Hesperian Health Guides

ថ្នាំសម្លាប់សត្វល្អិតបង្កគ្រោះថ្នាក់ដល់បរិស្ថាន

នៅក្នុងជំពូកនេ:

ថ្នាំសម្លាប់សត្វល្អិតមិនត្រឹមតែបំពុលមនុស្សនិងសត្វល្អិតប៉ុណ្ណោះទេ។ វាក៏បង្កគ្រោះថ្នាក់ដល់ផ្នែកផ្សេងៗនៃបរិស្ថានផងដែរ។

ថ្នាំសម្លាប់សត្វល្អិតបំពុលសត្វនៅពេលវាស៊ី ផឹក ឬដកដង្ហើមចូល ដូចគ្នានឹងការបំពុលមនុស្សដែរ។ ថ្នាំសម្លាប់សត្វល្អិតប្រមូលផ្តុំនៅក្នុងខ្លួនរបស់សត្វទាំងនោះ ហើយនៅពេលសត្វធំៗស៊ីសត្វតូចៗ បរិមាណនៃជាតិពុលក៏កើនឡើងដែរ។

A woman speaks.
ថ្ងៃមួយនៅក្នុងកសិដ្ឋានកប្បាស ខ្ញុំបានបាញ់ថ្នាំអង់ដូស៊ុលហ្វង់ (endosulfan) ទៅលើសត្វកណ្តៀរ។ បន្ទាប់មកមានសត្វកង្កែបមួយមកស៊ីសត្វកណ្តៀរដែលងាប់។
សត្វទីទុយមួយបានហើរឆាបយកកង្កែប រួចទំលើដើមឈើមួយ ហើយស៊ីអាហាររបស់វា។ ដប់នាទីក្រោយមក សត្វទីទុយក៏ធ្លាក់ដី ហើយក៏ងាប់។

ថ្នាំសម្លាប់សត្វល្អិតបំពុលដី នៅពេលវាសម្លាប់សត្វល្អិត ដង្កូវ មេរោគផ្សិត និងបាក់តេរីដែលបង្កើតសារធាតុចិញ្ចឹមសម្រាប់ធ្វើឲ្យដីមានជីជាតិ។

ថ្នាំសម្លាប់សត្វល្អិតបំពុលទឹក នៅពេលវាហូរចូលទៅក្នុងខ្សែទឹក។ វាសម្លាប់ត្រី និងបង្កគ្រោះថ្នាក់ដល់សត្វនិងមនុស្សដែលផឹកទឹកនោះ។

ថ្នាំសម្លាប់សត្វល្អិតបំពុលខ្យល់ នៅពេលវារសាត់អណ្តែតក្នុងខ្យល់។ ថ្នាំសម្លាប់សត្វល្អិតអាចហោះហើរច្រើនគីឡូម៉ែត្រពីកន្លែងដែលប្រើប្រាស់វា។

របៀបដែលសត្វល្អិតក្លាយជាធន់នឹងថ្នាំ

Pesticide spraying over many dead and a few live insects on a leaf.
ថ្នាំសម្លាប់សត្វល្អិតសម្លាប់សត្វល្អិតស្ទើរតែទាំងអស់ ប៉ុន្តែមានខ្លះនៅរស់ ព្រោះវាធន់នឹងថ្នាំ។
Pesticide spraying over a few live insects on a leaf
សត្វល្អិតដែលនៅរស់ បង្កើតកូនចៅវាដែលធន់នឹងថ្នាំដែរ។
Pesticide spraying over many live insects on a leaf.
មិនយូរប៉ុន្មានសត្វល្អិតទាំងអស់ក៏ធន់នឹងថ្នាំ រួចថ្នាំសម្លាប់សត្វល្អិតក៏លែងមានប្រសិទ្ធភាព។

ការធន់នឹងថ្នាំសម្លាប់សត្វល្អិត

ជាទូទៅតែងតែមានសត្វល្អិតពីរបីដែលមិនងាប់ទេនៅពេលគេបាញ់ថ្នាំលើវា ព្រោះពួកវាខ្លាំងជាងថ្នាំ ឬមានសារធាតុគីមីក្នុងខ្លួនដែលបង្ឃាំងថ្នាំសម្លាប់សត្វល្អិត។ ពួកវាកើតកូនមកមានកម្លាំងខ្លាំងដូចគ្នា និងមិនចាញ់ថ្នាំសម្លាប់សត្វល្អិតទេ។ នេះហៅថា ការធន់នឹងថ្នាំសម្លាប់សត្វល្អិត។ សត្វល្អិតកាន់តែច្រើន កើតមកដោយមានភាពធន់ ដែលធ្វើឲ្យសត្វល្អិតក្នុងប្រទេសនេះទាំងអស់ លែងអាចសម្លាប់បានដោយសារធាតុគីមីដដែលទៀត។

បន្ទាប់មកក្រុមហ៊ុនថ្នាំសម្លាប់សត្វល្អិត ក៏បង្កើតថ្នាំសម្លាប់សត្វល្អិតប្រភេទថ្មីដែលខ្លាំងជាងមុន អាចសម្លាប់សត្វល្អិតដែលធន់បាន។ កសិករទិញសារធាតុគីមីថ្មីនេះ ធ្វើឲ្យចំណាយកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជារៀងរាល់ឆ្នាំ បរិស្ថានត្រូវបានបំពុលដោយសារធាតុគីមីកាន់តែច្រើន, សត្វល្អិតកាន់តែច្រើនបានធន់នឹងថ្នាំ, ហើយក្រុមហ៊ុនថ្នាំសម្លាប់សត្វល្អិតរកចំណូលបានកាន់តែច្រើន។

ខណៈដែលថ្នាំសម្លាប់សត្វល្អិតអាចកាត់បន្ថយការបាត់បង់ដំណាំដោយសារសត្វល្អិតក្នុងរយៈពេលពីរបីរដូវកាលដំបូង ក្នុងរយៈពេលយូរថ្នាំនេះបំពុលមនុស្ស សត្វ ដី និងទឹក។ ផលប្រយោជន៍យូរអង្វែងតែមួយគត់ ធ្លាក់ទៅលើក្រុមហ៊ុនថ្នាំសម្លាប់សត្វល្អិតដែលផលិតនិងលក់ថ្នាំទាំងនេះ។

ថ្នាំសម្លាប់សត្វល្អិត សម្លាប់សត្វល្អិតមានប្រយោជន៍

មិនមែនសត្វល្អិតទាំងអស់សុទ្ធចង្រៃទេ។ មានសត្វល្អិតជាច្រើនមានប្រយោជន៍ចំពោះកសិករ។ សត្វឃ្មុំរោយលម្អងលើរុក្ខជាតិ និងផលិតទឹកឃ្មុំ។ សត្វអណ្តើកមាសសម្លាប់សត្វល្អិតចង្រៃដែលបំផ្លាញដំណាំ។ សត្វល្អិតមានប្រយោជន៍ មានច្រើនជាងសត្វល្អិតចង្រៃ។ ប៉ុន្តែជាទូទៅថ្នាំសម្លាប់សត្វល្អិតសម្លាប់ទាំងសត្វល្អិតល្អ ទាំងសត្វល្អិតអាក្រក់។

ឧទាហរណ៍ នៅពេលគេបាញ់ថ្នាំលើចម្ការមួយដើម្បីសម្លាប់សត្វសង្កើចឈើ ថ្នាំពុលក៏សម្លាប់ទាំងពីងពាងនិងអណ្តើកមាសដែលស៊ីសត្វសង្កើចឈើដែរ។ នៅពេលគ្មានពីងពាងនិងអណ្តើកមាសគ្រប់គ្រងសត្វសង្កើចឈើ វាក៏កើតមានកាន់តែច្រើន។