Hesperian Health Guides

ការបង្ការសំណឹកដី

នៅក្នុងជំពូកនេ:

ការបាត់បង់ដី ឬហៅថាសំណឹកដី គឺបង្កឡើងដោយសារខ្យល់និងទឹកដែលហូរនាំដីទៅជាមួយ។ ការការពារដីពីសំណឹក ជាពិសេសនៅជាយភ្នំចោតៗ ធ្វើឲ្យដីកាន់តែមានសមត្ថភាពក្នុងការដាំដំណាំ, ការពារប្រភពទឹកនៅជើងភ្នំ, និងបង្ការការបាក់ដី។ កសិករអនុវត្តតាមគោលការណ៍បីយ៉ាងដើម្បីបង្ការសំណឹកដី និងទឹកហូរហៀរលើដី:

  1. ១. ពន្យឺតលំហូរទឹក តាមរយៈការបង្កើតរបាំងធម្មជាតិពីលើទីជម្រាលមកដល់ក្រោម។
  2. ២. បំបែកផ្លូវទឹក តាមរយៈការជីកព្រែកដើម្បីបំបែកទឹក ឬបង្ហូរទឹកទៅទីណាមួយ។
  3. ៣. ធ្វើឲ្យទឹកជ្រាបចូលដី តាមរយៈការកែលម្អគុណភាពដីដើម្បីឲ្យទឹកច្រោះទៅក្នុងដី។


ជួនកាលយើងពិបាកនឹងសម្គាល់សញ្ញានៃសំណឹកដីណាស់។ សញ្ញានេះរួមមាន ដំណាំដែលផលិតមិនបានច្រើនដូចកាលពីមុន, ទន្លេដែលមានភក់ច្រើនជាងកាលពីមុន(ជាពិសេសក្រោយពេលមានព្យុះ), និងស្រទាប់ដីស្តើង។

Illustration of the below:2 men stand beside 2 gullies through a field: 1 narrow, 1 wide.
សំណឹកដីទើបតែបង្កើតជាស្នាមភ្លោះតូចមួយប៉ុណ្ណោះ.. ...ប៉ុន្តែមិនយូរប៉ុន្មានស្នាមភ្លោះនឹងក្លាយជាបែបនេះ។

នៅកន្លែងដែលសំណឹកដីមិនទាន់កើតឡើង យើងអាចបង្ការវាបានដោយការដាំដើមឈើឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន និងដោយការបង្វែរទឹកហូរហៀរលើដីឲ្យទៅក្នុងប្រឡាយ, ត្រពាំង, និងផ្លូវទឹកធម្មជាតិ។ នៅកន្លែងដែលសំណឹកដីមានសភាពធ្ងន់ធ្ងររួចហើយ ក៏យើងនៅតែអាចបញ្ឈប់វា និងកែប្រែដីឡើងវិញដែរ។ សូម្បីតែការរៀបឥដ្ឋជាជួរ ឬសង់ជញ្ជាំងថ្មទាបៗនៅលើចំណោតដី ក៏អាចបង្ការដីមិនឲ្យហូរដាច់ទៅក្រោមដែរ ថែមទាំងបង្កើតកន្លែងមានជីជាតិសម្រាប់ដើមឈើនិងរុក្ខជាតិផងដែរ។ មធ្យោបាយកសិកម្មដែលមានស្ថិរភាព, ដូចជាជីបៃតង ចម្ការវិលជុំ កាកសំណល់រុក្ខជាតិ និងការដាំដើមឈើស្របជាមួយដំណាំ, ក៏ជាមធ្យោបាយការពារដី និងថែរក្សាប្រភពទឹកផងដែរ។

បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល រៀនសូត្រពីកសិករ

A woman talks with a farmer in a stony field.

នៅស្រុកហ្កាល់បាហ្កា ខេត្តខាណាតាកា នៃប្រទេសឥណ្ឌា មានអង្គការមិនមែនរដ្ឋាភិបាលមួយដែលធ្វើការ ជាមួយកសិករដើម្បីបង្ការសំណឹកដីក្នុងស្រែចម្ការរបស់ពួកគេ។ កសិករសង់ជញ្ជាំងថ្មតាមរបៀបបុរាណដើម្បីទប់ដី ប៉ុន្តែមានប្រហោងមួយសម្រាប់ឲ្យទឹកហូរកាត់ គេធ្វើបែបនេះសូម្បីតែក្នុងរដូវខ្យល់មូសុង។

បុគ្គលិកអង្គការសង្កេតឃើញថា ជញ្ជាំងថ្មរបស់កសិករធ្វើឲ្យបាត់បង់ស្រទាប់ដីខ្លះទៅចម្ការខាងក្រោម។ ហើយនៅពេលរៀបជញ្ជាំងថ្មខ្ពស់នៅតាមគែមចម្ការខាងក្រោម ក៏មានធ្លាក់ដុំថ្មខ្លះ ហើយកសិករត្រូវរើសវារៀបឡើងវិញ។ បុគ្គលិកអង្គការស្នើសុំឲ្យសង់ជញ្ជាំងថ្មណែនដែលនឹងមិនឲ្យបាត់បង់ដីសោះតែម្តង និងមិនចាំបាច់ជួសជុលជាប្រចាំដូច្នេះដែរ។

កសិករនិយាយថាពួកគេមិនជំទាស់នឹងការសង់ជញ្ជាំងថ្មថ្មីទេ។ ប៉ុន្តែបុគ្គលិកអង្គការមិនយល់ពីសម្តីនេះ។ ជញ្ជាំងថ្មរបស់កសិករត្រូវការកម្លាំងច្រើនក្នុងការសាងសង់ ហើយវាធ្វើឲ្យបាត់បង់ស្រទាប់ដីខ្លះ ដែលមិនអាចការពារសំណឹកដីបានទាំងស្រុងទេ។ ពួកគេស្នើឲ្យធ្វើពិសោធន៍។ នៅស្រែចម្ការខ្លះ ពួកគេសាងសង់ជញ្ជាំងថ្មណែនថ្មី។ នៅស្រែចម្ការខ្លះទៀតពួកគេសាងសង់ជញ្ជាំងតាមបែបបុរាណ។

នៅពេលចប់រដូវកាល កសិករនិងបុគ្គលិកអង្គការបានជួបជុំគ្នាដើម្បីប្រៀបធ្រៀបលទ្ធផល។ កសិករជាច្រើនដែលមានស្រែចម្ការនៅខាងក្រោមជញ្ជាំងថ្មណែនថ្មី មិនសប្បាយចិត្តទេ។ គោក្របីឆ្លងកាត់ជញ្ជាំងទាបៗនេះទៅក្នុងស្រែចម្ការរបស់ពួកគេ ហើយក្រោយរដូវខ្យល់មូសុង កសិករទាំងនេះមានស្រទាប់ដីថ្មីៗតិចតួច និងទឹកតិចតួចសម្រាប់ស្រែរបស់ពួកគេ គឺមិនដូចកាលពីមុនទេ។

បញ្ហានេះបាននាំឲ្យមានជម្លោះរវាងម្ចាស់ដីខាងក្រោម និងម្ចាស់ដីខាងលើ។ បទពិសោធន៍នេះបង្ហាញថា ជញ្ជាំងបែបបុរាណរបស់កសិករមានប្រសិទ្ធភាពជាងជញ្ជាំង"កែលម្អ"របស់បុគ្គលិកអង្គការ។ កសិករប្រាប់បុគ្គលិកអង្គការថា ជញ្ជាំងថ្មណែននេះបង្កបញ្ហាជាច្រើន។ តាមរយៈបទពិសោធន៍នេះ បុគ្គលិកអង្គការបានស្វែងយល់ថា ជញ្ជាំងបែបបុរាណរបស់កសិករមិនត្រឹមតែបង្ការសំណឹកដីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ការមិនឲ្យសត្វគោក្របីឆ្លងចូលស្រែចម្ការផងដែរ។ ការអនុញ្ញាតឲ្យដីនិងទឹកខ្លះហូរឆ្លងកាត់ជញ្ជាំង រក្សាទំនាក់ទំនងល្អរវាងកសិករនិងអ្នកជិតខាងរបស់ខ្លួន ដែលចំណុចនេះសំខាន់ជាងការពារតិចតួច(លើកថ្មតម្រៀបឡើងវិញ)ទៅទៀត!