Hesperian Health Guides
គ្រប់គ្រងជាតិស្ករក្នុងឈាម ដោយប្រើថ្នាំពេទ្យ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺទឹកនោមផ្អែម > គ្រប់គ្រងជាតិស្ករក្នុងឈាម ដោយប្រើថ្នាំពេទ្យ
មាតិកា
ការធ្វើតេស្ត៍កម្រិតជាតិស្ករក្នុងឈាម
ដូចបានពិភាក្សាក្នុងចំណុច ការធ្វើតេស្ត៍សម្រាប់ជំងឺទឹកនោមផ្អែម នៅទំព័រ ការធ្វើតេស្ត៍ឈាមអាចត្រូវបានប្រើដើម្បីធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។ គេក៏ប្រើប្រាស់តេស្ត៍ឈាម ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមផងដែរ។ ការប្រើប្រាស់ឧបករណ៍វាស់ជាតិស្ករ និងធ្វើតេស្ត៍ A1C គឺជាមធ្យោបាយ២យ៉ាងក្នុងការតាមដានកម្រិតជាតិស្ករក្នុងឈាម។ វាផ្តល់ព័ត៌មានខុសគ្នា ប៉ុន្តែសុទ្ធតែមានប្រយោជន៍។
ឧបករណ៍វាស់ជាតិស្ករ ជាម៉ាស៊ីនសាមញ្ញមួយដែលអានបរិមាណនៃជាតិស្ករនៅក្នុងឈាម ក្នុងពេលដែលអ្នកកំពុងធ្វើតេស្ត៍។ ល្អបំផុតគួរធ្វើតេស្ត៍នៅពេលផ្សេងៗគ្នាក្នុងមួយថ្ងៃ ដើម្បីមើលថាតើលទ្ធផលតេស្ត៍ប្រែប្រួលយ៉ាងណាមុនពេលនិងក្រោយពេលហូបអាហារ និងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកអាចធ្វើតេស្ត៍៖
- មុនពេលបរិភោគអាហារ។ កម្រិតល្អគឺស្ថិតនៅចន្លោះ ៤,៤ ទៅ ៧,២ mmol/l (៨០ - ១៣០ mg/dl) ។
- ២ម៉ោងបន្ទាប់ពីចាប់ផ្តើមបរិភោគអាហារ។ កម្រិតល្អគឺស្ថិតក្រោម ១០ mmol/l (១៨០ mg/dl) ។
ដើម្បីធ្វើតេស្ត៍ ចូរយកឈាមមួយតំណក់ពីម្រាមដៃ ដាក់ពីលើបន្ទះតេស្ត៍ ពេលនោះកម្រិតជាតិស្ករក្នុងឈាមនឹងបង្ហាញនៅលើឧបករណ៍វាស់ជាតិស្ករ។ អាស្រ័យលើឧបករណ៍វាស់ សេចក្តីណែនាំអាចនឹងសរសេរថាឲ្យដាក់បន្ទះតេស្ត៍ទៅក្នុងឧបករណ៍សិន មុននឹងដាក់តំណក់ឈាមទៅលើបន្ទះតេស្ត៍(មើលខាងក្រោម) ឬអាចនឹងសរសេរថាដាក់តំណក់ឈាមលើបន្ទះតេស្ត៍ជាមុន។
ប្រើម្ជុលឬកាំបិតមុខពីរដើម្បីយកឈាមមួយតំណក់ដាក់លើបន្ទះតេស្ត៍។ | ចំពោះឧបករណ៍ប្រភេទនេះ ចូរដាក់បន្ទះតេស្ត៍ចូលជាមុន បន្ទាប់មកយកម្រាមដៃប៉ះនឹងចុងនៃបន្ទះតេស្ត៍ដើម្បីបន្តក់ឈាមពីលើ។ |
អ្នកខ្លះមានឧបករណ៍ធ្វើតេស្ត៍នៅផ្ទះរបស់ខ្លួន ហើយអាចធ្វើតេស្ត៍ដោយខ្លួនឯងយ៉ាងញឹកញាប់។ អ្នកខ្លះទៀតប្រើប្រាស់ឧបករណ៍ធ្វើតេស្ត៍នៅឯគ្លីនិក ឬជាមួយក្រុមគាំទ្រអ្នកជំងឺទឹកនោមផ្អែម។ គេអាចប្រើប្រាស់ឧបករណ៍ធ្វើតេស្ត៍នេះរួមគ្នាដោយសុវត្ថិភាព។ ប៉ុន្តែមិនត្រូវប្រើម្ជុល ឬកាំបិតមុខពីរ រួមគ្នាឡើយ ព្រោះវាអាចចម្លងមេរោគអេដស៍ ឬជំងឺផ្សេងៗដែលឆ្លងតាមឈាម។
តេស្ត៍ A1C (glycosylated hemoglobin test) មាននៅតែឯគ្លីនិកឬមន្ទីរពេទ្យប៉ុណ្ណោះ។ តេស្ត៍នេះផ្តល់លទ្ធផលនៃកម្រិតជាតិស្ករក្នុងឈាមជាមធ្យមក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ដូច្នេះវាបញ្ជាក់ប្រាប់ថាតើអ្នកបានគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អប៉ុនណាក្នុងលក្ខណៈទូទៅ គឺមិនមែនសម្រាប់តែថ្ងៃធ្វើតេស្ត៍នេះទេ។ ចំពោះមនុស្សភាគច្រើនដែលមានជំងឺទឹកនោមផ្អែម កម្រិតល្អគឺស្ថិតនៅទាបជាង ៨,០% ។ បើមានកន្លែងផ្តល់ការធ្វើតេស្ត៍នេះ គួរព្យាយាមធ្វើតេស្ត៍នេះមួយឬពីរដងក្នុងមួយឆ្នាំ។
បុគ្គលិកសុខាភិបាលឬកម្មវិធីជំងឺទឹកនោមផ្អែម អាចនឹងប្រើប្រាស់លេខខុសគ្នាបន្តិចបន្តួចសម្រាប់ស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក។ ចំណុចសំខាន់នោះគឺអ្នកយល់ពីរាងកាយរបស់ខ្លួន, តើអ្វីទៅដែលប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នក, និងថាតើកម្រិតប៉ុនណាដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អបំផុត។
ថ្នាំពេទ្យសម្រាប់ជំងឺទឹកនោមផ្អែម
ថ្នាំពេទ្យមិនអាចព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាសះស្បើយទេ។ ប៉ុន្តែថ្នាំខ្លះអាចបញ្ចុះកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។ ឱសថរុក្ខជាតិខ្លះក៏អាចបញ្ចុះបានផងដែរ។
មនុស្សភាគច្រើនចាប់ផ្តើមគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយមិនប្រើថ្នាំពេទ្យទេ។ ជាទូទៅ ការបរិភោគល្អ លំហាត់ប្រាណ និងឱសថរុក្ខជាតិ គឺគ្រប់គ្រាន់ក្នុងការបញ្ចុះកម្រិតជាតិស្ករ និងជួយរក្សាសុខភាព។
ប្រសិនបើការបរិភោគល្អ លំហាត់ប្រាណបន្ថែម និងឱសថរុក្ខជាតិមិនអាចជួយកែលម្អរោគសញ្ញាទេ នោះថ្នាំពេទ្យអាចជួយរក្សាកម្រិតជាតិស្ករមិនឲ្យឡើងខ្ពស់ពេក ព្រមទាំងបង្ការបញ្ហាថ្មីៗកុំឲ្យកើតមាន។ ជួនកាលបុគ្គលិកសុខាភិបាលអាចនឹងផ្សំថ្នាំពេទ្យ២មុខបញ្ចូលគ្នា, ឬបន្ទាប់ពីមួយរយៈ អាចនឹងផ្លាស់ប្តូរកម្រិតដូសឬថ្នាំពេទ្យដែលត្រូវប្រើ។
ត្រូវលេបថ្នាំជាប្រចាំ និងដោយទៀងពេល។ ចូរប្រាកដថាសមាជិកគ្រួសារក៏យល់ដឹងពី ផលរំខានញឹកញាប់នៃថ្នាំ របស់អ្នកផងដែរ និងថាត្រូវធ្វើអ្វីខ្លះក្នុងករណីមាន ភាពអាសន្ន ។ ហើយត្រូវចងចាំ ៖ ថ្នាំពេទ្យគឺគ្រាន់តែជាផ្នែកមួយនៃការថែទាំខ្លួនឯងប៉ុណ្ណោះ។ អ្នកនៅតែត្រូវបរិភោគអាហារសុខភាព និងបញ្ចេញសកម្មភាពរាងកាយដដែល ទោះបីកំពុងប្រើថ្នាំទឹកនោមផ្អែមក៏ដោយ។
Metformin
Metformin គឺជាថ្នាំទឹកនោមផ្អែមដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ ហើយជាជម្រើសប្រសើរបំផុតសម្រាប់មនុស្សជាច្រើន។ ជាទូទៅគេប្រើថ្នាំ Metformin ២ដងក្នុងមួយថ្ងៃ។ នៅពេលអ្នកចាប់ផ្តើមប្រើថ្នាំ metformin វាអាចនឹងធ្វើទុក្ខក្រពះនិងរាក។ ជាធម្មតាវាបាត់ទៅវិញក្នុងរយៈពេល ១ទៅ២សប្តាហ៍ ហើយជាញឹកញាប់គេអាចចៀសវាងបញ្ហានេះបានដោយលេបវាក្នុងពេលបរិភោគអាហារ។ បើផលរំខានមានស្ថានភាពអាក្រក់ខ្លាំងឬមិនបានធូរបន្ទាប់ពីពេលមួយរយៈ នោះបុគ្គលិសុខាភិបាលអាចនឹងបញ្ឈប់ថ្នាំនេះ ឬបន្ថយកម្រិតដូសរបស់វា។ អ្នកដែលមានជំងឺក្រលៀនឬថ្លើម គួរចៀសវាងប្រើប្រាស់ថ្នាំ metformin ។
Sulfonylureas
ពពួកថ្នាំ Sulfonylurea ដូចជា glibenclamide, glipizide, និង tolbutamideជាដើម ជាទូទៅត្រូវបានលេប ១ទៅ២ដងក្នុងមួយថ្ងៃ មុនពេលបរិភោគអាហារ។
គ្រោះថ្នាក់នៃពពួកថ្នាំ sulfonylureas គឺវាអាចបណ្តាលឲ្យ កម្រិតជាតិស្ករចុះទាបខ្លាំងពេក , បណ្តាលឲ្យ វិលមុខ ខ្សោយ សន្លប់ ញ័រ បើកញើស ឬសូម្បីតែស្លាប់ទៀតផង។ បើមានបញ្ហាទាំងនេះណាមួយកើតឡើង ចូរហូបរបស់ផ្អែមជាប្រញាប់ដើម្បីបង្កើនកម្រិតជាតិស្ករឡើងវិញ។ ចូរធានាថាសមាជិកគ្រួសារក៏ស្គាល់ពីសញ្ញាទាំងនេះផងដែរ និងដឹងថាត្រូវជួយដូចម្តេចខ្លះ។
ដើម្បីបង្ការកុំឲ្យជាតិស្ករចុះទាបពេកក្នុងពេលប្រើថ្នាំ sulfonylureas ៖ ឲ្យជាតិស្ករចុះទាបពេកក្នុងពេលប្រើថ្នាំ sulfonylureas ៖
- កុំរំលងអាហារពេល។ បើមិនទាន់បានហូបទេ ចូរកុំលេបថ្នាំ sulfonylurea ។
- បរិភោគអាហារប្រូតេអ៊ីន ឬអាហារបំប៉នផ្សេងទៀតក្នុងពេលព្រឹក។
- ហូបអាហារបន្ថែមនៅពេលធ្វើការងារប្រើកម្លាំង ហាត់ប្រាណ ឬលេងកីឡា។
- ដាក់ទឹកផ្លែឈើ បង្អែម ឬស្ករតាមខ្លួន ដើម្បីត្រៀមពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ខ្សោយកម្លាំងឬវិលមុខ។
បើជាតិស្ករធ្លាក់ចុះញឹកញាប់ខ្លាំងពេក បុគ្គលិកសុខាភិបាលអាចនឹងបញ្ឈប់ថ្នាំនេះ ឬបន្ថយកម្រិតដូសរបស់វា។
ផលរំខានដែលអាចកើតឡើងមួយទៀតនៃថ្នាំsulfonylureas គឺការឡើងទម្ងន់។ អ្នកប្រហែលជាត្រូវយកចិត្តទុកដាក់បន្ថែមទៅលើរបបអាហារនិងការហាត់ប្រាណ, ឬប្តូរទៅប្រើថ្នាំ metformin ឬអាំងស៊ុយលីនវិញ។ បន្ទាប់ពីប្រើថ្នាំ sulfonylureas ជាច្រើនឆ្នាំមក វាអាចនឹងលែងសូវមានប្រសិទ្ធភាពក្នុងការបញ្ចុះជាតិស្ករក្នុងឈាម។ បើវាកើតឡើងដូច្នេះមែន អ្នកត្រូវពិភាក្សាជាមួយបុគ្គលិកសុខាភិបាល។
អាំងស៊ុយលីន
ថ្នាំ អាំងស៊ុយលីន ត្រូវបានផ្តល់តាមការចាក់។ វាជាវិធីលឿនបំផុតក្នុងការបញ្ចុះជាតិស្ករក្នុងឈាម។ ការចាក់អាំងស៊ុយលីនលើកដំបូង អាចមើលទៅគួរឲ្យខ្លាច ប៉ុន្តែបន្ទាប់ពីរៀនពីរបៀបចាក់វាហើយ នោះយើងនឹងទម្លាប់ជាមួយវាជាមិនខាន។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវការអាំងស៊ុយលីនដើម្បីរស់រាន។
អាំងស៊ុយលីនគឺជាអ័រម៉ូនម្យ៉ាងដែលរាងកាយរបស់យើងផលិតចេញ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងកម្រិតល្អមួយ។ រាងកាយរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ មិនផលិតអាំងស៊ុយលីនទេ។ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ផលិតវាមិនគ្រប់គ្រាន់។ មានការយល់ច្រឡំជាច្រើនពាក់ព័ន្ធនឹងអាំងស៊ុយលីន។ អាំងស៊ុយលីនមិនបណ្តាលឲ្យងងឹតភ្នែក, មិនធ្វើឲ្យជំងឺទឹកនោមផ្អែមកាន់តែដុនដាប, និងមិនធ្វើឲ្យអ្នកប្រើប្រាស់ញៀនប្រើវាទេ។ អាំងស៊ុយលីនអនុញ្ញាតឲ្យអ្នកអាចគ្រប់គ្រងជំងឺទឹកនោមផ្អែម និងរស់នៅប្រកបដោយសុខភាព។
អាំងស៊ុយលីនមានប្រភេទខុសៗគ្នា ។ អាំងស៊ុយលីនដែលមានសកម្មភាពយូរ ត្រូវបានប្រើមួយឬពីរដងក្នុងមួយថ្ងៃ ដើម្បីរក្សាជាតិស្ករឲ្យស្ថិតក្នុងកម្រិតល្អទាំងថ្ងៃនិងយប់។ អាំងស៊ុយលីនដែលមានសកម្មភាពខ្លី ត្រូវបានប្រើមុនពេលបរិភោគអាហារ ដើម្បីកុំឲ្យអាហារដែលអ្នកបរិភោគ បង្កើនកម្រិតជាតិស្ករខ្លាំងពេក
គ្រោះថ្នាក់មួយនៃអាំងស៊ុយលីន គឺវាអាច បញ្ចុះជាតិស្ករក្នុងឈាមទាបពេក ។ អ្នកប្រើប្រាស់អាចនឹងវង្វេង វិលមុខ បាត់ស្មារតី និងសូម្បីតែស្លាប់ដោយសារប្រើអាំងស៊ុយលីនហួសកម្រិត។ បង្ការកម្រិតជាតិស្ករចុះទាប តាមវិធីណែនាំដូចគ្នានឹងការប្រើថ្នាំ sulfonylureas ដែរ, ដោយព្យាយាមកុំរំលងអាហារ និងយករបស់ផ្អែមតាមខ្លួនសម្រាប់ គ្រាអាសន្។
ប្រសិនបើអ្នកប្រើអាំងស៊ុយលីន នោះឧបរកណ៍វាស់ជាតិស្ករនៅផ្ទះ ជួយឲ្យអ្នកតាមដានកម្រិតជាតិស្ករជាញឹកញាប់ ដើម្បីប្រាកដថាវាមិនធ្លាក់ចុះទាបពេកនោះទេ។ ប្រសិនបើគ្មានឧបករណ៍វាស់ទេ ល្អបំផុតគួរប្រើអាំងស៊ុយលីនក្នុងកម្រិតដូសទាប ដើម្បីបង្ការកុំឲ្យជាតិស្ករចុះទាបខ្លាំង។ បើគ្មានឧបករណ៍វាស់ទេ ការដែលជាតិស្ករក្នុងឈាមមានកម្រិតខ្ពស់បន្តិច គឺមានសុវត្ថិភាពជាងការធ្លាក់ចុះទាបពេក។
ភាគច្រើនគេប្រើសឺរ៉ាំងដើម្បីចាក់អាំងស៊ុយលីន | អាំងស៊ុយលីនក៏មានទម្រង់ជា “ប៊ិច” ផងដែរ ដែលគេភ្ជាប់ម្ជុលមួយនៅរាល់ពេលចាក់ម្តង។ វាមានភាពងាយស្រួលក្នុងការប្រើប្រាស់ ប៉ុន្តែមានតម្លៃថ្លៃ។ |
ត្រូវរក្សាអាំងស៊ុយលីនឲ្យនៅត្រជាក់។ បើគ្មានទូរទឹកកកទេ ចូរដាក់វាក្នុងចានទឹកត្រជាក់ និងផុតពីកម្តៅថ្ងៃ។
ឱសថរុក្ខជាតិបញ្ចុះជាតិស្ករក្នុងឈាម
នៅទូទាំងពិភពលោក គ្រូព្យាបាលបានរកឃើញអាហារនិងឱសថរុក្ខជាតិដែលអាចជួយបញ្ចុះជាតិស្ករក្នុងឈាមបាន។ នេះជាឧទាហរណ៍ខ្លះ៖
|
|
||
|
|
សួរគ្រូព្យាបាលក្នុងសហគមន៍របស់អ្នក ថាតើមានឱសថរុក្ខជាតិណាខ្លះនៅក្នុងតំបន់របស់អ្នក ដែលអាចបញ្ចុះជាតិស្ករក្នុងឈាមបាន, វិធីប្រើប្រាស់ល្អបំផុត, និងថាតើវាមានសុវត្ថិភាពក្នុងការប្រើប្រាស់ឬទេពេលកំពុងប្រើប្រាស់អាំងស៊ុយលីនឬថ្នាំដទៃទៀត។