Hesperian Health Guides

ស្ត្រីប្រមូលផ្តុំដើម្បីបំពេញតម្រូវការសុខភាពរបស់ខ្លួន

នៅក្នុងជំពូកនេះ ៖

កាំឡា (Kamla) អៃសា (Ayesha) និង លីឡា (Leela) គឺជាអ្នកជិតខាងនឹងគ្នា។ ពួកគេរស់នៅក្នុងទីក្រុងអាមេតដាបាត (Ahmedabad) នៃប្រទេសឥណ្ឌា ហើយពឹងផ្អែកលើប្រាក់កាសដែលពួកគេរកបានពីការងារបណ្តែតម្តងម្កាលដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារ។ ពួកគេគឺជាកម្មករធ្វើការនៅផ្ទះ ដោយមិនមាននិយោជកប្រាកដប្រជានោះទេ ហើយពួកគេត្រូវរ៉ាប់រងបង់ថ្លៃចំណាយទិញរបស់របរដោយខ្លួនឯង។ នៅពេលចម្អិនអាហារជាមួយគ្នានៅពេលយប់ ពួកគេដឹងសុខទុក្ខគ្នា ថាពួកគេពិតជាហត់នឿយខ្លាំងណាស់ និងការឈឺចាប់ដោយសារការងាររបស់ពួកគេ។កគេ។ អៃសា ដែលជាកម្មការិនីរោងចក្រកាត់ដេរ តែងតែឈឺខ្នងជាប់ជានិច្ច, ចំណែកឯ កាំឡា និង លីឡា វិញសុទ្ធតែមានបញ្ហាពិបាកដកដង្ហើម ក្រោយពីរមូលសរសៃធូបពេញមួយថ្ងៃ។ ពួកគេបានសម្រេចចិត្តទៅគ្លីនិកសុខភាពជាមួយគ្នា។ ប៉ុន្តែ គិលានុបដ្ឋាក-យិកា និងបុគ្គលិកដទៃទៀតនៅមណ្ឌលសុខភាពនោះ មិនបានជួយស្ត្រីដោះស្រាយបញ្ហារបស់ពួកគេនោះទេ។ ទោះជាស្ត្រីទាំង៣នាក់នេះខកចិត្តក៏ដោយ ក៏ពួកគេបានសម្រេចចិត្តជជែកជាមួយកម្មករធ្វើការនៅផ្ទះដទៃទៀត ហើយបានកត់សម្គាល់ឃើញថា ពួកគេទាំងអស់សុទ្ធតែមានបញ្ហាប្រហាក់ប្រហែលគ្នា។ ក្រោយពីបានដឹងថាពួកគេមិនមែនមានបញ្ហាតែម្នាក់ឯង ស្ត្រីទាំងនោះក៏បានឯកភាពគ្នាធ្វើការជាមួយគ្នាដើម្បីកែលម្អស្ថានភាពរបស់ខ្លួន។

2 women speaking while another listens.
រាងកាយរបស់យើងគឺជាទ្រព្យសម្បត្តិតែមួយគត់ដែលយើងមាន។ យើងចាំបាច់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ទើបយើងអាចធ្វើការរកប្រាក់ និងមើលថែគ្រួសារយើងបាន។
យើងត្រូវតែរៀបចំឲ្យមានឧបករណ៍ល្អប្រសើរ ដើម្បីការពារកុំឲ្យការងារធ្វើឲ្យយើងធ្លាក់ខ្លួនឈឺ និងដើម្បីទទួលបានការយកចិត្តទុកដាក់ច្រើនជាងមុនពីវេជ្ជបណ្ឌិតដើម្បីទទួលបានសេវាថែទាំសុខភាពដែលយើងត្រូវការ។


ស្ត្រីទាំងនោះបាននាំយកកង្វល់របស់ខ្លួន ទៅកាន់ការិយាល័យការងាររដ្ឋ ប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងអង្គភាពនេះស្តាប់ពួកគេនោះទេ។ ពួកគេក៏បានសម្រេចចិត្តស្វែងរកជំនួយពីសមាគមស្ត្រីប្រកបរបរផ្ទាល់ខ្លួន (SEWA) ដែលជាសហជីពមួយដឹកនាំដោយស្ត្រីក្រីក្រ ដើម្បីទាមទារសិទ្ធិរបស់ពួកគេ។ អ្នករៀបចំសមាគម បានជួយពួកគេឲ្យបង្កើតផែនការមួយ និងបញ្ជីតម្រូវការមួយផងដែរ។ ដោយមានសមាជិកក្រុមជាស្ត្រីកាន់តែច្រើន ពួកគេមានទំនុកចិត្តក្នុងការត្រឡប់ទៅកាន់ការិយាល័យការងាររដ្ឋជាថ្មីម្តងទៀត។ ដោយប្រឈមមុខនឹងស្ត្រីដែលមានការរៀបចំរចនាសម្ព័ន្ធបានល្អ និងមានឧបករណ៍ក្នុងដៃ លោករដ្ឋលេខាធិការទទួលបន្ទុកការងារ បានបង្ខំចិត្តគាំទ្រការតស៊ូរបស់ពួកគេ។ លោកបានជួយពួកគេបង្កើតឲ្យទំនាក់ទំនងដ៏មានតម្លៃជាមួយអ្នកជំនាញការ និងសកម្មជនដទៃទៀត ដែលភាគច្រើនជាបុរស។ ពួកគេបានសហការគ្នាបង្កើតនូវឧបករណ៍ថ្មីៗដែលមានសុវត្ថិភាពជាងមុនសម្រាប់ការងាររបស់ពួកគេ និងវិធីផ្សេងៗទៀតដើម្បីកែលម្អស្ថានភាពការងារឲ្យប្រសើរឡើង។

ដោយមានព័ត៌មានថ្មីៗ និងការគាំទ្រពីសំណាក់សម្ពន្ធមិត្តថ្មីៗរបស់ពួកគេ ក្រុមស្ត្រីទាំងនោះក៏បានត្រឡប់ទៅកាន់មណ្ឌលសុខភាពក្នុងមូលដ្ឋាន និងបានបញ្ចុះបញ្ចូលបុគ្គលិកសុខាភិបាលឲ្យជួយពួកគេ។ កាំឡា អៃសា និងលីឡា បាននាំបុគ្គលិកសុខាភិបាលទៅសួរសុខទុក្ខស្ត្រីដែលកំពុងធ្វើការបណ្តែតនៅឯផ្ទះ ដើម្បីបង្ហាញថា ការងាររបស់ពួកគេអាចបង្កគ្រោះថ្នាក់របៀបណា។ ក្រោយពីបានមើលឃើញស្ថានភាពការងាររបស់ស្ត្រីទាំងនោះ ក្រុមបុគ្គលិកសុខាភិបាលបានយល់ព្រមជួយពួកគេរៀបចំទាមទារឲ្យមានគោលនយោបាយការងារល្អប្រសើរជាងមុន និងទទួលបានសេវាថែទាំសុខភាពកាន់តែប្រសើរនៅមណ្ឌលសុខភាព ផងដែរ។

ស្ត្រីទាំងនោះបានមើលឃើញថា ពួកគេប្រឈមមុខនឹងឧបសគ្គមួយផ្សេងទៀត។ ទោះបីជាពួកគេបានទទួលសេវាថែទាំសុខភាពប្រសើរជាងមុនក្តី ក៏ប៉ុន្តែពួកគេមិនមានលទ្ធភាពទិញថ្នាំដែលពួកគេត្រូវការនោះទេ។ តាមរយៈសមាគម SEWA និងការដកស្រង់បទពិសោធន៍របស់ក្រុមដទៃ ពួកគេបានយល់ឃើញថា ប្រសិនបើស្ត្រីម្នាក់ៗដាក់ប្រាក់សន្សំបន្តិចបន្តួច នោះពួកគេអាចបង្កើតសហករណ៍មួយដែលអាចផ្តល់ថ្នាំទូទៅដែលមានតម្លៃទាបបាន។ ក្រោយពីបានរៀបចំផែនការរួច ស្ត្រីទាំងនោះក៏បានដាក់សំណើរបស់ពួកគេទៅកាន់មន្ត្រីចុះបញ្ជីសហករណ៍នៅក្នុងរដ្ឋរបស់ពួកគេ។ ជាអកុសល្យ មន្ត្រីរូបនោះបានបដិសេធសំណើរបស់ពួកគេ!

the registrar speaking to a group of women; 1 of them answers him.
តើនេះជាប្រភេទសហករណ៍អ្វីទៅ? ជាសហករណ៍របស់ក្រុមស្ត្រីអវិជ្ជា និងឆ្មបឬ?
យើងស្គាល់សិទ្ធិរបស់យើង ហើយយើងមិនបោះបង់វាឡើយ។


ទោះបីជាពួកគេមិនទទួលបានការអនុញ្ញាតឲ្យចុះបញ្ជីសហករណ៍ក្តី ក៏ក្រុមស្ត្រីទាំងនេះនៅតែបន្តសរសេរលិខិត និងនិយាយចេញជាសាធារណៈ ហើយក៏មានស្ត្រីកាន់តែច្រើនឡើងៗបានមកចូលរួមជាមួយពួកគេ។ សមាជិកសមាគម SEWA បានធ្វើការជាមួយគ្នាដើម្បីរៀនសូត្រអំពីអាហារូបត្ថម្ភ សុខភាពបន្តពូជ ជំងឺរបេង និងក្តីកង្វល់ផ្នែកសុខភាពទូទៅផ្សេងៗទៀត។ អ្នកជំនាញការដែលរួសរាយរាក់ទាក់បានជួយពួកគេដាំរុក្ខជាតិដែលអាចយកមកធ្វើថ្នាំបុរាណក្នុងតម្លៃសមរម្យ។

រយៈពេល ២ឆ្នាំក្រោយមក មន្ត្រីចុះបញ្ជីបានយល់ព្រមអនុញ្ញាតឲ្យស្ត្រីទាំងនោះចុះបញ្ជិកាសហករណ៍របស់ពួកគេ។ ចាប់តាំងពីពេលនោះមក ពួកគេត្រូវបានទទួលស្គាល់ជាសហករណ៍ដ៏ចំណានដែលមានឱសថស្ថានសហគមន៍ផ្តល់ថ្នាំក្នុងតម្លៃទាប។ សហករណ៍ក៏បានផលិតថ្នាំបុរាណមួយចំនួនផងដែរ ហើយក្រុមមួយត្រូវបានបង្កើតឡើងដើម្បីតាមដានសេវាសុខភាពក្នុងមូលដ្ឋានដើម្បីធានាថា ពួកគេអាចបំពេញតម្រូវការរបស់ស្ត្រី និងគ្រួសាររបស់ពួកគេបាន។ ជាងពាក់កណ្តាលនៃសមាជិកទាំងអស់ ១៤០០ នាក់ មានតួនាទីជាបុគ្គលិកសុខាភិបាលសហគមន៍ អ្នកអប់រំសុខភាព និងឆ្មប។ សហករណ៍ដែលបង្កើត និងគ្រប់គ្រងដោយក្រុមស្ត្រីក្រីក្រនេះ បានជួយកែលម្អស្ថានភាពសុខភាពរបស់គ្រួសារជាច្រើននៅក្នុងសហគមន៍ និងបានពង្រឹងអំណាចសេដ្ឋកិច្ច និងនយោបាយរបស់ស្ត្រី។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨