Hesperian Health Guides

ជំងឺគ្រុនលឿង

នៅក្នុងជំពូកនេ:

ជំងឺគ្រុនលឿងត្រូវបានចម្លងតាមរយៈសត្វមូសនៅតំបន់អាហ្វ្រិក និងផ្នែកខ្លះនៃអាមេរិកខាងត្បូង។ ជំងឺគ្រុនលឿងមានពីរប្រភេទ និងត្រូវបានចម្លងតាមរបៀបខុសគ្នា៖

Mosquito.

គ្រុនលឿងនៅព្រៃរបោះ ត្រូវចម្លងពីមូសដែលឆ្លងមេរោគ ទៅសត្វស្វា និងត្រឡប់ពីសត្វស្វា ទៅមូសវិញ។ មនុស្សឆ្លងជំងឺនៅពេលដែលត្រូវបានខាំដោយមូសដែលឆ្លងមេរោគពីសត្វស្វា។ គ្រុនលឿងនៅព្រៃរបោះ គឺមិនសូវមានទេ ហើយភាគច្រើនប៉ះពាល់លើមនុស្សដែលធ្វើការក្នុងតំបន់ព្រៃភ្លៀងត្រូពិក។

គ្រុនលឿងនៅទីក្រុង គឺជាមូលហេតុនៃការផ្ទុះរាតត្បាតនៃជំងឺគ្រុនលឿងភាគច្រើនបំផុត។ ដូចគ្នានឹង គ្រុនចាញ់និងគ្រុនឈាមដែរ ជំងឺគ្រុនលឿងត្រូវបានឆ្លងដោយសារមូសខាំនិងជញ្ចក់ឈាមពីមនុស្សមានជំងឺ និងបន្ទាប់មកចម្លងជំងឺទៅមនុស្សដទៃទៀតដែលវាបានខាំ។

ជំងឺគ្រុនលឿងនៅទីក្រុង ត្រូវបានចម្លងដោយសារមូសខ្លាដូចគ្នានឹងជំងឺគ្រុនឈាមដែរ។ វាមានចំណុចឆ្នូតៗពណ៌សនៅលើខ្នង និងជើងរបស់វា។ មូសទាំងនេះរស់នៅនិងបង្កកំណើតក្នុងទឹកមិនហូរនៅទីក្រុង និងភូមិ។

រោគសញ្ញា
Man shaking.

គ្រុនលឿងបណ្តាលឲ្យមានគ្រុនក្តៅ រងារ ឈឺសាច់ដុំ(ជាពិសេសឈឺឆ្អឹងខ្នង) ឈឺក្បាល បាត់បង់ចំណង់អាហារ ចង្អោរនិងក្អួត កម្តៅខ្លាំង និងជីពចរយឺត។ ចំពោះមនុស្សភាគច្រើន ជំងឺនេះធូរស្បើយទៅវិញក្នុងរយៈពេល៣-៤ថ្ងៃ។

ប៉ុន្តែចំពោះប្រជាជនមួយចំនួន ប្រហែល១ក្នុងចំណោម៧នាក់ គ្រុនក្តៅវិលត្រឡប់មកវិញក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីរោគសញ្ញាដំបូងបាត់អស់។ បន្ទាប់ពីមានជំងឺខាន់លឿង ឈឺពោះ និងក្អួត, អាចមានហូរឈាមតាមមាត់ ច្រមុះ ភ្នែក និងក្រពះ។ ការស្លាប់អាចកើតឡើងក្នុងអំឡុង១០ទៅ១៤ថ្ងៃ ប៉ុន្តែក្នុងចំណោមអ្នកជំងឺក្នុងដំណាក់កាលទី២នេះ មានប្រហែលពាក់កណ្តាល អាចរស់រានមានជីវិតវិញ ដោយមិនមានការខូចខាចធ្ងន់ធ្ងរដល់សុខភាពទេ។

water container, barrel, and pile of tires, all covered.
ដើម្បីជួយបង្ការជំងឺគ្រុនលឿង ត្រូវកម្ចាត់កន្លែងបង្កកំណើតរបស់មូស និងគ្របពាង។
ការព្យាបាល

ការព្យាបាលដ៏ល្អបំផុតនៃគ្រុនលឿង គឺការសម្រាកលើគ្រែ និងផឹកទឹកឲ្យបានច្រើន។ អ្នកជំងឺភាគច្រើនបានជាសះស្បើយទាំងស្រុងក្នុងមួយរយៈក្រោយ និងមានភាពស៊ាំនឹងជំងឺនេះ។ អ្នកជំងឺមួយភាគតួច កើតជំងឺនេះឡើងវិញ មុនពេលគេបានធូរស្បើយពីជំងឺនៅលើកទីមួយ។ ប៉ុន្តែគេទាំងនោះ នឹងបានធូរស្បើយឡើងវិញ។

ការបង្ការ

ក៏ដូចគ្រុនចាញ់និងគ្រុនឈាមដែរ មធ្យោបាយល្អបំផុតក្នុងការបង្ការជំងឺគ្រុនលឿង គឺជៀសវាងមូសខាំ និងគ្រប់គ្រងសត្វមូស។ មានតែការចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលប្រាកដថានឹងបង្ការជំងឺគ្រុនលឿងនេះ ប៉ុន្តែវាអាចគ្មាននៅក្នុងសហគមន៍ ឬអាចមានតម្លៃថ្លៃ។