Hesperian Health Guides

ការកែប្រែដីដែលខូចខាតឡើងវិញ

នៅក្នុងជំពូកនេ:

ជួនកាលដីត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដែលមើលទៅដូចជាមិនអាចកែប្រែឲ្យមានស្ថានភាពល្អឡើងវិញទេ។ នៅកន្លែងដែលដីល្អបានប្រែក្លាយជាខ្សាច់ ឬសារធាតុគីមីនៅក្នុងដីធ្វើឲ្យមិនអាចដាំដើមឈើបាន, ដីទាំងនេះអាចត្រូវការពេលរាប់រយឆ្នាំដើម្បីមានស្ថានភាពល្អវិញ។ ប៉ុន្តែនៅកន្លែងជាច្រើន, ដោយការធ្វើការងារយ៉ាងប្រុងប្រយ័ត្ន និងការយល់អំពីរបៀបដែលផែនដីកែប្រែគុណភាពដីដោយខ្លួនឯង, យើងអាចជួយដីឲ្យកែប្រែគុណភាពរបស់វាបាន។

គ្មានអ្នកណាម្នាក់អាចបង្ខំដីឲ្យមានផលិតភាពឡើងវិញទេ។ សូម្បីតែជីគីមីក៏មានប្រសិទ្ធភាពតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់មកដីនឹងលែងមានផលិតភាពហើយ។ ប៉ុន្តែប្រសិនបើយើងចាប់អារម្មណ៍ទៅលើវដ្តធម្មជាតិវិញ នោះយើងអាចជួយបង្កើតលក្ខខណ្ឌនានាដែលដីត្រូវការដើម្បីកែប្រែខ្លួនវាឡើងវិញឲ្យមានសុខភាពល្អនិងមានជីជាតិ។

ការលូតលាស់ឡើងវិញតាមធម្មជាតិ

ជួនកាលវិធីល្អបំផុតក្នុងការកែប្រែដី គឺត្រូវទុកវាចោល ឬជួយវាឲ្យស្ថាបនាឡើងវិញតាមវិធីតូចតាច។ ការធ្វើរបងព័ទ្ធជុំវិញដី ឬបទស្លាកសញ្ញាហាមមិនឲ្យមនុស្សចូល ឬកាត់បន្ថយចំនួនសត្វដែលស៊ីស្មៅលើដីនោះ អាចចូលរួមជួយដីឲ្យស្ថាបនាឡើងវិញ។ នៅពេលដីត្រូវបានការពារមិនឲ្យប្រើប្រាស់ ហើយមានលក្ខខណ្ឌត្រឹមត្រូវសម្រាប់ឲ្យជីវិតត្រឡប់មកវិញ នោះរុក្ខជាតិនឹងចាប់ផ្តើមដុះឡើងវិញតាមលំដាប់លំដោយធម្មជាតិ ដែលហៅថា "ការលូតលាស់ឡើងវិញតាមធម្មជាតិ"។ ដំណើរការនេះអាចត្រូវការពេលជាច្រើនឆ្នាំ ឬអាចជាច្រើនជំនាន់ទៀតផង។

A tall tree.

ការលូតលាស់ឡើងវិញតាមធម្មជាតិ នឹងមិនអាចកែប្រែដីឡើងវិញទេនៅពេលដែល ៈ

  • គ្មានប្រភពគ្រាប់ពូជឬរុក្ខជាតិក្នុងតំបន់នៅក្បែរដីនោះទេ។
  • រុក្ខជាតិដែលលូតលាស់ឆាប់រហ័ស បានដុះស៊ុបទ្រុបលើរុក្ខជាតិដែលត្រូវការ។
  • ដីបានបំផ្លាញនិងបំពុលខ្លាំងពេកដែលគ្មានរុក្ខជាតិអ្វីអាចដុះឡើងវិញបាន។ (សម្រាប់សាច់រឿងអំពីការកែប្រែដីបន្ទាប់ពីកំពប់ប្រេង សូមមើលវិធីសាស្ត្រថ្មីក្នុងការសម្អាតប្រេងកំពប់)។

រុក្ខជាតិនិងដើមឈើក្នុងតំបន់ និងក្រៅតំបន់

រុក្ខជាតិក្នុងតំបន់ អាចលូតលាស់យ៉ាងងាយស្រួលក្នុងលក្ខខណ្ឌក្នុងតំបន់។ វាក៏រក្សាជីវចម្រុះផងដែរ តាមរយៈការទាក់ទាញ និងផ្តល់ជម្រកដល់សត្វល្អិត សត្វស្លាប និងសត្វព្រៃដែលមានដើមកំណើតនៅក្នុងតំបន់នោះ។

ជួនកាលរុក្ខជាតិនិងដើមឈើក្រៅតំបន់ ក្លាយជាមានប្រជាប្រិយភាពព្រោះវាលូតលាស់ឆាប់រហ័ស ផ្តល់ឈើអារល្អ ឬជួយកែលម្អដី។ ដើមឈើខ្លះ ដូចជាដើមប្រេងខ្យល់ ដើមស្រល់ និងដើមម៉ៃស័ក ត្រូវបានដាំនៅទូទាំងពិភពលោក។

ប៉ុន្តែការដាំដើមឈើនិងរុក្ខជាតិក្រៅតំបន់របស់អ្នក អាចនាំឲ្យមានបញ្ហា។ ពួកវាអាចប្រើប្រាស់ទឹកក្នុងដីយ៉ាងច្រើន, ប្រជែងជាមួយដំណាំនិងរុក្ខជាតិក្នុងតំបន់របស់អ្នក ដោយដណ្តើមយកទឹកនិងដីមានជីជាតិ, លូតលាស់ហួសកន្លែងដែលអ្នកចង់ឲ្យវាលូតលាស់ទៅទៀត, ឬធ្វើឲ្យសត្វព្រៃនិងសត្វល្អិតក្នុងតំបន់ រត់ទៅរស់នៅកន្លែងដទៃទៀត។ នៅពេលរុក្ខជាតិក្រៅតំបន់បានកាន់កាប់លើព្រៃហើយ នោះការដុះឡើងវិញតាមធម្មជាតិ នឹងពិបាកកែប្រែឡើងវិញណាស់។

ការលូតលាស់ឡើងវិញតាមធម្មជាតិ

Illustration of the below: Rain and sun on cracked, barren ground.
Illustration of the below: Rain and sun on ground with a few small plants.
១. ដីដែលត្រូវបានកាប់ដើមឈើបំផ្លាញ ដែលមានដីមិនល្អ និងគ្មានជីវិតរុក្ខជាតិ។ ២. រុក្ខជាតិតូចៗ ហៅថារុក្ខជាតិត្រួសត្រាយ លូតលាស់មកមុនគេនៅក្នុងក្រហែងដីមានស្រទាប់ដីបន្តិចបន្តួច។ រុក្ខជាតិត្រួសត្រាយស្រូបយកទឹក និងទាក់ទាញសត្វល្អិត និងសត្វស្លាប។
Illustration of the below: Rain and sun on small plants, birds and insects.
Illustration of the below: Plant roots growing down into soil.
Illustration of the below: Plants and a tree with deep roots.
៣. ទឹកជ្រាបចូលក្រោមរុក្ខជាតិត្រួសត្រាយ ធ្វើឲ្យមានគ្រាប់និងសារធាតុចិញ្ចឹម។ សត្វស្លាបជួយធ្វើឲ្យមានគ្រាប់។ ៤. រុក្ខជាតិធំៗនិងដើមឈើតូចៗចាប់ផ្តើមលូតលាស់។ ឫសរុក្ខជាតិចាក់ចូលក្នុងដីរឹង។ ស្រទាប់ដីចាប់ផ្តើមករកើតនិងប្រមូលទឹកកាន់តែច្រើន។ ៥ . ដើមឈើនិងគុម្ពឈើធំៗដុះមកវិញ ហើយដីត្រូវបានកែប្រែឡើងវិញ។


វិធីធ្វើដុំគ្រាប់ពូជ

មធ្យោបាយសាមញ្ញមួយក្នុងការស្រោចស្រង់ជីវិតរុក្ខជាតិឡើងវិញ គឺការប្រើដុំគ្រាប់ពូជ។ ត្រូវប្រមូលគ្រាប់ពូជក្នុងព្រៃរាល់ថ្ងៃ។ កុមារពូកែរកគ្រាប់ពូជជាងគេ ហើយវាជាសកម្មភាពរៀនសូត្រមួយដែលគួរឲ្យសប្បាយ។ ប្រមូលគ្រាប់ពូជផ្សេងៗគ្នានៃរុក្ខជាតិក្នុងតំបន់។ ធ្វើដុំគ្រាប់ពូជដោយលាយគ្រាប់ពូជជាមួយដីខ្លះ។

លាយ៖

EHB Ch11 Page 204-1.png
EHB Ch11 Page 204-2.png
EHB Ch11 Page 204-3.png
EHB Ch11 Page 204-4.png
គ្រាប់ពូជចម្រុះ ១ភាគ ជីកំប៉ុសដែលរែងរួច ឬដីមានជីជាតិ ២ភាគ ដីឥដ្ឋ ៣ភាគ ទឹកបន្តិចបន្តួច

លាយគ្រាប់ពូជជាមួយជីកំប៉ុស ឬដីមានជីជាតិ រួចដាក់ដីឥដ្ឋ។ ថែមទឹកឲ្យល្មមតែសើម។ ប្រសិនបើអ្នកថែមទឹកច្រើនពេក គ្រាប់ពូជនឹងចេញពន្លកឆាប់ពេក។ លុញល្បាយនេះជាដុំតូច។ ហាលថ្ងៃវាឲ្យស្ងួតពីរបីថ្ងៃ។

EHB Ch11 Page 204-5.png

ពេលរដូវភ្លៀងមកដល់ ចូរទៅកន្លែងដែលអ្នកចង់ស្រោចស្រង់ជីវិតរុក្ខជាតិឡើងវិញ រួចបោះរាយដុំគ្រាប់ពូជទាំងនេះ។ គួរសាងសង់ប្រឡាយ និងរបាំងដទៃទៀតជាមុនដើម្បីឲ្យវានាំទឹកទៅស្រោចស្រប់គ្រាប់ពូជ។

គ្រាប់ពូជទាំងនេះនឹងចេញពន្លកនៅពេលភ្លៀង។ ជីកំប៉ុសផ្តល់សារធាតុចិញ្ចឹម ហើយដីឥដ្ឋបង្ការគ្រាប់ពូជមិនឲ្យស្ងួត មិនឲ្យកណ្តុរឬសត្វស្លាបស៊ី ឬមិនឲ្យហូរតាមទឹក។ មួយឆ្នាំក្រោយមក រុក្ខជាតិថ្មីៗនេះនឹងបង្កើតគ្រាប់ពូជដោយខ្លួនវា ហើយក្នុងពេលឆាប់ៗរុក្ខជាតិថ្មីៗជាច្រើននឹងលូតលាស់។ ស្រទាប់ដីនឹងករកើតនៅជុំវិញរុក្ខជាតិដើម្បីបង្ការសំណឹកដី។ មិនយូរទេរុក្ខជាតិប្រភេទដទៃៗទៀតនឹងដុះឡើងមកដែរ។ ប្រសិនបើដំណើរការនេះមិនមានការរំខានទេ តំបន់ទាំងមូលនឹងត្រូវបានកែប្រែឡើងវិញក្នុងប៉ុន្មានឆ្នាំក្រោយមក។


ការជួយដើមឈើឲ្យលូតលាស់ដោយខ្លួនឯង

A woman sitting beneath a dead tree.

នៅប្រទេសសូម៉ាលី ដែលស្ថិតនៅទ្វីបអាហ្វ្រិកខាងកើត មានដើមឈើតិចតួចប៉ុណ្ណោះ ដោយសារតែបរិយាកាសស្ងួត និងវាលខ្សាច់។ ប៉ុន្តែចំនួនដើមឈើមានកាន់តែស្តួចស្តើងថែមទៀត ដោយសារឈើទាំងនេះត្រូវបានកាប់ធ្វើជាធ្យូងឧស។ ធ្យូងឧសមួយចំនួនត្រូវបានប្រើប្រាស់ដោយប្រជាជនសូម៉ាលី ប៉ុន្តែធ្យូងឧសភាគច្រើនត្រូវបានលក់ទៅប្រទេសដទៃទៀត។ នៅពេលស្ត្រីម្នាក់ឈ្មោះហ្វាទីម៉ាជីប្រ៊ែល បានឃើញបញ្ហានេះ គាត់ក៏ចាប់ផ្តើមយុទ្ធនាការមួយដើម្បីបង្ការការលក់ធ្យូងឧសទៅប្រទេសដទៃ។ គាត់និយាយថា "នៅពេលយើងមានធនធានស្ទើរតែមិនគ្រប់ខ្លួនឯងផង យើងមិនអាចឲ្យអ្នកដទៃមកយកផលប្រយោជន៍ពីធនធានរបស់យើងបានទេ"។

យុទ្ធនាការរបស់ហ្វាទីម៉ាបានទទួលជោគជ័យ។ ប៉ុន្តែទម្រាំតែដល់ពេលនេះ មានដើមឈើតិចតួចបំផុតដែលនៅសេសសល់។ ដូច្នេះគាត់ក៏ចាប់ផ្តើមយុទ្ធនាការមួយទៀតដើម្បីបំផុសឲ្យមានការដាំដើមឈើថ្មីៗនៅក្នុងប្រទេសសូម៉ាលី។ គាត់ជឿជាក់ថាវិធីប្រសើរបំផុតក្នុងការកាត់បន្ថយភាពក្រីក្រដ៏ធ្ងន់ធ្ងររបស់ប្រជាជនគាត់ គឺការមានដើមឈើឡើងវិញនៅក្នុងប្រទេសសូម៉ាលី។

ដីក្នុងប្រទេសសូម៉ាលីមានលក្ខណៈក្តៅខ្លាំងនិងស្ងួត ធ្វើឲ្យពិបាកដាំដើមឈើ។ ម្យ៉ាងទៀតដោយសារប្រជាជនភាគច្រើនក្នុងប្រទេសសូម៉ាលី តែងតែផ្លាស់ប្តូរទីលំនៅពីកន្លែងមួយទៅកន្លែងមួយទៀតតាមរដូវកាល ដូច្នេះវាជាការពិបាកណាស់ក្នុងការរំពឹងថាពួកគេនឹងដាំដើមឈើហើយមើលថែវានោះ។ ដូច្នេះហ្វាទីម៉ាបានចាប់ផ្តើមបង្រៀនប្រជាជនឲ្យរៀបរបងថ្មក្នុងពេលដែលពួកគេធ្វើដំណើរក្នុងប្រទេស។ ទោះបីដីមានលក្ខណៈរាបស្មើក៏ដោយ ហ្វាទីម៉ាជឿជាក់ថាទឹកនឹងហូរទៅរកកន្លែងទំនាប ហើយនឹងនាំជីវិតមកជាមួយផងដែរ។ ក្នុងរដូវភ្លៀងដ៏ខ្លី របងថ្មទាំងនេះបានជួយបង្កើនជីជាតិរបស់ដី ហើយរុក្ខជាតិនិងដើមឈើក៏ចាប់ផ្តើមលូតលាស់ដោយខ្លួនឯង។ សព្វថ្ងៃមានដើមឈើលូតលាស់នៅក្នុងប្រទេសសូម៉ាលី ច្រើនជាងកាលពីប៉ុន្មានឆ្នាំមុន។

A tree beside a low rock fence.