Hesperian Health Guides
ការថែទាំល្អក្នុងអំឡុងពេលមានផ្ទៃពោះ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៨ ៖ ផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូនដោយសុវត្ថិភាព > ការថែទាំល្អក្នុងអំឡុងពេលមានផ្ទៃពោះ
ជួយគាំទ្រគាត់ បើគាត់មិនស្រួលខ្លួន អស់កម្លាំង ឬភ័យខ្លាច។ ដោយសាររាងកាយរបស់ស្ត្រី ប្រែប្រួលអំឡុងពេលមានផ្ទៃពោះ នោះអារម្មណ៍របស់គាត់ក៏ប្រែប្រួលដែរ។
ជួយធ្វើការងារផ្ទះ ដើម្បីកុំគាត់លើករបស់ធ្ងន់។ ការធ្វើការងារស្រាលៗ គឺជាលំហាត់ប្រាណដ៏ល្អ។
ត្រូវប្រាកដថាមានទឹកគ្រប់គ្រាន់សម្រាប់ឲ្យគាត់ងូត ឬសម្អាតខ្លួនជាប្រចាំ។
ត្រូវប្រាកដថាគាត់បានសម្រាលគ្រប់គ្រាន់។ ស្ត្រីមានផ្ទៃពោះត្រូវចៀសវាងអង្គុយឬឈរយូរ។ គាត់នឹងមានអារម្មណ៍ប្រសើរ បើគាត់អាចទម្រេតខ្លួន និងសម្រាកពីរបីនាទីនៅពេលងងុយដេក ឬអស់កម្លាំង។ ការសម្រាលជាប្រការល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។
ស្ត្រីមានផ្ទៃពោះនិងក្រុមគ្រួសារ អាចរៀនសូត្រពីផ្ទៃពោះនិងការសម្រាល ដោយការប្រឹក្សាជាមួយឆ្មបនិងអ្នកលើកកម្ពស់សុខភាពនៅក្នុងសហគមន៍របស់ពួកគាត់។ ម្យ៉ាងទៀត សៀវភៅ ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត ក៏មានពន្យល់ពីអ្វីដែលត្រូវរំពឹងទុកអំឡុងពេលមានផ្ទៃពោះ រួមទាំងសញ្ញាល្អៗ និងបញ្ហាផ្សេងៗដែលជួបប្រទះញឹកញាប់។
មាតិកា
ការថែទាំមុនសម្រាល ជាមួយបុគ្គលិកសុខាភិបាលជំនាញ
ការពិនិត្យមុនសម្រាល ជាកត្តាសំខាន់ដើម្បីប្រាកដថាទារកកំពុងលូតលាស់ល្អ ហើយម្តាយមានសុខភាពល្អ។ ការថែទាំមុនសម្រាលដ៏ល្អ ទាមទារការបណ្តុះបណ្តាលមួយចំនួន ប៉ុន្តែវាមិនពិបាករៀនទេ ហើយក៏មិនទាមទារឧបករណ៍ថ្លៃៗផងដែរ។
ស្ត្រីមានផ្ទៃពោះគួរព្យាយាមពិនិត្យផ្ទៃពោះឲ្យបាន ៣ទៅ៤ដង, លើកទី១ នៅពេលដែលគាត់គិតថាមានផ្ទៃពោះភ្លាម, បន្ទាប់មកគឺនៅពេលមានផ្ទៃពោះប្រហែល ៦ខែ, និង២ដងទៀត ក្នុងអំឡុងពេលទារកជិតកើត។
ការពិនិត្យផ្ទៃពោះ ផ្តល់ឱកាសឲ្យស្ត្រីនិងប្តីរបស់គាត់ សួរសំណួរនិងស្វែងយល់ពីផ្ទៃពោះប្រកបដោយសុខភាព ក៏ដូចជាសញ្ញាគ្រោះថ្នាក់ផ្សេង។ ប្រសិនបើមានបញ្ហា បុគ្គលិកសុខាភិបាលនឹងអាចពិនិត្យរកឃើញនិងព្យាបាលឆាប់ៗក្នុងពេលមានផ្ទៃពោះ មុនពេលវាក្លាយជាគ្រោះថ្នាក់។ បុគ្គលិកសុខាភិបាលក៏អាចជួយឲ្យស្ត្រីទទួលការធ្វើតេស្ត៍រកជំងឺកាមរោគ រួមទាំងមេរោគអេដស៍ ដើម្បីឲ្យគាត់ទទួលថ្នាំពេទ្យបើចាំបាច់។ បុគ្គលិកសុខាភិបាលអាចជជែកជាមួយស្ត្រី អំពីអារម្មណ៍និងការភ័យខ្លាចរបស់គាត់ ហើយជួយគាត់និងប្តីរបស់គាត់ ឲ្យធ្វើផែនការសម្រាប់ការសម្រាលកូនប្រកបដោយសុវត្ថិភាព។
ឆ្មបផ្តល់ការថែទាំដ៏ល្អ
រាប់ពាន់ឆ្នាំមកហើយ តាំងពីមិនទាន់មានវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យ ឆ្មបគឺជាអ្នកណែនាំដ៏ល្អដើម្បីមាតុភាពគ្មានគ្រោះថ្នាក់។ បច្ចុប្បន្នវានៅតែដូចគ្នា។ យើងប្រើពាក្យ “ឆ្មប” គឺសំដៅលើនរណាម្នាក់ដែលត្រូវបានបណ្តុះបណ្តាលដើម្បីអាចផ្តល់ការថែទាំមុនសម្រាលនិងពេលសម្រាលយ៉ាងពេញលេញ។ ឆ្មបខ្លះត្រូវបានបណ្តុះបណ្តាលពីឆ្មបដទៃទៀត។ ខ្លះទៀតទៅរៀននៅសាលាដើម្បីទទួលសញ្ញាបត្រ។ ឆ្មបដើរតួនាទីដ៏សំខាន់ក្នុងការថែទាំសុខភាពរបស់ស្ត្រី ពីព្រោះ ៖
- ជាញឹកញាប់ មានតែពួកគេប៉ុណ្ណោះដែលជាបុគ្គលិកសុខាភិបាលដែលធ្វើការនៅក្នុងសហគមន៍ក្រីក្រ ឬជាបុគ្គលិកសុខាភិបាលដែលស្ត្រីអាចមានលទ្ធភាពបង់ប្រាក់។
- ជាទូទៅពួកគាត់រស់នៅក្នុងសហគមន៍ដែលគាត់បម្រើការងារ ដូច្នេះក្រុមគ្រួសារស្គាល់និងទុកចិត្តគាត់។
- ជាធម្មតាពួកគាត់ចំណាយពេលជាមួយស្ត្រី យូរជាងវេជ្ជបណ្ឌិត ឬបុគ្គលិកសុខាភិបាលដទៃទៀត ដែលជួយឲ្យគាត់កត់សម្គាល់សញ្ញាគ្រោះថ្នាក់ និងយល់ពីតម្រូវការរបស់ស្ត្រីបានល្អជាង។
- ជាទូទៅពួកគាត់ជាស្ត្រី ហើយស្ត្រីមានផ្ទៃពោះជាច្រើន ចូលចិត្តជជែកជាមួយនិងពិនិត្យដោយស្ត្រីដូចគ្នា។
- ពួកគាត់ជួយស្ត្រីឲ្យសម្រាលកូនក្នុងរបៀបដែលគោរពតាមការចង់បាននិងទំនៀមទម្លាប់របស់ស្ត្រី។
អាហារូបត្ថម្ភល្អដើម្បីផ្ទៃពោះប្រកបដោយសុខភាព
ស្ត្រីដែលហូបអាហារបានល្អ និងថែទាំសុខភាពបានល្អ ទំនងជានឹងមានផ្ទៃពោះនិងកូនប្រកបដោយសុខភាពល្អ។ ការហូបបានល្អ ជួយឲ្យទារកលូតលាស់នៅក្នុងស្បូន ជួយការពារការធ្លាក់ឈាមធ្ងន់ធ្ងរក្រោយពេលសម្រាល និងជួយឲ្យម្តាយមានកម្លាំងឡើងវិញឆាប់រហ័ស។
ស្ត្រីមានផ្ទៃពោះចាំបាច់ហូបអាហារគ្រប់គ្រាន់រៀងរាល់ថ្ងៃ ជាពិសេសអាហារសម្បូរជាតិដែក ដូចជាសាច់ ត្រី សាច់មាន់ ស៊ុត សណ្តែក និងបន្លែស្លឹកបៃតង។ ប្រសិនបើគ្មានអាហារគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងគ្រួសារទេ ស្ត្រីគួរទទួលបានយ៉ាងហោចឲ្យស្មើអ្នកដទៃទៀត ឬលើសគេប្រសិនបើអាច។ គាត់ក៏គួរតែលេបថ្នាំហ្វូលិក និងគួរសួរនាំបុគ្គលិកសុខាភិបាលប្រសិនបើគាត់ត្រូវការវីតាមីនផ្សេងទៀត។ របបអាហារល្អ រួមមាន៖
- អាហារចម្បង (ជាតិម្សៅ ដូចជាបាយ ឬដំឡូង)
- អាហារដែលជួយស្ថាបនារាងកាយ (អាហារប្រូតេអ៊ីន ដូចជាសាច់ សណ្តែក ស៊ុត និងទឹកដោះគោ)
- អាហារថាមពល (ខ្លាញ់ និងជាតិស្ករធម្មជាតិបន្តិចបន្តួច)
- អាហារការពារ (អាហារដែលសម្បូរវីតាមីននិងរ៉ែ ដូចជាផ្លែឈើ និងបន្លែ)
ការបរិភោគល្អធ្វើឲ្យមានផលប្រយោជន៍ជាច្រើន រីឯការបរិភោគមិនល្អ ឬមិនគ្រប់គ្រាន់ក៏អាចមានគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះនិងទារកផងដែរ។ អាហារូបត្ថម្ភមិនល្អ អាចបណ្តាលឲ្យមានភាពស្លេកស្លាំង ដែលធ្វើឲ្យស្ត្រីខ្សោយ ពិបាកប្រយុទ្ធនឹងជំងឺឆ្លង និងបញ្ហាសុខភាពផ្សេងៗទៀត។ វាអាចបណ្តាលឲ្យទារកកើតមកមានរូបរាងតូចខ្លាំង ឬមិនគ្រប់លក្ខណៈ ហើយវាក៏អាចបង្កើនឧកាសដែលម្តាយឬទារកស្លាប់អំឡុងពេលកើត ឬក្រោយពេលកើតភ្លាមផងដែរ។
គ្រួសារក្រីក្រប្រហែលជាគ្មានអាហារគ្រប់គ្រាន់ទេ ហើយអាហារដែលពួកគេមាន អាចនឹងត្រូវចែករំលែកគ្នាមិនស្មើគ្នារវាងបុរសនិងស្ត្រីទេ។ ជួនកាល ទំនៀមទម្លាប់ ឬជំនឿ ធ្វើឲ្យស្ត្រីមិនបានបរិភោគអាហារគ្រប់គ្រាន់ទេ។ សូមមើលជំពូកទី៣ ៖ យេនឌ័រ និងសុខភាព, អំពីគំនិតខ្លះៗក្នុងការផ្តល់អាទិភាពលើសុខភាពនិងតម្រូវការរបស់ស្ត្រី។ សហគមន៍អាចស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះ ដូចជាវិសមភាពយេនឌ័រ និងភាពក្រីក្រជាដើម។ សូមអានសាច់រឿង និងយុទ្ធសាស្ត្រមួយចំនួន នៅជំពូកទី២ ៖ សហគមន៍ធ្វើការរៀបចំដើម្បីសុខភាពស្ត្រី, ពីរបៀបដែលប្រជាជនធ្វើការកៀរគរដើម្បីការកែប្រែ ដែលជួយឲ្យមនុស្សគ្រប់គ្នាអាចមានសុខភាពល្អបាន។
សកម្មភាព
សាងសង់ផ្ទះសម្រាប់ផ្ទៃពោះប្រកបដោយសុខភាព
សកម្មភាពនេះអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាចែករំលែកគំនិតយោបល់អំពីអាហារនានាដែលជួយឲ្យស្ត្រីមានផ្ទៃពោះនិងការសម្រាលប្រកបដោយសុខភាព។
ដើម្បីរៀបចំ ៖ អ្នកត្រូវការសម្ភារដើម្បីសាងសង់ជាទម្រង់កូនផ្ទះមួយ ដូចជាកំណាត់ឈើ និងក្រដាសឬក្រណាត់ដើម្បីគ្របធ្វើជាដំបូល។ អ្នកក៏ត្រូវការក្រដាស ស្កុត ខ្មៅដៃពណ៌ ឬហ្វឺត ដើម្បីគូររូបផងដែរ។
-
ដើម្បីចាប់ផ្តើម ចូរចែករំលែកព័ត៌មានអំពីអាហារូបត្ថម្ភល្អសម្រាប់ស្ត្រីមានផ្ទៃពោះ បន្ទាប់មកសួរពួកគេថា តើការសាងសង់ផ្ទះឲ្យរឹងមាំ មានលក្ខណៈដូចគ្នានឹងអាហារូបត្ថម្ភល្អសម្រាប់ស្ត្រីនិងទារក យ៉ាងដូចម្តេចដែរ។
ផ្ទះត្រូវការជញ្ជាំងល្អដើម្បីទ្រដំបូល ក៏ដូចជាស្ត្រីដែលត្រូវការអាហារល្អដើម្បីរក្សាជំហររបស់គាត់ និងអាចធ្វើការងារបាន។
- ធ្វើការងារជាក្រុមដើម្បីសង់កូនផ្ទះមួយ ដោយសង់ទម្រជញ្ជាំងពីកំណាត់ឈើ ហើយប្រើក្រដាសឬក្រណាត់ធ្វើជាដំបូល។
- ប្រាប់ក្រុមឲ្យគូររូបអាហារដែលរកបានក្នុងភូមិ ឬប្រើរូបភាពដែលបានកាត់ចេញពីទស្សនាវដ្តីផ្សេង។ ត្រូវមានរូបបន្លែ ផ្លែឈើ សណ្តែក និងអាហារមានសារធាតុចិញ្ចឹមផ្សេងៗទៀត។
- ប្រាប់ពួកគេឲ្យដាក់រូបភាពអាហារចម្បងនៅលើជញ្ជាំងមួយ, រូបភាពអាហារស្ថាបនារាងកាយ(អាហារប្រូតេអ៊ីន) នៅលើជញ្ជាំងមួួយទៀត, អាហារថាមពល (ខ្លាញ់និងជាតិស្ករធម្មជាតិបន្តិចបន្តួច) នៅលើជញ្ជាំងមួយទៀត, ទឹកនិងទឹកដោះគោនៅលើជញ្ជាំងទីបួន។ ប្រាប់ពួកគេឲ្យដាក់អាហារការពារ (បន្លែនិងផ្លែឈើ) នៅលើដំបូល។ ម្យ៉ាងទៀត ចូរសួរពួកគេថាតើអាហារមួយណាដែលផ្តល់ឲ្យស្ត្រីមានផ្ទៃពោះនូវវីតាមីននិងរ៉ែសំខាន់ ៥មុខ ៖ ជាតិដែក អាស៊ីតហ្វូលិក អ៊ីយ៉ូដ កាល់ស្យូម និងវីតាមីនអា។ រំឭកប្រាប់ពួកគេថា អាហារដែលសំខាន់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ គឺអាហារប្រូតេអ៊ីន។
- ដើម្បីបញ្ចប់ ចូរមើលទៅផ្ទះដែលបានសាងសង់។ តើជញ្ជាំងណាមួយដែលខ្សោយជាងគេ (មានអាហារតិចជាងគេ)? តើមានអាហារងាយរកផ្សេងទៀតដែលអាចបន្ថែមដើម្បីពង្រឹងភាពរឹងមាំនៃជញ្ជាំងឬដំបូលដែរឬទេ? តើស្ត្រីមានផ្ទៃពោះនៅក្នុងភូមិ បរិភោគអាហារគ្រប់មុខទាំងនេះដែរឬទេ? បើទេ ហេតុអ្វី? ប្រាប់ក្រុមឲ្យពិចារណាពីមធ្យោបាយផ្សេងៗដើម្បីធានាថា រាល់ស្ត្រីមានផ្ទៃពោះទាំងអស់នៅក្នុងសហគមន៍ បរិភោគអាហារដែលពួកគេត្រូវការ។
ការគូសផែនទីទៅកាន់មាតុភាពគ្មានគ្រោះថ្នាក់
មាតុភាពគ្មានគ្រោះថ្នាក់ ទាមទារឲ្យមានលក្ខខណ្ឌសហគមន៍មួយចំនួន ដែលលើកកម្ពស់ និងគាំទ្រដល់សុខភាពរបស់ស្ត្រីនិងក្មេងស្រី ហើយវាទាមទារឲ្យមានឱកាសទទួលបានការថែទាំមុនសម្រាល ព្រមទាំងសេវាសុខភាពដទៃទៀត។
ការគូសផែនទីជាក្រុម ដោយផ្អែកលើអ្វីដែលពួកគេបានឃើញឬដឹង គឺជាមធ្យោបាយដ៏ល្អមួយក្នុងការប្រមូលនិងចែករំលែកព័ត៌មាន។ ការគូសនិងពិភាក្សាផែនទី អាចជួយឲ្យពួកគេកត់សម្គាល់នូវធនធានឬចំណុចខ្លាំងទាំងឡាយរបស់សហគមន៍ ដែលវាអាចជួយគាំទ្រដល់ស្ត្រីនិងក្មេងស្រី ហើយពួកគេប្រហែលជាមិនបានដឹងកន្លងមក។ ផែនទីក៏អាចជួយឲ្យពួកគេកត់សម្គាល់នូវបញ្ហាផ្សេងៗដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីធ្វើឲ្យមាតុភាពមានសុវត្ថិភាពសម្រាប់ស្ត្រីគ្រប់រូប។ នេះគឺជាឧទាហរណ៍មួយនៃការគូសផែនទីសហគមន៍ ដើម្បីក្រឡកមើលទៅលើគ្រប់លក្ខខណ្ឌនិងសេវាទាំងអស់ដែលជួយគាំទ្រដល់សុខភាពរបស់ក្មេងស្រីនិងស្ត្រីនៅក្នុងសហគមន៍។ អ្នកអាចកែសម្រួលវា ដើម្បីកំណត់រកបញ្ហសុខភាពជាក់លាក់ណាមួយផ្សេង់ទៀត។
សកម្មភាព
ផែនទីទៅកាន់មាតុភាពគ្មានគ្រោះថ្នាក់
សកម្មភាពនេះទាមទារពេលវេលានៃការប្រជុំ ឬសិក្ខាសាលាច្រើនលើកច្រើនសារ។
- ដើម្បីចាប់ផ្តើម ចូរសួរអ្នកចូលរួមអំពីផែនទី និងថាតើពួកគេប្រើប្រាស់វាយ៉ាងដូចម្តេច។ អ្នកអាចពន្យល់ថា ផែនទីគឺជារូបភាពនៃទីកន្លែង ដូចជាកន្លែងធ្វើការ សហគមន៍ ប្រទេស ឬមណ្ឌលសុខភាព ដែលប្រើប្រាស់និមិត្តសញ្ញាដើម្បីបញ្ជាក់ប្រាប់ថាអ្វីមួយស្ថិតនៅទីតាំងត្រង់ណា។ ឧទាហរណ៍ ប្រអប់ការេអាចតំណាងឲ្យផ្ទះ ខ្សែពណ៌ខៀវតំណាងឲ្យទន្លេ ហើយខ្សែពណ៌ខ្មៅតំណាងឲ្យផ្លូវ ជាដើម។
- បង្កើតក្រុមដើម្បីធ្វើការទៅលើផែនទី ហើយឲ្យគ្រប់គ្នាព្រមព្រៀងទៅលើកិច្ចការរបស់ពួកគេ។ ឧទាហរណ៍ ក្រុមមួយអាចត្រូវចុះទៅមណ្ឌលសុខភាពដើម្បីមើលថាតើមានសេវាអ្វីខ្លះដែលផ្តល់ជូន ហើយបុគ្គលិករាក់ទាក់បែបណា។ ក្រុមមួយទៀតអាចត្រូវចុះទៅផ្សារដើម្បីមើលថាតើមានអាហារអ្វីខ្លះដែលអាចរកបាន។ ហើយក្រុមទី៣ អាចត្រូវចុះទៅវិទ្យាល័យដើម្បីមើលថាតើមានការគាំទ្របែបណាខ្លះចំពោះក្មេងស្រី ដើម្បីលើកម្ពស់សុខភាពរបស់ពួកគេ។
- ដើរ និងជជែកគ្នា។ ក្រុមនីមួយៗនឹងត្រូវដើរទៅតាមទីតាំងរបស់ខ្លួន ហើយកត់សម្គាល់នូវបញ្ហាផ្សេងៗដែលពួកគេមើលឃើញ គឺអ្វីដែលអាចនឹងរារាំងដល់ស្ត្រីនិងក្មេងស្រីមិនឲ្យទទួលបានសុខភាពល្អ។ ម្យ៉ាងទៀត ត្រូវកត់សម្គាល់នូវអ្វីៗទាំងឡាយដែលអាចរកបានហើយដែលវាជួយឲ្យស្ត្រីនិងក្មេងស្រីមានសុខភាពល្អ។ ក្រុមទាំងនេះអាចធ្វើសម្ភាសន៍ជាមួយប្រជាជនដើម្បីស្វែងយល់បន្ថែម។
-
គូសផែនទី! ចែកក្រដាសផ្ទាំងធំដល់ក្រុមនីមួយៗ ខ្មៅដៃ ហ្វឺត ឬសម្ភារដទៃទៀតដែលចាំបាច់ក្នុងការធ្វើផែនទី។ ប្រាប់ពួកគេឲ្យរៀបរាប់ប្រាប់គ្នាពីអ្វីដែលពួកគេបានមើលឃើញក្នុងពេលចុះទស្សនកិច្ច បន្ទាប់មកចាប់ផ្តើមគូសព្រៀងផែនទី។ ដើម្បីចាប់ផ្តើម អ្នកអាចប្រាប់ពួកគេឲ្យគូសវត្ថុផ្សេងៗ ដូចជាកាំជណ្តើរ បន្ទប់ ការិយាល័យ ស្លាកសញ្ញា និងអ្វីផ្សេងទៀតដែលពួកគេបានឃើញនៅក្រៅនិងនៅក្នុងមណ្ឌលសុខភាព។
គូសផែនទី! ចែកក្រដាសផ្ទាំងធំដល់ក្រុមនីមួយៗ ខ្មៅដៃ ហ្វឺត ឬសម្ភារដទៃទៀតដែលចាំបាច់ក្នុងការធ្វើផែនទី។ ប្រាប់ពួកគេឲ្យរៀបរាប់ប្រាប់គ្នាពីអ្វីដែលពួកគេបានមើលឃើញក្នុងពេលចុះទស្សនកិច្ច បន្ទាប់មកចាប់ផ្តើមគូសព្រៀងផែនទី។ ដើម្បីចាប់ផ្តើម អ្នកអាចប្រាប់ពួកគេឲ្យគូសវត្ថុផ្សេងៗ ដូចជាកាំជណ្តើរ បន្ទប់ ការិយាល័យ ស្លាកសញ្ញា និងអ្វីផ្សេងទៀតដែលពួកគេបានឃើញនៅក្រៅនិងនៅក្នុងមណ្ឌលសុខភាព។
ប្រាប់ក្រុមទាំងអស់ឲ្យរៀបរាប់និងគូសនៅលើផែនទីរបស់ខ្លួន អំពីអ្វីដែលពួកគេបានឃើញ ឬបានដឹង ដែលវាទាំងនោះជួយលើកកម្ពស់ឬមានប្រយោជន៍ដល់សុខភាពរបស់ស្ត្រីគ្រប់វ័យ។ អ្វីទាំងនោះអាចមានដូចជារបស់មើលឃើញ ដូចជាកន្លែងលេងសុវត្ថិភាពសម្រាប់ក្មេងៗនៅពេលដែលម្តាយមកទទួលការពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព ឬបុគ្គលិកផ្សេងៗ ដូចជាគិលានុបដ្ឋាកដែលចុះទៅតាមវិទ្យាល័យដើម្បីផ្តល់ការអប់រំអំពីសុខភាព។ ក៏អាចមានអ្វីផ្សេងៗទៀត ដូចជាអាហារដែលផ្តល់អាហារូបត្ថម្ភល្អ។ ឬបុគ្គលិកសុខាភិបាលក្នុងសហគមន៍ ដែលទទួលបានការជឿទុកចាត់ និងក្តីគោរព។
បន្ទាប់មក សួរក្រុមនីមួយៗថាតើបានរកឃើញអ្វីខ្លះដែលជារបាំងរារាំងដល់ស្ត្រីនិងក្មេងស្រីមិនឲ្យទទួលបានសុខភាពល្អ ឬមិនទទួលបានការថែទាំពេលមានផ្ទៃពោះ។ របាំងទាំងនោះអាចមានដូចជា កាំជណ្តើរដែលធ្វើឲ្យស្ត្រីពិការពិបាកឡើង ឬមិនមានទីធ្លាឬកៅអីសម្រាប់ឲ្យស្ត្រីអង្គុយរង់ចាំ។ របាំងក៏អាចមានដូចជាអ្វីផ្សេងទៀតដែលបង្អាក់ទឹកចិត្តស្ត្រីក្នុងការស្វែងរកការថែទាំផងដែរ។
- ដាក់ផែនទីបញ្ចូលគ្នា! ឲ្យក្រុមនីមួយៗបិតផែនទីរបស់ខ្លួននៅលើជញ្ជាំង។ ព្យាយាមតម្រៀបវាយ៉ាងណាដើម្បីឲ្យពួកគេមើលយល់ថាជាសហគមន៍របស់ខ្លួន (ទោះបីផែនទីទាំងនេះត្រូវបានគូរមិនដូចគ្នាដ៏ដោយ)។ អ្នកអាចគូសផ្លូវបន្ថែមពីលើ ឬអគារធំៗ ដើម្បីឲ្យកាន់តែងាយយល់។ ផ្តល់ពេលវេលាឲ្យពួកគេពិនិត្យមើលផែនទីទាំងអស់នោះ។
-
ពិភាក្សាអំពីផែនទី។ ប្រាប់ក្រុមនីមួយៗឲ្យពន្យល់ផែនទីរបស់ខ្លួន ទៅកាន់ក្រុមដទៃទៀត។ បន្ទាប់មកក្រុមនីមួយៗ គូសសញ្ញាឬរង្វង់នៅលើបញ្ហាឬរបាំងនានាដោយប្រើហ្វឺតពណ៌ណាមួយ ហើយនិងគូសលើចំណុចខ្លាំងឬចំណុចវិជ្ជមាន ដោយប្រើហ្វឺតពណ៌ផ្សេងទៀត ដើម្បីងាយងាយមើល។
ពិភាក្សាអំពីផែនទី។ ប្រាប់ក្រុមនីមួយៗឲ្យពន្យល់ផែនទីរបស់ខ្លួន ទៅកាន់ក្រុមដទៃទៀត។ បន្ទាប់មកក្រុមនីមួយៗ គូសសញ្ញាឬរង្វង់នៅលើបញ្ហាឬរបាំងនានាដោយប្រើហ្វឺតពណ៌ណាមួយ ហើយនិងគូសលើចំណុចខ្លាំងឬចំណុចវិជ្ជមាន ដោយប្រើហ្វឺតពណ៌ផ្សេងទៀត ដើម្បីងាយងាយមើល។
ពិភាក្សាពីរបាំងនៃសុខភាពល្អ និងរបាំងនៃសេវាសុខភាពសម្រាប់ស្ត្រីនិងក្មេងស្រី។ តើបញ្ហាឬរបាំងណាខ្លះដែលចាំបាច់បំផុតត្រូវដោះស្រាយដើម្បីកែលម្អសុខភាពសម្រាប់ក្មេងស្រីនិងស្ត្រី? - បន្ទាប់មកក្រុមអាចសម្រេចចិត្តធ្វើផែនការសកម្មភាព ដោយប្រើប្រាស់ចំណុចខ្លាំងក្នុងសហគមន៍ ឬដោះស្រាយរបាំងនានាដែលបានរកឃើញ។ ប្រាប់ក្រុមឲ្យពិចារណាថាតើពួកគេអាចចែករំលែកផែនទី ឬសេចក្តីសម្រេចរបស់ពួកគេ ជាមួយអ្នកដទៃក្នុងសហគមន៍ យ៉ាងដូចម្តេច។