Hesperian Health Guides

ការប្រើប្រាស់ច្បាប់ដើម្បីយុត្តិធម៌យេនឌ័រ

នៅក្នុងជំពូកនេះ ៖

អតុល្យភាពនៃអំណាចដែលស្ត្រីជួបប្រទះក្នុងគ្រួសារនិងសហគមន៍របស់ពួកគេ មិនមែនគ្រាន់តែជារឿងផ្ទាល់រឿង ឬជាវប្បធម៌នោះទេ។ គោលនយោបាយនិងច្បាប់ខ្លះ បានផ្តល់ការគាំទ្រ និងអនុវត្តឲ្យមានវិសមភាពយេនឌ័រផងដែរ។ ឩទាហរណ៍ សហគមន៍ជាច្រើនមានច្បាប់មួយចំនួនដែលបដិសេធសិទ្ធិរបស់ស្ត្រីក្នុងការជ្រើសរើសគូរស្រករ សិទ្ធិក្នុងការលែងលះ សិទ្ធិក្នុងការគ្រប់គ្រងឬទទួលមរតកទ្រព្យសម្បត្តិ ឬសិទ្ធិក្នុងការធ្វើកិច្ចសន្យាឬរៀបចំមុខជំនួញ។ ស្ត្រីខ្លះទៀតគ្មានសូម្បីតែសិទ្ធិក្នុងការទទួល ឬបដិសេធនូវការព្យាបាលវេជ្ជសាស្ត្រទៀតផង។ (សូមមើលផ្នែក ធ្វើឲ្យប្រព័ន្ធយុត្តិធម៌ដំណើរការដើម្បីបញ្ឈប់ហិង្សា និងឩបសម្ព័ន្ធ កៈ ការប្រើប្រាស់ច្បាប់អន្តរជាតិក្នុងការតស៊ូមតិដើម្បីសិទ្ធិស្ត្រី)។

HAW Ch3 Page 70-1.png
អ្នកអាចចាប់ផ្តើមពិភាក្សាពីការប្រើប្រាស់ច្បាប់ដើម្បីយុត្តិធម៌យេនឌ័រ តាមរយៈការពិចារណាអំពីច្បាប់បច្ចុប្បន្នដែលមិនជំរុញឲ្យមានសមភាព។ ឩទាហរណ៍ តើស្ត្រីទទួលប្រាក់កំរៃស្មើគ្នានឹងបុរសដែរឬទេចំពោះការងារដូចគ្នា? តើមានច្បាប់ដែលហាមឃាត់មិនឲ្យស្ត្រីវ័យក្មេងស្វែងរកការថែទាំវេជ្ជសាស្ត្រដែរឬទេ?

ការដេញដោលលើច្បាប់ទាំងនេះ ការដាក់ឲ្យអនុវត្តច្បាប់ថ្មី និងការបង្កើនការយល់ដឹងអំពីច្បាប់និងគោលនយោបាយដែលលើកកម្ពស់សមភាពយេនឌ័រ, ជួនកាលត្រូវបានហៅថា យុត្តិធម៌យេនឌ័រ។ ភាគច្រើននៃកិច្ចប្រឹងប្រែងទាំងនេះ គឺផ្អែកទៅលើកិច្ចព្រមព្រៀងអន្តរជាតិនានាដែលទទួលស្គាល់សិទ្ធិស្មើភាពគ្នារបស់ស្ត្រី។

កិច្ចព្រមព្រៀងអន្តរជាតិស្តីពីសិទ្ធិស្មើភាពគ្នាសម្រាប់ស្ត្រីនិងបុរស

នៅពេលអង្គការសហប្រជាជាតិបង្កើតឡើងនៅឆ្នាំ១៩៤៥ ពួកគេបានបង្កើតលក្ខន្តិកៈមួយដែលទាមទារនូវ ”សិទ្ធិស្មើភាពគ្នាសម្រាប់បុរសនិងស្ត្រី។ ក្នុងពេលដែលលក្ខន្តិកៈនេះត្រូវបានសរសេរឡើង, ក្នុងចំណោម ៥១ប្រទេសដែលចូលរួម មានតែ ៣០ប្រទេសប៉ុណ្ណោះដែលមានច្បាប់អនុញ្ញាតឲ្យស្ត្រីមានសិទ្ធិដូចគ្នានឹងបុរសក្នុងការបោះឆ្នោត។ ទោះបីលក្ខន្តិកៈអង្គការសហប្រជាជនបានអំពាវនាវឲ្យមានសិទ្ធិយេនឌ៍រស្មើភាពគ្នាក្តី ការរៀបចំជាអន្តរជាតិដើម្បីជជែកអំពីបញ្ហានេះ ធ្វើឡើងនៅច្រើនទសវត្សរ៍ក្រោយមកទៀតប៉ុណ្ណោះ។ ចុងក្រោយ នៅឆ្នាំ១៩៧៥ ស្ត្រីមកពីស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកបានជួបប្រជុំនៅក្នុងទីក្រុងម៉ិកស៊ីកូ ដើម្បីពិភាក្សាពីសិទ្ធិរបស់ស្ត្រី និងបានស្នើសុំធ្វើការកែប្រែដល់ច្បាប់ដែលមិនមានភាពស្មើគ្នាដែលផ្អែកលើការរំពឹងទុកក្នុងយេនឌ័រ។ កិច្ចប្រជុំលើកដំបូងនេះបានអំពាវនាវឲ្យមានការលុបបំបាត់ការរើសអើងក្នុងយេនឌ័រ ព្រមទាំងបញ្ចូលស្ត្រីទៅក្នុងផែនការអភិវឌ្ឍន៍។ កិច្ចប្រជុំបន្តបន្ទាប់ទៀតបានបង្កើតនិយាមអន្តរជាតិកាន់តែជាក់លាក់ ដូចជាការផ្តល់នូវសេវាផែនការគ្រួសារឲ្យដល់គ្រប់ស្ត្រីទាំងអស់ ការចិញ្ចឹមបីបាច់កូនស្រីឲ្យស្មើភាពគ្នា ព្រមទាំងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងជួររដ្ឋាភិបាលនៅទូទាំងពិភពលោក។

រដ្ឋាភិបាលស្ទើរតែគ្រប់ប្រទេសបានឯកភាពជាគោលការណ៍ទៅនឹងសំណើរបស់ស្ត្រី ប៉ុន្តែក្រុមស្ត្រីក្នុងស្រុក អ្នកលើកកម្ពស់សុខភាព និងដៃគូរបស់ពួកគេ នៅតែចាំបាច់ត្រូវធ្វើការរៀបចំនិងតស៊ូជាច្រើនទៀតដើម្បីលុបបំបាត់ច្បាប់ដ៏គ្រោះថ្នាក់នានា ធ្វើការអនុវត្តនូវច្បាប់ដែលមានយុត្តិធម៌ និងផ្លាស់ប្តូរការគិតរបស់ប្រជាជនអំពីតួនាទីយេនឌ័រ និងសិទ្ធិមនុស្ស។ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ!

សាច់រឿងចំនួន២ បន្ទាប់នេះ បង្ហាញពីរបៀបដែលក្រុមការងារបានរៀបចំទាមទារច្បាប់ដែលមានយុត្តិធម៌ នៅក្នុងប្រទេស២នៃទ្វីបអាហ្វ្រិក។

ការការពារសិទ្ធិរបស់ស្ត្រីមេម៉ាយក្នុងការទទួលមរតក

នៅប្រទេសកេនយ៉ា នៅពេលប្តីស្លាប់ ជាញឹកញាប់ នៅពេលប្តីស្លាប់ ក្រុមគ្រួសាររបស់បុរសនោះនឹងទាមទារដីធ្លីនិងផ្ទះយកធ្វើជារបស់ខ្លួន បើទោះជាគាត់បានទុកទ្រព្យសម្បត្តិឲ្យប្រពន្ធរបស់គាត់ក៏ដោយ។ អង្គការ GROOTS (Grassroots Organizations Operating Together in Sisterhood) ផ្តល់ការអប់រំនៅក្នុងសហគមន៍អំពីសិទ្ធិរបស់ស្ត្រីក្នុងការទទួលមរតក។ អង្គការ GROOTS ក៏បានរៀបចំជាក្រុម “ឃ្លាំមើល” ផងដែរដែលចូលរួមដោយសមាជិកសហគមន៍ ។ ក្រុមឃ្លាំមើលជាអ្នកតាមដាននិងការពារការរឹបអូសទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយនិងកូនៗរបស់គាត់ ។

ដំបូង អង្គការ GROOTS បានរៀបចំជាក្រុមអ្នកស្តាប់ក្នុងសហគមន៍ ដែលអ្នកចូលរួមទាំងឡាយនាំគ្នាស្តាប់កាសែតសំឡេងរបស់ស្ត្រីដែលនិទានរឿងរ៉ាវរបស់ខ្លួនពីហេតុការណ៍ដែលពួកគាត់ត្រូវបានរឹបអូសទ្រព្យសម្បត្តិនៅពេលប្តីរបស់គាត់ស្លាប់, និងពីទុក្ខវេទនាទាំងឡាយដែលពួកគាត់បានឆ្លងកាត់។ មនុស្សជាច្រើនបានចូលរួមជាមួយក្រុមអ្នកស្តាប់នេះ ហើយវាបានក្លាយទៅជាក្រុមពិភាក្សាដោយមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍ និងចាស់ព្រឹទ្ធាចារ្យទៀតផង ។ តាមរយៈការចែករំលែករឿងរ៉ាវ និងព័ត៌មានទាក់ទងនឹងច្បាប់ ពួកគេគ្រប់គ្នាក៏បានយល់ដឹងពីសិទ្ធិរបស់ស្ត្រីក្នុងការទទួលមរតកនិងទ្រព្យសម្បតិ្ត, យល់ពីមូលហេតុដែលធ្វើឲ្យមានការដណ្តើមទ្រព្យសម្បត្តិ, និងយល់ពីមូលហេតុដែលធ្វើឲ្យស្ត្រីនិងកុមារជាច្រើនធ្លាក់ក្នុងភាពក្រីក្រ។ ការពិភាក្សាជាមួយប្រធានភូមិ និងថ្នាក់ដឹកនាំទំនៀមទម្លាប់ដទៃទៀត ជួយឲ្យពួកគាត់យល់ពីឥទ្ធិពលនៃការគាំទ្ររបស់គាត់ទៅលើស្ត្រីមេម៉ាយ និងក្រុមឃ្លាំមើលទាំងនោះ ថាវាអាចបង្ការការដណ្តើមទ្រព្យសម្បត្តិបាន។ សហគមន៍ខ្លះបានបណ្តុះបណ្តាលសមាជិករបស់ខ្លួនឲ្យក្លាយជាអ្នកសម្របសម្រួលផ្លូវច្បាប់ ហើយសព្វថ្ងៃពួកគេអាចអប់រំស្ត្រីម្នាក់ៗអំពីសិទ្ធិស្របច្បាប់របស់ពួកគាត់ ។

ប៉ូលីស ថ្នាក់ដឹកនាំទំនៀមទម្លាប់ និងសហគមន៍ បានព្រមព្រៀងសហការគ្នាឃ្លាំមើលសិទ្ធិរបស់ស្ត្រីដែលបានក្លាយខ្លួនជាមេម៉ាយ។

a large group of people listening to a recording.

យុទ្ធនាការបញ្ចប់អាពាហ៍ពិពាហ៍កុមារ នៅក្នុងប្រទេសម៉ាឡាវី

នៅប្រទេសម៉ាឡាវី ច្បាប់ចែងថាស្ត្រីអាចរៀបការនៅចន្លោះអាយុ១៥ និង១៨ឆ្នាំ ដោយមានការអនុញ្ញាតពីឪពុកម្តាយ ប៉ុន្តែមិនមានច្បាប់ដែលហាមឃាត់មិនឲ្យរៀបការនៅអាយុក្រោមនេះទេ។ ស្ទើរតែពាក់កណ្តាលនៃស្ត្រីទាំងអស់នៅប្រទេសម៉ាឡាវី បានរៀបការនៅមុនអាយុ១៨ឆ្នាំ។ នៅទីជនបទវិញ មានក្មេងស្រីខ្លះរៀបការនៅអាយុ១២ឆ្នាំទៀតផង ហើយភាគច្រើនគឺពួកគេរៀបការនៅអាយុ១៥ឆ្នាំ។ ភាគច្រើននៃស្ត្រីវ័យក្មេងទាំងនេះឈប់ទៅសាលារៀន រួចក៏មានផ្ទៃពោះឆាប់។ ប៉ុន្តែការសម្រាលកូននៅក្នុងវ័យក្មេងបែបនេះ មានគ្រោះថ្នាក់ដល់ទាំងម្តាយនិងទារក។ ជាងពាក់កណ្តាលនៃទារកដែលកើតពីម្តាយវ័យក្មេងទាំងនេះ ងាយនឹងស្លាប់ ហើយស្ត្រីវ័យក្មេងងាយនឹងមានបញ្ហាសុខភាពផ្សេងៗដូចជា ការធ្លាយទ្វារមាស ជាដើម។ ស្ថានភាពរបស់ពួកគេកាន់តែពិបាកដោយសារកង្វះការអប់រំ និងគ្មានជំនាញការងារឬកិច្ចការផ្ទះ។ បន្ទាប់ពីក្លាយជាម្តាយមក ជាញឹកញាប់ពួកគេលែងលះគ្នាយ៉ាងឆាប់រហ័ស ហើយមានស្ត្រីខ្លះក៏បានរកស៊ីផ្លូវភេទដើម្បីចិញ្ចឹមខ្លួន។

នៅឆ្នាំ២០១០ អង្គការបណ្តាញផ្តល់អំណាចដល់ស្ត្រី (GENET) បានចាប់ផ្តើមយុទ្ធនាការមួយដើម្បីធ្វើការផ្លាស់ប្តូរច្បាប់និងកំណត់អាយុ១៨ឆ្នាំ ជាអាយុស្របច្បាប់ដើម្បីរៀបការ។ ដោយសារតែព័ត៌មានស្តីពីផលប៉ះពាល់នៃការរៀបការវ័យក្មេង មិនអាចបញ្ចុះបញ្ចូលសមាជិកសភាបាន អង្គការ GENET បានសម្រេចចិត្តឲ្យសមាជិកសភា រួមទាំងប្រជាជនម៉ាឡាវីទាំងអស់ ស្តាប់នូវការរៀបរាប់ផ្ទាល់របស់ស្ត្រីវ័យក្មេងវិញម្តង។ អង្គការ GENET បានរៀបចំការប្រកួតប្រជែងសំណេរសម្រាប់ក្មេងស្រី។ ពួកគេបានទទួលសំណេរប្រមាណ ១៧៥០ ពីក្មេងស្រីដែលមានអាយុចាប់ពី ៩ ដល់១៧ឆ្នាំ។ ពួកគេបានជ្រើសរើសស្ត្រីទាំងនោះចំនួន ៧២នាក់ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាមួយដោយប្រើប្រាស់សំណួរដូចខាងក្រោម ៖

“តើអ្នកយល់យ៉ាងណាចំពោះអាពាហ៍ពិពាហ៍កុមារ”? “តើអ្នកគិតថាក្មេងស្រីអាចរៀបការនៅអាយុប៉ុន្មានដែលសមរម្យបំផុត”? “តើស្វាមីសក្តិសមឬដែលអ្នកស្រមៃ មានលក្ខណៈបែបណាខ្លះ”? “តើក្មេងស្រីដែលមានការអប់រំ មិនអាចធ្វើជាប្រពន្ធដ៏ល្អម្នាក់បានទេឬ”? “តើអ្នកចង់មានជីវិតអាពាហ៍ពិពាហ៍ដូចឪពុកម្តាយរបស់អ្នកដែរឬទេ”?


a group of girls holding signs.
ខ្ញុំនៅក្មេងណាស់ មិនអាចរៀបការបានទេ
ខ្ញុំនឹងរៀបការនៅពេលអាយុ២៥ឆ្នាំ
ខ្ញុំនឹងរៀបការនៅពេលដែលខ្ញុំចង់រៀបការប៉ុណ្ណោះ
វាជាអនាគតរបស់ខ្ញុំ!
បញ្ឈប់អាពាហ៍ពិពាហ៍កុមារទៅ
ខ្ញុំនឹងរៀបការនៅពេលរៀនចប់រួចចាប់ផ្តើមធ្វើការងារ
ខ្ញុំមានក្តីសុបិនដ៏ធំដែលត្រូវពុះពារ


បន្ទាប់មក ក្មេងស្រីចំនួន ៣៦នាក់ ចូលរួមក្នុងសិក្ខាសាលារូបភាព។ ពួកគេថតរូបគ្នាទៅវិញទៅមក រួចសរសេរអត្ថបទថ្មីៗដោយឆ្លើយនូវសំណួរដែលពួកគេបានពិភាក្សានៅក្នុងក្រុមកន្លងមក។ បច្ចុប្បន្ន រូបថតនិងអត្ថបទរបស់ពួកគេត្រូវបានរៀបចំជាសៀវភៅមួយក្បាលដែលមានចំណងជើងថា ខ្ញុំនឹងរៀបការនៅពេលដែលខ្ញុំចង់រៀបការ!! អង្គការ GENET បានចែកចាយសៀវភៅនេះដើម្បីបង្ហាញប្រាប់ដល់សមាជិកសភានិងថ្នាក់ដឹកនាំសហគមន៍ថា ក្មេងស្រីម៉ាឡាវីគាំទ្រទាំងស្រុងលើការកែប្រែអាយុរៀបការទៅ ១៨ឆ្នាំ និងត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមច្បាប់ថ្មីនេះ។

a woman speaking.
មានមតិយោបល់ជាច្រើនអំពីជីវិត ស្នេហា អាពាហ៍ពិពាហ៍ និងក្មេងស្រី, ប៉ុន្តែយើងមិនបានទទួលប្រតិកម្មសូម្បីតែមួយដែលគាំទ្រដល់ការរៀបការមុនអាយុ១៨ឆ្នាំឡើយ។

ការផ្លាស់ប្តូរទាមទារភាពមោះមុតនិងពេលវេលា

នៅពេលមនុស្សបានគិតពីរបៀបដែលតួនាទីយេនឌ័របង្កើតជាភាពអយុត្តិធម៌ និងបង្កគ្រោះថ្នាក់ដល់ទាំងស្ត្រីនិងបុរស, នោះពួកគេអាចចាប់ផ្តើមពិចារណាអំពីការផ្លាស់ប្តូរនានាដែលពួកគេអាចជ្រើសរើសយក។ សម្រាប់មនុស្សទូទៅ វាមានន័យថា ធ្វើការផ្លាស់ប្តូរឥរិយាបថ និងការរំពឹងទុករបស់ពួកគេផ្ទាល់ ក៏ដូចជាធ្វើកិច្ចការដើម្បីផ្លាស់ប្តូរទំនៀមទម្លាប់ ស្ថានភាព និងក្បួនច្បាប់នៅក្នុងសហគមន៍របស់ពួកគេ។

វិសមភាពយេនឌ័រ គឺជាមូលហេតុឫសគល់នៃបញ្ហាសុខភាពជាច្រើនដែលត្រូវបានបង្ហាញនៅក្នុងជំពូកបន្តបន្ទាប់នៃសៀវភៅនេះ។ សកម្មភាពនិងសាច់រឿងនៅក្នុងជំពូកនីមួយៗ បង្ហាញពីវិធីផ្សេងៗជាច្រើនដែលយើងអាចជ្រើសរើសអនុវត្តនៅក្នុងកិច្ចការដើម្បីសមភាពយេនឌ័រ និងសុខភាពរបស់ស្ត្រី។




ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨