Hesperian Health Guides
ផលិតកម្មស្អាត
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២០. ការបង្ការ និងការកាត់បន្ថយគ្រោះថ្នាក់ពីសារធាតុពុល > ផលិតកម្មស្អាត
មាតិកា
តើរោងចក្រក្រដាសប្រើប្រាស់ផលិតកម្មស្អាតយ៉ាងដូចម្តេច
រោងចក្រក្រដាសប្រើប្រាស់ដើមឈើ ទឹក អគ្គិសនី និងសារធាតុគីមី ដូចជាក្លរីន ជាដើម។ រោងចក្រក្រដាសដែលមានផលិតកម្មស្អាត កាត់បន្ថយការបំពុលតាមរយៈការប្រើប្រាស់ ៖
- ក្រដាសដែលភាគច្រើនជាក្រដាសសម្រាប់កែច្នៃឡើងវិញ និងដើមឈើមកពីព្រៃឈើដែលបានគ្រប់គ្រងយ៉ាងមានស្ថិរភាព។
- ប្រភពថាមពលដែលអាចធ្វើថ្មីវិញបាន (ដូចជាពន្លឺថ្ងៃ ឬថាមពលខ្យល់) ជាជាងអគ្គិសនីពីឥន្ធនៈហ្វូស៊ីល ដូចជាប្រេង ឬធ្យូង។
- មិនប្រើប្រាស់សារធាតុក្លរីន ឬសារធាតុគីមីពុលដទៃទៀត។
- ទឹកតិចបំផុតតាមដែលអាច។ ទឹកត្រូវបានប្រើប្រាស់ឡើងវិញជាច្រើនដង បន្ទាប់មកត្រូវបានរម្ងាប់មេរោគមុននឹងចោលទៅក្នុងបរិស្ថានវិញ។
ឧស្សាហកម្មភាគច្រើន អាចប្រើប្រាស់ដំណើរការផលិតកម្មស្អាតបាន។ កម្តៅចេញពីរោងចក្រអាចត្រូវបានប្រើសម្រាប់ផលិតអគ្គិសនី ហើយជាញឹកញាប់ កាកសំណល់ផលិតផលអាចត្រូវបានប្រើជាសម្ភារៈនៅក្នុងផលិតផលផ្សេងទៀត។ ផលិតកម្មស្អាត អាចកាត់បន្ថយកាកសំណល់ស្ទើរតែគ្មានសល់ឡើយ។ ហើយដោយសារផលិតកម្មស្អាត ប្រើប្រាស់សម្ភារៈនិងថាមពលឡើងវិញ ដូច្នេះវាក៏សន្សំសំចៃប្រាក់ផងដែរ។
ប៉ុន្តែដោយហេតុតែក្រុមហ៊ុនមិនចំណាយលើការសម្អាត ឬលើការបង្ការការបំពុលនិងគ្រោះថ្នាក់ដែលគេបង្កឡើងទេ ដូច្នេះជាទូទៅពួកគេត្រូវបានបង្ខំឲ្យផ្លាស់ប្តូរទៅប្រើប្រាស់មធ្យោបាយផលិតកម្មស្អាតវិញ ដោយសារមានសម្ពាធពីប្រជាជន ឬបទបញ្ជារបស់រដ្ឋាភិបាល។
ការលើកកម្ពស់ក្រុមហ៊ុនពាណិជ្ជកម្មស្អាត
នៅពេលម្ចាស់ក្រុមហ៊ុននិងកម្មករ យល់អំពីគ្រោះថ្នាក់នៃសារធាតុគីមីនិងកាកសំណល់ឧស្សាហកម្ម មកលើមនុស្សគ្រប់គ្នានៅក្នុងសហគមន៍ ជាទូទៅពួកគេមានឆន្ទៈនឹងធ្វើការផ្លាស់ប្តូរនូវសម្ភារៈនិងមធ្យោបាយផលិតកម្ម ដើម្បីកាត់បន្ថយគ្រោះថ្នាក់។ ទោះជាយ៉ាងនេះក្តី ជួនកាលយើងចាំបាច់ត្រូវដាក់សម្ពាធលើពួកគេ ដោយទាំងវិធីវិជ្ជមាននិងអវិជ្ជមាន ដើម្បីសម្រេចឲ្យបានការផ្លាស់ប្តូរនានាដែលនឹងផ្តល់ផលប្រយោជន៍ដល់សុខភាពសហគមន៍។ មានវិធីផ្សេងៗដើម្បីដាក់សម្ពាធលើក្រុមហ៊ុនឲ្យជ្រើសរើសយកមធ្យោបាយផលិតកម្មស្អាតវិញ។
រដ្ឋាភិបាលអាច ៖ ហាមឃាត់ឬដាក់កម្រិតលើការប្រើប្រាស់សារធាតុគីមីពុល និងដំណើរការផលិតកម្មដែលគ្រោះថ្នាក់, ផ្តល់មូលនិធិដល់ក្រុមហ៊ុនដើម្បីឲ្យពួកគេផ្លាស់ប្តូរទៅប្រើប្រាស់មធ្យោបាយផលិតកម្មស្អាត, យកពន្ធទាបចំពោះក្រុមហ៊ុនដែលប្រើប្រាស់ផលិតកម្មស្អាត, និងយកពន្ធខ្ពស់ចំពោះក្រុមហ៊ុនដែលប្រើប្រាស់មធ្យោបាយគ្រោះថ្នាក់។
ប្រជាជនអាច ៖ អប់រំខ្លួនឯង ម្ចាស់ក្រុមហ៊ុន និងកម្មករ អំពីគ្រោះថ្នាក់នៃសារធាតុពុល និងពីផលប្រយោជន៍នៃមធ្យោបាយផលិតកម្មស្អាត, ធ្វើពហិកាមិនទិញផលិតផលដែលផលិតឬលក់ដោយក្រុមហ៊ុនដែលបំពុល, ប្រាប់អ្នកដទៃអំពីផលិតផលដែលមិនពុល ដែលអាចប្រើជំនួសផលិតផលពុលបាន, ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីបកអាក្រាតសារជីវកម្មដែលបំពុល និងលើកសរសើរពីជោគជ័យនៃក្រុមហ៊ុនដែលមិនបំពុលនិងដែលមានស្ថិរភាព។
កម្មករអាច ៖ រៀននិងអនុវត្តតាមច្បាប់ស្តីពីការរៀបចំសារធាតុពុលប្រកបដោយសុវត្ថិភាព, និងសរសេរក្នុងកុងត្រាសហជីពរបស់ខ្លួនអំពីការការពារកម្មករនិងសហគមន៍ ទប់ទល់នឹងសារធាតុពុល។
ពាណិជ្ជកម្មស្អាតតូចតាច
ជួនកាល ម្ចាស់ពាណិជ្ជកម្មតូចតាចមិនយល់ច្បាស់ពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយសារធាតុពុលទេ។ នៅពេលពួកគេនិងកម្មកររបស់គេ ប្រើប្រាស់ រក្សាទុក និងបោះចោលសារធាតុគីមីពុលតាមរបៀបដែលគ្មានសុវត្ថិភាព ជាទូទៅពួកគេគ្រាន់តែព្យាយាមសន្សំសំចៃប្រាក់ ពេលវេលា និងពលកម្មប៉ុណ្ណោះ។ ចុងក្រោយ អ្នកជំនួញជាច្រើនរស់នៅក្នុងសហគមន៍តែមួយដែលពួកគេកំពុងបំពុល ហើយអ្នកទាំងនេះគឺជាមិត្តភក្តិ និងអ្នកជិតខាងនៃប្រជាជនដែលរងផលប៉ះពាល់។ ឬមួយពួកគេអាចដឹងអំពីមធ្យោបាយផលិតកម្មស្អាត ប៉ុន្តែមានអារម្មណ៍ថាគ្មានលទ្ធភាពចំណាយលើការផ្លាស់ប្តូរទេ។ ប៉ុន្តែក្នុងពេលខាងមុខ ការចំណាយលើការថែទាំសុខភាពនៃកម្មករដែលរបួស និងលើការសម្អាតបរិស្ថានក្នុងសហគមន៍ នឹងមានតម្លៃច្រើនជាងប្រាក់និងពេលវេលាដែលពួកគេសន្សំសំចៃទៅទៀត។
នៅពេលពាណិជ្ជកម្មតូចតាច ផ្លាស់ប្តូរទៅអនុវត្តផលិតកម្មស្អាត ពួកគេនឹងជួយសហគមន៍ទាំងមូល ហើយអនាគតនៃពាណិជ្ជកម្មរបស់ពួកគេ កាន់តែមានស្ថិរភាព។
ការជ្រលក់ថ្នាំពណ៌
ថ្នាំជ្រលក់ពណ៌ជាច្រើនត្រូវបានផលិតពីលោហៈធ្ងន់ និងសារធាតុគីមីពុលដទៃទៀត។ ជាញឹកញាប់ កាកសំណល់ចេញពីការផលិតថ្នាំជ្រលក់ពណ៌ ត្រូវបានចាក់ចូលក្នុងផ្លូវទឹក ដែលធ្វើឲ្យមានសារធាតុពុលដ៏គ្រោះថ្នាក់ និងពិបាកសម្អាតណាស់។
វិធីកាត់បន្ថយការបំពុល
ពាណិជ្ជកម្មតូចតាចក្នុងផ្នែកឧស្សាហកម្មថ្នាំជ្រលក់ពណ៌ អាចកាត់បន្ថយកាកសំណល់គ្រោះថ្នាក់ ដោយអនុវត្តតាមការណែនាំទាំងនេះ ៖
- ចៀសវាងថ្នាំជ្រលក់ពណ៌ដែលពុលខ្លាំងបំផុត ដូចជាថ្នាំជ្រលក់ពណ៌Azo, និងរកមើលថ្នាំជំនួសផ្សេងដែលមានសុវត្ថិភាពជាង។ ថ្នាំជ្រលក់ពណ៌Azo ដែលត្រូវបានដឹងថាបណ្តាលឲ្យមានពិការភាពពីកំណើត គឺត្រូវបានប្រើប្រាស់ញឹកញាប់នៅក្នុងការបោះពុម្ព វាយនភណ្ឌ រោងចក្រផលិតក្រដាស រោងចក្រផលិតថ្នាំពេទ្យ និងឧស្សាហកម្មអាហារ។
- គ្រប់គ្រងបរិមាណនៃសារធាតុពុលដែលបានប្រើប្រាស់។
- ប្រើប្រាស់អនុផលពីថ្នាំជ្រលក់ពណ៌ ធ្វើជាសម្ភារៈសម្រាប់បង្កើតផលិតផលដទៃទៀត។
- ប្រើប្រាស់ទឹកសម្អាតឡើងវិញ ដើម្បីបង្កើតថ្នាំជ្រលក់ពណ៌បន្ទាប់ទៀត។
- ប្រើប្រាស់ទឹកសម្អាតដែលបាញ់ចេញពីទុយោដោយសម្ពាធខ្លាំង ដើម្បីកាត់បន្ថយបរិមាណទឹកសំណល់។
- បិទស្លាកសញ្ញានិងរក្សាទុកសម្ភារៈពុល នៅក្នុងកន្លែងសុវត្ថិភាពដែលស្ថិតនៅឆ្ងាយពីផ្លូវទឹក។
រោងចក្រកែច្នៃស្បែក
រោងចក្រកែច្នៃស្បែក ប្រើប្រាស់ទឹក អំបិល និងសារធាតុគីមីពុល(ដូចជាទម្រង់ផ្សេងៗនៃក្រូមីញ៉ូម) ក្នុងបរិមាណយ៉ាងច្រើន ។ នៅចុងបញ្ចប់នៃដំណើរការកែច្នៃស្បែក សារធាតុគីមីទាំងនេះភាគច្រើនត្រូវបានចាក់ចូលក្នុងទន្លេនិងផ្លូវទឹកដទៃទៀត។ ជាលទ្ធផល សហគមន៍ទាំងឡាយដែលនៅជុំវិញរោងចក្រកែច្នៃស្បែក ច្រើនតែមានទឹកផឹកដែលត្រូវបានបំពុលយ៉ាងខ្លាំង។
ក្នុងរយៈពេលខ្លី សារធាតុពុលទាំងនេះអាចបណ្តាលឲ្យមានជំងឺរលាកទងសួត ជំងឺហឺត និងបញ្ហាដង្ហើមផ្សេងទៀត។ ក្នុងរយៈពេលវែង ការប្រឈមជាបន្តបន្ទាប់ អាចបណ្តាលឲ្យមានពិការភាពពីកំណើត និងជំងឺមហារីក។
វិធីកាត់បន្ថយការបំពុល
រោងចក្រកែច្នៃស្បែកខ្លះ ប្រើប្រាស់មធ្យោបាយផលិតកម្មដែលមិនបំពុល ឬមិនសូវបំពុល។ មធ្យោបាយបុរាណនៃការកែច្នៃស្បែក គឺគេប្រើប្រាស់ផ្នែកផ្សេងៗរបស់សត្វសម្រាប់ការរម្ងាប់ស្បែកដែលមានសុវត្ថិភាពជាងនិងស្អាតជាង។ ចំពោះរោងចក្រកែច្នៃស្បែកដែលប្រើប្រាស់ក្រូមីញ៉ូម មានវិធីកែច្នៃក្រូមីញ៉ូមឡើងវិញ ដូច្នេះវាត្រូវបានប្រើប្រាស់បន្តិចបន្តួច និងមិនសូវមានកាកសំណល់ច្រើន។ បែបនេះកាត់បន្ថយទាំងការចំណាយ និងការបំពុល។ ទឹកដែលប្រើក្នុងការរម្ងាប់ស្បែក អាចកែច្នៃប្រើឡើងវិញបាន ហើយទឹកកាកសំណល់អាចត្រូវបានរម្ងាប់មេរោគដើម្បីអាចចាក់វាចោលដោយសុវត្ថិភាព។
ផលិតកម្មស្អាតនៅក្នុងរោងចក្រកែច្នៃស្បែក
ទីក្រុងលីយ៉ន(León)នៃប្រទេសម៉ិកស៊ីកូ មានភាពល្បីល្បាញដោយសារស្បែកជើងស្បែកគុណភាពខ្ពស់របស់ពួកគេ។ រោងចក្រកែច្នៃស្បែកនៅក្នុងទីក្រុងលីយ៉ន គឺជាពាណិជ្ជកម្មតូចៗ ដែលមានសារសំខាន់សម្រាប់សេដ្ឋកិច្ចក្នុងសហគមន៍។ ជាអកុសល ប្រតិបត្តិការកែច្នៃស្បែក ធ្លាប់បានចាក់កាកសំណល់គីមីចូលទៅក្នុងផ្លូវទឹកដោយផ្ទាល់ ធ្វើឲ្យប្រជាជនជាច្រើនមានជំងឺធ្ងន់ធ្ងរ។
ច្រើនឆ្នាំកន្លងទៅ ក្រុងលីយ៉នបានអនុម័តច្បាប់រឹតបន្តឹងការបំពុល ប៉ុន្តែរោងចក្រកែច្នៃស្បែកទាំងនោះសឹងតែមិនដែលគោរពម្តងណាឡើយ។ ម្ចាស់រោងចក្រជាច្រើនគិតថា ការកាត់បន្ថយការបំពុលគឺត្រូវចំណាយច្រើនណាស់ ហើយវានឹងប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ពួកគេ។
ទោះជាយ៉ាងនេះក្តី នៅពេលសត្វស្លាបរាប់ពាន់ក្បាលបានស្លាប់ដោយសារការបំពុលនៅទីដីល្បាយខ្សាច់មួយក្បែរក្រុងលីយ៉ន, អង្គការពាណិជ្ជកម្មក្នុងតំបន់ដែលតំណាងឲ្យរោងចក្រកែច្នៃស្បែក បានចាប់ផ្តើមស្វែងរកវិធីកាត់បន្ថយការបំពុលដោយមិនធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ខ្លួន។ នៅពេលនោះ ពួកគេក៏បានស្វែងយល់អំពីផលិតកម្មស្អាត។
ជាច្រើនឆ្នាំបន្ទាប់មកទៀត អង្គការពាណិជ្ជកម្មនេះបានជួយរោងចក្រកែច្នៃស្បែកឲ្យកាត់បន្ថយការបំពុល ហើយរោងចក្រកែច្នៃស្បែកជាច្រើន បានផ្លាស់ប្តូរការអនុវត្តរបស់ខ្លួន។ ពួកគេធ្វើដូចនេះគឺមិនមែនគ្រាន់តែចង់ការពារប្រភពទឹកផឹក ឬសត្វស្លាបប៉ុណ្ណោះទេ។ ពួកគេធ្វើនេះក៏ដោយសារមើលឃើញថា ផលិតកម្មស្អាតអាចសន្សំសំចៃប្រាក់ និងផលិតស្បែកដែលមានគុណភាពកាន់តែល្អ។
រោងចក្រកែច្នៃស្បែកទាំងឡាយនៅក្នុងបណ្តាប្រទេសអាហ្វ្រិកនិងអាស៊ី បានធ្វើការងារជាមួយអង្គការអភិវឌ្ឍឧស្សាហកម្មនៃអង្គការសហប្រជាជាតិ(UNIDO) ដើម្បីស្វែងរកវិធីផ្សេងៗក្នុងការកែច្នៃនិងប្រើប្រាស់ឡើងវិញនូវសារធាតុគីមីដែលបានប្រើប្រាស់នៅក្នុងការសម្លាប់ស្បែក។ គម្រោងផលិតកម្មស្អាតនៃអង្គការ UNIDO បានបង្ហាញថា ជាងពាក់កណ្តាលនៃការបំពុលដែលចេញពីរោងចក្រកែច្នៃស្បែក អាចត្រូវបានកាត់បន្ថយតាមរយៈការប្រើប្រាស់ធនធានធម្មជាតិយ៉ាងមានប្រសិទ្ធភាពនិងដោយប្រុងប្រយ័ត្ន — ប្រើប្រាស់ក្នុងបរិមាណតិចជាងមុន និងប្រើដោយប្រុងប្រយ័ត្នបំផុត។
រោងចក្រកែច្នៃស្បែកក្នុងទីក្រុងលីយ៉ន បានរៀនតាមគម្រោងរបស់អង្គការUNIDO ហើយបានចាប់ផ្តើមអនុវត្តមធ្យោបាយផលិតកម្មស្អាត។ ដំបូងពួកគេប្រើប្រាស់ដំណើរការថ្មីមួយដែលធ្វើឲ្យក្រូមីញ៉ូមក្នុងទឹករម្ងាប់ស្បែក ប៉ះពាល់យ៉ាងច្រើនជាមួយនឹងស្បែកសត្វ ហើយក្រូមីញ៉ូមបន្តិចបន្តួចក្លាយជាកាកសំណល់។ បន្ទាប់មក អង់ហ្ស៊ីម(ផលិតផលធម្មជាតិដែលធ្វើឲ្យមានការប្រែប្រួលគីមី) បានជំនួសសារធាតុគីមីពុលដែលប្រើសម្រាប់បន្ទន់ស្បែកសត្វ។ រោងចក្រកែច្នៃស្បែកខ្លះដែលផលិតស្បែកគុណភាពទាប បានចាប់ផ្តើមប្រើប្រាស់របៀបសម្លាប់ស្បែកដែលប្រើបន្លែ ជាជាងការប្រើក្រូមីញ៉ូម ដូច្នេះពួកគេបានបំបាត់ចោលនូវផ្នែកមួយដែលពុលជាខ្លាំងនិងមានតម្លៃខ្ពស់នៅក្នុងដំណើរការកែច្នៃស្បែកនេះ។
រោងចក្រកែច្នៃស្បែកដែលមិនអាចរកមធ្យោបាយជំនួសក្រូមីញ៉ូមទេ បានចាប់ផ្តើមប្រើប្រាស់វាឡើងវិញ ជាជាងចាក់វាចោលបន្ទាប់ពីប្រើតែមួយលើក។ ដូចគ្នាដែរចំពោះទឹកកខ្វក់ រោងចក្រកែច្នៃស្បែកខ្លះបានបង្កើតប្រព័ន្ធរម្ងាប់មេរោគលើទឹកសំណល់ ដើម្បីសម្អាតវានិងកែច្នៃវាសម្រាប់ប្រើប្រាស់ឡើងវិញ ដែលចំណុចនេះពួកគេបានការពារនិងបម្រុងប្រភពទឹក។
បច្ចុប្បន្នកម្មកររោងចក្រកែច្នៃស្បែកនៅក្រុងលីយ៉ន ដឹងអំពីផលិតកម្មស្អាត។ នៅពេលអ្នកសួរថាហេតុអ្វីពួកគេប្រើប្រាស់មធ្យោបាយថ្មីទាំងនេះ ពួកគេអាចនឹងប្រាប់អ្នកថាដើម្បីការពារប្រភពទឹក។ ប៉ុន្តែពួកគេក៏នឹងប្រាប់អ្នកផងដែរថា ឥឡូវនេះពួកគេផលិតស្បែកដែលមានគុណភាពកាន់តែខ្ពស់ ដោយចំណាយតិចជាងមុនទៅទៀត។
បទពិសោធន៍នៃផលិតកម្មស្អាត
ទេសភាពស្រស់ត្រកាលនៅលើកំពូលភ្នំក្នុងរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ នៃសហរដ្ឋអាមេរិក ទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទីកន្លែងនៃពិភពលោក។ ភោជនីយដ្ឋានតូចៗជាច្រើន បម្រើអាហារយ៉ាងច្រើនប្រភេទដល់ពួកទេសចរ។ ប៉ុន្តែ ជាមួយនឹងភោជនីយដ្ឋានជាច្រើន ប្រេងសំណល់ពីការចម្អិន បានក្លាយជាបញ្ហាមួយដែលធ្វើឲ្យស្ទះលូបង្ហូរ និងធ្វើឲ្យទីក្រុងចំណាយប្រាក់ដោយបញ្ហានេះ។ ក្រុងទាមទារភោជនីយដ្ឋានទាំងអស់ឲ្យប្រើប្រាស់ “បំពង់ចាប់ប្រេង” ដើម្បីបង្ការវាកុំឲ្យចូលក្នុងលូបង្ហូរ ប៉ុន្តែការចាក់ចោលនិងសម្អាតបំពង់ចាប់ប្រេង ត្រូវចំណាយប្រាក់ច្រើន។ ពាណិជ្ជកម្មតូចៗជាច្រើនដែលគ្រប់គ្រងដោយជនអន្តោប្រវេសន៍ថ្មីៗ មិនមានចំណាយលើការសម្អាតនេះទេ។
គណៈកម្មការផលប្រយោជន៍សាធារណៈ នៃរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ដែលទទួលខុសត្រូវលើប្រព័ន្ធលូក្នុងទីក្រុង បានសម្រេចចិត្តថា ជំនួសឲ្យការផាកពិន័យធ្ងន់ធ្ងរលើភោជនីយដ្ឋានទាំងឡាយដែលមិនបានចោលប្រេងសំណល់របស់ខ្លួនត្រឹមត្រូវ ពួកគេបានផ្តល់ជាដំណោះស្រាយមួយវិញ។ ពួកគេនឹងប្រមូលប្រេងសំណល់ រួចប្រើវាសម្រាប់ដំណើរការរថយន្តក្រុង!
នៅពេលម៉ាស៊ីនម៉ាស៊ូតត្រូវបានបង្កើតឡើង វាដុតឥន្ធនៈស្រាលៗដូចជាប្រេងបន្លែជាដើម។ ប៉ុន្តែដោយសារប្រេងឆៅមានតម្លៃថោក និងសម្បូរ ហើយក្រុមហ៊ុនដែលផលិតវា មានឥទ្ធិពលខ្លាំង ដូច្នេះម៉ាស៊ីនម៉ាស៊ូតក៏បានចាប់ផ្តើមប្រើប្រាស់ប្រេងឆៅ។ ឥឡូវ ដោយមានបញ្ហាបំពុលធ្ងន់ធ្ងរ និងការឡើងកម្តៅផែនដី ដែលបង្កឡើងដោយប្រេងឆៅ ប្រជាជនកំពុងត្រឡប់ទៅរកប្រេងបន្លែធ្វើជាឥន្ធនៈស្អាត ហើយវាមិនថ្លៃដូចប្រេងឆៅផង។
បន្ទាប់ពីការកែច្នៃបន្តិចបន្តួច ម៉ាស៊ីនម៉ាស៊ូតអាចប្រើប្រេងបន្លែបាន ឬគេអាចប្រែក្លាយប្រេងបន្លែឲ្យទៅជា “ប្រេងជីវៈ” ដែលអាចប្រើជាមួយម៉ាស៊ីនម៉ាស៊ូតដោយមិនចាំបាច់កែច្នៃ។ ការដុតប្រេងជីវៈ កាត់បន្ថយការបំពុលខ្យល់យ៉ាងច្រើនដែលបង្កជំងឺហឺតនិងមហារីក ហើយវាមិនបណ្តាលឲ្យឡើងកម្តៅផែនដីទេ។ បើប្រៀបធៀបជាមួយឥន្ធនៈដទៃទៀត ដូចជាឧស្ម័នធម្មជាតិជាដើម ប្រេងជីវក៏មានតម្លៃថោកជាងដែរ។
ការផលិតប្រេងជីវៈដោយការកែច្នៃប្រេងសំណល់ គឺខុសគ្នានឹងការដាំដំណាំគ្រាន់តែដើម្បីផលិតប្រេង។ ការកែច្នៃ បង្ការប្រេងសំណល់មិនឲ្យចូលក្នុងលូ ហើយយកវាទៅប្រើប្រាស់ថែមទៀត។
ដើម្បីធ្វើឲ្យផលិតកម្មស្អាតមានដំណើរការ គណៈកម្មការផលប្រយោជន៍សាធារណៈនៃរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ បានជួលអ្នកនិយាយភាសាដើមកំណើតជាច្រើនអ្នក ឲ្យទៅជួបជជែកជាមួយម្ចាស់ភោជនីយដ្ឋានទាំងឡាយ និងប្រមូលប្រេងសំណល់។ ម្ចាស់ភោជនីយដ្ឋានលែងចំណាយប្រាក់លើការចោលប្រេងរបស់ខ្លួនទៀតហើយ ហើយក្រុងបានទទួលផលប្រយោជន៍វិញដែរ គឺលែងសូវមានប្រេងស្ទះប្រព័ន្ធលូ និងមានឥន្ធនៈថោកសម្រាប់រថយន្តក្រុង។
ឥឡូវនេះ ផ្លូវទាំងឡាយក្នុងរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ធុំក្លិនឈ្ងុយម្ហូបអាហារគ្រប់មុខ ដែលទាក់ទាញពួកទេសចរកាន់តែច្រើនមកភោជនីយដ្ឋានតូចៗទាំងនេះ។