Hesperian Health Guides
មធ្យោបាយផែនការគ្រួសារ
មាតិកា
- ១ របៀបជ្រើសរើសមធ្យោបាយផែនការគ្រួសារមួយ
- ២ ស្រោមអនាម័យ
- ៣ ស្រោមអនាម័យស្ត្រី
- ៤ ថ្នាំគ្រាប់ពន្យារកំណើត
- ៥ ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ (ថ្នាំគ្រាប់ដែលមានអ័រម៉ូនអេស្ត្រូហ្សែន និងប្រូសេស្ទីន)
- ៥.១ របៀបលេបថ្នាំគ្រាប់មានអ័រម៉ូនផ្សំ
- ៥.២ ផលរំខានដែលអាចកើតមាននៃថ្នាំគ្រាប់មានអ័រម៉ូនផ្សំ
- ៥.៣ ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ អាចត្រូវបានប្រើប្រាស់តាមរបៀប ៣យ៉ាង
- ៥.៤ ការបញ្ចប់ថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ
- ៥.៥ នរណាដែលមិនគួរប្រើថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ
- ៥.៦ ថ្នាំពេទ្យដែលប្រតិកម្មជាមួយថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ
- ៥.៧ នរណាដែលគួរពិចារណាប្រើមធ្យោបាយដទៃ
- ៥.៨ ការពន្យារកំណើតបន្ទាន់
- ៦ ថ្នាំគ្រាប់តូច (ថ្នាំគ្រាប់ដែលមានតែអ័រម៉ូនប្រូសេស្ទីន)
របៀបជ្រើសរើសមធ្យោបាយផែនការគ្រួសារមួយ
មធ្យោបាយផ្សេងគ្នា មានគុណសម្បត្តិនិងគុណវិបត្តិខុសៗគ្នាដែរ។ ជាការល្អអ្នកគួរតែជជែកជាមួយដៃគូរបស់អ្នក ស្ត្រីផ្សេងទៀត ឬបុគ្គលិកសុខាភិបាលអំពីមធ្យោបាយផ្សេងៗដើម្បីជាជំនួយដល់អ្នកក្នុងការសម្រេចចិត្ត។ ចំណុចមួយចំនួនដែលអ្នកគួរពិចារណានៅពេលជ្រើសរើសមធ្យោបាយផែនការគ្រួសារ៖
- តើវាមានប្រសិទ្ធភាពកម្រិតណាក្នុងការបង្ការការមានផ្ទៃពោះ?
- តើវាមានប្រសិទ្ធភាពកម្រិតណាក្នុងការការពារពីជំងឺកាមរោគ?
- តើដៃគូរបស់អ្នកតាំងចិត្តប្រើប្រាស់ផែនការគ្រួសារដែរឬទេ ឬមួយអ្នកត្រូវលាក់កំបាំងពីគាត់?
- តើអ្នកអាចទទួលបានមធ្យោបាយនោះយ៉ាងងាយដែរឬទេ ហើយតើអ្នកត្រូវប្រើប្រាស់វាញឹកញាប់ប៉ុណ្ណា?
- តើមធ្យោបាយនោះមានតម្លៃប៉ុន្មាន?
- តើវាមានផលរំខានឬទេ?
- តើអ្នកមានតម្រូវការនិងក្តីបារម្ភផ្សេងទៀតដែរឬទេ? ឧទាហរណ៍៖ តើអ្នកកំពុងបំបៅដោះកូនមែនឬទេ? តើអ្នកមានកូនគ្រប់ចំនួនដែលចង់បានឬនៅ?
![]() |
អ្នកមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងអំពីផែនការគ្រួសារ។ |
មធ្យោបាយផែនការគ្រួសារ | ការពារពីការមានផ្ទៃពោះ | ការពារពីជំងឺកាមរោគ | ភាពញឹកញាប់ | ព័ត៌មានសំខាន់ផ្សេងទៀត |
---|---|---|---|---|
ស្រោមអនាម័យ![]() |
ល្អ | ល្អបំផុត | គ្រប់ពេល | មានប្រសិទ្ធភាពបំផុតនៅពេលប្រើជាមួយថ្នាំសម្លាប់មេជីវិត និងទឹករំអិល។ ត្រូវប្រើស្រោមអនាម័យនៅរាល់ពេលដែលអ្នករួមភេទ។ |
ថ្នាំគ្រាប់ពន្យារកំណើត-ថ្នាំមានអ័រម៉ូនផ្សំ![]() |
ល្អណាស់ | មិនអាច | រាល់ថ្ងៃ | មានប្រសិទ្ធភាពបំផុតបើលេបទៀងពេលរៀងរាលថ្ងៃ។ ស្ត្រីដែលមាន បញ្ហាសុខភាពដូចរៀបរាប់ខាងក្រោម មិនគួរប្រើមធ្យោបាយមួយនេះទេ។ |
ថ្នាំគ្រាប់ពន្យារកំណើត- ថ្នាំគ្រាប់តូច![]() |
ល្អណាស់ | មិនអាច | រាល់ថ្ងៃ | មានប្រសិទ្ធតែប្រសិនបើលេបទៀងពេលរៀងរាល់ថ្ងៃប៉ុណ្ណោះ។ អាចប្រើបានបើស្ត្រីនៅបំបៅដោះកូន (ចាប់ផ្តើមប្រើនៅពេលទារកអាយបាន ៦សប្តាហ៍)។ |
កងដាក់ក្រោមស្បែក![]() |
ល្អបំផុត | មិនអាច | ៣ឬ៥ឆ្នាំ | ត្រូវតែដាក់ចូលនិងដកចេញដោយបុគ្គលិកសុខាភិបាលដែលឆ្លងកាត់ការបណ្តុះបណ្តាលពិសេស និងត្រូវប្តូរចេញរៀងរាល់ ៣ឬ៥ឆ្នាំ អាស្រ័យលើប្រភេទ។ |
ថ្នាំចាក់![]() |
ល្អណាស់ | មិនអាច | ១, ២, ឬ៣ខែ | ចាំបាច់ចាក់ឡើងវិញរៀងរាល់ ១, ២, ឬ៣ខែ (អាស្រ័យលើប្រភេទ)។ |
កងដាក់ក្នុងស្បូន![]() |
ល្អបំផុត | មិនអាច | ៥ឬ១២ឆ្នាំ | មានប្រសិទ្ធភាពរយៈពេល ៥ឬ១២ឆ្នាំ (អាស្រ័យលើប្រភេទ)។ ត្រូវតែដាក់ចូលនិងដកចេញដោយបុគ្គលិកសុខាភិបាលដែលឆ្លងកាត់ការបណ្តុះបណ្តាលពិសេស។ |
ការដកចេញ![]() |
តិចបំផុត | មិនអាច | គ្រប់ពេល | បុរសត្រូវតែដកលិង្គចេញរាល់ពេលដែលរួមភេទ។ ទោះបីគាត់ដកចេញក៏ដោយ ទឹករំអិលខ្លះពីលិង្គ អាចចូលទៅក្នុងទ្វារមាសក្នុងអំឡុងពេលរួមភេទដែរ ដែលអាចបណ្តាលឲ្យមានផ្ទៃពោះ ឬឆ្លងជំងឺកាមរោគ។ |
ការបំបៅដោះ (ក្នុងអំឡុង ៦ខែដំបូងប៉ុណ្ណោះ) | ល្អណាស់ | មិនអាច | ច្រើនលើកទាំងថ្ងៃ និងយប់ | មធ្យោបាយនេះមានប្រសិទ្ធភាពតែប្រសិនបើស្ត្រីបំបៅកូនដោយទឹកដោះតែមួយមុខ ហើយគាត់មិនទាន់មានរដូវឡើងវិញប៉ុណ្ណោះ។ |
ការសម្គាល់ពេលបង្កកំណើត![]() |
ល្អ | មិនអាច | គ្រប់ពេល | មធ្យោបាយនេះមិនសូវមានប្រសិទ្ធភាពទេបើស្ត្រីមិនវដ្តរដូវមិនទៀងទាត់។ |
រួមភេទដោយមិនស៊កលិង្គចូល | ល្អបំផុត | អាស្រ័យ | គ្រប់ពេល | បើលិង្គមិនប៉ះនឹងប្រដាប់ភេទស្ត្រីទេ នោះគាត់មិនអាចមានផ្ទៃពោះឡើយ។ ការរួមភេទតាមរន្ធគូថ ងាយនឹងឆ្លងជំងឺកាមរោគ, ការរួមភេទតាមមាត់ មិនសូវឆ្លងទេ, ហើយការស្ទាបអង្អែលកម្រនឹងឆ្លងណាស់។ |
ការវះកាត់បញ្ឈប់កំណើត | ល្អបំផុត | មិនអាច | មួយលើក | នៅពេលដែលស្ត្រីឬបុរសម្នាក់បានវះកាត់បញ្ឈប់កំណើត នោះពួកគេមិនអាចមានផ្ទៃពោះ ឬធ្វើឲ្យមានផ្ទៃពោះទេ។ |
បុរសស្ត្រីជ្រើសរើសមធ្យោបាយខុសៗគ្នាអាស្រ័យលើស្ថានភាពរបស់ពួកគេ។
![]() ខ្ញុំមិនចង់ចងចាំថាត្រូវធ្វើអ្វីមួយរៀងរាល់ថ្ងៃនោះទេ។ |
![]() ខ្ញុំមិនចង់ដាក់របស់អ្វីមួយនៅក្នុងស្បូនរបស់ខ្ញុំទេ។ |
អ្នកប្រហែលជាចង់ប្រើ៖កងដាក់ក្រោមស្បែក ឬកងដាក់ក្នុងស្បូន | អ្នកប្រហែលជាចង់ប្រើ៖ថ្នាំគ្រាប់ កងដាក់ក្រោមស្បែក ស្រោមអនាម័យបុរស ការសម្គាល់ពេលបង្កកំណើត |
អ្នកគួរតែចៀសវាង៖ ថ្នាំគ្រាប់, ការសង្កេតលើអំឡុងពេលបង្កកំណើត | អ្នកគួរតែចៀសវាង៖ ស្រោមអនាម័យស្ត្រី, កងដាក់ក្នុងស្បូន |
![]() ខ្ញុំមិនចង់ឲ្យឪពុកម្តាយដឹងថាខ្ញុំពន្យារកំណើតឡើយ។ |
![]() ខ្ញុំមិនចង់មានកូនបន្ថែមទៀតទេ។
ការចិញ្ចឹមកូន ២នាក់គឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ។ |
អ្នកប្រហែលជាចង់ប្រើ៖ ថ្នាំចាក់, ស្រោមអនាម័យ | អ្នកប្រហែលជាចង់ប្រើ៖ កងដាក់ក្រោមស្បែក, ថ្នាំចាក់, កងដាក់ក្នុងស្បូន, ការវះកាត់បញ្ឈប់កំណើត |
អ្នកគួរតែចៀសវាង៖ ថ្នាំគ្រាប់ | អ្នកគួរតែចៀសវាង៖ ការសង្កេតមើលអំឡុងពេលបង្កកំណើត |
![]() ខ្ញុំចង់មានកូនប្រហែលមួយឆ្នាំទៀត ប៉ុន្តែមិនមែនពេលនេះទេ។
|
![]() ខ្ញុំបានរួមភេទជាមួយស្ត្រីផ្សេង ហើយចង់ការពារប្រពន្ធខ្ញុំពីមេរោគអេដស៍។ |
អ្នកប្រហែលជាចង់ប្រើ៖ស្រោមអនាម័យ, ថ្នាំគ្រាប់, ការសម្គាល់ពេលបង្កកំណើត | អ្នកប្រហែលជាចង់ប្រើ៖ ប្រើស្រោមអនាម័យរាល់ពេល |
អ្នកគួរតែចៀសវាង៖កងដាក់ក្រោមស្បែក, ថ្នាំចាក់, កងដាក់ក្នុងស្បូន, ការវះកាត់បញ្ឈប់កំណើត | អ្នកគួរតែចៀសវាង៖រួមភេទដោយមិនប្រើស្រោមអនាម័យ |
គេអាចប្រើមធ្យោបាយច្រើនជាងមួយ។ | |
![]() យើងប្រើមធ្យោបាយសម្គាល់ពេលបង្កកំណើត, ហើយក្នុងថ្ងៃបង្កកំណើត យើងប្រើស្រោមអនាម័យដើម្បីបង្ការកុំឲ្យមានផ្ទៃពោះ |
![]() មិត្តស្រីរបស់ខ្ញុំប្រើថ្នាំចាក់ពន្យារកំណើត ហើយយើងប្រើស្រោមអនាម័យដើម្បីបង្ការជំងឺកាមរោគ។ |
ស្រោមអនាម័យ

ស្រោមអនាម័យគឺជាជ័រជាតិឡាតិចស្តើងដែលបុរសពាក់គ្របលើលិង្គរបស់ខ្លួនក្នុងពេលរួមភេទ។ ទឹកកាមរបស់បុរសស្ថិតនៅក្នុងស្រោមអនាម័យ ដូច្នេះមេជីវិតមិនអាចចូលទៅក្នុងទ្វារមាសរួចធ្វើឲ្យស្ត្រីមានផ្ទៃពោះនោះទេ។ ស្រោមអនាម័យមានសុវត្ថិភាព និងគ្មានផលរំខានឡើយ។
ស្រោមអនាម័យក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតផងដែរ ក្នុងការបង្ការពីជំងឺកាមរោគ រួមទាំងមេរោគអេដស៍។ បើទោះជាអ្នកកំពុងប្រើមធ្យោបាយពន្យារកំណើតផ្សេងក៏ដោយ អ្នកក៏អាចប្រើស្រោមអនាម័យបន្ថែមផងដែរ ដើម្បីការពារខ្លួននិងដៃគូរបស់អ្នកពីជំងឺកាមរោគ។

ស្រោមអនាម័យគឺជាមធ្យោបាយពន្យារកំណើតតែមួយគត់ដែលមានប្រសិទ្ធភាពបង្ការទាំងផ្ទៃពោះ និងជំងឺកាមរោគ។ ប៉ុន្តែបុរសត្រូវតែតាំងចិត្តប្រើស្រោមអនាម័យនៅរាល់ពេលរួមភេទ។

ច្របាច់ចុងស្រោម រួចពន្យារវាស្រោបលិង្គដែលកំពុងឡើងរឹង។ ចុងស្រោមអនាម័យជាកន្លែងផ្ទុកទឹកកាមរបស់បុរស។ (បើអ្នកមិនទុកចុងស្រោមទេ វាអាចនឹងបែកធ្លាយ)។ បន្ទាប់ពីចេញទឹកកាមរួច នៅពេលដែលលិង្គនៅរឹងនៅឡើយ ចូរកាន់ទប់កងរបស់ស្រោមអនាម័យ ក្នុងពេលដែលដកលិង្គចេញពីទ្វារមាសរបស់ស្ត្រី។ បន្ទាប់មកដោះស្រោមចេញពីលិង្គ។ (ចោលស្រោមទៅក្នុងធុងសំរាម, កុំចោលវាពាសវាលពាសកាល!)។ ប្រើស្រោមអនាម័យថ្មីនៅរាល់ពេលរួមភេទ។
ស្រោមអនាម័យស្ត្រី

ស្រោមអនាម័យស្ត្រីអាចស៊កទៅក្នុងទ្វារមាសយ៉ាងជាប់ ហើយវាគ្របពីលើបបូរក្រៅនៃយោនីរបស់ស្ត្រី។ វាមានទំហំធំជាងស្រោមអនាម័យបុរស ហើយមិនងាយនឹងបែកធ្លាយទេ។ ស្រោមអនាម័យស្ត្រីការពារពីមេរោគអេដស៍ និងជំងឺកាមរោគផ្សេង។ មិនត្រូវប្រើស្រោមអនាម័យបុរស និងស្រោមអនាម័យស្ត្រីជាមួយគ្នាទេ។
![]() |
![]() |
![]() |
ថ្នាំសម្លាប់មេជីវិត
វាជាថ្នាំពពុះ ថ្នាំគ្រាប់ ក្រែម ចាហួយ ឬបន្ទះស្តើង ដែលរលាយនៅក្នុងទ្វារមាស រួចសម្លាប់មេជីវិត ដើម្បីកុំឲ្យវាទៅបង្កកំណើតជាមួយពងរបស់ស្ត្រី។
ប្រដាប់បាញ់បញ្ចូល | ![]() |
![]() |
![]() |
ថ្នាំសម្លាប់មេជីវិតត្រូវបានដាក់បញ្ចូលទៅក្នុងទ្វារមាសនៅមុនពេលរួមភេទបន្តិច។ នៅពេលប្រើតែឯង វាមិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ ប៉ុន្តែនៅពេលប្រើជាមួយស្រោមអនាម័យ វាផ្តល់ការបង្ការផ្ទៃពោះមួយកម្រិតទៀត។ ថ្នាំសម្លាប់មេជីវិតមិនការពារពីជំងឺកាមរោគ ឬមេរោគអេដស៍ឡើយ។
ថ្នាំគ្រាប់ពន្យារកំណើត
ថ្នាំគ្រាប់ពន្យារកំណើតផ្ទុកជាតិអ័រម៉ូនដែលស្រដៀងគ្នានឹងអ័រម៉ូនធម្មជាតិនៅក្នុងរាងកាយរបស់ស្ត្រីដែរ។ វាបង្ការកុំឲ្យមានផ្ទៃពោះតាមរយៈការបញ្ឈប់អូវែរបស់ស្ត្រីមិនឲ្យបញ្ចេញពង។ ថ្នាំគ្រាប់ពន្យារកំណើតមាន ២ប្រភេទ ៖ ថ្នាំគ្រាប់មានអ័រម៉ូនផ្សំដែលមានជាតិអ័រម៉ូន២ គឺអេស្ត្រូហ្សែន(estrogen) និងប្រូសេស្ទីន(progestin), និងថ្នាំគ្រាប់តូចដែលមានតែអ័រម៉ូនប្រូសេស្ទីនមួយមុខ។ ឈ្មោះពាណិជ្ជកម្មមួយចំនួនមានបង្ហាញនៅក្នុងផ្នែក ថ្នាំលេបពន្យារកំណើត. ។ ថ្នាំគ្រាប់ពន្យារកំណើតមិនការពារពីមេរោគអេដស៍ ឬជំងឺកាមរោគទេ។ ដើម្បីការពារខ្លួន ត្រូវប្រើស្រោមអនាម័យថែមទៀត។
ស្ត្រីខ្លះជ្រើសរើសប្រើថ្នាំគ្រាប់ពន្យារកំណើត ព្រោះវាជួយធ្វើឲ្យរដូវមកទៀង ដូច្នេះពួកគេអាចដឹងច្បាស់ពីពេលដែលមករដូវ។ ថ្នាំគ្រាប់ក៏បន្ថយបរិមាណនៃឈាមរដូវផងដែរ ព្រមទាំងបន្ថយការឈឺចាប់ទៀតផង។
ថ្នាំគ្រាប់ពន្យារកំណើត មិនបណ្តាលឲ្យកើតជំងឺមហារីកនោះទេ។
ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ (ថ្នាំគ្រាប់ដែលមានអ័រម៉ូនអេស្ត្រូហ្សែន និងប្រូសេស្ទីន)

ម៉ាកផ្សេងៗនៃ ថ្នាំគ្រាប់ពន្យារកំណើតដែលមានអ័រម៉ូនផ្សំ មានកម្រិតដូសខុសគ្នានៃជាតិអ័រម៉ូនទាំង២ ។ កម្រិតនៃបន្សំអ័រម៉ូនដែលឃើញមានញឹកញាប់ មានដូចជា progestin ១ មីលីក្រាម (mg) ឬតិចជាងនេះ ជាមួយ estrogen ៣០ឬ៣៥ មីក្រូក្រាម (mcg) ដែលហៅថា ethinyl estradiol, ឬជាមួយ estrogen ៥០ mcg ដែលហៅថា mestranol ។
ថ្នាំគ្រាប់តូច គឺមិនមែនជាថ្នាំគ្រាប់មានអ័រម៉ូនផ្សំនោះទេ។ វា មានតែជាតិអ័រម៉ូនប្រូសេស្ទីនប៉ុណ្ណោះ។
ថ្នាំគ្រាប់ពន្យារកំណើតមានប្រសិទ្ធភាពជាខ្លាំង បើលេបទៀងពេលរៀងរាល់ថ្ងៃ។ វាមានប្រសិទ្ធភាពចំពោះស្ត្រីភាគច្រើន។
របៀបលេបថ្នាំគ្រាប់មានអ័រម៉ូនផ្សំ

ប្រសិនបើអ្នកប្រាកដថាមិនទាន់មានផ្ទៃពោះទេ នោះអ្នកអាចចាប់ផ្តើមលេបថ្នាំពន្យារកំណើតបានគ្រប់ពេល។ ថ្នាំគ្រាប់មិនទាន់បង្ការផ្ទៃពោះភ្លាមនោះទេ លុះត្រាតែលេបវាបានប្រហែលមួយសប្តាហ៍សិន។ ដូច្នេះក្នុងអំឡុង ៧ថ្ងៃដំបូងបន្ទាប់ពីចាប់ផ្តើមលេបថ្នាំគ្រាប់ពន្យារកំណើត ចូរប្រើប្រាស់ស្រោមអនាម័យ ឬចៀសវាងការរួមភេទសិន។
អ្នកត្រូវលេបថ្នាំ ១គ្រាប់រៀងរាល់ថ្ងៃដើម្បីបង្ការកុំឲ្យមានផ្ទៃពោះ បើទោះជាអ្នកមិនរួមភេទនៅថ្ងៃនោះក៏ដោយ។ ព្យាយាមលេបវាឲ្យទៀងពេលរៀងរាល់ថ្ងៃ។ បើអ្នកទុកថ្នាំគ្រាប់នៅកន្លែងដេក នោះវាអាចជួយរំឭកអ្នកឲ្យលេបថ្នាំមួយគ្រាប់រាល់យប់ មុននឹងចូលដេក។ ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ ភាគច្រើនមានជាបន្ទះ ២៨ ឬ២១គ្រាប់។
ផលរំខានដែលអាចកើតមាននៃថ្នាំគ្រាប់មានអ័រម៉ូនផ្សំ
ផលរំខាននៃថ្នាំនេះមិនមានគ្រោះថ្នាក់នោះទេ ប៉ុន្តែវាអាចនឹងគួរឲ្យធុញទ្រាន់។ ជាធម្មតាវានឹងធូរស្រាលឬបាត់ទៅវិញ បន្ទាប់ពីរយៈពេល ៣ខែ។ ជួនកាលអ្នកគួរតែប្តូរទៅប្រើថ្នាំម៉ាកផ្សេងផងដែរ។
អារម្មណ៍ប្រែប្រួលដូចជា កើតទុក្ខព្រួយ ឬមួម៉ៅ | ![]() |
ឈឺក្បាល | ![]() |
ធ្លាក់ឈាមតិចតួចខុសធម្មតានៅចន្លោះវដ្តរដូវម្តងៗ | ![]() |
ដោះឡើងហើមតឹង | ![]() |
ចង្អោរ | ![]() |
ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ អាចត្រូវបានប្រើប្រាស់តាមរបៀប ៣យ៉ាង
ការប្រើប្រាស់ ២៨ថ្ងៃ ៖ លេបថ្នាំដែលមានអ័រម៉ូន រយៈពេល ២១ថ្ងៃ បន្ទាប់មកលេបថ្នាំដែលនៅសល់ (ថ្នាំបន្ថែមនៅក្នុងបន្ទះដែលគ្មានជាតិអ័រម៉ូន) រយៈពេល ៧ថ្ងៃទៀត ឬមិនលេបក៏បាន។ អ្នកនឹងមានធ្លាក់ឈាមរៀងរាល់ខែក្នុងអំឡុងពេល ៧ថ្ងៃនោះ ដូចមករដូវធម្មតាដែរ។
![]() |
![]() |
បើអ្នកមានបន្ទះថ្នាំដែលមាន ២៨គ្រាប់, ចូរលេបវាមួយថ្ងៃមួយគ្រាប់។ ថ្នាំ៧គ្រាប់ចុងក្រោយ គឺជាថ្នាំរំឭកដែលគ្មានជាតិអ័រម៉ូនទេ, គេដាក់វាមកដើម្បីជួយឲ្យអ្នកចងចាំថាត្រូវលេបថ្នាំរាល់ថ្ងៃ។ ថ្នាំ៧គ្រាប់នោះមានពណ៌ផ្សេងពីគេ។ |
![]() |
បើអ្នកមានបន្ទះថ្នាំដែលមាន ២១គ្រាប់ ចូរលេបវាមួយថ្ងៃមួយគ្រាប់ រយៈពេល ២១ថ្ងៃ, អស់មួយបន្ទះ។ បន្ទាប់មកកុំលេបថ្នាំរយៈពេល ៧ថ្ងៃ។ បន្ទាប់មកចាប់ផ្តើមលេបបន្ទះថ្មី។ |
ការប្រើប្រាស់យូរអង្វែង ៖ លេបថ្នាំដែលមានអ័រម៉ូនរយៈពេល ៨៤ថ្ងៃជាប់គ្នា បន្ទាប់មកឈប់លេប ៧ថ្ងៃ។ ជួនកាលថ្នាំមានមកជាបន្ទះចំនួន ៩១គ្រាប់ (៨៤គ្រាប់ដែលមានអ័រម៉ូន និង៧គ្រាប់គ្មានជាតិអ័រម៉ូនដែលជាថ្នាំរំឭក)។ ក្នុងអំឡុង ៧ថ្ងៃនោះ អ្នកនឹងមានធ្លាក់ឈាមធម្មតាដូចមករដូវ ប៉ុន្តែមកតែម្តងគត់រៀងរាល់ ៣ខែ។ ការធ្លាក់ឈាមតិចៗ អាចនឹងកើតឡើង ប៉ុន្តែបាត់ទៅវិញបន្ទាប់ពីពីរបីខែ។
ការប្រើប្រាស់ជាបន្ត ៖ លេបថ្នាំដែលមានអ័រម៉ូន រៀងរាល់ថ្ងៃដោយមិនឈប់។ បើមានការរំខានដោយសារការធ្លាក់ឈាមមិនទៀងទាត់ ចូរឈប់លេបថ្នាំរយៈពេល ៣ឬ៤ថ្ងៃ ដើម្បីឲ្យធ្លាក់ឈាមធម្មតា, បន្ទាប់មកចាប់ផ្តើមលេបថ្នាំឡើងវិញរៀងរាល់ថ្ងៃ។
របៀបលេបថ្នាំទាំងអស់នេះ សុទ្ធតែមានសុវត្ថិភាពចំពោះថ្នាំដែលមានអ័រម៉ូនផ្សំ។ អ្នកដែលប្រើថ្នាំអ័រម៉ូនផ្សំ គួរដឹងថាត្រូវធ្វើដូចម្តេចបើភ្លេចលេបថ្នាំមួយឬច្រើនគ្រាប់៖
ប្រសិនបើអ្នកភ្លេចលេបថ្នាំ ១ឬ២គ្រាប់, ចូរលេបថ្នាំ១គ្រាប់ភ្លាមនៅពេលនឹកឃើញ។ បន្ទាប់មកលេបថ្នាំបន្ទាប់នៅម៉ោងធម្មតា។ អ្នកប្រហែលជាត្រូវលេប ២គ្រាប់នៅថ្ងៃដែលនឹកឃើញនោះ។
ប្រសិនបើអ្នកភ្លេចលេបថ្នាំ ៣គ្រាប់ ៣ថ្ងៃជាប់គ្នា, ចូរលេបថ្នាំ១គ្រាប់ភ្លាមនៅពេលនឹកឃើញ។ បន្ទាប់មកលេបមួយថ្ងៃមួយគ្រាប់នៅម៉ោងធម្មតា។ ប្រើស្រោមអនាម័យរហូតទាល់តែមករដូវ ឬចៀសវាងការរួមភេទរហូតទាល់តែបានលេបថ្នាំចំនួន ៧ថ្ងៃជាប់គ្នា។
ប្រសិនបើរដូវមិនមកតាមពេលរំពឹងទុកទេ ហើយអ្នកបានភ្លេចលេបថ្នាំខ្លះ, ចូរបន្តលេបថ្នាំតាមធម្មតា ប៉ុន្តែត្រូវធ្វើតេស្ត៍រកមើលផ្ទៃពោះ។ បើឃើញថាមានផ្ទៃពោះ ចូរឈប់លេបថ្នាំតទៅទៀត។
ការបញ្ចប់ថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ
អ្នកអាចឈប់លេបថ្នាំបានគ្រប់ពេល។ អ្នកអាចនឹងមានផ្ទៃពោះវិញភ្លាម, ដូច្នេះបើអ្នកចង់ចៀសវាងការមានផ្ទៃពោះ ចូរប្រើស្រោមអនាម័យ ឬមធ្យោបាយណាមួយផ្សេងទៀត។
នរណាដែលមិនគួរប្រើថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ
ស្ត្រីមួយចំនួនមានបញ្ហាសុខភាពដែលធ្វើឲ្យមានគ្រោះថ្នាក់ប្រសិនបើគាត់ប្រើថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ។ មិនត្រូវប្រើថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំទេ បើអ្នកមាន៖
- សម្ពាធឈាមខ្ពស់ធ្ងន់ធ្ងរ (១៦០/១១០ ឬខ្ពស់ជាងនេះ)។ មើលជំពូក ជំងឺបេះដូង (កំពុងផលិត) សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺលើសឈាម។
- ជំងឺទឹកនោមផ្អែមជាង ២០ឆ្នាំមកហើយ។
- អាយុច្រើនជាង ៣៥ឆ្នាំ ហើយជក់បារី។
- ឈឺក្បាលប្រកាំង (ឈឺក្បាលខ្លាំងនិងចង្អោរ) បើរួមទាំងមានភាពស្ពឹក ឬបញ្ហាគំហើញធ្ងន់ធ្ងរ។
- ជំងឺមហារីកដោះ មហារីកថ្លើម ឬមហារីកស្បូន។ មើលជំពូក ជំងឺមហារីក (កំពុងផលិត)។
- ជំងឺថង់ទឹកប្រមាត់។
- ប្រវត្តិដាច់សរសៃឈាមខួរក្បាល (ធ្វើឲ្យខ្វិនអវយវៈ)។
- កំណកឈាមនៅក្នុងសរសៃវ៉ែន (ជាទូទៅបណ្តាលឲ្យមានកម្តៅនិងឈឺចាប់នៅក្នុងជើងម្ខាង)។
- ជំងឺថ្លើម ឬរលាកថ្លើម (កំពុងផលិត).
ស្ត្រីភាគច្រើនដែលមានបញ្ហាសុខភាពទាំងនេះ អាចប្រើប្រាស់ pថ្នាំគ្រាប់តូចដែលមានតែប្រូសេស្ទីន ដោយសុវត្ថិភាព ឬ កងដាក់ក្រោមស្បែកឬថ្នាំចាក់ដែលមានតែប្រូសេស្ទីន ស្ត្រីដែលមានជំងឺមហារីកដោះ ឬមហារីកស្បូន មិនគួរប្រើប្រាស់មធ្យោបាយផែនការគ្រួសារដែលមានជាតិអ័រម៉ូនទេ ហើយគួរប្រើមធ្យោបាយផ្សេងជំនួស។
ថ្នាំពេទ្យដែលប្រតិកម្មជាមួយថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ
ថ្នាំ Rifampicin (ថ្នាំជំងឺរបេង), ritonavir (ថ្នាំមេរោគអេដស៍) និងថ្នាំជំងឺឆ្កួតជ្រូកខ្លះ ធ្វើឲ្យថ្នាំគ្រាប់មានអ័រម៉ូនផ្សំ មិនសូវមានប្រសិទ្ធភាព។ បើអ្នកលេបថ្នាំទាំងនេះ ចូរប្រើមធ្យោបាយផែនការគ្រួសារផ្សេងវិញ។ ស្ត្រីដែលប្រើអាំងស៊ុយលីនសម្រាប់ជំងឺទឹកនោមផ្អែម អាចនឹងត្រូវកែសម្រួលដូសអាំងស៊ុយលីន បន្ទាប់ពីចាប់ផ្តើមប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត។
នរណាដែលគួរពិចារណាប្រើមធ្យោបាយដទៃ
មានបញ្ហាសុខភាពពីរបីមុខផ្សេងទៀតដែលធ្វើឲ្យថ្នាំគ្រាប់មានអ័រម៉ូនផ្សំ ជាជម្រើសមិនល្អ។ ស្ត្រីដែលមានបញ្ហាខាងក្រោមនេះ គួរប្រើមធ្យោបាយផែនការគ្រួសារផ្សេងទៀត ដើម្បីសុវត្ថិភាពប្រសើរ៖
- សម្ពាធឈាមខ្ពស់ (លើស ១៤០/៩០)។ មើលជំពូក ជំងឺបេះដូង (កំពុងផលិត) សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺលើសឈាម។
- បើអ្នកមានអាយុលើស ៣៥ឆ្នាំ ហើយមានជំងឺឈឺក្បាលប្រកាំង (ឈឺក្បាលធ្ងន់ធ្ងរ ព្រមទាំងចង្អោរ)។
បើស្ត្រីដែលមានបញ្ហាសុខភាពទាំងនេះ លេបថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ ចូរតាមដានគាត់ដើម្បីប្រាកដថាបញ្ហារបស់គាត់មិនចុះធ្ងន់ធ្ងរ។ បើគ្មានការប្រែប្រួលទេ នោះគាត់អាចបន្តប្រើថ្នាំគ្រាប់មានអ័រម៉ូនផ្សំបាន។ បើបញ្ហារបស់គាត់កាន់តែចុះធ្ងន់ធ្ងរ គាត់គួរឈប់លេបថ្នាំគ្រាប់ជាបន្ទាន់។
ថ្នាំគ្រាប់តូច (ថ្នាំគ្រាប់ដែលមានតែអ័រម៉ូនប្រូសេស្ទីន)
ថ្នាំគ្រាប់ពន្យារកំណើតប្រភេទនេះ មិនមានអ័រម៉ូនអេស្ត្រូហ្សែនទេ គឺមានតែអ័រម៉ូនប្រូសេស្ទីនប៉ុណ្ណោះ។ វាមានសុវត្ថិភាពសម្រាប់ស្ត្រីភាគច្រើនដែលមិនអាចប្រើថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំបាន ហើយវាមានផលរំខានតិចជាងថ្នាំគ្រាប់អ័រម៉ូនផ្សំផងដែរ។ ថ្នាំគ្រាប់តូចមិនកាត់បន្ថយការផលិតទឹកដោះរបស់ស្ត្រីដែលបំបៅដោះកូននោះទេ។ ស្ត្រីដែលប្រើថ្នាំគ្រាប់តូច អាចនឹងមានរដូវមិនទៀង, មានឈាមតិចក្នុងពេលមករដូវ, ឬមិនមករដូវតែម្តង។
![]() |
គ្រប់ថ្នាំគ្រាប់តូចទាំងអស់ក្នុងមួយបន្ទះ សុទ្ធតែមានបរិមាណអ័រម៉ូនស្មើៗគ្នា។ ចូរលេបមួយគ្រាប់រៀងរាល់ថ្ងៃ។ |
របៀបលេបថ្នាំគ្រាប់តូច
លេបគ្រាប់ទី១ នៅថ្ងៃទី១នៃរដូវដែលមក។ បន្ទាប់មកលេប ១គ្រាប់នៅពេលដដែលរៀងរាល់ថ្ងៃ បើទោះជាមិនមានការរួមភេទក៏ដោយ។ នៅពេលលេបអស់មួយបន្ទះ ចាប់ផ្តើមបន្ទះថ្មីនៅថ្ងៃបន្ទាប់ បើទោះជាអ្នកមិនទាន់មានរដូវក៏ដោយ។ មិនត្រូវរំលងថ្ងៃណាទេ។ គ្រប់ថ្នាំគ្រាប់ទាំងអស់នៅក្នុងបន្ទះ សុទ្ធតែមានអ័រម៉ូនប្រូសេស្ទីនស្មើៗគ្នា។
បើអ្នកលេបថ្នាំគ្រាប់តូច យឺតតែពីរបីម៉ោង ឬបើអ្នកភ្លេចលេបថ្នាំមួយថ្ងៃ នោះអ្នកអាចនឹងមានផ្ទៃពោះបាន។ បើអ្នកភ្លេចលេបថ្នាំមួយគ្រាប់ ចូរលេបវាជាបន្ទាន់នៅពេលនឹកឃើញ។ បន្ទាប់មកលេបគ្រាប់បន្ទាប់នៅម៉ោងធម្មតា បើទោះជាត្រូវលេប ២គ្រាប់ក្នុងថ្ងៃនោះក៏ដោយ។ ប្រើស្រោមអនាម័យ ឬមិនរួមភេទរយៈពេល ៧ថ្ងៃ។ អ្នកអាចនឹងធ្លាក់ឈាមបន្តិចបន្តួច ប្រសិនបើភ្លេចលេបថ្នាំគ្រាប់តូច ឬលេបវាយឺត។
ផលរំខាននៃថ្នាំគ្រាប់តូចដែលអាចកើតមាន
ផលរំខានញឹកញាប់បំផុតនៃថ្នាំគ្រាប់តូចដែលមានតែប្រូសេស្ទីន គឺបម្រែបម្រួលនៃការមកឈាមរដូវ។ អ្នកអាចនឹងមានធ្លាក់ឈាមក្នុងអំឡុងពេលដែលអ្នកគិតថាវានឹងមិនមកទេ។ រដូវរបស់អ្នកអាចនឹងបាត់ទាំងស្រុង។ នេះមិនមែនគ្រោះថ្នាក់ទេ។ ផលរំខានដទៃទៀតដែលអាចកើតមាន មានដូចជាការឡើងទម្ងន់ ឈឺក្បាល និងឡើងមុន។
ថ្នាំពេទ្យដែលប្រតិកម្មជាមួយថ្នាំគ្រាប់តូច
ថ្នាំ Rifampicin (ថ្នាំជំងឺរបេង), ritonavir (ថ្នាំមេរោគអេដស៍) និងថ្នាំជំងឺឆ្កួតជ្រូកខ្លះ ធ្វើឲ្យថ្នាំគ្រាប់ពន្យារកំណើត មិនសូវមានប្រសិទ្ធភាព។ បើអ្នកលេបថ្នាំទាំងនេះ ចូរប្រើមធ្យោបាយផែនការគ្រួសារផ្សេងវិញ។ ស្ត្រីដែលប្រើអាំងស៊ុយលីនសម្រាប់ជំងឺទឹកនោមផ្អែម អាចនឹងត្រូវកែសម្រួលដូសអាំងស៊ុយលីន បន្ទាប់ពីចាប់ផ្តើមប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត។
ការបញ្ចប់ថ្នាំគ្រាប់តូច
ប្រសិនបើអ្នកចង់មានផ្ទៃពោះ ឬចង់ផ្លាស់ប្តូរមធ្យោបាយពន្យារកំណើត អ្នកអាចឈប់លេបថ្នាំគ្រាប់តូចនៅគ្រប់ពេល។ អ្នកអាចនឹងមានផ្ទៃពោះភ្លាមៗនៅពេលឈប់លេប ដូច្នេះបើអ្នកចង់ចៀសវាងការមានផ្ទៃពោះ ចូរចាប់ផ្តើមប្រើមធ្យោបាយពន្យារកំណើតមួយទៀតជាបន្ទាន់។