Hesperian Health Guides
ផែនការគ្រួសារ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ផែនការគ្រួសារ
មាតិកា
ហេតុអ្វីគួរមានផែនការគ្រួសារ?
មានមធ្យោបាយប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពជាច្រើនដែលអាចបង្ការកុំឲ្យមានផ្ទៃពោះ ឬជួយឲ្យអ្នកជ្រើសរើសពេលវេលាដែលគួរយកកូន និងគួរយកចំនួនប៉ុន្មាន។ ជាធម្មតាអ្នកអាចទទួលបានមធ្យោបាយដែលមានតម្លៃទាបឬមិនគិតថ្លៃ ពីបុគ្គលិកសុខាភិបាលឬគ្លីនិកមួយចំនួន។ ផែនការគ្រួសារក៏ត្រូវបានហៅថា ការពន្យារកំណើតផងដែរ។ ទោះបីគេហៅវាបែបណាក៏ដោយ វាមានផលប្រយោជន៍ជាច្រើនដូចជា៖
- ការមានកូនតិចធ្វើឲ្យរាងកាយរបស់ស្ត្រីមានសុខភាពល្អជាងការមានកូនច្រើន។ តាមរយៈការប្រើប្រាស់ផែនការគ្រួសារ អ្នកអាចសម្រេចចិត្តថាតើនៅពេលណាដែលរាងកាយរបស់អ្នកមានសុខភាពល្អគ្រប់គ្រាន់ដើម្បីមានផ្ទៃពោះ។
- ការពន្យារពេលចាប់ផ្តើមយកកូន និងការពន្យារពេលនៃចន្លោះកូននីមួយៗ អនុញ្ញាតឲ្យអ្នកបង្កើតជីវិតដ៏មានស្ថេរភាពមួយសម្រាប់ពួកគេ, ព្រមទាំងផ្តល់ពេលវេលាបន្ថែម ថាមពល និងប្រាក់សម្រាប់ថែទាំកូនដែលមានស្រាប់ផងដែរ។
- ការសម្រេចចិត្តដោយខ្លួនឯងអំពីពេលវេលាដែលត្រូវយកកូន ដោយមិនមានអ្នកណាអូសទាញ បង្ហាញឲ្យឃើញថាអ្នកមានការគ្រប់គ្រងច្រើនលើជីវិតផ្ទាល់ខ្លួន។
- រីករាយក្នុងការរួមភេទដោយមិនបារម្ភពីការមានផ្ទៃពោះ បើអ្នកឬដៃគូរបស់អ្នកមិនចង់បាន ឬមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការយកកូន។
- ផែនការគ្រួសារជួយឲ្យស្ត្រីចៀសវាងពីការរំលូតកូនដោយគ្មានសុវត្ថិភាព ដែលបញ្ហានេះសម្លាប់ស្ត្រីរាប់ពាន់នាក់ក្នុងមួយឆ្នាំ។
ជួនកាលផែនការគ្រួសារ ការរួមភេទ និងការមានផ្ទៃពោះ គឺជាប្រធានបទដែលពិបាកនឹងជជែកគ្នា។ សៀវភៅ សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី របស់អង្គការហេស្ពឺរៀន (Hesperian) មានផ្តល់ជាដំបូន្មានអំពីមធ្យោបាយផ្សេងៗដែលនាំឲ្យបុរសនិងស្ត្រីជជែកគ្នាអំពីផែនការគ្រួសារ ព្រមទាំងបញ្ហាសុខភាពដទៃទៀតរបស់ស្ត្រី។
អ្នកខ្លះចង់បានកូនច្រើន, ជាពិសេសនៅទីណាដែលមានការបែងចែកធនធានមិនស្មើភាពគ្នា ហើយកុមារត្រូវស្លាប់ជាញឹកញាប់ក្នុងវ័យក្មេង, ពីព្រោះកុមារអាចជួយដល់ការងារ និងផ្តល់ការថែទាំដល់ឪពុកម្តាយនៅពេលពួកគាត់ចាស់ទៅ។
ស្ថានភាពនេះមានភាពខុសគ្នានៅប្រទេសណាដែលធនធាននិងផលប្រយោជន៍ផ្សេងៗត្រូវបានបែងចែកប្រហាក់ប្រហែលគ្នា។ នៅទីណាដែលការងារ ផ្ទះសម្បែង និងការថែទាំសុខភាព កាន់តែងាយរកបាន, ហើយនៅទីណាដែលស្ត្រីមានឱកាសស្មើភាពក្នុងការទទួលបានការអប់រំ ការងារ និងការគ្រប់គ្រងជីវិតផ្ទាល់ខ្លួន, នោះជាទូទៅពួកគេជ្រើសរើសបង្កើតគ្រួសារតូចៗប៉ុណ្ណោះ។ ហេតុផលមួយផ្នែកគឺដោយសារពួកគេមិនចាំបាច់ពឹងផ្អែកលើកូនៗដើម្បីសុវត្ថិភាពហិរញ្ញវត្ថុ, ម្យ៉ាងទៀតពួកគាត់កាន់តែជឿជាក់ថាកូនៗរបស់គាត់នឹងមានសុខភាពល្អ ហើយរស់រានយូរអង្វែង។
ប្រជាជនប្រើប្រាស់ផែនការគ្រួសារនៅពេលដែល៖
- វាមានតម្លៃសមរម្យ ឬមិនបង់ប្រាក់។
- មានមធ្យោបាយចម្រុះផ្សេងៗដែលអាចជ្រើសរើសបាន ដូច្នេះពួកគេអាចរើសយកមធ្យោបាយណាមួយដែលល្អបំផុតសម្រាប់ខ្លួន
- គ្មាននរណាម្នាក់ត្រូវបានបង្ខំឬបញ្ឆោតឲ្យប្រើប្រាស់ផែនការគ្រួសារនោះឡើយ។
- បុរសយល់ដឹងនិងជឿលើផលប្រយោជន៍នៃផែនការគ្រួសារ ហើយស្តាប់នូវអ្វីដែលស្ត្រីចង់បាន។
- នរណាក៏ដោយដែលចង់ប្រើប្រាស់ផែនការគ្រួសារ អាចទទួលវាបានយ៉ាងងាយស្រួល រួមទាំងមនុស្សវ័យក្មេងនិងចំណាស់, រៀបការរួចឬនៅលីវ, និងជនពិការផងដែរ។
តើផែនការគ្រួសារគឺសម្រាប់អ្នកណា?
មនុស្សមួយចំនួនគិតថា ផែនការគ្រួសារគឺសម្រាប់តែស្ត្រីរៀបការរួចប៉ុណ្ណោះ។ ប៉ុន្តែស្ត្រីទាំងរៀបការរួចនិងនៅលីវខ្លះ មានការរួមភេទ ហើយស្ត្រីជាច្រើនចង់រីករាយនឹងការរួមភេទដោយមិនបារម្ភពីការមានផ្ទៃពោះទេ។ ម្យ៉ាងទៀត ស្ត្រីមិនតែងតែមានជម្រើសក្នុងការរួមភេទរហូតនោះទេ។ ខ្លះត្រូវបានគាបសង្កត់ ខ្លះត្រូវបានបង្ខំ។ ដោយគ្មានផែនការគ្រួសារទេ ស្ត្រីគ្រប់រូបទាំងរៀបការរួចឬនៅលីវ វ័យក្មេងឬចំណាស់ សុទ្ធតែអាចនឹងមានផ្ទៃពោះ។ ក្នុងនាមជាបុគ្គលិកសុខាភិបាល ជាការសំខាន់គឺអ្នកគួរតែចែករំលែកដល់ស្ត្រីគ្រប់រូបនូវអ្វីដែលអ្នកបានយល់ដឹងអំពីផែនការគ្រួសារ។
អ្នកក៏ត្រូវតែរិះរកវិធីដើម្បីចែករំលែកនូវអ្វីដែលអ្នកបានយល់ដឹងអំពីផែនការគ្រួសារជាមួយបុរសផងដែរ។ មធ្យោបាយខ្លះ ដូចជាស្រោមអនាម័យជាដើម ទាមទារឲ្យមានការប្តេជ្ញាចិត្តពីបុរស។ ហើយជាញឹកញាប់បុរសតែងតែចង់ចូលរួមក្នុងការសម្រេចចិត្តថាតើមធ្យោបាយណាមួយដែលដៃគូរបស់គាត់គួរប្រើ។ ការជួយឲ្យបុរសយល់ដឹងពីផលប្រយោជន៍នៃផែនការគ្រួសារ អាចជួយឲ្យពួកគាត់ជម្នះលើការភ័យខ្លាចផ្សេងៗ និងយល់ពីរបៀបដែលផែនការគ្រួសារអាចជួយដល់ពួកគាត់វិញផងដែរ។
ការអប់រំដល់បុរសអំពីផែនការគ្រួសារ ក៏ធ្វើឲ្យស្ត្រីងាយស្រួលនឹងជជែកគ្នាជាមួយប្តីឬដៃគូរបស់គាត់ផងដែរអំពីផែនការគ្រួសារនេះ និងដើម្បីឲ្យពួកគេសម្រេចចិត្តរួមគ្នាអំពីមធ្យោបាយណាមួយដែលគួរប្រើ។ បន្ទាប់ពីបានរៀនសូត្រអំពីផលប្រយោជន៍នៃផែនការគ្រួសាររួចហើយ ប៉ុន្តែបើបុរសនៅតែមិនចង់ប្រើ នោះស្ត្រីនឹងត្រូវសម្រេចចិត្តថាតើគាត់ចង់ប្រើវាយ៉ាងដាច់ខាតឬយ៉ាងណា។ មានមធ្យោបាយមួយចំនួនដែលគាត់អាចប្រើបានដោយមិនឲ្យបុរសដឹង។
បង្រៀនពីរបៀបដំណើរការរបស់ផែនការគ្រួសារ និងពីអ្វីដែលគួររំពឹងទុក
ពន្យល់ពីរបៀបប្រើប្រាស់យ៉ាងត្រឹមត្រូវនូវមធ្យោបាយផែនការគ្រួសារទាំងឡាយ ព្រមទាំងមានភាពស្មោះត្រង់អំពីផលរំខានរបស់វា។ មូលហេតុចម្បងមួយដែលស្ត្រីឈប់ប្រើមធ្យោបាយផែនការគ្រួសារគឺដោយសារតែពិបាកទ្រាំទ្រនឹងផលរំខានរបស់វា។ ប៉ុន្តែប្រសិនបើគាត់ដឹងជាមុនថានឹងមានផលរំខានបែបណាខ្លះកើតឡើង នោះគាត់ទំនងជាព្យាយាមប្រើប្រាស់វារហូតទាល់តែផលរំខាននោះបានធូរស្រាល។
ការជួយដល់ជនវ័យក្មេង
ជនវ័យក្មេងអាចនឹងចាប់ផ្តើមមានទំនាក់ទំនងស្នេហា ឬសម្ព័ន្ធផ្លូវភេទ មុននឹងយល់ដឹងអំពីការបង្ការកុំឲ្យមានផ្ទៃពោះទៅទៀត។ សហគមន៍អាចជួយដល់ជនវ័យក្មេងឲ្យទទួលបាននូវព័ត៌មានដែលពួកគេត្រូវការដើម្បីធ្វើការសម្រេចចិត្តដ៏ល្អ។ សាលារៀនអាចផ្តល់ឲ្យជនវ័យក្មេងនូវការអប់រំសុខភាពដែលរួមបញ្ចូលទាំងប្រធានបទការមានផ្ទៃពោះ, មនុស្សពេញវ័យដែលនៅក្មេង អាចត្រូវបានបណ្តុះបណ្តាលជាអ្នកអប់រំសុខភាព, ហើយគ្លីនិកនានាអាចចំណាយពេលវេលាដើម្បីផ្តល់ដំបូន្មានដល់ជនវ័យក្មេងអំពីមធ្យោបាយផ្សេងៗដែលអាចបង្ការកុំឲ្យមានផ្ទៃពោះ។