Hesperian Health Guides

ជំងឺកាមរោគ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

ស្ត្រីម្នាក់និយាយជាមួយស្ត្រីមួយក្រុម ហើយកាន់ផ្ទាំងរូបភាពអំពីការរួមភេទប្រកបដោយសុវត្ថិភាព
យើងពិបាកនឹងនិយាយពីវាណាស់!
ថ្ងៃនេះយើងនឹងចែករំលែកនូវមតិយោបល់អំពីការធ្វើឱ្យវាកាន់តែងាយស្រួល។
វាពិបាកណាស់ក្នុងការនិយាយអំពីការរួមភេទ! ការជួយឲ្យប្រជាជនការពារខ្លួន, ទទួលការធ្វើតេស្ត, និងស្វែងរកការព្យាបាល នឹងបញ្ឈប់ការឆ្លងរាលដាលជំងឺកាមរោគ។

កាមរោគ គឺជាជំងឺឆ្លងដែលបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងពេលរួមភេទ។

ការរួមភេទជាច្រើនរបៀប អាចចម្លងជំងឺកាមរោគ។ វាអាចជាការរួមភេទតាមលិង្គទៅទ្វារមាស តាមលិង្គទៅរន្ធគូថ ឬតាមមាត់ (មាត់ទៅលិង្គ មាត់ទៅទ្វារមាស)។ ជួនកាលជំងឺកាមរោគក៏អាចឆ្លងគ្រាន់តែការត្រដុសលិង្គឬទ្វារមាសដែលមានមេរោគ ទៅនឹងប្រដាប់ភេទរបស់មនុស្សម្នាក់ទៀត។

រោគសញ្ញាបង្កឡើងដោយជំងឺកាមរោគ មានដូចជា ឈឺចាប់ក្នុងពេលរួមភេទ, ធ្លាក់សឬខ្ទុះខុសធម្មតាពីទ្វារមាស លិង្គ ឬរន្ធគូថ, ដុំ ដំបៅ ឬពងបែកនៅលើប្រដាប់ភេទ។

ជាញឹកញាប់ មនុស្សម្នាក់មានជំងឺកាមរោគ តែគ្មានរោគសញ្ញាអ្វីទាំងអស់។ បើទោះជាគ្មានរោគសញ្ញាអ្វីក៏ដោយ ជំងឺកាមរោគនៅតែអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។ ការធ្វើតេស្ត៍ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីរកឱ្យឃើញថាមនុស្សម្នាក់មានជំងឺកាមរោគដែរឬទេ រួចស្វែងរកការព្យាបាលដ៏ត្រឹមត្រូវដើម្បីឲ្យជាសះស្បើយ។ នៅកន្លែងដែលមិនអាចរកការធ្វើតេស្ត៍បាន វានៅតែជាការសំខាន់ដែលត្រូវព្យាបាលជំងឺភ្លាមៗ។ សូមជួយមនុស្សដែលអ្នកបានរួមភេទជាមួយ ឲ្យទទួលបានការធ្វើតេស្ត៍និងព្យាបាលផងដែរ។ ប្រសិនបើអ្នកទាំងពីរមិនបានទទួលការព្យាបាលទេ នោះអ្នកនឹងឆ្លងរោគម្តងទៀត ហើយឆ្លងទៅមនុស្សផ្សេងទៀត។

ជំងឺកាមរោគភាគច្រើនត្រូវបានព្យាបាលជាសះស្បើយ បន្ទាប់ពីការប្រើថ្នាំអង់ទីប៊ីយោទិក។ ជំងឺកាមរោគផ្សេងទៀតមិនបាត់ទៅវិញទេ ប៉ុន្តែអាចគ្រប់គ្រងបានដោយប្រើថ្នាំពេទ្យ។ ក៏មានការព្យាបាលដើម្បីកាត់បន្ថយភាពឈឺចាប់ផងដែរ និងជួយសម្រាលភាពលំបាកនៅពេលដែលថ្នាំនេះចាប់ផ្តើមមានប្រសិទ្ធភាព (សូមមើលពី របៀបធ្វើឲ្យមានអារម្មណ៍ធូរស្រាល ក្នុងពេលដែលអ្នកជាសះពីជំងឺកាមរោគ

ការមិនរួមភេទ ឬការប្រាកដថាដៃគូផ្លូវភេទរបស់អ្នក មិនមានជំងឺកាមរោគ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្ការជំងឺកាមរោគ។ ដោយសារតែលក្ខខណ្ឌបែបនេះ វាមិនអាចកើតឡើងជាដរាបនោះទេ ដូច្នេះ ការបង្ការជំងឺពីការរួមភេទ ដោយប្រើស្រោមអនាម័យគ្រប់ពេល គឺជាមធ្យោបាយមួយទៀតដើម្បីកាត់បន្ថយឱកាសឆ្លងជំងឺកាមរោគ។ បុគ្គលិកសុខាភិបាលអាចដើរតួនាទីយ៉ាងសំខាន់ តាមរយៈការប្រាស្រ័យទាក់ទងជាមួយអ្នកដែលមានជំងឺកាមរោគ ដោយមិនរើសអើង និងប្រកបដោយភាពថ្លៃថ្នូ។

NWTND sti Page 2-1.png

ហេតុអ្វីជំងឺកាមរោគគឺជាបញ្ហាធ្ងន់ធ្ងរ

ដោយសារតែការរួមភេទគឺជារឿងដែលកើតឡើងជាទូទៅ ដូច្នេះជំងឺកាមរោគក៏កើតឡើងជាញឹកញាប់ផងដែរ។ នៅពេលដែលជំងឺកាមរោគមិនត្រូវបានព្យាបាលទេ វាអាចបង្កគ្រោះថ្នាក់ដល់ស្ត្រី បុរស និងកុមារ។ ជំងឺកាមរោគអាចបណ្តាលឱ្យ៖

  • មានភាពអារទាំងលើបុរស និងស្ត្រី។
  • ទារកកើតមិនគ្រប់ខែ កើតមកតូចពេក ងងឹតភ្នែក ឈឺ ឬស្លាប់។
  • ស្លាប់ដោយសារការបង្ករោគធ្ងន់ធ្ងរ។
  • ឈឺចាប់យូរអង្វែង។
  • មហារីកមាត់ស្បូន ឬបំពង់ក ឬរន្ធគូថ។
  • ហានិភ័យកើនឡើងចំពោះការឆ្លងជំងឺកាមរោគផ្សេងទៀត រួមទាំងមេរោគអេដស៍។

របៀបដែលជំងឺកាមរោគ ឆ្លងទៅដៃគូតាមរយៈការរួមភេទ

ស្ត្រីម្នាក់អានស្លាកសញ្ញាអំពីការធ្វើតេស្ត៍រកជំងឺកាមរោគដោយឥតគិតថ្លៃ

ទាំងបុរសនិងស្ត្រី សុទ្ធតែអាចឆ្លងជំងឺកាមរោគ។ ប៉ុន្តែអ្នកដែលទទួល, ដូចជាត្រូវបានលិង្គស៊កចូលក្នុងទ្វារមាស ឬរន្ធគូថ, មានគ្រោះថ្នាក់ជាង។ បើគ្មានស្រោមអនាម័យទេ ទឹកកាមដែលប្រហែលជាផ្ទុកមេរោគ ស្ថិតនៅក្នុងទ្វារមាស រន្ធគូថ ឬមាត់។ ការស៊កលិង្គចូលអាចត្រកួតនិងធ្វើឲ្យរលាត់ស្បែកនៅក្នុងទ្វារមាសឬរន្ធគូថ ដែលបង្កើនឱកាសនៃការឆ្លងមេរោគចូលទៅក្នុងខ្លួន។ បែបនេះអាចកើតឡើង បើទោះជាអ្នកនោះមិនមានអារម្មណ៍ថាមានដំបៅនៅក្នុងទ្វារមាសឬរន្ធគូថក៏ដោយ។ ដំបៅ ឬរមាស់ នៅផ្នែកខាងក្រៅនៃប្រដាប់ភេទ ក៏អាចចម្លងជំងឺកាមរោគ រួមទាំងមេរោគអេដស៍ កាន់តែងាយស្រួលផងដែរ ។

គួរធ្វើដូចម្តេចប្រសិនបើអ្នកប្រហែលជាមានជំងឺកាមរោគ

  • ធ្វើតេស្ត៍ ប្រសិនបើអាចស្វែងរកបាន
  • ទទួលយកការព្យាបាលជាបន្ទាន់ ដោយមិនត្រូវចាំទាល់តែឈឺធ្ងន់នោះទេ
  • ជួយដៃគូរបស់អ្នកឲ្យទទួលបានការព្យាបាលក្នុងពេលជាមួយគ្នា។ តាមវិធីនេះ អ្នកនឹងមិនឆ្លងមេរោគទៀតទេ ប្រសិនបើអ្នករួមភេទជាមួយគ្នា។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២០ មីនា ២០២៤