Hesperian Health Guides
ក្រុមបុរសដែលធ្វើការងារដើម្បីសមភាពយេនឌ័រ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៣ ៖ យេនឌ័រ និងសុខភាព > ក្រុមបុរសដែលធ្វើការងារដើម្បីសមភាពយេនឌ័រ
ជាញឹកញាប់ បុរសត្រូវបានជំរុញទឹកចិត្តក្នុងការងារដើម្បីសមភាពយេនឌ័រ ព្រោះពួកគេយល់ថាវាផ្នែកមួយដ៏សំខាន់នៃការតស៊ូផ្សេងទៀតដើម្បីយុត្តិធម៌ ដូចជាការគ្រប់គ្រងដីធ្លីនិងធនធាន ការទទួលបានការអប់រំនិងការថែទាំសុខភាព និងសេរីភាពពីហិង្សា។
សកម្មភាពផ្សេងៗទៀតដូចជា “ការងារក្នុងមួយថ្ងៃ” និង “ប្រអប់យេនឌ័រ” អាចជួយឲ្យបុរសស្វែងយល់ និងមានក្តីអាណិតអាសូរដល់ភាពលំបាកវេទនាផ្សេងៗដែលស្ត្រីជួបប្រទះដោយសារតែវិសមភាពយេនឌ័រ។ ប្រហែលជាមានបុរសមួយចំនួនកំពុងតែរិះរកវិធីរួចទៅហើយអំពីថាតើការផ្លាស់ប្តូរការរំពឹងទុកក្នុងយេនឌ័រ អាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់បុរសនិងស្ត្រីទាំងអស់គ្នា។
បុរសវ័យក្មេងសាមគ្គីគ្នាប្រឆាំងនឹងមោទនភាពហួសហេតុនៃភាពជាបុរស
នៅប្រទេសអេក្វាឌ័រ ការបង្ហាញចេញនូវអំណាចផ្លូវភេទ និងឥរិយាបថបង្ខិតបង្ខំនៅក្នុងផ្ទះនិងទីសាធារណៈ គឺជារបៀបមួយដែលពួកគេបង្ហាញពីភាពជាបុរសរបស់ខ្លួន។ ប៉ុន្តែឥរិយាបថបែបនេះកំពុងទទួលការផ្លាស់ប្តូរហើយ គឺដោយសារបុរសវ័យក្មេងជំនាន់ក្រោយ ដែលក្នុងនោះរួមមានក្រុមមួកពណ៌ផ្កាឈូក (Cascos Rosa)។ ពាក់អាវយឺតពណ៌ផ្កាឈូក បុរសវ័យក្មេងទាំងនេះធ្វើការងារដើម្បីលើកកម្ពស់ឥរិយាបថបែបថ្មីដែលអំពាវនាវឲ្យមានការបញ្ឈប់ហិង្សាលើស្ត្រី វិសមភាពយេនឌ័រ និងការបំពានផ្លូវភេទ។
ក្រុមមួកពណ៌ផ្កាឈូក ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១០ ដោយបុរសវ័យក្មេងមួយក្រុមតូចដែលបានទទួលវគ្គបណ្តុះបណ្តាលពីគម្រោងសកម្មភាពដើម្បីប្រជាធិបតេយ្យនិងការអភិវឌ្ឍ។ ពួកគេបានរៀនអំពីអំណាចដែលបុរសមានលើស្ត្រីដែលរារាំងមិនឲ្យស្ត្រីទទួលបានភាពរីករាយក្នុងសិទ្ធិនិងសេរីភាពរបស់ខ្លួនដែលមាន អំពីអំពើហិង្សាលើស្ត្រី និងអំពីរបៀបផ្សេងៗក្នុងការបង្ហាញភាពជាបុរស។
ចាប់ពីពេលនោះមក ក្រុមមួកពណ៌ផ្កាឈូកបានរីកដុះដាលជាលំដាប់ ហើយពេលនេះមានរួមបញ្ចូលទាំងស្ត្រីវ័យក្មេងទៀតផង។ ពួកគេធ្វើការពន្យល់ណែនាំ និងរៀបចំសកម្មភាពបង្កើនការយល់ដឹងនានានៅតាមសាលារៀន សហគមន៍ និងទីកន្លែងដែលប្រជាជនវ័យក្មេងជួបជុំគ្នា ដូចជាកម្មវិធីប្រគុំតន្ត្រីជាដើម។ ពួកគេយល់ថាការផ្លាស់ប្តូរមិនមែនកើតឡើងឆាប់ៗនោះទេ។ ពួកគេចង់ឲ្យប្រជាជនចាប់ផ្តើមគិតអំពីការផ្លាស់ប្តូរនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗ ដើម្បីធ្វើឲ្យសង្គមទាំងមូលមានការផ្លាស់ប្តូរដោយផ្អែកទៅលើសមភាព សិទ្ធិមនុស្ស និងភាពយុត្តិធម៌។
ដាមៀន វ៉េលិនសៀ (Damián Valencia) ដែលជាសមាជិកស្ថាបនិកម្នាក់ បានរៀបរាប់ពីអ្វីដែលបានកើតឡើងនៅក្នុងផ្ទះរបស់គាត់ចាប់ពីពេលដែលគាត់បានចូលរួមក្នុងក្រុមមក។ គាត់និយាយថា “អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរ ជាពិសេសឪពុករបស់ខ្ញុំ។ គាត់មិនដែលធ្វើការងារផ្ទះអ្វីឡើយ តែឥឡូវគាត់លាងចាន ហើយជួនកាលអ៊ុតខោអាវទៀតផង។ ការផ្លាស់ប្តូរនេះធ្វើឲ្យម្តាយខ្ញុំរីករាយជាងមុន ព្រោះបន្ទុករបស់គាត់ត្រូវបានសម្រាល។ បុរសវ័យក្មេងជាច្រើនទៀតនិយាយថា ក្រុមគ្រួសាររបស់ពួកគេក៏មានការផ្លាស់ប្តូរស្រដៀងគ្នានឹងក្រុមគ្រួសាររបស់ដាមៀនដែរ។ ការប្រាស្រ័យទាក់ទងរវាងឪពុកម្តាយរបស់ពួកគេ មានភាពប្រសើរឡើង ហើយហិង្សាក្នុងគ្រួសារក៏មិនសូវមានទៀតផង, ទាំងអស់គ្នាសុទ្ធតែទទួលបានផលប្រយោជន៍។
ហាស៊ីក៖ សិក្ខាសាលាយេនឌ័រសម្រាប់បុរស
ក្រុមការងារមួយនៅប្រទេសហ្វីលីពីន ដែលមានឈ្មោះកាត់ហៅថា “ ហាស៊ីក” (HASIK: Harnessing Self-reliant Initiatives and Knowledge) បានបង្កើតសិក្ខាសាលារយៈពេល៣ថ្ងៃដើម្បីបង្កើនការយល់ដឹងអំពីយេនឌ័រសម្រាប់បុរស។ ក្រុមការងារហាស៊ីក យល់ថាប្រជាជន (ព្រមទាំងអង្គការ និងសហគមន៍) ទំនងជាធ្វើការផ្លាស់ប្តូរនៅពេលដែលពួកគេបានយល់ដឹងស៊ីជម្រៅអំពីបញ្ហានានាដែលស្ត្រីប្រឈមពីបញ្ហាវិសមភាពយេនឌ័រ, មានអារម្មណ៍ដិតដាមជាមួយនឹងបញ្ហាទាំងនេះ, និងមើលឃើញពីរបៀបធ្វើការផ្លាស់ប្តូរ។
មិនមែនបុរសទាំងអស់សុទ្ធតែមើលឃើញពីគ្រោះថ្នាក់ដែលបង្កឡើងដោយសារវិសមភាពយេនឌ័រនោះទេ ជាពិសេសទំហំនៃភាពឈឺចាប់ដែលស្ត្រីទទួលបានដោយសារបញ្ហានេះ។ ក្រុមការងារហាស៊ីក ដឹងថាជោគជ័យអាចកើតឡើងគឺអាស្រ័យលើការជួយឲ្យបុរសមើលឃើញពីភាពលំបាកទាំងនេះ និងពីតួនាទីរបស់បុរសនៅក្នុងបញ្ហា, ដោយមិនធ្វើឲ្យពួកគេទទួលភាពអាម៉ាសដោយសារកង្វះខាតការយល់ដឹងរបស់ពួកគេនោះទេ។
ដើម្បីជួយឲ្យបុរសមិនមានអារម្មណ៍ទើសទាល់ ជាដំបូងអ្នកសម្របសម្រួលត្រូវអនុញ្ញាតឲ្យពួកគេលេងសើច ជជែកនិងចែករំលែកពីយោបល់របស់ពួកគេចំពោះស្ត្រី ដោយមិនមានការកែតម្រូវឬរំខានឡើយ។ ពួកគេក៏ពិភាក្សាអំពីតួនាទីរបស់បុរសនិងស្ត្រី (មើលសកម្មភាព “ប្រអប់យេនឌ័រ”) ផងដែរ។ ដោយសារគ្មានការរិះគន់លើបុរសទាំងនេះ នោះពួកគេនិយាយដោយបើកចំហ និងមិនមានអារម្មណ៍តានតឹង។
បន្ទាប់មក ពួកគេទស្សនាបទបង្ហាញមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយឲ្យពួកគេមានចិត្តអាណិតអាសូរដល់ភាពលំបាករបស់ស្ត្រី។ បទបង្ហាញដែលមានចំណងជើងថា “ស្តាប់មតិស្ត្រី យល់ពីភាពឈឺចាប់របស់ពួកគេ” រួមបញ្ចូលនូវបទចម្រៀងអំពីជីវិតនិងការប្រាស្រ័យទាក់ទងរបស់ស្ត្រី ដោយប្រើប្រាស់រូបភាព វីដេអូ រឿងរ៉ាវផ្ទាល់ខ្លួន និងការណ៍ពិតផ្សេងៗ ដូចជារបៀបដែលស្ត្រីជាច្រើនត្រូវបានរើសអើងនៅក្នុងការងារ ទទួលរងហិង្សានិងភាពឈឺចាប់ដោយសារតែមានឋានៈទាបនៅក្នុងយេនឌ័រ។ នៅផ្នែកខ្លះនៃបទបង្ហាញបានធ្វើឲ្យបុរសពិចារណាទៅលើសកម្មភាពនិងឥរិយាបទរបស់ខ្លួនចំពោះបញ្ហាដែលបានកើតឡើង។ អ្នកចូលរួមជាច្រើនមានភាពក្តុកក្តួលយ៉ាងខ្លាំងនៅពេលទស្សនាបទបង្ហាញនេះ បន្ទាប់មកពួកគេបានយកចិត្តទុកដាក់កាន់តែខ្លាំងនៅក្នុងការពិភាក្សា។
អ្នកសម្របសម្រួលនៃក្រុមការងារហាស៊ីក សង្កេតឃើញថាមកដល់ចំណុចនេះ មានបុរសជាច្រើនបានយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហានានាដែលស្ត្រីប្រឈម ប៉ុន្តែមានខ្លះទៀតនៅតែមិនសូវយល់ ឬមិនយកចិត្តទុកដាក់នឹងបញ្ហាវិសមភាពយេនឌ័រនេះទេ។ ដើម្បីជំរុញការយល់ដឹងបន្ថែមរបស់អ្នកចូលរួម ក្រុមការងារហាស៊ីកបានបង្កើតជាសកម្មភាពក្រុមមួយដែលមានការប្រកួតប្រជែងគ្នា។ ក្រុមនីមួយៗព្យាយាមធ្វើការពន្យល់ឲ្យបានល្អបំផុតអំពីមូលហេតុដែលបណ្តាលឲ្យមានវិសមភាពយេនឌ័រ។ ដើម្បីទទួលបានពិន្ទុ បុរសទាំងនោះត្រូវតែលើកយកហេតុផលសមរម្យបំផុតដើម្បីបញ្ចុះបញ្ចូលអ្នកដទៃ។ ឆ្លងកាត់ដំណើរការនេះ បុរសកាន់តែច្រើនបានយល់ដឹងយ៉ាងស៊ីជម្រៅ។ ដើម្បីស្វែងយល់ពីសកម្មភាពស្រដៀងគ្នានេះ សូមមើលសកម្មភាព “ការប្រកាន់ជំហរមួយ")។
ជាមួយនឹងការយល់ដឹង សេចក្តីមេត្តា និងការបារម្ភអំពីស្ត្រីដែលនៅជិតខ្លួនរបស់ពួកគេ បុរសក៏ចាប់ផ្តើមពិចារណាអំពីការផ្លាស់ប្តូរ។ ដោយប្រើប្រាស់សកម្មភាព “ល្ខោនកាយវិការ” បុរសក្រឡេកមើលទៅលើភាពអយុត្តិធម៌ ឬក្តីអស់សង្ឃឹមរបស់ស្ត្រី រួចធ្វើការផ្លាស់ប្តូរ។ វាជួយឲ្យបុរសគិតអំពីរបៀបផ្លាស់ប្តូរនៅក្នុងឆាកជីវិត ក្នុងការប្រាស្រ័យទាក់ទង និងក្នុងសហគមន៍របស់ពួកគេផ្ទាល់។ សេចក្តីណែនាំអំពីសកម្មភាព “ល្ខោនកាយវិការ” មានផ្តល់ជូននៅទំព័របន្ទាប់។
សិក្ខាសាលានេះបញ្ចប់ទៅដោយការប្រារព្ធពិធីសាសនាមួយ។ បុរសទាំងនោះចំណាយពេល១៥នាទីយ៉ាងស្ងៀមស្ងាត់ពិចារណាថាតើការបណ្តុះបណ្តាលអំពីយេនឌ័រនេះមានឥទ្ធិពលអ្វីខ្លះទៅលើជីវិតរបស់ពួកគេផ្ទាល់។ បន្ទាប់មកបុរសម្នាក់ៗរៀបរាប់ពីវិធីមួយដែលគាត់ប្តេជ្ញាផ្តល់តម្លៃដល់ភាពយុត្តិធម៌ចំពោះស្ត្រី នៅក្នុងគ្រួសារឬសហគមន៍របស់គាត់។ បន្ទាប់ពីការស្តាប់ ជជែកវែកញែក និងសកម្មភាពប្លែកៗរយៈពេល៣ថ្ងៃរួចមក ចូរប្រាប់ពួកគេឲ្យពិចារណាពីគំនិតថ្មី។ ជាញឹកញាប់ ការឆ្លុះបញ្ចាំងនេះនឹងនាំឲ្យមានការផ្លាស់ប្តូរផ្ទាល់ខ្លួន ដែលប្រែក្លាយបុរសឲ្យទៅជាសកម្មជនយេនឌ័រម្នាក់ដែលធ្វើការតស៊ូដើម្បីកែលម្អជីវភាព សុខភាព និងសិទ្ធិរបស់ស្ត្រីនៅក្នុងសហគមន៍របស់ពួកគេ។
សកម្មភាព
ល្ខោនកាយវិការ
នៅក្នុងសកម្មភាពនេះ មានមនុស្ស ៣ក្រុម៖ រូបចម្លាក់ ជាងចម្លាក់ និងទស្សនិកជន។ អ្នកដើរតួជារូបចម្លាក់ នឹងសម្តែងកាយវិការនឹងថ្កល់មួយ ដោយបង្ហាញអំពីតួនាទី ឬសកម្មភាពមួយ។ រូបចម្លាក់បង្ហាញអារម្មណ៍របស់ខ្លួនចេញមកក្រៅតាមរយៈកាយវិការ។ ជាងចម្លាក់អាចធ្វើចលនាឲ្យរូបចម្លាក់ ប៉ុន្តែមិនអាចនិយាយជាមួយបានទេ។ ទស្សនិកជនធ្វើការវិភាគ ថាតើកំពុងមានអ្វីកើតឡើង ហើយផ្តល់ការណែនាំថាតើជាងចម្លាក់អាចផ្លាស់ប្តូរទស្សនីយភាពបែបណា។ ចូរប្រើសម្ភារនិងសម្លៀកបំពាក់ជាជំនួយ។
- ជ្រើសរើសអ្នកសម្តែងមួយចំនួនឲ្យធ្វើជាជាងចម្លាក់ ឬរូបចម្លាក់។ ជួយពួកគេឲ្យជ្រើសរើសទស្សនីយភាពមួយដើម្បីធ្វើការបង្ហាញ ដោយក្នុងនោះពួកគេសម្តែងអំពីបញ្ហាយេនឌ័រដែលជួបប្រទះញឹកញាប់ ហើយដែលក្រុមបានពិភាក្សារួចហើយ ដូចជាប្រពន្ធចម្អិនអាហារនិងមើលកូន ហើយប្តីរបស់គាត់ផឹកស្រា, បុរសចំណាស់ម្នាក់កំពុងបំពានលើស្ត្រីវ័យក្មេង២នាក់នៅតាមដងផ្លូវ, បុរសម្នាក់កំពុងស្រែកសម្លុតមិត្តស្រីរបស់គាត់ដោយលើកដៃប្រុងនឹងទះ។
ក់ដៃគាត់ចុះទៅ។
- សួរទស្សនិកជនថាតើពួកគេមើលឃើញអ្វីខ្លះ បន្ទាប់មកអនុញ្ញាតឲ្យជាងចម្លាក់កែប្រែកាយវិការរបស់រូបចម្លាក់ដើម្បីឲ្យមានលទ្ធផលវិជ្ជមាន។ លើកទឹកចិត្តទស្សនិកជនឲ្យផ្តល់យោបល់ត្រឡប់ឲ្យបានច្រើន ដោយសួរពួកគេថាតើអ្វីខ្លះបានផ្លាស់ប្តូរ ឬអាចធ្វើឲ្យកាន់តែប្រសើរបែបណាទៀត និងថាតើកាយវិការនេះមើលទៅដូចអ្វី។ បន្ទាប់មក ទស្សនិកជនអាចដើរចូលការសម្តែងដើម្បីកែលម្អទស្សនីយភាពបន្ថែមទៀត។
- នៅពេលចប់ជុំទាំង២នេះហើយ ចូរពិភាក្សាអំពីល្ខោនកាយវិការ។ តើទស្សនីយភាពត្រូវបានផ្លាស់ប្តូរដូចម្តេចខ្លះ? តើមានការសម្តែងណាដែលធ្វើឲ្យពួកគេនឹកឃើញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេដែរឬទេ? បើមាន តើសកម្មភាពនោះបានផ្លាស់ប្តូរការគិតរបស់ពួកគេចំពោះបទពិសោធន៍នោះដែរឬទេ? តើបុរសអាចផ្លាស់ប្តូរសកម្មភាពរបស់គាត់យ៉ាងដូចម្តេចប្រសិនបើគាត់ជួបស្ថានភាពស្រដៀងនឹងទស្សនីយភាពនោះ?