Hesperian Health Guides

ការកំណត់គោលដៅសម្រាប់ការរៀបចំក្រុម

នៅក្នុងជំពូកនេះ ៖

នៅពេលដែលអ្នកចាប់ផ្តើមការងាររៀបចំក្រុម ការកំណត់គោលដៅច្បាស់លាស់គឺជាកិច្ចការសំខាន់ដែលក្រុមរបស់អ្នកត្រូវធ្វើ។ អ្នកចាំបាច់ត្រូវមានសមត្ថភាពប្រាប់អ្នកដទៃពីអ្វីដែលអ្នកចង់ធ្វើការផ្លាស់ប្តូរ និងពីមូលហេតុរបស់វា។ អ្នកអាចកែប្រែគោលដៅរបស់អ្នក ឬកំណត់គោលដៅថ្មីៗស្របពេលដែលស្ថានការណ៍មានការផ្លាស់ប្តូរ ហើយអ្នកទទួលបានការរីកចម្រើនក្នុងអំឡុងពេលនោះ។ គោលដៅទីមួយរបស់ស្ត្រីនៃសមាគម SEWA គឺបញ្ចុះបញ្ចូលឲ្យអាជ្ញាធរការងារក្នុងមូលដ្ឋានទទួលស្គាល់បញ្ហាដែលពួកគេបានជួបប្រទះក្នុងឋានៈជាស្ត្រីកម្មការិនី។ ក្រោយពីសម្រេចគោលដៅនេះដោយជោគជ័យរួចមក ពួកគេក៏បានកំណត់គោលដៅថ្មីមួយ គឺការធ្វើឲ្យថ្នាំពេទ្យ និងការថែទាំសុខភាពកាន់តែងាយស្រួលស្វែងរកសម្រាប់ប្រជាជន។ កន្លងមកទៀត នៅពេលដែលពួកគេទទួលបានបទពិសោធន៍និងអំណាច និងបង្កើតបាននូវទំនាក់ទំនងបន្ថែមជាមួយក្រុមដទៃ ពួកគេអាចកំណត់គោលដៅកាន់តែធំជាងមុន។

4 women speaking in a large group.
ខ្ញុំមិនត្រឹមតែចង់បានថ្នាំ ឬព័ត៌មានអំពីអ្វីដែលត្រូវធ្វើប៉ុណ្ណោះទេ តែខ្ញុំក៏ចង់ដឹងពីរបៀបថែទាំសុខភាពរបស់ខ្ញុំឲ្យប្រសើរឡើងផងដែរ។
យើងត្រូវការមណ្ឌលសុខភាពដែលមានវេជ្ជបណ្ឌិតប្រចាំការ២៤ម៉ោង។
ស្ត្រីវ័យក្មេងគួរទទួលបានការអប់រំផ្លូវភេទ ដោយគ្មានការវិនិច្ឆ័យមិនល្អ។
មណ្ឌលសុខភាពគួរតែជាកន្លែងដែលបុរសមានអារម្មណ៍ងាយស្រួលក្នុងការជួបជុំ និងធ្វើការជាមួយគ្នាដើម្បីបញ្ឈប់អំពើហិង្សា។

ស្រមៃពីសេវាសុខភាពដែលយើងចង់បាន

ដើម្បីបង្កើតគោលដៅប្រកបដោយជោគជ័យ យើងចាំបាច់ស្រមើស្រមៃឲ្យបានច្បាស់លាស់បំផុតតាមដែលអាចធ្វើទៅបាន អំពីការផ្លាស់ប្តូរដែលយើងចង់ធ្វើឲ្យកើតមានឡើង។ ប៉ុន្តែ វាអាចជាការលំបាកសម្រាប់គ្រប់គ្នា ទាំងបុគ្គលិកសុខាភិបាល និងសមាជិកសហគមន៍ ក្នុងការស្រមៃអំពីសេវាសុខភាពដែលខុសប្លែកពីអ្វីដែលកំពុងមាន និងធ្លាប់មានតាំងពីយូរលង់មកហើយ។ ខាងក្រោមនេះគឺជាគំនិត និងសកម្មភាពមួយចំនួនដែលអាចជួយដល់ក្រុមក្នុងការបង្កើតនូវសំណើជាក់លាក់ដើម្បីការផ្លាស់ប្តូរនៅក្នុងការផ្តល់សេវាសុខភាព។

អ្នកអាចប្រើប្រាស់សកម្មភាពនេះដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្រមើស្រមៃអំពីការកែលម្អសេវាសុខភាពសម្រាប់ស្ត្រី។ អ្នកអាចនឹងចង់អនុវត្តសកម្មភាពនេះជាថ្មីជាមួយក្រុមផ្សេងៗនៅក្នុងសហគមន៍ ដូចជា អង្គការយុវជន ក្រុមស្ត្រី មេដឹកនាំស៊ីវិល ឬបុគ្គលិកសុខាភិបាល ហើយបន្ទាប់មក ធ្វើការចែករំលែកគំនិតរបស់អ្នកទាំងអស់គ្នានៅក្នុងកិច្ចប្រជុំធំមួយ។

សកម្មភាព តើសេវាសុខភាពដែលសមស្របរបស់ស្ត្រីនឹងមានលក្ខណៈដូចម្តេចទៅ?

  1. ស្នើឲ្យក្រុមរៀបរាប់ពីប្រភេទស្ត្រីខុសៗគ្នានៅក្នុងសហគមន៍ដែលមានលទ្ធភាពតិចបំផុតក្នុងការទទួលសេវាសុខភាព ឬដែលទទួលបានសេវាមិនសមស្រប ឬដោយគ្មានការទទួលស្វាគមន៍រាក់ទាក់។ ជាឧទាហរណ៍ ស្ត្រីវ័យក្មេង ជនជាតិភាគតិច ស្ត្រីពិការ ស្ត្រីនិយាយភាសាផ្សេង ឬស្ត្រីរកស៊ីផ្លូវភេទ។
  2. ស្នើឲ្យក្រុមស្រមើស្រមៃថាតើគេអាចផ្តល់សេវាសុខភាពដល់ស្ត្រីទាំងអស់ដោយរបៀបណា។ តើសេវាសុខភាពគួរមានលក្ខណៈបែបណា ទើបចាត់ទុកថាសមស្រប ទទួលយកបាន?
    ខាងក្រោមនេះជាសំណួរមួយចំនួនទៀតដែលអ្នកអាចសួរដើម្បីជួយក្រុមឲ្យស្រមៃអំពីការកែលម្អសេវាសុខភាព ៖
    • តើប្រភេទណាខ្លះនៃក្រុមគាំទ្រ ដែលមានតម្លៃ?
    • តើឥរិយាបថ និងព័ត៌មានប្រភេទណាខ្លះដែលអ្នកផ្តល់សេវាសុខភាពគួរមាន?
    • តើតេស្ត និងការពិនិត្យសុខភាពប្រភេទណាខ្លះដែលគួរផ្តល់?
    • តើមណ្ឌលសុខភាពអាចផ្តល់សេវាដល់ស្ត្រីដែលរស់នៅតំបន់ឆ្ងាយ និងមិនមានមធ្យោបាយធ្វើដំណើរដោយរបៀបណា?
    • តើសេវាសុខភាពអាចកែលម្អការថែទាំសម្រាប់ស្ត្រីមានជំងឺយូរអង្វែងដោយរបៀបណា?
  3. ចូរសរសេរពីគំនិតរបស់គ្រប់គ្នានៅលើក្រដាសមួយផ្ទាំងធំ ឬនៅលើក្តារខៀន ដើម្បីឲ្យក្រុមទាំងមូលអាចមើលឃើញ។
    បន្តការពិភាក្សាដោយសួរថា តើនរណានឹងជាប់ពាក់ព័ន្ធនៅក្នុងសេវាសុខភាពសមស្របទាំងនេះ? សួរសំណួរដូចជា ៖ តើស្ត្រីគ្រប់វ័យអាចមានសំឡេងនិងវិធីចូលរួមក្នុងការអភិវឌ្ឍសេវាទាំងនេះដោយរបៀបណា? តើបុរសអាចចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អសេវាសុខភាពសម្រាប់ស្ត្រីដោយរបៀបណា?
    ជាចុងក្រោយ ចូររំលឹកឡើងវិញនូវរាល់គំនិតដែលធ្វើឲ្យសេវាសុខភាពកាន់តែអាចប្រើប្រាស់បាន កាន់តែសមស្រប និងកាន់តែអាចទទួលយកបានសម្រាប់ស្ត្រីគ្រប់រូប។
  4. ប្រសិនបើនៅសល់ពេលវេលា ស្នើឲ្យពួកគេធ្វើការជាគូ ឬជាក្រុមតូចៗដើម្បីបង្កើតរូបភាព ជញ្ជាំងផ្ទាំងគំនូរ បណ្តុំរូបភាពពីទស្សនាវដ្តីនិងកាសែត ឬនិពន្ធបទចម្រៀងឬកំណាព្យ ដែលឆ្លុះបញ្ចាំងពីទស្សនវិស័យមួយបង្ហាញពីលក្ខណៈសមស្របដែលសេវាសុខភាពគួរតែមាន។ អ្នកអាចចែករំលែកសិល្បៈនេះជាមួយអ្នកដទៃនៅក្នុងសហគមន៍ដើម្បីលើកកម្ពស់ការពិភាក្សាអំពីការកែលម្អសេវាសុខភាពសម្រាប់ទាំងអស់គ្នា។

សកម្មភាពបំផុតគំនិត ដូចជាសកម្មភាពមួយនៅក្នុងទំដែលបានរៀបរាប់ខាងលើ ក្នុងនោះប្រជាជនស្រមៃអំពីសេវាសុខភាពសមស្របរបស់ពួកគេ គឺជាសកម្មភាពដ៏អស្ចារ្យសម្រាប់លើកទឹកចិត្តពួកគេ។ ក្រោយពីប្រមូលគំនិតរបស់ពួកគេ ជំហានបន្ទាប់គឺជ្រើសរើសគំនិតដែលត្រូវយកមកអនុវត្តមុនគេ។ គំនិតទាំងនេះនឹងក្លាយជាគោលដៅរបស់អ្នក។ ចូរចាប់ផ្តើមដោយការបែងចែកគំនិតដែលមានលក្ខណៈស្រដៀងគ្នា តែត្រូវបង្ហាញផ្សេងគ្នាជាក្រុម។ ជាឧទាហរណ៍ “យើងត្រូវការឆ្មបដែលចេះនិយាយភាសារបស់យើង” និង “យើងត្រូវការអ្នកបកប្រែបន្ថែម” គឺជាតម្រូវការដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងណាស់។ អ្នកក៏អាចបែងចែកគំនិតជាក្រុមៗ អាស្រ័យទៅលើកត្តាថាតើគំនិតទាំងនោះជាគោលដៅរយៈពេលខ្លី ឬរយៈពេលវែង។ សូមមើលសកម្មភាព “បង្កើតផែនការសកម្មភាព”។ នៅពេលដែលគំនិតទាំងនោះត្រូវបានរៀបចំយ៉ាងច្បាស់ៗនៅលើក្រដាសផ្ទាំងធំ ឬក្តារខៀន អ្នកអាចសាកល្បងអនុវត្តសកម្មភាព “បោះឆ្នោតដោយប្រើដុំស្កុត” សកម្មភាពនោះអាចជួយឲ្យអ្នកថ្លឹងថ្លែងពីគំនិតផ្សេងៗដើម្បីស្វែងរកគំនិតដែលគេចង់ធ្វើការផ្តោតមុនគេបង្អស់។

កសាងភាពជាអ្នកដឹកនាំ និងភាពខ្លាំងយូរអង្វែង

ការគិតអំពីរបៀប ដែលអ្នកចង់សម្រេចនូវគោលដៅរបស់អ្នក គឺមានសារសំខាន់ស្ទើរស្មើនឹងការគិតអំពីគោលដៅផ្ទាល់ផងដែរ។ តើអ្នកចង់ឲ្យក្រុមរបស់អ្នកលេចត្រដែតឡើងនៅពេលចប់ការតស៊ូដោយរបៀបណា? តើអ្នកសង្ឃឹមថានឹងបានរៀនសូត្រអ្វីខ្លះក្នុងអំឡុងពេលនេះ? តើក្រុមរបស់អ្នកមានបំណងបង្កើនភាពខ្លាំង និងអំណាចនៅក្នុងដំណើរការតស៊ូដើម្បីសម្រេចគោលដៅរបស់ក្រុមតាមវិធីណាខ្លះ?

ជាឧទាហរណ៍ នៅពេលដែលស្ត្រី ៣នាក់នៅក្នុងទីក្រុងអាមេតដាបាត បានចាប់ផ្តើមការងារតស៊ូ, គោលដៅរបស់ពួកគេគឺដើម្បីទាមទារឲ្យមណ្ឌលសុខភាពផ្តល់ការថែទាំព្យាបាលបញ្ហាសុខភាពដែលទាក់ទងនឹងការងាររបស់ពួកគេ។ ដើម្បីសម្រេចគោលដៅនេះ ពួកគេបានយល់ឃើញថា ពួកគេចាំបាច់ត្រូវបង្កើតសម្ពន្ធភាពមួយជាមួយក្រុមដែលបានរៀបចំបង្កើតឡើងរួចហើយ ពួកគេចាំបាច់ត្រូវស្វះស្វែងរកជំនួយពីអ្នកជំនាញការ និងសកម្មជន ពួកគេចាំបាច់ត្រូវមានសមត្ថភាពប្រឈមមុខជាមួយអ្នកកាន់អំណាច ហើយពួកគេចាំបាច់គិតគូរអំពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់បញ្ហាចាស់ៗ (ដូចជា ថ្នាំពេទ្យមានតម្លៃខ្ពស់ ។ល)។

2 women having a conversation.
ខ្ញុំគិតថា បើមានការគាំទ្រពីការិយាល័យការងារ និងក្រុមវេជ្ជបណ្ឌិត នោះយើងប្រាកដជាអាចទទួលបានថ្នាំពេទ្យជាមិនខាន! ប៉ុន្តែវានៅតែមានតម្លៃថ្លៃខ្លាំងដដែល...
យើងមានជម្រើសផ្សេងទៀត។ ប្រហែលជានរណាម្នាក់ដែលយើងបានជួបនៅឯសន្និសីទ អាចជួយយើងស្វែងរកដំណោះស្រាយចំពោះបញ្ហានេះបាន។

ទោះបីជាពួកគេបរាជ័យក្នុងការទាក់ទាញឲ្យមណ្ឌលសុខភាពយកចិត្តទុកដាក់ចំពោះពួកគេក៏ដោយ ក៏ប៉ុន្តែពួកគេនៅតែសម្រេចបាននូវវឌ្ឍនភាពការងារជាច្រើន។ ពួកគេបានស្គាល់អ្នកជំនាញការផ្នែកសុខភាព និងសុវត្ថិភាពមួយចំនួន ហើយពួកគេបានរៀនសូត្រអំពីបញ្ហាសុខភាពការងារ។ ការណ៍នេះជួយជំរុញឲ្យពួកគេសម្រេចបាននូវការកែលម្អលក្ខខណ្ឌការងាររបស់ពួកគេ។ នៅក្នុងដំណើរការនេះ ក្រុមស្ត្រីបានអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងមានអារម្មណ៍ថាខ្លួនមានកម្លាំងបន្តការតស៊ូទាមទារនូវការថែទាំសុខភាពកាន់តែប្រសើរជាងមុន។ ជាលទ្ធផល ពួកគេអាចមើលឃើញខ្លួនឯងជាសមាជិកសហគមន៍ដែលមានសំឡេងក្នុងការធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ដល់ជីវិតរបស់ពួកគេ។ ទាំងនេះគឺជាសមិទ្ធផលដ៏ធំធេង។

ចុះប្រសិនបើស្ត្រីទាំងនោះបានទទួលជោគជ័យដោយគ្មានការតស៊ូអ្វីទាំងអស់វិញ តើវានឹងទៅជាយ៉ាងណា? ចូរស្រមៃថា ស្ត្រីទាំងនោះកំពុងនាំយកសំណើរបស់ពួកគេទៅកាន់មណ្ឌលសុខភាព ហើយបញ្ហារបស់ពួកគេក៏ត្រូវបានដោះស្រាយភ្លាម។ នោះនឹងក្លាយជាសមិទ្ធផលដ៏ធំមួយសម្រាប់សហគមន៍របស់ពួកគេ ហើយស្ត្រីទាំងនោះក៏នឹងសប្បាយចិត្តជាមួយនឹងគោលដៅរយៈពេលខ្លីរបស់ខ្លួនផងដែរ។ ក៏ប៉ុន្តែ ពួកគេនឹងមិនទទួលបានបទពិសោធន៍ដ៏មានតម្លៃពីការកសាងភាពជាអ្នកដឹកនាំ ជំនាញ និងអំណាចជាក្រុមនោះទេ ហើយកត្តាទាំងនេះគឺជាធាតុផ្សំដ៏សំខាន់ក្នុងការឈានទៅសម្រេចនូវការផ្លាស់ប្តូររយៈពេលយូរអង្វែង។

ប្រសិនបើអ្នកកំពុងត្រៀមខ្លួនធ្វើយុទ្ធនាការដើម្បីសម្រេចគោលដៅរយៈពេលខ្លីក្នុងការកែលម្អសេវាសុខភាពនៅក្នុងសហគមន៍របស់អ្នក ចូរពិចារណាពីគោលដៅដែលនឹងពង្រឹងជំនាញរៀបចំ និងជំនាញភាពជាអ្នកដឹកនាំរបស់ក្រុមអ្នកផងដែរ។ នៅពេលក្រោយ ប្រសិនបើអ្នកវាយតម្លៃយុទ្ធសាស្ត្ររបស់អ្នក ចូរសំឡឹងមើលរបៀបដែលអ្នកបានកសាងក្រុមរបស់អ្នក និងបានទទួលអំណាចនៅក្នុងដំណើរការនេះ ទន្ទឹមនឹងការវិនិច្ឆ័យរបៀបដែលអ្នកសម្រេចបាននូវគោលដៅរយៈពេលខ្លីរបស់អ្នក។

a woman and a man speaking while looking at a list of goals.
តើមានជំហានអ្វីខ្លះដែលយើងអាចអនុវត្តដើម្បីជួយឲ្យយើងសម្រេចបាននូវគោលដៅរយៈពេលវែងរបស់យើង?
យើងមានអ្នកគាំទ្រជាច្រើន ប៉ុន្តែពួកគេគួរតែអាចធ្វើការងារបានច្រើនជាងនេះ។ ប្រហែលជាពួកគេអាចផ្សព្វផ្សាយសាររបស់យើងបាន។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨