Hesperian Health Guides

ការបង្កើតយុទ្ធសាស្ត្ររបស់អ្នកដើម្បីការផ្លាស់ប្តូរ

នៅក្នុងជំពូកនេះ ៖

នៅពេលដែលអ្នកបានកំណត់គោលដៅរួចហើយ ជំហានបន្ទាប់គឺការកំណត់ថានរណាដែលនឹងរងឥទ្ធិពលពីការផ្លាស់ប្តូរដែលកើតឡើង (ពេលខ្លះ គេហៅថា “អ្នកពាក់ព័ន្ធ”) និងការសម្រេចចិត្តថាតើសកម្មភាពអ្វីដែលអ្នកចាំបាច់ត្រូវអនុវត្តដើម្បីឈានទៅសម្រេចគោលដៅរបស់អ្នក។

ស្គាល់សត្រូវរបស់អ្នក ស្វែងរកសម្ពន្ធមិត្ត

នៅក្នុងសាច់រឿងរបស់ កាំឡា អៃសា និង លីឡា ស្ត្រីទាំង៣នាក់មានក្តីសង្ឃឹមថា បុគ្គលិកសុខាភិបាលនឹងក្លាយជាសម្ពន្ធមិត្តរបស់ពួកគេ ប៉ុន្តែបានទទួលការខកចិត្តនៅពេលដែលបុគ្គលិកសុខាភិបាលទាំងនោះមិនអើពើនឹងបញ្ហារបស់ពួកគេទៅវិញ។

ទោះបីជាគោលដៅរបស់អ្នកមិនមានភាពចម្រូងចម្រាសក៏ដោយ ប៉ុន្តែអ្នកខ្លះអាចនឹងជំទាស់នឹងគំនិតរបស់អ្នក។ ជាឧទាហរណ៍ អ្នកគឺជាផ្នែកមួយនៃក្រុមដែលធ្វើការដើម្បីបើកគ្លីនិកយុវជននៅក្នុងសាលារៀនមួយ នោះអាចនឹងមានមនុស្សមួយចំនួនមិនគាំទ្រអ្នក ពីព្រោះពួកគេ ៖

  • មានអារម្មណ៍ថាមិនត្រូវបានបញ្ចូលក្នុងដំណើរការនោះ។ នៅក្នុងឧទាហរណ៍នេះ មាតាបិតាសិស្ស និងគ្រូបង្រៀនមួយចំនួនអាចនឹងចង់ចូលរួមពាក់ព័ន្ធផងដែរ ប៉ុន្តែមានអារម្មណ៍ថាគំនិតរបស់ពួកគេមិនត្រូវបានគេស្តាប់។
  • មានចម្ងល់ថាតើការផ្លាស់ប្តូរដែលអ្នកបានស្នើឡើង ពិតជាចាំបាច់ដែរឬយ៉ាងណា។ ឧទាហរណ៍ វេជ្ជបណ្ឌិតមួយចំនួនអាចនឹងមិនជឿថា យុវវ័យត្រូវការសេវាសុខភាពពិសេស ឬដោយសារពួកគេមិនមានសក្ខីកម្ម ឬក៏ដោយសារពួកគេមិនចាប់អារម្មណ៍ទៅលើទស្សនៈរបស់អ្នកដទៃ។
  • មានអារម្មណ៍ថា គោលដៅរបស់អ្នក មិនសមស្របនឹងប្រពៃណីនិងជំនឿ ឬតម្លៃសាសនា និងសីលធម៌ក្នុងស្រុក។ ឧទាហរណ៍ មាតាបិតាសិស្ស និងគ្រូបង្រៀនមួយចំនួនអាចនឹងមានអារម្មណ៍ថា ការបង្កលក្ខណៈងាយស្រួលឲ្យស្ត្រីវ័យក្មេងទទួលបានមធ្យោបាយពន្យារកំណើត នឹងលើកទឹកចិត្តពួកគេឲ្យសកម្មខាងរួមភេទ។
  • មានអារម្មណ៍ថា គោលដៅរបស់អ្នក គំរាមកំហែងជីវភាព ទ្រព្យសម្បត្តិ ឬឋានៈក្នុងសង្គមរបស់ពួកគេ។ ឧទាហរណ៍ ម្ចាស់ឱសថស្ថានអាចនឹងជំទាស់នឹងសេវាសុខភាពថ្មីៗ ប្រសិនបើពួកគេជឿថា ពួកគេនឹងបាត់បង់អាជីវកម្ម ប្រសិនបើមនុស្សវ័យក្មេងអាចទទួលថ្នាំពេទ្យដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាប។
a street vendor speaking with 2 other people.
ខ្ញុំមិនយល់ទេថាហេតុអ្វីបានជាពួកគេត្រូវការគ្លីនិកពិសេសផ្ទាល់ខ្លួនទៀត ខណៈពេលដែលយើងមានគ្លីនិកមួយរួចទៅហើយនៅក្នុងទីក្រុងនេះ។
លុយមិនដុះនៅលើដើមឈើទេ! តើពួកគេគិតថានរណានឹងបង់ប្រាក់សម្រាប់ការចំណាយនេះ?
ខ្ញុំឮថា ពួកគេចង់ចែកស្រោមអនាម័យដោយឥតគិតថ្លៃ។ ខ្ញុំមិនចង់ឲ្យកូនស្រីខ្ញុំទៅទីនោះឡើយ!


ផ្ទុយមកវិញ មនុស្សជាច្រើននឹងគាំទ្រអ្នក ពីព្រោះពួកគេមានអារម្មណ៍ថាពួកគេទទួលបានភាពខ្លាំង និងថាមពលដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អ្នក។ ការរៀបចំក្រុមរបស់អ្នកអាចនឹងនាំមកនូវសម្ពន្ធមិត្តថ្មីៗជាច្រើនដែលយល់ស្របជាមួយគោលដៅរបស់អ្នក ព្រមទាំងអ្នកដទៃដែលចុះសម្រុងជាមួយក្រុមដោយសារហេតុផលជាក់ស្តែង! ពួកគេអាចនឹងគាំទ្រអ្នក ពីព្រោះពួកគេ ៖

  • ទទួលផលប្រយោជន៍ដោយផ្ទាល់ពីគម្រោងរបស់អ្នក។ ឧទាហរណ៍ សិស្សានុសិស្សនឹងមានអារម្មណ៍រំភើបចិត្តដោយសារគំនិតផ្តល់នូវគ្លីនិកយុវជនជាមួយនឹងសេវាដែលពួកគេត្រូវការ និងការថែទាំដោយរក្សាការសម្ងាត់។ ពួកគេនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរៀបចំក្រុមរបស់អ្នក ហើយនឹងរីករាយដែលមាននរណាម្នាក់បោះជំហានជាមួយនឹងទំនុកចិត្តដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ។
  • ចង់ក្លាយជាផ្នែកមួយនៃការបង្កើតការផ្លាស់ប្តូរដែលផ្តល់ផលប្រយោជន៍។ សកម្មជនសុខភាពដែលបានចូលរួមរួចជាស្រេចក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អសេវាសុខភាព នឹងគាំទ្រឲ្យមានការបង្កើតគ្លីនិកយុវវ័យមួយ ព្រមទាំងអ្នកដទៃទៀតនៅក្នុងសហគមន៍ដែលយកចិត្តទុកដាក់ចំពោះយុវវ័យ។ ពួកគេចង់ធ្វើឲ្យសហគមន៍ និងពិភពលោកក្លាយជាទីកន្លែងដ៏ប្រសើរមួយ ហើយអ្នកកំពុងបង្កើតឱកាសសម្រាប់ពួកគេដើម្បីផ្តល់ជំនួយ។
  • មើលឃើញពីទំនាក់ទំនងរវាងគោលដៅរបស់អ្នក និងគោលដៅរបស់ពួកគេ ទោះបីជាគោលដៅនោះមានភាពខុសគ្នាក៏ដោយ។ ឧទាហរណ៍ គិលានុបដ្ឋាក-យិកាដែលធ្វើការហួសកម្លាំងនៅមណ្ឌលសុខភាព អាចនឹងមើលឃើញថា គ្លីនិកសុខភាពក្នុងសាលាគឺជាមធ្យោបាយមួយដើម្បីបន្ថយបន្ទុកការងាររបស់ពួកគេ ព្រមទាំងលើកកម្ពស់សុខភាពរបស់មនុស្សគ្រប់រូប។ ការគាំទ្រដំណើរការរៀបចំក្រុមរបស់អ្នក អាចជួយបង្កើនការយល់ដឹងរបស់សហគមន៍អំពីបញ្ហាដែលពួកគេជួបប្រទះ។
  • មើលឃើញថា វាអាចដំណើរការជាជំនួយសម្រាប់ពួកគេ។ នៅពេលខ្លះ អ្នកគាំទ្រអាចនឹងមិនមានជំនឿលើគោលដៅរបស់អ្នកទេ ប៉ុន្តែមើលឃើញថា ការតស៊ូក្នុងនាមជាតំណាងរបស់អ្នក នឹងនាំមកនូវផលប្រយោជន៍ផ្សេង។ ឧទាហរណ៍ បុគ្គលិកក្រសួងអប់រំ អាចនឹងមិនយល់ស្របជាមួយនឹងតម្រូវការឲ្យមានគ្លីនិកតាមសាលានោះទេ ប៉ុន្តែគាត់មើលឃើញថា អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល គ្រូបង្រៀន និងមាតាបិតាសិស្សគាំទ្រសំណើនេះ ដូច្នេះគាត់ក៏គាំទ្រសំណើនេះដែរ ដើម្បីបញ្ចៀសបញ្ហាចម្រូងចម្រាស និងទទួលបានកេរ្តិ៍ឈ្មោះដោះស្រាយបញ្ហាប្រកបដោយភាពវិជ្ជមាន។


a man and a woman speaking to the 3 people from the previous image.
ខ្ញុំមានមោទនភាពចំពោះពួកគេ។ កូនៗរបស់យើងកំពុងខិតខំធ្វើការដើម្បីជួយសហគមន៍ឲ្យមានសុខភាពកាន់តែល្អប្រសើរ។
ខ្ញុំក៏បារម្ភពីកូនៗរបស់ខ្ញុំដែរ ប៉ុន្តែរឿងក្មេងៗមានផ្ទៃពោះគឺពិតជាបញ្ហាមួយប្រាកដមែននាពេលបច្ចុប្បន្ននេះ។ ប្រហែលជាគ្លីនិកនេះនឹងអាចជួយដោះស្រាយបញ្ហាបាន។

សកម្មភាព “បង្កើតផែនទីអំណាច” (មើលខាងក្រោម) អាចជួយអ្នកឲ្យបង្កើតនូវយុទ្ធសាស្ត្រមួយ ដោយកំណត់សម្ពន្ធមិត្តរបស់អ្នក និងសត្រូវរបស់អ្នក ព្រមទាំងអ្នកដែលនៅអព្យាក្រឹត្យ ឬមិនទាន់សម្រេចចិត្តផងដែរ។

សកម្មភាព បង្កើតផែនទីអំណាច

គេអាចប្រើប្រាស់ផែនទីអំណាចដើម្បីបង្កើតយុទ្ធសាស្ត្រ កំណត់សម្ពន្ធមិត្តសំខាន់ៗ និងរៀបចំផែនការដើម្បីធ្វើការឈានទៅសម្រេចគោលដៅជាក់លាក់ណាមួយ។ ឧទាហរណ៍នេះបង្ហាញពីរបៀបដែលក្រុមយុវវ័យមួយដែលធ្វើការដើម្បីកែលម្អសេវាសុខភាពសម្រាប់មនុស្សវ័យក្មេង អាចប្រើប្រាស់ផែនទីអំណាច។

សកម្មភាពនេះអាចត្រូវបានធ្វើឡើងនៅក្នុងអំឡុងកិច្ចប្រជុំជាច្រើន ដូច្នេះក្រុមអាចប្រមូលព័ត៌មានមកវិញ និងបន្ថែមពីលើផែនទី។

  1. ចូរសរសេរការផ្លាស់ប្តូរដែលអ្នកស្វះស្វែងរក នៅលើចំណុចកណ្តាលនៃក្រដាសមួយផ្ទាំងធំ។ ឧទាហរណ៍ “បង្កើតគ្លីនិកយុវវ័យតាមសាលារៀន” ។ គូសរង្វង់មួយព័ទ្ធជុំវិញ។
  2. កំណត់គ្រឹះស្ថានដែលមានអំណាចក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរនេះ ហើយសរសេរឈ្មោះគ្រឹះស្ថានទាំងនោះនៅជុំវិញរង្វង់។ ឧទាហរណ៍ “រដ្ឋបាលសាលា” “សមាគមមាតាបិតាសិស្ស” ឬ “ក្រសួងអប់រំ។ គូសរង្វង់ទីពីរជុំវិញឈ្មោះគ្រឹះស្ថានទាំងនោះ។
  3. គិតដល់មនុស្សមួយចំនួនដែលមានទំនាក់ទំនងជាមួយគ្រឹះស្ថានទាំងនេះ និងសរសេរឈ្មោះ ឬមុខតំណែងពួកគាត់ ដូចជា “នាយកសាលា” “ប្រធានសមាគមមាតាបិតាសិស្ស” ឬ “ប្រតិភូក្រសួងអប់រំ” នៅខាងក្រៅរង្វង់។ ពួកគាត់គឺជាទិសដៅចម្បងសម្រាប់ការងាររៀបចំក្រុមរបស់អ្នក។
  4. ពិភាក្សាដើម្បីកំណត់ថាតើមនុស្សទាំងនេះជាអ្នកគាំទ្រ (+), អ្នកជំទាស់ (-) ឬជាអ្នកមិនទាន់សម្រេចចិត្ត (?) អំពីការផ្លាស់ប្តូរដែលអ្នកស្វះស្វែងឲ្យមានឡើង។ ដាក់សញ្ញា + ឬសញ្ញា - ឬសញ្ញា ? នៅជាប់នឹងឈ្មោះ ឬមុខតំណែងពួកគាត់។ គូសរង្វង់ទីបីជុំវិញ។
  5. a woman speaking while looking at a power map.
    គិលានុបដ្ឋាក-យិកាគ្លីនិកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីមើលថែអ្នកជំងឺគ្រប់រូបដែលមកគ្លីនិកជារៀងរាល់ថ្ងៃនោះទេ។ ពួកគេអាចជួយយើងធ្វើការបង្ហាញដល់ក្រសួងអប់រំឲ្យបានដឹងថា សិស្សានុសិស្សត្រូវការធនធានបន្ថែម។
  6. គិតអំពីមនុស្សទាំងអស់ដែលអាចមានឥទ្ធិពលទៅលើបុគ្គលដែលជំទាស់ ឬមិនទាន់សម្រេចចិត្ត រួចសរសេរឈ្មោះឬមុខតំណែងរបស់ពួកគេនៅក្នុងរង្វង់ថ្មីមួយ។ ជាឧទាហរណ៍ ក្រុមយុវវ័យនោះអាចនឹងសរសេរ “គ្រូពេទ្យក្នុងស្រុក” “មេដឹកនាំសាសនា” ឬ “ប្រតិភូក្រសួងសុខាភិបាល។ បុគ្គលទាំងនេះគឺជាទិសដៅបន្ទាប់បន្សំសម្រាប់ការងាររៀបចំក្រុមរបស់អ្នក។ គូសបន្ទាត់ភ្ជាប់បុគ្គលទាំងនេះជាមួយអ្នកដទៃទៀតដែលអាចមានឥទ្ធិពល។
  7. ពិភាក្សាដើម្បីកំណត់ថាតើមនុស្សទាំងនេះជាអ្នកគាំទ្រ (+), អ្នកជំទាស់ (-) ឬជាអ្នកមិនទាន់សម្រេចចិត្ត (?) រួចសរសេរនិម្មិតសញ្ញាជាប់នឹងឈ្មោះរបស់គាត់។
  8. a power map with the institutions and individuals described above.


  9. ពិនិត្យមើលផែនទីទំនាក់ទំនងដោយប្រុងប្រយ័ត្ន។ ស្នើឲ្យក្រុមពិចារណាពីសំណួរផ្សេងៗដូចជា តើសម្ពន្ធមិត្ត (អ្នកដែលគាំទ្រ) ស្ថិតនៅទីណា? តើពួកគេស្និទ្ធនឹងគ្រឹះស្ថានដែលមានអំណាចទៅលើការផ្លាស់ប្តូរដែលយើងចង់បានក្នុងយ៉ាងដូចម្តេច? តើឱកាសល្អៗបំផុតសម្រាប់មានឥទ្ធិពលទៅលើបុគ្គលសំខាន់ៗនៅក្នុងគ្រឹះស្ថានទាំងនោះស្ថិតនៅឯណា? ជាការសំខាន់ផងដែរដែលត្រូវពិចារណាពីអត្ថប្រយោជន៍ និងហានិភ័យនៃការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រាប់បុគ្គល និងគ្រឹះស្ថានផ្សេងៗនៅលើផែនទីអំណាច? ការស្វែងយល់ពីមូលហេតុដែលពួកគេអាចនឹងជំទាស់នឹងកិច្ចខិតខំប្រឹងប្រែងរបស់អ្នក ក៏នឹងជួយអ្នកឲ្យបង្កើតបាននូវយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមដែលអ្នកអាចនឹងប្រឈមមុខផងដែរ។
  10. ជាមួយនឹងព័ត៌មានដែលអ្នកប្រមូលបាន ចូរបង្កើតផែនការមួយសម្រាប់ប្រមែប្រមូលការគាំទ្រពីសម្ពន្ធមិតដែលអាចជួយឲ្យអ្នកមានឥទ្ធិពលទៅលើបុគ្គល និងគ្រឹះស្ថានដែលអ្នកត្រូវការឲ្យមកគាំទ្រអ្នកដើម្បីអាចសម្រេចនូវគោលដៅរបស់អ្នក។

ការអនុវត្តសកម្មភាពផែនទីអំណាចឡើងវិញរៀងរាល់ពីរបីខែម្តង គឺជាវិធីដ៏ល្អមួយដើម្បីបន្តវាយតម្លៃ ថាតើយុទ្ធសាស្ត្រដែលបានបង្កើតឡើងកំពុងមានប្រសិទ្ធភាពដែរឬអត់ និងដើម្បីកែសម្រួលផែនការរបស់អ្នកដើម្បីបញ្ចូលសម្ពន្ធមិត្តថ្មី។

យុទ្ធសាស្ត្រផ្សេងៗសម្រាប់ការរៀបចំ

នៅពេលដែល កាំឡា អៃសា និង លីឡា បានចាប់ផ្តើមជជែកគ្នាអំពីបញ្ហាសុខភាពរបស់ពួកគេ គឺពួកគេកំពុងតែអនុវត្តនូវជំហានដំបូងដែលសំខាន់បំផុតក្នុងការរៀបចំក្រុម។ ពួកគេកំពុងតែបំបែកភាពនៅទីទៃពីគ្នា និងក៏កំពុងបង្កើតការស្វែងយល់រួមគ្នាអំពីបញ្ហាដែលពួកគេបានជួបប្រទះផងដែរ។ បន្ទាប់មក ពួកគេប្រឈមមុខនឹងអ្នកនៅមណ្ឌលសុខភាព និងនៅការិយាល័យការងារ ដែលជាអ្នកមានអំណាចអាចជួយពួកគេឲ្យផ្លាស់ប្តូរលក្ខខណ្ឌការងាររបស់ពួកគេ និងលទ្ធភាពទទួលបានសេវាសុខភាពរបស់ពួកគេ។ ខណៈដែលពួកគេបានធ្វើការជាមួយសមាគម SEWA ពួកគេបានបង្កើតយុទ្ធសាស្ត្រផ្សេងៗដែលពួកគេអាចប្រើប្រាស់ដើម្បីសម្រេចនូវគោលដៅរបស់ពួកគេ។

បង្កើតការឯកភាពជាឯកច្ឆ័ន្ទ (កុងសុងស៊ីស) ៖ ប្រសិនបើអ្នកនយោបាយ និងបុគ្គលិកសុខាភិបាលចង់សហការ និងទទួលយកសំណើ នោះក្រុមអាចនឹងព្យាយាមបង្កើតកុងសុងស៊ីសដើម្បីបង្កើតការផ្លាស់ប្តូរដែលគ្រប់គ្នាអាចយល់ស្របគ្នាដោយគ្មានជម្លោះ។ ការណ៍នេះអាចនឹងមានភាពងាយស្រួលជាងវិធីសាស្ត្រផ្សេងៗទៀត ប៉ុន្តែវាអាចដំណើរការទៅបានលុះត្រាតែគ្រប់គ្នាបានយល់ស្របរួចជាស្រេចអំពីការផ្លាស់ប្តូរណាខ្លះដែលចាំបាច់ត្រូវមាន។ កាំឡា អៃសា និង លីឡា បានព្យាយាមបង្កើតកុងសុងស៊ីសជាមួយបុគ្គលិកសុខាភិបាលនៅឯគ្លីនិក និងជាមួយការិយាល័យការងារ ប៉ុន្តែពួកគេបានរកឃើញថាពួកគេមិនអាចសម្រេចជោគជ័យលើការងារនេះបានឡើយ។ ផ្ទុយមកវិញ ពួកគេត្រូវបង្ខំឲ្យពួកគេយល់ព្រមស្តាប់ ដែលហៅថា “ការយកអំណាច។

យកអំណាច ៖ នៅពេលខ្លះ ក្រុមអាចនឹងចាំបាច់ត្រូវយកអំណាចមួយចំនួនពីអ្នកដែលគ្រប់គ្រងការសម្រេចចិត្ត។ ពួកគេធ្វើដូច្នេះដោយប្រើប្រាស់ភាពខ្លាំងសមូហភាព និងសកម្មភាពសាធារណៈ ដើម្បីបង្ខំអ្នកមានអំណាចឲ្យយល់ព្រមប្រគល់អំណាច។ តើការងារនេះដំណើរការទៅយ៉ាងដូចម្តេច? ហេតុអ្វីបានជាអ្នកមានអំណាចយល់ព្រមប្រគល់សិទ្ធិអំណាចមួយចំនួន ឬទាំងអស់របស់ពួកគេទៅលើអ្វីដែលកើតឡើង? ជារឿយៗ អ្នកមានអំណាចនឹងផ្លាស់ប្តូរជំហររបស់ពួកគេ មិនមែនតែដោយសារការបញ្ចុះបញ្ចូលដោយការតវ៉ាបែបសីលធម៌នោះទេ ប៉ុន្តែដោយសារសម្ពាធពីសាធារណជនដែលធ្វើឲ្យពួកគេគ្មានជម្រើសផ្សេង។ ពួកគេបានដឹងថា ការខាតបង់ចំពោះពួកគេដែលបណ្តាលមកពីការមិនប្រគល់អំណាច គឺមានទំហំធំធេងជាងការការខាតបង់ដោយសារការយល់ព្រមប្រគល់អំណាច។ នៅពេលដែល កាំឡា អៃសា និង លីឡា បានទៅការិយាល័យការងាររដ្ឋ មន្ត្រីនៅទីនោះបដិសេធសំណើពួកគេដោយមិនខាតបង់អ្វីទាំងអស់។ ប៉ុន្តែនៅពេលដែលក្រុមស្ត្រីដ៏ធំមួយដែលមានការរៀបចំល្អបង្ហាញខ្លួននៅចំពោះមុខពួកគេ និងនិយាយច្បាស់ៗថាពួកគេនឹងមិនចាកចេញទេ នោះលោករដ្ឋលេខាធិការទទួលបន្ទុកការងារក៏បានលះបង់អំណាចមួយចំនួនរបស់គាត់។ លោកបានទទួលយកការទាមទាររបស់ពួកគេ ហើយស្ត្រីទាំងនោះក៏បានទទួលអំណាច។

protesters outside a factory with signs that read "Still no pay after 17 months" and "Our children are hungry."
នៅពេលដែលរោងចក្រស្បែកជើងមួយបានបិទទ្វារនៅក្នុងប្រទេសហុងដូរ៉ាស នាឆ្នាំ២០១០ និយោជិតដែលភាគច្រើនជាស្ត្រីត្រូវបានបញ្ឈប់ពីការងារដោយគ្មានការទូទាត់សំណងសរុប ២លានដុល្លារ ដែលរោងចក្របានជំពាក់ពួកគេទាំងអស់គ្នា។ ក្រោយពីការតវ៉ារយៈពេលមួយឆ្នាំដោយកម្មករ និងសម្ពន្ធមិត្តរបស់ពួកគេនៅឯបរទេស ម្ចាស់រោងចក្រក៏បានទូទាត់សំណងដែលជំពាក់កម្មករទាំងនោះ និងបានផ្តល់ធានារ៉ាប់រងសុខភាពរយៈពេលមួយឆ្នាំ។


បង្កើតអំណាច៖ ទោះបីជាការរៀបចំក្រុមបានល្អឥតខ្ចោះ អាចបង្កើតកុងសុងស៊ីស ឬយកអំណាចបានក៏ដោយ ក៏នៅតែមានស្ថានភាពមួយចំនួនដែលទាមទារឲ្យក្រុមបង្កើតរចនាសម្ព័ន្ធថ្មីទាំងស្រុងមួយដោយមិនប្រើប្រាស់បណ្តាញផ្លូវការផងដែរ។ ទោះបីជាស្ត្រីនៃសមាគម SEWA បានបង្ខំឲ្យរដ្ឋលេខាធិការទទួលបន្ទុកការងារងាកមកគាំទ្រការតស៊ូរបស់ពួកគេ ហើយទោះបីជាបុគ្គលិកសុខាភិបាលបានងាកមកយកចិត្តទុកដាក់ចំពោះរបួសពាក់ព័ន្ធនឹងការងារ និងបញ្ហាសុខភាពរបស់ពួកគេក៏ដោយ ក៏ស្ត្រីក្រីក្រនៅក្នុងទីក្រុងអាមេតដាបាត នៅតែមិនមានលទ្ធភាពទិញថ្នាំពេទ្យនៅឡើយ។ ក្នុងនាមជាអ្នករៀបចំក្រុម ពួកគេត្រូវការយុទ្ធសាស្ត្រមួយ។ ពួកគេអាចព្យាយាមបង្កើតកុងសុងស៊ីសជាមួយក្រុមហ៊ុនផលិតឱសថ ដោយស្នើឲ្យពួកគេបញ្ចុះតម្លៃថ្នាំពេទ្យ។ ពួកគេអាចព្យាយាមយកអំណាចពីក្រុមហ៊ុនទាំងនោះ ដោយបង្ខំឲ្យពួកគេបញ្ចុះតម្លៃថ្នាំពេទ្យ។ ឬក៏ពួកគេក៏អាចបង្កើតអំណាចដោយការបង្កើតនូវរចនាសម្ព័ន្ធផ្សេងមួយទាំងស្រុង គឺសហករណ៍ដែលអាចទិញថ្នាំពេទ្យយ៉ាងច្រើនក្នុងតម្លៃទាប យកមកចែកចាយដល់ពួកគេដោយស្មើភាពគ្នា។

ការរៀបចំក្រុមដើម្បីតទល់នឹងមតិសាធារណៈអំពីសេវាសុខភាព (ឬអ្វីមួយផ្សេង) អាចនឹងបង្កឲ្យមានប្រតិកម្មអវិជ្ជមានតបត ដោយសត្រូវរបស់អ្នក អាចនឹងរៀបចំយុទ្ធនាការដើម្បីបំផ្លាញក្រុមរបស់អ្នក និងគោលដៅរបស់អ្នកវិញបាន។ តាមរយៈការបង្កើតនូវកុងសុងស៊ីសថ្មី តាមរយៈការប៉ុនប៉ងយកអំណាចពីបុគ្គលនិងគ្រឹះស្ថាន ឬតាមរយៈការស្វែងរកវិធីដើម្បីបង្កើតអំណាចថ្មី អ្នកអាចនឹងប្រឈមមុខនឹងការជំទាស់ ស្នាមរបួស គ្រោះថ្នាក់ផ្ទាល់ខ្លួន ឬការគំរាមកំហែងដល់រាងកាយទៀតផង។ ការណ៍នេះអាចធ្វើឲ្យក្រុម និងសមាជិកម្នាក់ៗដែលពាក់ព័ន្ធ ប្រឈមនឹងភាពតានតឹងអារម្មណ៍ និងនឿយហត់ជាខ្លាំង។ ទោះជាយ៉ាងនេះក្តី ជារឿយៗមនុស្សកាន់តែមានការប្តេជ្ញាចិត្តខ្លាំងឡើង កាន់តែសាមគ្គី និងកាន់តែមានគំនិតច្នៃប្រឌិតនៅក្នុងការឆ្លើយតបវិញ។

សូម្បីតែការតស៊ូមិនសូវជួបការលំបាកក៏ដោយ ក៏មនុស្សមានការផ្លាស់ប្តូរខណៈដែលពួកគេចូលរួមក្នុងការងាររៀបចំក្រុម។ ពួកគេបង្កើតនូវទំនាក់ទំនងថ្មីៗ ទស្សនៈថ្មីអំពីអំណាចរបស់ពួកគេ និងគំនិតថ្មីៗអំពីអ្វីដែលអាចទៅរួច។ ខណៈដែលអ្នកឈ្នះ (ហើយពេលខ្លះចាញ់) សមរភូមិតស៊ូផ្សេងៗដែលអ្នកជ្រើសរើសចូលរួម អ្នកក៏បានជួយបង្កើតនូវលក្ខខណ្ឌនានាដើម្បីការផ្លាស់ប្តូរកាន់តែច្រើន និងកាន់តែស៊ីជម្រៅផងដែរ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨