Hesperian Health Guides

ការបំពុលខ្យល់

នៅក្នុងជំពូកនេ:

ខ្យល់ត្រូវបានបំពុលនៅពេលវាប៉ះពាល់នឹងភាពកខ្វក់នៃឧស្ម័នពុល និងភាគល្អិតតូច។ ការបំពុលខ្យល់ភាគច្រើនត្រូវបានបង្កឡើងដោយការដុតឥន្ធនៈហ្វូស៊ីល (ប្រេង ធ្យូង ម៉ាស៊ូត សាំង) ដើម្បីដំណើរការម៉ាស៊ីន រោងចក្រ និងរោងចក្រថាមពល។ ខ្យល់និងភ្លៀងអាចនាំយកការបំពុលខ្យល់ទៅកាន់កន្លែងឆ្ងាយៗពីកន្លែងដែលវាកើតឡើង។ បែបនេះបណ្តាលឲ្យមានបញ្ហាសុខភាពដល់ប្រជាជននៅគ្រប់ទីកន្លែង។ ជាទូទៅការបំពុលខ្យល់មានសភាពធ្ងន់ធ្ងរនៅក្នុងទីក្រុង តំបន់ឧស្សាហកម្ម តំបន់ទំនាបឬតំបន់ដែលឡោមព័ទ្ធដោយភ្នំ និងកន្លែងដែលមានខ្យល់បក់មិនបានល្អ។

ការបំពុលខ្យល់អាចផ្ទុកលោហៈធ្ងន់ ដូចជាបារត និងសំណ, សារធាតុសរីរាង្គពុលអូសបន្លាយ(POPs), និងសារធាតុគីមីពុលដទៃទៀតដូចជាស៊ុលហ្វ័រឌីអុកស៊ីត(sulfur dioxide)។

ប្រសិនបើអ្នកកំពុងតាមដានការបំពុលខ្យល់ក្នុងសហគមន៍ ជាការសំខាន់អ្នកគួរដឹងថាសារធាតុគីមីណាខ្លះដែលមាននៅក្នុងខ្យល់។ ប៉ុន្តែត្រូវចាំថា ការដឹងពីរបៀបការពារខ្លួនអ្នកនិងសហគមន៍អ្នកពីគ្រោះថ្នាក់នៃការបំពុលខ្យល់ គឺសំខាន់ជាងការដឹងថាអ្វីពិតប្រាកដដែលស្ថិតនៅក្នុងខ្យល់។

ការបំពុលខ្យល់បណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺមហារីក និងជំងឺផ្លូវដង្ហើមជាច្រើន។ ការបំពុលខ្យល់បណ្តាលឲ្យមានភ្លៀងអាស៊ីតដែលបំផ្លាញព្រៃឈើ ប្រភពទឹក និងសំណង់អាគារ ក៏ដូចជាសួតរបស់យើងផងដែរ។ ម្យ៉ាងទៀត ការបំពុលខ្យល់គឺជាមូលហេតុចម្បងមួយនៃការឡើងកម្តៅផែនដី

People cover their noses and mouths as they walk on an overpass over a busy highway.

ការតាមដានការបំពុលខ្យល់

ការតាមដានការបំពុលខ្យល់ គឺជាមធ្យោបាយមួយដែលត្រូវបានប្រើប្រាស់ដោយសហគមន៍ ក្នុងអំឡុងយុទ្ធនាការប្រឆាំងនឹងការបំពុលរបស់ក្រុមហ៊ុនឬឧស្សាហកម្ម។ ការតាមដាននេះអនុញ្ញាតឲ្យប្រជាជនជាច្រើនចូលរួមក្នុងយុទ្ធនាការ ក៏ដូចជាការបង្កើតភស្តុតាងដើម្បីដាក់សម្ពាធលើក្រុមហ៊ុនឬឧស្សាហកម្មឲ្យបញ្ឈប់ការបំពុល។

ការតាមដាន ឬការត្រួតពិនិត្យការបំពុលខ្យល់ ចាប់ផ្តើមពីគំនិតសាមញ្ញៗរបស់អ្នក។ ដើម្បីដឹងថាការបំពុលខ្យល់ផ្តល់ផលប៉ះពាល់អ្វីខ្លះលើសហគមន៍របស់អ្នក ចូរសុំឲ្យប្រជាជនកត់ត្រាអំពីអ្វីដែលពួកគេធុំក្លិន មើលឃើញ ស្តាប់ឮ ភ្លក់រសជាតិ ឬមានអារម្មណ៍ដឹង។ កាលណាប្រជាជនធ្វើបែបនេះកាន់តែច្រើន នោះសហគមន៍នឹងមានឱកាសល្អប្រសើរក្នុងការកំណត់អំពីការបំពុលនិងបញ្ឈប់វា។

មធ្យោបាយកងពលធុងទឹក

EHB Ch20 Page 455-1.png

សហគមន៍ខ្លះតាមដានខ្យល់ដោយប្រើប្រាស់មធ្យោបាយសាមញ្ញនិងចំណាយតិចមួយ ហៅថា “កងពលធុងទឹក។ ធុងទឹកប្លាស្ទិកមួយចំណុះ៥ហ្កាឡុង ដែលមានសន្ទះស្នប់មួយ និងថង់ពិសេសមួយ ត្រូវបានប្រើប្រាស់សម្រាប់ដាក់គំរូខ្យល់។ ពេលបើកសន្ទះស្នប់ក្នុងពេលមានការបញ្ចេញសារធាតុពុល ឬនៅពេលណាដែលខ្យល់ហាក់ដូចជាមានភាពពុលខ្លាំង, នោះបរិមាណខ្យល់បន្តិចបន្តួចនឹងត្រូវបានស្រូបចូលទៅក្នុងថង់។ បន្ទាប់មកគេយកថង់នោះចេញពីធុង រួចបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីស្វែងរកថាតើវាមានសារធាតុគីមីអ្វីខ្លះ។

ការយកគំរូខ្យល់ទៅធ្វើតេស្ត៍នៅមន្ទីរពិសោធន៍ គឺជាផ្នែកដែលចំណាយច្រើនបំផុតនៅក្នុងមធ្យោបាយកងពលធុងទឹក។ ប្រទេសភាគច្រើនមិនមានមន្ទីរពិសោធន៍របស់ខ្លួនដែលអាច(ឬនឹង)ធ្វើតេស្ត៍គំរូខ្យល់យ៉ាងត្រឹមត្រូវទេ ដូច្នេះពួកគេអាចត្រូវបញ្ជូនទៅប្រទេសអឺរ៉ុបឬសហរដ្ឋអាមេរិក។ សហគមន៍ខ្លះរៃអង្គាសប្រាក់ដើម្បីបង្កើតមធ្យោបាយកងពលធុងទឹក ដោយការប្រមូលតាមផ្ទះ ឬការប្រារព្ធពិធីរាំច្រៀង ឬការជួបប្រជុំតាមផ្ទះ។

សហគមន៍ជាច្រើនប្រើប្រាស់មធ្យោបាយកងពលធុងទឹក ជាមួយនឹងសហគមន៍ដទៃទៀតដែលរៀបចំសកម្មភាពដូចជាការធ្វើបទសម្ភាសន៍និងការស្ទង់មតិ។ ពួកគេក៏រាយការណ៍ពីការបញ្ចេញសារធាតុពុលទៅឲ្យប្រព័ន្ធផ្សព្វផ្សាយនិងរដ្ឋាភិបាលផងដែរ និងព្យាយាមបង្ខំរោងចក្រស្លប្រេងកាតនិងឧស្សាហកម្មបំពុលដទៃទៀត ឲ្យប្រើប្រាស់ឧកបរណ៍ដែលមានសុវត្ថិភាពប្រសើរ និងកាត់បន្ថយការបំភាយ។

មធ្យោបាយកងពលធុងទឹកនៃក្រុម “ការងារមូលដ្ឋាន”

ទីក្រុងឌូបាន នៃប្រទេសអាហ្វ្រិកខាងត្បូង គឺជាទីក្រុងដែលឡោមព័ទ្ធទៅដោយរោងចក្រស្លប្រេងកាត និងបំពង់បង្ហូរប្រេង, រោងចក្រគីមី, រោងចក្រវាយនភណ្ឌនិងក្រដាស, និងរណ្តៅសំរាមពុល។ រៀងរាល់ថ្ងៃ ប្រជាជនក្នុងក្រុងឌូបាន ប្រឈមនឹងការបំពុលខ្យល់កម្រិតខ្ពស់ ការបំពុលទឹក និងបញ្ហាសុខភាពគ្រប់បែបយ៉ាងដែលបណ្តាលមកពីការប្រឈមជាប្រចាំនឹងសារធាតុគីមីពុល។ ឧប្បត្តិហេតុឧស្សាហកម្ម ការធ្លាយអាងស្តុក និងការធ្លាយបំពង់ប្រេង កើតឡើងជាញឹកញាប់ ដែលបណ្តាលឲ្យមានភ្លើងឆេះ និងបំផ្លាញដីល្បាយខ្សាច់ និងប្រភពទឹកក្នុងដី។

នៅឆ្នាំ១៩៩៩ ក្រុមមួយហៅថា “ការងារមូលដ្ឋាន” ត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនក្នុងក្រុងឌូបានឲ្យតាមដានការបំពុលខ្យល់។ សហគមន៍បានប្រើមធ្យោបាយកងពលធុងទឹក ដើម្បីធ្វើតេស្ត៍ខ្យល់នៅពេលណាមានការឆាបឆេះឧស្ម័ន ការផ្ទុះ ឬការសាយភាយសារធាតុពុល។ បន្ទាប់មកពួកគេផ្ញើថង់ដែលពេញទៅដោយខ្យល់ពុលនេះ ទៅកាន់មន្ទីរពិសោធន៍មួយនៅក្នុងសហរដ្ឋអាមេរិកដើម្បីធ្វើតេស្ត៍។

ការធ្វើតេស្ត៍នៅមន្ទីរពិសោធន៍បានរកឃើញសារធាតុពុលកម្រិតខ្ពស់ ដូចជាស៊ុលហ្វ័រឌីអុកស៊ីត(sulfur dioxide) នីត្រូហ្សែនអុកស៊ីត(nitrogen oxide) និងបង់ហ្សែន(benzene)។ លទ្ធផលតេស្ត៍នៃគំរូខ្យល់ដែលប្រមូលមកតំបន់ក្បែរសាលារៀន បានបង្ហាញថា កុមារបានប្រឈមនឹងការបំពុលក្នុងកម្រិតយ៉ាងខ្ពស់មួយដែលដូចគ្នានឹងការឈរពេញមួយថ្ងៃ រៀងរាលថ្ងៃ នៅលើផ្លូវហាយវ៉េដ៏កុះករ។

A newspaper with the headlines "300th Toxic Release Reported at Chemical Plant" and "Residents for Cleaner Air."


សកម្មជនទាំងឡាយបានបង្ហាញលទ្ធផលតេស្ត៍នេះទៅឲ្យរដ្ឋាភិបាល និងឧស្សាហកម្មពុលទាំងឡាយ ហើយថែមទាំងប្រកាសនៅតាមវិទ្យុ កាសែត និងតាមកន្លែងផ្សេងៗក្នុងសហគមន៍។ ក្រុមហ៊ុនប្រេងរដ្ឋមួយបាននិយាយថា តេស្ត៍នេះគ្មានភាពសុក្រិតទេ ហើយក៏បានយកគំរូខ្យល់មកពិនិត្យដោយខ្លួនឯង។ ប៉ុន្តែលទ្ធផលតេស្ត៍របស់ពួកគេបង្ហាញថា មានកម្រិតជាតិពុលរឹតតែខ្ពស់ទៅទៀត!

មធ្យោបាយកងពលធុងទឹក បានជួយបង្កើតចលនាមួយនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការបំពុលក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ដោយមានសម្ពាធកាន់តែខ្លាំងឡើងៗពីចលនាយុត្តិធម៌បរិស្ថាន រដ្ឋាភិបាលក៏បានអនុម័តច្បាប់នៃគុណភាពខ្យល់នៅឆ្នាំ២០០។ ទីក្រុងឌូបានក៏បានដំឡើងប្រព័ន្ធតាមដានខ្យល់របស់ខ្លួន។ ចាប់ពីពេលនោះមក ការបំពុលខ្យល់ត្រូវបានឃើញថាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

មធ្យោបាយកងពលធុងទឹក បានជួយសមាជិកសហគមន៍ឲ្យមានអារម្មណ៍រឹងមាំ ក្លាហាន និងហ៊ានតស៊ូជាមួយឧស្សាហកម្មពុលទាំងឡាយ។ ជាមួយនឹងសេចក្តីជឿជាក់ខ្ពស់ ពួកគេបានបង្ខំរដ្ឋាភិបាលឲ្យស្តាប់យោបល់របស់ពួកគេ។

នៅមានបញ្ហាបំពុលយ៉ាងធ្ងន់ធ្ងរមួយទៀតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ដោយសាររោងចក្រគីមី រោងចក្រស្លប្រេងកាត និងបំពង់ប្រេង មានសភាពចាស់ ពួកគេប្រឈមគ្រោះថ្នាក់ខ្ពស់នៃឧប្បត្តិហេតុនានាដែលអាចកើតឡើង។ ប៉ុន្តែតាមរយៈការរួមបញ្ចូលគ្នារវាងការរៀបចំសហគមន៍យ៉ាងរឹងមាំ ជាមួយនឹងឧបករណ៍សម្រាប់ប្រមូលគំរូនៃភាពបំពុល, ប្រជាជននៃក្រុងឌូបាន បានធ្វើឲ្យខ្លួនគេមានសុវត្ថិភាពប្រសើរ។ ហើយពួកគេបានបង្ហាញប្រជាជនដទៃទៀតនៅក្នុងប្រទេសនិងទូទាំងពិភពលោក ថាប្រជាជនអាចធ្វើឲ្យឧស្សាហកម្មនិងរដ្ឋាភិបាលទទួលខុសត្រូវលើការបំពុលរបស់ខ្លួន។

នៅពេលមានការបញ្ចេញសារធាតុពុល

រោងចក្រគីមី រោងចក្រស្លប្រេងកាត និងរោងចក្រដទៃទៀត អាចមានឧប្បត្តិហេតុផ្សេងៗដែលធ្វើឲ្យបញ្ចេញសារធាតុគីមីពុលយ៉ាងច្រើនក្នុងពេលភ្លាម។ ម្យ៉ាងទៀត នៅក្នុង“ការថែទាំជាប្រចាំ” រោងចក្រស្លប្រេងកាត ក៏បញ្ចេញឧស្ម័នពុលផងដែរ។ ការបញ្ចេញសារធាតុពុលអាចមើលទៅដូចជាដុំពពកផ្សែងឬភ្លើងយ៉ាងធំ ឬមានក្លិនឆួលភ្លាម។ បែបនេះគួរឲ្យរន្ធត់ណាស់។ វាក៏អាចធ្វើឲ្យស្លាប់ដែរ។

ក្នុងរយៈពេលខ្លី ប្រជាជនអាចអនុវត្តជំហានមួយចំនួនក្នុងពេលនិងក្រោយពេលមានការបញ្ចេញសារធាតុពុលនិងការកំពប់គីមីមួយលើកៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់(មើលសេចក្តីបន្ថែម ក)។ ក្នុងរយៈពេលវែង សហគមន៍ត្រូវរៀបចំសកម្មភាពផ្សេងៗដើម្បីដាក់សម្ពាធលើឧស្សាហកម្មនិងរដ្ឋាភិបាលឲ្យអនុវត្តបទបញ្ជាសុវត្ថិភាព។

ក្នុងពេលបញ្ចេញសារធាតុពុល ៖

  • អាស្រ័យលើស្ថានភាព និងភាពរហ័សរហួនរបស់អ្នក ជួនកាលអ្នកគ្រាន់តែនៅក្នុងផ្ទះ គឺមានសុវត្ថិភាព។ ក្នុងស្ថានភាពខ្លះទៀត អ្នកត្រូវរត់ចេញពីតំបន់នោះឲ្យឆាប់បំផុត ទើបមានសុវត្ថិភាព។ ការបណ្តុះបណ្តាល និងផែនការភាពអាសន្នក្នុងសហគមន៍ នឹងជួយអ្នកឲ្យដឹងថាពេលណាគួរនៅក្នុងពេល និងពេលណាគួរចេញពីផ្ទះ។
  • កត់ត្រាហេតុការណ៍មួយចំនួន។ កត់ចំណាំពេលវេលានៃការបញ្ចេញ និងរយៈពេលនៃការបញ្ចេញ។ ដូចគ្នាដែរ គួរកត់ចំណាំលើក្លិន គំហ៊ើញ សំឡេង និងប្រតិកម្មរាងកាយផ្សេង(អារម្មណ៍ក្នុងខ្លួន)ដែលចម្លែកៗ ព្រមទាំងប្រតិកម្មនៃប្រជាជនដទៃនិងសត្វដែលនៅជុំវិញអ្នក។ ព័ត៌មានទាំងនេះអាចមានសារសំខាន់នៅពេលក្រោយ ក្នុងពេលធ្វើសកម្មភាពសហគមន៍។
  • ថតរូបភាពនិងរូបវីដេអូ ប្រសិនបើអាចថតដោយសុវត្ថិភាព។ អ្នកអាចប្រើប្រាស់វានៅពេលក្រោយនៅក្នុងតុលាការឬយុទ្ធនាការផ្សេង។

ក្រោយពេលបញ្ចេញសារធាតុពុល ៖

  • ប្រសិនបើប្រជាជនបានប្រឈមនឹងសារធាតុគីមី ជួយនាំពួកគេឲ្យទៅគ្លីនិកឬមន្ទីរពេទ្យភ្លាម។
  • ទាក់ទងអាជ្ញាធរនិងប្រព័ន្ធផ្សព្វផ្សាយដើម្បីរាយការណ៍ពីអ្វីដែលបានកើតឡើង។
  • រៀបចំការប្រជុំមួយដើម្បីប្រាប់មនុស្សទាំងអស់គ្នានៅក្នុងសហគមន៍ឲ្យដឹងថាមានអ្វីកើតឡើង រួចរៀបចំការឆ្លើយតបរបស់សហគមន៍។
  • លើកទឹកចិត្តសមាជិកសហគមន៍ឲ្យចែករំលែកបទពិសោធន៍និងអារម្មណ៍របស់ខ្លួន។ បែបនេះនឹងជួយប្រជាជនឲ្យងើបចេញពីព្រឹត្តិការណ៍នោះ ព្រមទាំងបង្កើតសាមគ្គីភាពក្នុងសហគមន៍។
ការគូសចំណាំនៅលើប្រតិទិន គឺជាវិធីដ៏ល្អមួយក្នុងការកត់ត្រាអំពីការបញ្ចេញសារធាតុពុល។
A calendar with the notation "2:25pm. White smoke from factory. Smell of rotten eggs."