Hesperian Health Guides
ជំងឺគ្រុនឈាម
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៨. បញ្ហាសុខភាពដែលបណ្តាលមកពីសត្វមូស > ជំងឺគ្រុនឈាម
នៅក្នុងជំពូកនេ:
ជំងឺគ្រុនឈាមបង្កឡើងដោយវីរុសម្យ៉ាងដែលឆ្លងតាមរយៈមូសខ្លាដែលមានឆ្នូតៗពណ៌ស។ ជើងរបស់វាក៏មានឆ្នូតពណ៌សដែរ។ មូសនេះពេលខ្លះក៏ត្រូវបានហៅថា “មូសគ្រុនលឿង” ផងដែរ ដោយសារតែវាអាចចម្លងជំងឺគ្រុនលឿងដែរ។ ជាទូទៅគ្រុនឈាមកើតឡើងក្នុងរដូវភ្លៀង និងរដូវក្តៅ។ វាច្រើនកើតឡើងនៅទីក្រុង ក្នុងកន្លែងដែលមានទឹកដក់ និងក្នុងកន្លែងដែលមានប្រព័ន្ធលូមិនល្អ។

ពេលដែលមានជំងឺនេះលើកដំបូង មនុស្សអាចធូរស្រាលឡើងវិញដោយការសម្រាក និងផឹកទឹកឲ្យបានច្រើន។ ប៉ុន្តែនៅពេលមានជំងឺនេះជាលើកទី២ នោះគេអាចមានគ្រោះថ្នាក់ខ្លាំងណាស់ និងអាចបណ្តាលឲ្យស្លាប់ទៀតផង។
រោគសញ្ញា
ពេលមានជំងឺដំបូង អ្នកជំងឺមានគ្រុនក្តៅខ្លាំង ដោយមានរងារ, ឈឺចាប់ពេញខ្លួន(គ្រុនឈាមពេលខ្លះហៅថា “បែកឆ្អឹង” ឬ“គ្រុនបែកឆ្អឹង”), ឈឺក្បាល, ឈឺក។ អ្នកជំងឺមានអារម្មណ៍ថាមានជំងឺខ្លាំង និងខ្សោយ។ បន្ទាប់ពី៣-៤ថ្ងៃ អ្នកជំងឺមានអារម្មណ៍ធូរស្រាលឡើងវិញរយៈពេលពីរបីម៉ោងទៅ២ថ្ងៃ។ បន្ទាប់មកជំងឺវិលត្រឡប់មកវិញក្នុងរយៈពេល១-២ថ្ងៃទៀត ជាញឹកញាប់មានចេញកន្ទួលក្រហមដែលចាប់ផ្តើមពីដៃនិងជើង។ កន្ទួលក្រហមបានរាលដាលទៅដើមដៃ ជើង និងដងខ្លួន(ប៉ុន្តែជាទូទៅមិនកើតលើមុខទេ)។
ទារក កុមារតូចៗ និងមនុស្សចាស់ជរា ឬអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយ(ដូចជាអ្នកដែលមានមេរោគអេដស៍/ជំងឺអេដស៍) មានការប្រឈមនឹងទម្រង់ធ្ងន់ធ្ងរនៃជំងឺ ដែលហៅគ្រុនឈាមមានធ្លាក់ឈាម។ បើមិនព្យាបាលភ្លាមៗទេ ជំងឺគ្រុនឈាមទម្រង់បែបនេះ នឹងបង្កឲ្យហូរឈាមនៅតាមស្បែក និងនាំឲ្យស្លាប់។
ការព្យាបាល
គ្មានថ្នាំសម្រាប់ព្យាបាលជំងឺគ្រុនឈាមទេ ហើយក៏គ្មានវ៉ាក់សាំងការពារវាដែរ។ ក្នុងករណីជាច្រើន គ្រុនឈាមត្រូវបានព្យាបាលនៅផ្ទះ ដោយការសម្រាកលើគ្រែ ផឹកទឹកឲ្យបានច្រើន និងលេបថ្នាំអ៊ីប៊ុយប្រូហ្វែន(ibuprofen) និងប៉ារាសេតាមុល(paracetamol) (មិនមែនអាស្ពីរីន(aspirin)ទេ) សម្រាប់កាត់បន្ថយការឈឺចាប់ និងគ្រុនក្តៅ។
ការបង្ការ

មូសដែលចម្លងជំងឺគ្រុនឈាម បង្កកំណើតក្នុងទឹកស្អាតមិនហូរ។ ខុសពីមូសគ្រុនចាញ់ មូសគ្រុនឈាមភាគច្រើនខាំតែពេលថ្ងៃទេ។ ដោយហេតុនេះហើយ មុងមានប្រសិទ្ធភាពតិចតួច លើកលែងតែចំពោះកុមារតូច ឬមនុស្សចាស់ជរាដែលសម្រាកនៅពេលថ្ងៃ។ មូសគ្រុនឈាមជាទូទៅរស់នៅកន្លែងងងឹត គ្មានពន្លឺ ដូចជា ក្រោមតុ ក្រោមគ្រែ ឬនៅក្នុងកន្លៀតងងឹត។
ដើម្បីបង្ការជំងឺគ្រុនឈាម ត្រូវរជៀសវាងមូសខាំ និងប្រើប្រាស់វិធីគ្រប់គ្រងមូសក្នុងសហគមន៍។