Hesperian Health Guides
ថ្នាំសម្រាប់ជំងឺសិរមាន់
Podofilox
Podofilox មានជាទម្រង់ថ្នាំទឹក សម្រាប់ព្យាបាលសិរមាន់នៅជុំវិញប្រដាប់ភេទ និងទម្រង់ជាចាហួយសម្រាប់ព្យាបាលសិរមាន់នៅជុំវិញរន្ធគូថឬប្រដាប់ភេទ។ កុំច្រឡំវាជាមួយនឹងថ្នាំ podophyllin ដែលប្រើសម្រាប់ព្យាបាលជំងឺសិរមាន់ដែរ ប៉ុន្តែមានគ្រោះថ្នាក់ជាង ប្រសិនបើប្រើមិនត្រឹមត្រូវ។ Podofilox មានសុវត្ថិភាពជាង។ បុគ្គលិកសុខាភិបាលអាចលាបវាជាលើកដំបូងនៅក្នុងគ្លីនិក ដើម្បីបង្ហាញពីរបៀបប្រើវា។
អ្នកជំងឺប្រហែលជាត្រូវការជំនួយក្នុងការប្រើប្រាស់ថ្នាំ podofilox ប្រសិនបើសិរមាន់ពិបាកនឹងមើលឃើញ ឬដៃលាបមិនដល់។ លាបថ្នាំទឹកដោយប្រើដុំសំឡី ឬលាបចាហួយដោយប្រើម្រាមដៃ។ លាងសម្អាតដៃបន្ទាប់ពីប្រើប្រាស់។ រង់ចាំឲ្យថ្នាំស្ងួត មុននឹងស្លៀកពាក់វិញ។

Podofilox អាចធ្វើឲ្យរមាស់ស្បែក ធ្វើឲ្យស្បែកស្តើង ប្រេះ និងហូរឈាម។

សូមកុំប្រើថ្នាំនេះប្រសិនបើអ្នកមានផ្ទៃពោះ ឬបំបៅដោះកូន។
ប្រសិនបើរមាស់ស្បែកខ្លាំង ចូរកុំប្រើវាទៀត។


Trichloroacetic acid និង bichloroacetic acid
Trichloroacetic acid ឬ bichloroacetic acid គឺជាជាតិអាស៊ីដដែលលាបពីលើសិរមាន់ ដើម្បីឲ្យវារួញ។ បុគ្គលិកសុខាភិបាលដែលមានបទពិសោធន៍ អាចលាបវាបានដោយមិនឲ្យរលាកធ្ងន់ធ្ងរ។

Trichloroacetic acid និង bichloracetic acid ធ្វើឲ្យស្បែកធម្មតាឈឺចាប់ឬខូច នៅពេលប៉ះនឹងស្បែក។

ចូរប្រើដោយប្រុងប្រយ័ត្ន។ វានឹងរលាក ហើយអាចធ្វើឲ្យមានស្នាម។

វាមានជាទម្រង់ថ្នាំទឹក ក្នុងកម្លាំង 10% ទៅ 35% ។

វានឹងធ្វើឲ្យឈឺចាប់ប្រមាណ ១៥ ទៅ ៣០នាទី។ ប្រសិនបើវាប៉ះនឹងស្បែកធម្មតា ត្រូវលាងវាភ្លាមជាមួយទឹកនិងសាប៊ូ។
ប្រសិនបើការព្យាបាលមានប្រសិទ្ធភាព នោះនឹងមានដំបៅលេចឡើងត្រង់កន្លែងដែលធ្លាប់មានសិរមាន់។ បញ្ឈប់ការព្យាបាល។ បើមានការរលាកច្រើនពេក ត្រូវរង់ចាំយូរបន្តិច មុននឹងបន្តការព្យាបាលបន្ទាប់។ ដំបៅគួរសះក្នុងអំឡុង ១ ឬ ២សប្តាហ៍។ រក្សាភាពស្អាតនិងស្ងួតដល់ដំបៅ និងសង្កេតរកមើលការបង្ករោគ។