Hesperian Health Guides
ការដឹកជញ្ជូន
បន្ថែមពីលើអគ្គិសនី ការប្រើប្រាស់ថាមពលដ៏ច្រើនបំផុតមួយទៀតនៅទូទាំងពិភពលោក គឺឥន្ធនៈសម្រាប់ការដឹកជញ្ជូន ដូចជារថភ្លើង យន្តហោះ និងរថយន្តតូចធំ។ ក៏ដូចករណីអគ្គិសនីដែរ ប្រជាជននៅក្នុងប្រទេសអ្នកមាន ប្រើប្រាស់ឥន្ធនៈសម្រាប់ការជញ្ជូន ច្រើនជាងប្រជាជនក្នុងប្រទេសក្រីក្រ។ ការបំពុលដោយសារការដុតឥន្ធនៈសម្រាប់ការដឹកជញ្ជូន គឺជាមូលហេតុចម្បងមួយនៃជំងឺមួយចំនួន ដូចជាជំងឺហឺត រលាកទងសួត និងមហារីក, និងក៏ជាមូលហេតុនៃការឡើងកម្តៅផែនដីផងដែរ។
ដើម្បីកាត់បន្ថយការដុតឥន្ធនៈ និងកាន់តែមានភាពស្មើគ្នាក្នុងការដឹកជញ្ជូន, ប្រជាជនក្នុងប្រទេសអ្នកមាន ជាពិសេសសហរដ្ឋអាមេរិក ត្រូវតែប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ(រថភ្លើង និងរថយន្តក្រុង) ឲ្យបានច្រើនថែមទៀត និងកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន។ ទីក្រុង និងប្រព័ន្ធដឹកជញ្ជូន ត្រូវតែលើកទឹកចិត្តការប្រើប្រាស់កង់ជំនួសរថយន្ត។
បញ្ហានៃឥន្ធនៈផលិតពីរុក្ខជាតិ
នៅពេលម៉ាស៊ីនយានយន្តទើបបង្កើតដំបូង វាត្រូវបានបង្កើតឲ្យដើរដោយឥន្ធនៈចេញពីរុក្ខជាតិ ដូចជាប្រេងបន្លែ ឬអាល់កុល។ ប៉ុន្តែមិនយូរប៉ុន្មាន នៅពេលប្រេងត្រូវបានផលិតអស់ប្រាក់តិច, សាំង និងម៉ាស៊ូត(ទាំងពីរនេះត្រូវបានផលិតចេញពីប្រេង) បានក្លាយទៅជាឥន្ធនៈចម្បងសម្រាប់ប្រើប្រាស់ដំណើរការម៉ាស៊ីនយានយន្ត ដូចជាម៉ូតូ រថយន្តដឹកទំនិញ និងយន្តហោះ។ ឧស្សាហកម្មប្រេងបានធ្វើការយ៉ាងសកម្មដើម្បីបង្ការមិនឲ្យមានការប្រើប្រាស់ឥន្ធនៈដែលផលិតពីរុក្ខជាតិ។
ឥឡូវនេះនៅពេលប្រេងបានក្លាយជាមានតម្លៃថ្លៃឡើងវិញ ប្រទេសជាច្រើនកំពុងត្រឡប់ទៅរកឥន្ធនៈផលិតពីរុក្ខជាតិដើម្បីជំនួសប្រេងវិញ។ ឥន្ធនៈដែលផលិតពីដូងប្រេង សណ្តែកសៀង ពោត ឬរុក្ខជាតិប្រេងដទៃទៀត, ត្រូវបានហៅថា "ជីវឥន្ធនៈ" នេះហាក់ដូចជាដំណោះស្រាយដ៏ល្អ ព្រោះយើងអាចដាំដុះរុក្ខជាតិឡើងវិញបាន។ ប៉ុន្តែមានមូលហេតុជាច្រើនដែលជីវឥន្ធនៈនឹងបង្កបញ្ហាច្រើនជាងអ្វីដែលវាដោះស្រាយទៅទៀត។
- ការផលិតប្រេងពីរុក្ខជាតិដែលអាចប្រើប្រាស់សម្រាប់ជាអាហារ អាចបណ្តាលឲ្យមានការប្រកូតប្រជែងរវាងការផលិតឥន្ធនៈសម្រាប់រថយន្ត និងការផលិតអាហារសម្រាប់ប្រជាជន។ នៅពេលប្រជាជនជាច្រើនកំពុងរងគ្រោះដោយសារការខ្វះខាតអាហារ យើងមិនអាចប្រែក្លាយអាហារទៅជាឥន្ធនៈទេ។
- មូលហេតុមួយនៃការកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល គឺដើម្បីកាត់បន្ថយការឡើងកម្តៅផែនដី។ ប៉ុន្តែដើម្បីផលិតដំណាំក្នុងបរិមាណចាំបាច់មួយសម្រាប់ផលិតជាជីវឥន្ធនៈ វាទាមទារឲ្យយើងប្រើប្រាស់ជីដែលធ្វើពីប្រេង, ម៉ាស៊ីនកសិដ្ឋាន និងការដឹកជញ្ជូនដំណាំឥន្ធនៈពីកន្លែងដាំដុះទៅកន្លែងកែច្នៃនិងបែងចែក, និងចុងក្រោយទៅកន្លែងដែលប្រើប្រាស់វា។ ទៅចុងបញ្ចប់ ការផលិតជីវឥន្ធនៈ ប្រើប្រាស់ថាមពលច្រើនជាងបរិមាណដែលវាផលិតចេញមកទៀត ហើយបណ្តាលឲ្យមានការឡើងកម្តៅផែនដីខ្លាំងជាងប្រេងទៅទៀត!
- នៅពេលព្រៃឈើត្រូវបានកាប់ឆ្ការដើម្បីដាំដំណាំជីវឥន្ធនៈ ដើមឈើដែលស្រូបយកឧស្ម័ននៃការឡើងកម្តៅផែនដី ត្រូវបានបំផ្លាញ។ ឧទាហរណ៍ ជីវឥន្ធនៈដែលផលិតពីដូងប្រេង បណ្តាលឲ្យមានការឡើងកម្តៅផែនដី១០ដងច្រើនជាងប្រេងម៉ាស៊ូត។