Hesperian Health Guides

ការកំពប់ប្រេង

នៅក្នុងជំពូកនេ:

នៅទីណាដែលមានប្រេង ទីនោះនឹងមានការកំពប់។ កប៉ាល់និងរថយន្តដឹកប្រេង មានឧប្បត្តិហេតុ រីឯបំពង់បង្ហូរប្រេង ធ្លាយ។ ការបង្ការការកំពប់ និងការសម្អាតវាភ្លាមៗនៅពេលកំពប់ គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនប្រេង។

មានសុភាសិតមួយពោលថា ៖ “ប្រេងនិងទឹកមិនរលាយចូលគ្នាទេ។ ប៉ុន្តែនៅពេលប្រេងកំពប់ចូលក្នុងទឹក សារធាតុគីមីពុលនៅក្នុងប្រេង ពិតជារលាយចូលក្នុងទឹក ហើយស្ថិតនៅក្នុងនោះយ៉ាងយូរអង្វែង។ ស្រទាប់ប្រេងក្រាស់ៗអណ្តែតពាសពេញផ្ទៃទឹក និងបង្ឃាំងមិនឲ្យខ្យល់ចូលទៅក្នុងទឹក។ ត្រី សត្វ និងរុក្ខជាតិដែលរស់នៅក្រោមទឹក មិនអាចដកដង្ហើមបាន។ នៅពេលប្រេងកំពប់ចូលក្នុងទឹក សារធាតុគីមីដែលបន្សល់នៅក្នុងទឹក ធ្វើឲ្យទឹកគ្មានសុវត្ថិភាពសម្រាប់ផឹក ទោះបីយើងមើលឃើញនឹងភ្នែកថាប្រេងត្រូវបានយកចេញពីផ្ទៃហើយក្តី។

នៅពេលប្រេងកំពប់លើដី វាបំផ្លាញស្រទាប់ដីដោយការបង្ឃាំងខ្យល់មិនឲ្យចូល និងសម្លាប់វត្ថុមានជីវិតទាំងអស់ដែលធ្វើឲ្យដីមានជីជាតិ។ វាមានលក្ខណៈស្រដៀងគ្នានេះដែរ នៅពេលប្រេងប៉ះស្បែកយើងឬស្បែកសត្វ។ ប្រេងគ្របដណ្តប់ស្បែក និងបង្ឃាំងមិនឲ្យខ្យល់ចូល។ សារធាតុពុលនៅក្នុងប្រេង ចូលទៅក្នុងរាងកាយតាមរយៈស្បែក រួចបណ្តាលឲ្យមានជំងឺ។

តើប្រេងរលាយចូលទឹកឬទេ?

សកម្មភាពនេះជួយឲ្យប្រជាជនយល់អំពីផលប៉ះពាល់នៃការកំពប់ប្រេងចូលក្នុងទឹក។
ពេលវេលា ៖ ១ម៉ោងកន្លះ
សម្ភារៈ ៖ ក្រឡកញ្ចក់ថ្លា, ទឹក, ប្រេងបន្លែ

  1. ១. ចាក់ទឹកចូលក្នុងក្រឡ។ ចាក់ប្រេងបន្លែ២ស្លាបព្រាបាយចូល។ ក្រឡុកក្រឡដើម្បីឲ្យវាលាយចូលគ្នា។ ទុកក្រឡចោលប្រហែល១ម៉ោង។

  2. ២. ត្រឡប់មកមើលក្រឡវិញ។ អ្នកនឹងឃើញថាប្រេងភាគច្រើនរងនៅខាងលើ។ ប្រេងបន្លែគ្មានគ្រោះថ្នាក់ទេ ប៉ុន្តែចូរអ្នកស្រមៃថាវាជាទឹកទន្លេដែលកំពប់ប្រេងចូល។ ចាប់ផ្តើមការពិភាក្សាអំពីផលប៉ះពាល់នៃការកំពប់ប្រេងចូលទន្លេ។ ស្រមៃថាត្រីកំពុងព្យាយាមរស់នៅក្នុងទន្លេដែលមានស្រទាប់ប្រេងពីលើដែលបង្ឃាំងខ្យល់និងពន្លឺថ្ងៃ។ ស្រមៃថាតើមានអ្វីកើតឡើងចំពោះសត្វស្លាបដែលព្យាយាមចាប់ត្រីនៅក្នុងទន្លេ។
    EHB Ch22 Page 514-1.png

  3. ៣. យកស្លាបព្រាដួសត្រងប្រេងចេញពីផ្ទៃទឹក។ បន្ទាប់ពីអ្នកបានដួសវាចេញអស់ មើលថាតើនៅមានពពុះប្រេងនៅក្នុងទឹកឬទេ។ ពពុះទាំងនេះគឺជាប្រេងដែលលិច(រលាយ)ក្នុងទឹក។ ពិចារណាលើសុភាសិត “ប្រេងនិងទឹកមិនរលាយចូលគ្នា” ឡើងវិញ។ ពិភាក្សាជាមួយក្រុម អំពីអ្វីដែលនឹងកើតឡើងនៅពេលប្រេងពិតជារលាយចូលទឹកមែន។

ការបំពុលទឹកដោយសារប្រេង

ការផឹកទឹកដែលមានប្រេង មានគ្រោះថ្នាក់ខ្លាំងណាស់។ ទឹកដែលចេញពីក្រោមដីនៅពេលខួងប្រេង ក៏ពុលខ្លាំងដែរ។

ឧបករណ៍ចម្រោះដែលសម្អាតប្រេងនិងសារធាតុគីមីពុលចេញពីទឹក មានតម្លៃថ្លៃណាស់។ ការដាំទឹក ការរម្ងាប់មេរោគដោយប្រើកម្តៅថ្ងៃ និងការលាយក្លរីនចូលក្នុងទឹក(មើលធ្វើទឹកឲ្យមានសុវត្ថិភាពសម្រាប់ផឹក) អាចសម្លាប់មេរោគ ប៉ុន្តែមិនអាចបំបាត់ការបំពុលឡើយ។

ការលាយក្លរីន គឺធ្វើឲ្យការបំពុលដោយប្រេង កាន់តែធ្ងន់ធ្ងរទៅវិញទេ ព្រោះក្លរីនវាចូលរួមជាមួយសារធាតុគីមីមួយចំនួនហៅថា “ហ្វេណុល” (phenols) ដើម្បីបង្កើតជាទម្រង់សារធាតុគីមីមួយទៀតដែលកាន់តែពុល ហៅថា “ក្លរួហ្វេណុល” (chlorophenol)។

ប្រសិនបើបានសម្អាតប្រេងដែលកំពប់ហើយក្តី ទោះបីអ្នកមើលមិនឃើញប្រេងនៅក្នុងទឹកក៏ដោយ វាក៏ប្រហែលនៅមិនទាន់មានសុវត្ថិភាពដែរ។ សារធាតុពុលជាច្រើននៅក្នុងប្រេង រលាយចូលក្នុងទឹក ហើយស្ថិតនៅជាយូរ។ ដូច្នេះវិធីតែមួយគត់ដើម្បីប្រាកដថាទឹកមានសុវត្ថិភាពឬអត់ គឺត្រូវធ្វើតេស្ត៍ទឹក។

វិធីរក្សាសុវត្ថិភាពបន្ទាប់ពីកំពប់ប្រេង

A woman speaks as she leads a child away from a contaminated pond.
តោះទៅដងទឹកនៅកសិដ្ឋានរបស់ពូឯងវិញ។
  • ចៀសវាងការប៉ះពាល់ប្រេង។ កុំឲ្យកុមារនិងសត្វចូលក្នុងកន្លែងកំពប់។ ប្រសិនបើអាច គួរព័ទ្ធរបងជុំវិញតំបន់នេះ រួចដាក់ស្លាកសញ្ញាព្រមាន។
  • ប្រើប្រាស់ប្រភពទឹកដែលស្ថិតនៅខ្ពស់ជាងកន្លែងកំពប់។ ទោះបីអ្នកត្រូវដើរទៅឆ្ងាយក៏ដោយ វាមានប្រយោជន៍ក្នុងការបង្ការបញ្ហាសុខភាព។ នៅកន្លែងដែលមានកំពប់ប្រេង មានតែទឹកភ្លៀងទេដែលអាចជាទឹកសុវត្ថិភាពតែមួយគត់សម្រាប់ផឹក។
  • ចៀសវាងការបរិភោគសត្វដែលរស់នៅក្នុងទឹក ដូចជាក្តាម បង្គារ ព្រមទាំងខ្យងដែលរស់នៅក្បែរកន្លែងកំពប់និងខ្សែទឹកខាងក្រោម។ ពួកវាបឺតស្រូបសារធាតុពុលដូចអេប៉ុងយ៉ាងដូច្នោះដែរ។
  • ចៀសវាងងូតទឹកក្នុងទឹកដែលបានកំពប់ប្រេង។ ប្រសិនបើនរណាម្នាក់ធ្លាក់ចូលក្នុងទឹកនេះ គួរលាងសម្អាតខ្លួនភ្លាមៗជាមួយសាប៊ូខ្លាំងនិងទឹកស្អាត។
  • រាយការណ៍ប្រាប់អ្នកជិតខាង អាជ្ញាធរ សារព័ត៌មាន និងអង្គការមិនមែនរដ្ឋាភិបាលនានាដែលពាក់ព័ន្ធនឹងសុខភាពនិងបរិស្ថាន។
  • បង្រៀនប្រជាជននៅសាលារៀននិងទីជួបជុំក្នុងសហគមន៍ អំពីគ្រោះថ្នាក់នៃប្រេង។

ការសម្អាតប្រេងដែលកំពប់

ការសម្អាតការកំពប់ គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនប្រេង។ ក្រុមហ៊ុនទាំងឡាយតែងតែអះអាងថាគេអាចសម្អាតការកំពប់ប្រេងទាំងអស់។ ប៉ុន្តែជាក់ស្តែង សូម្បីតែមានឧបករណ៍ទំនើបបំផុតក៏ដោយ ការសម្អាតប្រេងគឺជាការងារដ៏ពិបាកនិងគ្រោះថ្នាក់។ ក្នុងករណីស្ទើរតែទាំងអស់ ប្រជាជនដែលរងការប៉ះពាល់ពីការកំពប់ប្រេង គ្មានឧបករណ៍ការពារទេ។

3 men in protective clothing speak as they shovel sludge into buckets.
នៅពេលណាមានការកំពប់ប្រេង, មិនថានៅលើទឹកឬលើដីទេ, សារធាតុគីមីនៅក្នុងប្រេង បំពុលមនុស្ស សត្វ រុក្ខជាតិ ដី និងទឹក។

ក្រុមហ៊ុនប្រេងគួរចាប់ផ្តើមការសម្អាតភ្លាមៗនៅពេលប្រេងកំពប់។ ដោយសារសារធាតុពុលនៅក្នុងប្រេង រលាយចូលទឹកនិងជ្រាបទៅក្នុងដី ការសម្អាតតែស្រទាប់ប្រេងនៅខាងលើផ្ទៃទឹកនិងដី គឺមិនអាចសម្អាតប្រភពនៃគ្រោះថ្នាក់បានគ្រប់ពេលទេ។

ការសម្អាតប្រេងកំពប់ ធ្វើឲ្យកម្មករឈឺ

នៅពេលកប៉ាល់ដឹកប្រេងឈ្មោះថា អិក្សសិនវ៉ាលដេស កឿងនៅត្រង់ឆ្នេរអាឡាស្កានៅឆ្នាំ១៩៨៩ វាបានកំពប់ប្រេងជាច្រើនលានហ្កាឡុងទៅក្នុងទឹក។ ប្រេងដែលកំពប់បានសម្លាប់ជីវិតសត្វនិងសត្វស្លាបច្រើនរាប់មិនអស់ និងបំផ្លាញជំនួញនេសាទក្នុងតំបន់។ រហូតមកដល់សព្វថ្ងៃ ប្រេងនៅតែបង្កការខូចខាត។

ក្រុមហ៊ុនអិក្សសិន បានជួលកម្មករចំនួន១០.០០០នាក់ឲ្យសម្អាតប្រេងកំពប់និងសង្គ្រោះជីវិតសត្វ។ ដោយប្រើប្រាស់ឧបករណ៍ល្អបំផុត ពួកគេធ្វើការពី១២ទៅ១៦ម៉ោងក្នុងមួយថ្ងៃ រយៈពេលជាច្រើនខែ ព្យាយាមសម្អាតប្រេងនិងបង្ការការរសាត់អណ្តែត។ ពួកគេពាក់សម្លៀកបំពាក់ការពារដើម្បីកុំឲ្យប្រេងប៉ះនឹងស្បែក និងពាក់ម៉ាស់ដើម្បីកុំឲ្យស្រូបចំហាយពុលចូល។

នៅពេលបញ្ចប់ការងារក្នុងមួយថ្ងៃៗ កម្មករដោះអាវភ្លៀង ស្បែកជើងកវែង និងស្រោមដៃចេញ។ ពួកគេលាងសម្អាតខ្លួននិងសម្លៀកបំពាក់ការពារ ជាមួយសារធាតុគីមីរំលាយ។ នៅថ្ងៃបន្ទាប់ ពួកគេពាក់សម្លៀកបំពាក់នោះឡើងវិញ និងធ្វើការជាបន្ត។ ប៉ុន្តែទោះបីមានសម្ភារៈការពារក៏ដោយ កម្មករជាច្រើនបានត្អូញត្អែរពីការក្អក ឈឺក្បាល វិលមុខ និងហៀរសំបោរ។ កម្មករម្នាក់និយាយថា “នៅពេលយប់ ពួកយើងក្អកគ្រប់គ្នា។ វាហាក់ដូចជាស្ថិតក្នុងអាគារជំងឺរបេងអ៊ីចឹង។ ១០ឆ្នាំក្រោយមក កម្មករជាច្រើនបានកើតមានបញ្ហាជាច្រើន ដូចជាការបាត់បង់ការចង់ចាំ ខូចសួត និងមហារីក។ ពួកគេជាច្រើនរយនាក់បានស្លាប់។

អិក្សសិនត្រូវបានប្តឹងឲ្យបង់សំណងលើការខូចខាតទាំងនេះ។ ប៉ុន្តែជាច្រើនឆ្នាំមកនេះ ពួកគេមិនទាន់បានចំណាយប្រាក់អ្វីបន្តិចសោះឡើយ។

EHB Ch22 Page 517-1.png

សម្ភារៈមួយចំនួនដែលបឺតស្រូបប្រេងមាន ចំបើង អាចម៍រណារ ស្នូលពោត រោមសត្វ ដីឥដ្ឋ រោមចៀម និងដីខ្សាច់។

គួរធ្វើអ្វីខ្លះក្នុងករណីមានការកំពប់ប្រេង

នៅពេលប្រេងកំពប់ឬធ្លាយចេញពីអាងស្តុក គួរគ្រប់គ្រងនិងបឺតស្រូបប្រេងជាបន្ទាន់។ នៅពេលបឺតស្រូបវាហើយ ប្រេងនិងសម្ភារៈនានាដែលប្រើសម្រាប់បឺតស្រូប ត្រូវតែយកចេញនិងបោះចោលឲ្យមានសុវត្ថិភាព, ឧទាហរណ៍ ចោលក្នុងរណ្តៅដែលមានទ្រនាប់ស៊ីម៉ង់ត៍ ដើម្បីកុំឲ្យវាបំពុលទឹកក្រោមដី។

គេអាចគ្រប់គ្រងនិងបឺតស្រូបប្រេងដែលកំពប់ក្នុងទឹក ប៉ុន្តែវាជាការងារពិបាកបើគ្មានឧបករណ៍ពិសេសទេ។ អ្នកណាដែលចូលទៅក្នុងទឹកដើម្បីសម្អាតប្រេង អាចមានជំងឺយ៉ាងធ្ងន់ធ្ងរ។ ការព្យាយាមសម្អាតប្រេងដោយដងប្រេងនឹងធុងទឹក គឺជាការងារគ្រោះថ្នាក់ និងមិនសូវមានប្រសិទ្ធភាព។ នេះគឺជាវិធីសម្អាតប្រេងដែលកំពប់ក្នុងទឹក ដោយមានឧបករណ៍និងការបណ្តុះបណ្តាលត្រឹមត្រូវ ៖

EHB Ch22 Page 517-2.png
EHB Ch22 Page 517-3.png
ប្រេងត្រូវបានបង្ឃាំងឲ្យនៅមួយកន្លែងដោយប្រើសាវ(របងអណ្តែតទឹកមួយប្រភេទដែលចងភ្ជាប់ដោយយុថ្កា) ឬដោយចងភ្ជាប់ទៅនឹងទូក ឬវត្ថុអ្វីមួយនៅលើឆ្នេរ។ សាវបង្ការប្រេងស្ទើរតែទាំងអស់ មិនឲ្យរសាត់អណ្តែតទៅឆ្ងាយ។ ម៉ាស៊ីនដួសចូកយកប្រេងចេញពីលើផ្ទៃទឹក និងបូមតាមទុយោចូលទៅក្នុងធុងស្តុកកាកសំណល់មួយ។
EHB Ch22 Page 517-4.png
EHB Ch22 Page 517-5.png
ប្រេងដែលនៅសល់ក្នុងទឹក ត្រូវបានបឺតស្រូបដោយប្រើសម្ភារៈដូចជាអាចម៍រណារ ស្លែពុក រោមសត្វ ឬដីឥដ្ឋ។ បន្ទាប់ពីបានដួសប្រេងនៅលើផ្ទៃទឹក បឺតស្រូប និងយកចេញរួចហើយ អ្វីដែលនៅសល់ត្រូវបានដុតចោល។ ការដុតប្រេង បង្កើតផ្សែងពុល ប៉ុន្តែអាចប្រសើរជាងការទុកឲ្យប្រេងស្ថិតនៅក្នុងទឹក។

ប្រសិនបើអ្នកសម្អាតប្រេងកំពប់ ត្រូវការពារខ្លួន!

មិនថាអ្នកនិងសហគមន៍ត្រូវសម្អាតប្រេងកំពប់ដោយខ្លួនឯង ឬត្រូវបានជួលដោយក្រុមហ៊ុនប្រេងឲ្យសម្អាតក៏ដោយ ការសំខាន់គឺអ្នកត្រូវដឹងថា ៖

  • ប្រេងតែងតែពុល។ ការប៉ះពាល់វាឬដកដង្ហើមស្រូបវាចូល អាចបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ
  • សារធាតុរំលាយដែលប្រើសម្រាប់សម្អាតប្រេង ក៏ពុលដែរ និងអាចបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ។
  • ការបាញ់ទឹកតាមទុយោដែលមានសម្ពាធខ្ពស់ ដើម្បីជម្រះប្រេងចេញពីថ្ម ធ្វើឲ្យវាហួត(ក្លាយជាឧស្ម័ន) និងធ្វើឲ្យវាកាន់តែងាយចូលក្នុងដង្ហើមយើងទៀត។ បែបនេះបណ្តាលឲ្យមានបញ្ហាបំពង់ក និងសួត។
  • ក្រុមហ៊ុនដែលទទួលខុសត្រូវលើការកំពប់និងការសម្អាតប្រេង គួរផ្តល់ឲ្យអ្នកនូវសម្លៀកបំពាក់ការពារ រួមមានខោនិងអាវ ស្រោមដៃ ស្បែកជើងកវែង ប្រដាប់ដកដង្ហើម វ៉ែនតាសុវត្ថិភាព និងគម្របក្បាល។
  • ការធ្វើការងារច្រើនម៉ោងនៅក្នុងទឹកដែលប្រឡាក់ប្រេង ឬប្រឈមនឹងសារធាតុរំលាយ អាចបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ល្អបំផុតគួរធ្វើការងារតិចម៉ោង និងសម្រាកឲ្យឆ្ងាយពីចំហាយពុលនៅចន្លោះវេនការងារនីមួយ។

បង្កើតផែនការសុវត្ថិភាពសម្រាប់គ្រាអាសន្ន

ប្រសិនបើអ្នករស់នៅតំបន់ខួងប្រេងឬស្លប្រេង គួរធ្វើការជាមួយសហគមន៍អ្នកដើម្បីបង្កើតផែនការសុវត្ថិភាពមួយសម្រាប់ការពារសុខភាពមនុស្សគ្រប់គ្នាក្នុងករណីមានភាពអាសន្នណាមួយកើតឡើង ដូចជាអណ្តាតភ្លើងឧស្ម័ន និងការកំពប់ប្រេង។

គូរផែនទីនៃសហគមន៍របស់អ្នក

ផ្នែកមួយនៃផែនការសុវត្ថិភាពគឺត្រូវដឹងថាបញ្ហាអាចកើតចេញពីត្រង់ណា និងថាតើធនធានមាននៅកន្លែងណាខ្លះ ដើម្បីបង្ការនិងស្តារឡើងវិញពីគ្រោះអាសន្ន។ ការគូរផែនទីសហគមន៍ អាចជួយបាន។

People gather around a table and draw a map.

ជាមួយអ្នកដទៃទៀតនៅក្នុងសហគមន៍ ចូរគូរផែនទីពីទីកន្លែងដែលអ្នករស់នៅ។ រួមបញ្ចូលនូវអណ្តូងប្រេង ទីតាំងខួងប្រេង បំពង់បង្ហូរប្រេង រណ្តៅកាកសំណល់ រោងចក្រស្លប្រេង និងប្រភពបំពុលផ្សេងទៀត។ ម្យ៉ាងទៀត រួមបញ្ចូលកន្លែងដែលអ្នកទៅយកទឹក កន្លែងដាំដំណាំ ទុកដាក់សត្វ ក៏ដូចជាធនធានទាំងឡាយក្នុងសហគមន៍។

ជជែកអំពីទីកន្លែងដែលធ្លាប់មានការកំពប់ប្រេង ឧប្បត្តិហេតុ ឬការបំពុលដោយប្រេង។ តើផលប៉ះពាល់មានអ្វីខ្លះ? គូសសម្គាល់នៅលើផែនទី ត្រង់កន្លែងដែលអ្នកបានឃើញផលប៉ះពាល់នៃការកំពប់ប្រេង។ បន្ទាប់មកសរសេរបញ្ជីមួយរាយប្រភេទធនធានដែលមាននៅក្នុងសហគមន៍ ហើយបង្កើតផែនការមួយសម្រាប់ប្រើប្រាស់ធនធានទាំងនេះក្នុងករណីគ្រាអាសន្ន។

ជួបប្រជុំគ្នា និងបង្កើតផែនការរបស់អ្នក

A woman speaks.
អ្វីដែលអ្នកត្រូវការ
  • ប្រភពទឹកដែលស្ថិតនៅខ្សែទឹកខាងលើ ឬអាងស្តុកទឹកក្នុងសហគមន៍។

  • ផ្លាស់ប្តូរទឹកស្តុករៀងរាល់៦ទៅ១២ខែ។

  • រថយន្តតូចឬធំដើម្បីជម្លៀសប្រជាជនដោយសុវត្ថិភាព។

  • ជ្រើសតាំងមនុស្សម្នាក់ឬច្រើន សម្រាប់ឲ្យផ្តល់ដំណឹងដល់សហគមន៍ជិតខាង អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងករណីមានគ្រោះអាសន្ន។

  • សាលារៀន ព្រះវិហារ ឬកន្លែងជួបជុំផ្សេងទៀត។

  • ទូរស័ព្ទឬអាយកូមដើម្បីហៅរកជំនួយ និងផ្តល់ដំណឹងឲ្យអាជ្ញាធរនិងប្រព័ន្ធផ្សព្វផ្សាយ។

  • លេខទូរស័ព្ទរបស់មន្ទីរពេទ្យ គ្លីនិក និងបុគ្គលិកសុខាភិបាល។

អ្នកទទួលខុសត្រូវ
  • ចូសេព

  • សាលា, ណៃសា, ជូម៉ា

  • តាក់ស៊ីរបស់អាម៉េដ,
    ឡានដឹកទំនិញរបស់ខាមី

តើគ្នាយើងប៉ុន្មានអ្នក មានទូរស័ព្ទដៃដែលអាចប្រើប្រាស់បានក្នុងគ្រាអាសន្ន?

ការស្តារដីដែលបានបំផ្លាញដោយប្រេងឡើងវិញ

ប្រេងកំពប់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរយូរអង្វែងមកលើដី។ ប្រសិនបើបានសម្អាតប្រេង រួចទុកដីចោលឲ្យវាបានប្រសើរឡើងវិញជាច្រើនឆ្នាំ នោះវាអាចមានជីជាតិឡើងវិញបាន។ ប៉ុន្តែវានឹងត្រូវការពេលយូរយារណាស់។ (សម្រាប់ព័ត៌មានបន្ថែមអំពីការកែប្រែដីឡើងវិញ សូមមើល ការកែប្រែដី និងការដាំដើមឈើឡើងវិញ និងការកែប្រែដីខូចខាតឡើងវិញ)។

វិធីសាស្ត្រថ្មីក្នុងការសម្អាតប្រេងកំពប់?

Mushrooms growing on oil.

បន្ទាប់ពីប្រេងម៉ាស៊ូតកំពប់នៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុនជាច្រើនត្រូវបានស្នើឲ្យទៅពិនិត្យមើលថាតើគេអាចធ្វើអ្វីខ្លះដើម្បីសម្អាតវា។ ប្រេងកំពប់ត្រូវបានកៀរជាគំនរៗ ហើយក្រុមហ៊ុននីមួយៗបានធ្វើការនៅលើគំនរមួយ។


ក្នុងនោះមានក្រុមហ៊ុនតូចមួយដែលជាអ្នកដាំនិងលក់ផ្សិតហូបបាន។ បុរសម្ចាស់ជំនួញនេះ បានសង្កេតឃើញថាផ្សិតលូតលាស់បន្ទាប់ពីភ្លើងឆេះព្រៃ និងមហន្តរាយធម្មជាតិដទៃទៀត។ គាត់ជឿជាក់ថាផ្សិតមានអំណាចក្នុងការកែប្រែដីដែលខូច។ ក្រុមហ៊ុនរបស់គាត់បានដាំផ្សិតនៅលើគំនរដីដែលជោគជាំដោយប្រេង។ បន្ទាប់មកពួកគេគ្របគំនរនេះ ហើយរង់ចាំមួយរយៈ។


៦សប្តាហ៍ក្រោយមក ពួកគេបើកគម្រម ហើយឃើញរឿងអស្ចារ្យមួយ។ ដីនេះត្រូវបានគ្របដណ្តប់ដោយផ្សិតធំៗ ខ្លះមានទំហំ៣០ស.មឯណោះ។ ពួកគេយកផ្សិតនិងដីទៅធ្វើតេស្ត៍នៅមន្ទីរពិសោធន៍។ ផ្សិតគ្មានដានប្រេងឬសារធាតុគីមីពុលដែលមាននៅក្នុងប្រេងឡើយ។ ផ្សិតបានសម្អាតប្រេងទាំងស្រុងយ៉ាងពិតប្រាកដ!


ផ្នែកដ៏អស្ចារ្យនៃសាច់រឿងនេះ គឺអ្វីដែលកើតឡើងបន្ទាប់។ បន្ទាប់ពីផ្សិតទំ រុយបានហើរមកពងលើវា។ បន្ទាប់មកក៏ចេញដង្កូវ, សត្វស្លាបក៏ហើរចុះមក, ហើយសត្វតូចៗដទៃទៀតក៏ចាប់ផ្តើមចូលមកស៊ីផ្សិតនិងដង្កូវ។ សត្វស្លាបនិងសត្វផ្សេងៗបាននាំគ្រាប់ពូជមកទីនេះ ហើយរុក្ខជាតិក៏ចាប់ផ្តើមដុះឡើង។ គំនរដីដ៏កខ្វក់បានប្រែក្លាយទៅសួនដំណាំយ៉ាងរស់រវើក។


វិធីសាស្ត្រនេះមានប្រសិទ្ធភាពនៅក្នុងការពិសោធន៍ ប៉ុន្តែមិនទាន់មាននរណាដឹងថាវានឹងមានប្រសិទ្ធភាពនៅគ្រប់ស្ថានភាពនិងទីកន្លែងទាំងអស់នោះទេ។ ត្រូវធ្វើពិសោធន៍ថែមទៀត ដើម្បីបញ្ជាក់ថាផ្សិតឬ “ឱសថធម្មជាតិ”ដទៃទៀត អាចសម្អាតប្រេងកំពប់បាន។