Hesperian Health Guides
ការកែលម្អសន្តិសុខអាហារក្នុងតំបន់
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១២. សន្តិសុខអាហារក្នុងសហគមន៍ > ការកែលម្អសន្តិសុខអាហារក្នុងតំបន់
រដ្ឋាភិបាលមួយចំនួនផ្តល់ប្រាក់ជំនួយ(ប្រាក់សម្រាប់ជួយគាំទ្រកសិករ និងអ្នកទិញ ឬទាំងពីរ) ដើម្បីជាមធ្យោបាយកែលម្អសន្តិសុខអាហារ។ ប្រភេទប្រាក់ជំនួយរួមមាន ការគាំទ្រតម្លៃ ដើម្បីជួយកសិករឲ្យកំណត់តម្លៃខ្ពស់ដល់អាហារដែលគេផលិត និងការគ្រប់គ្រងតម្លៃ សម្រាប់អ្នកទិញអាហារ ដើម្បីប្រាកដាថាពួកគេអាចទិញអាហារសំខាន់ៗបាន។
ជាញឹកញាប់ ជំនួយពីរដ្ឋាភិបាលត្រូវបានប្រើប្រាស់មិនត្រឹមត្រូវ ព្រោះវាត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនសាជីវកម្មដែលមានកសិកម្មទំនើបធំៗ ឬដែលផលិតនិងចែកចាយអាហារមិនល្អសម្រាប់សុខភាព។ នៅពេលមានអំពើពុករលួយក្នុងជំនួយរដ្ឋាភិបាល ដោយសារសម្ពាធរបស់សាជីវកម្មធំៗ នោះលទ្ធផលភាគច្រើននឹងមានភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភកាន់តែច្រើន។
ប៉ុន្តែទោះជាមានឬគ្មានជំនួយពីរដ្ឋាភិបាលក៏ដោយ មានវិធីច្រើនយ៉ាងដែលប្រជាជនអាចកែលម្អសន្តិសុខអាហារក្នុងតំបន់បាន។ រាប់ចាប់ពីការដាំដំណាំតូចតាច រហូតដល់ការរៀបចំទីផ្សារសម្រាប់កសិករ ការផ្លាស់ប្តូរផ្សេងៗដែលកែលម្អសន្តិសុខអាហារ អាចផ្តល់លទ្ធផលយ៉ាងឆាប់រហ័ស និងជំរុញទឹកចិត្តប្រជាជនឲ្យធ្វើការផ្លាស់ប្តូរថែមទៀត។
អាហារក្នុងតំបន់ មានសុខភាពល្អ ថ្មីស្រស់ និងជួយគាំទ្រវប្បធម៌និងសេដ្ឋកិច្ចក្នុងតំបន់។ |
កម្មវិធីអាហារក្នុងសហគមន៍ ជួយថែរក្សាវប្បធម៌ក្នុងការធ្វើកសិកម្ម។ |
មាតិកា
គម្រោងអាហារក្នុងសហគមន៍
សន្តិសុខអាហារ មានភាពរឹងមាំបំផុតនៅពេលដែលអាហារត្រូវបានផលិតនិងចែកចាយក្នុងតំបន់។ អាហារដែលលូតលាស់ក្នុងតំបន់ មានភាពថ្មីស្រស់និងសារធាតុចិញ្ចឹមយ៉ាងប្រសើរ។ វាបង្កើតសេដ្ឋកិច្ចក្នុងតំបន់ ព្រោះប្រាក់ចរាចរទៅកាន់កសិករនិងអ្នកជំនួញ និងនៅក្នុងតំបន់។ ហើយវាក៏ជួយបង្កើនសម្ព័ន្ធភាពរវាងប្រជាជន ធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំ និងធ្វើឲ្យទីនោះមានលក្ខណៈប្រសើរក្នុងការរស់នៅ។ ដោយហេតុថាសហគមន៍ក្រីក្រ ភាគច្រើនមានដីនិងទីផ្សារអាហារតិចតួច ដូច្នេះការគ្រប់គ្រងឡើងវិញលើផលិតកម្មនិងការចែកចាយអាហារ គឺជាចំណុចសំខាន់ណាស់សម្រាប់ពួកគេ។
វិធីផ្សេងៗក្នុងការបង្កបង្កើនអាហារក្នុងតំបន់បន្ថែមទៀត
ភាគច្រើននៃគម្រោងទាំងនេះ អាចចាប់ផ្តើមដោយប្រើប្រាស់ដីឬប្រាក់តិចតួច ហើយជួយសហគមន៍ឲ្យមានអាហារថ្មីស្រស់បន្ថែមទៀត។
- សួនដំណាំក្នុងគ្រួសារ ផ្តល់បន្លែនិងផ្លែឈើល្អៗបន្ថែមទៀត ដល់អាហារប្រចាំថ្ងៃរបស់គ្រួសារ។
- សួនដំណាំក្នុងសាលារៀន អាចផ្តល់អាហារថ្មីស្រស់ដល់កុមារ និងជួយកុមារឲ្យបន្តការសិក្សាព្រោះវាផ្តល់សារធាតុចិញ្ចឹមដល់ពួកគេ។ ម្យ៉ាងទៀតសួនបន្លែនេះ បង្រៀនកុមារឲ្យចេះដាំដំណាំ ធ្វើឲ្យប្រាកដថាចំណេះដឹងដ៏សំខាន់មួយនេះនៅគង់វង្សជានិច្ច!
- សួនដំណាំក្នុងសហគមន៍ ផ្តល់អាហារនិងទីកន្លែងឲ្យប្រជាជនជួបជុំគ្នា បើទោះជាពួកគេគ្មានដីធ្លីក៏ដោយ។ សួនដំណាំក្នុងសហគមន៍ ក៏អាចជួយប្រជាជនឲ្យស្វែងយល់អំពីផលិតកម្មអាហារ ទទួលបានជំនាញ និងចាប់ផ្តើមជំនួញថ្មីៗ ដូចជាភោជនីយដ្ឋាន និងលក់នៅផ្សារ។ សូម្បីតែសួនដំណាំតូចៗក៏អាចធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំចំពោះសន្តិសុខអាហារដែរ។
- កសិកម្មដែលគាំទ្រសហគមន៍ គឺនៅពេលដែលកសិករលក់អាហាររបស់ខ្លួនដោយផ្ទាល់ទៅឲ្យអ្នកប្រើប្រាស់។ អ្នកប្រើប្រាស់បង់ប្រាក់ដល់កសិករនៅមុនពេលដាំដំណាំ បន្ទាប់មកពួកគេទទួលបានបន្លែ ផ្លែឈើ និងអាហារថ្មីស្រស់ដទៃទៀតជារៀងរាល់សប្តាហ៍ ពេញរដូវប្រមូលផល។ តាមរយៈការវិនិយោគបែបនេះ អ្នកប្រើប្រាស់នឹងជួយកសិករឲ្យមានការងារនិងជំនួញ ខណៈដែលពួកគេទទួលបានការផ្គត់ផ្គង់ដ៏គួរឲ្យទុកចិត្តនូវអាហារសម្បូរសារធាតុចិញ្ចឹម។
- កម្មវិធីសន្សំគ្រាប់ពូជ ជួយឲ្យប្រាកដថា ការផ្គត់ផ្គង់គ្រាប់ពូជបែបបុរាណនៅតែមានជាបន្ត។ ភាពចម្រុះនៃគ្រាប់ពូជ គឺជាមូលដ្ឋានគ្រឹះនៃកសិកម្មមានស្ថិរភាព និងសហគមន៍ឯករាជ្។
ការធ្វើឲ្យអាហារសុខភាពអាចរកទិញបានក្នុងតម្លៃសមរម្យ
សព្វថ្ងៃនេះពិភពលោកផលិតអាហារលើសពីគ្រប់គ្រាន់ទៅទៀតសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែនៅតែមានប្រជាជនខ្លះជួបភាពអត់ឃ្លាននៅឡើយ។ មួយផ្នែកគឺដោយសារតែអាហារមានតម្លៃខ្ពស់ជាងអ្វីដែលប្រជាជនអាចចំណាយបាន ហើយអាហារសុខភាពច្រើនតែមិនមានសម្រាប់ប្រជាជនក្រីក្របំផុតទេ។ ការគាំទ្រពីរដ្ឋាភិបាលគឺជាការសំខាន់ ដើម្បីធ្វើឲ្យអាហារមានតម្លៃសមរម្យសម្រាប់អ្នកទិញនិងអ្នកលក់។ វិធីមួយចំនួនដែលប្រជាជនអាចធ្វើឲ្យអាហារសុខភាពមានសម្រាប់មនុស្សគ្រប់គ្នាក្នុងតម្លៃសមរម្យ មានដូចជា ៖
- ទីផ្សាររបស់កសិករ កាត់បន្ថយថ្លៃដឹកជញ្ជូន និងតម្រូវការឈ្មួញកណ្តាល ដូច្នេះកសិករអាចរកប្រាក់ចំណូលបានថែមទៀត ឯអ្នកប្រើប្រាស់អាចចំណាយតិច។ ទីផ្សាររបស់កសិករ ក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់បានជួបនិយាយជាមួយកសិករផងដែរ។ បែបនេះជួយកសិករឲ្យយល់ដឹងពីតម្រូវការរបស់អ្នកប្រើប្រាស់ និងជួយអ្នកប្រើប្រាស់ឲ្យយល់ដឹងពីកិច្ចការរបស់កសិករក្នុងការនាំយកអាហារមកលក់នេះ។
- សហករណ៍អាហារ គឺជាទីផ្សារដែលមានកម្មសិទ្ធិមួយផ្នែកឬទាំងស្រុងរបស់បុគ្គលិកនិងប្រជាជនដែលទិញអាហារទីនោះ។ សមាជិកនៃសហករណ៍អាហារ បង់ប្រាក់មួយផ្នែកនៃវិក្កយបត្ររបស់ខ្លួនដោយធ្វើការនៅផ្សារ។ សហករណ៍អាហារភាគច្រើន ព្យាយាមទិញនិងលក់អាហារដែលដាំក្នុងតំបន់។
- សហករណ៍របស់កសិករ ជួយកសិករឲ្យទទួលបានតម្លៃកាន់តែប្រសើរពីអ្វីដែលពួកគេបានដាំ និងនៅតែអាចផ្តល់តម្លៃសមរម្យដល់អ្នកប្រើប្រាស់។
ការរក្សាទុកអាហារដោយសុវត្ថិភាព
ការរក្សាទុកអាហារដោយសុវត្ថិភាព មានសារសំខាន់ដូចគ្នានឹងលទ្ធភាពក្នុងការផលិតអាហារ ឬលទ្ធភាពក្នុងការទទួលបានអាហារដែរ។ ភាពរាំងស្ងួត ព្យុះ ទឹកជំនន់ សត្វល្អិតចង្រៃ ឬជំងឺ សុទ្ធតែអាចធ្វើឲ្យគ្រួសារឬសហគមន៍គ្មានអ្វីបរិភោគគ្រប់គ្រាន់ និងគ្មានអ្វីសម្រាប់លក់។ កម្មវិធីរក្សាទុកអាហារក្នុងសហគមន៍ អាចជួយឲ្យជំនះលើបញ្ហាទាំងនេះបាន។ (សម្រាប់ព័ត៌មានបន្ថែមអំពីសូមមើលការរក្សាទុកអាហារ និងការការពារអាហារពីសត្វល្អិតចង្រៃ សូមមើលទំព័រ305។ សម្រាប់វិធីបង្ការអាហារក្នុងផ្ទះមិនឲ្យផ្អូម ។
ឧទាហរណ៍ កោះតេម៉ូទូ(Temotu)ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ច្រើនតែជួបការវាយប្រហារដោយព្យុះហឺរីឃែន ដែលបំផ្លាញដំណាំជាច្រើន។ ដើម្បីកែលម្អសន្តិសុខអាហារ សហគមន៍នានាបានសាងសង់រណ្តៅសហគមន៍ធំៗដើម្បីរក្សាទុកដំឡូងមី ចេក និងខ្នុរ។ មនុស្សគ្រប់គ្នាចូលរួមជីកនិងបំពេញរណ្តៅ។ នៅពេលដំណាំត្រូវបានបំផ្លាញ ហើយប្រជាជនមានភាពអត់ឃ្លាន ពួកគេក៏ប្រើប្រាស់អាហារដែលបានរក្សាទុកទាំងនេះ។
ឃ្លាំងអាហារគឺជាកន្លែងប្រមូលរក្សាទុកអាហារ និងផ្តល់ទៅឲ្យអ្នកដែលត្រូវការបំផុត។ ឃ្លាំងអាហារជួយប្រជាជនក្នុងពេលមានវិបត្តិ។ ប៉ុន្តែដោយហេតុថា ប្រជាជនអាចពឹងលើឃ្លាំងអាហារនេះ ដូច្នេះវាអាចមិនមែនជាដំណោះស្រាយល្អសម្រាប់សន្តិសុខអាហារយូរអង្វែងឡើយ។
នៅពេលតំបន់ទាំងមូលមានភាពអត់ឃ្លាន ជំនួយអាហារពីទីភ្នាក់ងារអន្តរជាតិ អាចជួយពួកគេឲ្យឆ្លងផុតពីវិបត្តិបានមួយគ្រា។ ជំនួយអាហារគឺជាដំណោះស្រាយរយៈពេលខ្លីចំពោះសន្តិសុខអាហារ ប៉ុន្តែវាមិនអាចដោះស្រាយតម្រូវការយូរអង្វែងនៃអធិបតេយ្យភាពអាហារទេ។
សាលារៀននៅស្រែចម្ការសម្រាប់កុមារកំព្រាដោយសារមេរោគអេដស៍/ជំងឺអេដស៍
នៅប្រទេសមូហ្សាមប៊ិក ក៏ដូចជានៅប្រទេសជាច្រើនក្នុងទ្វីបអាហ្វ្រិកដែរ កុមាររាប់ពាន់នាក់បានក្លាយជាកំព្រាដោយសារឪពុកម្តាយរបស់ខ្លួនបានស្លាប់ដោយសារមេរោគអេដស៍/ជំងឺអេដស៍។ កុមារកំព្រានៅក្នុងតំបន់ជនបទ មានការប្រឈមខ្ពស់ទៅនឹងកង្វះអាហារូបត្ថម្ភ ជំងឺ ការរំលោភ និងអាជីវកម្មផ្លូវភេទ។ បន្ទាប់ពីឪពុកម្តាយរបស់ពួកគេបានស្លាប់ទៅ កុមារជាច្រើនក្លាយទៅជាមេគ្រួសារ ហើយត្រូវស្វែងរកវិធីរកប្រាក់ដែលជាការងារដ៏លំបាកនៅក្នុងតំបន់ជនបទ ព្រោះមានឱកាសការងារតិចតួច។ ទោះបីពួកគេចេញមកពីគ្រួសារកសិករក្តី កុមារទាំងនេះជាច្រើនមិនចេះធ្វើកសិកម្មទេ ព្រោះឪពុកម្តាយរបស់ពួកគេមានជំងឺធ្ងន់ធ្ងរពេកមិនអាចផ្ទេរចំណេះដឹងឲ្យពួកគេមុនពេលស្លាប់ទេ។
ដោយមានជំនួយពីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ និងអង្គការស្បៀងអាហារនិងកសិកម្ម ឥឡូវនេះសាលារៀនស្រែចម្ការជាច្រើន ចាប់ផ្តើមផ្តល់ការថែទាំដល់កុមារកំព្រាដោយសារជំងឺអេដស៍ជាច្រើននាក់។ ក្នុងសាលារៀនទាំងនេះ យុវជនអាយុរវាង១២ឆ្នាំនិង១៨ឆ្នាំ រស់នៅនិងធ្វើការជាមួយគ្នា និងរៀនសូត្រអំពីការធ្វើកសិកម្ម អាហារូបត្ថម្ភ ឱសថរុក្ខជាតិ និងជំនាញប្រចាំជីវិតផ្សេង។
មនុស្សវ័យក្មេងទាំងនេះរៀនអំពីមធ្យោបាយធ្វើកសិកម្មបែបបុរាណនិងសម័យ រួមទាំងការរៀបចំដី ការសាបព្រោះនិងការផ្សាំដំណាំ ការកាត់ស្មៅ ការបង្ហូរទឹកចូលស្រែ ការគ្រប់គ្រងសត្វល្អិតចង្រៃ ការប្រើប្រាស់និងអភិរក្សធនធាន ដំណើរការដាំដំណាំ ការប្រមូលផល ការរក្សាទុកអាហារ និងជំនាញទីផ្សារ។ ការច្រៀងរាំជួយពួកគេឲ្យមានការជឿជាក់លើខ្លួនឯង និងមានជំនាញសង្គម។ រោងល្ខោននិងក្រុមពិភាក្សា ត្រូវបានប្រើប្រាស់ដើម្បីនិយាយអំពីជំនាញប្រចាំជីវិតសំខាន់ៗ ដូចជាការបង្ការមេរោគអេដស៍/ជំងឺអេដស៍និងជំងឺគ្រុនចាញ់ សមភាពបុរសនិងស្ត្រី និងសិទ្ធិកុមារ។
សព្វថ្ងៃមានសាលារៀនស្រែចម្ការចំនួន២៨នៅក្នុងប្រទេសមូហ្សាមប៊ិក ហើយក៏មានច្រើនទៀតនៅប្រទេសកេនយ៉ា, ណាមីបៀ, ហ្សាមបៀ, ស្វាហ្សីលែន, និងតានហ្សានៀ ផងដែរ។ កុមារកំព្រារាប់ពាន់នាក់ត្រូវបានបណ្តុះបណ្តាលឲ្យក្លាយជាកសិករ។ បន្ទាប់ពីបញ្ចប់ការសិក្សា កុមារចាប់ផ្តើមកសិដ្ឋានតូចៗរបស់ខ្លួន ជាមួយប្រាក់ដែលរកបានពីការលក់ដំណាំរបស់ខ្លួន។ បុគ្គលិកសាលារៀនម្នាក់និយាយថា "ពេលយើងចាប់ផ្តើមសាលារៀនទាំងនេះដំបូង កុមារគ្មានអនាគតទេ។ ពួកគេភាគច្រើនចង់ធំឡើងក្លាយជាអ្នកបើករថយន្តដឹកទំនិញ ព្រោះវាជាជម្រើសតែមួយគត់ដែលពួកគេមើលឃើញ។ ឥឡូវនេះពួកគេចង់ក្លាយជាគ្រួបង្រៀន កសិវិទូ កសិករ និងវិស្វករ"។