។ ប្រសិនបើគាត់នៅតែវង្វេង ឬមិនចាប់ផ្តើមមានអារម្មណ៍ប្រសើរបន្ទាប់ពីផ្តល់ជាតិស្ករ ១៥នាទីទេ ចូរស្វែងរកជំនួយ។

ប្រសិនបើគាត់សន្លប់ ចូរដាក់ស្ករសឬទឹកឃ្មុំមួយចឹបពីក្រោមអណ្តាតរបស់គាត់។ បន្តផ្តល់ម្តងបន្តិច។ រាងកាយត្រូវការពេលវេលាដើម្បីស្រូបយកជាតិស្ករ។ នៅពេលគាត់ដឹងខ្លួន អ្នកអាចផ្តល់បន្ថែមទៀត។ រកនរណាម្នាក់ឲ្យនៅក្បែរគាត់រយៈពេល ៣ឬ៤ម៉ោង ដើម្បីធានាថាសញ្ញាគ្រោះថ្នាក់មិនត្រឡប់មកវិញ។

ជាតិស្ករក្នុងឈាមឡើងខ្ពស់

អ្នកជំងឺទឹកនោមផ្អែមអាចនឹងមានជាតិស្ករលើសកម្រិតនៅក្នុងឈាម ប្រសិនបើគាត់ហូបអាហារច្រើនពេក, មិនសូវមានសកម្មភាពរាងកាយដូចធម្មតា, មានជំងឺធ្ងន់ធ្ងរ, មិនបានលេបថ្នាំទឹកនោមផ្អែមរបស់គាត់, ឬខ្សោះជាតិទឹក។ ស្ថានភាពនេះអាចកើតឡើងសូម្បីតែជននោះមិនដឹងថាគាត់មានជំងឺទឹកនោមផ្អែមទៅទៀត។ មុននឹងមានភាពអាសន្នពីជាតិស្ករក្នុងឈាមឡើងខ្ពស់ រោគសញ្ញាទាំងនេះអាចមានន័យថាជននោះមានជំងឺទឹកនោមផ្អែម ឬមួយជំងឺទឹកនោមផ្អែមរបស់គាត់ត្រូវការការព្យាបាលរបៀបផ្សេង៖

រោគសញ្ញា
  • មានអារម្មណ៍ស្រេកទឹក និងផឹកទឹកយ៉ាងច្រើន
  • នោមញឹកញាប់
  • ស្រវ៉ាំងភ្នែក
  • ស្រកទម្ងន់


ប្រសិនបើអ្នកមិនព្យាបាលជាតិស្ករក្នុងឈាមឡើងខ្ពស់ទេ នោះវាអាចក្លាយជាគ្រោះថ្នាក់យ៉ាងខ្លាំង ហើយអាចបណ្តាលឲ្យសន្លប់យូរ ឬសូម្បីតែស្លាប់ទៀតផង។ អ្នកអាចជួយសង្គ្រោះជីវិតមនុស្សបាន តាមរយៈការស្វែងរកជំនួយចំពោះសញ្ញាគ្រោះថ្នាក់ខ្លាំងទាំងនេះ៖

សញ្ញាគ្រោះថ្នាក់
  • ចង្វាក់បេះដូងញាប់
  • ដង្ហើមធុំក្លិនផ្លែឈើ
  • ស្បែកស្ងួត
  • ឈឺពោះ ចង្អោរ ក្អួត
  • សម្ពាធឈាមទាប
  • វង្វេង
  • ដង្ហើមវែង ញាប់
  • បាត់បង់ស្មារតី
ការព្យាបាល

នាំមនុស្សដែលមានសញ្ញាគ្រោះថ្នាក់ទាំងនេះទៅកាន់មូលដ្ឋានសុខាភិបាលជាបន្ទាន់។ បើគាត់មានស្មារតី ចូរផ្តល់ទឹកឲ្យគាត់ផឹកយ៉ាងច្រើន ដោយផឹកម្តងបន្តិច។

ប្រសិនបើអ្នកប្រាកដថាគាត់មានជាតិស្ករក្នុងឈាមឡើងខ្ពស់, បានធ្វើតេស្ត៍ជាតិស្កររបស់គាត់ដោយឧបករណ៍វាស់ជាតិស្កររួចហើយ, និងដឹងពីដូសនៃអាំងស៊ុយលីនរបស់គាត់, ចូរផ្តល់អាំងស៊ុយលីនបន្តិចបន្តួចដល់គាត់ក្នុងពេលធ្វើដំណើរទៅរកជំនួយ។ ប៉ុន្តែបើអ្នកមិនប្រាកដទេ ចូរកុំផ្តល់អាំងស៊ុយលីន។ ការផ្តល់អាំងស៊ុយលីនដល់នរណាម្នាក់ដែលមានជាតិស្ករក្នុងឈាមចុះទាប អាចសម្លាប់គាត់បាន។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ៣០ មករា ២០១៨