Hesperian Health Guides
សន្តិសុខអាហារក្នុងទីក្រុង
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១២. សន្តិសុខអាហារក្នុងសហគមន៍ > សន្តិសុខអាហារក្នុងទីក្រុង
អាហាររបស់ប្រជាជន
ក៏ដូចជាតំបន់ទីក្រុងជាច្រើននៅក្នុងសហរដ្ឋអាមេរិកដែរ រដ្ឋវ៉េស្ត៍អូកលែន(West Oakland)ក្នុងប្រទេសកាណាដា មានហាងជាច្រើនដែលលក់ស្រានិងអាហារវេចខ្ចប់ ច្រើនជាងហាងដែលលក់អាហារសុខភាពថ្មីស្រស់។ ដោយសារហាងដែលមានលក់អាហារសុខភាព បានកំណត់តម្លៃខ្ពស់ពេកសម្រាប់ប្រជាជនភាគច្រើនក្នុងសហគមន៍ ទើបមានប្រជាជនជាច្រើនក្នុងរដ្ឋវ៉េស្ត៍អូកលែន ខ្វះអាហារូបត្ថម្ភ ឬលើសទម្ងន់។ បញ្ហាញៀនស្រា ការប្រើថ្នាំលើសកម្រិត និងអំពើហឹង្សា ធ្វើឲ្យសហគមន៍នេះមានគ្រោះថ្នាក់ណាស់សម្រាប់ការរស់នៅ។ ប្រជាជនស្ទើរតែ១ភាគ៤នៅក្នុងរដ្ឋវ៉េស្ត៍អូកលែន ពឹងផ្អែកលើកម្មវិធីអាហារបន្ទាន់។
ដោយមើលឃើញពីបញ្ហានេះ ប្រជាជនមួយចំនួនបានចូលរួមគ្នាក្នុងការនាំយកអាហារសុខភាពមកកាន់សហគមន៍ក្នុងតម្លៃមួយដែលប្រជាជនអាចចំណាយបាន។ ពួកគេចាប់ផ្តើមដោយការរៃអង្គាសប្រាក់ដើម្បីទិញរថយន្តដឹកទំនិញមួយ។ ពួកគេលាបថ្នាំពណ៌ភ្លឺ រួចដាក់ប្រព័ន្ធភ្លេងដើម្បីចាក់បទចម្រៀងពេញនិយម។ រៀងរាល់សប្តាហ៍ពួកគេបើករថយន្តទៅផ្សាររបស់កសិករដែលនៅផ្នែកផ្សេងៗនៃទីក្រុង រួចដឹកមកវិញនូវបន្លែនិងផ្លែឈើថ្មីស្រស់។ ពួកគេចតរថយន្តនៅកាច់ជ្រុងផ្លូវដែលប្រជាជនជួបជុំគ្នា ចាក់ចម្រៀងដើម្បីទាក់ទាញប្រជាជន និងលក់អាហារថ្មីស្រស់ក្នុងតម្លៃទាប។ នៅពេលលក់អាហារ ពួកគេនិយាយជាមួយប្រជាជនអំពីសារសំខាន់នៃរបបអាហារដែលមានសុខភាព។
ពួកគេហៅផ្សារចល័តរបស់ខ្លួនថា "អាហាររបស់ប្រជាជន" ហើយក៏អញ្ជើញប្រជាជនក្នុងសហគមន៍ឲ្យចូលរួមជាមួយពួកគេ។ ប្រជាជនខ្លះសម្រេចចិត្តចាប់ផ្តើមធ្វើសួនដំណាំក្នុងសហគមន៍ដើម្បីផលិតអាហារថ្មីស្រស់ឲ្យរថយន្ត "អាហាររបស់ប្រជាជន" ជាអ្នកលក់។ ប្រជាជនក្មេងចាស់ធ្វើការជាមួយគ្នា និងរៀនសូត្រការដាំដំណាំ។ ប្រជាជនដទៃទៀតធ្វើសួនដំណាំផ្ទាល់ខ្លួន។ មិនយូរប៉ុន្មាន សាលារៀននិងមណ្ឌលសហគមន៍ក៏ធ្វើសួនដំណាំរបស់ខ្លួនដែរ។ អាហារភាគច្រើនដែលបានមកពីសួនដំណាំទាំងនេះ ត្រូវបានលក់តាមរថយន្ត "អាហារបស់ប្រជាជន"។
បន្ទាប់ពីមានជោគជ័យក្នុងសហគមន៍ "អាហាររបស់ប្រជាជន" បានសុំអាជ្ញាធរក្រុងឲ្យឧបត្ថម្ភដី មូលនិធិ និងការផ្សាយពាណិជ្ជកម្ម។ ជាមួយនឹងការគាំទ្រខ្លះៗពីអាជ្ញាធរ ពួកគេគិតថាគម្រោងរបស់ខ្លួនអាចផ្តល់អាហារដល់ប្រជាជនជាច្រើនបន្ថែមទៀត។
"អាហាររបស់ប្រជាជន" បន្តបង្កើតប្រព័ន្ធអាហារ និងសេដ្ឋកិច្ចក្នុងតំបន់ ដោយកែលម្អសន្តិសុខអាហារសម្រាប់មនុស្សគ្រប់គ្នានៅក្នុងរដ្ឋវ៉េស្ត៍អូកលែន។ "អាហាររបស់ប្រជាជន" និយាយថា មិនគួរមាននរណាម្នាក់រស់នៅដោយគ្មានអាហារសុខភាពដោយសារតែពួកគេក្រីក្រ ឬរស់នៅក្នុងទីក្រុងទេ។ ពួកគេនិយាយថា ៖ ដើម្បីមានសន្តិសុខអាហារ យើងត្រូវការយុត្តិធម៌អាហារ!
ដើម្បីបង្កើតសន្តិសុខអាហារនៅក្នុងទីក្រុង អាជ្ញាធរក្រុងត្រូវតែជួយ
សាច់រឿងនៃ "អាហាររបស់ប្រជាជន" បង្ហាញអំពីវិធីដែលសហគមន៍ក្រីក្រក្នុងទីក្រុងធ្វើការរួមគ្នាដោះស្រាយបញ្ហានៃសន្តិសុខអាហារដោយខ្លួនឯង។ កម្មវិធីដែលពួកគេបង្កើត បានជួយមនុស្សជាច្រើន ប៉ុន្តែមិនបានជួយដោះស្រាយបញ្ហានៃសន្តិសុខអាហារបានទាំងស្រុងទេ។
- ហេតុអ្វីបានជាប្រជាជនក្នុងរដ្ឋវ៉េស្ត៍អូកលែន គ្មានអាហារសុខភាព?
- តើ"អាហាររបស់ប្រជាជន"ធ្វើដូចម្តេចដើម្បីទាក់ទាញប្រជាជនឲ្យចាប់អារម្មណ៍លើអាហារសុខភាព?
- តើអាជ្ញាធរក្រុងអាចចូលរួមគាំទ្រគម្រោងបែបនេះយ៉ាងដូចម្តេច?
- តើក្រុមឬស្ថាប័នអ្វីខ្លះដែល"អាហាររបស់ប្រជាជន"អាចធ្វើការជាមួយដើម្បីជួយគម្រោងរបស់គេ?
- តើអ្នកអាចជួយគាំទ្រសន្តិសុខអាហារនៅក្នុងសហគមន៍របស់អ្នកយ៉ាងដូចម្តេច?
គោលនយោបាយអាហារស្ថិរភាពសម្រាប់ទីក្រុង
ដើម្បីមានសន្តិសុខអាហារជានិរន្តរ៍ ត្រូវពិភាក្សាអំពីទិដ្ឋភាពទាំងអស់នៃជីវិតនិងការអភិវឌ្ឍក្នុងទីក្រុង។ ប្រជាជនដែលទទួលខុសត្រូវលើការធ្វើផែនការផ្នែកដឹកជញ្ជូន ការអប់រំ មុខរបរ និងការអភិវឌ្ឍផ្ទះសម្បែងថ្មីៗ គួរគិតអំពីវិធីដែលប្រជាជនរកអាហារនៅក្នុងទីក្រុង។ ការផ្តល់ជាដីសម្រាប់សួនដំណាំក្នុងសហគមន៍ មធ្យោបាយដឹកជញ្ជូនដំណាំទៅទីផ្សារ និងការបង្រៀនអំពីសន្តិសុខអាហារនិងអាហារូបត្ថម្ភនៅសាលារៀន សុទ្ធតែជាគំនិតដែលអាជ្ញាធរក្រុងអាចប្រើប្រាស់ដើម្បីជួយប្រជាជននាពេលបច្ចុប្បន្ន ខណៈដែលធ្វើឲ្យប្រាកដថានឹងមានសន្តិសុខអាហារល្អប្រសើរនាពេលអនាគត។
ឬ | ||
តូបដែលលក់អាហារសុខភាពក្នុងតម្លៃសមរម្យ ជួយគាំទ្រសុខភាពសហគមន៍។ |