Hesperian Health Guides
ហេតុអ្វីស្ត្រីស្លាប់ក្នុងពេលមានផ្ទៃពោះនិងពេលសម្រាលកូន?
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៨ ៖ ផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូនដោយសុវត្ថិភាព > ហេតុអ្វីស្ត្រីស្លាប់ក្នុងពេលមានផ្ទៃពោះនិងពេលសម្រាលកូន?
នៅពេលដែលស្ត្រីមានផ្ទៃពោះម្នាក់ស្លាប់ ជាទូទៅមូលហេតុផ្ទាល់របស់វាគឺអាចមើលឃើញយ៉ាងច្បាស់។ មូលហេតុផ្ទាល់ភាគច្រើននៃការស្លាប់ក្នុងអំឡុងពេលមានផ្ទៃពោះនិងពេលសម្រាល គឺការធ្លាក់ឈាមច្រើនពេក ការឆ្លងរោគ សម្ពាធឈាមខ្ពស់ (ក្រឡាភ្លើង) និងការឈឺពោះសម្រាលអូសបន្លាយ។ (ការឈឺពោះសម្រាលអូសបន្លាយ កើតឡើងនៅពេលដែលទារកស្ថិតក្នុងទីតាំងទទឹងខ្លួននៅក្នុងស្បួន ឬមិនអាចឆ្លងកាត់តាមចន្លោះរវាងចង្កេះរបស់ម្តាយ)។ ប៉ុន្តែនៅពីក្រោមមូលហេតុទាំងនេះ គឺស្ថានភាពដទៃទៀតដែលបង្ហាញថាហេតុអ្វីស្ត្រីធ្លាក់ឈាមច្រើនពេក ឬមានការឆ្លងរោគ ឬសម្រាលអូសបន្លាយ និងថាហេតុអ្វីគាត់មិនបានទទួលការថែទាំចាំបាច់ដែលអាចសង្គ្រោះ ជីវិតគាត់បាន។
មាតិកា
សាច់រឿងរបស់នាង វណ្ណា
វណ្ណា រស់នៅក្នុងប្រទេសកម្ពុជា ក្នុងភូមិមួយដែលមានចម្ងាយសែនឆ្ងាយពីផ្លូវធំ។ នាងគឺជាកូនពៅ ហើយតែងតែហូបអាហារក្រោយបងៗប្រុសរបស់នាង ៤នាក់ទៀត។ រាល់ថ្ងៃមានអាហារនៅសល់បន្តិចបន្តួច ដូច្នេះនាងមានមាឌតូចជាងក្មេងស្រីដទៃទៀតដែលមានអាយុស្មើនាង។ ការងារផ្ទះ ធ្វើឲ្យអស់កម្លាំង។ នៅពេលនាងមានអាយុ ១៥ឆ្នាំ បុរសម្នាក់ដែលបានទៅធ្វើការនៅខេត្តផ្សេង បានត្រឡប់មករស់នៅក្នុងភូមិវិញ ហើយបានចូលស្តីដណ្តឹងវណ្ណា។ វណ្ណាមិនស្រឡាញ់បុរសនោះទេ ហើយក៏មិនចង់រៀបការដែរ ប៉ុន្តែឪពុករបស់គាត់យល់ព្រម ព្រោះពួកគាត់មិនចាំបាច់ចិញ្ចឹមនាងទៀតទេ។ វណ្ណាបានផ្លាស់ទៅរស់នៅជាមួយប្តី។ នាងសម្រាលបានកូនស្រីម្នាក់នៅពេលគាត់មានអាយុ ១៦ឆ្នាំ។ ការសម្រាលមានភាពលំបាក ហើយវណ្ណាបាត់បង់ឈាមយ៉ាងច្រើន។ នាងមានសភាពខ្សោយខ្លាំងរយៈពេលជាយូរ ប៉ុន្តែមានជីវិតរស់រាន។
អរុណដែលជាអ្នកជិតខាងរបស់វណ្ណា តែងតែមកលេងវណ្ណាជាញឹកញាប់ និងទិញតែឲ្យវណ្ណាផឹក។ គាត់ប្រាប់ថា វានឹងជួយឲ្យវណ្ណាមានកម្លាំងឡើងវិញ។ នាង អរុណ ក៏ប្រាប់វណ្ណាផងដែរឲ្យរង់ចាំយ៉ាងតិច ២ឆ្នាំ សឹមយកកូនមួយទៀត ហើយថានាងអាចនាំវណ្ណាទៅមណ្ឌលសុខភាពនៅភូមិមួយទៀត ជាកន្លែងដែលអរុណ បានរៀនសូត្រពីផែនការគ្រួសារ។ ប៉ុន្តែ វណ្ណាមិនហ៊ាននិយាយប្រាប់ប្តីអំពីរឿងទាំងនេះទេ ហើយនាងមានផ្ទៃពោះជាថ្មី មុនពេលកូនដំបូងរបស់គាត់អាយុបាន ១ឆ្នាំ។ ពេលនោះមិនមានអាហារច្រើនសម្រាប់បរិភោគទេ ហើយដោយសារនាងមានមាឌតូច ទើបគ្រប់គ្នានៅក្នុងផ្ទះគិតថានាងមិនត្រូវការហូបអាហារច្រើនដូចអ្នកដទៃទេ។
អរុណព្រួយបារម្ភចំពោះវណ្ណា ហើយបានទទូចឲ្យវណ្ណាទៅមណ្ឌលសុខភាពជាមួយនាងម្តងទៀត។ ប៉ុន្តែម្តាយក្មេករបស់វណ្ណា ប្រាប់ថាមិនចាំបាច់ទៅទេ។ គាត់និយាយថាវានឹងត្រូវចំណាយប្រាក់ ហើយគាត់ឮថាបុគ្គលិកមណ្ឌលសុខភាពជេរស្តីឲ្យស្ត្រី។ គាត់បាននាំវណ្ណាទៅជួបគ្រូខ្មែរជំនួសវិញ ហើយគ្រូបានផ្តល់ខ្សែកថាឲ្យវណ្ណាពាក់ ដោយប្រាប់ថាវានឹងជួយការពារវណ្ណានិងកូនរបស់នាងពីគ្រោះថ្នាក់។ គាត់ក៏បានធ្វើពិធីបួងសួងដូនតាផងដែរ ដោយសុំឲ្យវណ្ណាកើតកូនដែលមានសុខភាពល្អ។
នៅពេលវណ្ណាឈឺពោះសម្រាលកូនទី២ នាងក៏ចាប់ផ្តើមធ្លាក់ឈាមមុនពេលទារកកើត។ អរុណចង់នាំវណ្ណាទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែប្តីរបស់វណ្ណាមិននៅផ្ទះ ដូច្នេះពួកគេគ្មានប្រាក់ទេ ហើយវណ្ណាក៏មិនចង់ទៅមន្ទីរពេទ្យដោយមិនបានសុំប្តីផងដែរ។ អរុណបានសុំប្រធានភូមិឲ្យជួយជូននាងតាមរថយន្ត ប៉ុន្តែគាត់មិនមានសាំងគ្រប់សម្រាប់ចម្ងាយផ្លូវ ៣០គីឡូម៉ែត្រទេ។ ពេលនោះ អរុណបានខ្ចីប្រាក់ពីអ្នកជិតខាងដើម្បីចាក់សាំងរថយន្ត និងបង់មន្ទីរពេទ្យ។ ម្តាយក្មេករបស់វណ្ណាដឹងថានាងកំពុងស្ថិតក្នុងគ្រោះថ្នាក់ ទើបសម្រេចចិត្តឲ្យនាងទៅមន្ទីរពេទ្យ។
នៅពេលដែលវណ្ណា និងអរុណ ទៅដល់មន្ទីរពេទ្យ វណ្ណាមានសភាពខ្សោយក្រៃលែងដែលមិនអាចកម្រើកឬនិយាយបានឡើយ។ ឆ្មបម្នាក់បានជេរស្តីអរុណដែលរង់ចាំយូរមុននឹងនាំវណ្ណាមក។ ឆ្មបនោះខឹងជាខ្លាំង ហើយនិយាយថាគាត់ហត់នឿយនឹងឃើញមនុស្សល្ងង់ទាំងឡាយដែលជឿលើខ្សែកថា។
សកម្មភាព
ល្បែង “ប៉ុន្តែហេតុអ្វី?”
ហេតុអ្វីទើបវណ្ណាស្លាប់? “ប៉ុន្តែហេតុអ្វី?” គឺជាល្បែងសំណួរមួយប្រភេទដែលជួយឲ្យប្រជាជនស្វែងយល់ពីមូលហេតុឫសគល់នៃបញ្ហា។ ចូរអនុវត្តល្បែងនេះជាមួយក្រុម តាមរយៈការនិទានរឿងរបស់វណ្ណា បន្ទាប់មកសួរក្រុមឲ្យចែករំលែកយោបល់របស់ខ្លួន ថាតើហេតុអ្វីទើបវណ្ណាស្លាប់។ បន្ទាប់ពីចម្លើយនីមួយៗ ចូរសួរថា “ប៉ុន្តែហេតុអ្វី?” ដើម្បីស្វែងរកមូលហេតុឲ្យបានច្រើនបំផុត។ ឧទាហរណ៍៖
សកម្មភាព
ការបង្កើតច្រវាក់នៃមូលហេតុ
- និទានរឿងមួយអំពីស្ត្រីម្នាក់ដែលស្លាប់ក្នុងពេលសម្រាលកូន។ ដើម្បីរៀបចំសាច់រឿង ចូរជជែកជាមួយឆ្មប បុគ្គលិកសុខាភិបាល សមាជិកគ្រួសារ និងអ្នកដទៃទៀតដែលធ្លាប់ដឹងថាមានអ្វីកើតឡើងខ្លះចំពោះស្ត្រីមានផ្ទៃពោះនៅក្នុងសហគមន៍ ហើយដែលបានស្លាប់។ ស្វែងរកបញ្ហាដែលស្ត្រីនោះបានជួបប្រទះ និងថាហេតុអ្វីគាត់មិនទទួលបានជំនួយចាំបាច់។ នៅពេលអ្នករកឃើញបញ្ហាដែលកើតឡើងញឹកញាប់ ចូរបញ្ចូលវាទៅក្នុងសាច់រឿងរបស់អ្នក។
- លេងល្បែង “ប៉ុន្តែហេតុអ្វី?” ដើម្បីស្វែងយល់ថាតើហេតុអ្វីទើបស្ត្រីនៅក្នុងសាច់រឿង ស្លាប់។ បង្កើត “ច្រវាក់នៃមូលហេតុ” ដោយការកាត់ក្រដាសតូចៗជារាងកងច្រវាក់។
- ប្រសិនបើគ្រប់គ្នាចេះអក្សរ ចូរហុចកងច្រវាក់នោះ រួចឲ្យពួកគេសរសេរចម្លើយនៅលើនោះ។ ឬឲ្យពួកគេឆ្លើយ ហើយអ្នកសរសេរវានៅលើកងច្រវាក់។
- ប្រមូលផ្តុំមូលហេតុទាំងឡាយជាច្រវាក់ ដោយភ្ជាប់មូលហេតុមួយទៅមូលហេតុមួយទៀតដែលពាក់ព័ន្ធនឹងគ្នា។ អ្នកអាចធ្វើឲ្យសកម្មភាពនេះកាន់តែរស់រវើក ដោយស្នើឲ្យពួកគេដើរមើលតាមក្រុម ហើយចែកគ្នាមើលកងច្រវាក់របស់ខ្លួន។ ប្រាប់ពួកគេឲ្យថ្ពក់ដៃនឹងគ្នាជាមួយអ្នកដែលមានកងច្រវាក់ដែលពាក់ព័ន្ធគ្នា។
- ផ្តល់ឱកាសឲ្យអ្នកចូលរួម ជជែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គេ។ អ្នកអាចសួរថា “តើចំណុចត្រង់ណានៅក្នុងសាច់រឿង ដែលធ្វើឲ្យអ្នកនឹកឃើញពីហេតុការណ៍ដែលបានកើតឡើងលើស្ត្រីដែលអ្នកធ្លាប់ស្គាល់?" អ្នកអាចផ្តល់វេនឲ្យពួកគេជារង្វង់ ដើម្បីឲ្យបានឆ្លើយគ្រប់គ្នា, ឬមួយពួកគេអាចជជែកជាគូ រួចទើបចែករំលែកជាមួយក្រុមធំជាក្រោយ។
- ផ្តល់ឱកាសឲ្យអ្នកចូលរួម ជជែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គេ។ អ្នកអាចសួរថា “តើចំណុចត្រង់ណានៅក្នុងសាច់រឿង ដែលធ្វើឲ្យអ្នកនឹកឃើញពីហេតុការណ៍ដែលបានកើតឡើងលើស្ត្រីដែលអ្នកធ្លាប់ស្គាល់?" អ្នកអាចផ្តល់វេនឲ្យពួកគេជារង្វង់ ដើម្បីឲ្យបានឆ្លើយគ្រប់គ្នា, ឬមួយពួកគេអាចជជែកជាគូ រួចទើបចែករំលែកជាមួយក្រុមធំជាក្រោយ។
រិះរកដំណោះស្រាយដើម្បីសង្គ្រោះជីវិតរបស់ស្ត្រី
មធ្យោបាយមួយដើម្បីធ្វើរឿងនេះ គឺផ្លាស់ប្តូរអ្វីដែលកើតឡើងនៅក្នុងសាច់រឿង។ សុំឲ្យអ្នកចូលរួម និទានរឿងឡើងវិញ ដោយបញ្ចូលការកែប្រែទៅក្នុងនោះ ដែលវាអាចសង្គ្រោះជីវិតស្ត្រី។ ក្រុមតូចៗអាចសម្តែងអំពីដំណោះស្រាយផ្សេង។ អ្នកអាចសួរថា តើបុរសអាចជួយអ្វីខ្លះបាន។ ដើម្បីជួយឲ្យក្រុមពិចារណាពីការកែប្រែ ចូរមើលសកម្មភាពការសម្តែងតួ “ការបញ្ចប់ដោយភាពរីករាយ”។
មធ្យោបាយមួយទៀតដើម្បីក្រឡេកមើលបញ្ហាឫសគល់ និងដំណោះស្រាយ គឺការអនុវត្តសកម្មភាព "ដើមឈើបញ្ហា”។
សកម្មភាព
ការបោះឆ្នោតដោយប្រើដុំស្កុត
ក្រុមអាចគិតឃើញដំណោះស្រាយជាច្រើន ឬពីអ្វីដែលពួកគេចង់កែប្រែ។ ជួនកាលពួកគេមានគំនិតយ៉ាងច្រើនដែលអាចធ្វើឲ្យមានអារម្មណ៍ពិបាកទ្រាំទ្រ។ វាអាចជាការលំបាកក្នុងការសម្រេចចិត្តថាគួរចាប់ផ្តើមដោយរបៀបណា ឬគួរផ្តោតការយកចិត្តទុកដាក់លើចំណុចណា។ សកម្មភាពនេះជាមធ្យោបាយឆាប់រហ័សនិងគួរឲ្យរីករាយ ក្នុងការធ្វើឲ្យគ្រប់គ្នាចែករំលែកពីគំនិត ឬដំណោះស្រាយដែលសំខាន់ជាងគេ។ វាអាចជួយឲ្យក្រុមកាន់តែមានភាពងាយស្រួលក្នុងការធ្វើផែនការសកម្មភាពនិងអនុវត្ត។
- សរសេរគ្រប់គំនិតផ្សេងៗទាំងឡាយដែលបានលើកឡើង នៅក្នុងផ្ទាំងក្រដាសធំមួយ រួចបិតលើជញ្ជាំង។ ទាំងនោះជាគំនិតដែលបានស្នើឡើងសម្រាប់ចាត់វិធានធ្វើឲ្យផ្ទៃពោះនិងការសម្រាលកូនកាន់តែមានសុវត្ថិភាព។ ត្រូវសរសេរឲ្យធំល្មមដែលគ្រប់គ្នាអាចមើលឃើញ។
- ពិនិត្យមើលគំនិតទាំងនោះឡើងវិញជាមួយក្រុម ដើម្បីប្រាកដថាមិនមានរំលងគំនិតរបស់នរណាម្នាក់ រួចបន្ថែមអ្វីដែលបានរំលង។ អនុញ្ញាតឲ្យអ្នកចូលរួម សួរសំណួរដើម្បីប្រាកដថាគ្រប់គ្នាយល់ពីគំនិតទាំងឡាយដែលបានសរសេរ។
- ប្រាប់ក្រុមឲ្យអានបញ្ជីគំនិតនេះ រួចគិតអំពី ៖ តើសកម្មភាពអ្វីខ្លះដែលល្អបំផុតក្នុងការដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់យើង? តើសកម្មភាពណាខ្លះដែលងាយស្រួលបំផុតដែលអាចធ្វើបានដោយប្រើប្រាស់ធនធានដែលមានស្រាប់? តើសកម្មភាពណាខ្លះដែលធ្វើឲ្យមានការកែលម្អធំបំផុតសម្រាប់ស្ត្រី?
- ផ្តល់ដុំស្កុតពណ៌(ឬកាត់ក្រដាសពណ៌ជាបួនជ្រុងតូចៗ រួចបិតស្កុតមុខ២ខាងក្រោយ) ចំនួន ៥ដុំ ដល់អ្នកចូលរួមម្នាក់ៗ រួចឲ្យពួកគេដាក់ដុំស្កុតមួយទៅលើគំនិតចំនួន៥ ដែលពួកគេគិតថាសំខាន់ជាងគេ។ ប្រសិនបើមិនមានគំនិតច្រើននៅលើបញ្ជីរបស់អ្នកទេ អ្នកអាចផ្តល់ដុំស្កុតតិចជាងនេះសម្រាប់ការបោះឆ្នោត។
-
នៅពេលក្រុមបានដាក់ដុំស្កុតទាំងអស់នៅលើជញ្ជាំងរួចហើយ ចូរពិនិត្យមើលឡើងវិញទាំងអស់គ្នា ថាតើគំនិតណាខ្លះដែលត្រូវបានបោះឆ្នោតច្រើនជាងគេ ហើយគំនិតណាដែលបានតិចជាងគេ។ ការពិភាក្សាពីលទ្ធផលនៃការបោះឆ្នោត អាចជួយក្រុមឲ្យជ្រើសរើសនូវអ្វីដែលគួរតែផ្តោតការយកចិត្តទុកដាក់។
ន្ទាប់ពីការបោះឆ្នោតដោយប្រើដុំស្កុតរួចមក អ្នកប្រហែលជាទទួលបានការឯកភាពរួមមួយ។ ប្រសិនជានៅទេ អ្នកអាចធ្វើការពិភាក្សាបន្ថែមទៀត ហើយបោះឆ្នោតមួយជុំទៀត។ ពេលខ្លះ អ្នកអាចស្នើឲ្យពួកគេឯកភាពតាមមតិភាគច្រើន។
សូមមើលសកម្មភាព “ធ្វើផែនការសកម្មភាព” ដើម្បីរៀនបន្ថែមពីការធ្វើផែនការសកម្មភាព និងអំពីកិច្ចការដែលសហគមន៍មួយក្នុងប្រទេសប៉េរូ បានធ្វើជាយូរអង្វែងដើម្បីកែលម្អការថែទាំសម្រាប់ស្ត្រីមានផ្ទៃពោះ។