Hesperian Health Guides
យេនឌ័រ អំណាច និងសុខភាព
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៣ ៖ យេនឌ័រ និងសុខភាព > យេនឌ័រ អំណាច និងសុខភាព
មនុស្សស្ទើរតែគ្រប់ៗគ្នាសុទ្ធតែមានអំណាចខ្លះ។ បញ្ហាគឺថាតើអំណាចនោះត្រូវបានបែងចែកនិងប្រើប្រាស់យ៉ាងដូចម្តេច។ ការពិភាក្សាអំពីប្រភេទផ្សេងៗនៃអំណាច អាចជួយឲ្យមនុស្សស្វែងយល់ថាតើគេអាចប្រើប្រាស់អំណាចក្នុងវិធីល្អឬវិធីគ្រោះថ្នាក់ដូចម្តេចខ្លះ។
“អំណាចលើអ្វីមួយ” គឺជាប្រភេទអំណាចដែលមានគ្រោះថ្នាក់បំផុត។ ជាទូទៅអំណាចប្រភេទនេះមានដូចជាការគំរាមកំហែង ការចាត់ចែងព្រឹត្តិការណ៍អ្វីមួយ ការប្រើហិង្សាឬទណ្ឌកម្មដើម្បីបង្ខំមនុស្សម្នាក់ឬមួយក្រុមឲ្យធ្វើអ្វីមួយដែលពួកគេមិនពេញចិត្ត។
ជាញឹកញាប់ ជនមានអំណាចខ្លាំងប្រើបទបញ្ញត្តិ ទំនៀមទម្លាប់ និងច្បាប់ផ្សេងៗដើម្បីរក្សាអំណាចរបស់ខ្លួន និងដើម្បីគ្រប់គ្រងមនុស្សដទៃ ព្រមទាំងសកម្មភាពរបស់ពួកគេ។ អ្នកមានអំណាចតិច ដូចជាស្ត្រីជាដើម ជាធម្មតាត្រូវបានផ្តាច់ចេញពីការប្រើប្រាស់បទបញ្ញត្តិ ទំនៀមទម្លាប់ និងច្បាប់ដែលគ្រប់គ្រងជីវិតរបស់ពួកគេ រួមទាំងការទទួលបានសេវាថែទាំសុខភាពជាដើម។ ការប្រើអំណាចតាមរបៀបនេះ ជួនកាលហៅថា ការគាបសង្កត់។
ដែលធ្វើឲ្យជនមានអំណាចតិច ទទួលយកថា វិសមភាពគឺជារឿង “ធម្មតា។ នៅពេលដែលរឿងបែបនេះកើតឡើង ពួកគេប្រហែលជាមិនជឿឡើយថាខ្លួននៅមានជម្រើស ឬមានឱកាសធ្វើការផ្លាស់ប្តូរនោះឡើយ ហើយអាចនឹងបញ្ជូនទស្សនៈនេះបន្តទៅឲ្យអ្នកដទៃទៀតផង។
“អំណាចពីខាងក្នុង” គឺជាលទ្ធភាពសម្តែងចេញនូវអារម្មណ៍និងគំនិតរបស់ខ្លួន។ អំណាចប្រភេទនេះ អនុញ្ញាតឲ្យមនុស្សធ្វើការស្រមើស្រមៃអំពីគោលដៅមួយ និងជឿជាក់ថាពួកគេអាចដើរទៅដល់គោលដៅនោះ។ ក្មេងស្រីនិងស្ត្រីនៅទូទាំងពិភពលោកបានបង្ហាញឲ្យឃើញនូវអំណាចប្រភេទនេះ នៅពេលពួកគេជម្នះបន្តការសិក្សា បើទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ, រក្សាក្រុមគ្រួសារឲ្យគង់វង្សក្នុងស្ថានភាពលំបាក, និងរិះរកវិធីការពារសុខភាពរបស់ខ្លួន របស់គ្រួសារ និងសហគមន៍។ |
“អំណាចរួម” គឺអាចទទួលបានតាមរយៈការសាមគ្គីជាមួយអ្នកដទៃទៀតនៅក្នុងសហគមន៍ តាមរយៈការរួបរួមគ្នា និងការសហការគ្នា។ អំណាចរួម ធ្វើឲ្យលទ្ធភាពរបស់មនុស្សកាន់តែរឹងមាំ ហើយអាចធ្វើការងារដើម្បីការផ្លាស់ប្តូរផ្សេងៗដែលនាំមកនូវកិត្តិយស ភាពយុត្តិធម៌ និងសុខភាពសម្រាប់មនុស្សគ្រប់រូបក្នុងសហគមន៍ទាំងមូល។ ដើម្បីស្វែងយល់បន្ថែមអំពីប្រភេទផ្សេងៗនៃអំណាច សូមមើលសកម្មភាព “អំណាចខ្លាំង និង អំណាចតិច”)។ |
មាតិកា
ស្វែងយល់ពីទំនាក់ទំនងរវាង ៖ តួនាទីយេនឌ័រ អំណាច និងសុខភាព
សកម្មភាពនៅ៤ទំព័របន្ទាប់ទៀតនេះ អាចជួយឲ្យក្រុមធ្វើការស្វែងយល់ពីការរំពឹងទុកក្នុងយេនឌ័រ វិសមភាពអំណាច និងថាតើបញ្ហាទាំង២នេះប៉ះពាល់ដល់សុខភាពរបស់ស្ត្រីដូចម្តេចខ្លះ។ សកម្មភាពទាំងនេះអាចត្រូវបានអនុវត្តជាមួយគ្នា ឬដាច់ដោយឡែកពីគ្នា ដើម្បីស្វែងយល់ពីទំនាក់ទំនងរវាងតួនាទីយេនឌ័រ អំណាច និងសុខភាព។ អ្នកក៏អាចកែច្នៃសកម្មភាពទាំងនេះដើម្បីពិនិត្យមើលទៅលើបញ្ហាជាក់លាក់ណាមួយពាក់ព័ន្ធនឹងសុខភាពរបស់ស្ត្រី ដូចជាការសម្រាលកូនដោយសុវត្ថិភាព បន្ទាប់មកពិភាក្សាថាតើតួនាទីយេនឌ័រ និងអំណាច ប៉ះពាល់ដល់បញ្ហានេះដូចម្តេចខ្លះ។
សកម្មភាព
តុល្យភាពនៃបន្ទុក
សកម្មភាពនេះអាចជួយឲ្យក្រុមស្វែងយល់ថាតើភាពខុសគ្នារវាងអំណាច និងការរំពឹងទុកពីបុរសនិងស្ត្រី ធ្វើឲ្យមានវិសមភាពនៃបន្ទុកដែលប៉ះពាល់ដល់សុខភាពរបស់ស្ត្រីដូចម្តេចខ្លះ។ អ្នកអាចអនុវត្តសកម្មភាពនេះជាមួយក្រុមដែលមានតែស្ត្រីនិងក្មេងស្រី ឬរួមជាមួយក្រុមបុរសដែលផ្តល់ការគាំទ្រ។
ដើម្បីរៀបចំ ៖ ចងកំប៉ុង២ឲ្យស្មើគ្នានៅលើកំណាត់ឈើមួយ។ កំប៉ុងមួយជាបន្ទុករបស់ស្ត្រី ហើយមួយទៀតរបស់បុរស។ ត្រៀមសណ្តែកឬដុំគ្រួសសម្រាប់ដាក់ក្នុងកំប៉ុង។ ម្យ៉ាងទៀត ត្រៀមក្រដាសមួយចំនួនផងដែរ។
- និទានរឿងរបស់វណ្ណា អំពីការមានផ្ទៃពោះគ្មានសុវត្ថិភាព ឬសាច់រឿងរបស់អ៊ីម៉ា អំពីការរួមភេទ និងកូនក្រមុំដែលមិនសប្បាយចិត្ត ដើម្បីជួយឲ្យក្រុមគិតថាតើវិសមភាពយេនឌ័រប៉ះពាល់ដល់សុខភាពរបស់ស្ត្រីយ៉ាងដូចម្តេច។
- ប្រាប់ក្រុមឲ្យពិចារណានូវសាច់រឿងនេះ ព្រមទាំងពីជីវិតនិងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រាប់ពួកគេឲ្យពិចារណាពីឧទាហរណ៍ដែលការរំពឹងទុកក្នុងយេនឌ័រ អាចរារាំងស្ត្រីឬបុរសមិនឲ្យប្រព្រឹត្តិឥរិយាបទដែលការពារសុខភាពរបស់ស្ត្រីបាន។ ការរារាំងទាំងនេះ អាចត្រូវបានចាត់ទុកថាជាបន្ទុកដែលកំណត់ដោយការរំពឹងទុកក្នុងយេនឌ័រ។
- ប្រាប់ពួកគេឲ្យផ្តល់ឧទាហរណ៍អំពី “បន្ទុក”, ពោលគឺ តួនាទីយេនឌ័រ ឬការរំពឹងទុកផ្សេងៗក្នុងយេនឌ័រ ដែលប៉ះពាល់ដល់សុខភាពរបស់ស្ត្រី។ នៅពេលមនុស្សម្នាក់រៀបរាប់ពីបន្ទុកមួយ ចូរប្រាប់គាត់ឲ្យយកសណ្តែកមួយគ្រាប់ទៅដាក់ក្នុងកំប៉ុងរបស់ស្ត្រី ឬរបស់បុរសទៅតាមឧទាហរណ៍។ ចំពោះឧទាហរណ៍ដែលប៉ះពាល់ខ្លាំងដល់សុខភាពរបស់ស្ត្រី ចូរបន្ថែមគ្រាប់សណ្តែកថែមទៀត។ ប្រសិនបើបន្ទុកនោះរឹតតែមានគ្រោះថ្នាក់ចំពោះក្មេងស្រី ជនចំណាកស្រុក ឬក្រុមជនជាតិភាគតិច ចូរបន្ថែមគ្រាប់សណ្តែកផងដែរ។ សរសេរបន្ទុកនោះនៅលើក្រដាស រួចបិតលើជញ្ជាំង ដោយបែងចែកម្ខាងសម្រាប់បុរស និងម្ខាងសម្រាប់ស្ត្រី។ គួរកត់សម្គាល់ថា បន្ទុករបស់ស្ត្រីភាគច្រើនគឺបណ្តាលមកពីមិនមានអំណាច ឬមិនអាចប្រើប្រាស់ប្រាក់និងធនធាន។
- ប្រាប់ក្រុមឲ្យក្រឡេកទៅមើលអម្រែក ហើយសួរថាតើកំប៉ុងមួយណាមានបន្ទុកច្រើនជាង។ ពន្យល់ថា តាមរយៈការពិភាក្សាពីវិសមភាពទាំងនេះ គឺយើងមិនមែនព្យាយាមបន្ទោសទៅលើបុរសទេ ប៉ុន្តែយើងចង់ស្វែងយល់ឲ្យស៊ីជម្រៅពីរបៀបដែលការរំពឹងទុកក្នុងយេនឌ័រ អាចប៉ះពាល់ដល់សុខភាពទាំងបុរសនិងស្ត្រី។ នៅពេលមិនមានបន្ទុកនៃយេនឌ័រមកលើមនុស្សទេ នោះគ្រប់គ្នានឹងមានជីវិតនិងសុខភាពល្អប្រសើរ។ អ្នកអាចបញ្ចប់សកម្មភាពនេះដោយធ្វើការឆ្លុះបញ្ចាំងមួយអំពីរបៀបធ្វើឲ្យបន្ទុករវាងបុរសនិងស្ត្រីកាន់តែមានតុល្យភាពនឹងគ្នា។ ល្បែងកម្សាន្តដូមីណូ នៅទំព័របន្ទាប់ គឺជាមធ្យោបាយមួយដ៏ល្អដើម្បីបន្តស្វែងយល់អំពីទំនាក់ទំនងរវាងតួនាទីយេនឌ័រ ឋានៈស្ត្រី និងសុខភាពស្ត្រី។
ល្បែងកម្សាន្តដូមីណូ ដើម្បីស្វែងយល់ពីវិសមភាពយេនឌ័រ និងសុខភាពរបស់ស្ត្រី
សកម្មភាព “តុល្យភាពនៃបន្ទុក” ជួយក្រុមឲ្យពិនិត្យមើលនូវមូលហេតុដែលធ្វើឲ្យស្ត្រីមិនទទួលបានអំណាចនិងការថែទាំសុខភាព យ៉ាងស្មើភាពដូចបុរស ដូចជាទទួលបានការរៀនសូត្រតិច និងធ្វើការងារផ្ទះច្រើនជាដើម។ នៅក្នុងសកម្មភាពបន្ទាប់ អ្នកអាចមើលឃើញពីផលប៉ះពាល់នៃបន្ទុកទាំងនេះ មកលើសុខភាពរបស់ស្ត្រី។ សកម្មភាពនេះដំណើរការដូចគ្នានឹងការលេងល្បែងដូមីណូដែរ ខុសគ្នាត្រង់ថានៅលើដូមីណូនេះ មិនមានចំនួនគ្រាប់តូចៗសម្រាប់រាប់ទេ ប៉ុន្តែវាមានផ្នែក “មូលហេតុ” ឬផ្នែក “ផលប៉ះពាល់” ដែលពាក់ព័ន្ធនឹងសុខភាពស្ត្រីជំនួសវិញ។ “មូលហេតុ” ទាំងនោះបណ្តាលមកពីឋានៈទាបរបស់ស្ត្រី ឬការរំពឹងទុកក្នុងយេនឌ័រ។ “ផលប៉ះពាល់” គឺជាស្ថានភាពដែលនាំឲ្យមានបញ្ហាសុខភាព។ ការងាររបស់ប្រធានក្រុមគឺត្រូវធ្វើឲ្យសកម្មភាពនេះមានភាពរស់រវើកនិងរីករាយដូចការលេងល្បែងដូមីណូដែរ ខណៈដែលព្យាយាមឲ្យពួកគេពិភាក្សាយ៉ាងមាំទាំអំពីរបៀបដែលឋានៈទាបរបស់ស្ត្រី អាចបង្កបញ្ហាធ្ងន់ធ្ងរដល់សុខភាព ឬថែមទាំងស្លាប់ទៀតផង។ គោលបំណងគឺធ្វើឲ្យមានការពិភាក្សា មិនមែនការធ្វើតេស្តទេ។
សកម្មភាព
ល្បែងកម្សាន្តដូមីណូ
ដើម្បីធ្វើដូមីណូ ៖
កាត់ក្រដាសរាងជាចតុកោណដោយប្រើក្រដាសពណ៌ឬក្រដាសឡាំងចំនួន ១៥ ទៅ២០សន្លឹក (ទំហំ ២១x៣៥ស.ម)។ សន្លឹកក្រដាសនេះជាដូមីណូរបស់អ្នក។
នៅចុងម្ខាងនៃដូមីណូនីមួយៗ មាន “មូលហេតុ” មួយ។ ប្រសិនបើអ្នកបានអនុវត្តសកម្មភាព “តុល្យភាពនៃបន្ទុក”រួចហើយ នោះអ្នកប្រហែលជាបានធ្វើសន្លឹកក្រដាសអំពី “មូលហេតុ” រួចហើយ។ ចូរយកវាមកបិតពីលើចុងម្ខាងនៃសន្លឹកដូមីណូទាំងនេះ។ បើមិនមានសន្លឹកមូលហេតុគ្រប់គ្រាន់ទេ អ្នកអាចចម្លងវាថែមទៀតដើម្បីបិតឲ្យគ្រប់ទៅលើដូមីណូទាំងអស់។
ចុងម្ខាងទៀតនៃដូមីណូនីមួយៗគួរសរសេរនូវ “បញ្ហាសុខភាព” ឬផលប៉ះពាល់ទៅលើស្ត្រី ដែលអ្នកអាចសរសេរទុកជាមុន ឬធ្វើក្នុងជំហានទី១នៃសកម្មភាព។ ប្រើហ្វឺតឬក្រដាសពណ៌ផ្សេង ពេលសរសេរពីបញ្ហាសុខភាពនៅចុងម្ខាងទៀតនៃដូមីណូ។
អ្នកអាចចម្លងមូលហេតុ និងផលប៉ះពាល់ឡើងវិញបាន។ ចូរចាំថា អ្នកមិនចាំបាច់ឲ្យផលប៉ះពាល់ ត្រូវគ្នាជាមួយនឹងមូលហេតុនៅគ្រប់ដូមីណូនីមួយៗទេ។ ចូរច្របល់មូលហេតុនិងផលប៉ះពាល់ទាំងនោះចូលគ្នា!
- ធ្វើការណែនាំអំពីសកម្មភាព ៖ ប្រាប់ក្រុមឲ្យគិតយ៉ាងឆាប់រហ័សអំពីបញ្ហាសុខភាពដែលស្ត្រីប្រឈម។ ក្នុងពេលដែលពួកគេរៀបរាប់ពីបញ្ហាសុខភាពផ្សេងៗដែលប៉ះពាល់ដល់ស្ត្រី ចូរសរសេរវាលើក្រដាសដែលអាចយកទៅបិតពីលើដូមីណូបាន។ បិតបញ្ហាសុខភាពទាំងនោះនៅលើដូមីណូ ដើម្បីត្រៀមលក្ខណៈលេងល្បែងកម្សាន្ត។
- បែងចែកពួកគេជាក្រុមៗដែលមានគ្នា ៤ឬ៥នាក់។ ចែកសន្លឹកដូមីណូដល់ក្រុមនីមួយៗចំនួនស្មើៗគ្នា។ ដកមួយសន្លឹកចេញដើម្បីចាប់ផ្តើម រួចដាក់វាទៅលើកម្រាល ឬបិតនៅលើជញ្ជាំង។
- ក្រុមនីមួយៗប្តូរវេនគ្នាដើរ។ បន្ទាប់ពីក្រុមទី១ដើររួច ក្រុមបន្ទាប់ត្រូវមើលលើដូមីណូរបស់ខ្លួនថាតើមាន “មូលហេតុ” ឬ “បញ្ហាសុខភាព” ដែលពាក់ព័ន្ធនឹងដូមីណូដែលកំពុងដាក់នៅលើដីនោះឬទេ។ ចូរចាំថាបញ្ហាសុខភាពមួយ អាចមានមូលហេតុច្រើន ហើយបញ្ហាសុខភាពខ្លះអាចពាក់ព័ន្ធនឹងបញ្ហាសុខភាពដទៃទៀត។
ចូរយើងពិចារណាលើចំណុចនេះ! “កង្វះអំណាចដើម្បីធ្វើការសម្រេចចិត្ត” គឺជាមូលហេតុមួយដែលត្រូវគ្នានឹងផលប៉ះពាល់អស់ទាំងនេះ។
ក្រុមទី១ដាក់សន្លឹកដូមីណូដែលបានជ្រើសរើស។ ពួកគេត្រូវពន្យល់ពីទំនាក់ទំនងដែលខ្លួនយល់ឃើញ។ បើគ្រប់គ្នាយល់ស្រប គាត់អាចដាក់ដូមីណូនៅទីនោះបាន។ បើមានខ្លះមិនយល់ស្រប ចូរឲ្យពួកគេជជែកគ្នា, ហើយបើនៅតែខ្វែងគំនិតគ្នាទៀត ក្រុមនោះត្រូវបាត់បង់វេនរបស់ខ្លួន។
ប្រសិនបើក្រុមមួយមិនមានដូមីណូដែលពាក់ព័ន្ធជាមួយមូលហេតុនិងផលប៉ះពាល់ណាមួយទេ នោះពួកគេបាត់បង់វេនរបស់ខ្លួនដែរ។
ក្រុមដែលបានប្រើសន្លឹកដូមីណូអស់មុនគេ គឺជាអ្នកឈ្នះ។
- ដើម្បីបញ្ចប់សកម្មភាពនេះ ចូរប្រាប់ក្រុមឲ្យពិភាក្សាថាតើតួនាទីយេនឌ័រនិងកង្វះអំណាចរបស់ស្ត្រី ជាប់ពាក់ព័ន្ធដូចម្តេចខ្លះជាមួយនឹងបញ្ហាសុខភាពដែលស្ត្រីប្រឈម