Hesperian Health Guides
របាំងវ័ណ្ឌវង់
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៥. កសិកម្មប្រកបដោយចិរភាព > របាំងវ័ណ្ឌវង់
ប្រសិនបើអ្នកអាចធ្វើផ្លូវមួយឆ្លងកាត់តាមជម្រាលភ្នំ ដែលអនុញ្ញាតឲ្យអ្នកធ្វើដំណើរពីម្ខាងទៅម្ខាងភ្នំ ខណៈដែលរក្សាកម្រិតកម្ពស់នៅលើជម្រាលភ្នំដដែល នោះអ្នកកំពុងដើរតាមខ្សែវ័ណ្ឌវង់នៅលើជម្រាលភ្នំហើយ។ របាំងដែលត្រូវបានសាងសង់ឡើងតាមខ្សែវ័ណ្ឌវង់ទាំងនេះ ដូចជាជញ្ជាំង ពំនូក ស្មៅឬគុម្ពោតជាជួរ ឬប្រឡាយ បង្ការដីមិនឲ្យហូរដាច់ដោយសារខ្យល់និងទឹកភ្លៀង។ របាំងទាំងនេះក៏ជួយទឹកហូរចុះក្រោមយឺតៗ បំបែកខ្សែទឹកឲ្យស្រោចសព្វដី និងជ្រាបទៅក្នុងដី។ ការភ្ជួរដីតាមបណ្តោយខ្សែវ័ណ្ឌវង់ ជាជាងការភ្ជួរពីលើភ្នំចុះមកក្រោម ជួយបន្ថយទឹកហូរលើដី និងតម្រង់ទឹកឆ្ពោះទៅកាន់ដំណាំរបស់អ្នក។ ឧបករណ៍មួយដែលហៅថា ឧបករណ៍វាស់កម្រិតកម្ពស់រាងអក្សរA អាចជួយអ្នកឲ្យរកឃើញខ្សែវ័ណ្ឌវង់នៅលើដីរបស់អ្នក ដើម្បីអាចសាងសង់របាំងវ័ណ្ឌវង់បាន។
មាតិកា
វិធីបង្កើតឧបករណ៍វាស់កម្រិតកម្ពស់រាងអក្សរA
ឧបករណ៍វាស់កម្រិតកម្ពស់រាងអក្សរA គឺជាឧបករណ៍ដែលអាចជួយអ្នកឲ្យស្វែងរកខ្សែវ័ណ្ឌវង់។ ប្រើប្រាស់សម្ភារៈទាំងនេះ ៖
- ឈើមាំ២ដើមប្រវែងប្រហែល២ម៉ែត្រ និងមានកម្រាស់២ស.ម សម្រាប់ធ្វើជាជើង, ហើយនិងឈើមួយទៀតប្រហែល១ម៉ែត្រសម្រាប់ធ្វើជាធ្នឹម។
- ដែកគោលវែង៣ដើម ដែលអាចវាយចូលឈើ២ដើមហើយនៅសល់សាច់ដែកគោលសម្រាប់ព្យួរ។
- ដបដែលមានគម្របមួល ឬដុំថ្មដែលមានទម្ងន់ប្រហែលកន្លះគីឡូក្រាម។
- ខ្សែប្រហែល២ម៉ែត្រ ចងភ្ជាប់នៅចុងដែកគោលខាងលើ។
- ខ្មៅដៃ ឬប៊ិច, ញញួរ ឬដុំថ្ម, កាំបិតមុខវែង ឬរណា, និងបន្ទះម៉ែត្រ។
- ១. ចងជើងទាំងពីរជារាងត្រីកោណ។ ប្រសិនបើអ្នកវាយដែកគោលភ្ជាប់វាចូលគ្នា ត្រូវទុកក្បាលដែកគោលឲ្យនៅសល់ខ្លះ ព្រោះអ្នកនឹងប្រើវា។
- ២. ភ្ជាប់ឈើធ្នឹមទៅជើងទាំងពីរ។
- ៣ . ភ្ជាប់ដបឬថ្មជាមួយខ្សែ។ ចងចុងខ្សែម្ខាងទៀតទៅនឹងក្បាលដែកគោល ដើម្បីឲ្យដបឬថ្មព្យួរនៅក្រោមធ្នឹមប្រហែល២ស.ម។ ប្រសិនបើដបជាប្លាស្ទិក ត្រូវចាក់ទឹក ខ្សាច់ ឬដីចូល រួចគ្របគម្រប។ ខ្សែដែលចងភ្ជាប់ដោយដបឬថ្មនៅខាងចុង ហៅថាខ្សែស្ទង់។
វិធីបញ្ចប់ឧបករណ៍រាងអក្សរA ដោយការគូសចំណុចកណ្តាលរបស់វា
- ១. ដាក់ឧបករណ៍រាងអក្សរA នៅលើដីរាបមួយ។ គូសចំណាំត្រង់ជើងទាំងពីរ។ ប្រាកដថាខ្សែស្ទង់អាចរំកិលបានយ៉ាងងាយ បន្ទាប់មកទប់វាឲ្យនៅនឹង។ នៅពេលខ្សែឈប់រង្គើ ចូរគូសចំណាំនៅលើធ្នឹមត្រង់ខ្សែនោះ។
- ២. ត្រឡប់ឧបករណ៍អក្សរA ដោយដាក់ជើងទី១ឲ្យឈរនៅកន្លែងជើងទី២ ហើយជើងទី២មកឈរកន្លែងជើងទី១វិញ។ គូសចំណាំកន្លែងដែលខ្សែកាត់ធ្នឹម។ ឥឡូវនេះអ្នកមានចំណុច២កន្លែងនៅលើធ្នឹម។
- ៣. យកខ្សែមួយសរសៃមកទាញសន្ធឹងនៅចន្លោះចំណុចទាំងពីរ រួចបត់ខ្សែនេះពាក់កណ្តាល ដើម្បីរកចំណុចកណ្តាលរបស់វា។ គូសសញ្ញានៅលើឈើត្រង់ចំណុចកណ្តាលនេះ។
- ៤. ដាក់ឈើអក្សរAនេះនៅលើដីរាបមួយ ដែលខ្សែស្ទង់ចង្អុលត្រូវនឹងចំណុចកណ្តាលនៅលើធ្នឹម។ នៅពេលខ្សែស្ទង់ឈប់រង្គើនៅចំចំណុចកណ្តាល នោះជើងទាំង២នៃឈើអក្សរAមានកម្រិតកម្ពស់ស្មើគ្នា។ ត្រឡប់ផ្លាស់ប្តូរជើងរបស់វា។ ខ្សែស្ទង់គួរស្ថិតនៅចំចំណុចកណ្តាលដដែល។ ប្រសិនបើខ្សែស្ទង់មិនចង្អុលចំកណ្តាលទេ ត្រូវធ្វើឡើងវិញរហូតត្រឹមត្រូវ។
ជ្រើសរើសទីតាំងដើម្បីសង់របាំងនីមួយៗ
នៅពេលសង់ឈើអក្សរAហើយ សម្រេចចិត្តថាតើគួរសង់របាំងនីមួយៗឲ្យឃ្លាតពីគ្នាចម្ងាយប៉ុន្មាន។ របាំងទី១គួរសង់នៅក្បែរកំពូលនៃចម្ការរបស់អ្នក ដើម្បីការពារទឹកពីចម្ការខាងលើ។ ទីតាំងដែលអ្នកនឹងសង់របាំងដទៃៗទៀត គឺអាស្រ័យលើកម្រិតនៃជម្រាលភ្នំ។ ចំពោះជម្រាលចោត គួរសង់របាំងឃ្លាតៗពីគ្នាប្រហែល១០ម៉ែត្រ។ ចំពោះជម្រាលមធ្យម គួរឃ្លាតពីគ្នាប្រហែល១៥ម៉ែត្រ។ ចំពោះជម្រាលរាប អាចឃ្លាតពីគ្នាប្រហែល២០ម៉ែត្រ។ ប្រសិនបើអ្នកត្រូវធ្វើការលើជម្រាលចោតខ្លាំង ល្អបំផុតគួរធ្វើថ្នាក់ដាច់ដោយឡែកសម្រាប់ដើមឈើនីមួយៗ ឬធ្វើរណ្តៅដំណាំនីមួយឬថ្នាក់តូចៗសម្រាប់ដំណាំ ជាជាងជីកប្រឡាយ។
ម្យ៉ាងទៀតត្រូវពិចារណាលើដីផងដែរ។ ដីឥដ្ឋនឹងមិនស្រូបទឹកបានងាយទេ ដូច្នេះរបាំងនីមួយៗគួរស្ថិតនៅជិតគ្នាបន្តិច។ ប្រសិនបើដីខ្សាច់ ឬមានសារធាតុសរីរាង្គយ៉ាងច្រើន វានឹងស្រូបទឹកយ៉ាងងាយ ហើយអាចសង់របាំងនៅឆ្ងាយពីគ្នាបាន។ នៅពេលអ្នកដឹងពីចម្ងាយដែលត្រូវសង់របាំង ចូរវាយបង្គោលចំណាំលើដី។
វិធីគូសចំណាំខ្សែវ័ណ្ឌវង់
ជំហានបន្ទាប់ក្នុងការសង់របាំងវ័ណ្ឌវង់ គឺការស្វែងរកខ្សែវ័ណ្ឌវង់។
- ១. នៅលើកំពូលនៃចំណោតដែលអ្នកចង់សង់របាំងទី១ ចូរដាក់ឈើអក្សរAឲ្យឈរទទឹងផ្ទៃចំណោត គឺមិនមែនជើងម្ខាងនៅខាងលើនិងម្ខាងនៅខាងក្រោមទេ។ ដាក់ជើងម្ខាងនៃឈើអក្សរAនៅកន្លែងមួយដែលអ្នកចង់ឲ្យខ្សែវ័ណ្ឌវង់ចាប់ផ្តើម។ បង្វិលជើងម្ខាងទៀតចុះឡើងរហូតទាល់តែខ្សែស្ទង់ចង្អុលចំចំណុចកណ្តាល។ កំណាត់វ័ណ្ឌវង់គឺស្ថិតនៅចន្លោះជើងទាំង២នៃឈើអក្សរAនៅពេលខ្សែស្ទង់ចង្អុលចំកណ្តាល។
- ២. ដាំបង្គោលមួយនៅជាប់ជើងទី២នៃឈើអក្សរA។
- ៣. បង្វិលជើងទី១រាវរកកន្លែងស្មើគ្នាមួយទៀតដែលកាត់ទទឹងភ្នំ រួចធ្វើតាមជំហានដំបូងឡើងវិញ។ បន្តធ្វើរហូតទាល់តែផុតដីចម្ការឬចំណោត ដោយដាំបង្គោលរាល់ចម្ងាយ២ម៉ែត្រ។
- ៤. លើកឈើអក្សរAចុះក្រោមចំណោត ទៅរកកន្លែងមួយទៀតដែលអ្នកចង់សង់របាំងបន្ទាប់(១០ទៅ២០ម៉ែត្រចុះក្រោម) រួចធ្វើតាមជំហានខាងលើឡើងវិញ។
- ៥. នៅពេលអ្នកបានបញ្ចប់ដៅខ្សែវ័ណ្ឌវង់ហើយ ចូរឈរនៅចុងម្ខាងនៃខ្សែនីមួយៗ ហើយមើលខ្សែបន្ទាត់របស់បង្គោលទាំងនេះ។ មើលថាតើខ្សែវ័ណ្ឌវង់នីមួយៗកោងស្មើឬទេ។ អ្នកអាចរំកិលបង្គោលខ្លះបន្តិចបន្តួចបាន ដើម្បីឲ្យខ្សែរត់កោងស្មើល្អ។
ខ្សវ័ណវង់ដលʯʋយបʅ្គលឈ |
គោលការណ៍ណែនាំសម្រាប់ការសង់បង្គោលវ័ណ្ឌវង់
នៅពេលវាស់និងដៅខ្សែវ័ណ្ឌវង់រួច ហើយបានសម្រេចថារបាំងប្រភេទណាដែលល្អបំផុតសម្រាប់ដីរបស់អ្នក ចូរចាំពីគោលការណ៍ទូទៅទាំងនេះ
- បម្រុងឬដាំដើមឈើនិងរុក្ខជាតិ។ ប្រសិនបើជម្រាលចោតខ្លាំង នោះដើមឈើកំពុងដុះជាស្រេច ឬដើមឈើដែលអ្នកចង់ដាំ នឹងការពារដីមិនឲ្យបាក់ស្រុត។ ស្មៅនិងរុក្ខជាតិដែលមានឫសមាំ នឹងជួយទប់ដីនិងទឹក។
- បន្ថយល្បឿនទឹកហូរ ប៉ុន្តែឲ្យវានៅហូរតិចៗជានិច្ច។ ជាការសំខាន់គឺត្រូវឲ្យមានទឹកហូរតិចៗជានិច្ច មិនថាហូរចុះជម្រាលឬជ្រាបចូលដីទេ។ របាំងដែលសង់មិនបានល្អ អាចបណ្តាលឲ្យមានទឹកនឹង ដែលធ្វើឲ្យមូសបន្តពូជនិងចម្លងជំងឺគ្រុនចាញ់និងជំងឺដទៃទៀត។
- ជួសជុលបញ្ហាភ្លាមៗនៅពេលវាកើតឡើង។ ព្យុះធំៗអាចបណ្តាលឲ្យប្រឡាយវ័ណ្ឌវង់បាក់ស្រុត ឬធ្វើឲ្យជញ្ជាំងបាក់រលំ។ ជួសជុលវាភ្លាមៗដើម្បីបង្ការសំណឹកដីបន្ថែមទៀត។
- ចាប់ផ្តើមពីកំពូល។ ទឹកហូរចុះពីលើភ្នំ។ តាមរយៈការចាប់ផ្តើមពីកំពូល អ្នកអាចការពារអ្វីៗដែលនៅខាងក្រោម ហើយអាចប្រើប្រាស់របាំងតូចៗជាច្រើន។
ប្រភេទផ្សេងៗនៃរបាំងវ័ណ្ឌវង់
ប្រើប្រាស់របាំងវ័ណ្ឌវង់ណាដែលងាយសង់បំផុត និងមានប្រសិទ្ធភាពបំផុតសម្រាប់ដីរបស់អ្នក។
របាំងរុក្ខជាតិដែលធ្វើពីដើមឈើ គុម្ពឈើ ស្មៅ ឬរុក្ខជាតិដទៃទៀត ត្រូវបានដាំនៅលើខ្សែវ័ណ្ឌវង់ដើម្បីទប់ទឹកនិងដី។ | របាំងបង្អង់ល្បឿនដែលធ្វើពីគុម្ពោត ដុំថ្ម ឬរមូរចំបើង ត្រូវបានរៀបនៅកន្លែងដែលមានស្នាមភ្លោះឬសឹក ធ្វើឲ្យទឹកហូរកាត់ ប៉ុន្តែបន្ថយល្បឿនវា។ |
ជញ្ជាំងទទឹង៣០ស.ម និងកម្ពស់យ៉ាងតិច២៥ស.ម ដែលធ្វើពីថ្ម ដី រមូរចំបើង ឬសម្ភារៈដទៃទៀត នឹងកាត់បន្ថយលំហូរទឹក ហើយជួយឲ្យវាជ្រាបទៅក្នុងដី។ | ប្រឡាយតម្រង់ទិសដៅនៃលំហូរទឹក ទៅកាន់កន្លែងណាមួយដែលចង់បាន។ ដើម្បីជួយឲ្យទឹកជ្រាបចូលក្នុងដី ចូរសង់របាំងតូចៗរៀងរាល់ ៨ទៅ១០ម៉ែត្រនៅក្នុងប្រឡាយនេះ។ |
ទ្រុងលួសដែលដាក់ទៅនឹងជញ្ជាំងទាំងសងខាងនៃស្នាមភ្លោះ ហើយដាក់ដុំថ្មគរលើគ្នា សម្រាប់ប្រមូលនិងទប់ដី។ | ពំនូកដីជារបាំងនៅជាប់នឹងប្រឡាយនៅលើជាយភ្នំ។ ដីដែលជីកចេញពីប្រឡាយ ត្រូវបានគរជាពំនូកនៅជាប់ផ្នែកខាងក្រោមនៃប្រឡាយ។ ជីកទទឹងប្រឡាយឲ្យមានទំហំធំជាងជម្រៅប្រឡាយ៣ដង ដើម្បីកុំឲ្យវាបាក់ដី។ យើងអាចដាំដើមឈើឬគុម្ពឈើនៅក្នុងប្រឡាយដើម្បីទាញប្រយោជន៍ពីទឹក និងនៅលើពំនូកដីដើម្បីទប់ដីមិនឲ្យដាច់។ |