Hesperian Health Guides
១៥. កសិកម្មប្រកបដោយចិរភាព
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៥. កសិកម្មប្រកបដោយចិរភាព
កសិកម្មប្រកបដោយចិរភាព មានន័យថាកសិកម្មដើម្បីសុខភាពប្រជាជននិងសុខភាពដីក្នុងរយៈពេលយូរអង្វែង។ កសិករដែលប្រើប្រាស់មធ្យោបាយចិរភាព ព្យាយាមបំពេញតម្រូវការនៃគ្រួសារនិងសហគមន៍របស់ខ្លួននូវអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់, ខណៈដែលអភិរក្សទឹក កែលម្អដី និងសន្សំ គ្រាប់ពូជសម្រាប់អនាគតផងដែរ។
អាហារភាគច្រើនគឺចេញមកពីដី។ ប៉ុន្តែប្រជាជនគ្មានដីគ្រប់គ្រាន់ ឬគ្មានសោះតែម្តង ដើម្បីបំពេញតម្រូវការនៃអាហារសុខភាព។ កសិកម្មប្រកបដោយចិរភាព, ទីផ្សារអាហាររួមគ្នា, និងការបែងចែកអាហារដោយយុត្តិធម៌ អាចជួយឲ្យជំនះលើភាពលំបាកទាំងនេះ។
កសិករគឺជាអ្នកថែទាំដីស្រែចម្ការ ហើយពួកគេគឺជាអ្នកជំនាញលើការងារទាំងនេះ។ កសិករបង្កើតមធ្យោបាយកសិកម្មចិរភាព ហើយផ្លាស់ប្តូរនិងកែតម្រូវមធ្យោបាយទាំងនេះដើម្បីឲ្យបម្រើទៅតាមតម្រូវការរបស់សហគមន៍ខ្លួន និងទៅតាមស្ថានភាពនៃដី។ កសិកម្មចិរភាពដែលអនុវត្តនៅទីក្រុងឬនៅតំបន់ដែលបានធ្វើកសិកម្មជាច្រើនជំនាន់មកហើយ ជួយដោះស្រាយនូវបញ្ហានៃភាពអត់ឃ្លាន ការបាត់បង់ដីជីជាតិ និងការធ្វើឲ្យប្រភពទឹកប្រែកខ្វក់។
មធ្យោបាយកសិកម្មប្រកបដោយចិរភាព មិនមែនសម្រាប់តែកសិករទេ។ វាក៏មានតម្លៃសម្រាប់អ្នកធ្វើសួនដំណាំតាមផ្ទះ បុគ្គលិកសុខភាពនិងអភិវឌ្ឍន៍ ព្រមទាំងមនុស្សទាំងឡាយណាដែលចង់ចាប់ផ្តើមធ្វើសួនដំណាំប្រចាំសហគមន៍ ឬចាប់ផ្តើមកសិកម្មក្នុងក្រុងដើម្បីកែលម្អអាហារូបត្ថម្ភ សន្តិសុខអាហារ និងសុខភាពសហគមន៍។
ជូអាន ភ្រីដូ និងព្យុះហឺរីឃែន
កាលពីមុន ជីតារបស់ជូអាន បានដាំដំណាំជាច្រើននៅក្នុងជ្រលងមួយដែលគាត់រស់នៅ ស្ថិតក្នុងប្រទេសហុងឌូរ៉ាស់ ក្នុងទ្វីបអាមេរិកកណ្តាល។ ប៉ុន្តែនៅពេលក្រុមហ៊ុនផ្លែឈើមួយទិញដីរបស់គាត់ គាត់ក៏ផ្លាស់ទីលំនៅទៅលើភ្នំ។ នៅទីនោះគាត់បង្រៀនកូនរបស់គាត់ឈ្មោះថាលីអូ ដែលត្រូវជាឪពុករបស់ជូអាន អំពីរបៀបកាប់ឆ្ការដើមឈើនៅតាមជាយភ្នំ និងរបៀបដុតកំណាត់ឈើ។ បន្ទាប់ពីប្រមូលផលម្តងៗ ពួកគេបានដុតដើមពោត(ទាំងទងនិងមែក)ដើម្បីបង្កើតជាផេះសម្រាប់ផ្តល់ជីជាតិដល់ដី។
លីអូបានបង្រៀនជូអានឲ្យធ្វើកសិកម្មតាមរបៀបដូចគ្នានេះដែរ។ ប៉ុន្តែកាលពីជូអាននៅក្មេង ដីត្រូវបានប្រើប្រាស់យ៉ាងច្រើន ហើយទិន្នផលក៏ធ្លាក់ចុះដែរ។ ជូអានមិនអាចកាប់ឆ្ការដីថ្មីទេ ព្រោះកសិករដទៃទៀត ក្រុមហ៊ុនផ្លែឈើ និងអ្នកចិញ្ចឹមចៀម បានគ្រប់គ្រងដីនៅក្បែរៗទាំងអស់។
ជូអានបានកាប់ដើមឈើទាំងអស់នៅតាមជាយភ្នំ ហើយដាំពោត សណ្តែក និងបន្លែយ៉ាងច្រើនតាមដែលគាត់អាចធ្វើបាន។ ប៉ុន្តែពោតចេញផ្លែយ៉ាងតូចតែមួយផ្លែ ហើយសត្វល្អិតបំផ្លាញសណ្តែកថែមទៀត។ ដូចអ្នកជិតខាងគាត់ជាច្រើនដែរ ជូអានបានទិញជីគីមីដើម្បីជួយឲ្យដំណាំលូតលាស់ល្អ ហើយបាញ់ថ្នាំគីមីដើម្បីសម្លាប់សត្វល្អិត។ ការរកប្រាក់ដើម្បីទិញជីគីមីនិងថ្នាំទាំងនេះ គឺជាការលំបាក ជាពិសេសក្នុងពេលដែលដីនៅតែផ្តល់អាហារសឹងមិនគ្រប់សម្រាប់ផ្គត់ផ្គង់គ្រួសារផង។
នៅពេលព្យុះនាំទឹកភ្លៀងនិងខ្យល់ខ្លាំងៗរយៈពេល៤ថ្ងៃ ជាយភ្នំបានក្លាយជាភក់ ហើយផ្ទះសម្បែងនៅជនបទបានបាក់រលំទាំងអស់។ ដំណាំរបស់ជូអានខូចខាតទាំងអស់។ ស្រទាប់ដីបានហូរដាច់អស់ បន្សល់តែថ្មប៉ុណ្ណោះ។ កសិដ្ឋានរបស់គាត់ត្រូវបានបំផ្លាញខ្ទេចខ្ទី ហើយគាត់ត្រូវចាប់ផ្តើមជាថ្មីទាំងស្រុង។
ភ្រីដូ ដែលជាអ្នកជិតខាងរបស់ជូអាន បានត្រៀមលក្ខណៈសម្រាប់ព្យុះបានល្អប្រសើរជាងជូអាន។ ភ្រីដូដាំពោត សណ្តែក និងបន្លែនៅចន្លោះដើមឈើដែលផ្តល់ជាផ្លែ ម្លប់ និងចំណីគោក្របីសម្រាប់គោក្របីរបស់គាត់។ ភ្រីដូមិនដុតដើមពោតនិងដើមសណ្តែកទេ ប៉ុន្តែគាត់ចិញ្ច្រាំវាបន្ទាប់ពីប្រមូលផលរួច ហើយទុកវាចោលនៅលើដី។ ភ្រីដូដាំដើមដំបងយក្សនិងរុក្ខជាតិដទៃទៀតដើម្បីធ្វើជារបាំងរុក្ខជាតិ សម្រាប់ទប់ដីមិនឲ្យហូរដាច់ចេញពីចម្ការរបស់គាត់។ ក្រោយពេលព្យុះ ឫសឈើទប់ដីស្ទើរតែទាំងអស់មិនឲ្យហូរដាច់ ហើយរបាំងរុក្ខជាតិជួយទប់បន្ថែមទៀត។
ភ្រីដូនិយាយថា "រុក្ខជាតិខុសៗគ្នា ជួយគ្នាទៅវិញទៅមក ហើយធ្វើឲ្យដីមានជីជាតិ"។ "ពេលមើលដីរបស់ខ្ញុំ អ្នកនឹងមិនដឹងថាមានព្យុះនៅទីនេះទេ។ ទឹកបានជ្រាបចូលក្នុងដីបានល្អ ព្រោះដីរបស់ខ្ញុំដូចជាដីនៅក្នុងព្រៃឈើអីុចឹង"។
ជូអានបានចាប់ផ្តើមកែប្រែចម្ការរបស់គាត់ឡើងវិញ ដោយមានជំនួយពីភ្រីដូ។ គាត់ចាប់ផ្តើមដោយការដាំសណ្តែកដើម្បីធ្វើជាជីបៃតងសម្រាប់កែប្រែជីជាតិដីឡើងវិញ។ គាត់ក៏ដាំរបាំងរុក្ខជាតិនិងដើមឈើខុសៗគ្នាជាច្រើនទៀតផង។ មិនយូរប៉ុន្មាន អ្នកជិតខាងដទៃទៀតក៏ចាប់ផ្តើមសាកល្បងមធ្យោបាយទាំងនេះដែរ។ ជូអាននិងកសិករដទៃទៀតក្នុងតំបន់ សង្ឃឹមថាមធ្យោបាយកសិកម្មប្រកបដោយចិរភាពទាំងនេះ នឹងជួយគ្រួសាររបស់ខ្លួនឲ្យរស់រានពីព្យុះនៅថ្ងៃមុខបាន។
ពេលដែលគាត់សំឡឹងមើលរុក្ខជាតិនិងកូនឈើកំពុងលូតលាស់ គាត់គិតអំពីកូនៗរបស់គាត់ដែលនឹងប្រើប្រាស់ដីមួយដុំតូចនេះដើម្បីចិញ្ចឹមកូនៗរបស់ពួកគេទៀតនៅច្រើនឆ្នាំទៅមុខ។