Hesperian Health Guides

ថ្នាំពេទ្យអាចបញ្ចុះសម្ពាធឈាម

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

អាហារជីវជាតិ និងការហាត់ប្រាណបន្ថែម ធ្វើឲ្យសុខភាពល្អប្រសើរឡើងសម្រាប់មនុស្សភាគច្រើនដែលមានជំងឺលើសឈាម។ ចំណែកមនុស្សមួយចំនួនក៏ត្រូវការថ្នាំពេទ្យដើម្បីបញ្ចុះនិងគ្រប់គ្រងសម្ពាធឈាម។ ប្រសិនបើសម្ពាធឈាមរបស់អ្នក ខ្ពស់ ព្រមទាំងមានបញ្ហាសុខភាពផ្សេងទៀត នោះការលេបថ្នាំពេទ្យរៀងរាល់ថ្ងៃ អាចបង្ការស្ថានភាពអាសន្នបាន។

NWTND heart Page 13-1.png

មានថ្នាំបញ្ចុះសម្ពាធឈាមជាច្រើន។ ថ្នាំទាំងនោះមានប្រសិទ្ធភាពបំផុតនៅពេលអ្នកលេបវារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកឈប់លេប ជាទូទៅសម្ពាធឈាមនឹងកើតឡើងវិញ។ នៅពេលដែលថ្នាំទាំងនេះ ជាការចាំបាច់ដើម្បីរស់នៅបានយូរតទៅទៀត នោះពួកគាត់អាចនឹងទម្លាប់លេបថ្នាំទាំងនេះរៀងរាល់ថ្ងៃ។

ថ្នាំបញ្ចុះសម្ពាធឈាមខ្លះ អាចបង្កឲ្យមានផលវិបាកមួយចំនួនដូចជា នោមញាប់ រាក ចង្អោរ ឬក្អក។ ជាជាងការឈប់លេបថ្នាំភ្លាម ចូរសួរគ្រូពេទ្យ ថាតើមានថ្នាំផ្សេងដែលត្រូវនឹងអ្នកបានប្រសើរជាងនេះឬទេ។ ប៉ុន្តែប្រសិនបើអ្នកឡើងកន្ទួល ឬហើម ត្រូវឈប់លេបថ្នាំ រួចជជែកជាមួយគ្រូពេទ្យ។

អ្នកខ្លះអាចនឹងត្រូវការថ្នាំបញ្ចុះឈាមច្រើនមុខ ដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់ខ្លួន។ សម្រាប់អ្នកដែលត្រូវលេបថ្នាំបញ្ចុះឈាមច្រើនមុខ ជាការប្រសើរគួរលេបក្នុងពេលខុសគ្នា។

NWTND heart Page 13-2.png ចូរប្រើប្រអប់សម្រាប់៧ថ្ងៃ ដើម្បីជួយឲ្យអ្នកចងចាំថាលេបថ្នាំរៀងរាល់ថ្ងៃ។ អ្នកអាចធ្វើវាដោយខ្លួនឯង។ ចូរដាក់បំពេញឡើងវិញមួយសប្តាហ៍ម្តង។ NWTND heart Page 13-3.png

ប្រភេទថ្នាំដែលប្រើញឹកញាប់បំផុតសម្រាប់ជំងឺលើសឈាម មាន ៖

  • ថ្នាំពន្យឺតអង់ស៊ីម ACE និងថ្នាំ ARBsមានដូចជា captopril, enalapril, lisinopril, និង losartan ។ វាបង្ការមិនឲ្យសរសៃឈាមរួមតូច ដូច្នេះធ្វើឲ្យសម្ពាធឈាមថយចុះ។ ថ្នាំនេះជួយការពារតម្រងនោមរបស់អ្នក ហើយជាញឹកញាប់ត្រូវបានប្រើចំពោះអ្នកជំងឺទឹកនោមផ្អែមដែលត្រូវការបញ្ចុះសម្ពាធឈាមផងដែរ។
  • រាំងខ្ទប់ Beta មានដូចជា atenolol, metoprolol, bisoprolol, និង carvedilol ។ វាធ្វើឲ្យបេះដូងលោតយឺតបន្តិច ដើម្បីឲ្យវាច្របាច់ដោយមិនសូវប្រើកម្លាំងខ្លាំង និងបញ្ចុះសម្ពាធឈាម។ នៅពេលប្រើដើម្បីព្យាបាលជំងឺលើសឈាម ថ្នាំរាំងខ្ទប់ beta ត្រូវបានប្រើរួមជាមួយថ្នាំបញ្ចុះទឹកនោម និងថ្នាំផ្សេងទៀត។

ឱសថរុក្ខជាតិមួយចំនួនដែលអាចបញ្ចុះសម្ពាធឈាម

NWTND heart Page 15-1.png
រុក្ខជាតិកន្ទេចអាល មាន ជាតិកាល់ស្បូម វីតាមីន K អាស៊ីត ហ្វូលិក និងសារធាតុ សំខាន់ ផ្សេងៗ ទៀត ហើយវាអាចជួយដល់ជំងឺលើសឈាម។ វាមានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ។ ប៉ុន្តែត្រូវពាក់ស្រោមដៃនៅពេលបេះវា ព្រោះវាមុត!

រុក្ខជាតិដែលដុះក្នុងតំបន់របស់អ្នក ក៏អាចត្រូវបានប្រើដើម្បីបញ្ចុះសម្ពាធឈាមផងដែរ។ ឧទាហរណ៍ ស្លឹកកន្ទេចអាល ធ្វើឲ្យអ្នកនោមញឹកញាប់ ហើយបន្ថយជាតិទឹកនៅក្នុងខ្លួន ដែលជាវិធីមួយដើម្បីបញ្ចុះសម្ពាធឈាម។ ផ្ការំយោលអាចបញ្ចុះសម្ពាធឈាម ហើយត្រូវបានប្រទះឃើញនៅតំបន់ជាច្រើន។ ផ្លែនិងផ្ការបស់រុក្ខជាតិ hawthorn ហាក់ដូចជាកែលម្អកម្រិតកូឡេស្តេរូល និងបញ្ចុះសម្ពាធឈាម តាមរយៈការសម្រួលលំហូរឈាមនៅក្នុងរាងកាយ។ ទោះជាយ៉ាងនេះក្តី មិនគួរប្រើរុក្ខជាតិ hawthorn ចំពោះស្ត្រីមានផ្ទៃពោះទេ។ ការប្រើខ្ទឹមស និងរមៀតនៅក្នុងអាហាររបស់អ្នក ក៏អាចជួយបញ្ចុះសម្ពាធឈាមផងដែរ។

ជាញឹកញាប់ ឱសថរុក្ខជាតិទាំងនេះត្រូវបានរៀបចំជាតែ ឬជាសារធាតុចម្រាញ់។ ចូរសួរឆ្មប គ្រូព្យាបាល និងស្ត្រីវ័យចំណាស់ផ្សេងទៀតនៅក្នុងសហគមន៍របស់អ្នក ថាតើគាត់មានដឹងពីរុក្ខជាតិមានប្រយោជន៍ និងឱសថរុក្ខជាតិដែរឬទេ, តើអាចរកនៅទីណាបាន ឬទិញក្នុងតម្លៃថោក, របៀបរៀបចំវា, និងរបៀបប្រើប្រាស់វាដោយមិនមានគ្រោះថ្នាក់។

ក៏ដូចជាថ្នាំផ្សេងទៀតដែរ ចូរប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ឱសថរុក្ខជាតិ។ ស្វែងយល់ថាតើត្រូវប្រើក្នុងបរិមាណប៉ុន្មាន, តើវាប្រតិកម្មនឹងរុក្ខជាតិដទៃឬថ្នាំពេទ្យដែលអ្នកកំពុងប្រើដែរឬទេ, និងថាតើវាមានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះឬទេ។ ឱសថរុក្ខជាតិខ្លះដែលប្រើសម្រាប់ព្យាបាលជំងឺផ្សេង អាចនឹងបង្កើនសម្ពាធឈាម ដូច្នេះត្រូវស្វែងយល់ថាតើឱសថរុក្ខជាតិដែលអ្នកកំពុងប្រើ អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ឬទេ។

សម្រាប់មនុស្សភាគច្រើនដែលមានជំងឺលើសឈាម មិនថាឱសថរុក្ខជាតិឬថ្នាំពេទ្យទេ គឺមិនអាចផ្តល់ផលល្អដល់ពួកគាត់បានច្រើនទេ ប្រសិនបើគាត់មិនហូបអាហារសុខភាព និងហាត់ប្រាណគ្រប់គ្រាន់។ អាហារសុខភាព ទឹកស្អាត សុវត្ថិភាពមូលដ្ឋាន និងការរស់នៅល្អ ជាចំណុចសំខាន់បំផុត។

NWTND heart Page 15-2.png ផ្ការំយោលត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក ដើម្បីព្យាបាលជំងឺលើសឈាម។ ឈ្មោះដែលហៅចំពោះផ្កាពណ៌ក្រហមនេះ មានដូចជា roselle, rosella, red sorrel, jamaica, chukor, និង bissop ។ ឆុងតែដោយត្រាំផ្កាដែលស្ងួត ក្នុងទឹកក្តៅរយៈពេល ៥ឬ៦នាទី។ ផឹកតែមួយកែវ ក្តៅឬត្រជាក់ មួយថ្ងៃ៣ដង រៀងរាល់ថ្ងៃ រយៈពេល ៥ឬ៦សប្តាហ៍។ ការបន្តផឹកយូរជាងនេះទៀត មិនបង្កគ្រោះថ្នាក់ទេ។ ការផឹកតែមួយនេះជាមួយស្ករតិចឬមិនប្រើស្ករ គឺល្អបំផុត ព្រោះស្ករធ្វើឲ្យបញ្ហាបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត កាន់តែធ្ងន់ធ្ងរ។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៩ វិច្ឆិកា ២០១៨