Hesperian Health Guides
១២. សន្តិសុខអាហារក្នុងសហគមន៍
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១២. សន្តិសុខអាហារក្នុងសហគមន៍ > តើអ្វីទៅជាសន្តិសុខអាហារក្នុងសហគមន៍?
យើងអាចទទួលបានអាហារដែលមានភាពកខ្វក់ដោយសារសត្វល្អិត សារធាតុគីមីពុល មេរោគ, ឬអាហារបង្កាត់ពូជ ប៉ុន្តែវានឹងមិនផ្តល់នូវរបបអាហារដែលមានសុវត្ថិភាពនិងសុខភាពទេ។ ម្យ៉ាងទៀត ប្រសិនបើគ្មានកន្លែងចម្អិនអាហារប្រកបដោយសុវត្ថិភាព និងពេលវេលានិងឧសគ្រប់គ្រាន់ទេ ប្រជាជននឹងបរិភោគអាហារកែច្នៃ(កំប៉ុង)យ៉ាងច្រើន ដែលអាចបណ្តាលឲ្យមានបញ្ហាសុខភាពផ្សេង។
មាតិកា
គ្រាប់ពូជ១០គ្រាប់
សកម្មភាពនេះអាចជួយប្រជាជនឲ្យយល់ស្របគ្នាអំពីបញ្ហាបន្ទាន់បំផុតនៃសន្តិសុខអាហាររបស់សហគមន៍ពួកគេ បន្ទាប់មកជួយជំរុញទឹកចិត្តពួកគេឲ្យធ្វើការផ្លាស់ប្តូរផ្សេងៗដែលនឹងកែលម្អដល់សន្តិសុខអាហារក្នុងសហគមន៍។
ពេលវេលា ៖ ២ម៉ោង
សម្ភារៈ ៖ គ្រាប់ពូជ១០គ្រាប់សម្រាប់ក្រុមនីមួយ, ប៊ិចឬហ្វឺតពណ៌, ផ្ទាំងក្រដាសធំៗ
- ១. បែងចែកប្រជាជនជាក្រុមៗដែលមានគ្នាពី៨ទៅ១០នាក់។ ប្រាប់ក្រុមនីមួយៗឲ្យនិយាយអំពីចំណុចផ្សេងៗដែលបង្កើតបានជាសន្តិសុខអាហារ ដូចជាផលិតកម្មអាហារ ការរក្សាទុកអាហារ ឥណទាន តូបនិងផ្សារដែលលក់អាហារល្អៗ ដីល្អសម្រាប់ដាំដំណាំ និងចំណុចផ្សេងៗទៀត។ សហគមន៍ជនបទដែលធ្វើកសិកម្ម បរបាញ់សត្វ រកត្រី នឹងមានបញ្ហាសន្តិសុខអាហារខុសៗគ្នាពីប្រជាជនដែលរស់នៅទីក្រុង។ និយាយអំពីចំណុចផ្សេងៗដែលបង្កើតបានជាសន្តិសុខអាហារនៅក្នុងតំបន់ដែលអ្នករស់នៅ។ សរសេរឬគូររូបនៅលើផ្ទាំងក្រដាសធំ ដើម្បីបង្ហាញផ្នែកផ្សេងៗនៃសន្តិសុខអាហារ។
- ២. ចែកគ្រាប់ពូជដល់ក្រុមនីមួយៗចំនួន១០គ្រាប់ រួចប្រាប់ឲ្យពួកគេសម្រេចចិត្តថាតើផ្នែកណាខ្លះនៃសន្តិសុខអាហារដែលកំពុងបង្កបញ្ហានៅក្នុងសហគមន៍ ដោយដាក់គ្រាប់ពូជបន្ថែមចំពោះបញ្ហាដែលកើតញឹកញាប់បំផុត។ ឧទាហរណ៍ ៖ តើមានគ្រួសារខ្លះជួបប្រទះភាពអត់ឃ្លានដោយសារតែការរក្សាទុកអាហារមិនបានល្អដែរឬទេ? ឬដោយសារគ្មានមធ្យោបាយដឹកជញ្ជូនអាហារទៅកាន់ទីផ្សារ ឬគ្មានផ្សារដែលអ្នកអាចទិញអាហារ? ឬដោយសារសត្វល្អិតស៊ីដំណាំ ដីគ្មានជីជាតិ ឬខ្វះទឹក? សំនួរទាំងនេះនឹងជួយក្រុមទាំងឡាយឲ្យកំណត់ពីចំណុចខ្សោយនៃសន្តិសុខស្បៀងរបស់ពួកគេ។ មនុស្សផ្សេងៗគ្នានៅក្នុងសហគមន៍ នឹងមានបញ្ហាខុសៗគ្នាដែរ។ ត្រូវប្រាកដថាបញ្ហារបស់មនុស្សគ្រប់គ្នាត្រូវបានលើកឡើង។
- ៣. បន្ទាប់ពីក្រុមនីមួយៗបានកំណត់ពីបញ្ហានៃសន្តិសុខអាហាររួចហើយ ចូរពិភាក្សាថាតើធនធានក្នុងសហគមន៍អ្វីខ្លះដែលអាចជួយបាន។ ប្រសិនបើផលិតកម្មអាហារ គឺជាបញ្ហាធំបំផុត តើមានប្រជាជនដែលមានចំណេះដឹងនិងជំនាញដើម្បីចាប់ផ្តើមធ្វើសួនដំណាំតាមផ្ទះ ឬដើម្បីកែលម្អមធ្យោបាយកសិកម្មដែរឬទេ? ប្រសិនបើការរក្សាទុកអាហារ គឺជាបញ្ហាធំបំផុត តើមានគំនិតអ្វីខ្លះដែលអាចកែលម្អវាបាន? ប្រសិនបើគ្មានទីផ្សារ តើមានមធ្យោបាយបង្កើតតូបសហករណ៍ដើម្បីលក់អាហារល្អៗដែរឬទេ? ឬត្រូវទិញឬជួលរថយន្តសម្រាប់ដឹកជញ្ជូនអាហារទៅក្នុងសហគមន៍ឬទេ? គំនិតទាំងអស់ត្រូវបានផ្តល់តម្លៃ។
- ៤. បន្ទាប់ពីបានពិភាក្សាអំពីដំណោះស្រាយផ្សេងៗ ឲ្យក្រុមនីមួយៗយកផ្ទាំងក្រដាសធំមួយទៀត មកគូររូបឬសរសេរអំពីដំណោះស្រាយដែលទំនងជាអាចអនុវត្តបានជាងគេ។ បន្ទាប់មករាយគ្រាប់ពូជទៅតាមដំណោះស្រាយនីមួយៗ ដោយដាក់គ្រាប់ពូជបន្ថែមលើដំណោះស្រាយណាដែលទំនងជាអាចធ្វើបានច្រើនជាងគេ។
- ៥. បន្ទាប់ពីក្រុមនីមួយៗបានសម្រេចចិត្តអំពីបញ្ហានិងដំណោះស្រាយរួចហើយ ឲ្យក្រុមទាំងអស់រួមបញ្ចូលគ្នាវិញ។ ជ្រើសរើសដំណោះស្រាយ១ឬ២ដែលត្រូវបានលើកឡើងច្រើនជាងគេ ដោយប្រើប្រាស់គ្រាប់ពូជទាំង១០ដដែល ឬគ្រាន់តែលើកដៃគាំទ្រក៏បាន។ ពិភាក្សាអំពីវិធីអនុវត្តលើដំណោះស្រាយទាំងនេះ។ តើអ្នកណាខ្លះដែលចាំបាច់ត្រូវចូលរួម ហើយធនធានអ្វីខ្លះដែលសហគមន៍អាចផ្តល់ឲ្យ? តើកិច្ចការនេះអាចចាប់ផ្តើមនៅពេលណា? កំណត់គោលដៅយូរអង្វែង ដូចជា "នៅ២ឆ្នាំទៀត នឹងគ្មាននរណាម្នាក់ក្នុងសហគមន៍ ជួបប្រទះភាពអត់ឃ្លានទៀតទេ"។ ហើយក៏គួរកំណត់ទិសដៅឆាប់ៗផងដែរ ដូចជាប្រមូលធនធានក្នុងសហគមន៍រៀងរាល់ខែ ដើម្បីបើកតូបលក់រយៈពេល៣ខែ ឬរៀបចំដីសម្រាប់ដាំដំណាំនៅពេលរដូវធ្វើស្រែចម្ការចាប់ផ្តើម។
អាហារូបត្ថម្ភ និងសន្តិសុខអាហារ
កង្វះអាហារូបត្ថម្ភស្ងួត ៖ កុមារនេះមានតែស្បែក និងឆ្អឹង |
នៅពេលប្រជាជនឈឺ ឬខ្វះអាហារូបត្ថម្ភ ពួកគេមិនសូវសកម្មទេ ហើយក៏មិនសូវមានសមត្ថភាពក្នុងការដាំដុះ ដងទឹក និងថែរក្សាអនាម័យផ្ទះសម្បែងនិងបរិស្ថានដែរ។ ប៉ុន្តែនៅពេលដែលអាហារល្អៗអាចចំណាយបាន ផលិតក្នុងមធ្យោបាយដែលមានស្ថិរភាព និងរកបាននៅក្នុងទីផ្សារក្នុងតំបន់ នោះប្រជាជននឹងមានលទ្ធភាពទទួលបានរបបអាហារល្អៗនិងចម្រុះ។
ការបរិភោគមិនបានល្អ ធ្វើឲ្យរាងកាយចុះខ្សោយ និងបណ្តាលឲ្យមាន ៖
- ជំងឺរាកធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារ។
- ជំងឺកញ្ច្រឹលលើកុមារកាន់តែមានគ្រោះថ្នាក់។
- ការមានផ្ទៃពោះនិងការសម្រាលមានគ្រោះថ្នាក់ ហើយទារកកើតមកមានមាឌតូចខ្លាំង ឬមានពិការភាព ដូចជាការលូតលាស់ប្រាជ្ញាយឺត។
- ភាពស្លេកស្លាំង ជាពិសេសចំពោះស្ត្រី។
- ជំងឺរបេងកាន់តែកើតមានញឹកញាប់ និងមានភាពធ្ងន់ធ្ងរឆាប់រហ័ស។
- ជំងឺទឹកនោមផ្អែមដែលជាជំងឺកើតឡើងនៅពេលរាងកាយមិនអាចប្រើប្រាស់ជាតិស្ករបានត្រឹមត្រូវ កាន់តែកើតមានញឹកញាប់។
កង្វះអាហារូបត្ថម្ភសើម ៖ កុមារនេះមានតែស្បែក ឆ្អឹង និងទឹក |
- បញ្ហាតូចតាចកាន់តែកើតមានញឹកញាប់ ដូចជាផ្តាសាយធម្មតា និងកាន់តែធ្ងនធ្ងរ ឈានទៅដល់ជំងឺរលាកសួត និងរលាកទងសួត។
- អ្នកមានមេរោគអេដស៍ ឬជំងឺអេដស៍ ឈឺកាន់តែឆាប់ ហើយថ្នាំរបស់ពួកគេលែងមានប្រសិទ្ធភាព។
- ជំងឺស៊ីលីកូ ជំងឺហឺត ការពុលលោហៈធ្ងន់ និងបញ្ហាដទៃទៀតដែលបង្កឡើងដោយការប៉ះពាល់ជាមួយសារធាតុគីមីពុល (ព័ត៌មានបន្ថែមមើល ជំពូកទី ២០)។
កុមារដែលខ្វះអាហារូបត្ថម្ភ លូតលាស់យឺតយ៉ាវ និងរៀនខ្សោយ ឬរាងកាយខ្សោយពេកមិនអាចទៅសាលារៀនបាន។
កង្វះអាហារូបត្ថម្ភគឺជាបញ្ហាពិសេសសម្រាប់កុមារតូចៗ ហើយយើងត្រូវតែព្យាបាលឲ្យវាភ្លាម។ ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហាទាំងនេះ និងអំពីរបៀបដែលសារធាតុចិញ្ចឹមល្អអាចបង្ការការខ្វះអាហារូបត្ថម្ភ សូមអានសៀវភៅវេជ្ជសាស្ត្រទូទៅ ដូចជា ទីណាគ្មានវេជ្ជបណ្ឌិត។
អាហារវេចខ្ចប់ មិនល្អសម្រាប់សុខភាពទេ
នៅពេលប្រជាជនគ្មានដីសម្រាប់ដាំដំណាំ រស់នៅក្នុងទីក្រុងដ៏កុះករ មិនអាចទិញអាហារល្អៗពីផ្សារ ឬបាត់បង់ទំនៀមទម្លាប់ដែលជួយពួកគេឲ្យបរិភោគអាហារល្អ ពួកគេច្រើនតែបរិភោគអាហារវេចខ្ចប់ដែលមានសារធាតុចិញ្ចឹមតិចតួច។ ជាញឹកញាប់អាហារទាំងនេះត្រូវបានចម្អិនក្នុងរបៀបម្យ៉ាងដែលធ្វើឲ្យបាត់សារធាតុចិញ្ចឹម, កែច្នៃដោយប្រើសារធាតុគីមី, ចៀនឬឆារក្នុងប្រេង, និងមានជាតិស្ករនិងអំបិលយ៉ាងច្រើន។ ក្នុងបរិមាណតិចតួច អាហារបែបនេះអាចនឹងគ្មានគ្រោះថ្នាក់ទេ។ ប៉ុន្តែនៅពេលប្រជាជនបរិភោគអាហារនេះជាប្រចាំ ជំនួសឲ្យអាហារដែលមានសារធាតុចិញ្ចឹម នោះអាហារទាំងនេះនឹងរារាំងយើងមិនឲ្យទទួលបានអាហារូត្ថម្ភដែលយើងត្រូវការ។
នៅពេលប្រជាជនបរិភោគអាហារវេចខ្ចប់ច្រើន ពួកគេទំនងជាលើសទម្ងន់ និងមានបញ្ហាសុខភាពដូចជា សម្ពាធឈាមខ្ពស់ ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល គ្រួសក្នុងប្រម៉ាត់ ទឹកនោមផ្អែម និងប្រភេទមួយចំនួននៃជំងឺមហារីក។ ដូច្នេះបានជាមនុស្សអាចខ្វះអាហារូបត្ថម្ភ និងលើសទម្ងន់ក្នុងពេលតែមួយ។
នៅពេលមានការផ្លាស់ប្តូរលើការធ្វើកសិកម្ម ការបរិភោគក៏ផ្លាស់ប្តូរដែរ
នៅគ្រប់ទីកន្លែងក្នុងពិភពលោក កសិករកំពុងត្រូវបានបណ្តេញចេញពីដីធ្លីរបស់ខ្លួន។ ដីស្រែចម្ការដែលធ្លាប់ផលិតអាហារសម្រាប់ផ្គត់ផ្គង់សហគមន៍ក្នុងតំបន់ ឥឡូវបែរជាសម្រាប់នាំចេញទៅវិញ។ ការគ្រប់គ្រងដោយក្រុមហ៊ុនសាជីវកម្មទៅលើដីធ្លី គ្រាប់ពូជ ទីផ្សារ និងរបៀបបែងចែកអាហារ គឺមិនត្រឹមតែប៉ះពាល់ដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ដល់យើងទាំងអស់គ្នា។
អាហារល្អៗកាន់តែពិបាករកទៅ។ នៅក្នុងទីក្រុងជាច្រើន យើងអាចរកទិញអាហារវេចខ្ចប់ ស្រា និងឱសថខុសច្បាប់ បានងាយស្រួលជាងការរកទិញបន្លែនិងផ្លែឈើស្រស់។ តែពីរបីជំនាន់ប៉ុណ្ណោះ វាបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំធេងលើរបបអាហាររបស់យើង។ កាលពីមុន យាយតារបស់យើងភាគច្រើនបរិភោគអាហារដែលរៀបចំដោយគ្រឿងផ្សំស្រស់ៗ ចំណែកប្រជាជនសព្វថ្ងៃបរិភោគអាហារកែច្នៃយ៉ាងច្រើនដែលខ្វះសារធាតុចិញ្ចឹម ប៉ុន្តែសម្បូរសារធាតុទុកបានយូរ សារធាតុក្រអូប ល័ក្ខ, និងសារធាតុផ្អែម(ស្ករនិងទឹកស៊ីរ៉ូ) អំបិល និងខ្លាញ់យ៉ាងច្រើន។ ដូច្នេះ ក្នុងពេលដែលយើងភាគច្រើនបរិភោគអាហារច្រើនជាងកាលជំនាន់មុន ប៉ុន្តែអាហារដែលយើងបរិភោគគឺមិនសូវមានសុខភាពដូចកាលពីមុនទេ។
ការផ្លាស់ប្តូររបបអាហារ ប៉ះពាល់ដល់សុខភាពជនជាតិដើមអាមេរិក
ទើបតែពីរបីជំនាន់មុនប៉ុណ្ណោះ ជនជាតិដើមអាមេរិកមានរបបអាហារដ៏ល្អ ដែលពួកគេបានពីការបរបាញ់ ដាំដុះ និងបេះផ្លែឈើក្នុងព្រៃ។ នៅពេលខ្វះខាតសាច់ បន្លែ និងផ្លែឈើ ពួកគេនៅតែអាចរក "អាហាររស់រាន" បានទៀត ដូចជា មើមឈើ គ្រាប់ឈើ សម្បកឈើ និងសត្វព្រៃតូច។
ប្រហែល១០០ឆ្នាំមុន រដ្ឋាភិបាលអាមេរិកបានបង្ខំឲ្យជនជាតិដើមទៅរស់នៅក្នុងកន្លែងអភិរក្ស ហើយមិនអនុញ្ញាតឲ្យពួកគេបរបាញ់សត្វឬរកត្រីទេ។ ជាជាងការផ្តល់ឲ្យពួកគេនូវអាហារដែលពួកគេធ្លាប់បរិភោគ រដ្ឋាភិបាលបែរជាផ្តល់ឲ្យភាគច្រើនតែម្សៅមី ស្ករស និងដុំខ្លាញ់(ខ្លាញ់សត្វដែលបានកែច្នៃ)។ សព្វថ្ងៃ ជនជាតិដើមអាមេរិកជាច្រើននៅតែបរិភោគអាហាររបស់រដ្ឋាភិបាលនៅឡើយ។ នៅតំបន់អភិរក្សជាច្រើន អាហារដែលអាចរកបានគឺមានតែអាហារវេចខ្ចប់ប៉ុណ្ណោះ។ សូម្បីតែប្រជាជនដែលមិនទទួលអាហារពីរដ្ឋាភិបាល ភាគច្រើនបរិភោគមិនបានល្អទេ ដោយសារពួកគេមានជម្រើសផ្សេងតិចតួច។
ដោយសារតែពួកគេត្រូវបានបង្ខំឲ្យបរិភោគអាហារយ៉ាងច្រើនដែលខ្វះសារធាតុចិញ្ចឹម និងដោយសារតែពួកគេគ្មានអហារដែលរាងកាយត្រូវការ ដូច្នេះទើបជនជាតិដើមអាមេរិកជាច្រើនកំពុងលើសទម្ងន់ ព្រមទាំងរងគ្រោះពីជំងឺបេះដូងនិងបញ្ហាសុខភាពដទៃទៀតដែលទាក់ទងនឹងរបបអាហារមិនល្អ។ សព្វថ្ងៃជំងឺទឹកនោមផ្អែមគឺជាមូលហេតុនាំមុខគេមួយនៃការស្លាប់របស់ជនជនដើមអាមេរិក។
បញ្ហានេះបានធ្វើឲ្យជនជាតិដើមអាមេរិកមួយចំនួន ចាប់ផ្តើមស្រោចស្រង់ប្រពៃណីនិងសុខភាពរបស់ខ្លួនឡើងវិញ ដោយការយកមកវិញនូវអាហារតាមទំនៀមទម្លាប់របស់ខ្លួន។ ពួកគេកំពុងដាំពោត សណ្តែក ល្ពៅ ននោង, រកស្រូវក្នុងព្រៃ, រកត្រី, និងចិញ្ចឹមក្របីយកសាច់។ បុគ្គលិកសុខាភិបាលម្នាក់ជាជនជាតិដើមអាមេរិក មកពីជាតិឡាកូតា ដែលមានឈ្មោះថា រីឆាតអាយរិនខ្លោដ និយាយថា "ការផ្លាស់ប្តូរប្រពៃណីទំនៀមទម្លាប់ របៀបរបបរស់នៅ និងទម្លាប់នៃការបរិភោគ ធ្វើឲ្យជំងឺទឹកនោមផ្អែមកើនឡើង។ ការត្រឡប់ទៅរករបៀបបរិភោគតាមបែបដូនតាយើង អាចធ្វើឲ្យគ្មានជំងឺទឹកនោមផ្អែមឡើងវិញ"។
ទំនៀមទម្លាប់នៃការធ្វើកសិកម្ម ដូចជាការដាំដំណាំផ្សេងៗជាមួយគ្នា អាចធានានូវសុខភាពល្អ និងការពារដីធ្លីសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ |