Hesperian Health Guides

ផែនការគ្រួសារ ៖ ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត

ទារក​ទើបនឹង​កើត និង ការ​បំបៅ​ដោះ​កូន :~ ថ្នាំពេទ្យ

ថ្នាំគ្រាប់ពន្យារកំណើត

ថ្នាំគ្រាប់ពន្យារកំណើតភាគច្រើនមានផ្ទុកជាតិអ័រម៉ូន ១ឬ២ប្រភេទស្រដៀងនឹងអ័រម៉ូនដែលរាងកាយរបស់ស្ត្រីផលិតដែរ។ អ័រម៉ូនទាំងនេះត្រូវបានហៅថាអេស្ត្រូហ្សែន (estrogen) និងប្រូសេស្ទីន (progestin)។

អ័រម៉ូននីមួយៗមានកម្លាំងផ្សេងៗគ្នា ហើយត្រូវបានលក់ក្រោមឈ្មោះពាណិជ្ជកម្មខុសៗគ្នាដែរ។ ថ្នាំគ្រាប់ ៣ប្រភេទដំបូងគេខាងក្រោមនេះ មានផ្ទុកទាំងអ័រម៉ូនអេស្ត្រូហ្សែន និងប្រូសេស្ទីន (មើល ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ) ហើយប្រភេទទី៤ មានតែអ័រម៉ូនប្រូសេស្ទីនប៉ុណ្ណោះ (មើល ថ្នាំគ្រាប់តូច)។

ប្រភេទនៃអេស្ត្រូហ្សែនដែលឃើញមានញឹកញាប់គឺហៅថា ethinyl estradiol ។ ដូសដែលប្រើញឹកញាប់បំផុតគឺ ៣៥ mcg (មីក្រូក្រាម)។ បរិមាណញឹកញាប់បំផុតនៃប្រូសេស្ទីននៅក្នុងថ្នាំគ្រាប់អ័រម៉ូនផ្សំគឺ ០,១ mg (មីលីក្រាម)។

ស្ត្រីដែលលេបថ្នាំគ្រាប់ពន្យារកំណើត ជាធម្មតាមានឈាមរដូវតិចជាងពេលដែលមិនប្រើថ្នាំ។ វាអាចជាចំណុចល្អ ជាពិសេសសម្រាប់ស្ត្រីដែលមានភាពស្លេកស្លាំង។ ប៉ុន្តែប្រសិនបើស្ត្រីគ្មានឈាមរដូវទេ ឬមានតិចជាខ្លាំងជាច្រើនខែ ហើយគាត់មិនចូលចិត្តផលរំខានបែបនេះទេ នោះគាត់អាចសាកល្បងប្តូរទៅប្រើថ្នាំម៉ាកផ្សេងដែលមានអេស្ត្រូហ្សែនច្រើនជាង។

រាល់ថ្នាំគ្រាប់ពន្យារកំណើតទាំងអស់មានប្រសិទ្ធភាពបំផុតក្នុងការបង្ការការមានផ្ទៃពោះ ប្រសិនបើលេបនៅពេលដដែលរៀងរាល់ថ្ងៃ។ ម្យ៉ាងទៀតវាក៏ធ្វើឲ្យងាយចងចាំថាត្រូវលេបថ្នាំផងដែរ។ វាជាកត្តាសំខាន់ជាខ្លាំងដែលត្រូវលេបថ្នាំគ្រាប់មានតែប្រូសេស្ទីន(ថ្នាំគ្រាប់តូច) នៅពេលដដែលរៀងរាល់ថ្ងៃ ពីព្រោះថ្នាំនេះមានឱកាសខ្ពស់នៃការមានផ្ទៃពោះបើទោះជាស្ត្រីភ្លេបលេបតែ១គ្រាប់ក៏ដោយ។

ជាមួយបន្ទះសម្រាប់ ២៨ថ្ងៃ ចូរលេបមួយគ្រាប់រៀងរាល់ថ្ងៃ រួចចាប់ផ្តើមបន្ទះថ្មីបន្ទាប់ពីអស់ពីបន្ទះចាស់។ បន្ទះសម្រាប់ ២៨ថ្ងៃ អាចនឹងមានថ្នាំ ២១គ្រាប់ដែលមានជាតិអ័រម៉ូន ជាមួយនឹងថ្នាំរំឭកចំនួន ៧គ្រាប់ដែលគ្មានជាតិអ័រម៉ូនទេ។ ថ្នាំរំឭកទាំងនេះ(ក៏ត្រូវបានហៅថាថ្នាំសិប្បនិម្មិតផងដែរ) គឺសម្រាប់ឲ្យស្ត្រីនឹកឃើញថាត្រូវលេបថ្នាំមួយគ្រាប់រៀងរាល់ថ្ងៃ។ ទោះជាយ៉ាងនេះក្តី បន្ទះសម្រាប់ ២៨ថ្ងៃខ្លះ មានតែថ្នាំដែលមានអ័រម៉ូនប៉ុណ្ណោះ។ ជាមួយបន្ទះសម្រាប់ ២១ថ្ងៃ ចូរលេបមួយគ្រាប់រៀងរាល់ថ្ងៃ រួចរង់ចាំចំនួន ៧ថ្ងៃមុននឹងចាប់ផ្តើមបន្ទះថ្មី (លើកលែងតែអ្នកកំពុងលេបថ្នាំ ជាបន្តបន្ទាប់ដើម្បីឲ្យមានរដូវតិច)។

ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ ដែលដូសនៃអ័រម៉ូនមានការប្រែប្រួល
ថ្នាំទាំងនេះមានបន្សំនៃអេស្ត្រូហ្សែន និងប្រូសេស្ទីន ដែលប្រែប្រួលពេញមួយខែ។ ដោយសារបរិមាណរបស់វាប្រែប្រួល ចំណុចសំខាន់គឺត្រូវលេបថ្នាំតាមលំដាប់លំដោយ។
ឈ្មោះពាណិជ្ជកម្មមួយចំនួន៖ Gracial, Logynon, Qlaira, Synphase, Trinordiol, Trinovum, Triquilar, Triphasil


ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ ដែលមានដូសថេរ៖ ទាំងអេស្ត្រូហ្សែន និងប្រូសេស្ទីន
ថ្នាំទាំងនេះមានអេស្ត្រូហ្សែន (ជាធម្មតា ៣៥ mcg) និងប្រូសេស្ទីន (ជាធម្មតា ០,១ mg)។ បន្ទះដែលមានថ្នាំ២៨គ្រាប់ មានថ្នាំចំនួន ២១គ្រាប់ផ្ទុកអ័រម៉ូន និង ៧គ្រាប់ទៀតជាថ្នាំរំឭក។ បន្ទះដែលមានថ្នាំ២១គ្រាប់ មានតែថ្នាំដែលផ្ទុកអ័រម៉ូនប៉ុណ្ណោះ។ បរិមាណនៃអ័រម៉ូននីមួយៗមានស្មើគ្នាក្នុងគ្រាប់ទាំង២១ នៃបន្ទះទាំង២ប្រភេទ។
ឈ្មោះពាណិជ្ជកម្មមួយចំនួន៖ Alesse, Cilest, Diane, Femoden, Gynera, Harmonet, Norinyl, Ortho-Novum, Ovysmen


ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ ដែលមានដូសថេរ៖ ប្រូសេស្ទីនច្រើន អេស្ត្រូហ្សែនតិច
ថ្នាំទាំងនេះផ្ទុកប្រូសេស្ទីនច្រើនជាង (០,១៥ mg) និងអេស្ត្រូហ្សែនតិចជាង (៣០ mcg)។ បន្ទះដែលមានថ្នាំ២៨គ្រាប់ មានថ្នាំចំនួន ២១គ្រាប់ផ្ទុកអ័រម៉ូន និង ៧គ្រាប់ទៀតជាថ្នាំរំឭក។ បន្ទះដែលមានថ្នាំ២១គ្រាប់ មានតែថ្នាំដែលផ្ទុកអ័រម៉ូនប៉ុណ្ណោះ។ បរិមាណនៃអ័រម៉ូននីមួយៗមានស្មើគ្នាក្នុងគ្រាប់ទាំង២១ នៃបន្ទះទាំង២ប្រភេទ។ ថ្នាំទាំងនេះមានភាពប្រសើរសម្រាប់ស្ត្រីដែលមានឈាមរដូវយ៉ាងច្រើនឬស្ត្រីដែលដោះរបស់គាត់ឡើងឈឺខ្លាំងមុននឹងមករដូវ។
ឈ្មោះពាណិជ្ជកម្មមួយចំនួន៖ Lo-Femenal, Lo/Ovral, Microgynon, Microvlar, Nordette


ថ្នាំគ្រាប់ដែលមានតែប្រូសេស្ទីន (ថ្នាំគ្រាប់តូច)
ថ្នាំទាំងនេះផ្ទុកតែប្រូសេស្ទីនប៉ុណ្ណោះ ហើយមានជាបន្ទះដែលមាន ២៨គ្រាប់។ គ្រប់គ្រាប់ទាំងអស់នៅក្នុងកញ្ចប់ មានបរិមាណប្រូសេស្ទីនស្មើគ្នា។
ឈ្មោះពាណិជ្ជកម្មមួយចំនួន៖ Femulen, Microlut, Micronor, Micronovum, Neogest , Microval, Ovrette, Exluton



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤