Hesperian Health Guides
យេនឌ័រមិនមែនជាបញ្ហាជីវសាស្ត្រនោះទេ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៣ ៖ យេនឌ័រ និងសុខភាព > យេនឌ័រមិនមែនជាបញ្ហាជីវសាស្ត្រនោះទេ
ដើម្បីស្វែងយល់អំពីទំនាក់ទំនងរវាងយេនឌ័រនិងសុខភាព យើងត្រូវយល់ថាតើផ្នែកណាខ្លះរបស់បុរស/ស្ត្រី គឺជាជីវសាស្ត្រ ហើយតើផ្នែកណាខ្លះដែលកំណត់ដោយមនុស្ស។ ការដឹងពីភាពខុសគ្នានេះ អាចជួយឲ្យយើងសម្រេចថាតើយើងអាចផ្លាស់ប្តូរអ្វីខ្លះ និងថាតើយើងគួរផ្តោតការប្រឹងប្រែងទៅលើចំណុចណាខ្លះ ដើម្បីកែប្រែវិសមភាពរវាងបុរសនិងស្ត្រីនៅក្នុងសហគមន៍របស់យើង។
មាតិកា
សកម្មភាព
តួនាទីភេទ និងតួនាទីយេនឌ័រ ៖ តើខុសគ្នាត្រង់ណា?
- បិតរូបភាពបុរសនិងស្ត្រីនៅលើផ្ទាំងក្រដាស២ ផ្សេងគ្នា។ ប្រាប់អ្នកចូលរួមឲ្យរកនឹកពាក្យមួយចំនួន ប្រសិនបើគាត់ឮពាក្យថា “បុរស” និង “ស្ត្រី” រួចសរសេរពាក្យទាំងនោះលើផ្ទាំងក្រដាស។ ប្រាប់ពួកគេឲ្យគិតអំពីរាងកាយ ចរិត សមត្ថភាព តួនាទីក្នុងគ្រួសារនិងសហគមន៍ ព្រមទាំងអំពីអារម្មណ៍និងឥរិយាបថដែលបុរសឬស្ត្រីគួរប្រកាន់យក។ បន្ទាប់មក អានពាក្យទាំងនោះឲ្យឮៗឲ្យក្រុមទាំងមូលស្តាប់។
- ប្តូររូបស្ត្រី យកទៅបិតលើផ្ទាំងក្រដាសរបស់បុរស ហើយរូបបុរសមកបិតលើផ្ទាំងក្រដាសស្ត្រីវិញ។ សួរក្រុមថាតើពាក្យណាខ្លះនៅក្នុងបញ្ជីពាក្យរបស់បុរស ដែលមិនអាចរៀបរាប់លក្ខណៈរបស់ស្ត្រីបានជាដាច់ខាត ដូចជាពាក្យ “ឪពុក” ឬ “ពងស្វាស” ជាដើម។ គូសពាក្យទាំងនោះចោល។ ពន្យល់ថា រាល់ពាក្យដែលបានគូសចោល គឺសម្គាល់ថាជា “បុរសភេទ។ រីឯពាក្យដែលនៅសល់គឺជា “តួនាទីយេនឌ័រ” ដែលសង្គមរំពឹងថាបុរសគួរតែប្រកាន់ខ្ជាប់។
- ធ្វើដូចគ្នាចំពោះបញ្ជីពាក្យរបស់ស្ត្រី។ គូសចោលលើពាក្យណាដែលមិនអាចរៀបរាប់លក្ខណៈរបស់បុរសបានជាដាច់ខាត ដូចជា “ការមករដូវ” និង “សម្រាលកូន។ ពាក្យដែលបានគូសចោល ពាក់ព័ន្ធនឹងរាងកាយរបស់ស្ត្រី ដូច្នេះវាសម្គាល់ថាជា “ស្ត្រីភេទ។ ពាក្យដែលនៅសល់គឺជា “តួនាទីយេនឌ័រ” របស់ស្ត្រី។
- ពិភាក្សាពីភាពខុសគ្នារវាង “ភេទ” (ស្រី ឬប្រុស) និងតួនាទីយេនឌ័រ (ជាអ្វីដែលសង្គមគិតថាស្ត្រីនិងបុរសគួរមានរូបរាង អារម្មណ៍ គំនិត និងឥរិយាបថបែបណា)។ នេះជាសំណួរខ្លះៗ ៖
- ចូររៀបរាប់ពីភាពខុសគ្នារវាង ភេទ និង យេនឌ័រ។
- តើអ្នកយល់ស្របចំពោះគំនិតទាំងអស់ដែលបានរៀបរាប់ពីស្ត្រី និងគំនិតទាំងអស់ដែលបានរៀបរាប់ពីបុរសដែរឬទេ? តើមានគំនិតណាខ្លះដែលអ្នកមិនយល់ស្របតាម? ហេតុអ្វី?
- តើតួនាទីយេនឌ័រណាខ្លះដែលសង្គមច្រើនតែប្រើរួមគ្នារវាងបុរសនិងស្ត្រី?
- តើក្មេងប្រុសនិងក្មេងស្រី ស្វែងយល់ពីតួនាទីយេនឌ័ររបស់ខ្លួនយ៉ាងដូចម្តេច?
- សួរក្រុមថា តើមានអ្វីខ្លះទៀតដែលអាចមានឥទ្ធិពលលើតួនាទីរបស់យេនឌ័រ ដូចជាអាយុ ការអប់រំ ពណ៌សម្បុរ ទ្រព្យសម្បត្តិ ឬអ្នកនោះស្ថិតក្នុងវណ្ណៈ ឬកុលសម្ព័ន្ធណាមួយ។ តើការរំពឹងទុករបស់យេនឌ័រ មានភាពខុសគ្នាបែបណាចំពោះបុរសនិងស្ត្រីដែលមានឋានៈខ្ពស់ឬទាប? តើអ្នកណាមានអំណាចច្រើនជាងក្នុងការសម្រេចចិត្តដោយខ្លួនឯងនិងឲ្យអ្នកដទៃ? តើអ្នកណាមានសេរីភាពច្រើនជាងក្នុងការនិយាយស្តីនូវអ្វីដែលគេយល់ឃើញ, និងអាចធ្វើអ្វីមួយដែលខ្លួនយល់ថាល្អ?
- ចុងក្រោយ ចូរពិភាក្សាថាតើភាពខុសគ្នានៃការរំពឹងទុករបស់យេនឌ័រ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់បុរសនិងស្ត្រីយ៉ាងដូចម្តេច។ តើតួនាទីនិងការរំពឹងទុកអ្វីខ្លះ ដែលធ្វើឲ្យបុរសឬស្ត្រីមានសុខភាពល្អ? តើការរំពឹងទុកអ្វីខ្លះដែលអាចបណ្តាលឲ្យស្ត្រីឬបុរសមានបញ្ហាសុខភាពកាន់តែច្រើន?
ការពិចារណាលើភាពជាបុរស និងភាពជាស្ត្រី
តួនាទីយេនឌ័រ បង្កើតឲ្យមានការរំពឹងទុកផ្សេងៗនូវអ្វីដែលគេហៅថា “បុរសពេញលក្ខណៈ” និង “ស្ត្រីពេញលក្ខណៈ។ នៅពេលដែលការរំពឹងទុករបស់យេនឌ័រ មានរួមបញ្ចូលនូវការគោរពនិងការសរសើរចំពោះតួនាទីរបស់ភេទផ្សេងៗគ្នា នោះស្ត្រីនិងបុរសអាចមានដំណើរជីវិតមួយដែលប្រកបទៅដោយភាពពេញចិត្ត ការរួមគ្នា និងសមិទ្ធិផលផ្សេង។ ប៉ុន្តែជារឿយៗ តួនាទីរបស់ស្ត្រី មានឋានៈទាបជាងយ៉ាងខ្លាំងធៀបនឹងតួនាទីរបស់បុរស។ ឋានៈមិនស្មើគ្នានៅក្នុងយេនឌ័រនេះ រឹតតែបណ្តាលឲ្យមានគ្រោះថ្នាក់ថែមទៀត នៅពេលដែលមានការរំពឹងទុកពីសង្គមថា បុរសមានការគ្រប់គ្រងលើស្ត្រីឬនរណាម្នាក់ដែលមានរូបរាងឬគំនិតដូចស្ត្រី។
វិធីមួយដើម្បីមើលឃើញពីភាពខុសគ្នារវាងឋានៈបុរសនិងស្ត្រី គឺតាមរយៈការឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈនៃភាពជាបុរសនិងភាពជាស្ត្រីដែលមនុស្សទូទៅកោតសរសើរ។ ធ្វើបែបនេះអាចជួយឲ្យមនុស្សគិតថាតើបុគ្គលិកលក្ខណៈណាខ្លះដែលសហគមន៍ទទួលស្គាល់ ហេតុអ្វី។ ការឆ្លុះបញ្ចាំងបែបនេះក៏ជួយឲ្យក្រុមស្វែងយល់ថាតើបុរសនិងស្ត្រីទូទៅប្រព្រឹត្តបែបណាដើម្បីលើកកម្ពស់ការរំពឹងទុកក្នុងយេនឌ័រ ហើយតើនឹងមានអ្វីកើតឡើងបើមនុស្សម្នាក់ប្រព្រឹត្តខុសគេ។
សកម្មភាព
ប្រអប់យេនឌ័រ
- បំបែកក្រុមទៅជាក្រុមបុរស និងក្រុមស្ត្រី។ ចែកផ្ទាំងក្រដាសធំមួយដល់ក្រុមទាំង។
- ប្រាប់ក្រុមនីមួយៗឲ្យគូររូបមនុស្សដែលស័ក្តិសមជាស្ត្រី ឬស័ក្តិសមជាបុរស ។ ពួកគេគួរគូររូបសម្លៀកបំពាក់សមរម្យហើយគូរបង្ហាញនូវសកម្មភាពដែល “ស្ត្រីស័ក្តិសម” ឬ “បុរសស័ក្តិសម” គួរធ្វើ។ ប្រាប់ពួកគេឲ្យគូរប្រអប់ធំព័ទ្ធជុំវិញរូបមនុស្សនោះ ។
- បន្ទាប់មកប្រាប់ពួកគេឲ្យសរសេរឬគូររូបជុំវិញរូបមនុស្សនោះ នូវលក្ខណៈសម្បត្តិទាំងឡាយណាដែលស័ក្តិសមជាស្ត្រីឬបុរស។ ប្រាប់ពួកគេឲ្យគិតថាតើបុរសនិងស្ត្រីគួរមានរូបរាងបែបណា និងគួរមានឥរិយាបថបែបណានៅក្នុងសង្គម ក្នុងការងារ ក្នុងគ្រួសារ និងក្នុងទំនាក់ទំនងផ្លូវភេទ។ តើបុរសគួរមានសមត្ថភាពធ្វើអ្វីខ្លះ? តើស្ត្រីគួរមានសមត្ថភាពធ្វើអ្វីខ្លះ? តើអារម្មណ៍អ្វីខ្លះដែលបុរសអាចបង្ហាញចេញមកក្រៅបាន? អារម្មណ៍អ្វីខ្លះដែលស្ត្រីអាចបង្ហាញចេញមកក្រៅបាន?
- បន្ទាប់មកប្រាប់ក្រុមទាំង២ឲ្យគិតពិចារណាអំពីបុគ្គលិកលក្ខណៈទាំងឡាយរបស់ស្ត្រីឬបុរស ប៉ុន្តែដែលមិនត្រូវបានគិតថាស័ក្តិសមទៅវិញ។ សរសេរពាក្យដែលរៀបរាប់ពីចំណុចស័ក្តិសមទាំងនោះនៅលើក្រដាស ខាងក្រៅប្រអប់។ អ្នកអាចសួរថា ៖ តើបុរសគួរលាក់ទុកនូវអារម្មណ៍អ្វីខ្លះ? រួចចុះស្ត្រី?
- ឲ្យក្រុមទាំង២ចូលរួមគ្នាវិញ ហើយធ្វើការបង្ហាញនូវគំនូររបស់ខ្លួន។
- ពិភាក្សាអំពីគំនូរនោះ និងការរំពឹងទុកនានាដែលមាន។ ឧទាហរណ៍ សួរថាតើបុរសស័ក្តិសម ឬស្ត្រីស័ក្តិសម អាចទទួលបានផលប្រយោជន៍ពីបុគ្គលិកលក្ខណៈឬសកម្មភាពនៅក្នុងប្រអប់យ៉ាងដូចម្តេចខ្លះ។ តើបុគ្គលិកលក្ខណៈឬសកម្មភាពណាខ្លះដែលត្រូវបានគិតថាខ្សោយ ឬមិនសូវសំខាន់? ហេតុអ្វី?
- សួរក្រុមថាតើពួកគេគិតថាបុរសឬស្ត្រីភាគច្រើនពិបាកធ្វើបាននូវចំណុចស័ក្តិសមទាំងនេះមែនឬទេ? ហេតុអ្វី? តើមានអ្វីកើតឡើងចំពោះមនុស្សដែលមិនស្ថិតក្នុងប្រអប់ “ស័ក្តិសម” ឬចំពោះមនុស្សដែលព្យាយាមរស់នៅក្រៅប្រអប់ “ស័ក្តិសម”? តើការរស់នៅខុសពីគេ មានទាំងផលប្រយោជន៍ និងគុណវិបត្តិមែនឬទេ?តើមានដូចម្តេចខ្លះ? (អ្នកអាចកត់សម្គាល់ថា មនុស្សជាក់ស្តែងមានចំណុចនៅក្នុងប្រអប់ទាំង២)។ សួរក្រុមថា ៖ តើប្រអប់ទាំងនេះអាចប៉ះពាល់ដល់សុខភាពរបស់បុរសនិងស្ត្រីយ៉ាងដូចម្តេច?
- បន្ទាប់មកសួរថា ៖ តើប្រអប់ទាំងនេះមានប្រភពចេញពីណា? តើមនុស្សបានរៀនសូត្រពី “ក្បួនច្បាប់” នៃការធ្វើជាក្មេងស្រី ក្មេងប្រុស ស្ត្រី ឬបុរស តាំងពីពេលណា? តើនរណាជាអ្នកបង្រៀនអំពីក្បួនច្បាប់ទាំងនេះ? តើក្បួនទាំងនេះចេញពីឪពុកម្តាយក្នុងកម្រិតណា? តើចេញពីអាជ្ញាធរដទៃទៀតដូចជាគ្រូបង្រៀន គ្រូបង្វឹក ឬអ្នកដឹកនាំសាសនា ក្នុងកម្រិតណាដែរ? តើចេញពីប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍ ការផ្សព្វផ្សាយផលិតផល ភាពយន្ត ចម្រៀង និងវីដេអូ ក្នុងកម្រិតណាដែរ?
ដើម្បីបន្តស្វែងយល់អំពីតួនាទីយេនឌ័រជាមួយក្រុមស្ត្រី អ្នកអាចអនុវត្តសកម្មភាព (ទំព័រ“ចុះប្រសិនបើគ្មានប្រអប់យេនឌ័រវិញ?” )។
ចូរស្រមៃពីពិភពលោកមួយដែលគ្មានប្រអប់យេនឌ័រ
ស្ត្រីច្រើនតែជជែកគ្នាស្ងាត់ៗអំពីបទពិសោធន៍និងអារម្មណ៍របស់ពួកគេ។ ការរៀបរាប់ពីភាពលំបាកផ្សេងៗក្នុងជីវិត ជាពិសេសអំពីការប្រាស្រ័យទាក់ទងដ៏លំបាកជាមួយបុរស ជួយឲ្យស្ត្រីមានអារម្មណ៍ថាមិនសូវឯកា។ ប៉ុន្តែការជជែកគ្នារបស់ពួកគេ ជាទូទៅមិនសូវលើកយកសំណួរដែលស្វែងរកមូលហេតុនៃភាពលំបាករបស់ពួកគេ ឬអំពីដំណោះស្រាយនៃបញ្ហានោះទេ។ សកម្មភាពឆ្លុះបញ្ចាំងនិងចែករំលែក អាចផ្តល់នូវទីកន្លែងមួយដែលមានសុវត្ថិភាពនិងភាពងាយស្រួលដល់ស្ត្រី ដើម្បីឲ្យពួកគាត់ពិភាក្សាអំពីបទពិសោធន៍របស់ខ្លួន ព្រមទាំងប្រៀបធៀបតួនាទីរបស់ពួកគាត់ជាមួយនឹងតួនាទីរបស់បុរស។
សកម្មភាពនេះអាចធ្វើឡើងបន្ទាប់ពីសកម្មភាព “ប្រអប់យេនឌ័រ” ដើម្បីជួយឲ្យក្រុមធ្វើការពិចារណាថាតើតួនាទីយេនឌ័រ និងការរំពឹងទុកក្នុងយេនឌ័រ អាចផ្លាស់ប្តូរយ៉ាងដូចម្តេចដើម្បីឲ្យស្ត្រីទទួលបានសិទ្ធិបន្ថែមទៀតក្នុងការថែទាំសុខភាពរបស់ខ្លួន។
សកម្មភាព
ចុះប្រសិនបើគ្មានប្រអប់យេនឌ័រវិញ?
អនុវត្តសកម្មភាពនេះជាមួយក្រុមស្ត្រីនិងក្មេងស្រី ដោយគ្មានវត្តមានបុរសឬក្មេងប្រុស។ (អ្នកអាចកែច្នៃសកម្មភាពនេះសម្រាប់ក្រុមបុរសនិងក្មេងប្រុសផងដែរ)។ បង្ហាញពួកគេនូវរូបភាពប្រអប់យេនឌ័រដែលបានគូរនៅក្នុង សកម្មភាពខាងលើ។ ពន្យល់ក្រុមថា សកម្មភាពនេះអាចជួយយើងឲ្យពិចារណាថាតើអ្វីៗអាចប្រែប្រួលយ៉ាងដូចម្តេច មានន័យថាតើមានអ្វីកើតឡើងប្រសិនបើគ្មានប្រអប់យេនឌ័រទាល់តែសោះនោះ?
- ការឆ្លុះបញ្ចាំងដោយមានការណែនាំ។ ដើម្បីធ្វើឲ្យសកម្មភាពនេះមានលក្ខណៈដូចស្ថានភាពពិត គឺមិនដូចជាការប្រជុំ ចូរប្រាប់ក្រុមស្ត្រីឲ្យអង្គុយជារង្វង់។ អ្នកអាចបិទភ្លើងខ្លះ ឲ្យបន្ទប់ងងឹត ឬចាក់ចម្រៀងតិច។ ប្រាប់ក្រុមស្ត្រីឲ្យបិទភ្នែក ដកដង្ហើមវែងៗ រួចស្រមៃថាខ្លួនគឺជាក្មេងស្រីតូចម្នាក់។ ពន្យល់ថា ដំបូងអ្នកសុំឲ្យពួកគេចងចាំ បន្ទាប់មកទើបធ្វើការស្រមើស្រមៃ។ ស្ត្រីគ្រាន់តែគិតប៉ុណ្ណោះ មិនឲ្យនិយាយចេញមកទេ, នេះជាលំហាត់ស្ងៀមស្ងាត់។
និយាយមួយៗនិងទន់ភ្លន់ ហើយសួរសំណួរដូចខាងក្រោម ៖
- តើអ្នកចាប់ផ្តើមដឹងថាក្មេងស្រីខុសពីក្មេងប្រុស នៅពេលណា? តើអ្នកដឹងដោយរបៀបណា ហើយពេលនោះអ្នកមានអារម្មណ៍បែបណា?
- ប្រសិនបើក្មេងស្រីនិងក្មេងប្រុសត្រូវបានចិញ្ចឹមបីបាច់ដោយស្មើភាពគ្នា តើជីវិតជាក្មេងស្រីគួរតែខុសគ្នានឹងសភាពបច្ចុប្បន្នដូចម្តេចខ្លះ? ប្រសិនបើពួកគេមានសេរីភាព និងការទទួលខុសត្រូវដូចៗគ្នា?
- តើបុរសនឹងទៅជាយ៉ាងណាបើមានសេរីភាពបន្ថែមទៀត? តើជីវិតរបស់បុរសនឹងប្រែប្រួលយ៉ាងដូចម្តេច ប្រសិនបើតួនាទីនិងការទទួលខុសត្រូវរបស់ពួកគេ មានស្មើគ្នាដូចនឹងស្ត្រីដែរ?
- តើស្ត្រីនឹងទៅជាយ៉ាងណាបើមានសេរីភាពបន្ថែមទៀត? តើជីវិតរបស់ស្ត្រីនឹងប្រែប្រួលយ៉ាងដូចម្តេច ប្រសិនបើតួនាទីនិងការទទួលខុសត្រូវរបស់ពួកគេ មានស្មើគ្នាដូចនឹងបុរសដែរ?
- ឲ្យពួកគេចែករំលែកគំនិតជាមួយគ្នាក្នុងក្រុមតូច។ ប្រាប់ស្ត្រីគ្រប់គ្នាឲ្យបើកភ្នែក ហើយឲ្យពួកគេបែងចែកជាក្រុមតូចៗដើម្បីចែករំលែកនូវគំនិតរបស់ខ្លួន។ ស្ត្រីទាំងអស់គួរទទួលបានពេលវេលាគ្រប់គ្រាន់ដើម្បីនិយាយ ហើយស្ត្រីដទៃទៀតគួរស្តាប់យ៉ាងស្ងៀមស្ងាត់។
- ការស្រមៃអំពីពិភពលោកមួយដែលគ្មានប្រអប់យេនឌ័រ។ បន្ទាប់ពីស្ត្រីគ្រប់គ្នាបានចែករំលែកនូវគំនិតរបស់ខ្លួនរួចរាល់ហើយ ចូរប្រាប់ពួកគេឲ្យស្ថិតនៅក្នុងក្រុមតូចៗដដែលនោះ រួចពិភាក្សាលើសំណួរខាងក្រោម៖
- ប្រសិនបើស្ត្រីនិងបុរសទទួលបានការយកចិត្តទុកដាក់ប្រហែលគ្នា តើស្ត្រីនឹងមានឥរិយាបថខុសពីបច្ចុប្បន្នដូចម្តេច? តើពួកគេនឹងមានអារម្មណ៍បែបណា?
- ប្រសិនបើស្ត្រីមានសេរីភាព អំណាច និងការទទួលខុសត្រូវដូចគ្នានឹងបុរសដែរ តើស្ត្រីនឹងមានឥរិយាបថដូចម្តេច? តើពួកគេនឹងមានអារម្មណ៍បែបណា?
- តើជីវិតរបស់អ្នកផ្ទាល់ នឹងមានភាពប្រែប្រួលដូចម្តេច? តើជីវិតនឹងមានភាពប្រែប្រួលដូចម្តេចខ្លះសម្រាប់ស្ត្រីដទៃដែលអ្នកស្គាល់? សម្រាប់កូនស្រីរបស់អ្នក? សម្រាប់ម្តាយរបស់អ្នក?
- ការគូររូបដោយមិនមានប្រអប់។ អ្នកក៏អាចស្នើសុំឲ្យក្រុមគូររូបជាថ្មីផងដែរ ថាតើជីវិតនឹងទៅជាយ៉ាងណាប្រសិនបើគ្មានប្រអប់យេនឌ័រ។ ចែកផ្ទាំងក្រដាសធំមួយដល់ក្រុមទាំងអស់ ហើយប្រាប់ពួកគេឲ្យគូររូបស្ត្រីដែលស័ក្តិសមម្នាក់នៅក្នុងពិភពលោកមួយដែលពួកគាត់មានសេរីភាព អំណាច ការរំពឹងទុក និងការទទួលខុសត្រូវដូចបុរសដែរ។ អ្នកអាចសុំឲ្យពួកគេគូររូបបុរសដែលស័ក្តិសមផងដែរ។
- ដើម្បីបញ្ចប់សកម្មភាពនេះ ចូរស្នើសុំឲ្យក្រុមទាំងអស់ចែករំលែកនូវចក្ខុវិស័យ និងគំនូររបស់ពួកគេ។ អ្នកក៏អាចសួរពួកគេឲ្យឆ្លើយថាតើសុខភាពនឹងមានភាពប្រែប្រួលដូចម្តេចសម្រាប់ស្ត្រីនិងក្មេងស្រី ហើយសម្រាប់បុរសនិងក្មេងប្រុស។ ត្រូវប្រាកដថា អ្នកចូលរួមមានពេលវេលាគ្រប់គ្រាន់ដើម្បីចែករំលែកនូវអារម្មណ៍របស់ពួកគេ ហើយសួរថា បន្ទាប់ពីបានពិភាក្សានិងគូររូបរួចមក តើពួកគេកំពុងគិតអំពីអ្វី។
យេនឌ័រ និងការងារ
នៅគ្រប់សហគមន៍ទាំងអស់ មានការងារខ្លះត្រូវបានចាត់ទុកថាជា “ការងារបុរស” ហើយការងារខ្លះទៀតជា “ការងារស្ត្រី។ ភាពខុសគ្នានៃការរំពឹងទុកទាំងនេះ គឺជាផ្នែកមួយនៃតួនាទីយេនឌ័រ។
ការងារដែលស្ត្រីជាច្រើនធ្វើ ដូចជាមើលថែកូន និងតម្រូវការប្រចាំថ្ងៃរបស់គ្រួសារ ច្រើនតែមិនទទួលបានតម្លៃខ្ពស់ទេ ឬថែមទាំងមិនត្រូវបានគិតថាជាការងារទៀតផង។ នេះគឺជាមូលហេតុមួយដែលធ្វើឲ្យស្ត្រីមានឋានៈទាប និងមានការងារច្រើនដែលមិនស្មើភាព។ ការពិភាក្សាអំពីតួនាទីយេនឌ័រនិងការងារ អាចជួយឲ្យមនុស្សគិតអំពីការផ្លាស់ប្តូរផ្សេងៗដែលអាចនាំឲ្យសុខភាពរបស់ស្ត្រីបានប្រសើរឡើង។
សកម្មភាព
ការងារក្នុងមួយថ្ងៃ
ការរៀបរាប់អំពីសកម្មភាពទាំងឡាយដែលបុរសនិងស្ត្រីធ្វើរៀងរាល់ថ្ងៃ អាចផ្តល់ជាមូលដ្ឋានសម្រាប់ការពិភាក្សាអំពីការងារ និងយេនឌ័រ។ ជួនកាលបុរស (ឬស្ត្រី) មិនបានដឹងទេថា តើស្ត្រី(ឬបុរស)ធ្វើអ្វីខ្លះក្នុងមួយថ្ងៃ។ អ្នកអាចកែច្នៃសកម្មភាពនេះដើម្បីយកប្រើជាមួយក្រុមដែលមានតែស្ត្រី ដើម្បីបង្កើនការយល់ដឹងរបស់ពួកគេ ថាការងារផ្ទះគឺជាការងារដែលមានតម្លៃដែរ។
- បែងចែកអ្នកចូលរួមទាំងអស់ជាក្រុមតូចៗដែលមានតែបុរស ឬតែស្ត្រី។ ប្រាប់ក្រុមបុរសឲ្យរៀបរាប់ការងារទាំងឡាយដែលបុរសទូទៅធ្វើជារៀងរាល់ថ្ងៃ, ដោយគិតចាប់ពីពេលគាត់ក្រោកពីដេក រហូតដល់គាត់ចូលដេកវិញ។ ប្រាប់ក្រុមស្ត្រីឲ្យធ្វើដូចក្រុមបុរសដែរ។ អ្នកក៏អាចប្រាប់ពួកគេឲ្យគិតអំពីរយៈពេលដែលការងារនីមួយៗត្រូវការ ទីកន្លែងដែលការងារនោះកើតឡើង ហើយនរណាដែលជួយពួកគេក្នុងការងារនោះ។
- បន្ទាប់ពីរៀបរាប់ការងាររបស់ខ្លួនអស់ហើយ ចូរឲ្យពួកគេរៀបរាប់ពីការងារដែលមនុស្សក្នុងភេទផ្ទុយពីខ្លួន ធ្វើជារៀងរាល់ថ្ងៃផងដែរ។ មានន័យថាបុរសរៀបរាប់ពីការងាររបស់ស្ត្រី ហើយស្ត្រីរៀបរាប់ពីការងាររបស់បុរស។
- នៅពេលសរសេររួចរាល់អស់ហើយ ឲ្យពួកគេចែករំលែកគ្នានៅក្នុងក្រុមធំទាំងមូល។
- ពិភាក្សាដោយធ្វើតារាងការងារ។ អ្នកអាចសួរពួកគាត់ថាតើមានការភ្ញាក់ផ្អើលដែរឬទេចំពោះការងារដែលបានរៀបរាប់ទាំងនេះ។ តើពួកគេគិតថាស្ត្រីបានរៀបរាប់ពីការងាររបស់បុរស បានល្អដែរឬទេ? តើបុរសបានរៀបរាប់ពីការងាររបស់ស្ត្រី បានល្អឬទេ?
- ពិភាក្សាពីអ្វីដែលមាននៅក្នុងតារាងការងារ។ តើមានអ្វីខុសគ្នាចំពោះការងារបុរសនិងការងារស្ត្រី? ហេតុអ្វីបានជាបុរសនិងស្ត្រីធ្វើកាងារខុសគ្នា? តើការងារណាខ្លះរបស់បុរស ដែលស្ត្រីក៏អាចធ្វើបានល្អដែរ? តើការងារណាខ្លះរបស់ស្ត្រី ដែលបុរសក៏អាចធ្វើបានល្អដូចគ្នា? ហេតុអ្វីអាច ហេតុអ្វីមិនអាច?
- ពិភាក្សាពីចំណុចខុសគ្នាដទៃទៀតអំពីការងាររបស់បុរសនិងស្ត្រី។ ឧទាហរណ៍ ចូរសួរថា តើក្រុមមួយណាមានពេលលំហែច្រើនជាង។ តើក្រុមមួយណាមានចំនួនការងារច្រើនជាង? តើពួកគេគិតថាភាពខុសគ្នាទាំងនេះ សមហេតុផលដែរឬទេ? ហេតុអ្វីសម ហេតុអ្វីមិនសម?
- អ្នកអាចសួរថាតើបុរសឬស្ត្រីណាខ្លះដែលធ្វើការងារមួយចំនួនរបស់អ្នកមានភេទផ្ទុយពីខ្លួន (បុរសធ្វើការងារស្ត្រី ឬស្ត្រីធ្វើការងារបុរស)។ ហេតុអ្វីអ្នកទាំងនេះធ្វើការងារដែលគេរំពឹងថាជារបស់អ្នកដែលមានភេទផ្ទុយពីគាត់ទៅវិញ? តើពួកគេទទួលបានការគោរពថយចុះ ឬក៏កើនឡើងដែរឬទេ នៅពេលធ្វើការងារទាំងនោះ?
ខ្ញុំមិនដែលគិតថាអ្វីដែលស្ត្រីធ្វើនៅផ្ទះ ជាការងារទេ។ទោះបីខ្ញុំមានការងារពេញមួយថ្ងៃក៏ដោយ ក៏ខ្ញុំនៅតែត្រូវធ្វើការងារផ្ទះដែរ ហើយមិនដែលបានសម្រាកអ្វីឡើយ។ខ្ញុំតែងតែគិតថាបុរសត្រូវការអាហារនិងការសម្រាកច្រើនជាង ព្រោះពួកគេធ្វើការងារនឿយហត់ជាង។ ឥឡូវនេះខ្ញុំគិតថាស្ត្រីធ្វើការនឿយហត់ដែរ តែហូបនិងសម្រាកបានតិចទៅវិញ។ស្ត្រីហាក់ដូចជាធ្វើការងារច្រើនម៉ោងជាង តែសម្រាកបានតិចជាង។ ដូចជាមិនយុត្តិធម៌សោះ!
អង្គការ “អំបោះក្រហម” ជួយឲ្យស្ត្រីក្នុងប្រទេសគូយ៉ាណា សាមគ្គីគ្នាដើម្បីទាមទារសិទ្ធិនិងសុខមាលភាព
នៅប្រទេសគូយ៉ាណា (Guyana) ក្នុងទ្វីបអាមេរិកខាងត្បូង មានជនជាតិជាច្រើនក្រុមផ្សេងៗដែលមានទំនៀមទម្លាប់ខុសៗគ្នា។ ក្រុមមួយមានដើមកំណើតភាគច្រើនមកពីអាហ្វ្រិកដែលត្រូវបាននាំមកក្នុងឋានៈជាទាសករ, ក្រុមមួយទៀតធ្វើចំណាកស្រុកពីឥណ្ឌា, ហើយក្រុមទីបីភាគច្រើនជាជនជាតិដើមគូយ៉ាណា។ ជាច្រើនឆ្នាំកន្លងមក ក្រុមជនជាតិទាំងនេះ មិនសូវសុខនឹងគ្នាទេ ហើយស្ត្រីមិនគិតថាពួកគេមានអ្វីដែលដូចគ្នាឡើយ។ អង្គការមួយដែលមានឈ្មោះថា “អំបោះក្រហម” (Red Thread) មានបំណងស្វែងរកវិធីផ្សះផ្សារស្ត្រីនៅក្នុងក្រុមទាំងនេះ ដើម្បីរួបរួមគ្នាលើកកម្ពស់ឋានៈរបស់ស្ត្រីគូយ៉ាណាទាំងអស់។ អង្គការអំបោះក្រហម បានធ្វើការស្ទាបស្ទង់មតិមួយដើម្បីស្វែងយល់ពីរបៀបដែលស្ត្រីប្រើប្រាស់ពេលវេលារបស់ពួកគាត់។ សមាជិកអង្គការអំបោះក្រហម បានចុះទៅជួបស្ត្រីនៅតាមផ្ទះ នៅទូទាំងប្រទេស ហើយធ្វើសម្ភាសន៍អំពីការងារដែលស្ត្រីធ្វើពេញមួយថ្ងៃ។ ពួកគេរកឃើញថា ស្ត្រីភាគច្រើនមានការងារស្រដៀងគ្នា ៖ ក្រោកពីព្រលឹម ដងទឹក ចម្អិនអាហារ បញ្ចុកកូន សម្អាតផ្ទះ ធ្វើដំណាំបន្លែ មានការងារទទួលកម្រៃ បោកគក់ មើលថែកូន និងការងារជាច្រើនផ្សេងទៀត។ ស្ទើរតែគ្រប់ស្ត្រីទាំងអស់ធ្វើការរយៈពេល១៥ ទៅ១៦ម៉ោងរៀងរាល់ថ្ងៃ។ អង្គការអំបោះក្រហមបានបង្ហាញលទ្ធផលនៃការស្ទង់មតិនេះទៅដល់ស្ត្រីទាំងនោះ រួចសួរថា “ហេតុអ្វីបានជាពួកយើងប្រកាន់ក្រុមឲ្យដាច់ដោយឡែកពីគ្នា? ពួកយើងទាំងអស់សុទ្ធតែធ្វើការងារដូចគ្នាទេតើ។ គម្រោងនេះគឺជាកិច្ចរួបរួមដ៏អស្ចារ្យមួយ។ អង្គការអំបោះក្រហមបានក្លាយទៅជាក្រុមស្ត្រីចម្រុះជនជាតិដ៏រឹងមាំមួយ ដែលធ្វើការជាច្រើនយ៉ាងដើម្បីលើកកម្ពស់សិទ្ធិស្ត្រី រួមមានការរកប្រាក់ចំណូល និងការបញ្ចប់ហិង្សាផ្នែកយេនឌ័រជាដើម។
តួនាទីយេនឌ័រ តែងតែប្រែប្រួលទៅតាមពេលវេលា
ជាញឹកញាប់ តួនាទីយេនឌ័រតែងតែកំណត់ឋានៈស្ត្រីឲ្យនៅទាប ដែលមានន័យថាមិនសូវទទួលបានការថែទាំសុខភាព, មិនអាចគ្រប់គ្រងរាងកាយខ្លួនឯងយ៉ាងពេញលេញ, ធ្វើការងារច្រើនម៉ោង, និងមិនសូវមានអំណាចក្នុងការសម្រេចចិត្តទេ។ ដើម្បីឲ្យសហគមន៍អាចកែលម្អសុខភាពរបស់ស្ត្រីបាន ពួកគេចាំបាច់ត្រូវកែប្រែតួនាទីយេនឌ័រ ជាពិសេសចំណុចដែលធ្វើឲ្យស្ត្រីងាយរងគ្រោះពីបុរស។ ត្រង់នេះហាក់ដូចជាពិបាកកែប្រែខ្លាំងណាស់ ប៉ុន្តែវាមិនសូវជាពិបាកទេ នៅពេលដែលយើងយល់ដឹងថាយេនឌ័រមិនមែនជាបញ្ហាជីវសាស្ត្រនោះ, មានន័យថា អ្វីៗដែលយើងគិតថាស័ក្តិសមជាបុរស និងស័ក្តិសមជាស្ត្រី គឺជាការយល់ឃើញរបស់យើងតែប៉ុណ្ណោះ វាមិនមែនកើតចេញពីធម្មជាតិនោះទេ។ ម្យ៉ាងទៀតគួរចងចាំថា នៅគ្រប់តំបន់នៅទូទាំងសកលលោក តួនាទីយេនឌ័រតែងតែប្រែប្រួលទៅតាមពេលវេលា។ ការពិភាក្សាអំពីខ្សែជីវិតរបស់ស្ត្រីក្នុងអតីតកាល ធៀបនឹងបច្ចុប្បន្នកាល អាចជួយឲ្យមនុស្សមើលឃើញថាតួនាទីយេនឌ័រពិតជាផ្លាស់ប្តូរមែន និងឃើញថាការផ្លាស់ប្តូរទាំងនេះបានធ្វើឲ្យសុខភាពរបស់ស្ត្រីកាន់តែប្រសើរដូចម្តេចខ្លះ។
សកម្មភាព
ជីវិតកាលពីអតីតកាល
នៅក្នុងសកម្មភាព “កែវចិញ្ចឹមត្រី” ស្ត្រីចំណាស់ៗអង្គុយជារង្វង់នៅខាងក្នុង រួចនិទានប្រាប់អំពីជីវិតរបស់ម្តាយពួកគាត់កាលពីមុន។ ក្រុមស្ត្រីវ័យក្មេង អង្គុយជារង្វង់នៅខាងក្រៅ រួចស្តាប់ ហើយសួរសំណួរនៅពេលក្រោយ។ បន្ទាប់ពីឆ្លើយសំណួររួច ក្រុមទាំង២ផ្លាស់ប្តូរកន្លែងអង្គុយទៅវិញទៅមក រួចស្ត្រីវ័យក្មេងចែករំលែកនូវគំនិតរបស់ខ្លួនអំពីអ្វីទាំងឡាយដែលហាក់ដូចជាបានផ្លាស់ប្តូរ រីឯស្ត្រីចំណាស់ជាអ្នកស្តាប់វិញ។
- ប្រាប់ស្ត្រីចំណាស់ឲ្យនិទានប្រាប់អំពីអ្វីដែលពួកគាត់បានចេះពីម្តាយរបស់គាត់ ពាក់ព័ន្ធនឹងភាពជាស្ត្រី។ តើជីវិតរបស់គាត់ខុសគ្នាពីជីវិតរបស់ម្តាយគាត់ដូចម្តេចខ្លះ? តើមានការផ្លាស់ប្តូរអ្វីខ្លះដែលធ្វើឲ្យជីវិតពួកគេខុសគ្នា? ហេតុអ្វីការផ្លាស់ប្តូរទាំងនោះកើតឡើង? សួរថាតើពួកគាត់ មិត្តភ័ក្តិ ឬម្តាយរបស់គាត់ធ្លាប់បានតវ៉ាប្រឆាំងនឹងការរំពឹងទុករបស់សហគមន៍អំពីស្ត្រីភេទដែរឬទេ? តើធ្លាប់មានស្ត្រីដែលធ្វើខុសនឹងតួនាទីយេនឌ័រពីបុរាណដែរឬទេ? ពួកគាត់ធ្វើដូចម្តេច? តើមានរឿងអ្វីកើតឡើងចំពោះពួកគាត់? អ្នកក៏អាចស្នើសុំឲ្យពួកគេនិទានប្រាប់ស្ត្រីវ័យក្មេងអំពីការផ្លាស់ប្តូរមួយចំនួនដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់និងក្បួនច្បាប់ផ្សេងៗអំពីការសេពគប់គ្នានិងទំនាក់ទំនងបែបមនោសញ្ចេតនារវាងក្មេងប្រុសនិងក្មេងស្រី។ តើក្បួនច្បាប់ទាំងនេះបានផ្លាស់ប្តូរដូចម្តេចខ្លះទាក់ទិននឹងការចែចូវ ទំនាក់ទំនងផ្លូវភេទ និងការរៀបការ? តើកាលពីមុនស្ត្រីធ្វើអ្វីខ្លះដើម្បីថែទាំសុខភាពរបស់ខ្លួន?
- នៅពេលដល់វេនរបស់ស្ត្រីវ័យក្មេង ប្រាប់ពួកគេឲ្យចាប់ផ្តើមដោយការរៀបរាប់ប្រាប់ក្រុមថាតើនៅក្នុងភាពជាស្ត្រី តើពួកគេចូលចិត្តអ្វីខ្លះ។ តើការយល់ឃើញរបស់ពួកគេអំពីភាពជាស្ត្រី ខុសគ្នាពីការយល់ឃើញរបស់យាយពួកគេដូចម្តេចខ្លះ? ហើយខុសពីការយល់ឃើញរបស់អ្នកដទៃក្នុងសហគមន៍ដូចម្តេចខ្លះ? ស្នើឲ្យពួកគេនិយាយអំពីគោលដៅអនាគតរបស់ខ្លួន។ តើស្ត្រីណាខ្លះដែលពួកគេកោតសរសើរ? ហេតុអ្វី? តើពួកគេសង្ឃឹមថានឹងទទួលបានអ្វីខ្លះពីដៃគូមនោសញ្ចេតនាឬស្វាមីរបស់ពួកគេ? តើពួកគេគិតថាជីវិតប្រកបដោយក្តីសុខនៅថ្ងៃមុខ មានរូបរាងបែបណាខ្លះ?
- ជាកិច្ចបញ្ចប់ ចូរសួរក្រុមទាំងមូលថាតើសកម្មភាពនេះបានបង្ហាញអ្វីខ្លះអំពីយេនឌ័រ និងថាតើវាបានផ្លាស់ប្តូរដូចម្តេចខ្លះ, និងថាតើពួកយើងអាចរួមចំណែកដូចម្តេចខ្លះដើម្បីធ្វើឲ្យវាផ្លាស់ប្តូរនៅក្នុងឆាកជីវិតរបស់យើងនេះ។