Hesperian Health Guides
៨. បញ្ហាសុខភាពដែលបណ្តាលមកពីសត្វមូស
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៨. បញ្ហាសុខភាពដែលបណ្តាលមកពីសត្វមូស
សត្វមូសផ្ទុកជំងឺធ្ងន់ធ្ងរជាច្រើន ដូចជាជំងឺគ្រុនចាញ់, គ្រុនឈាម, គ្រុនលឿង។ ជំងឺទាំងនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស។ សត្វមូសបង្កកំណើតក្នុងទឹកដែលគ្មានចលនា(ទឹកមិនហូរ) ឬហៅថា“ទឹកនឹងថ្កល់។
ដើម្បីបង្ការជំងឺដែលឆ្លងតាមសត្វមូស៖
- កាត់បន្ថយកុំឲ្យមូសខាំ។ ដាក់សំណាញ់បង្អួច, លាបថ្នាំបណ្តេញសត្វល្អិតដែលមានសុវត្ថិភាព, ដុតធូបមូស, ប្រើសម្លៀកបំពាក់ដែលគ្របដណ្តប់រាងកាយបានយ៉ាងច្រើន, និងប្រើមុងជ្រលក់ថ្នាំ។
- បញ្ឈប់ការឆ្លងរាលដាលជំងឺតាមរយៈការព្យាបាល។ ប្រាកដថាប្រជាជនទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធិភាពនិងយ៉ាងឆាប់រហ័ស ដោយមិនគិតពីលទ្ធភាពក្នុងការបង់ថ្លៃសេវា។
- បំបាត់ជម្រកមូស។ គ្របកន្លែងផ្គត់ផ្គងទឹកនៅក្នុងសហគមន៍និងនៅក្នុងគ្រួសារ ដូចជាធុងទឹក ឬស៊ីទែនទឹក។ រៀបចំប្រឡាយបង្ហូរទឹកឲ្យបានល្អ ចេញពីទឹកបំពង់ទុយោ អណ្តូងទឹក និងទឹកហូរហៀរលើដី។
- បង្ការកន្លែងបង្កកំណើតថ្មីៗ តាមរយៈការគ្រប់គ្រងដីនិងទឹកដោយប្រុងប្រយ័ត្ន។
ការប្រែប្រួលយ៉ាងឆាប់រហ័សលើការប្រើប្រាស់ដី ដូចជាការកាប់ដើមឈើច្រើនពេក, ការសាងសង់ទំនប់និងព្រែកបង្ហូរ, ការកាប់យករុក្ខជាតិលើផ្ទៃដីដ៏ធំ, សុទ្ធតែបង្កើតលក្ខខណ្ឌដែលធ្វើឲ្យសត្វមូសអាចបង្កកំណើត។
ជំងឺដែលចម្លងតាមសត្វមូស ឆ្លងកាន់តែឆាប់រហ័សក្នុងគ្រាអាសន្ន ដូចជាសង្គ្រាម, ការផ្លាស់ទីលំនៅយ៉ាងច្រើនរបស់ប្រជាជន, និងគ្រោះមហន្តរាយធម្មជាតិ ពេលដែលប្រជាជនជួបប្រទះការលំបាកក្នុងការអនុវត្តវិធានការបង្ការប្រចាំថ្ងៃ។
ជំងឺគ្រុនចាញ់នៅផ្លូវហាយវ៉េឆ្លងកាត់ព្រៃអាម៉ាហ្សូន
ជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលប្រេហ្សីលបានធ្វើការជាមួយសហគមន៍នានានៅទូទាំងប្រទេសដើម្បីបង្ការ និងព្យាបាលជំងឺគ្រុនចាញ់។ ក្រោយពីបានធ្វើការជាច្រើនឆ្នាំមក ជំងឺគ្រុនចាញ់គ្មានច្រើនទៀតទេនៅក្នុងប្រទេសប្រេហ្សីល។ ប៉ុន្តែមួយរយៈក្រោយមក ដោយការប្រែប្រួលលើការប្រើប្រាស់ដី និងមិនសូវមានការថែទាំសុខភាព និងអប់រំសុខភាព, ជំងឺគ្រុនចាញ់ក៏ចាប់ផ្តើមវិលត្រឡប់មកវិញ។
ក្នុងឆ្នាំ១៩៧០ រដ្ឋាភិបាលបានចាប់ផ្តើមសាងសង់ផ្លូវថ្មីមួយឆ្លងកាត់ព្រៃទឹកភ្លៀងនេះ ហៅថាផ្លូវហាយវ៉េឆ្លងកាត់ព្រៃអាម៉ាហ្សូន។ រដ្ឋាភិបាលបានសាងសង់ផ្ទះនិងកសិដ្ឋានតាមបណ្តោយផ្លូវហាយវ៉េ ហើយបានចលនាប្រជាជនពីតំបន់ក្រីក្របំផុតនិងកុះករបំផុតនៃប្រទេសប្រេហ្សីល ឲ្យមករស់នៅទីនេះ។ ការធ្វើផ្លូវឆ្លងកាត់ព្រៃ បានបំផ្លាញដើមឈើរាប់លានដើម និងបានទុកចោលនូវផ្ទៃដីដ៏ធំធេងឲ្យគ្មានអ្វីគ្របដណ្តប់។ ទឹកភ្លៀងបានប្រមូលផ្តុំនៅក្នុងប្រឡាយ និងថ្លុកដែលបង្កើតជាទីកន្លែងដែលមូសអាចបង្កកំណើត។ សត្វនិងបក្សីដែលជាធម្មតាស៊ីសត្វមូសជាអាហារ បានត្រូវសម្លាប់ និងភៀសខ្លួនពីតំបន់ដែលមានផ្លូវឆ្លងកាត់។ នៅទីនេះមានគ្លីនិកនិងបុគ្គលិកសុខាភិបាលតិចតួចសម្រាប់ថែទាំសុខភាពប្រជាជនដែលសាងសង់ផ្លូវ និងប្រជាជនដែលផ្លាស់ទីមករស់នៅថ្មី។
នៅទីកន្លែងដែលផ្លូវហាយវ៉េបានឆ្លងកាត់ ជំងឺគ្រុនចាញ់បានតាមទៅជាមួយ។ ប្រជាជនជាច្រើនដែលសាងសង់ផ្លូវ បានកើតជំងឺគ្រុនចាញ់ និងស្លាប់ជាច្រើននាក់ដោយជំងឺនេះ ក៏ដូចជាប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវផងដែរ។ អ្នករស់នៅថ្មី បានរងគ្រោះយ៉ាងខ្លាំង ដោយសារដីគ្មានជីជាតិគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម ហើយភ្លៀងបានធ្វើឲ្យខូចខាតដល់ផ្លូវថ្នល់ ធ្វើឲ្យលំបាកក្នុងការធ្វើដំណើរ។ ភាពក្រីក្រ និងភាពដាច់ស្រយាលបានធ្វើឲ្យបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរឡើង។ ជាថ្មីម្តងទៀត ជំងឺគ្រុនចាញ់បានក្លាយទៅជាឃាតកៈទីមួយក្នុងប្រទេសទាំងមូល។