Hesperian Health Guides
ការជ្រើសរើសបង្គន់ដែលត្រឹមត្រូវសម្រាប់អ្នក
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៧. ការសាងសង់បង្គន់ > ការជ្រើសរើសបង្គន់ដែលត្រឹមត្រូវសម្រាប់អ្នក
ការជ្រើសរើសបង្គន់ដែលត្រឹមត្រូវ
គ្មានបង្គន់ណាមួយដែលសមស្របសម្រាប់គ្រប់ស្ថានភាពនោះទេ ហើយវិធីសាស្ត្រអនាម័យនីមួយៗតែងតែអាចកែលម្អបាន។ សកម្មភាពនេះអាចជួយឲ្យប្រជាជនគិតពីថាតើបង្គន់បែបណាដែលអាចធ្វើបាន និងដែលល្អបំផុតចំពោះពួកគេ។
'រយៈពេល ៖ ១ទៅ២ម៉ោង
សម្ភារៈ ៖ ក្រដាសគូររូបតូច ក្រដាសគូររូបធំ ប៊ិចឬហ្វឺតពណ៌ បង់បិទ។
- ១. បែងចែកជាក្រុមៗដែលមានគ្នា៥ឬ៦នាក់។ ម្នាក់ៗគូររូបបង្គន់ណាមួយ ឬមធ្យោបាយចោលកាកសំណល់មនុស្សដែលគេបានដឹង។ ពួកគេគួរគូររូបបង្គន់របស់ខ្លួន ឬបង្គន់ផ្សេងទៀតដែលគេបានឃើញ និងរូបភាពដទៃទៀតដែលបានឃើញនៅទីកន្លែងដែលគ្មានបង្គន់។ គោលបំណងគឺដើម្បីគូរបង្គន់ឲ្យបានច្រើន រាប់ពីបង្គន់ដែលងាយបំផុត រហូតដល់ទំនើបបំផុត។
- ២ . នៅពេលរូបភាពបានបញ្ចប់ ក្រុមនីមួយៗរៀបចំរូបភាពរបស់ខ្លួនតាមលំដាប់លំដោយ ដោយរៀបពីធ្យោបាយដែលអាក្រក់បំផុត រហូតដល់ល្អបំផុត។ រូបទាំងនោះត្រូវបិទនៅលើក្រដាសធំ។
- ៣. ក្រុមនីមួយៗត្រូវបង្ហាញពីរូបភាពរបស់ខ្លួន និងប្រាប់ពីហេតុផលដែលគេតម្រៀបរូបតាមលំដាប់បែបនោះ។ អ្វីទៅដែលធ្វើឲ្យប្រព័ន្ធមួយល្អជាង និងមួយទៀតអាក្រក់ជាង។ សមាជិកក្រុមក៏ប្រាប់ថាបង្គន់ណាមួយដែលគេប្រើប្រាស់នៅផ្ទះ និងប្រភេទណាមួយដែលគេចង់បាន។
- ៤. បន្ទាប់ពីមនុស្សគ្រប់គ្នាបានបង្ហាញរូបភាពរបស់ខ្លួនហើយ ក្រុមនីមួយត្រូវពិភាក្សាអំពីចំណុចខុសគ្នារវាងមធ្យោបាយទាំងអស់នេះ។ សួរសំនួរដូចជា ៖
- តើអ្នកទាំងអស់គ្នាឯកភាពថាបង្គន់ណាមួយអាក្រក់បំផុត និងណាមួយល្អបំផុតដែរឬទេ?
- តើមានបង្គន់ណាមួយដែលហាក់ដូចជាល្អបំផុតសម្រាប់មនុស្សគ្រប់រូបទេ? តើវាល្អបំផុតដោយសារតែបញ្ហាសុខភាព តម្លៃ ឬមូលហេតុអ្វីផ្សេងទៀត?
- តើមានបង្គន់ណាខ្លះដែលមិនមាននរណាម្នាក់ក្នុងក្រុមប្រើប្រាស់? ហេតុអ្វី?
- អ្វីទៅជាផលប្រយោជន៍សំខាន់ជាងគេផ្នែកសុខភាព?
- អ្វីទៅជាផលប្រយោជន៍សំខាន់ជាងគេផ្នែកបរិស្ថាន?
- តើការកែលម្អផ្សេងៗដែលប្រជាជនចង់បាន ទាមទារឲ្យមានការផ្លាស់ប្តូរលក្ខខណ្ឌក្នុងតំបន់ ឬផ្លាស់ប្តូររបៀបគិតរបស់ប្រជាជនទៅលើអនាម័យដែរឬទេ? តើមានវិធីសាមញ្ញៗអ្វីខ្លះដែលអាចធ្វើបានដើម្បីកែលម្អអ្វីដែលមានស្រាប់ដែរឬទេ?
- ប្រសិនបើក្នុងក្រុមមានទាំងបុរសនិងស្ត្រី តើចម្លើយរបស់ពួកគេខុសគ្នាដែរឬទេ?
- ៥. បង្ហាញពីបង្គន់ផ្សេងទៀតដែលប្រជាជនអាចនឹងមិនស្គាល់។ បង្គន់ទាំងនេះអាចគ្រាន់តែជាការកែប្រែបន្តិចបន្តួចលើបង្គន់របស់ពួកគេ ដូចជាបំពង់រន្ធខ្យល់ឬបង្គន់ប្រភេទថ្មី។ (វាអាចរួមបញ្ចូលបង្គន់ទាំងអស់ដែលមានក្នុងសៀវភៅនេះ និងបង្គន់ផ្សេងទៀតដែលអ្នកបានស្គាល់)។ ក្រុមទាំងអស់នឹងពិភាក្សាពីគំនិតថ្មីៗទាំងនេះ។
- ៦. ដឹកនាំការពិភាក្សាអំពីមធ្យោបាយផ្សេងៗ ដោយប្រាប់ក្រុមនីមួយៗឲ្យពិចារណាអំពីសំណួរនៅក្នុងតារាងខាងក្រោម។ មនុស្សម្នាក់ៗចែករំលែកមតិយោបល់របស់ខ្លួនអំពីផលប្រយោជន៍ និងគុណវិបត្តិនៃបង្គន់នីមួយៗ ដោយប្រើចំនួនលេខដើម្បីបង្ហាញពីរការយល់ឃើញតិចឬខ្លាំងរបស់ខ្លួន។ ឧទាហរណ៍ ៥សម្រាប់សម្គាល់ល្អបំផុត និង ០ សម្រាប់សម្គាល់អាក្រក់បំផុត។ គូសចំណាំលើគំនិតរបស់មនុស្សម្នាក់ៗនៅលើតារាង រួចបូកបញ្ចូលគ្នាដើម្បីឲ្យដឹងថាមធ្យោបាយណាដែលទទួលបានពិន្ទុល្អបំផុត។
- ៧ . ក្រុមគូររូបថ្មីដោយផ្អែកលើការពិភាក្សាអំពីផលប្រយោជន៍ និងពីមធ្យោបាយថ្មីៗដែលពួកគេទើបរៀន។ ពួកគេបិទគំនូរថ្មីនិងចាស់នៅលើក្រដាសធំតាមលំដាប់ពីអន់បំផុតទៅល្អបំផុត។ ចុងបញ្ចប់ពួកគេប្រៀបធៀបលំដាប់លំដោយថ្មី ជាមួយលំដាប់លំដោយកាលពីមុន។
ទំនាក់ទំនងរវាងបុរសនិងស្ត្រី គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជ្រើសរើសបង្គន់សុវត្ថិភាពនិងមានសុខភាព។
ទាំងនេះអាចនាំទៅរកការពិភាក្សាអំពីមូលហេតុនៃការជ្រើសរើសរបស់ប្រជាជន។
- តើមានភាពខុសគ្នាអ្វីខ្លះ?
- តើគំនិតឬព័ត៌មានអ្វីខ្លះដែលធ្វើឲ្យប្រជាជនផ្លាស់ប្តូរគំនិតរបស់ខ្លួនអំពីបង្គន់ណាអន់ បង្គន់ណាល្អ?
យោងតាមការពិភាក្សា ក្រុមនេះអាចសម្រេចថាតើបង្គន់អ្វី ឬការកែលម្អអ្វីដែលល្អបំផុតសម្រាប់ពួកគេ?