Hesperian Health Guides

ក្រុមបុរសដែលធ្វើការងារដើម្បីសមភាពយេនឌ័រ

នៅក្នុងជំពូកនេះ ៖

កុមារចាប់ផ្តើមរៀនសូត្រពីការរំពឹងទុកក្នុងយេនឌ័រ តាំងពីតូចមកម្ល៉េះ។ តួនាទីយេនឌ័រទាំងនេះច្រើនតែនាំឲ្យមានភាពមិនស្មើគ្នាក្នុង ការទទួលបានធនធាននិងអំណាចក្នុងការសម្រេចចិត្ត ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់ស្ត្រី។ វិធីមួយដើម្បីធានាថាក្មេងប្រុសនិងក្មេងស្រីនឹងទទួលបានតម្លៃស្មើគ្នា គឺការចិញ្ចឹមពួកគេប្រកបដោយការរំពឹងទុក សិទ្ធិ និងការទទួលខុសត្រូវដូចៗគ្នា។

ផ្លាស់ប្តូររបៀបបង្រៀនយេនឌ័រដល់ក្មេងប្រុសស្រី

មានវិធីជាច្រើនដែលឪពុកម្តាយ គ្រូបង្រៀន និងមនុស្សពេញវ័យដទៃទៀតអាចជួយដល់កុមារគ្រប់ៗគ្នាដើម្បីឲ្យពួកគេអភិវឌ្ឍសមត្ថភាពយ៉ាងពេញលេញ យ៉ាងស្មើភាពគ្នា និងមិនស្ថិតក្រោមការរំពឹងទុកនៃយេនឌ័រដ៏គ្រោះថ្នាក់នោះទេ។ ឪពុកម្តាយអាចផ្តល់ការគាំទ្រចំពោះគ្នាទៅវិញទៅមក តាមរយៈការជួបជុំយ៉ាងទៀតទាត់ដើម្បីជជែកអំពីបញ្ហាយេនឌ័រដែលប៉ះពាល់ដល់ការចិញ្ចឹមបីបាច់កូនៗរបស់ពួកគេ។

មនុស្សពេញវ័យអាចបង្រៀនក្មេងស្រីនិងក្មេងប្រុស ឲ្យផ្តល់ការគោរពចំពោះគ្នាទៅវិញទៅមក ចែករំលែករបស់របរស្មើៗគ្នា និងរួមគ្នាធ្វើកិច្ចការផ្ទះទាំងអស់គ្នា។ ក្មេងប្រុសមិនគួរទទួលបានការចម្អកនៅពេលបង្ហាញមនោសញ្ចេតនានោះទេ ជាពិសេសអារម្មណ៍ភ័យខ្លាច ឬទុក្ខព្រួយ។ មនុស្សពេញវ័យអាចជួយក្មេងប្រុសឲ្យបង្ហាញអារម្មណ៍របស់ពួកគេចេញមកក្រៅ ហើយក៏អាចជួយក្មេងស្រីឲ្យនិយាយចេញនូវគំនិតនិងអារម្មណ៍របស់ពួកគេ ដោយមិនបារម្ភពីការបដិសេធ ឬសើចចម្អកឲ្យនោះដែរ។

boys and girls playing a game together

ទាំងក្មេងប្រុសនិងក្មេងស្រីអាចរៀនធ្វើការងារផ្ទះគ្រប់ប្រភេទ ព្រមទាំងចែករំលែកការទទួលខុសត្រូវដូចគ្នា ដូចជាចម្អិនអាហារ សម្អាតផ្ទះ មើលប្អូនតូច ដាំដំណាំនិងមើលសត្វ និងប្រើប្រាស់ឧបករណ៍និងម៉ាស៊ីនផ្សេង។

ក្រុមឪពុកម្តាយអាចធ្វើការរៀបចំមួយដើម្បីធានាថាក្មេងស្រីនិងក្មេងប្រុសមានឱកាសដូចគ្នានៅសាលារៀន ដូចជាការលេងកីឡា និងការរៀនមុខវិជ្ជាផ្សេង។ មនុស្សពេញវ័យអាចជួយកុមារឲ្យបង្កើតកម្មវិធីកម្សាន្តដោយប្រើកូនតុក្កតា ដើម្បីសម្តែងរឿងផ្សេងៗដែលមិនដាក់កំហិតតួនាទីយេនឌ័រឡើយ។ (ឧទាហរណ៍មួយដូចជា រឿងនិទានអំពីក្មេងស្រីម្នាក់ជួយសង្គ្រោះក្មេងប្រុសម្នាក់ពីសត្វចម្លែក គឺមិនមែនក្មេងប្រុសតែងតែសង្គ្រោះក្មេងស្រីជានិច្ចនោះទេ)។

ម្យ៉ាងទៀតគួរជជែកណែនាំកុមារអំពីរឿងនិទាន និងអត្ថបទទស្សនាវដ្តីដែលពួកគេបានអាន ចម្រៀងដែលបានស្តាប់ និងកម្មវិធីទូរទស្សន៍និងវីដេអូដែលបានមើល រួចជួយឲ្យពួកគេពិចារណាឡើងវិញអំពីតួនាទីយេនឌ័រទាំងឡាយដែលបានបង្កប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងនេះដែលនាំឲ្យមានផលមិនល្អ។

សកម្មភាព ការកែប្រែក្បួនច្បាប់

a group making a list.
ព្រឹត្តិការណ៍៖
ការសម្រាលកូន
ពិធីខួបកំណើត
ពិធី
រៀបការ
ពិធីទទួលមរតក
  1. ប្រាប់ពួកគេឲ្យរៀបរាប់ពីព្រឹតិ្តការណ៍សំខាន់ៗដែលក្មេងប្រុសនិងក្មេងស្រីបានជួបប្រទះក្នុងឆាកជីវិតរបស់ពួកគេ។ សរសេរចូលនូវរាល់គំនិតទាំងឡាយដែលមាន។
  2. សួរថាតើការរំពឹងទុកក្នុងយេនឌ័រ អាចប៉ះពាល់ដល់ព្រឹត្តិការណ៍ប្រពៃណីយ៉ាងដូចម្តេច, ឧទាហរណ៍៖
    • តើការសម្រាលបានកូនប្រុស មានភាពខុសគ្នាពីការសម្រាលបានកូនស្រីដូចម្តេចខ្លះ?
    • រវាងបុរសវ័យក្មេងនិងស្ត្រីវ័យក្មេង តើការរំពឹងទុកអំពីអាពាហ៍ពិពាហ៍របស់ពួកគេ មានភាពខុសគ្នាដូចម្តេចខ្លះ?
    • តើភាពខុសគ្នាទាំងនេះ មានភាពចាំបាច់ឬសារៈសំខាន់ដែរឬទេ? ហេតុអ្វី? តើមានផលប្រយោជន៍អ្វីខ្លះពីការមានព្រឹត្តិការណ៍ប្រពៃណីខុសគ្នាសម្រាប់ក្មេងស្រីនិងក្មេងប្រុស? តើការមានព្រឹត្តិការណ៍ប្រពៃណីស្រដៀងគ្នាសម្រាប់ក្មេងប្រុសនិងក្មេងស្រី អាចផ្តល់ផលប្រយោជន៍អ្វីខ្លះវិញ?
    • នៅពេលអ្នកកំពុងចម្រើនវ័យ (ឬកំពុងចិញ្ចឹមកូន) តើព្រឹត្តិការណ៍ប្រពៃណីខុសគ្នាទាំងនេះធ្វើឲ្យអ្នកមានអារម្មណ៍បែបណា?
  3. បែងចែកអ្នកចូលរួមជាក្រុមតូចៗ រួចប្រាប់ឲ្យក្រុមនីមួយៗជ្រើសរើសយកព្រឹត្តិការណ៍មួយ។ ក្នុងព្រឹត្តិការណ៍នីមួយៗ ប្រាប់ក្រុមឲ្យពិចារណាដើម្បីពន្យល់ថាក្មេងស្រីនិងក្មេងប្រុសត្រូវបានឲ្យតម្លៃស្មើៗគ្នា។
  4. ឲ្យពួកគេចូលរួមក្នុងក្រុមធំតែមួយវិញ ហើយឲ្យពួកគេរៀបរាប់ពីគំនិតរបស់ខ្លួន។
  5. ដើម្បីបញ្ចប់សកម្មភាពនេះ ចូរធ្វើផែនការពីរបៀបនាំយកគំនិតទាំងនេះទៅបណ្តុះក្នុងសហគមន៍របស់ពួកគេ។
    a man speaking while holding a baby.
    យើងបានរៀបចំសម្តែងល្ខោនអំពីភាពសប្បាយរីករាយនៅពេលប្រសូតបានកូនស្រី ដូចគ្នានៅពេលប្រសូតបានកូនប្រុសដែរ ។ យើងបង់ប្រាក់ឲ្យឆ្មបដូចគ្នានឹងកូនប្រុស ធ្វើពិធីសាសនា និងជប់លៀងដូចគ្នា!


ការប្រៀនប្រដៅអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះការផ្តល់តម្លៃដល់ខ្លួនឯង របស់មនុស្សម្នាក់។ ការយកចិត្តទុកដាក់ចំពោះមនុស្សចាស់ បានជួយឲ្យក្មេងស្រីជាច្រើនផ្លាស់ប្តូរការរំពឹងទុករបស់ខ្លួនអំពីថាតើគេជានរណា ហើយអាចមានអ្វីកើតឡើងចំពោះគេ។ ស្រដៀងគ្នានេះដែរ ក្មេងប្រុសអាចទទួលបានប្រយោជន៍ពីការប្រៀនប្រដៅឲ្យយល់ពីអារម្មណ៍និងការទទួលខុសត្រូវរបស់ក្មេងស្រី។ មនុស្សចាស់អាចជាគ្រូម្នាក់ដែលមើលឃើញពីចំណុចខ្លាំងរបស់ក្មេងស្រីម្នាក់ រួចជំរុញឲ្យក្មេងនោះអភិវឌ្ឍនចំណុចខ្លាំងរបស់ខ្លួនឲ្យកាន់តែរឹងមាំ។ អ្នកប្រៀនប្រដៅដទៃទៀតមានដូចជាម្តាយមីង ដែលមើលថែក្មេងៗ ជួយឲ្យពួកគេយល់ដឹងពីសមត្ថភាពរបស់ខ្លួន ព្រមទាំងប្រឹងប្រែងសម្រេចគោលដៅរបស់ខ្លួន។

ក្រុមក្មេងស្រីក្លាយជាអ្នកដឹកនាំ

អង្គការបណ្តាញក្មេងស្រីតូច ត្រូវបានចាប់ផ្តើមឡើងដោយអ្នកគ្រូម្នាក់នៅប្រទេសហ្ស៊ីមបាវេ។ គាត់គឺជាជនរងគ្រោះម្នាក់ពីការរំលោភផ្លូវភេទកាលពីនៅកុមារ។ គាត់ រួមជាមួយសមាជិកស្ថាបនិកដទៃទៀតដែលខ្លះជាជនរងគ្រោះពីការរំលោភកាលពីនៅកុមារផងដែរ និងសព្វថ្ងៃជាសមាជិករបស់អង្គការមួយនេះ, បានបង្កើតវិធីសាស្ត្រព្យាបាលភាពឈឺចាប់ផ្លូវចិត្តនិងគាំទ្រដល់ស្ត្រី ដោយផ្តោតលើការផ្តល់តម្លៃដល់ខ្លួនឯងនិងភាពជាអ្នកដឹកនាំ។ វិធីសាស្ត្រនេះធ្វើឲ្យស្ត្រីវ័យក្មេងមានសមត្ថភាព និងយល់ដឹងពីសិទ្ធិរបស់ខ្លួន ព្រមទាំងអាចធ្វើការតស៊ូមតិដើម្បីសិទ្ធិរបស់ក្មេងស្រីទៀតផង។ ពួកគេមានគោលដៅច្បាស់លាស់សម្រាប់ខ្លួនឯង និងធ្វើផែនការដើម្បីសម្រេចគោលដៅទាំងនោះ។ ពួកគេក៏ចេះពីរបៀបការពារខ្លួននៅពេលមាននរណាម្នាក់បំពានលើពួកគេ ហើយពួកគេអាចផ្តល់ការគាំទ្រដល់ក្មេងស្រីដទៃទៀតដែលអស់សង្ឃឹមក្នុងជីវិតផងដែរ។

សកម្មភាពដ៏សំខាន់មួយនៃអង្គការបណ្តាញក្មេងស្រីតូច គឺឆ្លើយតបចំពោះគ្រប់ករណីនៃការបំពាន ដោយផ្តល់មធ្យោបាយដល់ក្មេងស្រីឲ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់, សហការជាមួយប៉ូលីសនិងអង្គការសេវាសង្គមផ្សេង, និងបង្កើនការយល់ដឹងតាមគ្រួសារនិងសហគមន៍ អំពីសិទ្ធិរបស់ក្មេងស្រី។

a group of young women having a discussion.


គន្លឹះនៃការជួយក្មេងស្រីឲ្យក្លាយជាអ្នកដឹកនាំ ជាជាងជនរងគ្រោះនោះគឺតាមរយៈក្លឹបផ្តល់អំណាចដល់ក្មេងស្រី ដែលជាទូទៅស្ថិតនៅតាមសាលារៀន។ ដោយមានការជួយគាំទ្រពីគ្រូបង្ហាត់ ក្មេងស្រីធ្វើការជាមួយគ្នាក្នុងសកម្មភាពនានាដើម្បីបង្កើនជំនាញនិងភាពជឿជាក់របស់ពួកគេ។ ពួកគេពិភាក្សាពីក្តីសង្ឃឹមនិងសុបិនរបស់ខ្លួន ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនអំពីការបំពាននិងការរឹតត្បិតអំណាច។ ពួកគេសិក្សានិងវែកញែកអំពីទិដ្ឋភាពផ្សេងៗនៃវិសមភាពយេនឌ័រ និងសិទ្ធិមនុស្ស, ហើយរៀនពីអ្វីគ្រប់យ៉ាងរាប់ចាប់ពីសុខភាពបន្តពូជ ដល់ឱកាសការងារ។ ពួកគេរៀបចំគម្រោងជួយខ្លួនឯង, ចូលរួមក្នុងការកៀរគរតាមសហគមន៍ដោយប្រើប្រាស់សិល្បៈ ចម្រៀង ការរាំ និងល្ខោន, ព្រមទាំងរៀនពីការបង្កើតភាពអាម៉ាស់ទៅលើជនចាប់រំលោភ ជាជាងបង្កើតភាពអាម៉ាស់លើខ្លួនឯង។

សកម្មភាព ការសម្រេចក្តីសុបិនរបស់អ្នក

សកម្មភាពនេះអ្នកជួយឲ្យក្រុមក្មេងស្រីជំទង់ ធ្វើការឆ្លុះបញ្ចាំងពីគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ និងពីបំណិនជីវិតដែលពួកគេត្រូវការ។ ការឆ្លុះបញ្ចាំងពីក្តីសុបិននិងគោលដៅផ្ទាល់ខ្លួន ធ្វើឲ្យក្មេងស្រីមានការជំរុញទឹកចិត្ត និងទទួលបានទិសដៅដែលចាំបាច់។ នៅពេលក្រុមគ្រួសារ គ្រូបង្រៀន និងសហគមន៍ លើកទឹកចិត្តដល់ក្មេងស្រីឲ្យកំណត់គោលដៅផ្ទាល់ខ្លួន រួចផ្តល់ការគាំទ្រដែលពួកគេត្រូវការ នោះការផ្លាស់ប្តូរក្លាយជារឿងដែលអាចធ្វើបាន។ ឧទាហរណ៍ ប្រសិនបើក្មេងស្រីម្នាក់ចូលរៀននៅសាលា នោះគាត់មានឱកាសកាន់តែច្រើនក្នុងការទទួលបានការងារធ្វើ ឬបន្តអាជីពកាន់តែខ្ពស់។ គាត់ក៏នឹងអាចធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការការពារសុខភាពរបស់គាត់។

  1. ប្រាប់គ្រប់គ្នាឲ្យចំណាយពេលពីរបីនាទីដើម្បីធ្វើការឆ្លុះបញ្ចាំងពីគោលដៅរបស់ពួកគេ។ អ្នកអាចផ្តល់ក្រដាសនិងប៊ិចឲ្យក្មេងស្រីទាំងនោះសរសេរនូវគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ឬគូររូបភាពបញ្ជាក់។
  2. សរសេរសំណួរមួយចំនួននៅលើផ្ទាំងក្រដាសធំ ឬក្តារខៀន ដើម្បីជួយឲ្យក្មេងស្រីរិះរកគោលដៅរបស់ពួកគេ។ នេះជាសំណួរខ្លះៗដែលអ្នកអាចប្រើប្រាស់ ៖
    • តើអ្នកយល់ដឹងអ្វីខ្លះពីខ្លួនរបស់អ្នកផ្ទាល់? ចូរពិចារណាពីតម្លៃ ជំនាញ ចំណាប់អារម្មណ៍ ការទទួលខុសត្រូវ ចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក។
    • តើគោលដៅរបស់អ្នកក្នុងពេលនេះមានអ្វីខ្លះ? តើគោលដៅជីវិតយូរអង្វែងរបស់អ្នកមានអ្វីខ្លះ? ឧទាហរណ៍៖ ការអប់រំ និងការបណ្តុះបណ្តាល, អាជីព និងការងារ, ការធ្វើដំណើរ, គោលដៅផ្ទាល់ខ្លួននិងគ្រួសារ។
    • តើនរណាខ្លះអាចជួយអ្នកឲ្យសម្រេចគោលដៅរបស់អ្នក? តើអ្នកត្រូវការជំហានអ្វីខ្លះ? តើអាចមានឧបសគ្គអ្វីខ្លះ? តើអ្នកអាចជម្នះឧបសគ្គនិងភាពមិនជឿជាក់លើខ្លួនឯងដូចម្តេចខ្លះ?
  3. បំបែកក្មេងស្រីជាក្រុមតូចៗ ហើយប្រាកដថាគ្រប់គ្នាអាចមើលសំណួរឃើញ។ ប្រាប់ក្រុមទាំងអស់ឲ្យប្រើពេលប្រហែល១០នាទីដើម្បីពិភាក្សាលើសំណួរនីមួយៗ ដោយធានាថាមនុស្សគ្រប់គ្នាក្នុងក្រុមសុទ្ធតែមានឱកាសនិយាយ។
  4. នៅពេលក្រុមបានបញ្ចប់ការពិភាក្សាហើយ ចូរប្រមូលគ្រប់គ្នាមកជុំគ្នា។ សួរក្រុមទាំងអស់ឲ្យចែករំលែកនូវយោបល់របស់ពួកគេ១ឬ២ចំណុចចំពោះសំណួរនីមួយ។ បន្ទាប់មកលើកទឹកចិត្តក្មេងស្រីគ្រប់គ្នាឲ្យកំណត់ពីគោលដៅមួយរបស់ខ្លួន ព្រមទាំងជំនាញមួយចំនួនដែលចាំបាច់ដើម្បីសម្រេចគោលដៅនោះ។


2 girls talking together.
ខ្ញុំចូលចិត្តវិទ្យាសាស្ត្រ។ ខ្ញុំចង់រៀនពីធារាសាស្ត្រ ឬភូគព្ភសាស្ដ្រដែលជាវិទ្យាសាស្ត្រអំពីទឹកនិងផែនដី, ដូច្នេះខ្ញុំអាចជួយសំចៃធនធានរបស់យើង។
ខ្ញុំមិនចូលចិត្តរៀនទេ ប៉ុន្តែខ្ញុំមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ។ ខ្ញុំចង់ចូលរួមក្នុងមុខជំនួញសហករដែលផលិតនិងលក់សម្លៀកបំពាក់។

យេនឌ័រនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ

កម្មវិធីទូរទស្សន៍ កុន វីដេអូចម្រៀង និងការផ្សាយផលិតផល សុទ្ធតែប្រើប្រាស់តួនាទីយេនឌ័រនៅក្នុងសាច់រឿងរបស់ពួកគេ។ នៅពេលយើងពិចារណាពីសារលាក់កំបាំង (ឬមិនសូវកំបាំង) នៅក្នុងការផ្សាយផលិតផល, យើងអាចមើលឃើញពីការផ្សព្វផ្សាយពីយេនឌ័រ ដែលក្នុងនោះមានយេនឌ័រជាច្រើនផ្តល់ផលមិនល្អដល់សម្រាប់បុរសឬស្ត្រី។

សកម្មភាព ពិភពនៃការផ្សព្វផ្សាយផលិតផល ៖ ស្ត្រីសិចស៊ី និងបុរសរឹងមាំ

សកម្មភាពនេះក៏ធ្វើឲ្យពួកគេមានភាពសប្បាយរីករាយ និងមានគំនិតសិល្បៈផងដែរ។ ដើម្បីរៀបចំ អ្នកត្រូវការកាសែតឬទស្សនាវដ្តីមួយចំនួនដែលមានរូបភាពស្ត្រីនិងបុរស។ ទាំងនោះមានដូចជាទស្សនាវដ្តីសម្លៀកបំពាក់ ទស្សនាវដ្តីបុរស ឬទស្សនាវដ្តីផ្សេងៗទៀតដែលមានទំព័រផ្សាយពាណិជ្ជកម្ម។ អ្នកក៏ត្រូវការកន្ត្រៃ កាវឬស្កុត និងខ្មៅដៃឬហ្វឺត។

  1. ផ្តល់ពេលឲ្យពួកគេរកមើលរូបភាពនៅក្នុងទស្សនាវដ្តី។ ប្រាប់ពួកគេឲ្យចាប់អារម្មណ៍នឹងពាណិជ្ជកម្មដែលមានរូបស្ត្រីនៅក្នុងនោះ។ ផ្តល់ឱកាសឲ្យពួកគេចែករំលែប្រតិកម្មរបស់ខ្លួន។
  2. ពិភាក្សាអំពីសារដែលពាណិជ្ជកម្មនោះប្រើប្រាស់ដើម្បីលក់ផលិតផល។ ស្រង់គំនិតទាំងឡាយដែលពួកគេមាន។ ដើម្បីជួយពួកគេឲ្យពិចារណាពីសារនៅក្នុងការផ្សាយពាណិជ្ជកម្ម ចូរសួរថាតើពាណិជ្ជកម្មនោះចង់ឲ្យយើងគិតដូចម្តេចចំពោះស្ត្រីឬបុរស។ តើឥរិយាបថណាមួយរបស់បុរសឬស្ត្រី ដែលពាណិជ្ជកម្មនោះលើកយកមកបង្ហាញ? តើពាណិជ្ជកម្មអាចធ្វើឲ្យស្ត្រីឬបុរសមានអារម្មណ៍មិនល្អចំពោះខ្លួនឯងដូចម្តេចខ្លះ?

    អ្នកក៏អាចពិភាក្សាអំពីសារផ្សេងៗទៀតដែលមានឥទ្ធិពលលើតម្លៃឬឋានៈរបស់មនុស្សផងដែរ។ ឧទាហរណ៍ តើពាណិជកម្មបានប្រាប់យើងអ្វីខ្លះអំពីអ្នកក្រ អំពីអ្នកមាន និងអំពីក្រុមដែលមានស្ថានភាពសង្គមផ្សេងគ្នា?

    សួរអ្នកចូលរួមថាតើពួកគេយល់ថាមានពាណិជ្ជកម្មណាមួយដែលកុហកបោកប្រាស់ដែរឬទេ។ តើជាពាណិជ្ជកម្មណាខ្លះ?

    ចុងក្រោយ ប្រាប់អ្នកចូលរួមឲ្យគិតអំពីពាណិជ្ជកម្មដែលមានឥទ្ធិពលលើបញ្ហាសុខភាព។ តើពាណិជ្ជកម្មទាំងនោះព្យាយាមបញ្ចុះបញ្ចូលឲ្យមនុស្សទិញផលិតផលដែលប៉ះពាល់ដល់សុខភាពឬទេ?
    a girl thinking while she looks at a large advertising poster.
    ហេតុអ្វីបានជានារីក្នុងពាណិជ្ជកម្មទាំងអស់សុទ្ធតែមានស្បែកស និងសក់រលោង? នៅក្នុងសហគមន៍ខ្ញុំ គ្មាននរណាម្នាក់ដូចនាងសោះ។

    ប្រសិនបើគោលដៅរបស់អ្នកគឺដើម្បីជួយស្ត្រីឬមនុស្សវ័យក្មេងឲ្យយល់ពីសារនៃពាណិជ្ជកម្ម(អំពីចំណូលចិត្តផ្លូវភេទ សម្ផស្ស ឬស្ត្រីដែលសក្តិសម) អាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ នោះអ្នកអាចផ្តោតទៅលើរូបភាពនៃដងខ្លួន រួចពិភាក្សាមើលថាតើពាណិជ្ជកម្មបានណែនាំអ្វីខ្លះអំពីសុខភាព ឬ “ដងខ្លួនដែលសក្តិសម” ដោយមើលទៅលើទម្ងន់ កម្ពស់ អាយុ ពណ៌ស្បែក និងចំណុចដទៃទៀត។

  3. ឥឡូវនេះដល់ពេលដែលត្រូវច្នៃប្រឌិតថ្មី។ ក្រុមនីមួយៗអាចមានរបៀបច្រើនយ៉ាងក្នុងការច្នៃប្រឌិតលើពាណិជ្ជកម្មទាំងនេះ។ ឧទាហរណ៍ ប្រែក្លាយពាណិជ្ជកម្ម តាមរយៈការរំលេចឲ្យឃើញច្បាស់នូវ “សារលាក់កំបាំង” នៅក្នុងនោះ។ ឬថតចម្លងផ្ទាំងពាណិជ្ជកម្មណាមួយដែលបង្ហាញសារអវិជ្ជមានយ៉ាងច្បាស់ រួចធ្វើការចម្អកដល់ផ្ទាំងពាណិជ្ជកម្មនោះ។ របៀបនេះហៅថា “ការកែច្នៃរូបផ្សព្វផ្សាយ” ។ អ្នកក៏អាចរៀបចំការប្រកួតប្រជែងមួយដែលជំរុញឲ្យពួកគេបង្កើតរូបផ្សព្វផ្សាយ ឬពាណិជ្ជកម្មដែលមានលក្ខណៈវិជ្ជមាន ដែលបង្ហាញពីចំណុចខ្លាំងរបស់ស្ត្រី ឬបង្ហាញពីរបៀបថ្មីៗដែលបុរសនិងស្ត្រីគួរប្រកាន់ឥរិយាបថតាម។


ការកែច្នៃរូបផ្សព្វផ្សាយផលិតផល គឺប្រើប្រាស់សិល្បៈ ឬអត្ថបទដើម្បីកែប្រែអត្ថន័យរបស់រូបផ្សព្វផ្សាយផលិតផលនោះ។ វាអាចជាការបង្ហាញការពិតដ៏ខ្មៅកខ្វក់របស់ផលិតផលនោះ ឬជាការជំនួសមកវិញនូវសារថ្មីមួយ។ សារដែលគេផ្សាយនៅក្នុងពាណិជ្ជកម្ម ច្រើនតែបង្ហាញពីគំនិតមិនត្រឹមត្រូវ ឬគ្រោះថ្នាក់ ហើយយើងពិបាកនឹងកែប្រែសារនោះណាស់។ វិធីដ៏មានប្រជាប្រិយមួយក្នុងការប្រឆាំងនឹងរូបភាពដ៏គ្រោះថ្នាក់ទាំងនោះ គឺការកែច្នៃវា។ ធ្វើបែបនេះអាចទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីប្រជាជន ហើយធ្វើឲ្យពួកគេពិចារណាឡើងវិញ។

an ad shows a man drinking beer next to a sports car and a beautiful woman; a thought bubble taped to the ad shows what the woman is thinking.

ការកែប្រែរូបពាណិជ្ជកម្ម អាចជាការចម្អកដល់ផលិតផលនោះ ឬធ្វើការកែប្រែនូវអ្វីដែលអ្នកមើលបានទទួលពីរូបពាណិជ្ជកម្ម ឲ្យទៅជាអ្វីផ្សេងដែលផ្ទុយពីបំណងរបស់ពាណិជ្ជកម្ម។ វិធីដ៏សាមញ្ញមួយគឺគ្រាន់តែកាត់ក្រដាស សរសេរអក្សរបន្ថែម រួចបិតពីលើផ្ទាំងផ្សាយពាណិជ្ជកម្មនោះ ហើយថតរូបផូសឬចែករំលែក(share) តាមអ៊ីនធឺនែត។




ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤