Hesperian Health Guides
ការបង្កើតចលនាដើម្បីសិទ្ធិទទួលបានការថែទាំសុខភាព
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ១០ ៖ ការបង្កើតចលនាសុខភាពស្ត្រី > ការបង្កើតចលនាដើម្បីសិទ្ធិទទួលបានការថែទាំសុខភាព
នៅក្នុងប៉ុន្មានទំព័របន្ទាប់ យើងនឹងចែករំលែកនូវឧទាហរណ៍មួយចំនួនដែលបង្ហាញពីយុទ្ធសាស្ត្រផ្សេងៗដែលមនុស្សនៅជុំវិញពិភពលោកបានប្រើប្រាស់ដើម្បីការពារសិទ្ធិទទួលបានការថែទាំសុខភាពសម្រាប់មនុស្សទាំងអស់គ្នា។
មាតិកា
ដាក់សម្ពាធឲ្យរដ្ឋាភិបាលទទួលខុសត្រូវ
រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវក្នុងការធានាថា សិទ្ធិរបស់ពលរដ្ឋខ្លួនត្រូវបានគោរព។ នៅតាមប្រទេសជាច្រើន រដ្ឋាភិបាលក៏ទទួលខុសត្រូវផ្នែកផ្លូវច្បាប់ក្នុងការផ្តល់ការថែទាំសុខភាព និងសេវាមូលដ្ឋានដទៃទៀត ដូចជាទឹក និងអនាម័យផងដែរ។ ការដាក់សម្ពាធឲ្យរដ្ឋាភិបាលទទួលខុសត្រូវក្នុងការការពារសិទ្ធិរបស់ប្រជាជន និងការផ្តល់នូវការថែទាំសុខភាព និងសេវាមូលដ្ឋានដទៃទៀត អាចជាចំណុចស្នូលដ៏សំខាន់នៃការការរៀបចំក្រុម។
គណៈកម្មាធិការសុខភាពសហគមន៍
នៅតាមប្រទេសជាច្រើន អ្នករៀបចំបានតស៊ូទាមទារ និងសម្រេចជោគជ័យទទួលបានសិទ្ធិបង្កើតគណៈកម្មាធិការសុខភាពសហគមន៍។ ជារឿយៗ គណៈកម្មាធិការទាំងនេះធ្វើការជាមួយរដ្ឋាភិបាល និងមណ្ឌលសុខភាពដើម្បីសម្រេចថា តើគម្រោងសុខភាពណាខ្លះដែលគួរទទួលបានការផ្តល់មូលនិធិ។ ពួកគេក៏អាចនឹងជួយរៃអង្គាសប្រាក់សម្រាប់គម្រោងជាក់លាក់ផ្សេងៗ ដូចជាការបណ្តុះបណ្តាលអំពីការលើកកម្ពស់សុខភាពផងដែរ។ គណៈកម្មាធិការសុខភាពអាចវាយតម្លៃសេវាកម្មដែលមណ្ឌលសុខភាពផ្តល់ជូនមតិត្រឡប់ពីសហគមន៍។ ជាឧទាហរណ៍ គណៈកម្មាធិការសុខភាពមួយអាចនឹងវាយតម្លៃថាតើមរណភាពរបស់អ្នកជំងឺអាចបង្ការបានដែរឬអត់ ឆ្លើយតបនឹងពាក្យបណ្តឹងរបស់សហគមន៍ដែលប្តឹងមណ្ឌលសុខភាព និងចាប់ឲ្យមណ្ឌលសុខភាពទទួលខុសត្រូវ នៅពេលដែលចាំបាច់។
សមាសភាពគណៈកម្មាធិការសុខភាពគួរមានសមាជិកសហគមន៍ដែលមានបទពិសោធន៍ និងគំនិតខុសៗគ្នា ជាពិសេសអ្នកដែលសំឡេងរបស់ពួកគាត់ជាធម្មតាមិនត្រូវបានបញ្ចូលក្នុងការពិភាក្សាជាផ្លូវការអំពីវិធីដែលបញ្ហាធ្វើឲ្យប៉ះពាល់ដល់មនុស្សគ្រប់រូបក្នុងសហគមន៍។ ជាការសំខាន់ដែលត្រូវបង្កើតដំណើរការមួយសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តរួមគ្នាក្នុងចំណោមសមាជិកសហគមន៍ បុគ្គលិកមណ្ឌលសុខភាព និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីបញ្ចៀសការខ្វែងគំនិតគ្នាទាក់ទងនឹងថាតើអ្នកណាដែលមានសិទ្ធិអំណាចក្នុងការដោះស្រាយពាក្យបណ្តឹងអំពីសេវាសុខភាព និងធ្វើសេចក្តីសម្រេចចិត្ត។ វិធីមួយដើម្បីធានាថាគ្រប់គ្នាបានចូលរួម គឺការបង្កើតវិធីផ្សេងៗដើម្បីឲ្យសមាជិកសហគមន៍ដែលមានបទពិសោធន៍ច្រើនបង្ហាត់អ្នកដែលមានបទពិសោធន៍តិច។ សមាជិកសហគមន៍ រួមទាំងយុវជន ត្រូវការដឹងពីរបៀបដែលប្រព័ន្ធសុខាភិបាល និងថវិកាដំណើរការ ដើម្បីពួកគេអាចចូលរួមយ៉ាងពេញលេញក្នុងការធ្វើសេចក្តីសម្រេចចិត្តបាន។
សកម្មជនពិការភាពរៀបចំទីក្រុងដែលសម្រួលដល់ជនពិការ
នៅទីក្រុង អេខាធើរីនប៊ឺក (Ekaterinburg) នៃប្រទេសរុស្ស៊ី មន្ត្រីក្រុងបានបង្កើតកម្មវិធីពិការភាពមួយដើម្បីជួយសម្រួលឲ្យជនពិការកាន់តែងាយស្រួលចូលប្រើប្រាស់។ ប៉ុន្តែ ជនពិការមួយក្រុមបានមើលឃើញថា ទោះបីជារដ្ឋាភិបាលបាននិងកំពុងព្យាយាមជួយពួកគេក៏ដោយ ក៏នៅមានទីកន្លែងជាច្រើនដែលពួកគេបានផ្លាស់ប្តូរនោះ នៅតែពិបាកសម្រាប់ជនពិការប្រើប្រាស់នៅឡើយ។ ដូច្នេះ ពួកគេក៏បានបង្កើតជាក្រុមមួយដែលមានឈ្មោះថា សង្គមសេរីភាពនៃការធ្វើដំណើរ (Freedom of Movement Society) និងបានជួបជាមួយមន្ត្រីក្រុងដើម្បីផ្តល់ជូនពួកគេនូវបញ្ជីរាយនាមមធ្យោបាយសម្រាប់កែប្រែទីក្រុងឲ្យកាន់តែងាយស្រួលសម្រាប់ជនពិការធ្វើដំណើរ។ មន្ត្រីក្រុងបានអនុញ្ញាតឲ្យសមាជិកក្រុម ចូលរួមក្នុងគណៈកម្មាធិការរៀបចំក្រុង និងឲ្យពួកគេរៀបចំបង្កើតគោលការណ៍ណែនាំដែលស្ថាបត្យករអាចប្រើប្រាស់ដើម្បីបង្កលក្ខណៈឲ្យអគារកាន់តែមានភាពងាយស្រួលឲ្យជនពិការប្រើប្រាស់បាន។
សវនកម្មសង្គម
សវនកម្មសង្គមគឺជាការវាយតម្លៃសាធារណៈទៅលើរបៀបដែលសេវាកម្មផ្សេងៗ ដូចជា សេវាថែទាំសុខភាព ឬសេវាអប់រំ កំពុងបំពេញតម្រូវការរបស់ប្រជាជនដែលពួកគេបម្រើ។ សវនកម្មសង្គមអាចជាមធ្យោបាយដ៏ល្អមួយដើម្បីធ្វើឲ្យងាយស្រួលមើលបញ្ហា បង្កើតការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មាន និងបង្កើតនូវតម្រូវការកែលម្អ។ ជាធម្មតា សវនកម្មសង្គមគឺជាការប្រមូលព័ត៌មានតាមរយៈការសម្ភាស ឬការស្ទង់មតិ និងការផ្សព្វផ្សាយលទ្ធផលជាសាធារណៈ។ សំណួរអាចរួមមានដូចជា ៖ តើគ្រប់គ្នាទទួលបានការថែទាំដែលមានគុណភាពដូចៗគ្នាដែរឬទេ? តើសេវាកម្មដែលបានផ្តល់ជូនបំពេញបានតាមតម្រូវការរបស់ប្រជាជនដែរឬទេ? តើមូលនិធិកំពុងត្រូវបានប្រើប្រាស់យ៉ាងដូចម្តេចខ្លះ? តើមានថ្នាំ និងសម្ភារពេទ្យសំខាន់ៗដែរឬទេ?
ប្រសិនបើពួកគេមានបំណងចូលរួម តំណាងពីបុគ្គលិកមណ្ឌលសុខភាព និងអាជ្ញាធរមូលដ្ឋានក៏អាចចូលរួមជាមួយអង្គការសហគមន៍ដើម្បីធ្វើសវនកម្មសង្គមបានផងដែរ។
ខាងក្រោមនេះគឺជាឧទាហរណ៍បង្ហាញពីយុទ្ធនាការមួយដែលបានប្រើប្រាស់សវនកម្មសង្គមមួយប្រភេទនៅក្នុងប្រទេសឥណ្ឌា។
សវនាការសុខភាពប្រជាជន កែលម្អសេវាសុខភាពនៅប្រទេសឥណ្ឌា
ស្ត្រី “វណ្ណៈទាប” មួយក្រុមនៅទីក្រុង បេងហ្កាល័រ (Bangalore) ប្រទេសឥណ្ឌា មានការខឹងសម្បា នៅពេលដែលដឹងថា មណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ពួកគេ បានទទួលប្រាក់ពីរដ្ឋាភិបាលសម្រាប់ផ្តល់សេវាសុខភាពមូលដ្ឋាន ប៉ុន្តែបែរជាមិនព្រមផ្តល់ទៅវិញ។ ពួកគេបានចូលរួមជាមួយសកម្មជនដទៃទៀត និងបានប្រើប្រាស់បញ្ជីផ្ទៀងផ្ទាត់មួយ ដើម្បីកត់ត្រាសេវាកម្ម និងថ្នាំពេទ្យដែលមណ្ឌលសុខភាពបានផ្តល់ឲ្យពួកគេ ម៉ោងពេលមណ្ឌលសុខភាពបើកដំណើរការ និងសម្ភារបរិក្ខារអ្វីខ្លះដែលមណ្ឌលសុខភាពប្រើប្រាស់។
នៅពេលនោះ យុទ្ធនាការដែលស្ត្រីទាំងនោះបានចូលរួមគឺ Jan Swasthya Abhiyan (JSA) ក៏បានរៀបចំសវនាការសុខភាពប្រជាជនមួយឡើង។ អ្នកជំនាញការដែលមានសមានចិត្តចំពោះពួកគេ និងសម្ពន្ធមិត្តបានដើរតួនាទីជាក្រុម “ចៅក្រម” និងបានស្តាប់ការផ្តល់សក្ខីភាពអំពីរបៀបដែលសិទ្ធិទទួលបានការថែទាំសុខភាពរបស់ប្រជាជនត្រូវបានរំលោភបំពាន។ ស្ត្រីទាំងនោះមានមោទនភាព និងរីករាយជាខ្លាំងដែលត្រូវបានហៅថាជាសាក្សីនៅក្នុងសវនាការនោះ និងបាននិយាយនៅចំពោះមុខប្រជាជនជិត ១០០០នាក់ អំពីអ្វីដែលពួកគេបានរកឃើញនៅក្នុងសវនកម្មមណ្ឌលសុខភាពរបស់ពួកគេ និងបទពិសោធន៍របស់ពួកគេនៅពេលត្រូវបានគេបដិសេធមិនផ្តល់ការថែទាំ។ ការចែករំលែកបទពិសោធន៍របស់ពួកគេ និងការស្តាប់សក្ខីភាពរបស់សកម្មជនដទៃទៀតបានធ្វើឲ្យពួកគេមានកម្លាំងកាន់តែខ្លាំង និងអាចបន្តការទាមទារឲ្យមានការកែលម្អពីសំណាក់មណ្ឌលសុខភាពនោះ។
នៅក្នុងអំឡុង ២ឆ្នាំបន្ទាប់ សវនាការសុខភាពប្រជាជន ត្រូវបានគេរៀបចំធ្វើនៅតាមតំបន់ជាច្រើននៃប្រទេសឥណ្ឌា។ បន្ទាប់មក សកម្មជននៃយុទ្ធនាការ JSA ក៏បានចែករំលែកនូវរាល់ឯកសារដែលពួកគេប្រមូលបានជូនដល់គណៈកម្មការជាតិទទួលបន្ទុកសិទ្ធិមនុស្សនៃប្រទេសឥណ្ឌា។ គណៈកម្មការនេះជឿថា ការបដិសេធមិនផ្តល់ការថែទាំសុខភាព គឺជាបញ្ហារំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមួយ។ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការនេះ ប្រតិភូយុទ្ធនាការ JSA ជាង ១០០នាក់ និងអ្នកជំនាញការដទៃទៀតបានធ្វើជាកសិណសាក្សីនៅក្នុងសវនាការជាសាធារណៈ ជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលជាតិ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់។ សវនាការបានបញ្ចប់ទៅជាមួយនឹងសេចក្តីប្រកាសទទួលស្គាល់សិទ្ធិក្នុងការទទួលបានសុខភាពល្អរបស់ពលរដ្ឋឥណ្ឌា និងអនុសាសន៍ណែនាំឲ្យបង្កើនថវិកាជាតិលើវិស័យសុខាភិបាល ដើម្បីធានានូវការថែទាំសុខភាពប្រកបដោយគុណភាពសម្រាប់ប្រជាជនឥណ្ឌាគ្រប់រូប។
ទោះបីជាការផ្លាស់ប្តូរជាច្រើននៅមិនទាន់អនុវត្តបាននៅឡើយក្តី ក៏ប៉ុន្តែការងាររបស់ក្រុមស្ត្រីពីទីក្រុង Bangalore បានធ្វើឲ្យមានការកែលម្អសេវាថែទាំសុខភាពនៅប្រទេសឥណ្ឌា និងក៏បានជំរុញទឹកចិត្តអ្នកដទៃរួចមកហើយ។ សកម្មជនសុខភាពនៅជុំវិញពិភពលោកបានរៀបចំសវនាការសុខភាពប្រជាជន ដើម្បីពិនិត្យមើលការបំពានសិទ្ធិប្រជាជន ដោយសារកង្វះសេវាសុខភាព ឥទ្ធិពលអាក្រក់លើសុខភាពបណ្តាលមកពីឧស្សាហកម្មរ៉ែនិងប្រេង និងប្រាក់ឈ្នួលទាបសម្រាប់កម្មករជាស្ត្រីនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់។
គណនេយ្យភាពថវិកា
ការតាមដានរបៀបដែលមូលនិធិសាធារណៈសម្រាប់ការថែទាំសុខភាព ត្រូវបានចំណាយជាក់ស្តែងនៅក្នុងគ្លីនិកក្នុងស្រុករបស់អ្នក គឺជាផ្នែកមួយផ្សេងទៀតនៃសវនកម្មសង្គម។ ការពិភាក្សាជាសាធារណៈអំពីរបៀបធ្វើសេចក្តីសម្រេចចិត្តលើផ្នែកអាទិភាពសម្រាប់ផ្តល់មូលនិធិ និងថាតើរដ្ឋាភិបាលបានផ្តល់ថវិកាគ្រប់គ្រាន់សម្រាប់ផ្នែកអាទិភាពទាំងនោះដែរឬទេ ក៏ជាការដាក់សម្ពាធឲ្យរដ្ឋាភិបាលទទួលខុសត្រូវលើការគាំទ្រសិទ្ធិទទួលបានការថែទាំសុខភាពរបស់ប្រជាជនគ្រប់រូបផងដែរ។
ការងាររៀបចំក្រុមរបស់សមាជិកសហគមន៍ក្នុងទីក្រុងវីលកាស (Vilcas) ប្រទេសប៉េរូ នៅក្នុងជំពូក ២ គឺជាឧទាហរណ៍មួយបង្ហាញពីការរៀបចំក្រុមប្រកបដោយភាពជោគជ័យដើម្បីជំរុញឲ្យរដ្ឋាភិបាលបែងចែកប្រាក់សម្រាប់សុខភាពស្ត្រីជាអចិន្ត្រៃយ៍។ កិច្ចខិតខំប្រឹងប្រែងរៀបចំក្រុមរបស់ពួកគេ ក៏បានជួយឲ្យអ្នកដទៃបានរៀនសូត្រអំពីថវិកាសុខភាពរបស់ប្រទេសប៉េរូ ផងដែរ។
ការរៀនសូត្រអំពីថវិកាសុខភាព នាំទៅដល់ការផ្លាស់ប្តូរនៅប្រទេសប៉េរូ
ស្ត្រីនៅក្នុងសហគមន៍ដាច់ស្រយាលមួយក្នុងប្រទេសប៉េរូ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីក្រុង បានរៀនសូត្រអំពីការងាររបស់ក្រុមសំឡេងស្ត្រីក្រុងវីលកាស តាមរយៈកម្មវិធីវិទ្យុ និងបណ្តាញដទៃទៀត។ ពួកគេបានយល់ដឹងថា ពួកគេអាចទទួលព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត អំពីរបៀបដែលថវិការដ្ឋាភិបាលគួរតែចំណាយលើអ្វីខ្លះ។ ពួកគេបានយល់ដឹងថា ទោះបីជាសហគមន៍ពួកគេគួរទទួលបានថវិកាសម្រាប់សេវាសុខភាពស្ត្រីក៏ដោយ ក៏ប៉ុន្តែមណ្ឌលសុខភាពក្នុងស្រុកមិនបានផ្តល់សេវាទាំងនោះទេ។ ស្ត្រីទាំងនេះបានរៀបចំការហែក្បួនមួយទៅកាន់ការិយាល័យអភិបាលក្រុង ដើម្បីទាមទារការគាំទ្របន្ថែមសម្រាប់សុខភាពស្ត្រី។
ចាប់តាំងពីពេលនោះមក ក្រុមនេះអាចជំរុញឲ្យមេដឹកនាំក្នុងមូលដ្ឋានមានការទទួលខុសត្រូវ ហើយមណ្ឌលសុខភាពបានផ្តល់សេវាសុខភាពបន្ថែមសម្រាប់ស្ត្រី។
ការពារសេវាសុខភាពសាធារណៈ
ការរៀបចំក្រុមដើម្បីកែលម្អសុខភាពសម្រាប់ស្ត្រី រួមមានការតស៊ូប្រឆាំងនឹងអំពើរើសអើង ភាពក្រីក្រ និងគោលនយោបាយរដ្ឋាភិបាលដែលមិនកំណត់យកតម្រូវការរបស់ស្ត្រី និងក្មេងស្រីជាវិស័យអាទិភាព។ ជារឿយៗ ការរៀបចំក្រុមក៏ពាក់ព័ន្ធនឹងការប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាលដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនកាន់កាប់ និងទាញយកផលចំណេញពីសេវាមូលដ្ឋានដែលប្រជាជនគ្រប់រូបត្រូវការជាចាំបាច់ដើម្បីរស់និងមានសុខភាពល្អផងដែរ។ នៅតាមប្រទេសជាច្រើន ទាំងប្រទេសអ្នកមាន និងប្រទេសក្រីក្រ រដ្ឋាភិបាលបានបញ្ឈប់ការផ្តល់សេវាថែទាំសុខភាព ទឹក អគ្គិសនី និងសេវាផ្សេងៗទៀត។ ជំនួសមកវិញ ក្រុមហ៊ុនឯកជនបានកាន់កាប់សេវាទាំងនេះ ទោះបីជាសេវាទាំងនេះត្រូវបានកសាងរចនាសម្ព័ន្ធឡើងដោយប្រើប្រាស់មូលនិធិសាធារណៈក៏ដោយ។ ការអនុវត្តរបៀបនេះត្រូវបានគេហៅថា “ឯកជនភាវូបនីយកម្ម” ។
មិនដូចរដ្ឋាភិបាល ក្រុមហ៊ុនឯកជនមិនមានការទទួលខុសត្រូវចំពោះប្រជាជនដែលពួកគេត្រូវបម្រើសេវាជូននោះទេ ហើយពួកគេមិនអនុញ្ញាតឲ្យស្ត្រី និងបុរសនៅក្នុងសហគមន៍មានមតិយោបល់លើរបៀបនៃការផ្តល់សេវាទាំងនោះទេ។ ផ្ទុយមកវិញ ក្រុមហ៊ុនទាំងនោះយកថ្លៃសេវាខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន ហើយពួកគេបញ្ឈប់ការផ្តល់សេវាទាំងឡាយណាដែលមិនផ្តល់ “ប្រាក់ចំណេញ” ទោះបីជាសេវាទាំងនោះសំខាន់ ឬចាំបាច់ប៉ុណ្ណាក៏ដោយ។
ការអនុវត្តគោលនយោបាយឯកជនភាវូបនីយកម្ម អនុញ្ញាតឲ្យពួកអ្នកមានបន្តទទួលប្រាក់ចំណេញកាន់តែច្រើន ខណៈដែលសុខភាពរបស់ស្ត្រីក្រីក្រ និងកូនៗរបស់ពួកគេរងគ្រោះខ្លាំងបំផុត។
វេជ្ជបណ្ឌិតតស៊ូមតិដើម្បីសុខភាពប្រជាជន ៖
ការហែក្បួនពណ៌ស នៅប្រទេសអេលសាល់វ៉ាឌ័រ
នៅប្រទេសអេលសាល់វ៉ាឌ័រ បុគ្គលិកសុខាភិបាលបានព្យាយាមតស៊ូដើម្បីកែលម្អសេវាសុខភាពសម្រាប់ប្រជាជនគ្រប់រូប។ ចាប់តាំងពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅក្នុងឆ្នាំ១៩៩២ មក សហជីពបុគ្គលិកសុខាភិបាល និងសម្ពន្ធមិត្តរបស់ពួកគេបានតស៊ូប្រឆាំងនឹងការធ្វើឯកជនភាវូបនីយកម្មសេវាថែទាំសុខភាព ខណៈដែលកំពុងតស៊ូដើម្បីកំណែទម្រង់សុខភាព និងការកែលម្អលទ្ធភាពទទួលបានថ្នាំពេទ្យ។
នៅចុងឆ្នាំ២០០២ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកាក្នុងប្រព័ន្ធសុខភាពសាធារណៈបានធ្វើកូដកម្មប្រឆាំងនឹងការធ្វើឯកជនភាវូបនីយកម្មប្រព័ន្ធសុខភាពសាធារណៈ។ ឯកជនភាវូបនីយកម្មកើតឡើងនៅពេលដែលរដ្ឋាភិបាលបង់ប្រាក់ឲ្យក្រុមហ៊ុនឯកជនផ្តល់សេវាដែលធ្លាប់ផ្តល់ដោយរដ្ឋាភិបាល ឬនៅពេលដែលរដ្ឋាភិបាលលក់ទ្រព្យសម្បត្តិរដ្ឋ ដូចជាសាលារៀន ឬមន្ទីរពេទ្យ ទៅឲ្យក្រុមហ៊ុនឯកជន។ ទោះបីជាការធ្វើឯកជនភាវូបនីយកម្មសេវាថែទាំសុខភាពគឺជារឿងថ្មីថ្មោងនៅក្នុងនៅប្រទេសអេលសាល់វ៉ាឌ័រក៏ដោយក្តី ក៏ប៉ុន្តែបុគ្គលិកសុខាភិបាល និងអ្នកជំងឺបានដឹងពីអ្វីដែលរំពឹងថានឹងកើតឡើង។ នៅក្នុងអំឡុងទសវត្សរ៍កន្លងទៅ វិស័យថាមពល និងគមនាគមន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ត្រូវបានធ្វើឯកជនភាវូបនីយកម្ម ដែលធ្វើឲ្យសេវាទាំងនោះមានតម្លៃកាន់តែខ្ពស់។ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍បែបនេះ សកម្មជនបានរំពឹងថា ការថែទាំសេវាសុខភាពដែលផ្តល់ដោយឯកជន នឹងធ្វើឲ្យការចំណាយកើនឡើងខ្ពស់ និងបានទៅដល់ប្រជាជនក្រីក្រតិចតួច បើប្រៀបធៀបនឹងសេវាដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
ជាការឆ្លើយតប បុគ្គលិកសុខាភិបាលបានរៀបចំ “ការហែក្បួនពណ៌ស” (“white marches”) ដ៏ធំមួយ ក្នុងនោះបុគ្គលិកសុខាភិបាលដែលភាគច្រើនជាស្ត្រីបានធ្វើបាតុកម្មដោយស្លៀកសម្លៀកបំពាក់ និងឯកសណ្ឋានពណ៌ស។ សម្ពន្ធមិត្តពីអង្គការកសិករ សិស្ស-និស្សិត ពលករ និងស្ត្រីដែលចូលរួមក្នុងការហែក្បួននោះក៏បានស្លៀកពាក់ពណ៌ស ដើម្បីជាការបង្ហាញសាមគ្គីភាពផងដែរ។ ក្រុមស្ត្រីមានសកម្មភាពខ្លាំងក្លាជាងគេ ពីព្រោះពួកគេបានដឹងពីសារៈសំខាន់នៃការថែទាំសុខភាពប្រកបដោយគុណភាពសម្រាប់ស្ត្រី ហើយបុគ្គលិកសុខាភិបាលគាំទ្រសិទ្ធិរបស់ស្ត្រី។ បាតុកម្មបានបន្តរយៈពេល ៩ខែ ដោយមានការដើរហែក្បួន ការអុជទានបួងសួង ការបិទផ្លូវ និងការអង្គុយតវ៉ានៅពាសពេញផ្ទៃប្រទេស។ បន្ទាប់មក សហជីពអ្នកផ្តល់សេវាសុខភាព និងរដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលបានបិទបញ្ចប់ដំណើរការឯកជនភាវូបនីយកម្ម។
គាំទ្រការតស៊ូដើម្បីសុខភាពទាំងអស់គ្នា
ការទទួលបានចំណីអាហារ ទឹក លំនៅឋាន ការអប់រំ ការងារដែលមានសុវត្ថិភាព និងប្រាក់ឈ្នួលសមរម្យ និងសេរីភាពពីការរើសអើង គឺជាលក្ខខណ្ឌដែលយើងទាំងអស់គ្នាត្រូវការដើម្បីមានសុខភាពល្អ? ទាំងនេះក៏ជាសិទ្ធិរបស់មនុស្ស និងមូលដ្ឋានគ្រឹះនៃសង្គមមួយដែលមានភាពយុត្តិធម៌ផងដែរ។ សេចក្តីប្រកាស និងច្បាប់អន្តរជាតិបានទទួលស្គាល់សិទ្ធិទាំងនេះថាជាសិទ្ធិសម្រាប់មនុស្សទាំងអស់គ្នា។ ស្ត្រី និងក្មេងស្រីទាំងអស់មានសិទ្ធិរស់នៅប្រកបដោយសុខភាពល្អ និងផលិតភាពខ្ពស់ មិនថាពួកគេមានពណ៌សម្បុរស្បែក មានគ្រួសារជាអ្នកក្រីក្រឬអ្នកមាន ឬរស់នៅក្នុងប្រទេសក្រីក្រឬប្រទេសអ្នកមាននោះទេ។
ការទទួលបានការថែទាំសុខភាពដែលបំពេញនូវតម្រូវការរបស់ប្រជាជនទាំងអស់ ត្រូវបានទទួលស្គាល់ជាសិទ្ធិមនុស្សមួយ។ ស្ត្រី និងក្មេងស្រីទាំងអស់មានសិទ្ធិទទួលបានការថែទាំសុខភាពដែលអាចឲ្យទទួលយកបាននិងមានតម្លៃសមរម្យ ដែលគោរពប្រពៃណីរបស់ពួកគេ និងដែលបំពេញនូវតម្រូវការរបស់ពួកគេ។
មានវិធីជាច្រើនសម្រាប់ធ្វើការងាររៀបចំក្រុមដើម្បីកែលម្អសុខភាព និងលទ្ធភាពទទួលបានសេវាថែទាំសុខភាពរបស់ស្ត្រី។ ស្ត្រីនៅក្នុងទីក្រុងវីលកាស ប្រទេសប៉េរូ (ជំពូក ២) ចាប់បានការកាត់បន្ថយចំនួនស្ត្រីជនជាតិដើមភាគតិចដែលស្លាប់ក្នុងអំឡុងពេលសម្រាលកូន។ ពួកគេទទួលជោគជ័យតាមរយៈការកំណត់គោលដៅនិងយុទ្ធសាស្ត្រ ការបង្កើតសម្ពន្ធមិត្តដោយភាពអត់ធ្មត់ និងការវាយតម្លៃនិងរៀនសូត្រពីការងាររបស់ពួកគេជាប្រចាំ។ ស្ត្រីទាំងបីនាក់ពីទីក្រុងអាមេតដាបាត ប្រទេសឥណ្ឌា (ជំពូក ១០) ចង់ទទួលបានការថែទាំសុខភាពនៅពេលពួកគេមានបញ្ហាសុខភាពទាក់ទងនឹងការងារ។ ពួកគេទទួលជោគជ័យតាមរយៈការចូលរួមជាមួយអង្គការមូលដ្ឋានមួយដែលមានឈ្មោះថាសមាគម SEWA និងការធ្វើការជាមួយសមាគមដើម្បីបង្កើតសម្ពន្ធមិត្តជាមួយមន្ត្រីរដ្ឋាភិបាលដែលទទួលបន្ទុកវិស័យការងារ អ្នកជំនាញផ្នែកសុខភាពការងារ បុគ្គលិកសុខាភិបាល និងស្ត្រីជាកម្មករដទៃទៀត។
កិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានរៀបរាប់នៅក្នុងសៀវភៅនេះ រួមទាំងសហគមន៍ពិនិត្យមើលតួនាទីយេនឌ័រឡើងវិញ ប្រជាជនវ័យក្មេងបង្កើនការយល់ដឹងអំពីសុខភាពផ្លូវភេទ សិល្បករប្រើប្រាស់តុក្កតាដើម្បីអប់រំ និងកៀងគរប្រជាជនជុំវិញការបង្ការការចម្លងមេរោគអេដស៍ និងអ្នកជិតខាងស្វែងយល់ពីរបៀបធ្វើឲ្យសហគមន៍កាន់តែមានសុវត្ថិភាពពីអំពើហិង្សាយេនឌ័រ។ ទាំងនេះគឺជាផ្នែកដ៏តូចមួយនៃកិច្ចខិតខំប្រែងរៀបចំក្រុមដែលកំពុងប្រព្រឹត្តទៅនៅជុំវិញពិភពលោក!
នៅក្នុងកិច្ចខិតខំប្រឹងប្រែងនីមួយៗ ប្រជាជនបានចូលរួមសាមគ្គីគ្នាបង្កើតការផ្លាស់ប្តូរ កសាងនូវថ្នាក់ដឹកនាំថ្មីៗពីមូលដ្ឋាន និងអភិវឌ្ឍបណ្តាញទំនាក់ទំនង និងចំណេះដឹង ដែលធ្វើឲ្យពួកគេកាន់តែមានកម្លាំងខ្លាំងនៅក្នុងការតស៊ូនាពេលខាងមុខ។ ពួកគេបានជួបប្រទះបញ្ហាប្រឈម និងថែមទាំងការគំរាមកំហែង ប៉ុន្តែតាមរយៈការរក្សាការប្តេជ្ញាចិត្តចំពោះគោលដៅរបស់ពួកគេ ពួកគេបានសង្គ្រោះជីវិត បានកែលម្អស្ថានភាពសុខភាពរបស់មនុស្សជាច្រើន និងបានធ្វើឲ្យសហគមន៍ពួកគេកាន់តែមានភាពយុត្តិធម៌ និងសមធម៌។
តាមរយៈការចែករំលែកគំនិតនិងបទពិសោធន៍ និងការបរាជ័យនិងភាពជោគជ័យ ការងាររបស់អ្នករៀបចំក្រុមទាំងនេះក៏មានឥទ្ធិពលសាយភាយផងដែរ ពីព្រោះវាបានជូនដំណឹង ជំរុញទឹកចិត្ត និងគាំទ្រដល់អ្នកដទៃបន្តទៀត។ ពួកគេអាចជាអ្នករស់នៅក្បែរគ្នាក្នុងសហគមន៍តែមួយ ឬឆ្ងាយពីគ្នានៅលើផែនដីតែមួយ។ ស្ត្រីនិងបុរសគ្រប់វ័យទាំងអស់បានក្លាយជាផ្នែកមួយនៃចលនាដែលមានភាពចម្រុះ និងផ្សព្វផ្សាយដើម្បីទាមទារនូវសិទ្ធិទទួលបានសុខភាពល្អសម្រាប់ប្រជាជនទាំងអស់។ ពួកគេ និងពួកយើងខ្ញុំសូមអញ្ជើញអ្នកមកចូលរួមជាមួយពួកយើងទាំងអស់គ្នា។