Hesperian Health Guides
ការប្រាស្រ័យទាក់ទងជាទម្រង់មួយនៃអំណាច
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៣ ៖ យេនឌ័រ និងសុខភាព > ការប្រាស្រ័យទាក់ទងជាទម្រង់មួយនៃអំណាច
ចូរសិក្សាពីឧទាហរណ៍នៃការប្រាស្រ័យទាក់ទង ៣ប្រភេទខាងក្រោម រួចពិភាក្សាពីគុណសម្បត្តិ និងគុណវិបត្តិរបស់វា។
មាតិកា
បុរសម្នាក់មិនអនុញ្ញាតឲ្យប្រពន្ធទៅចូលរួមប្រជុំសហគមន៍ទេ។ ស្ត្រីដទៃទៀតបានអញ្ជើញប្រពន្ធគាត់ទៅចូលរួម ប៉ុន្តែប្រពន្ធមិនហ៊ានប្រាប់ប្តីថាគាត់ចង់ទៅចូលរួមនោះទេ។
ការប្រាស្រ័យទាក់ទងបែបទន់ខ្សោយឬអសកម្ម ៖ ស្ត្រីធ្វើតាមអ្វីដែលអ្នកដទៃចង់បាន, គិតអំពីអ្នកដទៃជាមុនដែលធ្វើឲ្យលំបាកដល់ខ្លួនឯង, រក្សាភាពស្ងៀមស្ងាត់នៅពេលមានអ្វីរំខាន, និយាយសុំទោសជាញឹកញាប់, យំជាញឹកញាប់, លាក់អារម្មណ៍របស់ខ្លួន, មិនធ្វើអ្វីមួយដើម្បីការពារសិទ្ធិរបស់ខ្លួន។ គាត់ប្រាប់ស្ត្រីទាំងនោះថាគាត់មិនមានចំណាប់អារម្មណ៍ទេ រួចក៏មិនស្តីរកប្តីពេញមួយយប់។ | |
ការប្រាស្រ័យទាក់ទងបែបបង្ខំឬជម្លោះ ៖ ស្ត្រីធ្វើអ្វីតាមតែគាត់ចង់បាន ដោយគិតតិចតួចឬមិនគិតទាល់តែសោះពីអ្នកដទៃ, និយាយគំរាម ឬទាមទារ, មិនចង់ស្តាប់អ្នកដទៃ, ឆាប់ខឹងនៅពេលដែលអ្នកដទៃមិនយល់ស្របជាមួយខ្លួន, ស្រែក, ចំអក ឬមើលងាយអ្នកដទៃ។ គាត់ខឹងនឹងស្ត្រីទាំងនោះ ព្រមទាំងស្តីបន្ទោសឲ្យពួកគេថាមិនគួរទៅពាក់ព័ន្ធនឹងអ្វីដែលមិនមានប្រយោជន៍សម្រាប់ខ្លួននោះឡើយ។ ហើយគាត់ខឹងនឹងប្តីរបស់គាត់ ព្រោះប្តីគាត់ទៅចូលរួមការប្រជុំ រីឯគាត់នៅផ្ទះ។ |
ការប្រាស្រ័យទាក់ទងបែបមាំមួនឬជឿជាក់ ៖ ស្ត្រីគោរពខ្លួនឯង និងអ្នកដទៃ, ក្រោកឈរទាមទារសិទ្ធិរបស់ខ្លួន, ស្តាប់និងនិយាយតាមសម្រួល, បង្ហាញគំនិតយោបល់ តម្រូវការ និងអារម្មណ៍របស់ខ្លួនយ៉ាងច្បាស់លាស់, និយាយថា ”ទេ” ដោយគ្មានអារម្មណ៍ខុសឆ្គង, ស្វែងរកជំនួយនៅពេលត្រូវការ, បង្ហាញភាពជឿជាក់នៅពេលនិយាយ។ គាត់ពន្យល់ប្រាប់ប្តីពីមូលហេតុដែលគាត់ចាប់អារម្មណ៍នឹងការប្រជុំនោះ ហើយគាត់ប្រាប់ប្តីថា “ការប្រជុំធ្វើឡើងតែម្តងតែប៉ុណ្ណោះក្នុង ២សប្តាហ៍ ហើយខ្ញុំពិតជាចង់ចូលរួមខ្លាំងណាស់។ ខ្ញុំនៅតែអាចធ្វើការងារផ្ទះរួចរាល់ដដែល។ តើយើងអាចជជែកគ្នាបានទេ ថាយើងគួរធ្វើបែបណាដើម្បីអាចឲ្យខ្ញុំទៅចូលរួមការប្រជុំបាន?” |
អ្នកអាចអនុវត្តការប្រើប្រាស់ការប្រាស្រ័យទាក់ទងបែបជឿជាក់ នៅក្នុងការសម្តែងតួស្តីអំពីការចចារផ្លូវភេទ។ សូមមើលអំពីការប្រាស្រ័យទាក់ទងដើម្បីសម្ពន្ធភាពកាន់តែប្រសើរ។
ការប្រាស្រ័យទាក់ទងកាន់តែច្បាស់ដោយប្រើពាក្យ “ខ្ញុំ”
តើយើងអាចបញ្ចេញអារម្មណ៍ គំនិត និងសេចក្តីត្រូវការរបស់យើងឲ្យកាន់តែច្បាស់តាមរបៀបណា ហើយក្នុងពេលជាមួយគ្នាយើងនៅតែបង្ហាញពីការគោរពចំពោះអ្នកដទៃ? ចូរសាកល្បងនិយាយដោយប្រើពាក្យ “ខ្ញុំ។
ការនិយាយដោយប្រើពាក្យ “ខ្ញុំ” គឺជាវិធីមួយដើម្បីបង្ហាញឲ្យច្បាស់នូវគំនិតរបស់អ្នក ដោយមិនបន្ទោស វាយតម្លៃ ឬគំរាមអ្នកដទៃឡើយ។ អ្នកអាចនិយាយអំពីស្ថានភាពដែលកំពុងប៉ះពាល់មកលើអ្នក តើអ្នកមានអារម្មណ៍បែបណា និងថាតើអ្នកចង់ឃើញអ្វីកើតឡើង។
ការរៀននិយាយដោយប្រើពាក្យ “ខ្ញុំ” អាចមានអារម្មណ៍ប្លែកពេលដំបូង។ វាជាវិធីដ៏រឹងមាំមួយក្នុងការនិយាយ។ ប៉ុន្តែនៅពេលសាកល្បងប្រើក្នុងសម្ពន្ធភាពរបស់ពួកគេ ហើយក្លាយជាទម្លាប់ នោះពួកគេនឹងឃើញថាវាមានប្រសិទ្ធភាពល្អ។
សកម្មភាព
របៀបនិយាយដោយប្រើពាក្យ “ខ្ញុំ”
- ដំបូងចូរនិយាយពីអ្វីដែលរំខានដល់អ្នក និងថាតើវាធ្វើឲ្យអ្នកមានអារម្មណ៍បែបណា។ អ្នកអាចនិយាយច្រើនថែមទៀតពីអ្វីដែលរំខានដល់អ្នក ប៉ុន្តែត្រូវនិយាយដោយកុំបន្ទោសឬជេរស្តីនរណាម្នាក់ឡើយ។
- បន្ទាប់មកនិយាយពីអ្វីដែលអ្នកចង់បាន។ ជាការសំខាន់គឺមិនត្រូវធ្វើការទាមទារ ឬចាត់ទុកវាជាតម្រូវការដាច់ខាតនោះឡើយ។ បើមិនដូច្នេះទេ សំណើរបស់អ្នកនឹងមានលក្ខណៈបង្ខំ។
- បន្ទាប់មកសួរអ្នកដទៃទៀតថាតើពួកគេមានអារម្មណ៍បែបណាចំពោះពាក្យសម្តីឬសំណើរបស់អ្នក។
ជួយគាំទ្រគ្រូបណ្តុះបណ្តាល
ការជួយគាំទ្រស្ត្រីឲ្យក្លាយជាអ្នកប្រាស្រ័យទាក់ទងដ៏ល្អ មានន័យថាអ្នកជាអ្នកប្រាស្រ័យទាក់ទងដ៏ល្អខ្លួនឯងដែរ។ មនុស្សគ្រប់គ្នាដែលធ្វើការងារនេះសុទ្ធតែត្រូវការការជួយគាំទ្រ។ ចូរត្រៀមលក្ខណៈរួចរាល់មុននឹងចាប់ផ្តើមអនុវត្តសកម្មភាពមួយ។ អ្នកគួរសាកល្បងឬនិយាយជាមួយនរណាម្នាក់ជាមុន ដើម្បីឲ្យមានចិត្តស្ងប់នៅពេលដឹកនាំអនុវត្តសកម្មភាពណាមួយ។ ត្រូវប្រាកដថាអ្នកដែលស្តាប់នោះ អាចធ្វើការឆ្លុះបញ្ចាំងឡើងវិញក្រោយសកម្មភាពបានបញ្ចប់។