Hesperian Health Guides

អធិបតេយ្យភាពអាហារ គឺជាសិទ្ធិរបស់មនុស្ស

នៅក្នុងជំពូកនេ:

ប្រជាជនទាំងអស់មានសិទ្ធិទទួលបានអាហារដែលមានសុវត្ថិភាព មានសុខភាព និងសមស្របតាមវប្បធម៌របស់ពួកគេ។ អធិបតេយ្យភាពអាហារ គឺជាសិទ្ធិក្នុងការសម្រេចអំពីប្រព័ន្ធអាហាររបស់យើងផ្ទាល់ និងប្រាកដថាសហគមន៍ទាំងអស់មានសន្តិសុខអាហារ។

"វិថីកសិករ" លើកកម្ពស់ការគ្រប់គ្រងអាហាររបស់ប្រជាជន

កសិករតូចតាចជាច្រើនមិនអាចទទួលបានប្រាក់កំរៃសមរម្យសម្រាប់ដំណាំរបស់ខ្លួនទេ។ មូលហេតុមួយគឺថា ច្បាប់ពាណិជ្ជកម្មអន្តរជាតិផ្តល់ផលប្រយោជន៍តែចំពោះប្រទេសអ្នកមាននិងម្ចាស់កសិដ្ឋានធំៗប៉ុណ្ណោះ។ ជាញឹកញាប់ កសិករមិនអាចទទូលបានតម្លៃសមរម្យទេ សូម្បីតែក្នុងទីផ្សារក្នុងតំបន់ក៏ដោយ ព្រោះអាហារនាំចូលមានតម្លៃទាបជាង។ បញ្ហានេះបង្ខំឲ្យកសិករលក់ដំណាំក្នុងតម្លៃទាប ហើយធ្វើឲ្យពួកគេលង់កាន់តែជ្រៅទៅក្នុងបំណុល ភាពក្រីក្រ និងភាពអត់ឃ្លាន។

ឆ្លើយតបទៅនឹងបញ្ហានេះ កសិករនៅក្នុងប្រទេសជាច្រើនបានរួបរួមគ្នាបង្កើតចលនាមួយហៅថា Vía Campesina (ជាភាសាអេស្ប៉ាញមានន័យថា "វិថីកសិករ")។ "វិថីកសិករ" បានប្រមូលអង្គការកសិករជាច្រើន ឲ្យរួបរួមគ្នាដើម្បីពង្រឹងសមត្ថភាពរបស់កសិករក្នុងការទទួលបានតម្លៃសមរម្យ ថែរក្សាដីនិងប្រភពទឹក និងដើម្បីមានការគ្រប់គ្រងលើមធ្យោបាយផលិតនិងចែកចាយអាហារ។ សម្រាប់ "វិថីកសិករ" ប្រជាជនអាចទទួលបានសន្តិសុខអាហារ តាមរយៈអធិបតេយ្យភាពអាហារតែប៉ុណ្ណោះ — គឺនៅពេលដែលកសិករមានសិទ្ធិសម្រេចថាអាហារអ្វីដែលគេផលិត និងថ្លៃប៉ុន្មានដែលពួកគេអាចលក់បាន, និងនៅពេលដែលអ្នកប្រើប្រាស់មានសិទ្ធិសម្រេចថាអាហារអ្វីដែលពួកគេចង់ទិញ និងថាពួកគេចង់ទិញពីអ្នកណា។

នៅកន្លែងខ្លះ "វិថីកសិករ" បានដាក់សម្ពាធលើអ្នកនយោបាយនិងសាជីវកម្ម ឲ្យឆ្លើយតបចំពោះការទាមទាររបស់សហជីពកសិករក្នុងតំបន់។ នៅកន្លែងដទៃទៀត ពួកគេជួយគាំទ្រកសិករគ្មានដីធ្លីដែលធ្វើការទាមទារដីស្រែចម្ការដែលមិនបានប្រើប្រាស់។ ពួកគេក៏បានជួយបង្កើតស្ថាប័ននានាក្នុងតំបន់ដើម្បីចែកចាយអាហារយ៉ាងសមរម្យទៅដល់ប្រជាជនដែលត្រូវការបំផុត។

នៅពេលគ្រោះរញ្ជូយផែនដី និងមហាសមុទ្រយក្ខស៊ូណាមី បានវាយប្រហារប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០០៥ ប្រជាជនភាគច្រើនដែលរងគ្រោះពីមហន្តរាយនេះ គឺជាកសិករនិងអ្នកនេសាទ។ "វិថីកសិករ" បានផ្តល់ជំនួយដល់ជនរងគ្រោះដែរ ប៉ុន្តែជំនួសឲ្យការនាំយកអាហារនិងសម្ភារៈពីតំបន់ខាងក្រៅទៅឲ្យជនរងគ្រោះ ពួកគេបានធ្វើការជាមួយអង្គការក្នុងតំបន់ដើម្បីទិញអាហារ ឧបករណ៍ និងសម្ភារៈផ្សេងៗពីផលិតករតូចតាចវិញ។ ពួកគេបានលើកឡើងនូវចំណុចសំខាន់ៗដូចជា ប្រភពនៃជំនួយអាហារ(ទោះបីជាអាហារក្នុងតំបន់ ឬនាំចូលដ៏ដោយ), វិធីដែលអាចសាងសង់កសិដ្ឋានឡើងវិញ(ទោះបីជាលើកកម្ពស់ផលិតកម្មប្រចាំគ្រួសារឬសាជីវកម្មអាហារធំៗក៏ដោយ), និងវិធីពង្រឹងអង្គការក្នុងតំបន់(ធ្វើឲ្យពួកគេលែងពឹងផ្អែកលើជំនួយ)។

ប្រាក់ភាគច្រើនដែល "វិថីកសិករ" រកបាន គឺត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ឡើងវិញយូរអង្វែង ដូចជាការសាងសង់ផ្ទះសម្បែងនិងទូកនេសាទឡើងវិញ, ការផលិតឧបករណ៍ថ្មីៗសម្រាប់កសិករនិងអ្នកនេសាទ, និងការកែប្រែដីកសិកម្មឲ្យមានផលិតភាពឡើងវិញ។ តាមរយៈការផ្តោតអារម្មណ៍ទៅលើការពឹងផ្អែកលើខ្លួនឯងនៃប្រជាជនដែលរងគ្រោះដោយមហន្តរាយ, "វិថីកសិករ" មិនត្រឹមតែលើកកម្ពស់ការស្តារឡើងវិញរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែក៏លើកកម្ពស់អធិបតេយ្យភាពអាហារយូរអង្វែងផងដែរ។