Hesperian Health Guides

ការគ្រប់គ្រងមូសនៅក្នុងសហគមន៍

នៅក្នុងជំពូកនេ:

មូសពងនៅក្នុងទឹកដែលនៅនឹងថ្កល់។ ពងមូសត្រូវការពេល៧ថ្ងៃដើម្បីញាស់។ ដោយការកម្ចាត់ចោលទឹកដាក់មួយសប្តាហ៍ម្តង ឬធ្វើឲ្យទឹកហូរ នោះការបង្កកំណើតរបស់មូសនឹងត្រូវបានកាត់ផ្តាច់ ហើយវាក៏មិនអាចរស់នៅដើម្បីចម្លងជំងឺទៀតដែរ។ ដើម្បីបង្ការមូសពីការបង្កកំណើត ៈ

  • បំបាត់ទីកន្លែងដែលមានទឹកដក់ ដូចជាសំបកកង់ឡាន ថូផ្កា កំប៉ុងប្រេង រណ្តៅ ពាងទឹកដែលមិនគ្រប និងកន្លែងដែលមានទឹកដក់ក្នុងផ្ទះ។
  • ប្រើប្រាស់ដីក្នុងរបៀបមួយដែលបង្ការទឹកមិនឲ្យដក់ ដើម្បីឲ្យទឹកត្រូវជ្រាបចូលទៅក្នុងដី។
  • ត្រូវប្រាកដថាទីជម្រាលត្រូវបានការពារ ដើម្បីឲ្យទឹកនៅតែហូរជានិច្ច(សូមអានជំពូក៩)។

កម្ចាត់កន្លែងបង្កកំណើតរបស់សត្វមូសដែលមាននៅជុំវិញផ្ទះ និងក្នុងសហគមន៍

Illustration of the below: People in a village.
សម្អាតប្រឡាយដើម្បីធ្វើឲ្យទឹកអាចហូរបាន
ប្រើសំណាញ់នៅទ្វារ និងបង្អួច
បិទគម្របពាងធុងឲ្យជិត
ប្រាកដថាមានកន្លែងបង្ហូរទឹកយ៉ាងល្អនៅជុំវិញអណ្តូង និងក្បាលទឹកទុយោ
កម្ចាត់ចោលកំប៉ុងចាស់ៗ សំបកកង់ឡាន ថូរបែកមានទឹកដក់ និងរណ្តៅផ្សេងៗដែលមានទឹកដក់
ការគ្រប់គ្រងជីវសាស្ត្រ ដូចជាបាក់តេរីឈ្មោះ BTi ត្រូវបានប្រើប្រាស់ក្នុងកន្លែងខ្លះដើម្បីកម្ចាត់មូសដែលនៅក្មេង ដោយមិនមានប៉ះពាល់ដល់បរិស្ថាន។



វិធីសាស្ត្រផ្សេងៗទៀតដែលបានប្រើប្រាស់នៅក្នុងកម្មវិធីគ្រប់គ្រងមូសក្នុងសហគមន៍ មានដូចជា៖

Tree.
  • ចិញ្ចឹមត្រីដែលស៊ីមូស។ ត្រីមូសនៅអាមេរិកកណ្តាល ត្រីក្រឹមនៅអាមេរិកខាងត្បូង ត្រីទីឡាបព្យ៉ានៅអាហ្វ្រិក ត្រីកាប និងត្រីដទៃទៀត អាចត្រូវបានចិញ្ចឹមដើម្បីឲ្យគ្រប់គ្រងមូស។ ត្រីទាំងអស់នេះមានឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ ប៉ុន្តែជាញឹកញាប់ត្រូវបានហៅថាជា“ត្រីមូស។
  • ប្រាកដថាទឹកអាចហូរ តាមរយៈការកែប្រែទីជម្រាលធម្មជាតិឡើងវិញ, បង្កើតជាប្រឡាយសម្រាប់បង្ហូរទឹក, និងចាក់បំពេញស្នាមភ្លោះស្រោចស្រព ឬរណ្តៅដែលមិនប្រើប្រាស់។ បង្ហូរទឹកចេញពីស្រែ មួយអាទិត្យម្តង សម្រាប់រយៈពេល២-៣ថ្ងៃ ដើម្បីសម្លាប់មូសតូចៗ ដោយមិនធ្វើឲ្យខូចខាតដល់ដំណាំស្រូវ។
  • ដាំដើមឈើ ដើម្បីផ្តល់ជម្រកដល់សត្វស្លាប ប្រជៀវ និងវត្ថុជំនួយបែបធម្មជាតិផ្សេងទៀត ដែលជួយក្នុងការគ្រប់គ្រងមូស។ ដើមនីម(Neem)នៅប្រទេសអាហ្វ្រិកនិងឥណ្ឌា ធ្វើឲ្យមូសហើរចេញឆ្ងាយ ហើយស្លឹកវាអាចធ្វើជាឱសថបាន។

ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត

នៅត្រង់កន្លែងដែលមូសបង្កកំណើតតែមួយរយៈក្នុងមួយឆ្នាំៗ គេអាចបំផ្លាញជម្រកមូសយ៉ាងឆាប់រហ័សដោយប្រើថ្នាំសម្លាប់សត្វល្អិត។ កាលពីមុន គេប្រើថ្នាំសម្លាប់សត្វល្អិតដេដេតេ(DDT)យ៉ាងទូលំទូលាយ សម្រាប់សម្លាប់មូសគ្រុនចាញ់ និងត្រូវបានបាញ់នៅខាងក្រៅផ្ទះ ទៅលើជម្រកមូស។ ប៉ុន្តែថ្នាំដេដេតេនេះជាថ្នាំពុលដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សនិងសត្វ បង្កឲ្យមានមហារីក និងកំណើតមិនគ្រប់លក្ខណៈ។ ថ្នាំដេដេតេអាចធ្វើដំណើរយ៉ាងឆ្ងាយនៅក្នុងខ្យល់ ក្នុងទឹក និងស្ថិតនៅក្នុងបរិស្ថានរយៈពេលច្រើនឆ្នាំ ដែលមានគ្រោះថ្នាក់កាន់តែខ្លាំងឡើង។ ដោយហេតុនេះហើយ ថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលតិច ត្រូវបានណែនាំឲ្យប្រើប្រាស់នៅក្នុងប្រទេសភាគច្រើន។

ប្រភេទថ្នាំសម្លាប់សត្វល្អិតម្យ៉ាង ហៅថាពីរីទ្រីន(pyrethrins) បង្កគ្រោះថ្នាក់យូរអង្វែងតិចតួចទៅលើមនុស្ស សត្វ និងដី។ ផលប្រយោជន៍មួយទៀតរបស់ថ្នាំពីរីទ្រីន លើថ្នាំដេដេតេ ឬម៉ាឡាស្យុង(malathion)(ជាថ្នាំសម្លាប់សត្វល្អិតមួយទៀតដែលប្រើប្រាស់ញឹកញាប់ ប៉ុន្តែមានគ្រោះថ្នាក់) គឺយើងត្រូវការវាក្នុងបរិមាណតិចតួចបំផុត ដើម្បីបាញ់ទៅលើទំហំផ្ទៃប៉ុនគ្នា។

ថ្នាំពីរីទ្រីនមិនកកកុញក្នុងបរិស្ថានទេ។ ប៉ុន្តែវាធ្វើឲ្យពុលនៅពេលមនុស្សប៉ះពាល់វា ដូច្នេះត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្នបំផុត។ វាធ្វើក្រហាយស្បែកនិងភ្នែក និងធ្វើឲ្យមានកន្ទួល និងពិបាកដកដង្ហើម។ ជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយថ្នាំសម្លាប់សត្វល្អិតនេះ ជាពិសេសកុមារ និងស្ត្រីដែលមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន។ ពីរីទ្រីនមានភាពពុលខ្លាំងណាស់បើវាចូលទៅក្នុងប្រភពទឹក។ មិនត្រូវប្រើប្រាស់ផលិតផលពីរីទ្រីននៅក្បែរផ្លូវទឹកឬអណ្តូងជាដាច់ខាត។

A man wearing a mask and gloves sprays a wall with insecticide.
ថ្នាំសម្លាប់សត្វល្អិតគឺជាវិធានការគ្រប់គ្រងមូសក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើអ្នកចាំបាច់ត្រូវប្រើប្រាស់វា ត្រូវពាក់ សម្ភារៈការពារ។

ថ្មីៗនេះ ដេដេតេត្រូវបានគេប្រើប្រាស់ជាថ្មីឡើងវិញក្នុងមធ្យោបាយខុសពីមុន។ ឥឡូវនេះវាត្រូវបានណែនាំឲ្យប្រើប្រាស់ដោយមានកំណត់នៅក្នុងផ្ទះ នៅក្នុងវិធីសាស្ត្រដែលហៅថា ការបាញ់ថ្នាំក្នុងផ្ទះដោយបន្ថយកាកសំណល់ (IRS)។ វិធីសាស្ត្រនេះគឺគេបាញ់ដេដេតេក្នុងបរិមាណតិចតួច នៅលើជញ្ជាំងក្នុងផ្ទះដើម្បីសម្លាប់មូសដែលទំនៅទីនោះ។ វិធីសាស្ត្រនេះប្រើប្រាស់ថ្នាំពុលតិចតួច ក្នុងទំហំផ្ទៃតូច ដើម្បីបង្ការវាមិនឲ្យចូលទៅក្នុងប្រភពទឹក និងមានឱកាសតិចតួចក្នុងការធ្វើឲ្យសត្វមូសធន់ជាមួយថ្នាំនេះ។

រាល់ថ្នាំសម្លាប់សត្វល្អិតទាំងអស់ សុទ្ធតែជាថ្នាំពុល។ នៅពេលប្រើប្រាស់ថ្នាំដេដេតេ ពីរីទ្រីន ឬប្រភេទថ្នាំសម្លាប់សត្វល្អិតដទៃទៀត ត្រូវ ៈ

  • ធ្វើតាមសេចក្តីណែនាំ និងបាញ់ដោយប្រុងប្រយ័ត្ន។
  • ត្រូវពាក់សម្ភារៈការពារជានិច្ចក្នុងពេលបាញ់
  • ប្រើប្រាស់សារធាតុគីមីឲ្យបានតិចបំផុតតាមដែលអាច។ បាញ់តែនៅទីកន្លែងណាដែលមូសចូលក្នុងផ្ទះ និងកន្លែងដែលមូសរស់នៅឬសំងំ។
  • មិនត្រូវបាញ់ថ្នាំនៅជិតកុមារ ឬស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនទេ។
  • ប្រាកដថាកុមារមិនបានបៀម ឬជញ្ជក់មុងជ្រលក់ថ្នាំសម្លាប់សត្វល្អិតទេ ហើយប្រាកដថាពួកគេប៉ះពាល់មុងតិចតួចបំផុត។
  • នៅពេលបោកគក់មុងជ្រលក់ថ្នាំ ត្រូវប្រើប្រាស់ចានទឹក រួចចាក់ទឹកចូលទៅក្នុងរណ្តៅជ្រាបទឹក។ ដើម្បីការពារផ្លូវទឹកនិងប្រភពទឹកផឹក។

ការប្រើប្រាស់លើសលុបនូវថ្នាំសម្លាប់សត្វល្អិតប្រភេទណាក៏ដោយ ក៏អាចធ្វើឲ្យសត្វមូសមានភាពស៊ាំ ទៅនឹងថ្នាំនោះ ហើយថ្នាំសម្លាប់សត្វល្អិតលែងមានប្រសិទ្ធភាពលើវាទៀត។ (ដើម្បីស្វែងយល់បន្ថែមអំពីគ្រោះថ្នាក់នៃថ្នាំសម្លាប់សត្វល្អិត និងរបៀបប្រើប្រាស់វាឲ្យមានសុវត្ថិភាពបំផុត សូមអានជំពូក១៤)។

ការបាញ់ថ្នាំសម្លាប់សត្វល្អិត គឺជាវិធានការគ្រប់គ្រងមូសបន្ទាន់។ ប៉ុន្តែថ្នាំសម្លាប់សត្វល្អិតគ្រាន់តែអាចកាត់បន្ថយជំងឺដែលឆ្លងតាមមូសប៉ុណ្ណោះប្រសិនបើវាត្រូវបានប្រើជាផ្នែកមួយនៃកម្មវិធី ដែលរួមមានការព្យាបាលសម្រាប់មនុស្សគ្រប់គ្នា, ការគ្រប់គ្រងការបង្កកំណើតនៃសត្វមូសនៅទូទាំងសហគមន៍, និងការអប់រំក្នុងសហគមន៍។

បញ្ឈប់ជំងឺគ្រុនឈាម ដោយការបញ្ឈប់សត្វមូស

ជាង២៥ឆ្នាំមុន ប្រជាជននៅម៉ាណាហ្ក័រ នៃប្រទេសនីការាហ្ក័រ កើតមានជំងឺគ្រុនឈាមយ៉ាងច្រើន។ ដោយសារមូសដែលចម្លងជំងឺគ្រុនឈាម រស់នៅក្នុងទឹកក្នុងផ្ទះនិងជុំវិញផ្ទះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលយ៉ាងធំធេង នៅពេលដែលប្រជាជនផ្លាស់ប្តូរទីលំនៅមកកាន់ទីក្រុងតំបន់ត្រូពិក ដោយមិនមានការស្តុកទឹកនិងការបង្ហូរទឹកកាកសំណល់ប្រកបដោយសុវត្ថិភាព។

ប្រជាជននៅម៉ាណាហ្ក័របានធ្វើការជាមួយអ្នកវិទ្យាសាស្ត្រ អង្គការក្រៅរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយនិងបង្ការជំងឺគ្រុនឈាមក្នុងសង្កាត់ចំនួន១។ កិច្ចការដំបូងដែលពួកគេធ្វើ គឺប្រមូល“ភស្តុតាង”នៃការចម្លងជំងឺគ្រុនឈាម។ កុមារបានប្រមូលគំរូទឹកដែលមានមូសលូតលាស់ក្នុងដំណាក់កាលផ្សេង, អ្នកវិទ្យាសាស្ត្របានធ្វើតេស្ត៍ទឹកមាត់កុមារដើម្បីរកមើលថាមានកុមារប៉ុន្មាននាក់ដែលត្រូវបានខាំដោយមូសដែលឆ្លងមេរោគគ្រុនឈាម, ហើយសមាជិកសហគមន៍បានទៅពិនិត្យតាមផ្ទះប្រជាជនដើម្បីសាកសួរពួកគេពីអ្វីដែលគេបានដឹងនិងបានគិតអំពីជំងឺគ្រុនឈាម។

People walk up a path made of old tires.



ពួកគេបានជួបប្រជុំតាមសង្កាត់ ប្រើផ្ទាំងគំនូរផ្សព្វផ្សាយ និងល្ខោនសង្គម ដើម្បីចែករំលែកពីអ្វីដែលគេបានរៀនអំពីជំងឺគ្រុនឈាម។ កុមារលេងល្បែងកំទេចរណ្តៅដង្កូវទឹក ដោយពង្រាយស្ករគ្រាប់លាក់ខាងក្នុង។ មនុស្សវ័យក្មេង រួមទាំងក្មេងទំនើងផងដែរ បានសរសេរនិងច្រៀងចម្រៀងដ៏ពេញនិយមអំពីការបង្ការជំងឺគ្រុនឈាម។

សង្កាត់នីមួយៗបានបង្កើតកម្មវិធីគ្រប់គ្រងសត្វមូសរៀងៗខ្លួន។ ដោយសារពួកគេបានដឹងថាសត្វមូស បង្កកំណើតនៅក្នុងសំបកកង់ឡាន មនុស្សមួយក្រុមបានសម្រេចចិត្តដើរប្រមូលកង់ឡានចាស់ៗ រួចបំពេញវាដោយដី និងប្រើប្រាស់វាសម្រាប់ធ្វើជាជណ្តើរឡើងទីចំណោត។ ធ្វើដូចនេះអាចកម្ចាត់ចោលជម្រកមូសបង្កកំណើត និងអាចឲ្យគេឡើងចុះទីទួលបានស្រួល។ ហើយសំបកកង់ឡានផ្សេងទៀតត្រូវបានប្រើប្រាស់ជាផើងដាំដំណាំ។

ក្រុមមួយនៃសង្កាត់ដទៃទៀត ផលិតនិងលក់គម្របធុងទឹកក្នុងតម្លៃថោក។ ធ្វើដូចនេះអាចកម្ចាត់ចោលនូវជម្រកបង្កកំណើតរបស់មូស និងចំណេញបានប្រាក់សម្រាប់សហគមន៍ផងដែរ។

កម្មវិធីបង្ការជំងឺគ្រុនឈាមក្នុងសហគមន៍ បានបន្តមកដល់សព្វថ្ងៃ។ មិនត្រឹមតែមានជំងឺគ្រុនឈាមតិចតួចប៉ុណ្ណោះទេ កម្មវិធីនេះថែមទាំងនាំមកនូវផលប្រយោជន៍មួយចំនួន ដូចជា:

Men and women dance.
  • មនុស្សវ័យក្មេង រួមទាំងក្មេងទំនើង បានចូលរួមក្នុងការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្កាត់របស់គេដែលបង្កើនសាមគ្គីភាពនៅក្នុងសហគមន៍។
  • អ្នកភ្លេងបានសរសេរបទភ្លេងដ៏ពេញនិយម ដើម្បីអប់រំប្រជាជន និងធ្វើឲ្យការបង្ការជំងឺគ្រុនឈាមមានភាពសប្បាយរីករាយ។
  • ក្រុមសាសនា និងក្រុមនយោបាយខុសៗគ្នា បានដាក់ភាពខុសគ្នារបស់ខ្លួនទៅម្ខាង ដើម្បីធ្វើការងាររួមគ្នានៅក្នុងគម្រោងរួម។
  • សកម្មជនផ្នែកសុខភាពក្នុងតំបន់ ត្រូវបានស្នើសុំដោយក្រសួងសុខាភិបាលឲ្យបម្រើការងារនៅប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព។


សព្វថ្ងៃ ប្រជាជនទាំង១០សង្កាត់នេះកំពុងជួយសហគមន៍ដទៃទៀតក្នុងការរៀបចំបញ្ឈប់ជំងឺគ្រុនឈាម និងកែលម្អជីវភាពនៅក្នុងសហគមន៍។