Hesperian Health Guides

របួស និងគ្រោះថ្នាក់

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

កុមារមានរបួសនិងគ្រោះថ្នាក់ញឹកញាប់ជាងមនុស្សធំ ហើយភាគច្រើនការព្យាបាលរបួសនិងគ្រោះថ្នាក់របស់កុមារ គឺដូចគ្នានឹងរបស់មនុស្សធំដែរ។ រកមើលរបួសជាក់លាក់នៅក្នុងជំពូក ការសង្គ្រោះបឋម (កំពុងផលិត)

របួសញឹកញាប់បំផុតរបស់កុមារ ច្រើនតែអាចបង្ការជាមុនបាន។

ការស្លាក់

ការស្លាក់គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់កុមារអាយុក្រោម ២ឆ្នាំ។ បើកុមារកំពុងក្អកឬមានសំឡេង ចូរមើលកុមារយ៉ាងដិតដល់រហូតគាត់ក្អកធ្លាក់វត្ថុនោះចេញក្រៅ។ បើកុមារមិនអាចក្អកឬគ្មានសំឡេង ចូរផ្តល់ ការទះខ្នងនិងរុញសង្កត់ទ្រូង ជាបន្ទាន់, ឬបើកុមារមានអាយុលើស ១ឆ្នាំ ចូរផ្តល់ ការទះខ្នងនិងរុញសង្កត់ពោះ (កំពុងផលិត) ដើម្បីបង្ខំឲ្យវត្ថុនោះចេញមកក្រៅ។

មូលហេតុញឹកញាប់បំផុតនៃការស្លាក់របស់កុមារតូចៗ គឺជាដុំអាហាររឹង។ ចៀសវាងផ្តល់ស្ករគ្រាប់រឹង សណ្តែករឹង គ្រាប់ធញ្ញជាតិធំ សាច់មួយដុំ ឬបន្លែឆៅជាដុំ។ អាហារដែលមានសុវត្ថិភាពបំផុតសម្រាប់កុមារតូចៗ គឺជាអាហារដែលឆ្អិនល្អ រួចកិន ឬកាត់ជាបំណែកតូច។

ទារកលូកដៃចាប់គ្រាប់ឃ្លីតូច
ប្រដាប់លេងតូចៗ គ្រាប់ឃ្លី កាក់ និងប៉ឺតប៉ោងគឺជាមូលហេតុញឹកញាប់នៃការស្លាក់របស់កុមារ ហើយគួរតែដាក់របស់ទាំងនេះនៅឲ្យឆ្ងាយពីកុមារតូច។

ការពុល

ថ្នាំពុល, រាប់ទាំងថ្នាំសម្លាប់សត្វល្អិត និងផលិតផលសម្អាតផ្ទះ, គួរត្រូវបានទុកដាក់នៅលើធ្នើរខ្ពស់ៗ ឬក្នុងទូរចាក់សោរដែលកុមារមិនអាចឈោងចាប់បាន។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបព្យាបាលប្រភេទផ្សេងៗនៃការពុល សូមមើល តារាងថ្នាំពុល (កំពុងផលិត)

ប្រដាប់ជូតផ្ទះ និងធុង
ក្មេងអាយុ១ឆ្នាំអាចជាប់នៅក្នុងធុងទឹករួចលង់តែម្តង។

ការលង់ទឹក

កុមារអាចលង់ក្នុងទឹកស្រះ ប្រឡាយ ឬសូម្បីតែទឹកក្នុងធុង។ គួររំពៃមើលកុមារជាប់ជានិច្ចនៅពេលស្ថិតនៅក្បែរទឹក។ កុមារធំៗ ជាពិសេសកុមារា ច្រើនតែលង់ទឹកដោយសារកង្វះការប្រុងប្រយ័ត្ននៅពេលហែលទឹករាក់ឬទឹកជ្រៅ។ ត្រូវប្រាកដថាផ្លូវនៅក្បែរទឹក និងស្ពានទាំងឡាយ មានសុវត្ថិភាពសម្រាប់កុមារ ហើយការបង្រៀនកុមារឲ្យចេះហែលទឹក គឺជាវិធីមួយដ៏សំខាន់ដើម្បីរក្សាសុវត្ថិភាពរបស់សហគមន៍។

ការរលាក

យើងអាចបង្ការការរលាកបានដោយនាំកុមារចេញឲ្យឆ្ងាយពីចង្ក្រាន ឆ្នាំងកំសៀវក្តៅ រងើកភ្លើង និងអំពូលភ្លើង។ ប៉ុន្តែនៅពេលមានការរលាកកើតឡើង កត្តាសំខាន់គឺត្រូវ ព្យាបាលកុមារយ៉ាងឆាប់រហ័ស (កំពុងផលិត), ទាំងសម្រាប់បន្ថយការឈឺចាប់ និងបង្ការការឆ្លងរោគដែលអាចមានស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីរលាក។ ការរលាកធ្ងន់ធ្ងរ (កំពុងផលិត) ខ្លះមិនឈឺចាប់ខ្លាំងទេដោយសារតែសរសៃប្រសាទក្រោមស្បែកត្រូវបានខូចខាត។ ទោះបីជាគ្មានការឈឺចាប់ក៏ដោយ ក៏គួរតែព្យាបាលដែរ។

គ្រោះថ្នាក់យានជំនិះ

មនុស្សធំ២នាក់ និងកុមារ២នាក់ ពាក់មួកសុវត្ថិភាព ជិះម៉ូតូ
ការពារក្បាលកូនរបស់អ្នកដោយឲ្យពាក់មួកសុវត្ថិភាព។ ហើយអ្នកក៏ត្រូវពាក់មួកសុវត្ថិភាពដែរ ដើម្បីផ្តល់ការការពារដល់កុមារ។

មួកសុវត្ថិភាពនិងខ្សែក្រវាត់អាចបង្ការរបួសនិងការស្លាប់ដោយសារគ្រោះថ្នាក់ម៉ូតូ កង់ និងរថយន្ត។ ការរៀបចំផ្លូវដើម្បីឲ្យមានសុវត្ថិភាពសម្រាប់អ្នកថ្មើរជើងនិងអ្នកជិះកង់ ក៏អាចបង្ការរបួសនិងការស្លាប់បានយ៉ាងច្រើនថែមទៀត។

ហិង្សា

ហិង្សានិងការបំពានលើកុមារ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរនិងកើតឡើងជាញឹកញាប់ ហើយវាអាចបង្កការប៉ះពាល់យូរអង្វែងដល់កុមារ គឺមិនត្រឹមតែលើរាងកាយប៉ុណ្ណោះទេ តែថែមទាំងផ្លូវចិត្តទៀតផង។ ការរក្សាសុវត្ថិភាពដល់កុមារពីការបំពានផ្សេងៗ គឺជាការទទួលខុសត្រូវរបស់មនុស្សធំគ្រប់ៗគ្នា។ ដើម្បីស្វែងយល់ពីរបៀបសម្គាល់សញ្ញានៃការបំពាន និងពីព័ត៌មានបន្ថែមក្នុងប្រធានបទដ៏ស្មុគស្មាញនេះ សូមមើលជំពូក ហិង្សា (កំពុងផលិត)

ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ៣០ មករា ២០១៨