Hesperian Health Guides
ការរួមបញ្ចូលបុរសទៅក្នុងមាតុភាពគ្មានគ្រោះថ្នាក់
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៨ ៖ ផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូនដោយសុវត្ថិភាព > ការរួមបញ្ចូលបុរសទៅក្នុងមាតុភាពគ្មានគ្រោះថ្នាក់
ប្រសិនបើខ្ញុំអាចផ្តល់ដំបូន្មានមួយ នោះវាគឺថា ៖ ចូរកុំទុកបុរសឲ្យនៅក្រៅបញ្ហា។ យើងច្រើនតែគិតថា, អូ៎ មានផ្ទៃពោះអ្ហ៊ែៈ! ជារឿងរបស់ស្ត្រីទេតើ... ប៉ុន្តែតាមបទពិសោធន៍កន្លងមក គឺគ្មានអ្វីផ្លាស់ប្តូរច្រើនទេ បើបុរសមិនស្វែងយល់អំពីការសម្រាលកូន និងមិនចូលរួមពាក់ព័ន្ធនោះ។ |
ទោះបីពេលខ្លះប្រពៃណីនិយាយថា បុរសនិងចូលរួមក្នុងការសម្រាលក៏ដោយ ក៏ចំណុចនេះកំពុងមានការផ្លាស់ប្តូរជាច្រើនកន្លែងមកហើយ។ បើទោះជាប្រជាជនទូទៅយល់ថាបុរសមិនត្រូវទៅជិតប្រពន្ធក្នុងពេលសម្រាលក៏ដោយ ក៏នៅមានកិច្ចការសំខាន់ៗជាច្រើនទៀតដែលបុរសចាំបាច់ត្រូវត្រៀមលក្ខណៈសម្រាប់ការសម្រាល និងអាចជួយក្នុងពេលមានភាពអាសន្ន។
បុរសអាចជួយគាំទ្រដល់ស្ត្រីដើម្បីការសម្រាលកូនប្រកដបដោយសុវត្ថិភាព។ ពួកគេអាច៖
- រៀនសូត្រអំពីផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូន ហើយគាំទ្រការសម្រេចចិត្តរបស់ស្ត្រីដែលការពារសុខភាពរបស់គាត់។
- រៀនសូត្រអំពីសញ្ញាគ្រោះថ្នាក់នៃផ្ទៃពោះនិងការសម្រាល និងថាត្រូវធ្វើអ្វីខ្លះចំពោះវា។ សន្សំប្រាក់សម្រាប់ចំណាយក្នុងពេលបន្ទាន់ ដូចជាសាំង និងប្រាក់ឈ្នួលមន្ទីរពេទ្យ។
- ធានាថាស្ត្រីមានផ្ទៃពោះមានអាហារហូបគ្រប់គ្រាន់ និងសម្រាករៀងរាល់ថ្ងៃ, ទៅជូនប្រពន្ធទៅពិនិត្យផ្ទៃពោះ។
- រៀនពីរបៀបជួយបន្ថយការឈឺចាប់ក្នុងពេលឈឺពោះសម្រាល (ដូចជាវិធីសម្រាក វិធីដកដង្ហើម ឬម៉ាស្សា) ហើយជួយធ្វើបែបនេះស្ត្រីក្នុងពេលសម្រាល។
- ជួយការងារស្ត្រីឲ្យបានច្រើនបំផុត និងរៀបចំឲ្យអ្នកដទៃធ្វើកិច្ចការជំនួសស្ត្រី (ការងារផ្ទះ មើលកូន ធ្វើដំណាំ) រយៈពេលពីរបីសប្តាហ៍ក្រោយសម្រាល ដើម្បីឲ្យគាត់ទទួលបានកម្លាំងឡើងវិញ។
មាតិកា
បុរសអាចរៀនសូត្រពីបទពិសោធន៍នៃការសម្រាលកូនរបស់ស្ត្រី
តើគេអាចរំពឹងថាបុរសនឹងដើរតួនាទីដ៏មានប្រយោជន៍យ៉ាងដូចម្តេចក្នុងពេលសម្រាលកូន ប្រសិនបើពួកគាត់មិនយល់ដឹងអ្វីសោះអំពីការសម្រាលកូននោះ? មធ្យោបាយមួយដើម្បីបង្រៀនបុរសនិងស្ត្រីអំពីការសម្រាលកូន គឺការបង្ហាញកុន ឬឆាកល្ខោនអំពីការសម្រាលកូន ហើយពិភាក្សាអំពីវា។ កុនឬឆាកល្ខោនអាចបង្ហាញពីរបៀបច្រើនយ៉ាងដែលបុរសអាចជួយនៅក្នុងពេលឈឺពោះសម្រាល។
សកម្មភាពនៅ២ទំព័រខាងមុខ កែវត្រីអំពីការសម្រាលកូន ផ្តល់ឱកាសឲ្យបុរសស្តាប់ពីបទពិសោធន៍សម្រាលកូនដែលក្រុមស្ត្រីជជែកគ្នាជារង្វង់។ ការពិភាក្សាបន្ទាប់ពីនោះ អាចលើកទឹកចិត្តឲ្យបុរសនិងស្ត្រីនិយាយប្រាប់នូវអ្វីដែលពួកគេត្រូវការពីគ្នាទៅវិញទៅមក ដើម្បីឲ្យបុរសអាចជួយបានកាន់តែច្រើនក្នុងពេលសម្រាល។
សកម្មភាព
កែវត្រីអំពីបទពិសោធន៍សម្រាលកូន
- ឲ្យស្ត្រីពី ៤ ទៅ ៦នាក់ ដែលធ្លាប់សម្រាលកូន អង្គុយជារង្វង់។ (អាចអាចជួបពួកគេជាមុន ដើម្បីត្រៀមរៀបចំ)។
- បុរសអាចអង្គុយជារង្វង់ ជុំវិញរង្វង់ស្ត្រី ឬមួយផ្តាច់ពីគ្នាដោយប្រើក្រណាត់វាំងនន ឬរបាំងផ្សេងទៀតដើម្បីផ្តល់ភាពឯកជនដល់ក្រុមទាំង។
- ពន្យល់ដល់ក្រុមទាំង២ ពីអ្វីដែលនឹងកើតឡើង៖
-
នេះជាសំណួរខ្លះៗដែលអាចជួយឲ្យស្ត្រីជជែកអំពីបទពិសោធន៍សម្រាលកូនរបស់ពួកគាត់៖
- សូមរៀបរាប់ពីការសម្រាលរបស់អ្នកដែលមិនបានដូចការគ្រោងទុក។
- តើអ្នកធ្វើដូចម្តេចនៅពេលទ្រាំនឹងភាពឈឺចាប់ក្នុងពេលសម្រាលកូន? តើអ្វីដែលអាចជួយបាន?
- តើអ្នកដទៃបានជួយដល់អ្នកដូចម្តេចខ្លះក្នុងពេលសម្រាល?
- តើអ្វីដែលអាចរីករាយអំពីការសម្រាល? តើអ្វីដែលលំបាក?
- តើការសម្រាលកូនបានកែប្រែអ្នកដូចម្តេចខ្លះ?
- ក្នុងពេលអ្នកសម្រាលកូណតើមានបុរសជួយដែរឬទេ? តើពួកគេធ្វើអ្វីខ្លះ?
- តើកង្វះការជួយគាំទ្រពីបុរស ធ្វើឲ្យប៉ះពាល់ដល់ការសម្រាលកូនរបស់អ្នកដែរឬទេ? ប៉ះពាល់ដូចម្តេច?
- ប្រសិនបើអ្នកជួបអាសន្នក្នុងពេលសម្រាលកូន តើបុរសមានតួនាទីអ្វីក្នុងការសម្រេចចិត្តស្វែងរកជំនួយ?
- បន្ទាប់ពីប្រមាណ ៣០នាទី ស្ត្រីឈប់ជជែកគ្នា ហើយអ្នកដឹកនាំឲ្យក្រុមបុរសរៀបរាប់ពីអ្វីដែលពួកគេបានស្តាប់ឮ។ សួរពួកគេផងដែរថាតើមានសំណួរចង់សួរស្ត្រីដែរឬទេ។
- អ្នកដឹកនាំក្រុម សួរសំណួររបស់បុរសដល់ស្ត្រី ហើយឲ្យស្ត្រីឆ្លើយ។
-
ប្រសិនបើបុរសអង្គុយជុំវិញរង្វង់របស់ស្ត្រី ចូរត្រឡប់បញ្ច្រាសគ្នាដើម្បីឲ្យបុរសអង្គុយជារង្វង់ខាងក្នុងវិញ ហើយពួកគេជាអ្នកជជែកគ្នាម្តង។ លើកនេះ ស្ត្រីជាអ្នកស្តាប់វិញម្តង។ នេះជាសំណួរខ្លះៗដែលអ្នកអាចសួរក្រុមបុរស៖
- តើអ្នកមានអារម្មណ៍បែបណាពេលក្លាយជាឪពុកលើកដំបូង? តើជីវិតរបស់អ្នកបានផ្លាស់ប្តូរដូចម្តេចខ្លះក្នុងភាពជាឪពុក?
- តើអ្នកនៅទីណាក្នុងពេលកូនរបស់អ្នកកំពុងកើត?
- តើអ្នកបានចូលរួមក្នុងការសម្រាលកូនដែរឬទេ? ចូលរួមដូចម្តេច ឬហេតុអ្វីមិនចូលរួម?
- តើអ្នកធ្វើពិធីអបអរសាទរឬទេ? ធ្វើដូចម្តេច ឬហេតុអ្វីមិនធ្វើ?
- តើអ្នកមានអារម្មណ៍ដូចម្តេចនៅពេលឃើញប្រពន្ធរបស់អ្នកកំពុងសម្រាលកូន?
- តើអ្នកមានអារម្មណ៍ដូចម្តេចនៅពេលឃើញប្រពន្ធរបស់អ្នកកំពុងសម្រាលកូន? ដំបូង សួរស្ត្រី ៖ តើបុរសអាចជួយគាំទ្របន្ថែមទៀតដូចម្តេចខ្លះ មុនពេល ក្នុងពេល ឬក្រោយពេលសម្រាល? តើឥរិយាបថឬគំនិតអ្វីខ្លះដែលត្រូវធ្វើការផ្លាស់ប្តូរ? ប្រសិនបើមានបញ្ហាអ្វីមួយ តើបុរសអាចដើរតួនាទីអ្វីក្នុងការស្វែងរកជំនួយ? បន្ទាប់មកសួរបុរស ៖ តើបុរសត្រូវការអ្វីខ្លះដើម្បីឲ្យខ្លួនកាន់តែមានប្រយោជន៍នៅក្នុងពេលសម្រាលកូន? តើបុរសអាចជួយអ្វីបន្ថែមទៀតបន្ទាប់ពីសម្រាលកូនរួច? តើអ្នកដទៃទៀតនៅក្នុងសហគមន៍អាចធ្វើអ្វីខ្លះដើម្បីឲ្យបុរសកាន់តែអាចដើរតួនាទីសំខាន់ក្នុងពេលសម្រាលកូន? អ្នកអាចបញ្ចប់ដោយប្រើប្រាស់សកម្មភាព ក្បាល បេះដូង ដៃ ដែលរៀបរាប់នៅទំព័របន្ទាប់។
ការឆ្លុះបញ្ចាំងបែបនេះ គឺជាមធ្យោបាយដ៏ល្អដើម្បីបិទបញ្ចប់សិក្ខាសាលាឬការពិភាក្សា។ វាអាចជួយដល់អ្នកចូលរួមគ្រប់គ្នាឲ្យគិតនិងចែករំលែកពីអ្វីដែលបានរៀនសូត្រ(“ក្បាល”) និងថាតើមានអារម្មណ៍ដូចម្តេច(“បេះដូង”) ចំពោះអ្វីដែលបានពិភាក្សា។ ចំណុចសំខាន់បំផុតគឺសួរថាតើពួកគេនឹងធ្វើអ្វីដែលខុសពីមុន ឬតើពួកគេចង់ផ្លាស់ប្តូរអ្វីខ្លះ(“ដៃ”)។ វាមិនត្រូវពេលច្រើន ឬសម្ភារៈអ្វីទេ។
សកម្មភាព
ក្បាល បេះដូង ដៃ
អញ្ជើញអ្នកចូលរួមឲ្យឈរឬអង្គុយជារង្វង់ រួចធ្វើការឆ្លុះបញ្ចាំងយ៉ាងស្ងៀមស្ងាត់រយៈពេលមួយនាទី អំពីការពិភាក្សាឬសិក្ខាសាលា។
- សួរសំណួរឆ្លុះបញ្ចាំងដូចតទៅនេះ៖ តើអ្វីខ្លះបានកើតឡើងនៅក្នុងសិក្ខាសាលាឬការប្រជុំ? គិតពីអ្វីដែលអ្នកបានរៀនសូត្រ។ ផ្តល់ពេលមួយឬពីរនាទីឲ្យពួកគេធ្វើការឆ្លុះបញ្ចាំងយ៉ាងស្ងៀមស្ងាត់លើសំណួរនេះ។ បន្ទាប់មក សួរអ្នកចូលរួម ៣ឬ៤នាក់ ឲ្យចែករំលែកពីចំណុចណាមួយដែលបានរៀន។ (បើមានមនុស្សច្រើនទៀតចង់ចែករំលែក អាចធ្វើបានប្រសិនបើមានពេល)។
- បន្ទាប់មក ប្រាប់ឲ្យអ្នកគ្រប់គ្នាគិតអំពីចំណុចណាមួយដែលបានពិភាក្សា ហើយថាតើមានអារម្មណ៍បែបណាចំពោះចំណុចនោះ។ ផ្តល់ពេលមួយឬពីរនាទីឲ្យពួកគេធ្វើការឆ្លុះបញ្ចាំងយ៉ាងស្ងៀមស្ងាត់លើសំណួរនេះ។ បន្ទាប់មក សួរអ្នកចូលរួម ៣ឬ៤នាក់ ឲ្យចែករំលែកពីចំណុចណាមួយដែលបានពិភាក្សា ថាតើគេមានអារម្មណ៍បែបណាចំពោះចំណុចនោះ។ (ល្អបំផុតគួរឲ្យពួកគេស្ម័គ្រចិត្ត ជាជាងហៅនរណាម្នាក់ដែលប្រហែលជាមិនចង់ចែករំលែក)។
- បន្ទាប់មក ប្រាប់អ្នកគ្រប់គ្នាឲ្យគិតពីចំណុចមួយដែលគេនឹងធ្វើ ដោយសារតែការពិភាក្សានៅថ្ងៃនេះ។ ផ្តល់ពេលមួយឬពីរនាទីឲ្យពួកគេឆ្លុះបញ្ចាំងលើសំណួរនេះ។ បន្ទាប់មក សួរអ្នកចូលរួម ៣ឬ៤នាក់ ឬនរណាដែលចង់និយាយ ឲ្យចែករំលែកពីចំណុចដែលពួកគេនឹងធ្វើ។
បុរសរៀនសូត្រអំពីការសម្រាលកូន និងសញ្ញាគ្រោះថ្នាក់
នៅប្រទេសអាហ្កាសនីស្ថាន ជាធម្មតាបុរសមិនចូលរួមក្នុងការសម្រាលកូនទេ ហើយកម្រនឹងត្រៀមរៀបចំសម្រាប់ការសម្រាលផងដែរ។ ប៉ុន្តែមានបុរសមួយក្រុមបានចូលរួមក្នុងថ្នាក់មួយសម្រាប់តែបុរស ដែលនិយាយអំពីការសម្រាលកូន ហើយពួកគេបានចាប់ផ្តើមកែប្រែ។ គ្រូបណ្តុះបណ្តាលប្រើប្រាស់ផ្ទាំងរូបភាពដើម្បី បង្រៀនអំពីសញ្ញាគ្រោះថ្នាក់ ហើយពួកគេប្រើប្រាស់ការសម្តែងតួដើម្បីអនុវត្តការសម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងអំឡុងពេលសម្រាលកូន។ នៅក្នុងការសម្តែងតួ បុរសយកចិត្តទុកដាក់ជាខ្លាំងនៅគ្រប់តួទាំងអស់ សូម្បីតែតួម្តាយក្មេក ឬតួស្ត្រីមានផ្ទៃពោះ។
នៅក្នុងថ្នាក់រៀន បុរសក៏បានស្តាប់ពីសាច់រឿងរបស់គ្រួសារ២ ផងដែរ។ ប្តីប្រពន្ធមួយគូ មិនប្រើប្រាស់ផែនការគ្រួសារទេ។ ពួកគេមានកូនស្ទើរតែរៀងរាល់ឆ្នាំ ហើយមានការសម្រាលពិបាកមួយចំនួន។ នៅពេលសម្រាលកូន២លើកចុងក្រោយ ក្រោយពេលទារកកើតរួច គាត់ធ្លាក់ឈាមជាខ្លាំងដែលពិបាកនឹងបញ្ឈប់។ ដោយសារគ្មានពេលដើម្បីសន្សំកម្លាំងឡើងវិញនៅចន្លោះការសម្រាលកូននីមួយៗ គាត់មានសភាពខ្សោយយ៉ាងច្រើន។ នៅពេលសម្រាលកូនលើកទី៨ គាត់ក៏បានឈឺធ្ងន់ ហើយស្លាប់ទៅ។
សាច់រឿងមួយទៀតរៀបរាប់ពីស្ត្រីនិងបុរសដែលប្រើប្រាស់ផែនការគ្រួសារ។ ពួកគេរង់ចាំពីរបីឆ្នាំបន្ទាប់ពីកូនទី១ ទើបពួកគេយកកូនទី។ កូនរបស់ពួកគេអាចទៅសាលារៀនបាន ហើយស្ត្រីនៅមានសុខភាពល្អនិងរឹងមាំ។ ក្រុមបុរសបានយល់ដឹងថា នៅក្នុងសហគមន៍របស់ពួកគេមានគ្រួសារទាំង២ប្រភេទនេះ ហើយបុរសមានតួនាទីសំខាន់ក្នុងការជជែកជាមួយប្រពន្ធអំពីផែនការគ្រួសារ និងអំពីការប្រើប្រាស់មធ្យោបាយពន្យារកំណើតណាមួយ។ សម្រាប់សកម្មភាពដើម្បីប្រៀបធៀបគ្រួសារ២ ចូរមើលសកម្មភាព “រឿងរ៉ាវរបស់គ្រួសារ២”។