Hesperian Health Guides

ការបង្កើតយុទ្ធសាស្ត្រទំនាក់ទំនង

នៅក្នុងជំពូកនេះ ៖

ការទំនាក់ទំនងច្បាស់លាស់ជាមួយសមាជិកសហគមន៍ សម្ពន្ធមិត្ត និងអ្នកធ្វើសេចក្តីសម្រេចចិត្តអំពីគំនិត ផែនការ និងគោលដៅរបស់អ្នកគឺជាកិច្ចការដ៏មានសារៈសំខាន់សម្រាប់ការបង្កើតការគាំទ្រ និងការមានឥទ្ធិពលទៅលើមតិសាធារណៈ។

ស្គាល់អតិថិជនរបស់អ្នក

ដើម្បីជូនដំណឹង បញ្ចុះបញ្ចូល និងជំរុញអ្នកដទៃឲ្យគាំទ្រអ្នក ជាដំបូងអ្នកចាំបាច់ស្វែងយល់ពីអ្វីដែលពួកគេបានដឹង គិត និងមានអារម្មណ៍អំពីបញ្ហានោះ និងមូលហេតុ។ ប្រសិនបើអាចស្វែងយល់បានកាន់តែច្រើន នោះអ្នកនឹងអាចត្រៀមខ្លួនបានកាន់តែប្រសើរដើម្បីដោះស្រាយបញ្ហា និងកង្វល់របស់ពួកគេ។

ការគិតអំពីទស្សនិកជន ឬក្រុមផ្សេងៗទាំងអស់ដែលអ្នកកំពុងព្យាយាមបញ្ចុះបញ្ចូលគឺជាកិច្ចការដ៏មានសារប្រយោជន៍។ តើនរណាដែលបានគាំទ្រគំនិតអ្នករួចហើយ? តើនរណាមិនទាន់សម្រេចចិត្តនៅឡើយ? តើនរណាជាអ្នកជំទាស់? នេះអាចជួយដល់អ្នកក្នុងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិរបស់អ្នក ខណៈដែលអ្នករៀបចំហេតុផលដើម្បីកៀងគរអ្នកគាំទ្រ និងផ្លាស់ប្តូរគំនិតរបស់អ្នកដទៃ។

ផែនទីគំនិតមានសារប្រយោជន៍សម្រាប់ការគិតអំពីទស្សនិកជនខុសៗគ្នា និងរបៀបដែលអ្នកអាចមានឥទ្ធិពលទៅលើអ្នកដែលមិនទាន់សម្រេចចិត្ត អ្នកដែលជំទាស់នឹងគំនិតរបស់អ្នក និងអ្នកដែលយល់ស្របប៉ុន្តែអាចមានភាពសកម្មកាន់តែខ្លាំងក្នុងការគាំទ្រ។ សកម្មភាពនេះក៏ជួយក្រុមបង្កើតបាននូវសារជាក់លាក់សម្រាប់ទស្សនិកជននីមួយៗ និងរៀបចំជំហានបន្តបន្ទាប់ដែលក្រុមនឹងត្រូវអនុវត្ត។

សកម្មភាព តើសេវាសុខភាពដែលសមស្របសម្រាប់ស្ត្រី មានលក្ខណៈដូចម្តេចទៅ?

ការត្រៀម ៖ ស្នើឲ្យក្រុមពិនិត្យមើលផែនទីអំណាច ផែនទីអំណាច

  1. មើលគ្រឹះស្ថាន ឬក្រុមនៅលើផែនទីអំណាច រួចពិភាក្សាពីគំនិតរបស់ពួកគេនីមួយៗអំពីបញ្ហានេះ មានន័យថា តើពួកគេគាំទ្រ ឬជំទាស់នឹងគោលដៅរបស់អ្នកខ្លាំងកម្រិតណា? សរសេរឈ្មោះក្រុមនីមួយៗនៅក្នុងជួរឈរដែលសមស្របនឹងគំនិតរបស់ពួកគេ (ឧទាហរណ៍ “សម្ពន្ធមិត្ត”) និងព័ត៌មានដែលអ្នកមានអំពីកង្វល់របស់ពួកគេ។
  2. ស្នើឲ្យក្រុមពិភាក្សាថាតើមានសារអ្វីខ្លះអំពីបញ្ហារបស់អ្នកដែលនឹងមានប្រសិទ្ធភាពបំផុតសម្រាប់មានឥទ្ធិពលទៅលើក្រុមនីមួយៗ និងអ្នកដែលអាចជួយអ្នកក្នុងការផ្សព្វផ្សាយសារនោះ។
  3. ជាចុងក្រោយ ស្នើឲ្យក្រុមកំណត់ជំហានសកម្មភាពសម្រាប់បង្កើតយុទ្ធសាស្ត្រទំនាក់ទំនងសម្រាប់ក្រុមនីមួយៗនៅលើផែនទីគំនិត។ ជាឧទាហរណ៍ “ធ្វើការស្រាវជ្រាវបន្ថែមដើម្បីស្វែងរកហេតុផលអាចឲ្យជឿបាន” ឬ “ស្វែងរកសម្ពន្ធមិត្តដើម្បីមានឥទ្ធិពលទៅលើមនុស្សកាន់តែច្រើន។ នេះគឺជាឧទាហរណ៍មួយនៃផែនទីគំនិត ដោយផ្អែកលើឧទាហរណ៍ដដែលនៃគ្លីនិកសុខភាពតាមសាលាពីផែនទីអំណាចដែលបរិយាយនៅក្នុងផែនទីអំណាច
HAW Ch10 Page 288-1.png
គាំទ្រ
ជំទាស់
សម្ពន្ធមិត្តសកម្ម
សម្ពន្ធមិត្ត
គ្មានយោបល់ ឬមិនទាន់សម្រេចចិត្ត
អ្នកជំទាស់
អ្នកជំទាស់សកម្ម
សមាគមសិស្ស
ស្រឡាញ់ពាក្យស្លោក: រាងកាយរបស់អ្នក សុខភាពរបស់អ្នក គ្លីនិករបស់អ្នក
អ្វីដែលត្រូវធ្វើ៖
ចែកខិត្តប័ណ្ណពាក្យស្លោកនៅសាលាដើម្បីកសាងការគាំទ្រក្នុងចំណោមសិស្ស
មណ្ឌលសុខភាពសហគមន៍
គាំទ្រគ្លីនិកតាមសាលាដើម្បីបន្ថយបន្ទុកការងារនិងកែលម្អសុខភាព
អ្វីដែលត្រូវធ្វើ៖
ស្នើឲ្យគិលានុបដ្ឋាក-យិកាទៅបញ្ចុះបញ្ចូលអ្នកដទៃឲ្យយល់ពីផលប្រយោជន៍សុខភាពដែលបានមកពីគ្លីនិកតាមសាលា។
ក្រសួងអប់រំ
ព្យាយាមបញ្ចៀសភាពចម្រូងចម្រាស
អ្វីដែលត្រូវធ្វើ៖
ចាត់តាំងតំណាងសិស្សនិងបុគ្គលិកសុខាភិបាលដើម្បីដាក់ញត្តិស្នើសុំឲ្យមានការបង្កើតគ្លីនិកតាមសាលា។
រដ្ឋបាលសាលា
ជំទាស់គ្លីនិកដោយសារត្រូវការចំណាយប្រាក់
អ្វីដែលត្រូវធ្វើ៖
បង្កើតថវិកាសាកល្បង (ដោយមានជំនួយពីគ្លីនិកក្នុងមូលដ្ឋាន) ដើម្បីបង្ហាញថា អាចរ៉ាប់រងការចំណាយបាន។
ឪពុកម្តាយស្សិ
ភ័យខ្លាចថា ការទទួលបានសេវាពន្យារកំណើតនឹងធ្វើឲ្យយុវវ័យសកម្មខាងរួមភេទ
អ្វីដែលត្រូវធ្វើ៖
ស្វែងរកការសិក្សាដែលបង្ហាញលទ្ធផលផ្ទុយពីការភ័យខ្លាចរបស់ពួកគាត់។ សរសេរសំបុត្រទៅនិពន្ធនាយកកាសែត។ បង្កើតខិត្តប័ណ្ណសម្រាប់ផ្សព្វផ្សាយតាមទីសាធារណៈ។

បង្កើតសាររបស់អ្នក

មិនថាអ្នកកំពុងនិយាយនៅចំពោះមុខហ្វូងមនុស្ស កំពុងធ្វើបទបង្ហាញ កំពុងនិយាយជាមួយអ្នករាយការណ៍ព័ត៌មាន កំពុងសរសេរខិត្តប័ណ្ណ ឬកំពុងបង្ហោះសារនៅលើគេហទំព័រនោះទេ ចូរអ្នករៀបចំសាររបស់អ្នកយ៉ាងប្រុងប្រយ័ត្ន។ អ្នកប្រហែលជាត្រូវបង្កើតសារខុសៗគ្នាសម្រាប់ក្រុមមនុស្សខុសៗគ្នាផងដែរ។ សម្រាប់សារនីមួយៗ ចូរពិចារណាពីកត្តាពីរយ៉ាង ៖ តើអ្វីទៅជាគំនិតមួយឬពីរដែលអ្នកចង់ឲ្យទស្សនិកជនរបស់អ្នកចងចាំ និងថាតើការផ្ញើសារនេះនឹងពង្រឹងបុព្វហេតុរបស់អ្នកយ៉ាងដូចម្តេច?

សារទៅកាន់សម្ពន្ធមិត្តរបស់អ្នក គួរតែជាការអំពាវនាវឲ្យធ្វើសកម្មភាពដែលផ្តល់នូវវិធីងាយស្រួល និងច្បាស់លាស់សម្រាប់ការចូលរួម។ សារដែលល្អបំផុតស្នើឲ្យមានសកម្មភាពជាច្រើន ដូចជា ការចុះហត្ថលេខាលើញត្តិ ការផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញសង្គម ឬការចូលរួមព្រឹត្តិការណ៍ផ្សេង។ បន្តផ្តល់ព័ត៌មានបច្ចុប្បន្នភាពដល់សម្ពន្ធមិត្តរបស់អ្នក និងរក្សាការចូលរួមរបស់ពួកគេយ៉ាងសកម្ម។

សារទៅកាន់ភាគីអព្យាក្រឹត្យ ដែលមិនទាន់សម្រេចចិត្ត ឬមិនមានអារម្មណ៍គាំទ្រនៅឡើយ ទាមទារនូវព័ត៌មានដែលនឹងជួយពួកគេចូលរួមជាសម្ពន្ធមិត្ត។ ទោះបីជាទស្សនិកជននេះអាចនឹងបានដឹងរួចមកហើយអំពីបញ្ហាក៏ដោយ ក៏អ្នកនៅតែត្រូវជួយពួកគេឲ្យទទួលបាននូវទស្សនៈថ្មី និងការយកចិត្តទុកដាក់បន្ថែម។ តើសក្ខីកម្មនិងតួលេខអ្វីខ្លះដែលអាចទាក់ទាញពួកគេបាន? ការប្រើប្រាស់រឿងរ៉ាវផ្ទាល់ខ្លួន និងសក្ខីភាពផ្តល់នូវប្រសិទ្ធភាពខ្ពស់ខុសប្លែកពីធម្មតា។

a woman speaking.
ដើម្បីបញ្ចុះបញ្ចូលប្រជាជនក្នុងទីក្រុង ម៉ិកស៊ីកូ ស៊ីធី (Mexico City) អំពីបញ្ហាស្ត្រីស្លាប់ដោយសារការរំលូតកូនដោយគ្មានសុវត្ថិភាព យើងបានចាត់តាំងឲ្យវេជ្ជបណ្ឌិតមួយរូបនិយាយ ពីព្រោះប្រជាជននឹងស្តាប់វេជ្ជបណ្ឌិត។ វេជ្ជបណ្ឌិតរូបនោះបានប្រើប្រាស់ស្ថិតិ រួចបាននិយាយរឿងពិតមួយអំពីស្ត្រីវ័យក្មេងម្នាក់ដែលបានស្លាប់។ ប្រជាជនអាចស្រមៃដល់ប្អូនស្រី ឬកូនស្រីរបស់ពួកគាត់ដែលអាចប្រឈមនឹងស្ថានភាពដូចស្ត្រីវ័យក្មេងម្នាក់នេះ។

សារទៅកាន់អ្នកជំទាស់ គឺជាសារឆ្លើយតបនឹងការរិះគន់របស់ពួកគេ។ រំពឹងទុកពីហេតុផលរបស់ពួកគេ ហើយត្រៀមការឆ្លើយតបរបស់អ្នក។ វិធីដែលមានប្រសិទ្ធភាពមួយដើម្បីឆ្លើយតបនឹងហេតុផល ឬការរិះគន់គឺផ្តោតការយកចិត្តទុកដាក់ ឬកែសម្រួលការពិភាក្សាឡើងវិញ។

a man and then a woman speaking.
ពួកអន្តោប្រវេសន៍ធ្វើឲ្យខាតបង់ប្រាក់ច្រើនណាស់! ពួកគេមកបន្ទប់សង្គ្រោះបន្ទាន់ជាច្រើនដងដោយគ្មានធានារ៉ាប់រងសុខភាពអ្វីទេ ហើយរដ្ឋាភិបាលជាអ្នកបង់វិក្កយបត្រសង្គ្រោះបន្ទាន់របស់ពួកគេ។
HAW Ch10 Page 289-3.png
ប្រសិនបើយើងបានទទួលសេវាថែទាំបែបបង្ការជំងឺ នោះយើងនឹងមានសុខភាពល្អប្រសើរ ហើយក៏មិនត្រូវការសេវាសង្គ្រោះបន្ទាន់អ្វីដែរ!
អ្នកជំទាស់អាចនឹងក្រឡៃបញ្ហាដោយស្តីបន្ទោស ឬបន្តុះបង្អាប់អ្នកដែលត្រូវការសេវាសុខភាព។ អ្នកអាចកែសម្រួលសារដោយបង្ហាញពីរបៀបដែលការថែទាំសុខភាពសម្រាប់គ្រប់គ្នានឹងជួយដល់មនុស្សគ្រប់រូប។

សកម្មភាព ការបង្កើតសារតស៊ូមតិដែលមានប្រសិទ្ធភាព

ប្រើប្រាស់សកម្មភាពនេះដើម្បីបង្កើត ឬកែលម្អសារតស៊ូមតិរបស់ក្រុមអ្នក និងដើម្បីរៀបចំឯកសារបោះពុម្ពផ្សាយ ឬឯកសារជាលាយលក្ខណ៍អក្សរ។

ការត្រៀម ៖ ជ្រើសរើសសារផ្សាយពាណិជ្ជកម្ម ឬសារយុទ្ធនាការនយោបាយជាច្រើនពីទស្សនាវដ្តី កាសែត ឬគេហទំព័រ។ បិទសារទាំងនោះនៅលើជញ្ជាំងតាមទីកន្លែងផ្សេងៗគ្នានៅក្នុងបន្ទប់។

  1. បង្កើតក្រុមតូចៗ និងឲ្យសារមួយទៅក្រុមនីមួយ។ ស្នើឲ្យក្រុមមើលសារនោះយ៉ាងប្រុងប្រយ័ត្ន និងគិតអំពីចំណុចដែលពួកគេចូលចិត្តវា និងមូលហេតុដែលធ្វើឲ្យសារនោះមានលក្ខណៈផ្តល់ព័ត៌មាន បញ្ចុះបញ្ចូល ទាក់ទាញ និងរស់រវើក។
  2. ស្នើឲ្យក្រុមនីមួយៗចែករំលែកគំនិតរបស់ពួកគេអំពីលក្ខណៈដែលធ្វើឲ្យសារមានប្រសិទ្ធភាព និងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ អ្នកអាចសួរសំណួរដូចជា ៖
    • តើសារនេះផ្តោតតែទៅលើក្រុមទស្សនិកជនណាមួយទេឬ?
    • តើអ្វីខ្លះជាជំនឿ ឬឥរិយាបថដែលគេមានជារួមអំពីបញ្ហានោះ ហើយតើសារនេះអាចដោះស្រាយនូវជំនឿ ឬឥរិយាបថដោយរបៀបណា?
    • តើសារនោះមានលក្ខណៈទាក់ទាញទាំងផ្នែកហេតុផល និងអារម្មណ៍យ៉ាងដូចម្តេច ដើម្បីឲ្យមនុស្សងាយយល់ និងចាប់អារម្មណ៍?
    • តើសកម្មភាពអ្វីដែលសារនេះស្នើឲ្យមនុស្សអនុវត្ត?
  3. ស្នើឲ្យក្រុមតូចនីមួយៗបង្កើតសារមួយដែលទាក់ទងនឹងការខិតខំតស៊ូមតិរបស់ក្រុមអ្នកផ្ទាល់។ (រំលឹកពួកគេឲ្យគិតអំពីនរណាជាអតិថិជនរបស់ពួកគេ ហើយសារនេះនឹងជូនដំណឹង បញ្ចុះបញ្ចូល និងជំរុញឲ្យទស្សនិកជនអនុវត្តសកម្មភាពនោះ។
  4. នៅពេលដែលពួកគេត្រៀមខ្លួនរួចរាល់ ស្នើឲ្យក្រុមតូចនីមួយៗចែករំលែកសាររបស់ពួកគេជាមួយអ្នកដទៃ។ បន្ទាប់មក ស្នើឲ្យក្រុមធំពិភាក្សាពីសារនីមួយៗ ហើយផ្តល់មតិត្រឡប់ដល់គ្នាទៅវិញទៅមក។

ផ្សព្វផ្សាយសាររបស់អ្នក

នៅពេលដែលអ្នកបានសម្រេចចិត្តរួចហើយ ថាតើទស្សនិកជនជាគោលដៅរបស់អ្នកជានរណា សម្រេចថាតើអ្នកនឹងផ្សព្វផ្សាយសាររបស់អ្នកនៅកន្លែងណា និងតាមមធ្យោបាយណា ៖ តាមរយៈបណ្តាញសារព័ត៌មាន ដូចជាអ៊ីនធឺណិត វិទ្យុ ឬកាសែត? ដោយធ្វើផ្ទាំងប៉ាណូ? ដោយផ្តល់ការសំដែង ការពិភាក្សា ឬសុន្ទរកថា?

បណ្តាញសារព័ត៌មាន និងការពិភាក្សាជាសាធារណៈច្រើនតែផ្តល់នូវប្រសិទ្ធភាពខ្ពស់ក្នុងការផ្សព្វផ្សាយទៅដល់មន្ត្រីរដ្ឋាភិបាល មេដឹកនាំនយោបាយ និងទស្សនិកជនធំៗ ខណៈដែលការសំដែងសិល្បៈសហគមន៍ ផ្ទាំងប៉ាណូ និងការសំដែងច្រើនតែមានប្រសិទ្ធភាពសម្រាប់ទស្សនិកជនក្នុងមូលដ្ឋានដែលអាចទទួលបានសារបោះពុម្ព ឬដែលជាធម្មតាមិនចូលរួមក្នុងការពិភាក្សាពីគោលនយោបាយ។

ស្វែងរកការផ្សព្វផ្សាយពីសារព័ត៌មាន៖ ស្វែងរកអ្នកកាសែតដែលចាប់អារម្មណ៍ចំពោះបញ្ហារបស់អ្នក។ បង្កើតគំនិតនៃរឿងរ៉ាវដែលអ្នកចង់ឲ្យពួកគេផ្សព្វផ្សាយ និងរបៀបដែលអ្នកបង្ហាញអំពីរឿងរ៉ាវនោះ។ ដោយហេតុថាអ្នកកាសែតជារឿយៗយកចិត្តទុកដាក់លើព័ត៌មាន “ដែលមានប្រជាប្រិយភាព” ឬបច្ចុប្បន្នភាព ចូរពន្យល់ពីលក្ខណៈដែលរឿងរ៉ាវរបស់អ្នកមានទំនាក់ទំនងជាមួយព័ត៌មានល្បីៗនាពេលបច្ចុប្បន្ន។ រក្សាទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន និងឲ្យពួកគេដឹងពីដំណើរវិវត្តន៍នៃរឿងរ៉ាវរបស់អ្នក។ ជាដំបូងពួកគេប្រហែលជាមិនឆ្លើយតបនោះទេ ប៉ុន្តែប្រសិនបើអ្នកអាចបង្កើតទំនាក់ទំនងមួយបាន នោះពួកគេអាចនឹងសរសេរអំពីអ្នកនៅពេលអនាគត។ អ្នកសារព័ត៌មានភាគច្រើនប្រើប្រាស់តែមួយផ្នែកតូចមួយនៃអ្វីដែលអ្នកបាននិយាយប៉ុណ្ណោះ ដូច្នេះចូរនិយាយឲ្យបានច្បាស់ៗពីចំណុចសំខាន់។ ប្រសិនបើការសន្ទនានោះប្រាសចាកប្រធានបទ ចូរខិតខំត្រឡប់មកនិយាយពីគំនិតសំខាន់ៗរបស់អ្នកវិញ។ កុំភ័យខ្លាចក្នុងការនិយាយឡើងវិញ! ហាត់សមអនុវត្តការសំដែងតួដែលជួយឲ្យអ្នកនិយាយមិនចាកប្រធានបទ ដោយស្នើឲ្យមិត្តម្នាក់បន្លប់អ្នកតាមរយៈការសួរសំណួរដែលមិនពាក់ព័ន្ធនឹងសាររបស់អ្នក។

អ្នកក៏អាចសរសេរសេចក្តីប្រកាសព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលនិយាយអំពីបច្ចុប្បន្នភាពទាក់ទងនឹងសកម្មភាពដែលអង្គការរបស់កំពុងធ្វើ រួចផ្ញើទៅកាន់សារព័ត៌មានដើម្បីចុះផ្សាយផងដែរ។ ជម្រើសមួយផ្សេងទៀតគឺការសរសេរលិខិតទៅកាន់និពន្ធនាយកសារព័ត៌មាន ឬក៏អាចបង្កើត និងផ្សព្វផ្សាយកិច្ចសន្ទនាថតទុកជាមុនរបស់អ្នក ដែលហៅថា “podcast” ផងដែរ។ នេះគឺជាវិធីដ៏ល្អមួយដើម្បីបង្ហាញពីខ្លួនអ្នកដោយប្រើប្រាស់ពាក្យពេចន៍របស់អ្នកផ្ទាល់។

ប្រើប្រាស់ទីសាធារណៈ៖ បង្កើតផ្ទាំងរូបភាព ការសំដែងតាមដងផ្លូវ និងសុន្ទរកថាសម្រាប់ផ្សព្វផ្សាយតាមទីសាធារណៈ។ នេះជាជម្រើសដ៏ប្រសើរក្នុងការរក្សាអ្នកគាំទ្ររបស់អ្នក និងទាក់ទាញអ្នកគាំទ្រថ្មី។

3 men in women's clothing.
នៅក្នុងតំបន់ជនជាតិឃឺតមួយនៃប្រទេសអ៊ីរ៉ង់ តុលាកាមួយបានដាក់ទោសអ្នកបៀតបៀនស្ត្រីម្នាក់ដោយតម្រូវឲ្យគាត់ស្លៀកសម្លៀកបំពាក់ស្ត្រីជាសាធារណៈដើម្បីឲ្យគាត់ខ្មាសគេ។ ជាការឆ្លើយតប ស្ត្រីនិងបុរសបានធ្វើបាតុកម្មតាមដងផ្លូវ ហើយក្រុមមួយដែលហៅខ្លួនឯងថា “ក្រុមបុរសជនជាតិឃឺតដើម្បីសមភាព” បានចាប់ផ្តើមយុទ្ធនាការបណ្តាញសង្គមមួយដែលក្នុងនោះពួកគេបានបង្ហោះរូបថតខ្លួនឯងក្នុងសម្លៀកបំពាក់ស្ត្រីដើម្បីតវ៉ានឹងគំនិតដែលថាការកើតជាស្ត្រីពិតជាគួរឲ្យខ្មាសអៀន។

កៀងគរតាមរយៈបណ្តាញសង្គម៖ បណ្តាញសង្គមដូចជា Facebook និង Twitter អាចជាមធ្យោបាយដ៏ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ក្នុងការទំនាក់ទំនងជាមួយសម្ពន្ធមិត្តរបស់អ្នក។ ប្រសិនបើអ្នកបង្កើតទំព័របណ្តាញសង្គមមួយសម្រាប់អង្គការរបស់អ្នក អ្នកអាចផ្ញើព័ត៌មានបច្ចុប្បន្នភាព លិខិតអញ្ជើញ អត្ថបទ វីដេអូ និងរូបភាពទៅកាន់អ្នកដែលតាមដាន (Followers) ទំព័ររបស់អ្នក។ តាមរយៈការប្រើប្រាស់បណ្តាញសង្គម អ្នកក៏អាចទំនាក់ទំនងជាមួយក្រុមនៅឆ្ងាយៗដែលមានលក្ខណៈស្រដៀងក្រុមរបស់អ្នក ដើម្បីចែករំលែកគំនិត និងបង្កើតសម្ពន្ធមិត្តផងដែរ។ នៅពេលដែលធ្វើការលើគម្រោងដែលមានភាពចម្រូងចម្រាស ចូរពិចារណាការប្រើប្រាស់គណនីអនាមិកដើម្បីធានាសុវត្ថិភាព។ អ្នកអាចធ្វើរបៀបនេះបានដោយការបង្កើតគណនី Facebook មួយដែលមិនមានមិត្តភ័ក្តិ ឬរូបថតសមាជិកក្រុម ប៉ុន្តែមានព័ត៌មានអំពីរបៀបដែលអ្នកមើលអាចចូលរួមបាន។

ការប្រើប្រាស់បណ្តាញសង្គមដើម្បីបង្កើតតំបន់មានសុវត្ថិភាពសម្រាប់ស្ត្រី

ស្ត្រីអេហ្ស៊ីប ប្រាំបីនាក់ក្នុងចំណោមដប់នាក់ បានរាយការណ៍ថា ពួកគេប្រឈមមុខនឹងការបៀតបៀនតាមដងផ្លូវជារៀងរាល់ថ្ងៃ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបៀតបៀននេះ មនុស្សមួយក្រុមបានបង្កើតផែនទីបៀតបៀនមួយដើម្បីឲ្យស្ត្រីអាចរាយការណ៍ពីទីកន្លែង និងរបៀបដែលពួកគេទទួលរងការបៀតបៀន។ ក្រុមនេះបានប្រើប្រាស់បណ្តាញសង្គម Twitter និង Facebook ដើម្បីប្រមូលរបាយការណ៍ និងប្រាស្រ័យទាក់ទងជាមួយអ្នកស្ម័គ្រចិត្តដែលធ្វើការអប់រំសហគមន៍ក្នុងតំបន់ដែលមានការបៀតបៀនខ្ពស់។ សកម្មភាពនេះជួយឲ្យអ្នកស្ម័គ្រចិត្តបង្កើត “តំបន់មានសុវត្ថិភាព” នៅតាមតំបន់ទាំងនោះ ដែលអាចឲ្យស្ត្រីធ្វើដំណើរទៅកាន់ទីនោះបាន ប្រសិនបើពួកគេមានអារម្មណ៍ថាគ្មានសុវត្ថិភាព។ ក្រុមក៏មានប្លុក (blog) មួយដែលពួកគេប្រើប្រាស់ដើម្បីផ្តល់នូវធនធានជាច្រើនសម្រាប់អ្នកដែលស្វះស្វែងរកជំនួយ រួមទាំងថ្នាក់រៀនសម្រាប់ការការពារខ្លួនផងដែរ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨