Hesperian Health Guides
មូលហេតុផ្នែកសង្គម និងផ្នែកនយោបាយនៃភាពអត់ឃ្លាន
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១២. សន្តិសុខអាហារក្នុងសហគមន៍ > មូលហេតុផ្នែកសង្គម និងផ្នែកនយោបាយនៃភាពអត់ឃ្លាន
ភាពអត់ឃ្លានអាចបណ្តាលមកពីបញ្ហាជាច្រើន ដូចជាដីគ្មានជីជាតិ ការប្រែប្រួលបរិយាកាស ខ្វះលទ្ធភាពទទួលបានទឹកប្រើប្រាស់ និងច្រើនទៀត។ ប៉ុន្តែក្នុងសហគមន៍ភាគច្រើន ភាពអត់ឃ្លានគឺបណ្តាលមកពីភាពក្រីក្រ។ នៅពេលកសិករមានប្រាក់ចំណូលតិចតួចឬគ្មាន ឬប្រជាជនគ្មានប្រាក់ទិញអាហារ នោះប្រជាជននឹងមានភាពអត់ឃ្លាន។ ដើម្បីយល់ដឹងអំពីមូលហេតុឫសគល់នៃភាពក្រីក្រនិងភាពអត់ឃ្លាននៅក្នុងសហគមន៍មួយ អ្នកគួរក្រឡេកមើលទៅលើបញ្ហានៃសន្តិសុខអាហារដែលប៉ះពាល់ដល់សហគមន៍ជាទូទៅ។
មូលហេតុផ្នែកសង្គម និងផ្នែកនយោបាយ នៃភាពអត់ឃ្លាន |
ការគ្រប់គ្រងដោយសាជីវកម្ម បង្កគ្រោះថ្នាក់ដល់សន្តិសុខអាហារ
នៅពេលគេចាត់ទុកអាហារថាគ្រាន់តែជាផលិតផលមួយសម្រាប់លក់និងទិញ ជាជាងអ្វីដែលប្រជាជនទាំងអស់ត្រូវការ និងមានសិទ្ធិទទួលបាន នោះប្រាក់ចំណូលពីការលក់អាហារ ក្លាយជាមានសារសំខាន់ជាងការផ្តល់អាហារដល់ប្រជាជនទៅទៀត ហើយសុខភាពសហគមន៍នឹងរងគ្រោះ។ បច្ចុប្បន្ន ប្រជាជនជាច្រើនទិញអាហារតាមហាងនានាដែលគ្រប់គ្រងដោយសាជីវកម្មធំ។ ពួកគេទិញអាហារដែលផលិតដោយសាជីវកម្មធំៗ ដាំនៅលើដីដែលគ្រប់គ្រងដោយសាជីវកម្មធំៗ ប្រើប្រាស់គ្រាប់ពូជ ជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលផលិតដោយសាជីវកម្មធំ។
នៅពេលគេចាត់ទុកអាហារថាគ្រាន់តែជាផលិតផលមួយសម្រាប់លក់និងទិញ ជាជាងអ្វីដែលប្រជាជនទាំងអស់ត្រូវការ និងមានសិទ្ធិទទួលបាន នោះប្រាក់ចំណូលពីការលក់អាហារ ក្លាយជាមានសារសំខាន់ជាងការផ្តល់អាហារដល់ប្រជាជនទៅទៀត ហើយសុខភាពសហគមន៍នឹងរងគ្រោះ។ បច្ចុប្បន្ន ប្រជាជនជាច្រើនទិញអាហារតាមហាងនានាដែលគ្រប់គ្រងដោយសាជីវកម្មធំ។ ពួកគេទិញអាហារដែលផលិតដោយសាជីវកម្មធំៗ ដាំនៅលើដីដែលគ្រប់គ្រងដោយសាជីវកម្មធំៗ ប្រើប្រាស់គ្រាប់ពូជ ជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលផលិតដោយសាជីវកម្មធំ។
នៅពេលសហគមន៍ទាំងឡាយ និងប្រទេសជាតិទាំងមូល ក្លាយជាពឹងផ្អែកលើទីផ្សារអាហារសកល នោះសាជីវកម្មនឹងទទួលផលប្រយោជន៍ពី"អសន្តិសុខ"អាហារនេះ។ នៅពេលទីផ្សារមិនអាចបំពេញតម្រូវការអាហាររបស់ប្រជាជនបាន ប្រជាជននឹងមានភាពអត់ឃ្លាន ហើយសាជីវកម្មទទួលផលប្រយោជន៍បន្ថែមទៀតតាមរយៈការលក់អាហារឲ្យរដ្ឋាភិបាលដើម្បីចែកឲ្យប្រជាជនជាជំនួយអាហារ។
ដរាបណាប្រជាជនមិនអាចគ្រប់គ្រងសន្តិសុខអាហាររបស់ខ្លួនទេ នោះភាពអត់ឃ្លានគឺជាផលិតផលធំបំផុតរបស់សាជីវកម្មដែលគ្រប់គ្រងនិងចែកចាយអាហារ។
ការរកគ្រាប់ពូជដែលបាត់បង់មកវិញ ដើម្បីតស៊ូនឹងភាពរាំងស្ងួត
នៅប្រទេសហ្សីមបាវី កសិករធ្លាប់បានដាំធញ្ញជាតិជាច្រើនប្រភេទ។ ក្នុងអំឡុងបដិវត្តន៍បៃតងនៅទសវត្សរ៍១៩៦០ រដ្ឋាភិបាលនិងទីភ្នាក់ងារអន្តរជាតិបាននាំចូលពោតប្រភេទថ្មីមកឲ្យកសិករដាំដុះ។ កសិករចូលចិត្តពោតកាត់ពូជនេះណាស់ ព្រោះវាមានផ្លែធំៗ លូតលាស់ឆាប់រហ័ស និងងាយលក់។ រដ្ឋាភិបាលបានទិញដំណាំរបស់ពួកគេយ៉ាងច្រើន រួចលក់ឲ្យប្រទេសដទៃ និងលក់ក្នុងទីក្រុងក្នុងប្រទេសហ្សីមបាវីដែលខ្វះខាតអាហារ។ បន្ទាប់មក ពោតបានក្លាយជាអាហារពេញនិយមបំផុតក្នុងប្រទេសហ្សីមបាវី ហើយកសិករភាគច្រើនដាំដំណាំនេះក្នុងផ្ទៃដីយ៉ាងធំ។
បន្ទាប់មកភាពរាំងស្ងួតក៏មកដល់។ នៅប្រទេសហ្សីមបាវីនិងប្រទេសដទៃទៀតក្នុងទ្វីបអាហ្វ្រិកខាងត្បូង មានទឹកភ្លៀងតិចតួចធ្លាក់លើស្រែចម្ការកសិករ។ ពោតលូតលាស់មិនល្អ ហើយដំណាំដទៃទៀតមានតិចតួចបំផុត។ គ្រួសារជាច្រើនបានបម្រុងធញ្ញជាតិរបស់ខ្លួនសម្រាប់ពេលរាំងស្ងួត ប៉ុន្តែភាគច្រើននៃពោតដែលបានបម្រុងទុក បានរលួល។ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះស្រូវមីយេ(millet) និងស្រូវសាឡី ដែលពួកគេធ្លាប់ដាំពីមុន អាចទុកបានជាច្រើនរដូវ។
នៅពេលភ្លៀងចាប់ផ្តើមធ្លាក់វិញ វាមានព្យុះយ៉ាងធំដែលបក់ផ្តាច់ដំណាំរបស់ពួកគេ និងហូរដាច់ស្រទាប់ដីដ៏មានតម្លៃពីស្រែចម្ការរបស់ពួកគេ។ ភាពអត់ឃ្លានកើតឡើងយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសហ្សីមបាវី ដែលធ្វើឲ្យរដ្ឋាភិបាលបង្ខំចិត្តសុំជំនួយអាហារពីអង្គការសហប្រជាជាតិ។ ការដឹកជញ្ជូនពោតតាមយន្តហោះធំៗក៏បានមកដល់ ហើយពោតត្រូវបានចែកឲ្យប្រជានអត់ឃ្លានទៅទូទាំងប្រទេស។ ប៉ុន្តែជំនួយអាហារ និងធញ្ញជាតិកាត់ពូជថ្មី មិនអាចដោះស្រាយបញ្ហានៃភាពអត់ឃ្លាននិងសន្តិសុខអាហារបានយូរអង្វែងទេ។
កសិករយល់ថាពួកគេមិនអាចនាំទឹកភ្លៀងមកច្រើនទេ ប៉ុន្តែពួកគេអាចផ្លាស់ប្តូរវិធីធ្វើកសិកម្មដែលប្រើប្រាស់ទឹកភ្លៀងឲ្យកាន់តែមានប្រយោជន៍។ កសិករចាប់ផ្តើមប្រមូលនិងដាំគ្រាប់ពូជពីដំណាំធញ្ញជាតិតូចៗ ដូចជាស្រូវសាឡី និងស្រូវមីយេដែលតែងតែដុះយ៉ាងល្អក្នុងប្រទេសហ្សីមបាវី។ កសិករដាំធញ្ញជាតិគ្រប់ប្រភេទទាំងអស់ដែលអាចរកបាន។ ប្រសិនបើភាពរាំងស្ងួតបំផ្លាញដំណាំមួយមុខ នោះដំណាំដទៃនឹងនៅរស់រាន។ កសិករខ្លះបានទុកគល់ដំណាំរបស់ខ្លួនឲ្យរលួយនៅក្នុងដីស្រែចម្ការបន្ទាប់ពីប្រមូលផលរួច។ ធ្វើដូចនេះជួយការពារស្រទាប់ដីរបស់ពួកគេមិនឲ្យហូរដាច់ក្នុងពេលមានភ្លៀងខ្លាំង។ មូលហេតុមួយទៀតគឺថាដីរបស់ពួកគេនៅតែទន់និងល្អសម្រាប់ដាំដំណាំ។ កសិករខ្លះទៀតដាំសណ្តែកសៀង បន្ទាប់ពីប្រមូលផលធញ្ញជាតិរួច ដើម្បីឲ្យនៅតែមានអ្វីមួយលូតលាស់ជានិច្ច។ ពួកគេអាចយកសណ្តែកទាំងនេះឲ្យគោក្របីស៊ី ហើយរុក្ខជាតិនេះក៏ជួយទប់ដីនិងបង្កើនជីជាតិដល់ដីផងដែរ។
សព្វថ្ងៃនៅតែមានភ្លៀងតិចតួចដដែលនៅក្នុងប្រទេសហ្សីមបាវី។ ប៉ុន្តែកសិករនៅទីនោះលែងពឹងផ្អែកលើធញ្ញជាតិកាត់ពូជ ឬជំនួយអាហារពីអន្តរជាតិទៀតហើយ ហើយអាចបង្ការភាពអត់ឃ្លានបានកាន់តែល្អ តាមរយៈការដាំដំណាំដែលអាចរស់ក្នុងពេលមានភាពរាំងស្ងួត។
មធ្យោបាយធ្វើកសិកម្មរបស់បដិវត្តន៍បៃតង
ចាប់តាំងពីពេលដែល "បដិវត្តន៍បៃតង" ចាប់ផ្តើមក្នុងទសវត្សរ៍១៩៦០មក សាជីវកម្មនិងទីភ្នាក់ងារអន្តរជាតិនានាបានអះអាងថា ពួកគេអាច"ផ្តល់អាហារដល់ពិភពលោកទាំងមូល" ដោយ"គ្រាប់ពូជដែលមានការកែលម្អ" ជីគីមី និងថ្នាំសម្លាប់សត្វល្អិត។ ខណៈដែលពួកគេមានជោគជ័យក្នុងការគ្រប់គ្រងដីកសិកម្ម ការផ្គត់ផ្គង់គ្រាប់ពូជ ប្រព័ន្ធទីផ្សារនិងចែកចាយ និងផ្សេងៗទៀត ពួកគេបានបរាជ័យក្នុងការបញ្ឈប់ភាពអត់ឃ្លានក្នុងពិភពលោក ហើយជាញឹកញាប់ពួកគេធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរថែមទៀត។
លទ្ធភាពតិចក្នុងការទទួលបានទឹកប្រើប្រាស់
ដំណាំត្រូវការទឹកដើម្បីលូតលាស់។ ដោយសារកសិដ្ឋានធំៗប្រើប្រាស់ទឹកកាន់តែច្រើនឡើងៗ ទើបកសិករតូចៗមានទឹកកាន់តែតិចតួចសម្រាប់ប្រើប្រាស់។ នៅពេលទឹកត្រូវបានបំពុល ឬគ្រប់គ្រងដោយឯកជន នោះសិទ្ធិទទួលបានទឹកប្រើប្រាស់ ជួបការគំរាមកំហែង។ មានវិធីច្រើនយ៉ាងក្នុងការគ្រប់គ្រងដីនិងទឹកដើម្បីថែរក្សាប្រភពទឹកបានល្អ(មើលជំពូក៩ : ការការពារទីជម្រាល និងជំពូក១៥: កសិកម្មប្រកបដោយចិរភាព) ប៉ុន្តែវិធីសាស្ត្រទាំងនេះត្រូវមានការការពារនិងលើកកម្ពស់ពីរដ្ឋាភិបាលនិងទីភ្នាក់ងារអន្តរជាតិផ្សេងៗដែលគាំទ្រសិទ្ធិរបស់ប្រជាជនក្នុងការទទួលបានទឹកប្រើប្រាស់។
ការបាត់បង់ដី
នៅពេលដីភាគច្រើនត្រូវបានគ្រប់គ្រងដោយមនុស្សឬសាជីវកម្មមួយក្តាប់តូច នោះវាធ្វើឲ្យមានបញ្ហាអាហារយ៉ាងច្រើន។ កសិករតូចៗជាច្រើននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីដីស្រែចម្ការរបស់ខ្លួន ហើយផ្លាស់ទីលំនៅទៅទីក្រុង ឬធ្វើការនៅចម្ការដំណាំធំៗឬក្នុងរោងចក្រ។ ដោយសារតែពួកគេលែងមានដីសម្រាប់ដាំដំណាំដោយខ្លួនឯង ឬគ្មានប្រាក់សម្រាប់ទិញអាហារសុខភាពតទៅទៀត នោះពួកគេក្លាយទៅជាជនរងគ្រោះនៃភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភ។
ជាទូទៅ កសិដ្ឋាននិងសាជីវកម្មធំៗដាំដំណាំតែមួយមុខប៉ុណ្ណោះ, ជួលកម្មករតិចតួច, ប្រើប្រាស់ម៉ាស៊ីនច្រើន, ប្រើប្រាស់យ៉ាងច្រើននូវជីគីមី ថ្នាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់រុក្ខជាតិមិនចង់បាន, រួចលក់ផលិតផលទៅឆ្ងាយៗពីកន្លែងដាំដុះ ដែលជាញឹកញាប់គឺលក់ទៅប្រទេសដទៃៗទៀត។ បែបនេះធ្វើឲ្យមានអាហារតិចមុខ អាហារូបត្ថម្ភកាន់តែមិនល្អ ប្រាក់ចំណូលតិចតួចសម្រាប់កម្មករកសិដ្ឋាន ប៉ះពាល់បរិស្ថានកាន់តែខ្លាំង និងមានអាហារតិចតួចនៅក្នុងតំបន់។ វាក៏បង្កគ្រោះថ្នាក់ដល់វប្បធម៌ក្នុងតំបន់ផងដែរ ព្រោះប្រជាជនមិនអាចថែរក្សាវប្បធម៌នៃការដាំដំណាំនិងការថែទាំដីតទៅទៀត។
លទ្ធភាពតិចក្នុងការទទួលបានឥណទាននិងទីផ្សារ
ដោយហេតុថាកសិកម្មពឹងផ្អែកលើអាកាសធាតុ និងតម្លៃទីផ្សារ ដូច្នេះកសិករជួនកាលខ្ចីប្រាក់គេរហូតដល់ពេលប្រមូលផល ឬរហូតដល់ពេលទីផ្សារបានប្រសើរឡើង។ ធនាគារភាគច្រើនមិនព្រមឲ្យកសិករតូចតាចខ្ចីប្រាក់ទេ ប៉ុន្តែឲ្យប្រាក់កម្ចីយ៉ាងច្រើនដល់កសិដ្ឋានធំៗនិងមានអំណាច។ បែបនេះធ្វើឲ្យកសិករតូចតាច ព្រមទាំងគ្រួសារនិងសហគមន៍របស់ពួកគេ មានភាពអត់ឃ្លាន។ ក្នុងករណីជាច្រើន វាក៏បង្ខំឲ្យពួកគេលះបង់ដីស្រែចម្ការរបស់ខ្លួនដែរ។
ការផ្លាស់ទីលំនៅ
នៅពេលប្រជាជនត្រូវបានបង្ខំឲ្យចាកចេញពីដីរបស់ខ្លួន ពួកគេក៏អាចបាត់បង់ចំណេះដឹងក្នុងការផលិតអាហារដែរ។ ប្រសិនបើមនុស្សក្មេងៗចាកចេញទៅទីក្រុងមុនពេលរៀនចេះពីការធ្វើកសិកម្ម នោះពួកគេនឹងមិនអាចបង្រៀនកូនរបស់ខ្លួនអំពីវិធីធ្វើកសិកម្មបានទៀតទេ ហើយការបាត់បង់ដីរបស់គ្រួសារ នឹងក្លាយជាអចិន្ត្រៃយ៍។
ជំងឺដែលឆ្លងរាលដាល
ពេលដែលជំងឺផ្សេង, ដូចជាមេរោគអេដស៍/ជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់, សម្លាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភបានកើនឡើង។ គ្រួសារនិងសហគមន៍កំពុងបាត់បង់មនុស្សពេញមួយជំនាន់ ដែលជាទូទៅគឺជាប្រជាជនដែលសកម្មបំផុតក្នុងការផលិតអាហារ។ ផលិតកម្មអាហារបាត់បង់នៅពេលគ្រួសារស្លាប់ ដោយចំណេះដឹងអំពីវិធីដាំដុះ ក៏ស្លាប់ទៅជាមួយពួកគេដែរ។ ការបង្ការនិងការព្យាបាលជំងឺទាំងនេះ មិនត្រឹមតែបង្ការភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភសម្រាប់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាមានសារសំខាន់សម្រាប់សន្តិសុខអាហាររបស់សហគមន៍ទាំងមូល។
ការខ្វះចំណេះដឹង
នៅកន្លែងជាច្រើន ប្រជាជនបានបាត់បង់ចំណេះដឹងពីបុរាណអំពីវិធីផលិតអាហារ។ ហើយដោយសារតែស្ថានភាពមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស, ដូចជាសហគមន៍កុះករ ដីមិនសូវមានជីជាតិ និងការប្រែប្រួលអាកាសធាតុ, មធ្យោបាយចាស់ៗច្រើនតែលែងមានប្រសិទ្ធភាព។ នៅពេលប្រជាជនមិនចេះពីវិធីផលិតអាហារ លទ្ធផលរបស់វាគឺភាពអត់ឃ្លាន និងការខ្វះសន្តិសុខ។ ដំណោះស្រាយមួយចំពោះបញ្ហានេះ គឺការថែរក្សា ផ្ទេរ និងកែលម្អចំណេះដឹង តាមរយៈសាលារៀននៅស្រែចម្ការ កម្មវិធីកសិករអប់រំកសិករ និងសេវាពង្រីកផ្នែកកសិកម្ម។
ភាពអត់ឃ្លានបណ្តាលមកពីកង្វះអាហារ។ កង្វះអាហារច្រើនតែបណ្តាលមកពីកង្វះយុត្តិធម៌។ |